ចូរឲ្យមានកម្លាំងដៃចុះ!
ចូរឲ្យមានកម្លាំងដៃចុះ!
«ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ! គឺឯងដែលសព្វថ្ងៃនេះឮពាក្យទាំងប៉ុន្មានពីមាត់ពួកហោរា»។—សាការី ៨:៩
១, ២. ហេតុអ្វីក៏យើងគួរយកចិត្តទុកដាក់នឹងសៀវភៅហាកាយនិងសាការី?
ទំនាយទាំងប៉ុន្មានក្នុងសៀវភៅហាកាយនិងសាការីបានត្រូវសរសេរប្រមាណ២.៥០០ឆ្នាំមុននេះ តែក៏ទាក់ទងនឹងជីវិតរបស់អ្នកផងដែរ។ កំណត់ហេតុក្នុងសៀវភៅទាំងពីរនោះមិនគ្រាន់តែជាប្រវត្ដិសាស្ត្រប៉ុណ្ណោះទេ តែជាផ្នែកនៃ«អស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន . . . សំរាប់នឹងបង្រៀនដល់យើងរាល់គ្នា»។ (រ៉ូម ១៥:៤) កំណត់ហេតុផ្សេងៗដែលយើងអានក្នុងសៀវភៅហាកាយនិងសាការីនាំឲ្យយើងគិតអំពីស្ថានការណ៍ពិតដែលមានតាំងពីព្រះរាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើងនៅលើស្ថានសួគ៌នៅឆ្នាំ១៩១៤។
២ សាវ័កប៉ុលបានសំដៅទៅលើព្រឹត្ដិការណ៍និងកាលៈទេសៈដែលរាស្ត្ររបស់ព្រះយេហូវ៉ាពីបុរាណបានពិសោធ ដោយមានប្រសាសន៍ថា៖ «រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុកសំរាប់ជាសេចក្ដីទូន្មានប្រដៅដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប»។ (កូរិនថូសទី១ ១០:១១) ដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា៖ ‹តើសៀវភៅហាកាយនិងសាការីមានប្រយោជន៍អ្វីនៅសម័យយើងនេះ?›។
៣. តើសៀវភៅហាកាយនិងសាការីដៅបញ្ជាក់អំពីអ្វី?
៣ ដូចអត្ថបទមុននេះបានបញ្ជាក់នោះ ទំនាយទាំងប៉ុន្មានរបស់ហាកាយនិងសាការីបានសំដៅទៅលើសម័យដែលពួកយូដាបានត្រូវរំដោះចេញពីទីឃុំឃាំងនៅស្រុកបាប៊ីឡូន ហើយបានត្រឡប់ទៅស្រុកដែលព្រះប្រទានឲ្យ។ ព្យាការីទាំងពីរនាក់នោះបានដៅបញ្ជាក់ពីការកសាងព្រះវិហារឡើងវិញ។ ពួកយូដាបានដាក់ជើងជញ្ជាំងព្រះវិហារនៅឆ្នាំ៥៣៦ មុនគ.ស.។ ទោះជាប្រជាជនយូដាវ័យចាស់ខ្លះបានគិតច្រើនពេកអំពីអតីតកាលក្ដី ពួកបណ្ដាជននៅតែមានហេតុ«ស្រែកហ៊ោដោយសេចក្ដីរីករាយ»មែន។ ប៉ុន្តែ នៅសម័យយើងនេះមានព្រឹត្ដិការណ៍បានកើតឡើងដែលសំខាន់ជាងនោះទៅទៀត។ តើមានព្រឹត្ដិការណ៍អ្វីខ្លះ?—អែសរ៉ា ៣:៣-១៣
៤. តើអ្វីបានកើតឡើងមិនយូរប៉ុន្មានក្រោយសង្គ្រាមលោកលើកទីមួយ?
