ពួកអ្នកគង្វាលដែលជា«គំរូដល់ហ្វូងចៀម»
ពួកអ្នកគង្វាលដែលជា«គំរូដល់ហ្វូងចៀម»
«ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ! ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត . . . គឺដោយគាប់ចិត្ត . . . ដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀម»។—ពេត្រុសទី១ ៥:២, ៣
១, ២. (ក) តើព្រះយេស៊ូប្រគល់ឲ្យពេត្រុសមានឯកសិទ្ធិអ្វី? ហេតុអ្វីក៏ព្រះយេស៊ូមិនបង់ប្រយោជន៍ដោយទុកចិត្តលើពេត្រុស? (ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពួកអ្នកគង្វាលដែលទ្រង់បានតែងតាំងឡើង?
មុនបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ គ.ស. ពេត្រុសនិងសិស្ស៦នាក់ទៀតរបស់ព្រះយេស៊ូកំពុងតែស្រស់ស្រូបអាហារដែលព្រះយេស៊ូបានរៀបឲ្យពួកគាត់នៅឆ្នេរសមុទ្រកាលីឡេ។ នេះមិនមែនជាលើកទីមួយដែលពេត្រុសឃើញព្រះយេស៊ូដែលបានរស់ឡើងវិញនោះ ហើយគាត់ច្បាស់ជាមានចិត្តរីករាយណាស់ដោយដឹងថាទ្រង់មានព្រះជន្មរស់ម្ដងទៀត។ ប៉ុន្តែ ពេត្រុសប្រហែលជាព្រួយចិត្តបន្ដិចដែរ ដ្បិតប៉ុន្មានថ្ងៃមុននោះ គាត់ប្រកែកនៅមុខមនុស្សឯទៀតថា គាត់មិនស្គាល់ព្រះយេស៊ូទេ។ (លូកា ២២:៥៥-៦០; ២៤:៣៤; យ៉ូហាន ១៨:២៥-២៧; ២១:១-១៤) ទោះជាពេត្រុសបានប្រែចិត្តក៏ដោយ តើព្រះយេស៊ូនៅតែមានបំណងស្តីបន្ទោសគាត់ទៀតដោយព្រោះគាត់មិនបានបង្ហាញចិត្តស្មោះត្រង់ពីមុននោះ? ព្រះយេស៊ូមិនស្តីបន្ទោសពេត្រុសទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូប្រគល់ឲ្យពេត្រុសមានឯកសិទ្ធិផ្ដល់ចំណីឲ្យ«កូនចៀម»របស់ទ្រង់ហើយឃ្វាលពួកគេផង។ (យ៉ូហាន ២១:១៥-១៧) កំណត់ហេតុក្នុងព្រះគម្ពីរអំពីប្រវត្ដិក្រុមជំនុំគ្រីស្ទាននៅសតវត្សរ៍ទីមួយបង្ហាញថា ព្រះយេស៊ូមិនបង់ប្រយោជន៍ដោយទុកចិត្តលើពេត្រុសទេ។ ពេត្រុសបានរួមកម្លាំងជាមួយពួកសាវ័កឯទៀតនិងពួកអ្នកចាស់ទុំនៅទីក្រុងយេរូសាឡិម ក្នុងការឃ្វាលក្រុមជំនុំគ្រីស្ទានឲ្យឆ្លងកាត់គ្រាដែលមានទុក្ខលំបាកយ៉ាងខ្លាំង ហើយឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សផង។—កិច្ចការ ១:១៥-២៦; ២:១៤; ១៥:៦-៩
២ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រើព្រះយេស៊ូគ្រីស្ទដើម្បីតែងតាំងបុរសនានាដែលមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យធ្វើកិច្ចការបម្រើជាអ្នកគង្វាលខាងវិញ្ញាណ ដើម្បីនាំមុខចៀមទ្រង់ក្នុងកំលុងគ្រាដ៏លំបាកបំផុតនេះក្នុងប្រវត្ដិសាស្ត្រមនុស្ស។ (អេភេសូរ ៤:១១, ១២; ធីម៉ូថេទី២ ៣:១) តើព្រះយេហូវ៉ាបង់ប្រយោជន៍ដោយទុកចិត្តលើមនុស្សបែបនេះឲ្យធ្វើជាអ្នកគង្វាលឬទេ? ភាពសុខសាន្តក្នុងភាតរភាពគ្រីស្ទានទូទាំងផែនដីបង្ហាញថា ព្រះយេហូវ៉ាមិនបង់ប្រយោជន៍ដោយទុកចិត្តលើបុរសទាំងនេះទេ។ អ្នកគង្វាលទាំងនេះជាមនុស្សដែលចេះធ្វើខុសដូចពេត្រុសដែរ តែព្រះយេហូវ៉ានៅតែទុកចិត្តឲ្យពួកគាត់ថែទាំចៀមដែល«ទ្រង់បានទិញដោយព្រះលោហិត»នៃរាជបុត្រាទ្រង់។ (កិច្ចការ ២០:២៨; កាឡាទី ២:១១-១៤; យ៉ាកុប ៣:២) ព្រះយេហូវ៉ាស្រឡាញ់បុរសទាំងឡាយដែលធ្វើជាអ្នកគង្វាល ហើយទ្រង់ចាត់ទុកពួកគាត់ជាមនុស្សដែល«ត្រូវរាប់ជាគួរនឹងគោរពប្រតិបត្ដិជាទ្វេគុណឡើង»។—ធីម៉ូថេទី១ ៥:១៧
៣. តើអ្វីអាចជួយពួកអ្នកគង្វាលខាងវិញ្ញាណឲ្យគាប់ចិត្តឃ្វាលចៀមដោយស្ម័គ្រពីចិត្ត?
