‹ចូររើសយកជីវិតដើម្បីឲ្យបានរស់នៅ›
‹ចូររើសយកជីវិតដើម្បីឲ្យបានរស់នៅ›
«អញបានដាក់សំញែងទាំងជីវិតនឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសានៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ! ដើម្បីឲ្យឯងបានរស់នៅ»។—ចោទិយកថា ៣០:១៩
១, ២. តើមនុស្សបានត្រូវបង្កើតមកឲ្យចំនឹងរូបអង្គព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
«ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង»។ ពាក្យទាំងនេះជាបន្ទូលរបស់ព្រះ ដែលបានកត់ទុកក្នុងជំពូកដំបូងនៃព្រះគម្ពីរបរិសុទ្ធ។ ស្របទៅតាមបន្ទូលនេះ សៀវភៅលោកុប្បត្តិ ១:២៦, ២៧ ចែងថា៖ «ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង»។ យ៉ាងនេះ មនុស្សដំបូងមានលក្ខណៈខុសប្លែកពីរបស់ឯទៀតដែលព្រះបានបង្កើតមក។ មនុស្សមានលក្ខណៈដូចព្រះដែលជាអ្នកបង្កើត ដោយមានលទ្ធភាពវែកញែកហេតុផលព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់និងភាពយុត្ដិធម៌ ហើយគាត់ក៏មានប្រាជ្ញានិងអំណាចតាមគំរូរបស់ព្រះដែរ។ មនុស្សដំបូងនោះមានបញ្ញាចិត្តឬមនសិការដែលអាចជួយឲ្យគាត់ធ្វើការ សម្រេចដើម្បីទទួលប្រយោជន៍ខ្លួនឯងផង ព្រមទាំងធ្វើឲ្យព្រះវរបិតារបស់គាត់នៅស្ថានសួគ៌សព្វព្រះហឫទ័យផង។ (រ៉ូម ២:១៥) បើនិយាយឲ្យចំទៅ អ័ដាមមានចិត្តសេរី។ ពេលព្រះយេហូវ៉ាមើលអ័ដាមជាកូនរបស់ទ្រង់នៅលើផែនដី ទ្រង់សព្វព្រះហឫទ័យចំពោះស្នាព្រះហស្តរបស់ទ្រង់ ហើយមានបន្ទូលថា៖ «[គាត់]ជាការល្អប្រពៃ!»។—លោកុប្បត្តិ ១:៣១; ទំនុកដំកើង ៩៥:៦
២ ក្នុងនាមជាកូនចៅរបស់អ័ដាម យើងក៏មានភាពដូចព្រះយេហូវ៉ាដែរ។ ប៉ុន្តែ តើការប្រព្រឹត្តរបស់យើងបានត្រូវកំណត់រួចហើយទេ? ឬមួយតើយើងពិតជាជ្រើសរើសដោយខ្លួនឯងថាយើងនឹងប្រព្រឹត្តយ៉ាងណា? យើងពិតជាអាចជ្រើសរើសមែន! ដ្បិតទោះជាព្រះយេហូវ៉ាមានសមត្ថភាពជ្រាបទុកជាមុនអំពីអ្វីដែលនឹងកើតឡើងក៏ពិតមែន តែទ្រង់មិនតម្រូវឬសម្រេចទុកជាមុនថា យើងម្នាក់ៗត្រូវធ្វើអ្វីឬត្រូវមានអនាគតបែបណានោះទេ។ ព្រះយេហូវ៉ាមិនកំណត់វាសនាឲ្យកូនចៅទ្រង់នៅលើផែនដីទាល់តែសោះ។ ឥឡូវនេះ សូមយើងពិនិត្យមើលគំរូរបស់សាសន៍អ៊ីស្រាអែលពីសម័យបុរាណ ដើម្បីទាញយកមេរៀនមួយ ដែលជួយឲ្យយើងយល់នូវសារៈសំខាន់នៃការប្រើចិត្តសេរីរបស់យើងក្នុងការជ្រើសរើសផ្លូវប្រព្រឹត្តដោយខ្លួនឯង។—រ៉ូម ១៥:៤
