លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីមួយ

គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីមួយ

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ទំនុកដំកើង ប៉ែក​ទី​មួយ

បើ​ត្រូវ​ជ្រើសរើស​ចំណង​ជើង​សម្រាប់​សៀវភៅ​មួយ​ក្នុង​ព្រះ​គម្ពីរ​ដែល​ច្រើន​តែ​ជា​បទ​ចម្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង តើ​គួរ​នឹង​ដាក់​ឈ្មោះ​អ្វី? ឈ្មោះ​ទំនុកដំកើង​ជា​ឈ្មោះ​គួរ​សម​ណាស់! សៀវភៅ​ទំនុកដំកើង​ជា​សៀវភៅ​ធំ​ជាង​គេ​ក្នុង​ព្រះ​គម្ពីរ ហើយ​សុទ្ធតែ​ជា​បទ​ចម្រៀង​ពីរោះៗ​ដែល​រៀប​រាប់​ពី​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​និង​ការ​ប្រព្រឹត្ត​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​មាន​ទំនាយ​ជា​ច្រើន​ផង។ បទ​ចម្រៀង​ជា​ច្រើន​នេះ​ស​ឲ្យ​ឃើញ​អារម្មណ៍​ដែល​អ្នក​តែង​មាន​ពេល​រង​ទុក្ខ​លំបាក។ អ្វី​ដែល​អ្នក​តែង​បាន​សរសេរ​នោះ​ទាក់ទង​នឹង​ព្រឹត្ដិការណ៍​ដែល​បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ គឺ​តាំង​ពី​សម័យ​ព្យាការី​ម៉ូសេ​រហូត​ដល់​គ្រា​ដែល​ប្រជាជន​បាន​ត្រូវ​បំបរបង់​ចេញ​ទៅ​ស្រុក​ក្រៅ។ លោក​ម៉ូសេ ស្តេច​ដាវីឌ​និង​អ្នក​ផ្សេង​ទៀត​រួម​គ្នា​ជា​អ្នក​តែង​បទ​ទំនុកដំកើង​នានា។ លោក​អែសរ៉ា​ដែល​ជា​សង្ឃ​គួរ​ទទួល​កិត្ដិយស​ជា​អ្នក​ប្រមូល​និង​ចង​ក្រង​បទ​ទំនុកដំកើង​នីមួយៗ។

តាំង​ពី​បុរាណ​មក សៀវភៅ​ទំនុកដំកើង​បាន​ត្រូវ​បែងចែក​ជា​ប្រាំ​ប៉ែក​ឬ​បទ​ទំនុក​ប្រាំ​ក្បាល​ដូច​ត​ទៅ: (១) ទំនុកដំកើង ១​-​៤១ (២) ទំនុកដំកើង ៤២​-​៧២ (៣) ទំនុកដំកើង ៧៣​-​៨៩ (៤) ទំនុកដំកើង ៩០​-​១០៦ និង (៥) ទំនុកដំកើង ១០៧​-​១៥០។ អត្ថបទ​នេះ​នឹង​ពិភាក្សា​អំពី​បទ​ទំនុកដំកើង​ប៉ែក​ទី​មួយ។ ស្តេច​ដាវីឌ​ពី​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​គួរ​ទទួល​កិត្ដិយស​ជា​អ្នក​តែង​បទ​ទំនុក​ទាំង​អស់​ក្នុង​ប៉ែក​ទី​មួយ​នេះ លើក​លែង​តែ​ទំនុក​បី​បទ​ប៉ុណ្ណោះ។ យើង​ពុំ​ស្គាល់​ឈ្មោះ​អ្នក​តែង​បទ​ទំនុកដំកើង​ទី១ ១០​និង​៣៣​ទេ។

«ព្រះ​នៃ​ទូល​បង្គំ​ជា​ថ្មដា»

(ទំនុកដំកើង ១:១​–​២៤:១០)

បទ​ទំនុកដំកើង​ទី​មួយ​ប្រាប់​ថា អ្នក​ណា​ដែល​ត្រេកអរ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​មាន​ពរ​ហើយ។ បទ​ទំនុក​ទីពីរ​ប្រាប់​ចំៗ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ * ប៉ែក​ទី​មួយ​នៃ​សៀវភៅ​ទំនុកដំកើង​ច្រើន​ជា​ទំនូល​អង្វរ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ បទ​ទំនុក​ទី៣​-​៥, ៧, ១២, ១៣​និង​១៧ ជា​ទំនូល​សូម​ព្រះ​យេហូវ៉ា​ប្រោស​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។ ទំនុក​ទី៨​ជា​បទ​ដែល​បញ្ជាក់​ពី​ភាព​តូចតាច​របស់​មនុស្ស​ជាតិ​និង​លើក​តម្កើង​ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​យេហូវ៉ា​វិញ។