៤ មិនយូរប៉ុន្មានក្រោយសង្គ្រាមលោកលើកទីមួយនោះ ពួកអ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាបានត្រូវដោះលែងពីទាសភាពក្នុងបាប៊ីឡូនដ៏ធំ។ នេះជាការបង្ហាញយ៉ាងជាក់ច្បាស់ថា ព្រះយេហូវ៉ាកំពុងតែគាំទ្រពួកគេ។ មុននោះ គឺហាក់ដូចជាមេដឹកនាំសាសនានិងពួកនយោបាយដែលចូលដៃជាមួយគ្នា បានបញ្ឈប់កិច្ចការផ្សព្វផ្សាយនិងការបង្រៀនរបស់ពួកសិស្សព្រះគម្ពីរ។ (អែសរ៉ា ៤:៨, ១៣, ២១-២៤) ប៉ុន្តែ ព្រះយេហូវ៉ាបានដកចេញនូវឧបសគ្គដែលរារាំងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ក្នុងកំលុងប៉ុន្មានទសវត្សរ៍តាំងពីឆ្នាំ១៩១៩ កិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះបានលូតលាស់ ហើយគ្មានអ្វីសោះអាចទប់ស្កាត់ការរីកចម្រើននេះបានទេ។
៥, ៦. តើសាការី ៤:៧ ចង្អុលបញ្ជាក់ពីការសម្រេចដ៏សំខាន់អ្វី?
៥ យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងគាំទ្រពួកអ្នកបម្រើទ្រង់ជានិច្ច ដែលស្ដាប់បង្គាប់ទ្រង់ដោយបន្តធ្វើកិច្ចការផ្សព្វផ្សាយនិងការបង្រៀន។ នៅសៀវភៅសាការី ៤:៧ យើងអានថា៖ «លោកនឹងនាំយកថ្មជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា៖ ‹សូមឲ្យបានប្រកបដោយព្រះគុណ! អើ! ដោយព្រះគុណចុះ!›»។ តើនេះសំដៅទៅលើការសម្រេចដ៏សំខាន់អ្វីខ្លះនៅសព្វថ្ងៃនេះ?
៦ សាការី ៤:៧ ចង្អុលបញ្ជាក់ពីគ្រាដែលការថ្វាយបង្គំព្រះអម្ចាស់មហាក្សត្រពិតត្រូវស្ថាបនាឡើងយ៉ាងសព្វគ្រប់នៅលើផែនដីដែលប្រៀបដូចជាទីធ្លានៃព្រះវិហារខាងវិញ្ញាណរបស់ទ្រង់។ ព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ាជាការរៀបចំឲ្យមនុស្សចូលមកថ្វាយបង្គំទ្រង់ដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទយេស៊ូ។ ពិតមែន ព្រះវិហារខាងវិញ្ញាណដ៏ឧត្តមនេះមានវត្តមានតាំងពីសតវត្សរ៍ទីមួយ គ.ស. មកម្ល៉េះ។ ប៉ុន្តែ ការថ្វាយបង្គំពិតនៅលើផែនដីមិនទាន់បានរៀបចំហើយសព្វគ្រប់នោះទេ។ ពួកអ្នកថ្វាយបង្គំរាប់លាននាក់កំពុងតែបម្រើព្រះយេហូវ៉ានៅលើផែនដីដែលជាទីធ្លានៃព្រះវិហារខាងវិញ្ញាណ។ ពួកអ្នកថ្វាយបង្គំនោះរួមបញ្ចូលមនុស្សរាប់លាននាក់ទៀតដែលនឹងរស់ឡើងវិញ ហើយត្រូវក្លាយជាមនុស្សគ្រប់លក្ខណ៍ក្នុងកំលុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូគ្រីស្ទ។ នៅដំណាច់គ្រាមួយពាន់ឆ្នាំនោះ ផែនដីត្រូវគេបោសសម្អាតហើយ ក៏មានសុទ្ធតែពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាដោយពិតត្រង់រស់នៅ។
៧. នៅសព្វថ្ងៃនេះតើព្រះយេស៊ូមានតួនាទីដ៏សំខាន់អ្វីក្នុងការរៀបចំការថ្វាយបង្គំពិតឲ្យបានសព្វគ្រប់? ហេតុអ្វីក៏នេះគួរលើកទឹកចិត្តយើង?