សិទ្ធិសេរីភាពរបស់ពួកអ៊ីស្រាអែលក្នុងការជ្រើសរើស
៣. តើក្រឹត្យទីមួយក្នុងចំណោមក្រឹត្យវិន័យទាំង១០ប្រការចែងយ៉ាងណា? តើពួកអ៊ីស្រាអែលដ៏ស្មោះត្រង់បានសម្រេចចិត្តរើសយកការស្ដាប់បង្គាប់យ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ពួកអ៊ីស្រាអែលថា៖ «អញជាព្រះយេហូវ៉ា ជាព្រះនៃឯងដែលបាននាំឯងចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក»។ (ចោទិយកថា ៥:៦) បណ្ដាជនអ៊ីស្រាអែលមិនសង្ស័យសោះចំពោះការសម្រេចនៃបន្ទូលនោះ ដ្បិតព្រះយេហូវ៉ាបានធ្វើដូច្នេះមែន នៅឆ្នាំ១៥១៣ មុនគ.ស. ដោយធ្វើអព្ភូតហេតុដើម្បីប្រោសសាសន៍អ៊ីស្រាអែលឲ្យរួចពីចំណងសេវកភាពនៅស្រុកអេស៊ីប។ ក្រោយមក ព្រះយេហូវ៉ាឲ្យក្រឹត្យវិន័យទ្រង់តាមរយៈលោកម៉ូសេ ដែលធ្វើជាអ្នកនាំសារ ហើយក្រឹត្យទីមួយក្នុងចំណោមក្រឹត្យវិន័យទាំង១០ប្រការដំបូងនោះចែងថា៖ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ»។ (និក្ខមនំ ២០:១, ៣) នៅគ្រានោះ សាសន៍អ៊ីស្រាអែលបានរើសយកការស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ពួកគេសុខចិត្តថ្វាយបង្គំព្រះយេហូវ៉ាផ្ដាច់មុខ។—និក្ខមនំ ២០:៥; ជនគណនា ២៥:១១
៤. (ក) តើម៉ូសេឲ្យប្រជាជនអ៊ីស្រាអែលជ្រើសរើសអ្វី? (ខ) នៅសព្វថ្ងៃនេះ តើយើងមានឱកាសរើសយកអ្វី?
ចោទិយកថា ៣០:១៩) ស្រដៀងគ្នា នៅសព្វថ្ងៃនេះយើងក៏មានឱកាសជ្រើសរើសផងដែរ។ យើងអាចរើសយកការស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយចិត្តស្មោះដើម្បីទទួលជីវិតជារៀងរហូត ឬក៏យើងអាចរើសយកការមិនស្ដាប់បង្គាប់ទ្រង់ហើយទទួលលទ្ធផលអាក្រក់វិញ។ សូមពិចារណាមើលគំរូពីរដែលបង្ហាញអំពីការសម្រេចចិត្តរើសយកផ្លូវខុសស្រឡះពីគ្នា។
៤ ប្រមាណ៤០ឆ្នាំក្រោយមក ម៉ូសេបាននិយាយបញ្ជាក់យ៉ាងខ្លាំងដើម្បីរំលឹកប្រជាជនអ៊ីស្រាអែលមួយតំណទៀតអំពីការជ្រើសរើសដែលគេត្រូវធ្វើ។ ម៉ូសេមានប្រសាសន៍ថា៖ «អញអាងដល់ស្ថានសួគ៌នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិតនឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសានៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ! ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង»។ (៥, ៦. តើយ៉ូស្វេបានរើសយកផ្លូវអ្វី? តើជម្រើសនោះនាំឲ្យបានផលអ្វី?
