លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរជៀសចេញឲ្យឆ្ងាយពីសាសនាមិនពិត!

ចូរជៀសចេញឲ្យឆ្ងាយពីសាសនាមិនពិត!

ចូរ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត!

​«[ព្រះ​យេហូវ៉ា]ទ្រង់​មាន​បន្ទូល​ថា ‹ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ​ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោកគ្រោក​ឡើយ›»។—កូរិនថូសទី២ ៦:១៧

១​. តើ​មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​ក្នុង​សាសនា​របស់​ខ្លួន ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ចំណេះ​អំពី​អ្វី?

មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​ក្នុង​សាសនា​របស់​ខ្លួន មិន​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​ឬ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​ទេ។ ពួក​គាត់​មាន​ចម្ងល់​យ៉ាង​ខ្លាំង​ទៅ​លើ​សំណួរ​ខ្លះៗ ក៏​ប៉ុន្តែ​ដោយសារ​ពុំ​បាន​ទទួល​នូវ​ចម្លើយ​នោះ ពួក​គាត់​មាន​គំនិត​ច្រ​បូក​ច្របល់​មិន​ដឹង​ថា​ត្រូវ​ជឿ​អ្វី​ឬ​ធ្វើ​អ្វី​សោះ​ឡើយ។ ដោយ​មិន​ដឹង​ខ្លួន មនុស្ស​រាប់​លាន​នាក់​ប្រកាន់​តាម​ក្បួន​រីតិ៍​សាសនា ពិធី​បុណ្យ និង​អបិយ​ជំនឿ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ព្រះ​ជា​អ្នក​បង្កើត​យើង​ទាស់​ព្រះ​ហឫទ័យ។ អ្នក​ប្រហែល​ជា​មាន​បងប្អូន​ឬ​អ្នក​ជិត​ខាង​ដែល​ជឿ​ថា​មាន​ស្ថាន​នរក ជឿ​លើ​ព្រះ​ឯក​ត្រី​អង្គ ជឿ​ថា​មនុស្ស​មាន​ព្រលឹង​អមតៈ ឬ​ជឿ​លើ​សេចក្ដី​បង្រៀន​ផ្សេង​ទៀត​ដែល​មិន​ពិត។

២​. តើ​ពួក​មេ​ដឹក​នាំ​សាសនា​បាន​ធ្វើ​អ្វី? តើ​មាន​លទ្ធផល​យ៉ាង​ណា?

តើ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែល​មាន​ទូទាំង​ពិភពលោក​នេះ​បណ្ដាល​មក​ពី​អ្វី? ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ​គួរ​ឲ្យ​ចម្លែក​ណាស់ ដ្បិត​គឺ​ជា​សាសនា​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ងងឹត​ខាង​វិញ្ញាណ។ ជា​ពិសេស​បណ្ដា​សាសនា​និង​ពួក​មេ​ដឹក​នាំ​សាសនា​ដែល​បង្រៀន​អ្វី​ខុស​ពី​គំនិត​របស់​ព្រះ។ (ម៉ាកុស ៧:៧, ៨) ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ត្រូវ​បោកបញ្ឆោត​ឲ្យ​ជឿ​ថា ពួក​គេ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត ពេល​ដែល​ផ្ទុយ​ទៅ​វិញ​ពួក​គេ​កំពុង​តែ​ធ្វើ​ឲ្យ​ទ្រង់​ទាស់​ព្រះ​ហឫទ័យ។ សាសនា​មិន​ពិត​បាន​បង្កើត​ឲ្យ​មាន​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​នេះ។

៣​. តើ​អ្នក​ណា​ជា​មេ​គាំទ្រ​និង​អ្នក​ជំរុញ​ឲ្យ​មាន​សាសនា​មិន​ពិត? តើ​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​វា​យ៉ាង​ដូច​ម្ដេច?