៣ តើអ្វីអាចជួយពួកអ្នកគង្វាលខាងវិញ្ញាណឲ្យគាប់ចិត្តឃ្វាលចៀមដោយស្ម័គ្រពីចិត្តហើយធ្វើជាគំរូដល់ហ្វូងចៀម? ពួកអ្នកចាស់ទុំពឹងផ្អែកលើវិញ្ញាណបរិសុទ្ធរបស់ព្រះដូចពេត្រុសនិងអ្នកគង្វាលឯទៀតបានធ្វើនៅសតវត្សរ៍ទីមួយដែរ។ ការផ្អែកលើវិញ្ញាណរបស់ព្រះផ្ដល់កម្លាំងដែលពួកគាត់ត្រូវការដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ (កូរិនថូសទី២ ៤:៧) វិញ្ញាណបរិសុទ្ធក៏ជួយឲ្យពួកអ្នកគង្វាលបង្កើតផលផ្លែនៃវិញ្ញាណនោះ ពោលគឺ«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព[ឬ«សេចក្ដីសុខសាន្ត»] អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់[ឬ«ជំនឿ»] ស្លូតបូត ហើយដឹងខ្នាត[ឬ«ចេះទប់ចិត្ត»]»។ (កាឡាទី ៥:២២, ២៣; ខ.ស.) សូមយើងពិនិត្យមើលរបៀបផ្សេងៗដែលពួកអ្នកគង្វាលអាចធ្វើជាគំរូក្នុងការបង្ហាញផលផ្លែទាំងនេះពេលឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅជាមួយនឹងពួកគាត់។
ចូរបង្ហាញសេចក្ដីស្រឡាញ់ ចំពោះហ្វូងចៀមព្រមទាំងចៀមនីមួយៗដែរ
៤, ៥. (ក) តើព្រះយេហូវ៉ានិងព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះហ្វូងចៀមដោយរបៀបណា? (ខ) តើពួកអ្នកគង្វាលខាងវិញ្ញាណបង្ហាញសេចក្ដីស្រឡាញ់ចំពោះហ្វូងចៀមដោយរបៀបណាខ្លះ?
៤ សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិចម្បងដែលវិញ្ញាណរបស់ព្រះបង្កើតមក។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់នេះចំពោះហ្វូងចៀមទាំងមូលពេលដែលទ្រង់ផ្ដល់ចំណីអាហារជាបរិបូរខាងវិញ្ញាណ។ (អេសាយ ៦៥:១៣, ១៤; ម៉ាថាយ ២៤:៤៥-៤៧) ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែផ្ដល់ចំណីឲ្យហ្វូងចៀមទាំងមូលទេ តែទ្រង់យកព្រះទ័យទុកដាក់នឹងចៀមនីមួយៗផងដែរ។ (ពេត្រុសទី១ ៥:៦, ៧) ព្រះយេស៊ូក៏ស្រឡាញ់ហ្វូងចៀមដែរ ដ្បិតទ្រង់ស៊ូប្ដូរជីវិតដើម្បីចៀមទ្រង់។ ព្រះយេស៊ូក៏ស្គាល់ចៀម«តាមឈ្មោះវានិមួយៗ»។—យ៉ូហាន ១០:៣, ១៤-១៦
៥ ពួកអ្នកគង្វាលខាងវិញ្ញាណក៏យកតម្រាប់តាមព្រះយេហូវ៉ានិងព្រះយេស៊ូដែរ។ ពួកអ្នកចាស់ទុំបង្ហាញសេចក្ដីស្រឡាញ់ចំពោះហ្វូងចៀមទាំងមូលដោយមានចិត្ត«ឧស្សាហ៍[ក្នុងការ]បង្រៀន»ក្រុមជំនុំ។ ពួកអ្នកចាស់ទុំផ្ដល់ចំណីដល់ហ្វូងចៀមដោយថ្លែងសុន្ទរកថាដែលមានមូលដ្ឋានលើព្រះគម្ពីរ ហើយនេះក៏ជួយការពារពួកចៀមផងដែរ។ បងប្អូនទាំងឡាយអាចឃើញពួកអ្នកគង្វាលធ្វើការនឿយហត់នេះបាន។ (ធីម៉ូថេទី១ ៤:១៣, ១៦) តែពួកអ្នកចាស់ទុំក៏ធ្វើការដែលបងប្អូនមិនឃើញដែរ ពោលគឺសរសេររបាយការណ៍និងសំបុត្រផ្សេងៗ ទាំងរៀបចំតារាងនិងកាលវិភាគនានាដើម្បីឲ្យកិច្ចប្រជុំនិងសកម្មភាពឯទៀតក្នុងក្រុមជំនុំមាន«បែបគួរសម ហើយ[ធ្វើឡើង]ដោយលំដាប់លំដោយផង»។ (កូរិនថូសទី១ ១៤:៤០) ជាធម្មតា បងប្អូនក្នុងក្រុមជំនុំមិនដឹងថាពួកអ្នកចាស់ទុំធ្វើកិច្ចការច្រើននេះទេ ដូច្នេះ ជួនកាលបងប្អូនក៏មិននឹកដល់គុណបំណាច់ពួកគាត់ផងដែរ។ ពួកអ្នកគង្វាលពិតជាបម្រើយើងដោយសេចក្ដីស្រឡាញ់មែន!—កាឡាទី ៥:១៣
៦, ៧. (ក) តើពួកអ្នកគង្វាលអាចស្គាល់ចៀមនីមួយៗកាន់តែច្បាស់ដោយវិធីណា? (ខ) ហេតុអ្វីក៏មានប្រយោជន៍ឲ្យយើងជម្រាបអ្នកចាស់ទុំម្ដងម្កាលពីអារម្មណ៍របស់យើង?
