លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបំពេញតម្រូវការដើម្បីទទួលបុណ្យជ្រមុជទឹកតាមបង្គាប់របស់ព្រះគ្រីស្ទ

ចូរបំពេញតម្រូវការដើម្បីទទួលបុណ្យជ្រមុជទឹកតាមបង្គាប់របស់ព្រះគ្រីស្ទ

ចូរ​បំពេញ​តម្រូវ​ការ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ

​«តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន?»។—កិច្ចការ ៨:៣៦

១, ២​. តើ​ភីលីព​បាន​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​មន្ត្រី​អេចូ​ពី​នោះ​ដោយ​ដូច​ម្ដេច? តើ​អ្វី​ស​ឲ្យ​ឃើញ​ថា​មន្ត្រី​នោះ​ចាប់​អារម្មណ៍​នឹង​រឿង​ខាង​វិញ្ញាណ?

មួយ​ឬ​ពីរ​ឆ្នាំ​ក្រោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត មាន​មន្ត្រី​មួយ​រូប​កំពុង​តែ​ជិះ​រទេះ​សេះ​ឆ្ពោះ​ទៅ​រក​ប្រទេស​គាត់​វិញ។ គាត់​កំពុង​តែ​ជិះ​ទៅ​តាម​ផ្លូវ​មួយ​ខ្សែ ដែល​លាត​សន្ធឹង​ពី​ទី​ក្រុង​យេរូសាឡិម ទៅ​ដល់​ទី​ក្រុង​កាសា​នៅ​ទិស​ខាង​ត្បូង។ ដោយសារ​ត្រូវ​ជិះ​ប្រហែល​១.៥០០​គីឡូម៉ែត្រ គាត់​ច្បាស់​ជា​នឹង​អស់​កម្លាំង​ណាស់។ មន្ត្រី​មួយ​រូប​នេះ​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​គាត់​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អេចូ​ពី រហូត​មក​ដល់​ទី​ក្រុង​យេរូសាឡិម ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ឥឡូវ​ខណៈ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ងាយ​ទៅ​រក​ប្រទេស​គាត់​វិញ មន្ត្រី​ជនជាតិ​អេចូ​ពី​មួយ​រូប​នេះ​ប្រើ​ពេល​វេលា​តាម​របៀប​ដែល​មាន​ប្រយោជន៍ ពោល​គឺ​គាត់​ឆ្លៀត​អាន​ព្រះ​បន្ទូល​របស់​ព្រះ។ នេះ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​មែន។ ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​មន្ត្រី​ចិត្ត​ស្មោះ​មួយ​រូប​នេះ ហើយ​តាម​រយៈ​ទេវតា​មួយ​រូប ទ្រង់​បាន​បង្គាប់​ភីលីព ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ ឲ្យ​ទៅ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​នោះ។—កិច្ចការ ៨:២៦​-​២៨

ភីលីព​ងាយ​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​គាត់ ដោយសារ​មន្ត្រី​អេចូ​ពី​នោះ​កំពុង​តែ​អាន​ឮៗ តាម​ទម្លាប់​របស់​មនុស្ស​នៅ​សម័យ​នោះ។ ហេតុ​ដូច្នេះ ភីលីព​ដឹង​ថា​គាត់​កំពុង​តែ​អាន​ពី​បទ​ទំនាយ​អេសាយ។ ភីលីព​បាន​សួរ​សំណួរ​មួយ​យ៉ាង​ខ្លី ដែល​ធ្វើ​ឲ្យ​មន្ត្រី​នោះ​ចាប់​អារម្មណ៍។ ភីលីព​បាន​សួរ​ថា​៖ «លោក​មើល​យល់​ឬ​ទេ?»។ សំណួរ​នេះ​បាន​ហុច​ឱកាស​ឲ្យ​ពួក​គាត់​ពិភាក្សា​អេសាយ ៥៣:៧, ៨។ បន្ទាប់​មក ភីលីព​បាន​«ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូ​វ»​ដល់​គាត់។—កិច្ចការ ៨:២៩​-​៣៥