អំណាច​ក្រោយ​ខ្នង​សាសនា​មិន​ពិត ជា​បុគ្គល​មួយ​រូប​ដែល​យើង​មើល​មិន​ឃើញ។ សាវ័ក​ប៉ុល​បាន​សំដៅ​លើ​បុគ្គល​នោះ ពេល​ដែល​គាត់​សរសេរ​ថា​៖ «ព្រះ​របស់​លោកីយ​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ»។ (កូរិនថូសទី២ ៤:៤) «ព្រះ​នៃ​លោកីយ​នេះ»​គឺ​ជា​អារក្ស​សាតាំង។ វា​ជា​មេ​គាំទ្រ​ហើយ​ក៏​ជា​អ្នក​ជំរុញ​ឲ្យ​មាន​សាសនា​មិន​ពិត។ ប៉ុល​បាន​សរសេរ​ថា​៖ «អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ ដូច្នេះ បើ​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ»។ (កូរិនថូសទី២ ១១:១៤, ១៥) សាតាំង​ធ្វើ​អ្វី​ដែល​អាក្រក់​ឲ្យ​មើល​ទៅ​ដូច​ជា​ល្អ​វិញ ហើយ​វា​បោកបញ្ឆោត​មនុស្ស​ឲ្យ​ជឿ​អ្វី​ដែល​ជា​សេចក្ដី​ភូតភរ។

៤​. តើ​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​ចំពោះ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ បាន​ចែង​យ៉ាង​ណា​អំពី​ពួក​ព្យាការី​ក្លែង​ក្លាយ?

ដូច្នេះ ហេតុ​នោះ​ហើយ​ដែល​ព្រះ​គម្ពីរ​ផ្ដន្ទា​ទោស​សាសនា​មិន​ពិត​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​បាន​ព្រមាន​រាស្ត្រ​រើស​តាំង​របស់​ព្រះ​ដោយ​ចំៗ អំពី​ហោរា​ឬ​ព្យាការី​ក្លែង​ក្លាយ។ អ្នក​ណា​ក៏​ដោយ​ដែល​បង្រៀន​សេចក្ដី​មិន​ពិត​ឬ​ណែនាំ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត ត្រូវ​តែ​«សំឡាប់​ចោល​ទៅ ពីព្រោះ​បាន​ល្បួង​ឲ្យ​បះបោរ​នឹង​ព្រះ​យេហូវ៉ា»។ ប្រជាជន​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ‹បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​គេ​ទៅ›។ (ចោទិយកថា ១៣:១​-​៥) ដូច្នេះ ព្រះ​យេហូវ៉ា​ចាត់​ទុក​សាសនា​មិន​ពិត​ជា​សេចក្ដី​អាក្រក់។—អេសេគាល ១៣:៣

៥​. សព្វ​ថ្ងៃ​នេះ តើ​យើង​គួរ​ធ្វើ​តាម​សេចក្ដី​ព្រមាន​អ្វី​ខ្លះ?

ព្រះ​យេស៊ូ​គ្រីស្ទ​និង​សាវ័ក​របស់​ទ្រង់​ក៏​ដូច​ជា​ព្រះ​យេហូវ៉ា បាន​ទាស់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាសនា​មិន​ពិត។ ព្រះ​យេស៊ូ​ធ្លាប់​ព្រមាន​សិស្ស​របស់​ទ្រង់​ថា​៖ «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក ដែល​ឆ្មក់​ស៊ី​វិញ»។ (ម៉ាថាយ ៧:១៥; ម៉ាកុស ១៣:​២២, ២៣) ប៉ុល​ធ្លាប់​សរសេរ​ថា​៖ «សេចក្ដី​ក្រោធ​របស់​ព្រះ បាន​សំដែង​មក​ពី​ស្ថានសួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្ដី​ទមិលល្មើស នឹង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្ដី​ពិត»។ (រ៉ូម ១:១៨) គឺ​ជា​ការ​ចាំបាច់​ណាស់! ដែល​គ្រីស្ទាន​ពិត​ស្ដាប់​តាម​ការ​ព្រមាន​ទាំង​នេះ ហើយ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ណា​ដែល​បង្ខាំង​ឬ​លាក់​បាំង​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ ឬ​មួយ​ក៏​ផ្សព្វផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត។—យ៉ូហានទី១ ៤:១

ចូរ​ចេញ​ពី​«បាប៊ីឡូន​ដ៏​ជា​ធំ»

៦​. តើ​ព្រះ​គម្ពីរ​សរសេរ​អ្វី​ខ្លះ​អំពី​«បាប៊ីឡូន​ដ៏​ជា​ធំ»?