៦ ពួកអ្នកគង្វាលគ្រីស្ទានដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះ ខំរកប្រយោជន៍ឲ្យចៀមនីមួយៗក្នុងក្រុមជំនុំ។ (ភីលីព ២:៤) វិធីម្យ៉ាងដែលពួកអ្នកគង្វាលអាចស្គាល់ចៀមនីមួយៗកាន់តែច្បាស់បាន គឺដោយរួមចំណែកជាមួយពួកគេក្នុងកិច្ចការផ្សព្វផ្សាយ។ ជាច្រើនដងនោះ សិស្សរបស់ព្រះយេស៊ូបានដើរជាមួយនឹងទ្រង់ពេលធ្វើកិច្ចការផ្សព្វផ្សាយ ហើយទ្រង់បានឆ្លៀតឱកាសនោះដើម្បីលើកទឹកចិត្តពួកគេ។ (លូកា ៨:១) បងប្រុសម្នាក់ដែលមានបទពិសោធន៍ជាអ្នកគង្វាលគ្រីស្ទានច្រើនឆ្នាំហើយ មានប្រសាសន៍ថា៖ «ខ្ញុំឃើញថា វិធីមួយដ៏ល្អបំផុតដើម្បីស្គាល់និងលើកទឹកចិត្តបងប្អូន គឺដោយចូលរួមកិច្ចបម្រើផ្សាយជាមួយនឹងគាត់»។ បើអ្នកមិនបានផ្សព្វផ្សាយជាមួយអ្នកចាស់ទុំណាម្នាក់ជាយូរមកហើយ សូមណាត់ពេលជាមួយគាត់នៅពេលឆាប់ៗនេះចុះ!
៧ សេចក្ដីស្រឡាញ់បានជំរុញព្រះយេស៊ូឲ្យរួមសុខទុក្ខជាមួយពួកអ្នកដែលកាន់តាមទ្រង់។ ជាឧទាហរណ៍ សិស្ស៧០នាក់របស់ព្រះយេស៊ូមានអំណរពេលត្រឡប់មកពីការផ្សព្វផ្សាយ ដូច្នេះទ្រង់ក៏មានព្រះទ័យ«រីករាយ»ដែរ។ (លូកា ១០:១៧-២១) ក៏ប៉ុន្តែ ពេលព្រះយេស៊ូឃើញទុក្ខសោករបស់នាងម៉ារានិងបងប្អូនញាតិមិត្តឯទៀតដោយសារឡាសារបានស្លាប់នោះ «ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង»ដែរ។ (យ៉ូហាន ១១:៣៣-៣៥) ដូចគ្នាដែរ ពួកអ្នកគង្វាលនៅសព្វថ្ងៃនេះដែលយកចិត្តទុកដាក់ពួកចៀមក៏រួមសុខទុក្ខជាមួយពួកគេផង។ សេចក្ដីស្រឡាញ់ជំរុញឲ្យពួកអ្នកចាស់ទុំ«អរសប្បាយជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ»។ (រ៉ូម ១២:១៥) មិនថាអ្នកមានអំណរឬកំពុងសោកសង្រេងក្ដី ចូរប្រាប់អ្នកគង្វាលគ្រីស្ទានដោយសេរីចុះ! ពេលគាត់ឮថា អ្នកមានអំណរ នេះក៏លើកទឹកចិត្តគាត់ផងដែរ។ (រ៉ូម ១:១១, ១២) តែពេលគាត់ឮថា អ្នកកំពុងតែកើតទុក្ខមានលំបាក នោះគាត់អាចជួយសម្រាលទុក្ខនិងពង្រឹងកម្លាំងអ្នកបាន។—ថែស្សាឡូនីចទី១ ១:៦; ៣:១-៣
៨, ៩. (ក) តើអ្នកចាស់ទុំម្នាក់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះភរិយាដោយរបៀបណា? (ខ) តើការបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសាររបស់ខ្លួនមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ពួកអ្នកគង្វាល?