៧ ចៅហ្វាយស្រុកដែលមានឈ្មោះសូរ៉ូបាបិល និងសម្ដេចសង្ឃដែលមានឈ្មោះយេសួរនោះ មានវត្តមានហើយបានឃើញការបង្ហើយកិច្ចការកសាងព្រះវិហារនៅឆ្នាំ៥១៥ មុនគ.ស.។ សៀវភៅសាការីក៏បានទាយអំពីតួនាទីស្រដៀងគ្នានោះដែលព្រះយេស៊ូមានក្នុងការរៀបចំការថ្វាយបង្គំពិតឲ្យបានសព្វគ្រប់។ សាការី ៦:១២, ១៣ ចែងថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ៖ ‹មើលមនុស្សដែលឈ្មោះថា «លំពង់» នឹងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង។ គឺអ្នកនោះឯងនឹង . . . តាំងសិរីល្អ . . . ឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន›»។ ស្តេចនីមួយៗដែលជាពូជដាវីឌបានពន្លកដុះឡើងដោយសារព្រះយេស៊ូដែលគង់នៅស្ថានសួគ៌។ ដូច្នេះ បើទ្រង់គាំទ្រកិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះនៅឯព្រះវិហារខាងវិញ្ញាណនេះ តើមាននរណាម្នាក់មានលទ្ធភាពរារាំងការរីកចម្រើននោះបានទេ? គ្មានអ្នកណាអាចរារាំងបានឡើយ! ដូច្នេះ នេះគួរលើកទឹកចិត្តយើងឲ្យបន្តឈានទៅមុខក្នុងកិច្ចបម្រើព្រះ ដោយមិនអនុញ្ញាតឲ្យកង្វល់ប្រចាំថ្ងៃបង្វែរអារម្មណ៍របស់យើងសោះ មែនទេ?
អាទិភាពក្នុងជីវិតយើង
៨. ហេតុអ្វីក៏យើងត្រូវបន្តចាត់ទុកកិច្ចការនៅឯព្រះវិហារខាងវិញ្ញាណជាអាទិភាពក្នុងជីវិតយើង?
៨ បើយើងចង់ឲ្យព្រះយេហូវ៉ាគាំទ្រនិងប្រសិទ្ធពរឲ្យយើង នោះយើងត្រូវបន្តចាត់ទុកកិច្ចការនៅឯព្រះវិហារខាងវិញ្ញាណរបស់ទ្រង់ជាអាទិភាពក្នុងជីវិតយើង។ យើងមិនគួរមានទស្សនៈដូចពួកយូដាដែលបាននិយាយថា៖ «វេលា . . . មិនទាន់មកដល់នៅឡើយ» តែយើងត្រូវចាំថា យើងកំពុងតែរស់នៅគ្រា«ជាន់ក្រោយបង្អស់»ហើយ។ (ហាកាយ ១:២; ធីម៉ូថេទី២ ៣:១) ព្រះយេស៊ូបានទាយថា ពួកអ្នកដែលកាន់តាមទ្រង់ដោយចិត្តស្មោះភក្ដីនឹងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៃព្រះ ហើយនឹងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ យើងត្រូវតែប្រយ័ត្នកុំឲ្យធ្វេសប្រហែសនឹងឯកសិទ្ធិដែលយើងមានក្នុងកិច្ចបម្រើនេះ។ ការប្រឆាំងពីលោកិយនេះបានរាំងស្កាត់កិច្ចការផ្សព្វផ្សាយនិងការបង្រៀនមួយរយៈមែន ប៉ុន្តែកិច្ចការនេះបានត្រូវគេធ្វើម្ដងទៀតតាំងពីឆ្នាំ១៩១៩ ហើយមិនទាន់បង្ហើយទេ។ យ៉ាងណាក៏ដោយ អ្នកអាចជឿជាក់ថា កិច្ចការនេះនឹងត្រូវសម្រេចជាពុំខាន!
៩, ១០. តើការទទួលពរពីព្រះយេហូវ៉ាផ្អែកលើអ្វី? តើនេះមានន័យអ្វីសម្រាប់យើង?
៩ យើងនឹងទទួលពរជានិច្ច មិនថាជាមនុស្សមួយក្រុមឬជាបុគ្គលម្នាក់ៗក្ដី ឲ្យតែយើងបន្តធ្វើកិច្ចការនេះដោយខ្នះខ្នែង។ សូមកត់សម្គាល់នូវសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលជាការធានាដល់យើង។ ពេលពួកយូដាបានថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តម្ដងទៀត ហើយមានចិត្តខ្នះខ្នែងក្នុងការដាក់ជើងជញ្ជាំងព្រះវិហារនោះ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្ដល់ពរដល់ឯងវិញ»។ (ហាកាយ ២:១៩) ពួកយូដាអាចទទួលប្រយោជន៍យ៉ាងពេញលេញដោយព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកគេ។ សូមពិនិត្យមើលប្រយោជន៍ផ្សេងៗដែលពួកគេត្រូវទទួលស្របទៅតាមសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលមានបន្ទូលថា៖ «នឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផលហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក»។—សាការី ៨:៩-១៣
១០ ព្រះយេហូវ៉ាបានប្រទានពរខាងវិញ្ញាណនិងខាងសម្ភារៈលើពួកយូដានោះ ហើយទ្រង់ក៏នឹងប្រទានពរលើយើងផងដែរ ពេលយើងខិតខំធ្វើកិច្ចការដែលទ្រង់ប្រគល់ឲ្យដោយរីករាយ។ ពរទាំងនោះរួមបញ្ចូលសេចក្ដីសុខសាន្ត សុវត្ថិភាព ភាពចម្រុងចម្រើន និងការរីកចម្រើនខាងវិញ្ញាណក្នុងចំណោមបងប្អូនយើង។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា យើងអាចទទួលពរពីព្រះយេហូវ៉ាបាន ឲ្យតែយើងធ្វើការនៅឯព្រះវិហារខាងវិញ្ញាណ តាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។
១១. តើយើងអាចពិនិត្យមើលអាទិភាពក្នុងជីវិតយើងដោយសួរសំណួរអ្វីខ្លះ?