សូម​ពិចារណា​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​សរសេរ​អំពី​សាសនា​មិន​ពិត​នៅ​សៀវភៅ​វិវរណៈ។ សាសនា​មិន​ពិត​ត្រូវ​ប្រដូច​ទៅ​នឹង​ស្រី​សំផឹង​មួយ​រូប ដែល​ស្រវឹង​ស្រា​ហើយ​មាន​អំណាច​លើ​រដ្ឋាភិបាល​ជា​ច្រើន​និង​ប្រជា​រាស្ត្រ​របស់​រដ្ឋាភិបាល​ទាំង​នោះ។ នេះ​មិន​មែន​ជា​ស្ត្រី​ពិត​ប្រាកដ​ទេ តែ​ជា​និមិត្តរូប ហើយ​ព្រះ​គម្ពីរ​សរសេរ​ថា​វា​សហាយ​ស្មន់​នឹង​ពួក​ស្តេច​ជា​ច្រើន ក៏​ថែម​ទាំង​ស្រវឹង​នឹង​ឈាម​របស់​អ្នក​ដែល​បម្រើ​ព្រះ​យ៉ាង​ពិត​ប្រាកដ។ (វិវរណៈ ១៧:១, ២, ៦, ១៨) លើ​ថ្ងាស​វា មាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សម​នឹង​ការ​ប្រព្រឹត្ត​ដ៏​លា​មក​អាក្រក់​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​វា។ ឈ្មោះ​នោះ​គឺ​«បាប៊ីឡូន​ដ៏​ជា​ធំ ជា​ម្ដាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»។—វិវរណៈ ១៧:៥

៧, ៨​. តើ​សាសនា​មិន​ពិត​បាន​ធ្វើ​ដូច​ជា​ស្រី​សំផឹង​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​យ៉ាង​ណា?

អ្វី​ដែល​ព្រះ​គម្ពីរ​សរសេរ​អំពី​បាប៊ីឡូន​ដ៏​ជា​ធំ គឺ​សំដៅ​យ៉ាង​ត្រឹម​ត្រូវ​ទៅ​លើ​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូទាំង​ពិភពលោក។ ទោះ​ជា​សាសនា​រាប់​ពាន់​ដែល​មាន​ទូទាំង​ពិភពលោក មិន​រួបរួម​គ្នា​ធ្វើ​ជា​អង្គការ​តែ​មួយ​ក៏​ពិត​មែន តែ​សាសនា​ទាំង​នោះ​រួម​គ្នា​តែ​មួយ​ក្នុង​ន័យ​ថា ពួក​គេ​មាន​គោល​បំណង​តែ​មួយ ហើយ​ប្រព្រឹត្ត​ដូចៗ​គ្នា។ ម្យ៉ាង​ទៀត សាសនា​មិន​ពិត​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​រដ្ឋាភិបាល​ទាំង​ឡាយ ដូច​ស្រី​សំផឹង​ដែល​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​វិវរណៈ។ ដោយ​សារ​សាសនា​មិន​ពិត​បាន​ធ្វើ​បក្ស​សម្ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​ផ្សេងៗ វា​បាន​ប្រព្រឹត្ត​ដូច​ស្ត្រី​ដែល​ផិត​ក្បត់ មិន​បាន​ស្មោះ​ត្រង់​នឹង​សម្បថ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ យ៉ាកុប​ដែល​ជា​សិស្ស​ព្រះ​យេស៊ូ ធ្លាប់​សរសេរ​ថា​៖ «ឱ​ពួក​កំផិត​ទាំង​ប្រុស​ទាំង​ស្រី​អើយ! តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ»។—យ៉ាកុប ៤:៤

