លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចេះរៀបរាប់ពីអ្វីក្នុងចិត្ដទេ?

តើអ្នកចេះរៀបរាប់ពីអ្វីក្នុងចិត្ដទេ?

តើ​អ្នក​ចេះ​រៀប​រាប់​ពី​អ្វី​ក្នុង​ចិត្ត​ទេ?

​«អក្ខ​រា​ថ្លែង​ពី​ក្ដី​ស្នេហ៍​ដោយ​បុរស​អាយុ​៦០​ឆ្នាំ​ម្នាក់»។ នោះ​គឺ​ជា​ឈ្មោះ​នៃ​កម្មវិធី​ប្រឡង​សរសេរ​សំបុត្រ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ធនាគារ​មួយ​នៅ​ប្រទេស​ជប៉ុន ពីរបី​ឆ្នាំ​មុន។ កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ជនជាតិ​ជប៉ុន​ក្នុង​អាយុ​ខ្ទង់​៥០​ទៅ​៧០​ឆ្នាំ ឲ្យ​រៀប​រាប់​អំពី​«អារម្មណ៍​ដ៏​ស្មោះ»​របស់​ពួក​គាត់​ចំពោះ​គូ​រៀងៗ​ខ្លួន។ មាន​បេក្ខជន​ម្នាក់​បាន​សរសេរ​ជូន​ប្រពន្ធ​គាត់​ថា​៖ «អ្នក​ប្រហែល​ជា​អស់​សំណើច ប៉ុន្តែ ខ្ញុំ​នឹង​សោក​ស្ដាយ​បើ​ខ្ញុំ​មិន​បាន​ពោល​ពាក្យ​ទាំង​នោះ ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ពី​អារម្មណ៍​ដ៏​ស្មោះ​របស់​ខ្ញុំ​យ៉ាង​ច្បាស់ អរគុណ​ណាស់​ដែល​ព្រម​រៀប​ការ​ជា​មួយ​ខ្ញុំ»។

នៅ​ប្រទេស​មួយ​ចំនួន​រួម​បញ្ចូល​ប្រទេស​ខ្លះ​នា​ភូមិភាគ​អាស៊ី ការ​រៀប​រាប់​ពី​អារម្មណ៍​ខ្លួន ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្វី​ដែល​មិន​គួរ​ធ្វើ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​ប្រទេស​ជប៉ុន មាន​ជាង​១៥​.​០០០​នាក់​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រឡង​សរសេរ​សំបុត្រ​ថ្លែង​ពី​ក្ដី​ស្នេហ៍។ ដោយ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ម្ដង​ទៀត ហើយ​មាន​សៀវភៅ​ជា​ច្រើន​ក្បាល​បាន​បោះ​ពុម្ព​ផ្សាយ​ជា​សាធារណៈ​ដោយ​ផ្អែក​លើ​សំបុត្រ​ទាំង​នោះ។ នេះ​បង្ហាញ​ថា មនុស្ស​ច្រើន​នាក់​ចង់​រៀប​រាប់​ពី​អ្វី​ក្នុង​ចិត្ត​ចំពោះ​គូ​គាប់​របស់​ខ្លួន​ខ្លាំង​ណាស់។ ក៏​ប៉ុន្តែ អ្នក​ឯ​ទៀត​មិន​ហ៊ាន​ធ្វើ​ដូច្នោះ​ឡើយ។ ហេតុ​អ្វី? ប្រហែល​ជា​ដោយ​ហេតុ​ថា ពួក​គាត់​ត្រូវ​តែ​ខំ​ប្រឹងប្រែង និង​ត្រូវ​ប៉ិនប្រសប់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​ជា​គូ​គាប់​យល់​ពី​អារម្មណ៍​របស់​ខ្លួន។

លោក ហ៊ីតូ​ស៊ី កាតូ ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ស្តី​អំពី​ការ​ចូល​និវត្តន៍ មាន​ប្រសាសន៍​ថា ពេល​ដែល​គូ​ស្វាមី​ភរិយា​វ័យ​ចំណាស់​នៅ​ប្រទេស​ជប៉ុន​លែង​លះ​គ្នា​នោះ ច្រើន​តែ​ជា​ភរិយា​ដែល​បាន​ផ្ដើម​គំនិត​មុន ដោយសារ​ពួក​គាត់​បាន​លាក់​ទុក​យូរ​ឆ្នាំ​ពេក​នូវ​ការ​អាក់អន់​ចិត្ត​ដែល​ចាក់​ឫស​សែន​ជ្រៅ។ លោក ហ៊ីតូ​ស៊ី កាតូ បន្ត​ថា​៖ «នេះ​ក៏​ដោយសារ​គូ​ស្វាមី​ភរិយា​មិន​បាន​រៀប​រាប់​ពី​អ្វី​ក្នុង​ចិត្ត​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ដែរ»។

នៅ​ពេល​ចូល​និវត្តន៍ ស្វាមី​មួយ​រូប​ប្រហែល​ជា​ភ្ញាក់ផ្អើល ដោយ​ភរិយា​របស់​គាត់​ជូន​ពាក្យ​បណ្ដឹង​សុំ​លែង​លះ។ គូ​ស្វាមី​ភរិយា​ប្រហែល​ជា​មិន​ដែល​បាន​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ហើយ។ ស្វាមី​និង​ភរិយា​ធ្លាប់​បាន​ខិតខំ​រៀប​រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ដែរ ក៏​ប៉ុន្តែ ពួក​គាត់​មិន​អាច​ជៀស​វាង​ពី​ការ​និយាយ​អំពី​អ្វី​ដែល​នាំ​ឲ្យ​អាក់អន់​ចិត្ត​គ្នា​បាន​ឡើយ។ ដូច្នេះ​ការ​សន្ទនា​បាន​ក្លាយ​ទៅ​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា​វិញ ជាជាង​កសាង​ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ឡើង។

តើ​ស្វាមី​និង​ភរិយា​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្ដិ​វិធី ព្រម​ទាំង​រៀប​រាប់​ពី​អ្វី​ក្នុង​ចិត្ត​ដោយ​អារម្មណ៍​ស្រួល​យ៉ាង​ដូច​ម្ដេច? គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​បំផុត មិន​មែន​មក​ពី​សៀវភៅ​ដែល​ទើប​តែ​សរសេរ​ដោយ​អ្នក​ផ្ដល់​ឱវាទ​ស្តី​ពី​រឿង​អាពាហ៍ពិពាហ៍​ទេ តែ​ពី​សៀវភៅ​ចាស់​បុរាណ​មួយ​ដ៏​មាន​តម្លៃ​បំផុត​អស់​រាប់​សតវត្សរ៍​មក​ហើយ ពោល​គឺ​សៀវភៅ​ព្រះ​គម្ពីរ។