៣, ៤​. (ក) ហេតុ​អ្វី​បាន​ជា​ភីលីព​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មន្ត្រី​ជនជាតិ​អេចូ​ពី​ភ្លាម​នោះ? (ខ) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ក្រោយ​ការ​ពន្យល់​តែ​បន្ដិច​បន្តួច មន្ត្រី​ជនជាតិ​អេចូ​ពី​នោះ​យល់​តួ​នាទី​របស់​ព្រះ​យេស៊ូ​ក្នុង​ការ​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ ថែម​ទាំង​ក៏​បាន​យល់​នូវ​ភាព​ចាំបាច់​នៃ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ លុះ​ដល់​ឃើញ​មាន​ទឹក​នៅ​ជិត​ពួក​គាត់ មន្ត្រី​នោះ​សួរ​ភីលីព​ថា​៖ «តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន?»។ នេះ​ជា​កាលៈទេសៈ​ខុស​ប្លែក​ពី​ធម្មតា។ មន្ត្រី​នោះ​មាន​ជំនឿ​ព្រម​ទាំង​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​រួច​ហើយ ដ្បិត​គាត់​ជា​អ្នក​កាន់​តាម​សាសនា​យូដា។ បើ​មិន​ឆ្លៀត​ឱកាស​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ពេល​នោះ គាត់​ប្រហែល​ជា​ត្រូវ​ចាំ​យូរ ដើម្បី​មាន​ឱកាស​ហុច​ឲ្យ​ម្ដង​ទៀត។ សំខាន់​ជាង​នោះ​ទៅ​ទៀត គាត់​បាន​យល់​អ្វី​ដែល​ព្រះ​តម្រូវ​អំពី​គាត់ ហើយ​គាត់​ចង់​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​យល់​ដឹង​របស់​ខ្លួន ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ភីលីព​មាន​ចិត្ត​សប្បាយ​ហើយ​ក៏​យល់​ព្រម​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គាត់។ ក្រោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ មន្ត្រី​អេចូ​ពី​បាន​«ទៅ​តាម​ផ្លូវ​ទៅ​ដោយ​អរ​សប្បាយ»។ គាត់​ទំនង​ជា​បាន​ខ្នះខ្នែង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​របស់​គាត់។—កិច្ចការ ៨:៣៦​-​៣៩

ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ជំហាន​ដ៏​សំខាន់​ណាស់ ដែល​យើង​មិន​ត្រូវ​ធ្វើ​ដោយ​ប្រញាប់ប្រញាល់​នោះ​ទេ។ ក៏​ប៉ុន្តែ​គំរូ​របស់​មន្ត្រី​ជនជាតិ​អេចូ​ពី​ឲ្យ​ដឹង​ថា ធ្លាប់​មាន​គ្រា​ខ្លះ ដែល​មនុស្ស​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មិន​យូរ​ក្រោយ​ពួក​គេ​បាន​ស្ដាប់​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ * ម្ល៉ោះ​ហើយ គឺ​ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​សួរ​សំណួរ​ខ្លះៗ​ដូច​ត​ទៅ​នេះ: តើ​គួរ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក? តើ​អាយុ​របស់​អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​គឺ​សំខាន់​ប៉ុណ្ណា? តើ​គួរ​រីក​ចម្រើន​ខាង​វិញ្ញាណ​ដល់​កម្រិត​ណា​ទើប​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក? សំខាន់​បំផុត ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

ពាក្យ​សច្ចា​ដ៏​សំខាន់

៥, ៦​. (ក) តើ​មនុស្ស​នៅ​សម័យ​បុរាណ​ធ្លាប់​ប្រព្រឹត្ត​តប​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​ដូច​ម្ដេច? (ខ) ក្រោយ​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ តើ​យើង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​បែប​ណា​ជា​មួយ​នឹង​ព្រះ?

ក្រោយ​ព្រះ​យេហូវ៉ា​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទទួល​ពួក​គេ​«ដាច់​ជា​របស់​ផង[ទ្រង់]» ដើម្បី​ស្រឡាញ់​និង​ការពារ​ពួក​គេ ហើយ​ចាត់​ទុក​ជា​«សាសន៍​បរិសុទ្ធ»។ ក៏​ប៉ុន្តែ​ដើម្បី​ទទួល​ពរ​ទាំង​នោះ សាសន៍​អ៊ីស្រាអែល​ត្រូវ​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាម​របៀប​ដែល​ជាក់​ស្តែង។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ ដោយ​យល់​ព្រម​ធ្វើ​តាម​«គ្រប់​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក» ហើយ​ក៏​បាន​ចូល​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ទ្រង់។ (និក្ខមនំ ១៩:៤​-​៩) នៅ​សតវត្សរ៍​ទី​មួយ ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​អ្នក​ដែល​ជឿ​តាម​សេចក្ដី​បង្រៀន​របស់​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នៅ​សម័យ​នោះ​ត្រូវ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទើប​អាច​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​ព្រះ។—ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ២:៣៨, ៤១