ការ​រួម​ដៃ​រួម​គំនិត​គ្នា​រវាង​បណ្ដា​រដ្ឋាភិបាល​និង​សាសនា​មិន​ពិត បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​រង​ទុក្ខ​វេទនា​សម្បើម​ណាស់។ បណ្ឌិត​ខាង​វិភាគ​នយោបាយ​ជនជាតិ​អាហ្វ្រិក​មួយ​រូប ឈ្មោះ​សូលេឡា ម៉ាងឃូ បាន​កត់​សម្គាល់​ថា​៖ «ជា​ច្រើន​ដង​ច្រើន​សា​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភពលោក មាន​ការ​សម្លាប់​រង្គាល ដែល​បណ្ដាល​មក​ពី​ការ​លាយឡំ​សាសនា​និង​នយោបាយ​ជា​មួយ​គ្នា»។ នៅ​ថ្មីៗ​នេះ​កាសែត​មួយ​បាន​បោះ​ពុម្ព​សរសេរ​ថា​៖ «ទំនាស់​ទាស់ទែង​គ្នា​ដ៏​ឃោរឃៅ​និង​បង្ហូរ​ឈាម​បំផុត​សព្វ​ថ្ងៃ​នេះ . . . បាន​បណ្ដាល​មក​ពី​សាសនា»។ ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​បាន​ត្រូវ​ដក​ហូត​ក្នុង​ចំបាំង​ផ្សេងៗ​ដែល​គាំទ្រ​ដោយ​សាសនា។ បាប៊ីឡូន​ដ៏​ជា​ធំ​ក៏​បាន​បៀតបៀន​និង​សម្លាប់​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះ​ទៀត​ផង ហើយ​បាន​ប្រៀប​ដូច​ជា​ស្រវឹង​នឹង​ឈាម​របស់​ពួក​គេ។—វិវរណៈ ១៨:២៤

៩​. តើ​សៀវភៅ​វិវរណៈ​បញ្ជាក់​ដោយ​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​ស្អប់​សាសនា​មិន​ពិត?

អ្វី​ដែល​នឹង​កើត​ឡើង​ដល់​បាប៊ីឡូន​ដ៏​ជា​ធំ ស​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ស្អប់​សាសនា​មិន​ពិត។ វិវរណៈ ១៧:១៦​សរសេរ​ថា​៖ «ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង»។ មុន​បង្អស់ សត្វ​ធំ​សម្បើម​មួយ​នឹង​ហែក​ស៊ី​សាច់​វា។ រួច​មក អ្វី​ដែល​នៅ​សល់​នឹង​ត្រូវ​ដុត​ចោល​ទៀត។ មិន​យូរ​ប៉ុន្មាន​ទៀត រដ្ឋាភិបាល​ទាំង​ឡាយ​នឹង​ប្រព្រឹត្ត​ទៅ​លើ​សាសនា​មិន​ពិត​ឲ្យ​បាន​សម​ស្រប​តាម​ខ​នោះ។ ព្រះ​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នោះ។ (វិវរណៈ ១៧:១៧) បាប៊ីឡូន​ដ៏​ជា​ធំ ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជាក់​ជា​ពុំ​ខាន។ «គេ​នឹង​រក[វា]ទៀត​មិន​ឃើញ​ឡើយ»។—វិវរណៈ ១៨:២១

១០​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សាសនា​មិន​ពិត?

១០ តើ​អ្នក​កាន់​តាម​សាសនា​ពិត​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បាប៊ីឡូន​ដ៏​ជា​ធំ? ព្រះ​គម្ពីរ​បង្គាប់​ដោយ​ត្រង់ៗ​ថា​៖ «រាស្ត្រ​អញ​អើយ! ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ»។ (វិវរណៈ ១៨:៤) អ្នក​ដែល​ចង់​ទទួល​សេចក្ដី​សង្គ្រោះ​ត្រូវ​តែ​ចេញ​ពី​សាសនា​មិន​ពិត មុន​នឹង​ហួស​ពេល។ នៅ​ពេល​ព្រះ​យេស៊ូ​គ្រីស្ទ​គង់​នៅ​ផែនដី ទ្រង់​បាន​ទាយ​ថា​នៅ​ជាន់​ក្រោយ​បង្អស់ មនុស្ស​ជា​ច្រើន​នឹង​អះអាង​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​ទ្រង់។ (ម៉ាថាយ ២៤:៣​-​៥) ចំពោះ​អ្នក​ទាំង​នោះ​ទ្រង់​មាន​បន្ទូល​ថា​៖ «អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ! នែ ពួក​ទទឹង​ច្បាប់​អើយ! ចូរ​ថយ​ចេញ​ពី​អញ​ទៅ»។ (ម៉ាថាយ ៧:២៣) ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ឥឡូវ​កំពុង​តែ​គ្រប់គ្រង​ជា​ស្តេច ទ្រង់​មិន​ទទួល​ស្គាល់​សាសនា​មិន​ពិត​ទាល់តែ​សោះ។