១១ នេះហើយជាគ្រាដែលយើងគួរ«ពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួន»។ (ហាកាយ ១:៥, ៧) យើងគួរតែឆ្លៀតពេលដើម្បីពិនិត្យមើលថា តើអ្វីមានអាទិភាពក្នុងជីវិតយើង? នៅសព្វថ្ងៃនេះ យើងអាចទទួលពរពីព្រះយេហូវ៉ាបាន ស្របទៅតាមកម្រិតដែលយើងលើកតម្កើងព្រះនាមទ្រង់និងឈានទៅមុខក្នុងកិច្ចការរបស់យើងនៅឯព្រះវិហារខាងវិញ្ញាណរបស់ទ្រង់។ ចូរសួរខ្លួនឯងថា៖ ‹តើខ្ញុំបានចាប់ផ្ដើមចាត់ទុកអ្វីផ្សេងជាអាទិភាពក្នុងជីវិតខ្ញុំឬទេ? តើខ្ញុំនៅតែស្រឡាញ់ព្រះយេហូវ៉ានិងសេចក្ដីពិតនេះ ហើយមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើទ្រង់ ដូចពេល ដែលខ្ញុំបានទទួលបុណ្យជ្រមុជទឹកទេ? តើខ្ញុំផ្ដោតអារម្មណ៍លើការរស់នៅដោយស្រណុកស្រួលដល់ម្ល៉េះបានជានេះមានឥទ្ធិពលលើការបម្រើព្រះយេហូវ៉ានិងការលើកតម្កើងព្រះរាជាណាចក្ររបស់ទ្រង់ឬ? តើខ្ញុំខ្លាចមនុស្សនិងទស្សនៈរបស់គេដល់ម្ល៉េះបានជាខ្ញុំអាក់ខានលើកតម្កើងព្រះយេហូវ៉ាយ៉ាងពេញលេញឬទេ?›។—វិវរណៈ ២:២-៤
១២. តើហាកាយ ១:៦, ៩ បញ្ជាក់ពីស្ថានភាពបែបណាក្នុងចំណោមពួកយូដា?
១២ យើងប្រាកដជាមិនចង់ឲ្យព្រះយេហូវ៉ាឈប់ប្រទានពរលើយើងពីព្រោះយើងមិនបានលើកតម្កើងព្រះនាមទ្រង់ទេ។ សូមនឹកចាំអំពីពួកយូដាដែលបានវិលទៅស្រុកខ្លួននោះ។ មុនដំបូង ពួកគេខិតខំធ្វើការនៅព្រះវិហារ ប៉ុន្តែហាកាយ ១:៩ រៀបរាប់ថា ក្រោយៗមកពួកគេបាន«រត់ទៅឯផ្ទះឯងរៀងខ្លួន[ឬ«គិតតែខ្នះខ្នែងពីរឿងផ្ទះសំបែងរបស់ខ្លួន», ខ.ស.]»។ ពួកគេបានគិតតែពីសេចក្ដីត្រូវការប្រចាំថ្ងៃនិងរបៀបរស់នៅរបស់ខ្លួនគេប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេ«ច្រូតបានតិចទេ» ពោលគឺ ខ្វះអាហារនិងភេសជ្ជៈ ព្រមទាំងគ្មានអ្វីស្លៀកពាក់ឲ្យបានកក់ក្ដៅ។ (ហាកាយ ១:៦) ព្រះយេហូវ៉ាបានដកព្រះពររបស់ទ្រង់ចេញ។ តើមានមេរៀនអ្វីសម្រាប់យើង?