៥ នៅឆ្នាំ១៤៧៣ មុនគ.ស. លោកយ៉ូស្វេជាអ្នកដឹកនាំពួកអ៊ីស្រាអែលឲ្យចូលទៅក្នុងស្រុកសន្យា។ មុនយ៉ូស្វេបានទទួលមរណភាព គាត់បានអង្វរបណ្ដាជនអ៊ីស្រាអែលទាំងឡាយព្រមទាំងដាស់តឿនពួកគេផងដោយពោលថា៖ «បើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្ដិតាមនៅថ្ងៃនេះចុះ! ទោះបើជាព្រះទាំងប៉ុន្មានដែលពួកឰយុកោឯងបានគោរពប្រតិបត្ដិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះដែលឯងរាល់គ្នានៅក្នុងស្រុកគេក្ដី»។ រួចមក យ៉ូស្វេមានប្រសាសន៍សំដៅទៅលើក្រុមគ្រួសាររបស់ខ្លួនថា៖ «ឯអញនឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ»។—យ៉ូស្វេ ២៤:១៥, កំណែជាអក្សរទ្រេត
៦ យូរឆ្នាំមុននោះ ព្រះយេហូវ៉ាបានលើកទឹកចិត្តយ៉ូស្វេឲ្យមានកម្លាំងនិងចិត្តក្លាហាន ហើយបង្គាប់កុំឲ្យគាត់ងាកចេញពីការស្ដាប់បង្គាប់តាមក្រឹត្យវិន័យរបស់ទ្រង់។ ជាជាងងាកចេញពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា យ៉ូស្វេអាចកើតការនិងចម្រើនឡើងដោយអានហើយជញ្ជឹងគិតទាំងយប់ទាំងថ្ងៃទៅលើគម្ពីរក្រឹត្យវិន័យនោះ។ (យ៉ូស្វេ ១:៧, ៨) យ៉ូស្វេបានធ្វើដូច្នេះមែន ហើយការរើសយកផ្លូវនោះបាននាំឲ្យគាត់ទទួលពរយ៉ាងច្រើន។ យ៉ូស្វេមានប្រសាសន៍ថា៖ «អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ពួកវង្សអ៊ីស្រាអែល នោះបានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។—យ៉ូស្វេ ២១:៤៥
៧. នៅសម័យព្យាការីអេសាយ តើប្រជាជនអ៊ីស្រាអែលខ្លះរើសយកការប្រព្រឹត្តបែបណា? ហើយតើមានលទ្ធផលអ្វី?
៧ សូមគិតអំពីគំរូមួយដែលមានលក្ខណៈខុសផ្ទុយពីយ៉ូស្វេ គឺស្ថានភាពក្នុងស្រុកអ៊ីស្រាអែលប្រមាណ៧០០ឆ្នាំក្រោយសម័យគាត់។ ដល់គ្រានោះ ប្រជាជនអ៊ីស្រាអែលជាច្រើនកំពុងតែធ្វើតាមទំនៀមទម្លាប់របស់សាសនាដទៃ។ ជាឧទាហរណ៍ នៅថ្ងៃចុងបង្អស់ក្នុងឆ្នាំនានាពួកបណ្ដាជនបានអង្គុយជុំវិញតុមួយដែលពេញទៅដោយម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ច្រើនមុខនិងស្រាទំពាំងបាយជូរផ្អែមៗ។ កម្មវិធីនោះមិនមែនជាការជប់លៀងក្នុងរង្វង់ពួកញាតិមិត្តទេ តែជាកម្មវិធីខាងសាសនាដែលលើកតម្កើងព្រះពីរអង្គរបស់សាសន៍ដទៃ។ ព្យាការីអេសាយសរសេរបញ្ជាក់ពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះទង្វើដែលបង្ហាញភាពមិនស្មោះត្រង់នោះថា៖ «ឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែងថ្វាយដល់ព្រះវាសនា»។ ពួកគេជឿថា ផលចម្រូតសម្រាប់ឆ្នាំនោះមិនផ្អែកលើពរដែលព្រះយេហូវ៉ាប្រទានទេ តែស្រេចលើការរៀបសំណែនថ្វាយ«ព្រះមានលាភ»និង«ព្រះវាសនា»វិញ។ តាមពិត ពេលពួកគេរើសយកផ្លូវបះបោរប្រឆាំងដោយចេតនានោះ ពួកគេបានកំណត់វាសនារបស់ខ្លួនឯងហើយ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅ នោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ។ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ»។ (អេសាយ ៦៥:១១, ១២) ពួកគេមិនរើសយកអ្វីដ៏ល្អទេ។ ជាលទ្ធផលពួកគេបានទទួលសេចក្ដីហិនវិនាស ហើយព្រះវាសនានិងព្រះមានលាភនោះគ្មានលទ្ធភាពការពារពួកគេទេ។
ការរើសយកអ្វីដែលប្រសើរជាង
៨. ស្របទៅតាមចោទិយកថា ៣០:២០ តើការរើសយកផ្លូវដែលប្រសើរជាងរួមបញ្ចូលអ្វីខ្លះ?