តើ​ត្រូវ​ជៀស​ចេញ ឲ្យ​ឆ្ងាយ​ដោយ​ដូច​ម្ដេច?

១១​. តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត?

១១ គ្រីស្ទាន​ពិត​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត និង​សេចក្ដី​បង្រៀន​មិន​ពិត។ នេះ​មាន​ន័យ​ថា យើង​មិន​ស្ដាប់​កម្មវិធី​វិទ្យុ ឬ​មើល​កម្មវិធី​ទូរទស្សន៍​ដែល​ទាក់ទង​នឹង​សាសនា​ទេ។ យើង​ក៏​មិន​អាន​សៀវភៅ​របស់​សាសនា​ណា​ដែល​បង្រៀន​សេចក្ដី​ភូតភរ​អំពី​ព្រះ​និង​ព្រះ​បន្ទូល​របស់​ទ្រង់។ (ទំនុកដំកើង ១១៩:៣៧) បន្ថែម​ទៅ​ទៀត គប្បី​ឲ្យ​យើង​មិន​ចូល​រួម​ពិធី​ជប់លៀង​ឬ​កម្មវិធី​កម្សាន្ត​ណា​មួយ​ឧបត្ថម្ភ​ដោយ​អង្គការ ដែល​ជាប់​ទាក់ទង​នឹង​សាសនា​មិន​ពិត។ ម្យ៉ាង​ទៀត យើង​មិន​គាំទ្រ​សាសនា​មិន​ពិត​តាម​វិធី​ណា​មួយ​សោះ​ឡើយ។ (កូរិនថូសទី១ ១០:២១) ធ្វើ​យ៉ាង​នេះ យើង​ការពារ​កុំ​ឲ្យ​អ្នក​ណា​ចាប់​យើង​«ធ្វើ​ជា​រំពា​[ឬ​«ធ្វើ​ជា​ចំណី»​, ព.ថ.] ដោយ​ពាក្យ​បរមត្ថ[ឬ​«ទស្សនវិជ្ជា»​, ខ.ស.] នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្ដាប់​បុរាណ​របស់​មនុស្ស តាម​បឋម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ​គ្រីស្ទ​ទេ»។—កូល៉ុស ២:៨

១២​. តើ​បុគ្គល​ម្នាក់​អាច​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​អង្គការ​សាសនា​យ៉ាង​ដូច​ម្ដេច?

១២ បើ​មាន​បុគ្គល​ម្នាក់​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តែ​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​បញ្ជី​សមាជិក​សាសនា​មិន​ពិត​ណា​មួយ តើ​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា? ក្នុង​ករណី​ភាគ​ច្រើន បើ​សរសេរ​សំបុត្រ​មួយ សុំ​លា​ឈប់​ធ្វើ​ជា​សមាជិក នោះ​នឹង​បញ្ជាក់​ថា​គាត់​មិន​ចង់​ឲ្យ​សាសនា​មិន​ពិត​ចាត់​ទុក​គាត់​ជា​សមាជិក​ត​ទៅ​ទៀត​ឡើយ។ ជា​ពិសេស គឺ​សំខាន់​ដែល​បុគ្គល​នោះ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ទាំង​អស់​ពី​សាសនា​មិន​ពិត ដែល​អាច​ធ្វើ​ឲ្យ​គាត់​មិន​ស្អាត​ខាង​វិញ្ញាណ។ ទង្វើ​របស់​បុគ្គល​ណា​មួយ​ក៏​ដោយ​ដែល​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គួរ​បង្ហាញ​មនុស្ស​ជា​ទូទៅ​និង​អង្គការ​សាសនា​ដែល​គាត់​ធ្លាប់​ចូល​រួម​ឲ្យ​ឃើញ​ច្បាស់​ថា គាត់​បាន​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​សាសនា​នោះ​រួច​រាល់​អស់​ហើយ។

១៣​. ស្តី​អំពី​ភាព​ចាំបាច់​នៃ​ការ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត​នោះ តើ​ព្រះ​គម្ពីរ​មាន​ឱវាទ​អ្វី?