កំណត់​ហេតុ​បទ​គម្ពីរ​ទាំង​នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ប្រទាន​ពរ​អស់​អ្នក​ដែល​ធ្វើ​ការ​សច្ចា​ចំពោះ​ទ្រង់​ដើម្បី​បម្រើ​ទ្រង់ ហើយ​ធ្វើ​តាម​ពាក្យ​សច្ចា​នោះ។ សម្រាប់​គ្រីស្ទាន​ពិត យើង​ត្រូវ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ចាំបាច់ ហើយ​ជំហាន​ទាំង​ពីរ​នេះ​នាំ​ឲ្យ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។ យើង​បាន​ប្ដេជ្ញា​ចិត្ត​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់។ (ទំនុកដំកើង ៤៨:១៤) ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​នាំ​យើង​ទៅ​តាម​ផ្លូវ​ដែល​យើង​គួរ​ដើរ ប្រៀប​ដូច​ជា​ទ្រង់​កំពុង​តែ​កាន់​ដៃ​ស្ដាំ​របស់​យើង។—ទំនុកដំកើង ៧៣:២៣; អេសាយ ៣០:២១; ៤១:១០, ១៣

៧​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក?

អ្វី​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​ជំហាន​ទាំង​នេះ គឺ​យើង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បម្រើ​ទ្រង់។ យើង​មិន​គួរ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយសារ​តែ​មាន​អ្នក​ឯ​ទៀត​ប្រាប់​ថា យើង​បាន​សិក្សា​យូរ​ល្មម​ហើយ ឬ​ក៏​ដោយសារ​បាន​ឃើញ​មិត្តភក្ដិ​របស់​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ។ មាតា​បិតា​និង​គ្រីស្ទាន​ពិត​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ ប្រហែល​ជា​លើក​ទឹក​ចិត្ត​បុគ្គល​ម្នាក់​ឲ្យ​គិត​អំពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក។ នោះ​ជា​ការ​ធម្មតា​ទេ។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​អ្នក​ដែល​បាន​ស្ដាប់​គាត់​នៅ​បុណ្យ​ថ្ងៃ​ទី៥០​ឲ្យ​«ទទួល​បុណ្យ​ជ្រមុជ​ទឹក»។ (កិច្ចការ ២:៣៨) យ៉ាង​ណា​ក៏​ដោយ ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ជា​រឿង​ផ្ទាល់​ខ្លួន គ្មាន​នរណា​ផ្សេង​ទៀត​អាច​ឧទ្ទិស​ថ្វាយ​ខ្លួន​ជំនួស​យើង​បាន​ឡើយ។ យើង​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា យើង​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។—ទំនុកដំកើង ៤០:៨

ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក

៨, ៩​. (ក) ហេតុ​អ្វី​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក​គឺ​មិន​ត្រឹម​ត្រូវ? (ខ) តើ​យុវជន​យុវនារី​ត្រូវ​រីក​ចម្រើន​ខាង​វិញ្ញាណ​ដល់​កម្រិត​ណា​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

តើ​កូន​ក្មេង​អាច​មាន​ចំណេះ​គ្រប់គ្រាន់​ដើម្បី​សម្រេច​ចិត្ត​ឧទ្ទិស​ថ្វាយ​ខ្លួន​ដែរ​ឬ​ទេ? បទ​គម្ពីរ​មិន​សរសេរ​ថា​ត្រូវ​មាន​អាយុ​ប៉ុន្មាន​មុន​ដែល​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ។ យ៉ាង​ណា​ក៏​ដោយ ទារក​ប្រាកដ​ជា​ពុំ​អាច​ទៅ​ជា​អ្នក​ជឿ ប្រព្រឹត្ត​សម​ស្រប​តាម​ជំនឿ ឬ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​បាន​ឡើយ។ (កិច្ចការ ៨:១២) ស្តី​អំពី​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​លោក​អូគូស្ទ ណីអានដឺ​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ «នៅ​ដើម​ដំបូង ពួក​គេ​ធ្លាប់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ពេញ​វ័យ​តែ​ប៉ុណ្ណោះ ដ្បិត​មនុស្ស​ពេញ​វ័យ​យល់​ថា​បុណ្យ​ជ្រមុជ​ទឹក​និង​ជំនឿ​ជាប់​ទាក់ទង​គ្នា»។—General History of the Christian Religion and Church