៨ កាលម៉ូសេលើកទឹកចិត្តឲ្យប្រជាជនអ៊ីស្រាអែលរើសយកជីវិតនោះ គាត់បញ្ជាក់ថាពួកគេត្រូវធ្វើតាមជំហានបីយ៉ាង ពោលគឺ «[ត្រូវ]ស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ»។ (ចោទិយកថា ) សូមយើងពិនិត្យមើលចំណុចទាំងនេះម្ដងមួយៗ ដើម្បីជួយឲ្យយើងរើសយកផ្លូវដែលប្រសើរជាង។ ៣០:២០
៩. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ ការស្រឡាញ់ព្រះយេហូវ៉ា។ យើងរើសយកការបម្រើព្រះយេហូវ៉ាពីព្រោះយើងស្រឡាញ់ទ្រង់។ គំរូពីសម័យពួកអ៊ីស្រាអែលជួយព្រមានយើងឲ្យទប់ទល់នឹងការបង្ខិតបង្ខំដែលទាញចិត្តយើងឲ្យប្រព្រឹត្តអំពើអសីលធម៌។ គំរូនោះក៏ជួយយើងបដិសេធរបៀបរស់នៅដែលទាក់ចិត្តឲ្យស្រឡាញ់វត្ថុទ្រព្យដូចមនុស្សជាច្រើនក្នុងលោកិយនេះ។ (កូរិនថូសទី១ ១០:១១; ធីម៉ូថេទី១ ៦:៦-១០) យើងតោងជាប់នឹងព្រះយេហូវ៉ា ហើយកាន់តាមច្បាប់ទ្រង់ជានិច្ច។ (យ៉ូស្វេ ២៣:៨; ទំនុកដំកើង ១១៩:៥, ៨) មុនពួកអ៊ីស្រាអែលបានចូលទៅក្នុងស្រុកសន្យានោះ ម៉ូសេបានដាស់តឿនពួកគេថា៖ «មើល! អញបានបង្រៀនច្បាប់ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នាតាម ដែលព្រះយេហូវ៉ាជាព្រះនៃអញបានបង្គាប់មកដើម្បីឲ្យឯងបានប្រព្រឹត្តតាមនៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ដូច្នេះចូរឲ្យឯងរាល់គ្នាកាន់ហើយប្រព្រឹត្តតាមចុះ! ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នានៅភ្នែកនៃអស់ទាំងសាសន៍ដែលនឹងឮថ្លែងពីបញ្ញត្តច្បាប់ទាំងប៉ុន្មាននេះ»។ (ចោទិយកថា ៤:៥, ៦) គឺពេលឥឡូវនេះដែលយើងត្រូវបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាដោយចាត់ទុកការធ្វើតាមព្រះហឫទ័យទ្រង់ជាអាទិភាពក្នុងជីវិត។ បើយើងរើសយកទង្វើនេះ យើងពិតជានឹងទទួលពរមែន!—ម៉ាថាយ ៦:៣៣
១០-១២. ពេលគិតពិចារណាអំពីអ្វីដែលបានកើតឡើងនៅសម័យណូអេ តើយើងទាញយកមេរៀនអ្វី?
១០ ការស្ដាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ លោកណូអេជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) នៅសម័យមុនទឹកជន់លិចផែនដីនោះ សឹងតែមនុស្សទាំងអស់ជាប់រវល់ដល់ម្ល៉េះបានជា«ឥតបានដឹងខ្លួន[ឬ«មិនបានចាប់អារម្មណ៍អ្វីសោះ»]»ចំពោះការព្រមានដែលណូអេផ្សាយ។ តើមានលទ្ធផលអ្វី? «ទឹកជន់ឡើង[ហើយ]យកគេទៅទាំងអស់គ្នា»។ ព្រះយេស៊ូបានព្រមានថា៖ «កាលណាកូនមនុស្សមក» គឺនៅសម័យយើងនេះ ក៏នឹងមានស្ថានភាពដូចគ្នាដែរ។ អ្វីដែលបានកើតឡើងនៅសម័យណូអេ ជាការព្រមានដ៏ខ្លាំងចំពោះមនុស្សនៅសព្វថ្ងៃនេះ ដែលរើសយកការមិនស្ដាប់បង្គាប់សាររបស់ព្រះយេហូវ៉ា។—ម៉ាថាយ ២៤:៣៩; ខ.ស.