ដាវីឌ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ជា​អ្នក​ការពារ​រាស្ត្រ​ទ្រង់​ដោយ​ពោល​ថា​៖ «ព្រះ​នៃ​ទូល​បង្គំ​ជា​ថ្មដា​ដែល​ទូល​បង្គំ​យក​ជា​ទីពឹង»។ (ទំនុកដំកើង ១៨:២) ព្រះ​យេហូវ៉ា​បាន​ត្រូវ​សរសើរ​ក្នុង​បទ​ទំនុក​ទី១៩ ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់ ក្នុង​បទ​ទី២០ ជា​អ្នក​សង្គ្រោះ​មនុស្ស ហើយ​ក្នុង​បទ​ទី២១ ជា​អ្នក​សង្គ្រោះ​ស្តេច​ដែល​ទ្រង់​បាន​តែងតាំង​ឡើង។ បទ​ទំនុក​ទី២៣ រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល​ដ៏​ឧត្តម តែ​ទំនុក​ទី២៤ ពន្យល់​អំពី​ទ្រង់​ជា​មហាក្សត្រ​ដ៏​មាន​សិរី​ល្អ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:១, ២—តើ​អស់​ទាំង​សាសន៍​«មាន​គំនិត​ជា​ឥត​សារ»​អ្វី? «គំនិត​ជា​ឥត​សារ»​របស់​សាសន៍​ទាំង​ឡាយ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​ដែល​ចង់​តែ​ការពារ​អំណាច​គ្រប់គ្រង​របស់​ខ្លួន​ជានិច្ច។ គំនិត​នោះ​គឺ​ឥត​សារ​ពីព្រោះ​គោល​បំណង​របស់​ពួក​គេ​ប្រាកដ​ជា​នឹង​បរាជ័យ។ សាសន៍​ទាំង​ឡាយ​គ្មាន​ហេតុ​សង្ឃឹម​សោះ​ថា​ពួក​គេ​អាច​ទទួល​ជោគជ័យ​បាន​ឡើយ ពេល​ទាស់​ប្រឆាំង​នឹង‹ព្រះ​យេហូវ៉ា​ហើយ​ព្រះ​អង្គ​ដែល​ទ្រង់​បាន​លាប​ប្រេង​ឲ្យ›ជា​ស្តេច។

២:៧—តើ​«ច្បាប់​នេះ»​របស់​ព្រះ​យេហូវ៉ា​សំដៅ​ទៅ​លើ​អ្វី? ច្បាប់​នោះ​សំដៅ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​ចុះ​ជា​មួយ​ព្រះ​យេស៊ូ​គ្រីស្ទ ថា​ទ្រង់​តម្រូវ​នគរ​ឬ​ប្រគល់​រាជាណាចក្រ​ឲ្យ​រាជបុត្រា​ស្ងួនភ្ងា។—លូកា ២២:​២៨, ២៩

២:១២—តើ​ពួក​អ្នក​គ្រប់គ្រង​ប្រទេស​ទាំង​ឡាយ​អាច​«ថើប​ព្រះ​រាជបុត្រា»​តាម​របៀប​ណា? នៅ​សម័យ​ព្រះ​គម្ពីរ ការ​ថើប​គ្នា​ជា​របៀប​បង្ហាញ​ពី​ចំណង​មិត្តភាព​និង​ភាព​ស្មោះ​ត្រង់​នឹង​គ្នា។ ការ​ថើប​គ្នា​ក៏​ជា​របៀប​ទទួល​ភ្ញៀវ។ ពួក​មហាក្សត្រ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​បង្គាប់​ឲ្យ​ថើប​ព្រះ​រាជបុត្រា​ក្នុង​ន័យ​ថា ស្វាគមន៍​ទ្រង់​ជា​ស្តេច​ដែល​ជា​ព្រះមេស្ស៊ី។