ចំណែក​យុវជន​យុវនារី​វិញ ពួក​គាត់​ខ្លះ​មាន​ការ​យល់​ដឹង​មួយ​កម្រិត​អំពី​រឿង​ខាង​វិញ្ញាណ​ហើយ​ខំ​ធ្វើ​តាម ទោះ​ជា​នៅ​ក្មេង​ក៏​ដោយ។ យុវជន​យុវនារី​ឯ​ទៀត​ត្រូវ​ការ​ពេល​ច្រើន​ជាង​ទើប​មាន​ការ​យល់​ដឹង​និង​ចំណង់​ប្រព្រឹត្ត​តាម។ ក៏​ប៉ុន្តែ មុន​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក យុវជន​យុវនារី​ត្រូវ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​សេចក្ដី​បង្រៀន​បឋម​ក្នុង​បទ​គម្ពីរ ហើយ​ក៏​ត្រូវ​យល់​ច្បាស់​អំពី​អត្ថន័យ​នៃ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន ដូច​មនុស្ស​ពេញ​វ័យ​ដែរ។

១០​. មុន​ដែល​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​ត្រូវ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ?

១០ ព្រះ​យេស៊ូ​បាន​បញ្ជា​សិស្ស​របស់​ទ្រង់​ឲ្យ​បង្រៀន​អ្នក​ថ្មី​នូវ​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់។ (ម៉ាថាយ ២៨:២០) ហេតុ​នេះ មុន​បង្អស់ អ្នក​ថ្មី​ត្រូវ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត។ ចំណេះ​នោះ​នឹង​ជួយ​ឲ្យ​ពួក​គាត់​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​ព្រះ​បន្ទូល​របស់​ទ្រង់។ (រ៉ូម ១០:១៧; ធីម៉ូថេទី១ ២:៤; ហេព្រើរ ១១:៦) រួច​មក ពេល​សេចក្ដី​ពិត​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គាត់ នោះ​នឹង​ជំរុញ​ឲ្យ​ប្រែ​ចិត្ត ហើយ​វិល​មក​ឬ​លះ​ចោល​របៀប​រស់​នៅ​ចាស់។ (កិច្ចការ ៣:១៩) នៅ​ទីបំផុត ពួក​គាត់​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដូច​ព្រះ​យេស៊ូ​បាន​បង្គាប់​នោះ។

១១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ចូល​រួម​យ៉ាង​ទៀងទាត់​ក្នុង​ការ​ផ្សព្វផ្សាយ​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

១១ ជំហាន​មួយ​ទៀត​ដ៏​សំខាន់​ដែល​ត្រូវ​ធ្វើ​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​ត្រូវ​ចូល​រួម​កិច្ច​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ នេះ​ជា​ការងារ​សំខាន់​បំផុត​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​រាស្ត្រ​ទ្រង់​ក្នុង​គ្រា​ជាន់​ក្រោយ​បង្អស់​នេះ។ (ម៉ាថាយ ២៤:១៤) អ្នក​ផ្សាយ​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​អាច​រីករាយ​នឹង​ការ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​ខ្លួន។ ការ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជួយ​ឲ្យ​ពួក​គាត់​ត្រៀម​លក្ខណៈ​ធ្វើ​កិច្ចការ​នេះ​ជា​ទៀងទាត់​និង​ដោយ​ខ្នះខ្នែង​ក្រោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។—រ៉ូម ១០:៩, ១០, ១៤, ១៥

តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឬ​ទេ?