១១ សព្វថ្ងៃនេះមនុស្សច្រើនក៏មានទស្សនៈចំអកឡកឡឺយចំពោះការព្រមានពីព្រះយេហូវ៉ាដែលអ្នកបម្រើរបស់ទ្រង់កំពុងប្រកាសប្រាប់។ ពួកអ្នកចំអកនេះត្រូវយល់ថា ការមិនធ្វើតាមការព្រមាននោះនឹងនាំឲ្យមានលទ្ធផលអាក្រក់។ សាវ័កពេត្រុសបានមានប្រសាសន៍អំពីមនុស្សចំអកឡកឡឺយថា៖ «គេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃក៏មានដីដុះចេញពីទឹកហើយនៅក្នុងទឹកផងដោយសារព្រះបន្ទូលនៃព្រះ។ រួចមកលោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ តែផ្ទៃមេឃនឹងផែនដីនៅជាន់នេះបានបំរុងទុកដល់ថ្ងៃជំនុំជំរះដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ»។—ពេត្រុសទី២ ៣:៣-៧
១២ ក៏ប៉ុន្តែ សូមគិតពីអ្វីដែលណូអេនិងក្រុមគ្រួសាររបស់គាត់បានរើសយកវិញ។ មុនដំបូង «ព្រះបានមានបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ»។ ក្រោយមក ‹សេចក្ដីជំនឿនិងសេចក្ដីកោតខ្លាចបានជំរុញលោកឲ្យធ្វើទូក១យ៉ាងធំ›។ ជាលទ្ធផល ដោយសារណូអេធ្វើតាមការព្រមានពីព្រះ នោះក្រុមគ្រួសាររបស់គាត់បានទទួលសេចក្ដីសង្គ្រោះ។ (ហេព្រើរ ១១:៧) ចូរឲ្យយើងឆាប់នឹងស្ដាប់សាររបស់ព្រះយេហូវ៉ាដែរ ព្រមទាំងធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់ចុះ!—យ៉ាកុប ១:១៩, ២២-២៥
១៣, ១៤. (ក) ហេតុអ្វីក៏ចាំបាច់ឲ្យយើង‹នៅជាប់នឹងព្រះយេហូវ៉ា›? (ខ) បើប្រៀបធៀបព្រះយេហូវ៉ាទៅនឹង«ជាងស្មូន» តើយើងអនុញ្ញាតឲ្យទ្រង់កែតម្រង់យើងដោយរបៀបណា?
១៣ នៅជាប់នឹងព្រះយេហូវ៉ាជានិច្ច។ បើយើងចង់‹រើសយកជីវិតនិងរស់នៅ›តទៅទៀត យើងមិនគ្រាន់តែស្រឡាញ់ព្រះយេហូវ៉ានិងស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ តែយើងក៏ត្រូវ‹នៅជាប់នឹងព្រះយេហូវ៉ាតទៅ›ដែរ ដោយធ្វើតាមព្រះហឫទ័យទ្រង់ជានិច្ច។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តខ្ជាប់ខ្ជួន»។ (លូកា ២១:១៩) តាមពិត ការរើសយកការកាន់ខ្ជាប់នឹងព្រះយេហូវ៉ាសឲ្យឃើញនូវចំណង់ចំណូលចិត្តរបស់យើង។ សុភាសិត ២៨:១៤ ចែងថា៖ «សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ»។ ផារ៉ោននៅស្រុកអេស៊ីបពីបុរាណជាគំរូអំពីចិត្តរឹងទទឹង។ ពេលមានទុក្ខវេទនានីមួយៗ ផារ៉ោននៅតែមិនកោតខ្លាចចំពោះព្រះយេហូវ៉ា ហើយរឹតតែមានចិត្តរឹងទទឹងរហូតដល់មានសេចក្ដីវេទនាទី១០។ ព្រះយេហូវ៉ាមិនបានជំរុញឲ្យផារ៉ោនរើសយកការមិនស្ដាប់បង្គាប់នោះទេ តែបានអនុញ្ញាតឲ្យអ្នកគ្រប់គ្រងដ៏ក្រអឺតក្រទមនោះរើសយកផ្លូវដោយខ្លួនឯង។ យ៉ាងណាក្ដី ព្រះហឫទ័យរបស់ព្រះយេហូវ៉ាបានសម្រេច។ សាវ័កប៉ុលបានពន្យល់អំពីទស្សនៈរបស់ព្រះ យេហូវ៉ាចំពោះផារ៉ោនថា៖ «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី»។—រ៉ូម ៩:១៧