ពាក្យ​ផ្ដើម​នៃ​បទ​ទំនុក​ទី៣—ហេតុ​អ្វី​បាន​ជា​បទ​ទំនុកដំកើង​ខ្លះៗ​មាន​ពាក្យ​ផ្ដើម? ជួន​កាល​ពាក្យ​ផ្ដើម​នោះ​ប្រាប់​ឈ្មោះ​អ្នក​តែង ឬ​មាន​ព័ត៌មាន​អំពី​ព្រឹត្ដិការណ៍​ដែល​ទាក់ទង​នឹង​បទ​នោះ ដូច​ក្នុង​ករណី​បទ​ទំនុក​ទី៣។ ពាក្យ​ផ្ដើម​ក៏​ប្រហែល​ជា​ពន្យល់​អំពី​គោល​បំណង​ឬ​របៀប​ប្រើ​ទំនុក​នោះ (ដូច​នៅ​ទំនុក​ទី៤​និង​៥) ព្រម​ទាំង​មាន​ការ​ណែនាំ​អំពី​បទ​ភ្លេង (ដូច​នៅ​ទំនុក​ទី៦)។

៣:២—តើ​ពាក្យ​«បង្អង់»​សំដៅ​ទៅ​លើ​អ្វី? គេ​យល់​ថា ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ដើម្បី​ផ្អាក​និង​រំពឹង​គិត​មួយ​ភ្លែត មិន​ថា​ពេល​ច្រៀង​ដោយ​ខ្លួន​ឯង​ឬ​ច្រៀង​តាម​បទ​ភ្លេង​ក្ដី។ គេ​ប្រើ​ការ​ផ្អាក​នោះ​ដើម្បី​បញ្ជាក់​ចំណុច​ឬ​អារម្មណ៍​ដែល​ទើប​បាន​ច្រៀង​ឡើង។ ពេល​យើង​អាន​បទ​ទំនុកដំកើង​ឲ្យ​ឮៗ គឺ​មិន​ចាំបាច់​អាន​ពាក្យ​«បង្អង់»​ឡើយ។

១១:៣—តើ​គោល​ប្រធាន​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​អ្វី? គោល​ប្រធាន​នោះ​សំដៅ​ទៅ​លើ​អ្វី​ដែល​ជា​គោល​ឬ​គ្រឹះ​មូលដ្ឋាន​នៃ​សង្គម​មនុស្ស ពោល​គឺ​យុត្ដិធម៌​និង​ច្បាប់​ទម្លាប់។ នៅ​ពេល​ដែល​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​នោះ សង្គម​មនុស្ស​គ្មាន​សណ្ដាប់​ធ្នាប់​ឬ​យុត្ដិធម៌​ឡើយ។ ពេល​មាន​ស្ថានភាព​បែប​នេះ​«មនុស្ស​សុចរិត»​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ទាំង​ស្រុង។—ទំនុកដំកើង ១១:៤​-​៧

២១:៣—តើ​«មកុដ​មាស​សុទ្ធ»​មាន​អត្ថន័យ​សំខាន់​អ្វី? យើង​មិន​ដឹង​ច្បាស់​ថា មកុដ​នោះ​ជា​មកុដ​ពិត​ឬ​ជា​និមិត្តរូប​តំណាង​សិរី​រុងរឿង​ដែល​ដាវីឌ​បាន​ទទួល​បន្ថែម​ទៀត​ដោយ​ព្រោះ​មាន​ជ័យ​ជម្នះ​ជា​ច្រើន​លើក។ យ៉ាង​ណា​ក៏​ដោយ ខ​នេះ​ជា​ទំនាយ​សំដៅ​ទៅ​លើ​មកុដ​ដែល​តំណាង​អំណាច​គ្រប់គ្រង​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩១៤។ ដោយសារ​មកុដ​នោះ​ត្រូវ​ធ្វើ​ពី​មាស នេះ​បង្ហើប​ឲ្យ​ដឹង​ថា ការ​គ្រប់គ្រង​របស់​ទ្រង់​មាន​លក្ខណៈ​ល្អ​បំផុត។