១២​. តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​បុគ្គល​ខ្លះ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

១២ បុគ្គល​ខ្លះ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយសារ​មិន​ចង់​មាន​ភារកិច្ច។ ពួក​គាត់​ទទួល​ស្គាល់​ថា ត្រូវ​កែ​ប្រែ​ជីវិត​ទាំង​ស្រុង ទើប​អាច​បំពេញ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​បាន។ ម្យ៉ាង​វិញ​ទៀត ប្រហែល​ជា​ពួក​គាត់​ខ្លាច​ដោយ​គិត​ថា ក្រោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពួក​គាត់​នឹង​ពិបាក​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ។ ប្រហែល​ជា​បុគ្គល​ខ្លះ​គិត​ថា​«នៅ​ថ្ងៃ​ណា​មួយ​ប្រហែល​ជា​ខ្ញុំ​ធ្វើ​អ្វី​ដ៏​អាក្រក់ ហើយ​ត្រូវ​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុមជំនុំ»។

១៣​. នៅ​សម័យ​ព្រះ​យេស៊ូ តើ​អ្វី​បាន​រារាំង​បុគ្គល​ខ្លះ​មិន​ឲ្យ​កាន់​តាម​ព្រះ​យេស៊ូ?

១៣ នៅ​សម័យ​ព្រះ​យេស៊ូ បុគ្គល​ខ្លះ​បាន​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​និង​រឿង​ក្រុម​គ្រួសារ​រារាំង​ពួក​គាត់ មិន​ឲ្យ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ។ ស្មៀន​ម្នាក់​ធ្លាប់​ប្រាប់​ថា​គាត់​នឹង​តាម​ព្រះ​យេស៊ូ ទោះ​ជា​ទ្រង់​យាង​ទៅ​កន្លែង​ណា​ក៏​ដោយ។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា ជា​ច្រើន​ដង​ទ្រង់​មិន​ទាំង​មាន​កន្លែង​ស្នាក់​នៅ​ផង។ នៅ​ពេល​ព្រះ​យេស៊ូ​អញ្ជើញ​អ្នក​ស្ដាប់​ម្នាក់​ទៀត​ឲ្យ​កាន់​តាម​ទ្រង់ បុរស​នោះ​បាន​តប​ឆ្លើយ​ថា គាត់​ត្រូវ​«កប់​ខ្មោច»​ឪពុក​គាត់​សិន។ គាត់​ទំនង​ជា​ចង់​នៅ​ផ្ទះ​រហូត​ដល់​ឪពុក​គាត់​ស្លាប់ ជាជាង​តាម​ព្រះ​យេស៊ូ​ហើយ​ចាំ​ដល់​ពេល​ត្រូវ​បំពេញ​ភារកិច្ច​នោះ។ មាន​មនុស្ស​ម្នាក់​ទៀត​ប្រាប់​ថា​គាត់​នឹង​តាម​ព្រះ​យេស៊ូ ប៉ុន្តែ​គាត់​ត្រូវ​«លា»​ពួក​ផ្ទះ​គាត់​សិន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​ការ​បង្អែបង្អង់​បែប​នេះ​គឺ​ស្មើ​នឹង​«ងាក​បែរ​ទៅ​មើល​ក្រោយ»។ ដូច្នេះ តាម​កំណត់​ហេតុ​ទាំង​នោះ​យើង​ឃើញ​ថា អ្នក​ដែល​ចង់​ដោះសា​ដើម្បី​ជៀស​ផុត​ពី​ភារកិច្ច​របស់​គ្រីស្ទាន​ពិត អាច​រក​លេស​ជា​ច្រើន​មិន​ចេះ​អស់។—លូកា ៩:​៥៧​-​៦២

១៤​. (ក) ពេល​ដែល​ព្រះ​យេស៊ូ​អញ្ជើញ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ឲ្យ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស តើ​ពួក​គាត់​ប្រព្រឹត្ត​តប​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​យើង​មិន​គួរ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​នឹម​ឬ​ភារកិច្ច​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ?

១៤ គំរូ​របស់​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន គឺ​ខុស​ផ្ទុយ​ពី​បុគ្គល​ទាំង​នោះ។ នៅ​ពេល​ព្រះ​យេស៊ូ​អញ្ជើញ​ពួក​គាត់​ឲ្យ​មក​តាម​ទ្រង់ ហើយ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស ព្រះ​គម្ពីរ​ចែង​ថា​៖ «គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម»។ (ម៉ាថាយ ៤:១៩​-​២២) ដោយសារ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​នោះ ពួក​គាត់​បាន​ឃើញ​ថា​ពាក្យ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ក្រោយ​មក គឺ​ពិត​មែន។ ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។ (ម៉ាថាយ ១១:២៩, ៣០) ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នាំ​ឲ្យ​មាន​ភារកិច្ច​មែន ហាក់​ដូច​ជា​ត្រូវ​ពាក់​នឹម។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​លើក​ទឹក​ចិត្ត​យើង​ដោយ​បន្ទូល​ថា ភារកិច្ច​នោះ​គឺ​ងាយ​ផ្ទុក​ទេ ហើយ​ក៏​ជួយ​ឲ្យ​យើង​សម្រាក​កាយ​ចិត្ត។