១៣ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ។ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា? ឬ​ពន្លឺ នឹង​ងងឹត លាយឡំ​គ្នា​ដូច​ម្ដេច​បាន? តើ​ព្រះ​គ្រីស្ទ នឹង​អារក្ស​បេ​លា​ល​ត្រូវ​អ្វី​នឹង​គ្នា? ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ? តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ? . . . ហេតុ​នោះ​បាន​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា ‹ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ​ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោកគ្រោក​ឡើយ›»។ (កូរិនថូសទី២ ៦:១៤​-​១៧) យើង​ធ្វើ​តាម​ពាក្យ​ទាំង​នេះ​ដោយ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត។ តើ​ឱវាទ​របស់​ប៉ុល​ក៏​តម្រូវ​ឲ្យ​យើង​ជៀស​ចេញ​ពី​មនុស្ស​ដែល​ជា​សមាជិក​សាសនា​មិន​ពិត​ដែរ​ឬ​ទេ?

‹ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា›

១៤​. តើ​យើង​គួរ​ជៀស​ចេញ​ទាំង​ស្រុង​ពី​មនុស្ស​ដែល​ចូល​រួម​សាសនា​មិន​ពិត​ទេ? សូម​ពន្យល់។

១៤ តើ​គ្រីស្ទាន​ពិត​គួរ​ជៀស​ចេញ​ទាំង​ស្រុង​ពី​មនុស្ស​ដែល​ចូល​រួម​សាសនា​មិន​ពិត​ទេ? តើ​យើង​គួរ​ទុក​ខ្លួន​ដាច់​ដោយ​ឡែក​ពី​មនុស្ស​ដែល​គ្មាន​ជំនឿ​ដូច​យើង​ទេ? ចម្លើយ​គឺ យើង​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ។ បញ្ញត្ត​យ៉ាង​សំខាន់​ទីពីរ​ប្រាប់​ថា​៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ (ម៉ាថាយ ២២:៣៩) យើង​ពិត​ជា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង នៅ​ពេល​យើង​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ពួក​គេ​ក៏​ស​ឲ្យ​ឃើញ ពេល​ដែល​យើង​បង្រៀន​ពួក​គេ​អំពី​ព្រះ​គម្ពីរ ហើយ​ប្រាប់​អំពី​ភាព​ចាំបាច់​នៃ​ការ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត។

១៥​. យើង​«មិន​មែន​ជា​របស់​ផង​លោកីយ» តើ​នោះ​មាន​ន័យ​អ្វី?

១៥ ទោះ​ជា​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង​របស់​យើង​ក៏​ពិត​មែន តែ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​យើង​«មិន​មែន​ជា​របស់​ផង​លោកីយ»។ (យ៉ូហាន ១៥:១៩) ក្នុង​ខ​នេះ ពាក្យ​ថា​«លោកីយ»​សំដៅ​ទៅ​សង្គម​មនុស្ស​ដែល​ដាច់​ចេញ​ពី​ព្រះ។ (អេភេសូរ ៤:១៧​-​១៩; យ៉ូហានទី១ ៥:១៩) យើង​មិន​មែន​ជា​របស់​ផង​លោកិយ​ក្នុង​ន័យ​ថា យើង​បដិសេធ​មិន​ព្រម​មាន​ចិត្ត​គំនិត ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ណា​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ព្រះ​ហឫទ័យ។ (យ៉ូហានទី១ ២:១៥​-​១៧) បន្ថែម​ទៅ​ទៀត យើង​ធ្វើ​តាម​គោលការណ៍​ដែល​ថា​«ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ» ដោយ​មិន​យក​មនុស្ស​ដែល​មិន​កាន់​តាម​គោលការណ៍​គ្រីស្ទាន​មក​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​យើង។ (កូរិនថូសទី១ ១៥:៣៣) យើង​មិន​មែន​ជា​របស់​ផង​លោកិយ​ក៏​មាន​ន័យ​ថា​យើង​រក្សា​ខ្លួន​«មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។ (យ៉ាកុប ១:២៧) ដូច្នេះ យើង​មិន​មែន​ជា​របស់​ផង​លោកិយ មិន​មាន​ន័យ​ថា​យើង​ដក​ខ្លួន​ឈប់​ទាក់ទង​មនុស្ស​ឯ​ទៀត​ឡើយ។—យ៉ូហាន ១៧:១៥, ១៦; កូរិនថូសទី១ ៥:៩, ១០