២២:១, ២—ហេតុ​អ្វី​ក៏​ដាវីឌ​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​បាន​លះ​ចោល​ទ្រង់? ពួក​សត្រូវ​ដែល​នៅ​ជុំវិញ​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ដាវីឌ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា‹ចិត្ត​ទ្រង់​ប្រៀប​ដូច​ជា​ក្រមួន​ដែល​រលាយ​នៅ​ក្នុង​ខ្លួន›។ (ទំនុកដំកើង ២២:១៤) ប្រហែល​ជា​ដាវីឌ​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​បាន​បោះបង់​ចោល​ទ្រង់។ ដូច​គ្នា​ដែរ ពេល​គេ​ព្យួរ​ព្រះ​យេស៊ូ​នោះ ទ្រង់​ក៏​មាន​អារម្មណ៍​បែប​នេះ។ (ម៉ាថាយ ២៧:៤៦) បន្ទូល​របស់​ដាវីឌ​ស​ឲ្យ​ឃើញ​នូវ​អារម្មណ៍​ដែល​មនុស្ស​ធម្មតា​ត្រូវ​មាន​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក។ ក៏​ប៉ុន្តែ ពេល​មើល​សេចក្ដី​អធិស្ឋាន​របស់​ដាវីឌ​នៅ​បទ​ទំនុក​ទី២២:១៦​-​២១ គឺ​ច្បាស់​ហើយ​ថា​ដាវីឌ​មិន​បាត់បង់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ឡើយ។

មេ​រៀន​សម្រាប់​យើង:

១:១: យើង​ត្រូវ​ជៀស​វាង​ការ​សេពគប់​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា។—កូរិនថូសទី១ ១៥:៣៣

១:២: រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ធ្វើ​អ្វីៗ​ខាង​វិញ្ញាណ​កុំ​ខាន​ឡើយ!—ម៉ាថាយ ៤:៤

៤:៤: ពេល​ខឹង យក​ល្អ​យើង​ទប់​មាត់​កុំ​ឲ្យ​និយាយ​អ្វី​ដែល​យើង​នឹង​ស្ដាយ​ក្រោយ។—អេភេសូរ ៤:២៦

៤:៥: ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្វីៗ​ដែល​យើង​ថ្វាយ​ខាង​វិញ្ញាណ​ជា​«គ្រឿង​បូជា​នៃ​សេចក្ដី​សុចរិត»​ឲ្យ​តែ​យើង​ថ្វាយ​របស់​ទាំង​នោះ​ដោយ​បំណង​ចិត្ត​ល្អ​ត្រឹម​ត្រូវ ហើយ​មាន​កិរិយា​សម​ស្រប​នឹង​តម្រូវ​ការ​របស់​ទ្រង់។

៦:៥: នេះ​ហើយ​ជា​មូលហេតុ​ចម្បង​ដែល​យើង​ចង់​រស់​ត​ទៅ​ទៀត មែន​ទេ?—ទំនុកដំកើង ១១៥:១៧

៩:១២: ព្រះ​យេហូវ៉ា​ស៊ើប​សួរ​ពី​ឈាម​ដើម្បី​កាត់​ទោស​មនុស្ស​ដែល​កម្ចាយ​ឈាម តែ​ទ្រង់​ក៏​ឮ​«សំ​រែក​របស់​ពួក​មនុស្ស​ក្រីក្រ»​ដែរ។

១៥:២, ៣; ២៤:៣​-​៥: ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​ត្រូវ​និយាយ​សេចក្ដី​ពិត​ហើយ​ជៀស​វាង​ការ​ស្បថ​មិន​ពិត​និង​ពាក្យ​មួល​បង្កាច់។

១៥:៤: យើង​ត្រូវ​ខិតខំ​ធ្វើ​តាម​សម្បថ​របស់​យើង​ទោះ​ជា​ពិបាក​ធ្វើ​ក៏​ដោយ លើក​លែង​តែ​ក្រោយ​មក​យើង​រៀន​ដឹង​ថា អ្វី​ដែល​យើង​បាន​ស្បថ​មុន​នោះ ប្រាស​ចាក​គោលការណ៍​ព្រះ​គម្ពីរ។

១៥:៥: ក្នុង​នាម​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​លុយ​ផ្ដេសផ្ដាស។

១៧:១៤, ១៥: «មនុស្ស​នៅ​លោកីយ​នេះ»​ចេះ​តែ​ខិតខំ​រក​លុយ​ចិញ្ចឹម​ក្រុម​គ្រួសារ​និង​ទុក​មត៌ក​ឲ្យ​កូន​ចៅ។ រីឯ​ដាវីឌ​វិញ ទ្រង់​មាន​បំណង​សំខាន់​ចម្បង​ថា​ចង់​បាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​«មើល​ព្រះ​ភក្ដ្រ​ទ្រង់»​ឬ​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់។ ដាវីឌ​«ភ្ញាក់​ឡើង»​ក្នុង​ន័យ​ថា​ឃើញ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បាន​ធានា​នោះ។ ជា​លទ្ធផល ដាវីឌ​នឹង​«ស្កប់​ចិត្ត​ដោយ​ឃើញ​រូប​អង្គ​ទ្រង់»​ដែល​បាន​សេចក្ដី​ថា ទ្រង់​មាន​អំណរ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​ទ្រង់។ ដូច​ដាវីឌ​នោះ យើង​ក៏​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ​ដែរ មែន​ទេ?