១៤ រាប់រយឆ្នាំក្រោយពួកអ៊ីស្រាអែលបានត្រូវរំដោះចេញពីអំណាចរបស់ផារ៉ោន ព្យាការីអេសាយបានប្រកាសថា៖ «ឱព្រះយេហូវ៉ាអើយ! ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ។ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន។ យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា»។ (អេសាយ ៦៤:៨) ពេលយើងអនុញ្ញាតឲ្យព្រះយេហូវ៉ាកែតម្រង់យើងតាមរយៈកម្មវិធីសិក្សាផ្ទាល់ខ្លួន និងការធ្វើតាមព្រះបន្ទូលរបស់ទ្រង់ យើងក៏ក្លាយជាមនុស្សថ្មីដោយបំពាក់បុគ្គលិកលក្ខណៈថ្មីជាបណ្ដើរៗ។ យើងក្លាយជាមនុស្សដែលមានចិត្តរាបទាបជាងមុន ហើយមានចិត្តទន់កែប្រែតាម។ ជាលទ្ធផល យើងមិនមានការពិបាកក្នុងការបង្ហាញភាពស្មោះត្រង់ដោយកាន់ខ្ជាប់នឹងព្រះយេហូវ៉ា ពីព្រោះយើងចង់ផ្គាប់ព្រះហឫទ័យទ្រង់យ៉ាងស្មោះអស់ពីចិត្ត។—អេភេសូរ ៤:២៣, ២៤; កូល៉ុស ៣:៨-១០
«[ចូរ]ប្រាប់ពីការទាំងនោះ»
១៥. យោងទៅតាមចោទិយកថា ៤:៩ តើម៉ូសេរំលឹកពួកអ៊ីស្រាអែលថា ពួកគេមានភារកិច្ចពីរយ៉ាងអ្វី?
១៥ ពេលពួកអ៊ីស្រាអែលហៀបនឹងចូលទៅក្នុងស្រុកសន្យា ម៉ូសេប្រាប់ដល់បណ្ដាជនដែលបានជួបជុំគ្នានៅទីនោះថា៖ «ត្រូវឲ្យឯងរាល់គ្នាប្រយ័តខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែកឯងបានឃើញ ហើយក្រែងនៅក្នុងជីវិតឯងការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ។ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ»។ (ចោទិយកថា ៤:៩) ប្រជាជនអ៊ីស្រាអែលត្រូវបំពេញភារកិច្ចពីរយ៉ាងចំពោះព្រះយេហូវ៉ា ទើបពួកគេអាចទទួលពរពីទ្រង់និងមានភាពចម្រុងចម្រើនក្នុងស្រុកដែលគេនឹងទទួលជាមត៌កនោះ។ គប្បីកុំឲ្យពួកអ៊ីស្រាអែលភ្លេចអស់ទាំងការដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើនៅចំពោះភ្នែកគេ ហើយពួកគេក៏ត្រូវបង្រៀនអំពីការទាំងនោះដល់កូនចៅតំណតៗគ្នាផងដែរ។ ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ យើងក៏ត្រូវធ្វើដូច្នេះដែរ បើចង់‹រើសយកជីវិតដើម្បីឲ្យបានរស់នៅ›។ តើភ្នែកយើងបានឃើញព្រះយេហូវ៉ាធ្វើអ្វីខ្លះដើម្បីជួយយើង?
១៦, ១៧. (ក) តើពួកសាសនទូតដែលរៀននៅសាលាគីលាតបានសម្រេចការអ្វីខ្លះក្នុងកិច្ចបម្រើផ្សាយសារព្រះរាជាណាចក្ររបស់ព្រះ? (ខ) តើអ្នកស្គាល់បងប្អូនណាខ្លះដែលជាគំរូក្នុងកិច្ចបម្រើដោយឥតរសាយចិត្តខ្នះខ្នែង?