១៣, ១៤. តើយើងគួរធ្វើអ្វីស្របទៅតាមមេរៀនក្នុងហាកាយ ១:៦, ៩? ហេតុអ្វីក៏សំខាន់ម្ល៉េះដែលយើងធ្វើដូច្នេះ?
១៣ បើយើងចង់ទទួលពរពីព្រះយេហូវ៉ាជានិច្ច យើងត្រូវជៀសវាងការស្វែងរកតែប្រយោជន៍ខ្លួនឯងដល់ម្ល៉េះបានជាភ្លេចលើកតម្កើងព្រះយេហូវ៉ា មែនទេ? នេះមានន័យថាយើងត្រូវជៀសវាងការស្វែងរកលុយហួសហេតុពេក ហើយជៀសវាងការជក់ស្លុងនឹងវិធីរកលុយឲ្យបានភ្លាមៗ ការរៀនសូត្រយ៉ាងច្រើនដើម្បីឲ្យមានអាជីពក្នុងលោកិយនេះដែលនាំឲ្យមានប្រាក់ខែច្រើន និងការរកវិធីបំពេញតែចិត្តប្រាថ្នារបស់ខ្លួន។
១៤ ទង្វើបែបនេះប្រហែលមិនមែនជាអំពើបាបទេ ប៉ុន្តែ បើប្រៀបធៀបនឹងជីវិតជារៀងរហូត សកម្មភាពបែបនេះសុទ្ធតែជា‹ការស្លាប់[ឬ«អំពើដែលឥតបានការ»]›។ (ហេព្រើរ ៩:១៤; ខ.ស.) ហេតុអ្វីក៏ការប្រព្រឹត្តបែបនោះត្រូវចាត់ទុកជាអំពើដែលឥតបានការវិញ? ពីព្រោះទង្វើបែបនោះឥតបានការខាងវិញ្ញាណ ពោលគឺ គ្មានប្រយោជន៍អ្វីសោះ។ ការខំដេញតាមរបស់ទាំងនោះ ប្រហែលជាអាចនាំឲ្យយើងស្លាប់ខាងវិញ្ញាណ ដូចពួកគ្រីស្ទានចាក់ប្រេងតាំងខ្លះនៅសម័យពួកសាវ័កបានពិសោធហើយ។ (ភីលីព ៣:១៧-១៩) នេះក៏បានកើតឡើងដល់បងប្អូនខ្លះរបស់យើងនៅសម័យនេះដែរ។ ប្រហែលជាអ្នកស្គាល់បងប្អូនខ្លះដែលបានអនុញ្ញាតឲ្យមានអ្វីទាញចិត្តបង្វែរអារម្មណ៍ចេញពីក្រុមជំនុំនិងកិច្ចការរបស់ពួកគ្រីស្ទាន។ សព្វថ្ងៃនេះពួកគេលែងមានចិត្តចង់ត្រឡប់មកចូលរួមកិច្ចបម្រើព្រះយេហូវ៉ាហើយ។ យើងចេះតែសង្ឃឹមថា បងប្អូនទាំងនោះនឹងត្រឡប់មកបម្រើព្រះយេហូវ៉ាម្ដងទៀត ប៉ុន្តែតាមការពិត ការដេញតាម‹អំពើដែលឥតបានការ›អាចនាំឲ្យព្រះយេហូវ៉ាលែងសព្វព្រះហឫទ័យនិងឈប់ប្រទានពរលើអ្នកទាំងនោះ។ ការធ្លាក់ចុះក្នុងស្ថានភាពបែបនោះពិតជាអ្វីដ៏គួរឲ្យសោកស្ដាយមែន ដ្បិតអ្នកនោះលែងមានអំណរនិងសេចក្ដីសុខសាន្ត ដែលជាផលផ្លែនៃវិញ្ញាណរបស់ព្រះ។ សូមគិតទៅមើលដែរថា អ្នកទាំងនោះលែងទទួលភាពកក់ក្ដៅដែលមានក្នុងភាតរភាពគ្រីស្ទានរបស់យើងហើយ។—កាឡាទី ១:៦; ៥:៧, ១៣, ២២-២៤
១៥. តើហាកាយ ២:១៤ បង្ហាញយ៉ាងណាថាការថ្វាយបង្គំជារឿងធ្ងន់ធ្ងរ?