១៩:១​-​៦: របស់​សព្វសារពើ​ដែល​បាន​បង្កើត​មក​គ្មាន​សមត្ថភាព​និយាយ​ឬ​វែកញែក​ហេតុ​ផល តែ​អាច​សម្ដែង​ពី​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា។ បើ​ដូច្នេះ តើ​មនុស្ស​យើង​ដែល​ចេះ​គិត ចេះ​និយាយ​និង​ចេះ​ថ្វាយ​បង្គំ​ព្រះ​គួរ​សរសើរ​ទ្រង់​ប៉ុណ្ណា​ទៅ?—វិវរណៈ ៤:១១

១៩:៧​-​១១: តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​នាំ​ឲ្យ​យើង​មាន​ប្រយោជន៍​មែន!

១៩:១២, ១៣: យើង​គួរ​ជៀស​វាង​អំពើ​ខុស​ឆ្គង​និង​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ឬ​ជា​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​អួត​បំប៉ោង។—ទំនុក​តម្កើង ១៩:១៤, ខ.ស.

១៩:១៤: យើង​គួរ​ប្រុង​ប្រយ័ត្ន​នឹង​ទង្វើ​របស់​យើង​មែន តែ​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​ពាក្យ​សម្ដី​ហើយ​គំនិត​របស់​យើង​ផង​ដែរ។

«ទ្រង់​ទប់ទល់[ទូល​បង្គំ] ដោយ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ»

(ទំនុកដំកើង ២៥:១​–​៤១:១៣)

ក្នុង​បទ​ទំនុក​ពីរ​ដំបូង​នៃ​បទ​ទាំង​ប៉ុន្មាន​នេះ ដាវីឌ​បង្ហាញ​ពី​ក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​តាំង​ចិត្ត​រក្សា​ឲ្យ​មាន​ភាព​សុចរិត​និង​ចិត្ត​គ្រប់​លក្ខណ៍! ទ្រង់​ច្រៀង​ថា​៖ «ចំណែក​ទូល​បង្គំៗ​នឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល​បង្គំ​ត​ទៅ»។ (ទំនុកដំកើង ២៦:១១) ពេល​ដាវីឌ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​អត់​ទោស​អំពើ​បាប​របស់​ទ្រង់ ទ្រង់​ក៏​សារភាព​ថា​៖ «កាល​ទូល​បង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូល​បង្គំ​បាន​ខ្សោះ​ទៅ​ដោយសារ​ដំងូរ​ដែល​ទូល​បង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ៣២:៣) ដាវីឌ​ធានា​ដល់​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ថា​៖ «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំ​រែក​របស់​គេ»។—ទំនុកដំកើង ៣៤:១៥

យោបល់​ក្នុង​បទ​ទំនុក​ទី៣​៧​មាន​ប្រយោជន៍​ណាស់​ចំពោះ​ពួក​អ៊ីស្រាអែល ហើយ​ក៏​មាន​តម្លៃ​ដូច​គ្នា​ចំពោះ​យើង​ដែល​កំពុង​តែ​រស់​នៅ​«ជាន់​ក្រោយ​បង្អស់»​នៃ​របប​លោកិយ​នេះ! (ធីម៉ូថេទី២ ៣:១​-​៥) បទ​ទំនុក​ទី៤០:៧, ៨ ជា​ទំនាយ​រៀប​រាប់​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​ថា​៖ «ទូល​បង្គំ​មក​ហើយ សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំ​នៅ​ក្នុង​គម្ពីរ​ហើយ គឺ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។ អើ! ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ»។ ទំនុក​ចុង​បង្អស់​ក្នុង​បទ​ទាំង​ប៉ុន្មាន​នេះ​ជា​សំណូម​ពរ​របស់​ដាវីឌ​ដែល​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ក្នុង​កំលុង​គ្រា​ចលាចល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ទ្រង់​បាន​ធ្វើ​អំពើ​បាប​ជា​មួយ​នាង​បាតសេបា។ ដាវីឌ​ច្រៀង​ថា​៖ «ឯ​ទូល​បង្គំ ទ្រង់​ទប់ទល់​ដោយ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ»។—ទំនុកដំកើង ៤១:១២