១៥​. តើ​គំរូ​របស់​ម៉ូសេ​និង​យេរេមា​បង្ហាញ​ដោយ​ដូច​ម្ដេច​ថា យើង​អាច​ទុក​ចិត្ត​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា?

១៥ ជា​ការ​ធម្មតា​ទេ​ដែល​យើង​មាន​អារម្មណ៍​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ម៉ូសេ​និង​យេរេមា​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រទាន។ (និក្ខមនំ ៣:១១; យេរេមា ១:៦) តើ​ព្រះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? ទ្រង់​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា​៖ «អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ»។ ចំពោះ​យេរេមា​ទ្រង់​បាន​សន្យា​ថា​៖ «អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច»។ (និក្ខមនំ ៣:១២; យេរេមា ១:៨) យើង​ក៏​អាច​ជឿជាក់​លើ​ការ​គាំទ្រ​ពី​ព្រះ​ដែរ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ទំនុក​ចិត្ត​លើ​ទ្រង់​អាច​ជួយ​ឲ្យ​យើង​ឈ្នះ​អារម្មណ៍​ថា យើង​មិន​អាច​បំពេញ​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង​បាន​ទេ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្ដេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ»។ (យ៉ូហានទី១ ៤:១៨) ក្មេង​តូច​ម្នាក់​ប្រហែល​ជា​ភ័យ​ខ្លាច​ពេល​ដែល​ត្រូវ​ដើរ​ម្នាក់​ឯង។ ក៏​ប៉ុន្តែ​ក្មេង​នោះ​មាន​ទំនុក​ចិត្ត​ពេល​ដែល​ដើរ​ដោយ​កាន់​ដៃ​ឪពុក។ ស្រដៀង​គ្នា​ដែរ ប្រសិន​បើ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត នោះ​ទ្រង់​សន្យា​ថា​នឹង‹ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​យើង› ពេល​ដែល​ដើរ​ជា​មួយ​នឹង​ទ្រង់។—សុភាសិត ៣:៥, ៦

ពិធី​មួយ​ដែល​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ

១៦​. ហេតុ​អ្វី​បាន​ជា​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួម​បញ្ចូល​ការ​ពន្លិច​រូប​កាយ​ទាំង​មូល​ទៅ​ក្នុង​ទឹក?

១៦ មុន​ពិធី​ជ្រមុជ​ទឹក តាម​ធម្មតា​មាន​សុន្ទរកថា​មួយ ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ។ សុន្ទរកថា​នោះ​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន​ពិត។ មុន​ដែល​សុន្ទរកថា​ចប់ អ្នក​ដែល​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​សុំ​ឲ្យ​ថ្លែង​ប្រាប់​ជា​សាធារណៈ​អំពី​ជំនឿ​របស់​ខ្លួន ដោយ​ឆ្លើយ​សំណួរ​ពីរ។ (រ៉ូម ១០:១០; សូម​មើល​ប្រអប់​នៅ​ទំព័រ​១៩) ក្រោយ​មក​ពួក​គាត់​ត្រូវ​ពន្លិច​ចូល​ទៅ​ក្នុង​ទឹក តាម​គំរូ​របស់​ព្រះ​យេស៊ូ។ តាម​កំណត់​ហេតុ​ព្រះ​គម្ពីរ ក្រោយ​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទ្រង់​បាន​«យាង​ឡើង​ពី​ទឹក»។ (ម៉ាថាយ ៣:១៦; ម៉ាកុស ១:១០) នេះ​បង្ហាញ​ច្បាស់​ថា យ៉ូហាន​បាទីស្ទ​បាន​ពន្លិច​ព្រះ​កាយ​ទាំង​មូល​របស់​ព្រះ​យេស៊ូ​ទៅ​ក្នុង​ទឹក។ * ការ​ពន្លិច​រូប​កាយ​ទាំង​មូល​ទៅ​ក្នុង​ទឹក​ជា​និមិត្តរូប​សមរម្យ​ដែល​បញ្ជាក់​ថា​យើង​បាន​កែ​ប្រែ​ជីវិត​យើង​ទាំង​ស្រុង ប្រៀប​ដូច​ជា​យើង​ស្លាប់​ចំពោះ​របៀប​រស់​នៅ​ចាស់​របស់​យើង​ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​មួយ​ជា​អ្នក​បម្រើ​ព្រះ។