១៦, ១៧​. តើ​គ្រីស្ទាន​ពិត​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​មិន​ស្គាល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ?

១៦ បើ​ដូច្នេះ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច​ចំពោះ​អ្នក​ដែល​មិន​ស្គាល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ? ប៉ុល​បាន​សរសេរ​ទៅ​កាន់​ក្រុមជំនុំ​នៅ​ទី​ក្រុង​កូល៉ុស​ថា​៖ «ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង។ ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ​គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និ​មួយៗ»។ (កូល៉ុស ៤:៥, ៦) សាវ័ក​ពេត្រុស​ធ្លាប់​បាន​ថា​៖ «ចូរ​ឲ្យ​តាំង​ព្រះ​គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ​អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព​ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា»។ (ពេត្រុសទី១ ៣:១៥) ប៉ុល​បាន​ជូន​ឱវាទ​គ្រីស្ទាន​ពិត​ថា​ពួក​គេ​«មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូតបូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង»។—ទីតុស ៣:២

១៧ ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​មិន​ត្រូវ​មើលងាយ​ឬ​និយាយ​គំរោះគំរើយ​ដាក់​អ្នក​ឯ​ទៀត​ឡើយ។ យើង​ប្រាកដ​ជា​មិន​ប្រើ​សម្ដី​អាក្រក់​សំដៅ​ទៅ​លើ​សមាជិក​សាសនា​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​ជ្រើសរើស​សម្ដី​សមរម្យ ទោះ​បើ​ម្ចាស់​ផ្ទះ អ្នក​ជិត​ខាង ឬ​អ្នក​ធ្វើ​ការ​ជា​មួយ​មិន​ប្រព្រឹត្ត​ឬ​ប្រើ​សម្ដី​សប្បុរស​មក​រក​យើង​ក៏​ដោយ។—កូល៉ុស ៤:៦; ធីម៉ូថេទី២ ២:២៤

«ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ ត្រឹម​ត្រូវ . . . [ដែល]ទុក​ជា​គំរូ»

១៨​. តើ​អ្នក​ដែល​ថយ​ទៅ​ចូល​សាសនា​មិន​ពិត​វិញ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​សោក​ស្ដាយ​បែប​ណា​ខាង​វិញ្ញាណ?

១៨ គួរ​ឲ្យ​ខ្លោចផ្សា​ណាស់! ប្រសិន​បើ​ថយ​ទៅ​ចូល​សាសនា​មិន​ពិត​វិញ ក្រោយ​ពី​បាន​រៀន​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​ពណ៌នា​អំពី​លទ្ធផល​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​កើត​ឡើង​ប្រសិន​បើ​អ្នក​ណា​ធ្វើ​ដូច្នេះ។ ព្រះ​គម្ពីរ​សរសេរ​ថា​៖ «ក្រោយ​ដែល​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក របស់​លោកីយ​នេះ ដោយ​បាន​ស្គាល់​ព្រះ​អម្ចាស់​យេស៊ូ​វ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​ហើយ បើ​អ្នក​ណា​ត្រឡប់​ទៅ​ជា​ជាប់​ទាក់ទិន ឲ្យ​សេចក្ដី​ទាំង​នោះ​បាន​បង្ក្រាប​ខ្លួន​វិញ នោះ​សណ្ឋាន​ក្រោយ​របស់​អ្នក​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត . . . មាន​ការ​កើត​មក​ដល់​គេ ដូច​ជា​ពាក្យ​ទំនៀម​ពិត​ដែល​ថា ‹ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច[ឬ​«ភក់»]វិញ›»។—ពេត្រុសទី២ ២:២០​-​២២; ខ.ស.