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២៦:៦—ក្នុង​ន័យ​អត្ថបដិរូប តើ​យើង​អាច​ដើរ​ក្រឡឹង​អាសនៈ​របស់​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ​យ៉ាង​ដូច​ម្ដេច? អាសនៈ​នេះ​តំណាង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ព្រម​ទទួល​យក​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ប្រោស​មនុស្ស​ឲ្យ​រួច​ពី​បាប។ (ហេព្រើរ ៨:៥; ១០:៥​-​១០) យើង​ដើរ​ក្រឡឹង​អាសនៈ​របស់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​ពី​ជំនឿ​របស់​យើង​ទៅ​លើ​យញ្ញបូជា​លោះ​នោះ។

២៩:៣​-​៩—បទ​ទំនុក​នេះ​ប្រៀបធៀប​ព្រះ​សូរ​សៀង​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​ខ្យល់​ព្យុះ​ដែល​មាន​ផ្គរ​លាន់​និង​ធ្វើ​ឲ្យ​មនុស្ស​ស្ញប់ស្ញែង។ តើ​ការ​ប្រៀបធៀប​នេះ​មាន​បំណង​បញ្ជាក់​អំពី​អ្វី? បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​ប្រៀបធៀប​នេះ​មាន​បំណង​បញ្ជាក់​អំពី​តេជានុភាព​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា!

៣១:២៣—តើ​ព្រះ​យេហូវ៉ា​សង​ដល់​មនុស្ស​ឆ្មើងឆ្មៃ​ជា​បរិបូរ​យ៉ាង​ដូច​ម្ដេច? ក្នុង​ទំនុក​នេះ ការ​សង​នោះ​សំដៅ​ទៅ​លើ​ការ​ដាក់​ទោស។ ពេល​ដែល​មនុស្ស​សុចរិត​ភ្លាត់​ធ្វើ​ខុស ព្រះ​យេហូវ៉ា​សង​គាត់​ដោយ​ប្រដៅ​តម្រង់។ ដោយសារ​មនុស្ស​ឆ្មើងឆ្មៃ​មិន​កែ​តម្រង់​ខ្លួន​ដោយ​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នោះ​ព្រះ​យេហូវ៉ា​សង​អ្នក​នោះ​ជា​បរិបូរ​ដោយ​ដាក់​ទោស​យ៉ាង​ធ្ងន់។—សុភាសិត ១១:៣១; ពេត្រុសទី១ ៤:១៨

៣៣:៦—តើ​«ខ្យល់»​ពី​ព្រះ​ឱស្ឋ​ព្រះ​យេហូវ៉ា​ជា​អ្វី? ខ្យល់​នេះ​ជា​សកម្ម​ពល​ឬ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បាន​ប្រើ​ក្នុង​ការ​បង្កើត​របស់​សព្វសារពើ​នៅ​លើ​មេឃ។ (លោកុប្បត្តិ ១:១, ២) អ្នក​តែង​បទ​ទំនុក​នេះ​ហៅ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ជា​ខ្យល់​នោះ ពីព្រោះ​ទ្រង់​អាច​ចាត់​វិញ្ញាណ​ទៅ​សម្រេច​ការ​យ៉ាង​ឆ្ងាយ ដូច​ជា​ខ្យល់​ដែល​ចេញ​ពី​មាត់​យ៉ាង​ខ្លាំង។

៣៥:១៩—តើ​សំណូម​ពរ​របស់​ដាវីឌ​ដែល​សូម​កុំ​ឲ្យ​ពួក​អ្នក​ស្អប់​ទ្រង់​មិច​ភ្នែក​ដាក់​គ្នា​នោះ មាន​ន័យ​អ្វី? ការ​មិច​ភ្នែក​ដាក់​គ្នា​បង្កប់​អត្ថន័យ​ថា សត្រូវ​របស់​ដាវីឌ​នឹង​មាន​ចិត្ត​សប្បាយ​ដោយសារ​ផែនការ​ធ្វើ​បាប​ទ្រង់​មាន​ជោគជ័យ។ ដាវីឌ​សូម​ព្រះ​យេហូវ៉ា​ជួយ​កុំ​ឲ្យ​នេះ​កើត​មាន​ឡើង​សោះ​ឡើយ។