១៥ នេះជារឿងធ្ងន់ធ្ងរមែន។ សូមកត់សម្គាល់នូវអ្វីដែលចែងទុកក្នុងសៀវភៅហាកាយដែលបង្ហាញអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពួកយូដាដែលមិនបានយកចិត្តទុកដាក់ចំពោះទីកន្លែងថ្វាយបង្គំទ្រង់ ដោយព្រោះចេះតែគិតអំពីការតាក់តែងផ្ទះរបស់ខ្លួនគេវិញ មិនថាពួកគេបានធ្វើដូច្នេះមែនទែនឬក្នុងន័យជាអត្ថបដិរូបក៏ដោយ។ ហាកាយ ២:១៤ រៀបរាប់ថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ៖ ‹បណ្ដាជននេះនឹងសាសន៍នេះក៏ដូច្នោះនៅចំពោះអញដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ នឹងដង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នាផង›»។ ដរាបណាដែលពួកយូដាប្រព្រឹត្តដោយរបៀបធ្វេសប្រហែសចំពោះការថ្វាយបង្គំពិត ដរាបនោះឯងព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះតង្វាយណាក៏ដោយដែលពួកគេថ្វាយលើអាសនៈដែលបានសង់ជាបណ្ដោះអាសន្ននៅទីក្រុងយេរូសាឡិម។—អែសរ៉ា ៣:៣
ព្រះយេហូវ៉ាធានាគាំទ្រពួកអ្នកថ្វាយបង្គំទ្រង់
១៦. ដោយផ្អែកលើចក្ខុនិមិត្តទាំងប៉ុន្មានដែលសាការីបានទទួលនោះ តើពួកយូដាអាចមានជំនឿជឿជាក់យ៉ាងណា?
១៦ តាមរយៈចក្ខុនិមិត្តទាំង៨ដែលសាការីទទួលនោះ ព្រះយេហូវ៉ាធានាថាទ្រង់នឹងគាំទ្រពួកយូដាដែលស្ដាប់បង្គាប់ទ្រង់ដោយកសាងព្រះវិហារឡើងវិញ។ ចក្ខុនិមិត្តទីមួយធានាអំពីការបង្ហើយកិច្ចការកសាងព្រះវិហារ ដោយថាក្រុងយេរូសាឡិមនិងស្រុកយូដាទាំងមូលនឹងមានភាពចម្រុងចម្រើនឲ្យតែពួកយូដាបន្តធ្វើការនោះ។ (សាការី ១:៨-១៧) ចក្ខុនិមិត្តទីពីរបានសន្យាថា អស់ទាំងរដ្ឋាភិបាលដែលប្រឆាំងនឹងការថ្វាយបង្គំពិតត្រូវរលំ។ (សាការី ១:១៨-២១) ចក្ខុនិមិត្តឯទៀតបានធានាថា ព្រះយេហូវ៉ានឹងការពារពួកអ្នកដែលធ្វើការសំណង់ទាំងនោះ ហើយថាមនុស្សជាច្រើនពីសាសន៍ផ្សេងៗនឹងចូលមកឯទីកន្លែងថ្វាយបង្គំព្រះយេហូវ៉ាដែលបានកសាងឡើងវិញហើយ។ ក៏មានការធានាថាប្រជាជននឹងមានសន្ដិភាពនិងសន្ដិសុខពិត នឹងយកឈ្នះលើឧបសគ្គដែលមើលទៅហាក់ដូចជាមិនអាចឈ្នះបាន។ ព្រះយេហូវ៉ាក៏សន្យាបំបាត់ចោលអំពើអាក្រក់ជួជាតិ ព្រមទាំងចាត់ពួកទេវតាឲ្យមកការពារនិងត្រួតពិនិត្យពួកគេ។ (សាការី ២:៥, ១១; ៣:១០; ៤:៧; ៥:៦-១១; ៦:១-៨) ដោយមានការធានាជាច្រើនដល់ម្ល៉េះ ថាព្រះយេហូវ៉ានឹងគាំទ្រពួកយូដា អ្នកអាចយល់នូវមូលហេតុដែលពួកអ្នកស្ដាប់បង្គាប់នោះសុខចិត្តកែប្រែគន្លងជីវិតដោយប្រមូលអារម្មណ៍លើកិច្ចការសំខាន់ ហើយនេះជាហេតុដែលព្រះបានរំដោះពួកគេ។
១៧. ដោយសារមានការធានាពីព្រះ តើយើងគួរសួរខ្លួនឯងសំណួរអ្វីខ្លះ?