១៦ យើងមានចិត្តរីករាយពេលដែលយើងឃើញថា ព្រះយេហូវ៉ាកំពុងតែប្រទានពរលើកិច្ចការដែលយើងធ្វើក្នុងការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ តាំងពីកំណើតសាលាព្រះគម្ពីរគីលាតនៃសមាគមប៉មយាមនៅឆ្នាំ១៩៤៣ ពួកសាសនទូតបាននាំមុខក្នុងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សនៅឯប្រទេសជាច្រើន។ បងប្អូនខ្លះដែលចូលសាលាគីលាតពីដើមមក ឥឡូវមានវ័យចាស់ណាស់ហើយ ក៏ខ្វះកម្លាំងកាយនិងមានសុខភាពទ្រុឌទ្រោមផង។ យ៉ាងណាក៏ដោយ ពួកគាត់នៅតែមានចិត្តខ្នះខ្នែងក្នុងការផ្សព្វផ្សាយសារព្រះរាជាណាចក្ររបស់ព្រះរហូតមកដល់សព្វថ្ងៃនេះ។ បងស្រីមេរី អូលសុនជាគំរូល្អមួយដែលចេញពីសាលាគីលាតនៅឆ្នាំ១៩៤៤។ បងស្រីបានបម្រើជាសាសនទូតនៅប្រទេសអ៊ុយរុយហ្គាយមុនបង្អស់ ហើយក្រោយមកនៅប្រទេសកូឡុំប៊ី និងសព្វថ្ងៃនេះនៅកោះព័រតូរីកូ។ ទោះជាបងស្រីមេរីមានបញ្ហាសុខភាពដោយសារវ័យចំណាស់របស់គាត់ក្ដី បងស្រីនៅតែមានចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយរបស់គាត់។ បងស្រីមេរីនៅតែចេះនិយាយភាសាអេស្ប៉ាញនៅឡើយ ហើយគាត់កំណត់ពេលរាល់សប្ដាហ៍ដើម្បីចូលរួមជាមួយបងប្អូនអ្នកផ្សាយឯទៀតក្នុងកិច្ចបម្រើផ្សាយ។
១៧ បងស្រីនេនស៊ី ភធើបានចេញពីសាលាគីលាតនៅឆ្នាំ១៩៤៧ ហើយនៅតែធ្វើកិច្ចបម្រើផ្សាយនៅកោះបាហាម៉ានៅឡើយ ទោះជាគាត់ជាស្រីមេម៉ាយក៏ដោយ។ បងស្រីនេនស៊ីជាសាសនទូតម្នាក់ដែលតែងតែរវល់ក្នុងកិច្ចការផ្សព្វផ្សាយ។ បងស្រីមានប្រសាសន៍ថា៖ «ការបង្រៀនមនុស្សនូវសេចក្ដីពិតពីព្រះគម្ពីរជាអ្វីដែលនាំឲ្យខ្ញុំមានអំណរដ៏ពិសេស។ ការបង្រៀនអ្នកដទៃតែងបង្ខំខ្ញុំឲ្យមានកាលវិភាគល្អខាងវិញ្ញាណដែលជួយខ្ញុំមានរបៀបរៀបរយនិងភាពនឹងនរក្នុងជីវិត»។ ពេលដែលបងស្រីនេនស៊ីនិងបងប្អូនឯទៀតដែលមានចិត្តស្មោះភក្ដីគិតពិចារណាអំពីប្រវត្ដិជីវិតរបស់ខ្លួន ពួកគាត់មិនភ្លេចសោះនូវអ្វីៗដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកគាត់។ ចុះយ៉ាងណាចំពោះយើងវិញ? តើយើងមានចិត្តកតញ្ញូចំពោះពរដែលព្រះយេហូវ៉ាប្រទានលើកិច្ចការផ្សាយព្រះរាជាណាចក្ររបស់ទ្រង់នៅតំបន់របស់យើងឬទេ?—១៨. តើយើងអាចរៀនអ្វីខ្លះពីការពិចារណាប្រវត្ដិជីវិតនៃបងប្អូនដែលមានចិត្តស្មោះភក្ដី?
១៨ យើងត្រេកអរណាស់ចំពោះអ្វីដែលបងប្អូនវ័យចាស់បានធ្វើ ហើយកំពុងតែធ្វើនៅឡើយ។ ការពិចារណាប្រវត្ដិជីវិតរបស់ពួកគាត់តែងតែលើកទឹកចិត្តយើង ពីព្រោះពេលយើងឃើញនូវអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីជួយបងប្អូនដែលមានចិត្តស្មោះភក្ដីនោះ នេះក៏ជំរុញឲ្យយើងតាំងចិត្តបម្រើព្រះយេហូវ៉ាតទៅទៀតដែរ។ តើអ្នកគិតពិចារណាជាញឹកញាប់ពីបទពិសោធន៍ដ៏អស្ចារ្យរបស់បងប្អូនវ័យចាស់ឬទេ?