៨ សេចក្ដីស្រឡាញ់របស់អ្នកគង្វាលចំពោះហ្វូងចៀមត្រូវសឲ្យឃើញយ៉ាងច្បាស់ដោយរបៀបដែលគាត់ប្រព្រឹត្តលើក្រុមគ្រួសាររបស់ខ្លួន។ (ធីម៉ូថេទី១ ៣:១, ៤) បើអ្នកចាស់ទុំមានភរិយា គាត់ទុកគំរូឲ្យបុរសឯទៀតធ្វើតាមដោយបង្ហាញសេចក្ដីស្រឡាញ់និងរាប់អានឬលើកកិត្ដិយសភរិយា។ (អេភេសូរ ៥:២៥; ពេត្រុសទី១ ៣:៧) សូមគិតអំពីអ្វីដែលភរិយាគ្រីស្ទានម្នាក់ឈ្មោះលីនដា ប្រាប់អំពីស្វាមីខ្លួនដែលបានបម្រើជាអ្នកចាស់ទុំជាង២០ឆ្នាំមុនគាត់ស្លាប់។ បងស្រីមានប្រសាសន៍ថា៖ «ស្វាមីខ្ញុំតែងតែរវល់បម្រើក្រុមជំនុំ តែគាត់ធ្វើឲ្យខ្ញុំដឹងថា ខ្ញុំជាអ្នករួមកម្លាំងជាមួយនឹងគាត់។ ម្ដងហើយម្ដងទៀតគាត់អរគុណខ្ញុំជាអ្នកជួយគាំទ្រគាត់ ហើយពេលមានទំនេរ គាត់តែងចំណាយពេលនោះជាមួយនឹងខ្ញុំ។ ជាលទ្ធផល ខ្ញុំដឹងថាគាត់ស្រឡាញ់ខ្ញុំមែន ហើយខ្ញុំមិនដែលមានចិត្តច្រណែនដោយសារគាត់ចំណាយពេលច្រើនក្នុងការបម្រើក្រុមជំនុំទេ»។
៩ បើអ្នកគង្វាលគ្រីស្ទានមានកូន គាត់ក៏ទុកគំរូដល់មាតាបិតាឯទៀតក្នុងរបៀបបង្ហាញសេចក្ដីស្រឡាញ់ពេលទូន្មាននិងសរសើរកូន។ (អេភេសូរ ៦:៤) តាមពិត ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសាររបស់ខ្លួនជាទីសំអាងថាគាត់កំពុងតែរស់សមស្របទៅតាមតម្រូវការចំពោះពួកអ្នកចាស់ទុំដែលត្រូវតែងតាំងដោយវិញ្ញាណបរិសុទ្ធ។—ធីម៉ូថេទី១ ៣:៤, ៥
ចូរបង្កើតឲ្យមានអំណរអរនិងសេចក្ដីសុខសាន្ត ដោយពិភាក្សាគ្នា
១០. (ក) តើអ្វីអាចបង្ខូចភាពសុខសាន្តនិងអំណរក្នុងក្រុមជំនុំ? (ខ) នៅសតវត្សរ៍ទីមួយ តើមានរឿងអ្វីហៀបនឹងបង្ខូចភាពសុខសាន្តក្នុងចំណោមក្រុមជំនុំទាំងឡាយ? តើរឿងនោះបានត្រូវដោះស្រាយដោយរបៀបណា?
១០ វិញ្ញាណបរិសុទ្ធអាចនាំឲ្យគ្រីស្ទានម្នាក់ៗមានអំណរអរនិងសេចក្ដីសុខសាន្តក្នុងចិត្ត ទាំងបង្កើតឲ្យក្រុមពួកអ្នកចាស់ទុំនិងបងប្អូនទាំងឡាយក្នុងក្រុមជំនុំមានអំណរនិងភាពសុខសាន្តដែរ។ ក៏ប៉ុន្តែ ការមិនប្រាស្រ័យទាក់ទងគ្នាដោយស្រួលអាចបង្ខូចភាពសុខសាន្តនិងអំណរអរនោះ។ ស្តេចសាឡូម៉ូនពីបុរាណបានកត់សម្គាល់ថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ»។ (សុភាសិត ១៥:២២) ផ្ទុយទៅវិញ ការពិភាក្សាគ្នាដោយឥតលាក់លៀមហើយដោយបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក ជួយបង្កើតឲ្យមានអំណរនិងសេចក្ដីសុខសាន្តវិញ។ ជាឧទាហរណ៍ នៅសតវត្សរ៍ទីមួយពេលរឿងកាត់ស្បែកហៀបនឹងបង្ខូចភាពសុខសាន្តក្នុងចំណោមក្រុមជំនុំទាំងឡាយ គណៈអភិបាលនៅទីក្រុង យេរូសាឡិមបានរកការណែនាំពីវិញ្ញាណបរិសុទ្ធ។ ពួកអ្នកចាស់ទុំទាំងនោះបានប្រាប់ទស្សនៈខុសៗគ្នារបស់ខ្លួនស្តីអំពីការកាត់ស្បែក។ ពួកគាត់បានជជែកគ្នាជាយូរបន្ដិច ហើយក្រោយមកបានធ្វើការសម្រេចចិត្តមួយ។ ពេលជម្រាបឲ្យក្រុមជំនុំទាំងឡាយដឹងអំពីអ្វីដែលពួកគាត់បានសម្រេចចិត្តដោយព្រមព្រៀងគ្នានោះ បងប្អូនគ្រប់គ្នាមាន«សេចក្ដីរីករាយដោយពាក្យកំសាន្តនោះ»។ (កិច្ចការ ១៥:៦-២៣, ២៥, ៣១; ១៦:៤, ៥) នេះបានជួយបណ្ដុះឲ្យមានអំណរអរនិងសេចក្ដីសុខសាន្ត។
១១. តើពួកអ្នកចាស់ទុំអាចបណ្ដុះឲ្យមានអំណរនិងសេចក្ដីសុខសាន្តក្នុងក្រុមជំនុំដោយធ្វើអ្វី?