មេ​រៀន​សម្រាប់​យើង:

២៦:៤: យក​ល្អ​កុំ​ឲ្យ​យើង​មាន​ទំនាក់ទំនង​សោះ​ជា​មួយ​ពួក​មាន​ពុត​ដែល​លាក់​អត្តសញ្ញាណ​ពិត​របស់​ខ្លួន​ដោយ​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (ភាសា​អង់គ្លេស​ហៅ​ថា “chat rooms”)។ ក៏​កុំ​ឲ្យ​យើង​សេពគប់​ជា​មួយ​ពួក​អ្នក​នៅ​សាលា​និង​នៅ​កន្លែង​ធ្វើ​ការ​ដែល​ធ្វើ​ដូច​ជា​ពួក​ម៉ាក​យើង​ដើម្បី​បោក​ប្រាស​យើង ឬ​ពួក​មនុស្ស​ដែល​មាន​មុខ​ពីរ និង​អ្នក​ក្បត់​ជំនឿ​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ស្មោះ​ត្រង់​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ។

២៦:៧, ១២; ៣៥:១៨; ៤០:៩: យើង​ត្រូវ​សរសើរ​ព្រះ​យេហូវ៉ា​នៅ​មុខ​មនុស្ស​ពេល​មាន​ការ​ជួបជុំ​ជា​មួយ​ពួក​គ្រីស្ទាន​គ្នីគ្នា។

២៦:៨; ២៧:៤: តើ​យើង​ស្រឡាញ់​និង​ចូល​ចិត្ត​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ដែរ​ឬ​ទេ?

២៦:១១: ស្តេច​ដាវីឌ​បង្ហាញ​ថា​ទ្រង់​តាំង​ចិត្ត​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​គ្រប់​លក្ខណ៍ ហើយ​ដំណាល​គ្នា​នោះ​បាន​សូម​ព្រះ​យេហូវ៉ា​ប្រោស​លោះ​ទ្រង់​ដែរ។ នេះ​បង្ហាញ​ថា យើង​ពិត​ជា​អាច​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​មែន ទោះបី​ជា​មនុស្ស​មិន​គ្រប់​លក្ខណ៍​ក៏​ដោយ។

២៩:១០: ការ​«គង់​នៅ​វេលា​ជំនន់​លោកីយ[ឬ​«គ្រប់គ្រង​លើ​ទឹក​ជំនន់​ធំ»​, ខ.ស.]» បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ចេះ​ប្រើ​ប្រាស់​តេជានុភាព​របស់​ទ្រង់​យ៉ាង​ល្អ។

៣០:៥: សេចក្ដី​ស្រឡាញ់​ជា​គុណសម្បត្ដិ​ចម្បង​បង្អស់​របស់​ព្រះ​យេហូវ៉ា មិន​មែន​សេចក្ដី​ខ្ញាល់​ទេ។

៣២:៩: ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​ដូច​ជា​សត្វ​លា​ដែល​ស្ដាប់​តាម​អ្នក​បញ្ជា ឲ្យ​តែ​គេ​ដាក់​បង្ខាំ​ក្នុង​មាត់​វា ឬ​ប្រើ​រំពាត់​វិញ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ទ្រង់​ដោយ​ព្រោះ​យើង​យល់​ពី​ព្រះ​ហឫទ័យ​របស់​ទ្រង់។

៣៣:១៧​-​១៩: មនុស្ស​ជាតិ​គ្មាន​សមត្ថភាព​បង្កើត​ឲ្យ​មាន​ភាព​សាន្តត្រាណ​ឬ​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ទេ មិន​ថា​គេ​បង្កើត​ឲ្យ​មាន​របៀប​របប​ល្អ​ប៉ុណ្ណា​ក៏​ដោយ។ យើង​ត្រូវ​តែ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជាណាចក្រ​ដែល​ទ្រង់​បាន​រៀបចំ​ឡើង។

៣៤:១០: ចំពោះ​អស់​អ្នក​ដែល​ទុក​កិច្ច​បម្រើ​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត ខ​នេះ​ពិត​ជា​ជួយ​ពង្រឹង​ទំនុក​ចិត្ត​ណាស់!