១៩. ចំពោះមាតាបិតាដែលជឿលើព្រះយេស៊ូ តើគាត់អាចប្រើប្រវត្ដិជីវិតរបស់បងប្អូនដែលមានចិត្តស្មោះភក្ដីបានយ៉ាងណា?
១៩ ម៉ូសេបានរំលឹកពួកអ៊ីស្រាអែលកុំឲ្យភ្លេចអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកគេ ហើយកុំឲ្យការទាំងនោះឃ្លាតចេញពីចិត្តគេអស់មួយជីវិតឡើយ។ ក្រោយមក ម៉ូសេបានបន្ថែមចំណុចមួយទៀតថា៖ «ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ»។ (ចោទិយកថា ៤:៩) ប្រវត្ដិជីវិតរបស់បងប្អូនឯទៀតតែងតែជំរុញចិត្តយើងណាស់ ហើយប្អូនៗយុវជនយុវតីត្រូវការគំរូល្អក្នុងកំលុងវ័យលូតលាស់របស់ខ្លួន។ បងប្អូនស្រីៗដែលមិនទាន់រៀបការអាចទាញយកមេរៀនពីគំរូរបស់បងស្រីៗវ័យចាស់ដែលមានចិត្តស្មោះត្រង់។ បងប្អូនទាំងប្រុសទាំងស្រីក៏មានឱកាសចម្រើនកិច្ចបម្រើក្នុងប្រទេសដែលពួកគេរស់នៅ ដោយរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលនិយាយភាសាផ្សេង។ ចំពោះមាតាបិតាទាំងឡាយ សូមរៀបរាប់បទពិសោធន៍របស់ពួកសាសនទូតដែលបានរៀននៅសាលាគីលាតនិងបងប្អូនឯទៀត ដើម្បីលើកទឹកចិត្តកូនឲ្យសម្រេចចិត្តរើសយកកិច្ចបម្រើពេញពេល។
២០. តើយើងត្រូវធ្វើអ្វីដើម្បី«រើសយកជីវិត»?
២០ សរុបសេចក្ដីទៅ តើយើងម្នាក់ៗអាច«រើសយកជីវិត»ដោយរបៀបណា? យើងអាចរើសយកជីវិតបាន ដោយប្រើចិត្តសេរីដែលព្រះយេហូវ៉ាប្រទានជាអំណោយពរ ដើម្បីបង្ហាញថាយើងស្រឡាញ់ទ្រង់។ យើងក៏រើសយកជីវិតដោយព្យាយាមអស់ពីសមត្ថភាពជានិច្ចក្នុងកិច្ចបម្រើទ្រង់ដរាបណាដែលទ្រង់អនុញ្ញាតឲ្យយើងមានឯកសិទ្ធិនេះ។ «ដ្បិត»ដូចម៉ូសេមានប្រសាសន៍ថា ព្រះយេហូវ៉ា«ជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯង»។—ចោទិយកថា ៣០:១៩, ២០
តើអ្នកចាំទេ?
• ពេលពិចារណាមើលគំរូដែលបង្ហាញអំពីការសម្រេចចិត្តរើសយកផ្លូវខុសស្រឡះពីគ្នា តើអ្នកបានរៀនអ្វី?
• តើការ«រើសយកជីវិត»តម្រូវឲ្យយើងធ្វើតាមជំហានសំខាន់អ្វីខ្លះ?
• តើយើងបានត្រូវដាស់តឿនឲ្យបំពេញភារកិច្ចពីរយ៉ាងអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៨]
‹អញបានដាក់ជីវិតនឹងសេចក្ដីស្លាប់នៅមុខឯងរាល់គ្នា›
[រូបភាពនៅទំព័រ៣១]
ដោយការស្ដាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ណូអេបានសង្គ្រោះក្រុមគ្រួសាររបស់គាត់
[រូបភាពនៅទំព័រ៣២]
បងស្រីមេរី អូលសុន
[រូបភាពនៅទំព័រ៣២]
បងស្រីនេនស៊ី ភធើ