១១ ដូចគ្នាដែរនៅសព្វថ្ងៃនេះ ពួកអ្នកគង្វាលបង្កើតឲ្យមានអំណរអរនិងសេចក្ដីសុខសាន្តក្នុងក្រុមជំនុំដោយចេះពិភាក្សាគ្នា។ ពេលមានបញ្ហាណាគំរាមកំហែងដល់សេចក្ដីសុខសាន្តនៃក្រុមជំនុំ ពួកអ្នកចាស់ទុំជួបជាមួយគ្នាហើយប្រាប់ពីអារម្មណ៍របស់ខ្លួនដោយចំហ។ ពួកគាត់ក៏យកចិត្តទុកដាក់ស្ដាប់ទស្សនៈរបស់ពួកអ្នកគង្វាលគ្នីគ្នាដែរ។ (សុភាសិត ១៣:១០; ១៨:១៣) ពួកគាត់អធិស្ឋានសុំវិញ្ញាណបរិសុទ្ធហើយធ្វើការសម្រេចចិត្តដែលផ្អែកលើគោលការណ៍ព្រះគម្ពីរនិងពាក្យណែនាំដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានបោះពុម្ពក្នុងសៀវភៅផ្សេងៗ។ (ម៉ាថាយ ២៤:៤៥-៤៧; កូរិនថូសទី១ ៤:៦) ពេលក្រុមពួកអ្នកចាស់ទុំបានធ្វើការសម្រេចចិត្តស្របទៅតាមព្រះគម្ពីរ នោះពួកគាត់ម្នាក់ៗចុះចូលតាមការណែនាំពីវិញ្ញាណបរិសុទ្ធដោយគាំទ្រការសម្រេចចិត្តនោះ មិនថាខ្លួនឯកភាពនឹងទស្សនៈនោះឬអត់ក៏ដោយ។ ការបង្ហាញចិត្តសុភាពរាបទាបបែបនេះតែងជួយបណ្ដុះឲ្យមានអំណរអរនិងសេចក្ដីសុខសាន្ត ហើយជាគំរូល្អសម្រាប់ពួកចៀមទាំងឡាយអំពីរបៀបដើរជាមួយនឹងព្រះ។ (មីកា ៦:៨) តើអ្នកបង្ហាញចិត្តសុភាពរាបទាបដោយសុខចិត្តធ្វើតាមការសម្រេចចិត្តដែលពួកអ្នកគង្វាលក្នុងក្រុមជំនុំរបស់អ្នកកំពុងតែធ្វើស្របទៅតាមព្រះគម្ពីរដែរឬទេ?
ចូរបង្ហាញចិត្តសុភាពហើយចេះអត់ធ្មត់
១២. ហេតុអ្វីក៏ព្រះយេស៊ូត្រូវមានព្រះទ័យអត់ធ្មត់និងប្រព្រឹត្តដោយសុភាពចំពោះពួកសាវ័កទ្រង់?
១២ ទោះជាពួកសាវ័ករបស់ព្រះយេស៊ូចេះតែធ្វើខុសដដែលៗ ទ្រង់តែងតែមានព្រះទ័យអត់ធ្មត់ហើយប្រព្រឹត្តដោយសុភាពចំពោះពួកគាត់។ ជាឧទាហរណ៍ ព្រះយេស៊ូបានបង្រៀនម្ដងហើយម្ដងទៀតថា ពួកគាត់ត្រូវតែចេះបន្ទាបខ្លួន។ (ម៉ាថាយ ១៨:១-៤; ២០:២៥-២៧) យ៉ាងណាក៏ដោយ នៅរាត្រីចុងបង្អស់ដែលព្រះយេស៊ូគង់នៅលើផែនដីជាមនុស្ស ទ្រង់ទើបតែបានលាងជើងពួកសាវ័កទុកជាមេរៀនអំពីការបន្ទាបខ្លួន ស្រាប់តែ«កើតមានសេចក្ដីទាស់ទែងគ្នាអំពីអ្នកណាដែលរាប់ជាធំជាងគេ»។ (លូកា ២២:២៤; យ៉ូហាន ១៣:១-៥) តើព្រះយេស៊ូស្តីបន្ទោសពួកសាវ័កទេ? អត់ទេ! តែទ្រង់ខំវែកញែកហេតុផលដោយព្រះទ័យសុភាពថា៖ «តើអ្នកណាធំជាង? អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី? ប៉ុន្តែ ខ្ញុំនៅកណ្ដាលពួកអ្នករាល់គ្នាទុកដូចជាអ្នកបំរើវិញ»។ (លូកា ២២:២៧) យូរៗទៅ ព្រះទ័យអត់ធ្មត់សុភាពរាបសារបស់ព្រះយេស៊ូ ព្រមទាំងគំរូដ៏ល្អរបស់ទ្រង់មានឥទ្ធិពលលើចិត្តគំនិតរបស់ពួកសាវ័កទ្រង់។
១៣, ១៤. តើពួកអ្នកគង្វាលត្រូវបង្ហាញចិត្តសុភាពជាពិសេសនៅពេលណា?