១៧ ស្រដៀងគ្នាដែរ ការធានារ៉ាប់រងថាការថ្វាយបង្គំពិតនឹងមានជ័យជំនះផ្ដាច់ព្រ័ត្រគួរជំរុញយើងឲ្យមានសកម្មភាពដែរ ទាំងជំរុញយើងឲ្យយកចិត្តទុកដាក់ចំពោះទីកន្លែងថ្វាយបង្គំព្រះយេហូវ៉ា។ សូមសួរខ្លួនឯងថា៖ ‹បើខ្ញុំជឿថានេះជាគ្រាដែលយើងគួរធ្វើកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះនិងគួរបញ្ចុះបញ្ចូលឲ្យមានសិស្ស តើគោលដៅនិងរបៀបរស់នៅរបស់ខ្ញុំបង្ហាញពីជំនឿស៊ប់នេះឬទេ? តើខ្ញុំចំណាយពេលគ្រប់គ្រាន់ក្នុងការសិក្សាទំនាយផ្សេងៗក្នុងព្រះបន្ទូលរបស់ព្រះ ទាំងយកចិត្តទុកដាក់ចំពោះបន្ទូលទ្រង់ដោយពិភាក្សារឿងនេះជាមួយនឹងបងប្អូនគ្នីគ្នាហើយជាមួយមនុស្សឯទៀតដែលខ្ញុំជួបឬទេ?›។
១៨. យោងទៅតាមសាការីជំពូក១៤ តើមានព្រឹត្ដិការណ៍អ្វីខ្លះនៅខាងមុខ?
១៨ សាការីបានសំដៅទៅលើការបំផ្លាញចោលទីក្រុងបាប៊ីឡូនដ៏ធំ សាការី ១៤:៧, ១៦-១៩; ព.ថ.) នេះជាការធានាដ៏អស្ចារ្យណាស់! យើងនឹងពិសោធដោយផ្ទាល់នូវអ្វីដែលបានទាយទុកជាមុននោះ ហើយនឹងឃើញការដែលលើកតម្កើងព្រះយេហូវ៉ាជាព្រះដែលមានសិទ្ធិគ្រប់គ្រងមែន។ ថ្ងៃនោះពិតជាថ្ងៃដ៏ពិសេសមួយដែលជារបស់ផងព្រះយេហូវ៉ា!
និងសង្គ្រាមអើម៉ាគេដូនដែលត្រូវមានជាបន្ទាប់។ យើងអានថា៖ «ថ្ងៃនោះនឹងបានជាថ្ងៃ១ដែលព្រះយេហូវ៉ាទ្រង់ស្គាល់[ឬ«ដែលត្រូវគេស្គាល់ជាថ្ងៃរបស់ព្រះយេហូវ៉ា»] មិនមែនជាថ្ងៃក៏មិនមែនជាយប់ ប៉ុន្តែលុះដល់ពេលព្រលប់នោះនឹងមានពន្លឺវិញ»។ ត្រូវមែន ថ្ងៃរបស់ព្រះយេហូវ៉ាពិតជានឹងមានលក្ខណៈងងឹតហើយត្រជាក់ចំពោះពួកសត្រូវទ្រង់ដែលរស់នៅលើផែនដីនេះ! ប៉ុន្តែនៅថ្ងៃនោះ ពួកអ្នកស្មោះភក្ដីដែលថ្វាយបង្គំព្រះយេហូវ៉ានឹងស្ថិតក្នុងភាពភ្លឺស្វាងជាពួកអ្នកដែលផ្គាប់ព្រះហឫទ័យទ្រង់។ សាការីក៏បានពណ៌នាថា អ្វីៗទាំងអស់ក្នុងពិភពលោកថ្មីនោះនឹងលើកតម្កើងភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា។ នៅគ្រានោះ នឹងមានការថ្វាយបង្គំតែមួយគត់នៅលើផែនដី គឺការថ្វាយបង្គំពិតនៅឯព្រះវិហារដ៏ឧត្តមខាងវិញ្ញាណរបស់ព្រះយេហូវ៉ា។ (ព្រះយេហូវ៉ាប្រទានពរជារៀងរហូត
១៩, ២០. តើមានចំណុចអ្វីខ្លះក្នុងសាការី ១៤:៨, ៩ ដែលលើកទឹកចិត្តអ្នក?