១៧​. តើ​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​អ្នក​ដែល​មើល​អាច​ធ្វើ​ឲ្យ​ពិធី​ជ្រមុជ​ទឹក​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​យ៉ាង​ដូច​ម្ដេច?

១៧ ពិធី​ជ្រមុជ​ទឹក​ជា​ឱកាស​សប្បាយ​មួយ តែ​ក៏​ជា​ឱកាស​សំខាន់​មួយ​ដែរ។ ព្រះ​គម្ពីរ​សរសេរ​ថា ព្រះ​យេស៊ូ​កំពុង​តែ​អធិស្ឋាន​ពេល​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទ្រង់​ក្នុង​ទន្លេ​យ័រ​ដាន។ (លូកា ៣:២១, ២២) សម​ស្រប​តាម​គំរូ​នេះ អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សព្វ​ថ្ងៃ​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​របៀប​ថ្លៃថ្នូរ។ ហើយ​ដោយសារ​ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ស្លៀក​ពាក់​សមរម្យ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ យើង​គួរ​ធ្វើ​ដូច្នេះ​លើស​ជាង​នោះ​ទៅ​ទៀត ពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (ធីម៉ូថេទី១ ២:​៩) អ្នក​ដែល​មើល​ពិធី​នោះ អាច​បង្ហាញ​នូវ​ការ​គោរព​ដោយ​ប្រុង​ស្ដាប់​សុន្ទរកថា ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​កំលុង​ពិធី​ជ្រមុជ​ទឹក។—កូរិនថូសទី១ ១៤:៤០

ពរ​ដែល​មក​ពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សិស្ស​ព្រះ​យេស៊ូ

១៨, ១៩​. តើ​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទទួល​ឯកសិទ្ធិ​និង​ពរ​អ្វី​ខ្លះ?

១៨ ក្រោយ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ យើង​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​ពិសេស​មួយ។ ទី​មួយ ព្រះ​យេហូវ៉ា​ទៅ​ជា​ព្រះ​វរបិតា​និង​មិត្ត​សម្លាញ់​របស់​យើង។ មុន​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​គ្មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ តែ​ឥឡូវ​យើង​បាន​ត្រូវ​ផ្សះផ្សា​ឲ្យ​ជា​នឹង​ទ្រង់​វិញ។ (កូរិនថូសទី២ ៥:១៩; កូល៉ុស ១:២០) តាម​រយៈ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ យើង​បាន​ត្រូវ​ទាញ​នាំ​មក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ ហើយ​ទ្រង់​ក៏​ចូល​មក​ជិត​យើង​ដែរ។ (យ៉ាកុប ៤:៨) ព្យាការី​ម៉ាឡាគី​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​ប្រុង​ស្ដាប់ និង​ឮ​អ្នក​ដែល​ប្រើ​និង​តំណាង​ព្រះ​នាម​ទ្រង់ ហើយ​ទ្រង់​កត់​ឈ្មោះ​របស់​ពួក​គាត់​ក្នុង​សៀវភៅ​រំឭក​របស់​ទ្រង់។ ព្រះ​មាន​បន្ទូល​ថា​៖ «គេ​នឹង​បាន​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ។ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត»។—ម៉ាឡាគី ៣:១៦​-​១៨