៣៩:១, ២: បើ​មនុស្ស​អាក្រក់​ខំ​រាវ​រក​ព័ត៌មាន​ដើម្បី​ធ្វើ​បាប​ដល់​បងប្អូន​រួម​ជំនឿ យក​ល្អ​យើង‹ដាក់​បង្ខាំ​ទប់​មាត់​យើង›ហើយ​នៅ​ស្ងៀម។

៤០:១, ២: ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ស៊ូទ្រាំ​ពេល​ធ្លាក់​ទឹក​ចិត្ត ហើយ​ជួយ​យើង​ងើប​ចេញ​ពី​«អន្លង់​គួរ​ស្បើម [ហើយ]រួច​ពី​ភក់​ស្អិត»។

៤០:៥, ១២: មិន​ថា​យើង​ភ្លាត់​ធ្វើ​ខុស​ឬ​ជួបប្រទះ​សេចក្ដី​អាក្រក់​ច្រើន​ក៏​ដោយ យើង​មិន​អស់​សង្ឃឹម​ឡើយ ឲ្យ​តែ​យើង​ចាំ​ថា​ពរ​ដែល​យើង​ទទួល​«នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន»។

«សូម​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា»

បទ​ទំនុក​ទាំង​៤១​ក្នុង​ប៉ែក​ទី​មួយ​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​និង​ធ្វើ​ឲ្យ​យើង​ធូរ​ក្នុង​អារម្មណ៍​ណាស់! មិន​ថា​យើង​កំពុង​តែ​ជួបប្រទះ​ការ​លំបាក​ផ្សេងៗ ឬ​មនសិការ​ធ្វើ​ទុក្ខ​ដល់​យើង​ក្ដី យើង​អាច​មាន​កម្លាំង​ចិត្ត​ឡើង​ហើយ​ទទួល​ការ​លើក​ទឹក​ចិត្ត​បាន ដោយសារ​ផ្នែក​នេះ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ពូកែ​ណាស់! (ហេព្រើរ ៤:១២) បទ​ទំនុក​ទាំង​នេះ​មាន​ព័ត៌មាន​ល្អ​ដែល​ជួយ​ណែនាំ​ជីវិត​យើង។ បទ​ទាំង​នេះ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​យេហូវ៉ា​មិន​បោះបង់​ចោល​យើង​ឡើយ ទោះ​ជា​យើង​ប្រឈម​មុខ​ទុក្ខ​លំបាក​ណា​ក៏​ដោយ។

បទ​ទំនុកដំកើង​ប៉ែក​ទី​មួយ​នេះ​មាន​ពាក្យ​បញ្ចប់​ថា​៖ «សូម​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អតីត​ទៅ​ដល់​អនាគត​អស់កល្ប​ជានិច្ច។ អាម៉ែន​ហើយ​អាម៉ែន»។ (ទំនុកដំកើង ៤១:១៣) ការ​ពិនិត្យ​មើល​បទ​ទំនុក​ទាំង​ប៉ុន្មាន​នេះ ពិត​ជា​ជំរុញ​យើង​ឲ្យ​ចង់​សរសើរ​ព្រះ​យេហូវ៉ា មែន​ទេ?

[កំណត់​សម្គាល់]

^ វគ្គ 3 បទ​ទំនុក​ទី២​មាន​ការ​សម្រេច​ដំបូង​នៅ​សម័យ​ដាវីឌ។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ១០]

បើ​របស់​ដែល​បាន​បង្កើត​មក​អាច​សរសើរ​ព្រះ​យេហូវ៉ា​ទោះ​ជា​គ្មាន​សមត្ថភាព​និយាយ​ឬ​គិត​ក្ដី​យើង​គួរ​សរសើរ​ទ្រង់​ច្រើន​ជាង​ទៅ​ទៀត!

[រូបភាព​នៅ​ទំព័រ​៨]

ដាវីឌ​បាន​តែង​បទ​ទំនុក​ភាគ​ច្រើន​ក្នុង​បទ​ទាំង​៤១​ដំបូង

[រូបភាព​នៅ​ទំព័រ​៩]

តើ​អ្នក​ដឹង​ថា បទ​ទំនុកដំកើង​មួយ​ណា​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល​ដ៏​ឧត្តម​ទេ?

[រូបភាព​នៅ​ទំព័រ​១១]

រៀង​រាល់​ថ្ងៃ ចូរ​ធ្វើ​អ្វីៗ​ខាង​វិញ្ញាណ​កុំ​ខាន​ឡើយ!

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៨]

Stars, pages 8 and 9: Courtesy United States Naval Observatory

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​១០]

Stars, pages 10 and 11: Courtesy United States Naval Observatory