១៩​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​អ្វី​ក៏​ដោយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ចំពោះ​យើង?

១៩ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​អ្វី​ក៏​ដោយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ចំពោះ​យើង។ ហើយ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​យើង​មាន​ជា​ច្រើន​មែន! សាវ័ក​ប៉ុល​ព្រមាន​ថា​៖ «នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាក​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្ដាប់​តាម​វិញ្ញាណ​បញ្ឆោត នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស»។ (ធីម៉ូថេទី១ ៤:១) យើង​រស់​នៅ​«គ្រា​ជាន់​ក្រោយ​បង្អស់»។ អ្នក​ដែល​មិន​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត​អាច‹ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក​ហើយ​ផាត់​ចុះ​ឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ›។—អេភេសូរ ៤:១៣, ១៤

២០​. តើ​យើង​អាច​ការពារ​ខ្លួន​ពី​ឥទ្ធិពល​អាក្រក់​នៃ​សាសនា​មិន​ពិត​យ៉ាង​ដូច​ម្ដេច?

២០ តើ​យើង​អាច​ការពារ​ខ្លួន​ពី​ឥទ្ធិពល​អាក្រក់​នៃ​សាសនា​មិន​ពិត​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​មក​យើង។ យើង​មាន​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ (ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះ​យេហូវ៉ា​បាន​ប្រទាន​អាហារ​ខាង​វិញ្ញាណ​ជា​បរិបូរ​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥) កាល​ដែល​យើង​រីក​ចម្រើន​ក្នុង​សេចក្ដី​ពិត យើង​គួរ​បង្កើត​ឲ្យ​មាន​ចំណង់​ចំពោះ‹អាហារ​រឹង ដែល​សំ​រាប់​តែ​មនុស្ស​ធំ›​ឬ​មនុស្ស​មាន​គំនិត​ចាស់​ទុំ។ ហើយ​យើង​ក៏​គួរ​មាន​ក្ដី​ប៉ង​ប្រាថ្នា​ជួបជុំ​គ្នា​នៅ​កន្លែង​យើង​រៀន​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដែរ មែន​ទេ? (ហេព្រើរ ៥:១៣, ១៤; ទំនុកដំកើង ២៦:៨) ចូរ​យើង​តាំង​ចិត្ត​ទទួល​ប្រយោជន៍​ឲ្យ​បាន​សព្វ​គ្រប់​ពី​សំវិធានការ​របស់​ព្រះ​យេហូវ៉ា ដើម្បី​យើង​អាច​«នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ​ដែល . . . ទុក​ជា​គំរូ»។ (ធីម៉ូថេទី២ ១:១៣) ធ្វើ​យ៉ាង​នេះ យើង​អាច​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

តើ​«បាប៊ីឡូន​ដ៏​ជា​ធំ»​ជា​អ្វី?

តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត?

តើ​យើង​គួរ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ខ្លះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ខាង​វិញ្ញាណ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៤]

តើ​អ្នក​យល់​មូលហេតុ​ដែល​«បាប៊ីឡូន​ដ៏​ជា​ធំ»​ត្រូវ​រៀប​រាប់​ជា​ស្ត្រី​អសីលធម៌​ទេ?

[រូបភាព​នៅ​ទំព័រ​១៥]

​«បាប៊ីឡូន​ដ៏​ជា​ធំ»​នឹង​ត្រូវ​បំផ្លាញ​ចោល

[រូបភាព​នៅ​ទំព័រ​១៧]

យើង​ត្រូវ​បង្ហាញ​«[ចិត្ត]សុភាព​ហើយ​កោត​ខ្លាច» ចំពោះ​អ្នក​ដែល​មិន​មាន​ជំនឿ​ដូច​យើង