១៩ ពិធី​ជ្រមុជ​ទឹក​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទៅ​ជា​សមាជិក​ភាតរភាព​មួយ​ទូទាំង​ពិភពលោក។ នៅ​ពេល​សាវ័ក​ពេត្រុស​សួរ​អំពី​ពរ​ដែល​សិស្ស​របស់​ព្រះ​គ្រីស្ទ​នឹង​ទទួល​ដោយសារ​បាន​លះបង់​ប្រយោជន៍​ខ្លួន នោះ​ព្រះ​យេស៊ូ​បាន​សន្យា​ថា​៖ «អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង ឬ​បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន​ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់កល្ប​ជានិច្ច ទុក​ជា​មរ​ដក​ដែរ»។ (ម៉ាថាយ ១៩:២៩) រាប់​ឆ្នាំ​ក្រោយ​នោះ ពេត្រុស​បាន​សរសេរ​អំពី​ភាតរភាព​«បងប្អូន»​ដែល​បាន​ដុះដាល​ឡើង​«នៅ​ក្នុង​លោកីយ»។ ពេត្រុស​ធ្លាប់​ទទួល​នូវ​ការ​គាំទ្រ​និង​ពរ​ដែល​មក​ពី​ការ​រួម​ចំណែក​ក្នុង​ភាតរភាព​ខាង​វិញ្ញាណ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​យើង​ក៏​អាច​ទទួល​បាន​ដែរ។—ពេត្រុសទី១ ២:​១៧; ៥:៩

២០​. តើ​បុណ្យ​ជ្រមុជ​ទឹក​ផ្ដល់​លទ្ធភាព​ទទួល​ពរ​អ្វី?

២០ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា អ្នក​ដែល​កាន់​តាម​ទ្រង់​នឹង​«គ្រង​ជីវិត​អស់កល្ប​ជានិច្ច ទុក​ជា​មរ​ដក»។ ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក​ផ្ដល់​លទ្ធភាព​«ចាប់​បាន​ជីវិត​អស់កល្ប​ជានិច្ច»​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។ (ធីម៉ូថេទី១ ៦:១៩) យើង​ពុំ​អាច​កសាង​អនាគត​ល្អ​ជាង​នេះ​សម្រាប់​ខ្លួន​យើង​និង​ក្រុម​គ្រួសារ​របស់​យើង​បាន​ទេ មែន​ទេ? ដ្បិត​នោះ​គឺ​ប្រៀប​ដូច​ជា​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​ដល់​ថ្ងៃ​ក្រោយ។ អនាគត​បែប​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​«ប្រព្រឹត្ត​តាម​[ឬ​«ដើរ​តាម»]​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​ជា​ដរាប​រៀង​ត​ទៅ»។—មីកា ៤:៥; ខ.ស.

[កំណត់​សម្គាល់]

^ វគ្គ 4 មនុស្ស​អស់​បី​ពាន់​នាក់ ដែល​រួម​ទាំង​ជនជាតិ​យូដា​និង​សាសន៍​ដទៃ​ដែល​កាន់​សាសនា​យូដា បាន​ស្ដាប់​សុន្ទរកថា​របស់​សាវ័ក​ពេត្រុស​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ភ្លាម។ ក៏​ប៉ុន្តែ​ពួក​គេ​បាន​ស្គាល់​សេចក្ដី​បង្រៀន​និង​គោលការណ៍​បឋម​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ហើយ ដូច​មន្ត្រី​អេចូ​ពី​នោះ​ដែរ។—កិច្ចការ ២:៣៧​-​៤១

^ វគ្គ 16 យោង​ទៅ​តាម​វចនានុក្រម​ពិពណ៌នា​ពាក្យ​ពី​សញ្ញា​ថ្មី និពន្ធ​ដោយ​លោក​វែន ពាក្យ​ភាសា​ក្រិច​បាប​ទិ​ស្មា (បុណ្យ​ជ្រមុជ​ទឹក)សំដៅ​លើ​«ការ​ពន្លិច ការ​លិច​ចុះ និង​ការ​ឡើង​មក​វិញ»។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​យើង​គួរ​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នេះ?

តើ​យើង​គួរ​រីក​ចម្រើន​ដល់​កម្រិត​ណា​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

ហេតុ​អ្វី​យើង​មិន​គួរ​ឲ្យ​អារម្មណ៍​មិន​ចង់​មាន​ភារកិច្ច ឬ​ភ័យ​ខ្លាច​ថា​ខ្លួន​នឹង​បរាជ័យ​រារាំង​យើង​ពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

តើ​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​អាច​ទទួល​ពរ​ពិសេស​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៣]

​«តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន?»

[រូបភាព​នៅ​ទំព័រ​២៦]

បុណ្យ​ជ្រមុជ​ទឹក​ជា​ពិធី​មួយ​ដ៏​សប្បាយ​និង​សំខាន់