១៣ ស្រដៀងគ្នាដែរ អ្នកគង្វាលខាងវិញ្ញាណប្រហែលជាត្រូវជូនឱវាទម្ដងហើយម្ដងទៀតដល់បងប្អូនណាម្នាក់ស្តីអំពីកំហុសរបស់គេ។ អ្នកគង្វាលនេះប្រហែលជាចង់អស់សង្ឃឹមចំពោះអ្នកនោះក៏មិនដឹង។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាស់ទុំនៅតែ‹បន្ទោសដល់អ្នកដែលគ្មានសណ្ដាប់ធ្នាប់›នោះម្ដងទៀត ដោយនឹកចាំថាខ្លួនចេះធ្វើខុសម្ដងម្កាលដែរ។ ដោយធ្វើដូច្នេះ អ្នកគង្វាលកំពុងតែបង្ហាញចិត្តសុភាពដោយចេះអត់ធ្មត់និងអត់ឱនចំពោះបងប្អូន។ យ៉ាងនេះ គាត់យកតម្រាប់តាមព្រះយេស៊ូនិងព្រះយេហូវ៉ាដែលបង្ហាញចិត្តសុភាពដោយចេះអត់ធ្មត់ចំពោះបណ្ដាគ្រីស្ទានទាំងឡាយ រួមទាំងពួកអ្នកគង្វាលផងដែរ។—ថែស្សាឡូនីចទី១ ៥:១៤; យ៉ាកុប ២:១៣
១៤ ជួនកាលពួកអ្នកគង្វាលត្រូវទូន្មានប្រដៅយ៉ាងខ្លាំងនូវបងប្អូនណាដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ។ បើអ្នកនោះមិនព្រមប្រែចិត្តទេ ពួកអ្នកគង្វាលត្រូវបណ្ដេញឬដកអ្នកដែលមានកំហុសធ្ងន់នោះចេញពីក្រុមជំនុំ។ (កូរិនថូសទី១ ៥:១១-១៣) សូម្បីតែក្នុងកាលៈទេសៈបែបនេះក៏ដោយ ពួកអ្នកចាស់ទុំនៅតែប្រព្រឹត្តលើអ្នកមានកំហុសដោយបង្ហាញថា ពួកគាត់ស្អប់នូវអំពើបាបដែលអ្នកនោះប្រព្រឹត្ត មិនមែនស្អប់អ្នកដែលមានកំហុសទេ។ (យូដាស ២៣) ពេលពួកអ្នកគង្វាលបង្ហាញចិត្តសុភាពដូច្នេះ ក្រោយៗមកប្រហែលជាការងាយស្រួលជាងឲ្យចៀមវង្វេងនោះវិលមកឯហ្វូងចៀមវិញ។—លូកា ១៥:១១-២៤
ចិត្តជឿតែងជំរុញឲ្យប្រព្រឹត្តដោយសប្បុរស
១៥. តើពួកអ្នកគង្វាលបង្ហាញសេចក្ដីសប្បុរសដូចព្រះយេហូវ៉ាដោយធ្វើអ្វី? តើអ្វីជំរុញពួកអ្នកចាស់ទុំឲ្យធ្វើការផ្សព្វផ្សាយ?
១៥ «ព្រះយេហូវ៉ាទ្រង់ល្អដល់[ឬ«មានព្រះហឫទ័យសប្បុរសចំពោះ»]មនុស្សទាំងអស់» សូម្បីតែពួកអ្នកដែលមិនដឹងគុណចំពោះអ្វីដែលទ្រង់ធ្វើដើម្បីជាប្រយោជន៍ដល់គេ។ (ទំនុកដំកើង ១៤៥:៩; ខ.ស.; ម៉ាថាយ ៥:៤៥) ព្រះយេហូវ៉ាបង្ហាញព្រះទ័យសប្បុរសយ៉ាងច្បាស់លាស់ ដោយចាត់រាស្ត្រទ្រង់ឲ្យផ្សាយ‹ដំណឹងល្អអំពីនគរ›ដែលជាព្រះរាជាណាចក្ររបស់ទ្រង់។ (ម៉ាថាយ ២៤:១៤) ពួកអ្នកគង្វាលបង្ហាញសេចក្ដីសប្បុរសដូចព្រះយេហូវ៉ាដោយនាំមុខក្នុងកិច្ចការផ្សព្វផ្សាយនេះ។ តើអ្វីជំរុញពួកអ្នកចាស់ទុំឲ្យធ្វើការផ្សព្វផ្សាយដោយឥតចេះនឿយណាយ? ចិត្តដែលជឿដោយស្មោះត្រង់ទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់ទ្រង់ជាអ្វីដែលជំរុញចិត្តពួកអ្នកគង្វាល។—រ៉ូម ១០:១០, ១៣, ១៤
១៦. តើពួកអ្នកគង្វាលអាច«ធ្វើល្អ»ឬបង្ហាញសេចក្ដីសប្បុរសដល់ពួកចៀមដោយរបៀបណា?