១៩ ពេលការដ៏អស្ចារ្យនោះត្រូវសម្រេច សាតាំងនិងពួកបិសាចរបស់វាត្រូវឃុំជាប់ក្នុងជង្ហុកធំដែលសំដៅទៅលើគ្រាដែលពួកវាឥតមានសកម្មភាពសោះ។ (វិវរណៈ ២០:១-៣, ៧) រួចមកក្នុងកំលុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ ត្រូវមានពរជាច្រើនហូរមកដែរ។ សាការី ១៤:៨, ៩ រៀបរាប់ថា៖ «នៅថ្ងៃនោះនឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្ដាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច។ ទោះទាំងរដូវក្ដៅនឹងរដូវរងាក៏នឹងមានដូច្នោះដែរ។ ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល។ នៅថ្ងៃនោះនឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ»។
២០ «ទឹករស់»ឬ«ទន្លេទឹកជីវិត»នោះតំណាងនូវសំវិធានការផ្សេងៗរបស់ព្រះយេហូវ៉ាដើម្បីផ្ដល់ជីវិត ហើយទឹកនោះត្រូវហូរឥតឈប់ឈរពីព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ (វិវរណៈ ២២:១, ២) អ្នកថ្វាយបង្គំព្រះយេហូវ៉ាមួយហ្វូងយ៉ាងធំនឹងរួចរស់ជីវិតពីសង្គ្រាមអើម៉ាគេដូន ហើយនឹងទទួលប្រយោជន៍ថែមទៀតពេលត្រូវប្រោសឲ្យរួចពីទោសដែលឆ្លងមកពីអ័ដាម ពោលគឺ សេចក្ដីស្លាប់។ សូម្បីតែមនុស្សដែលបានស្លាប់ពីមុនក៏នឹងទទួលប្រយោជន៍ដែរ ដោយត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញ។ ចាប់ពីពេលនោះតទៅ ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានៅលើផែនដីនេះត្រូវមានលក្ខណៈថ្មី។ មនុស្សទូទាំងពិភពលោកនឹងទទួលស្គាល់ព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក គឺព្រះតែមួយអង្គដែលយើងត្រូវថ្វាយបង្គំ។
២១. តើយើងគួរតាំងចិត្តធ្វើអ្វី?
២១ ដោយដឹងអំពីអ្វីៗដែលហាកាយនិងសាការីបានទាយប្រាប់ និងអ្វីៗដែលបានសម្រេចរួចហើយ យើងមានមូលហេតុជាក់ច្បាស់ឲ្យឈានទៅមុខក្នុងកិច្ចការដែលព្រះយេហូវ៉ាបង្គាប់ឲ្យយើងធ្វើនៅលើផែនដីនេះដែលប្រៀបដូចជាទីធ្លានៃព្រះវិហារខាងវិញ្ញាណរបស់ទ្រង់។ ទំរាំដល់ពេលដែលការថ្វាយបង្គំពិតនឹងរៀបចំឲ្យបានសព្វគ្រប់នោះ ចូរឲ្យយើងរាល់គ្នាខិតខំប្រមូលអារម្មណ៍លើកិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះទុកជាអាទិភាពក្នុងជីវិតយើង។ សាការី ៨:៩ ដាស់តឿនយើងថា៖ «ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ! គឺឯងដែលសព្វថ្ងៃនេះឮពាក្យទាំងប៉ុន្មានពីមាត់ពួកហោរា»។
តើអ្នកចាំទេ?
• តើសៀវភៅហាកាយនិងសាការីរៀបរាប់អំពីព្រឹត្ដិការណ៍អ្វីខ្លះពីបុរាណដែលប្រហាក់ប្រហែលនឹងព្រឹត្ដិការណ៍នៅសម័យយើងនេះ?
• តើសៀវភៅហាកាយនិងសាការីមានមេរៀនអ្វីស្តីអំពីអ្វីដែលយើងគួរចាត់ទុកជាអាទិភាព?
• តើសៀវភៅហាកាយនិងសាការីផ្ដល់មូលហេតុអ្វីឲ្យយើងមានសេចក្ដីសង្ឃឹមចំពោះពេលអនាគត?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ហាកាយនិងសាការីបានលើកទឹកចិត្តពួកយូដា ឲ្យធ្វើការអស់ពីចិត្តដើម្បីបានទទួលពរ
[រូបភាពនៅទំព័រ១៦]
តើអ្នក«គិតតែខ្នះខ្នែងពីរឿងផ្ទះសំបែងរបស់ខ្លួន»ឬទេ?
[រូបភាពនៅទំព័រ១៧]
ព្រះយេហូវ៉ាបានសន្យាថានឹងប្រទានពរឲ្យគេ ហើយទ្រង់បានធ្វើដូច្នេះមែន!