១៦ ពួកអ្នកគង្វាលមិនគ្រាន់តែ«ធ្វើល្អដល់មនុស្សទាំងអស់»ដោយផ្សព្វផ្សាយប៉ុណ្ណោះទេ តែពួកគាត់ក៏មានភារកិច្ចធ្វើល្អឬបង្ហាញសេចក្ដីសប្បុរសជាពិសេស«ដល់ពួកអ្នកជឿ»ដែរ។ (កាឡាទី ៦:១០) វិធីម្យ៉ាងដែលពួកអ្នកគង្វាលធ្វើល្អដល់ពួកអ្នកជឿ គឺដោយឃ្វាលហ្វូងចៀមដោយជួបជាមួយបងប្អូនម្នាក់ៗដើម្បីលើកទឹកចិត្តពួកគេ។ អ្នកចាស់ទុំម្នាក់មានប្រសាសន៍ថា៖ «ខ្ញុំចូលចិត្តឃ្វាលពួកចៀមដោយជួបជាមួយបងប្អូនម្នាក់ៗ។ ការជួបជាមួយបងប្អូនយ៉ាងនេះហុចឱកាសឲ្យខ្ញុំសរសើរបងប្អូនដែលខំព្យាយាមជានិច្ច ទាំងប្រាប់ឲ្យគាត់ដឹងថាយើងអបអរនឹងការនឿយហត់របស់គាត់»។ ម្ដងម្កាលពួកអ្នកគង្វាលជូនយោបល់អំពីរបៀបដែលបងប្អូនអាចបម្រើព្រះយេហូវ៉ាកាន់តែប្រសើរឡើង។ ពួកអ្នកគង្វាលបង្ហាញថាខ្លួនមានប្រាជ្ញាពេលធ្វើដូច្នេះ ដោយធ្វើតាមគំរូរបស់សាវ័កប៉ុល។ សូមគិតអំពីរបៀបដែលប៉ុលនិយាយដើម្បីមានអានុភាពលើចិត្តគំនិតរបស់បងប្អូននៅទីក្រុងថែស្សាឡូនីច។ ប៉ុលមានប្រសាសន៍ថា៖ «យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្ដីដែលយើងខ្ញុំបានផ្ដាំទុកដែរ»។ (ថែស្សាឡូនីចទី២ ៣:៤) ការប្រាប់បងប្អូនថា យើងទុកចិត្តថាគាត់មានចេតនាល្អនោះ តែងជំរុញចិត្តគាត់ឲ្យចង់ធ្វើល្អតទៅទៀត ហើយក៏ទាញអារម្មណ៍គាត់ឲ្យចង់‹ស្ដាប់តាមពួកអ្នកដែលកំពុងតែនាំមុខ›។ (ហេព្រើរ ១៣:១៧) ពេលអ្នកគង្វាលទៅជួបនិងលើកទឹកចិត្តអ្នក គួរគប្បីឲ្យអ្នកបង្ហាញចិត្តកតញ្ញូចំពោះគាត់មែន!
ភាពស្លូតបូតអាស្រ័យលើការចេះទប់ចិត្ត
១៧. តើពេត្រុសបានទាញយកមេរៀនអ្វីពីព្រះយេស៊ូ?
១៧ ព្រះយេស៊ូមានព្រះទ័យស្លូតបូតជានិច្ច សូម្បីតែពេលដែលមានហេតុបង្ហាញសេចក្ដីខ្ញាល់ក៏ដោយ។ (ម៉ាថាយ ១១:២៩) ព្រះយេស៊ូបានបង្ហាញព្រះទ័យស្លូតបូតដោយចេះទប់ចិត្តយ៉ាងខ្លាំង ពេលបានត្រូវក្បត់ហើយមានគេមកចាប់ទ្រង់។ រីឯពេត្រុស គាត់មិនបានគិតមុខគិតក្រោយទេ ដូច្នេះគាត់បានហូតដាវដើម្បីតបតវិញ។ ប៉ុន្តែ ព្រះយេស៊ូរំលឹកគាត់ថា៖ «តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កងមកខ្ញុំជា១រំពេចទេឬអី?»។ (ម៉ាថាយ ២៦:៥១-៥៣; យ៉ូហាន ១៨:១០) ពេត្រុសបានទាញយកមេរៀនពីព្រឹត្ដិការណ៍នោះ ហើយប៉ុន្មានឆ្នាំក្រោយមកបានរំលឹកពួកគ្រីស្ទានថា៖ «ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់។ . . . កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ។ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ»។—ពេត្រុសទី១ ២:២១-២៣
១៨, ១៩. (ក) តើពួកអ្នកគង្វាលត្រូវបង្ហាញចិត្តស្លូតបូតដោយចេះទប់ចិត្តជាពិសេសនៅពេលណា? (ខ) ក្នុងអត្ថបទជាបន្ទាប់ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
១៨ ដូចគ្នាដែរ ពួកអ្នកដែលឃ្វាលចៀមដោយប្រសិទ្ធភាពតែងតែបង្ហាញភាពស្លូតបូត សូម្បីតែពេលអ្នកដទៃប្រព្រឹត្តមិនល្អលើគាត់ក៏ដោយ។ ជាឧទាហរណ៍ ពេលពួកអ្នកចាស់ទុំខំជួយបងប្អូនខ្លះក្នុងក្រុមជំនុំ អ្នកទាំងនោះប្រហែលជាមានប្រតិកម្ម។ បើអ្នកដែលត្រូវការជំនួយនោះបានរងគ្រោះថ្នាក់ឬឈឺខាងវិញ្ញាណ គេប្រហែលជា«ពោលពាក្យឥតបើគិតដូចជាចាក់ដោយដាវ»ពេលទទួលដំបូន្មាន។ (សុភាសិត ១២:១៨) យ៉ាងណាក៏ដោយ ពួកអ្នកគង្វាលដែលមានលក្ខណៈដូចព្រះយេស៊ូមិនតបតដោយប្រើពាក្យអាក្រក់ឬប្រព្រឹត្តហាក់ដូចជាចង់សងសឹកទេ។ ផ្ទុយទៅវិញ ពួកអ្នកគង្វាលចេះទប់ចិត្តហើយបង្ហាញចិត្តអាណិតអាសូរដែលប្រហែលជាអាចជួយអ្នកដែលត្រូវការជំនួយនោះ។ (ពេត្រុសទី១ ៣:៨, ៩) ចុះអ្នកវិញ ពេលទទួលឱវាទ តើអ្នកខំធ្វើតាមគំរូរបស់ពួកអ្នកចាស់ទុំដោយទប់ចិត្តនិងបង្ហាញភាពស្លូតបូតឬទេ?
១៩ គ្មានការសង្ស័យអ្វីឡើយ ថាព្រះយេហូវ៉ានិងព្រះយេស៊ូសព្វព្រះហឫទ័យចំពោះពួកអ្នកគង្វាលរាប់ពាន់នាក់ដែលខំធ្វើកិច្ចការមើលថែរក្សាយ៉ាងស្ម័គ្រអស់ពីចិត្តនូវហ្វូងចៀមដែលមានទូទាំងពិភពលោកនេះ។ ព្រះយេហូវ៉ានិងរាជបុត្រាទ្រង់ក៏ស្រឡាញ់ពួកអ្នកងារជំនួយរាប់ពាន់នាក់ដែលគាំទ្រពួកអ្នកចាស់ទុំក្នុងការ«បំរើពួកបរិសុទ្ធ»។ (ហេព្រើរ ៦:១០) បើដូច្នេះ ហេតុអ្វីក៏បងប្អូនប្រុសៗខ្លះមិនចង់រួមចំណែកក្នុង«ការល្អប្រសើរ»នេះ ទោះជាបានធ្វើបុណ្យជ្រមុជទឹកហើយក៏ដោយ? (ធីម៉ូថេទី១ ៣:១) ហើយតើព្រះយេហូវ៉ាបង្វឹកបង្វឺនពួកអ្នកដែលទ្រង់តែងតាំងជាអ្នកគង្វាលដោយរបៀបណា? យើងនឹងឆ្លើយសំណួរទាំងនេះក្នុងអត្ថបទជាបន្ទាប់។
តើអ្នកចាំទេ?
• តើពួកអ្នកគង្វាលបង្ហាញសេចក្ដីស្រឡាញ់ចំពោះហ្វូងចៀមដោយរបៀបណាខ្លះ?
• តើបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំអាចបណ្ដុះឲ្យមានអំណរនិងភាពសុខសាន្តដោយធ្វើអ្វី?
• ហេតុអ្វីក៏ពួកអ្នកគង្វាលបង្ហាញចិត្តសុភាពដោយចេះអត់ធ្មត់ពេលជូនឱវាទ?
• តើពួកអ្នកគង្វាលបង្ហាញសេចក្ដីសប្បុរសនិងជំនឿដោយធ្វើអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៩]
សេចក្ដីស្រឡាញ់ជំរុញពួកអ្នកចាស់ទុំឲ្យបម្រើក្រុមជំនុំ
[រូបភាពនៅទំព័រ១៩]
ពួកអ្នកចាស់ទុំចំណាយពេលជាមួយក្រុមគ្រួសាររបស់ខ្លួនក្នុងការកម្សាន្តលំហែចិត្តកាយ . . .
. . . ហើយក្នុងកិច្ចការផ្សព្វផ្សាយ
[រូបភាពនៅទំព័រ២០]
ពួកអ្នកចាស់ទុំបង្កើតឲ្យមានអំណរនិងភាពសុខសាន្តក្នុងក្រុមជំនុំដោយចេះពិភាក្សាគ្នា