លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកប្រុងប្រៀបជាស្រេចដើម្បីរួចរស់ជីវិតទេ?

តើអ្នកប្រុងប្រៀបជាស្រេចដើម្បីរួចរស់ជីវិតទេ?

តើ​អ្នក​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​រួច​រស់​ជីវិត​ទេ?

​«ត្រូវ​ឲ្យ​ឯង​នឹង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពីព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ»។—លោកុប្បត្តិ ៧:១

១ នៅ​សម័យ​ណូអេ តើ​ព្រះ​យេហូវ៉ា​រៀបចំ​សំវិធានការ​អ្វី​ដើម្បី​ឲ្យ​មនុស្ស​រួច​រស់​ជីវិត?

នៅ​សម័យ​លោក​ណូអេ ព្រះ​យេហូវ៉ា​«បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិឡល្មើស» ប៉ុន្តែ​ទ្រង់​ក៏​បាន​រៀបចំ​សំវិធានការ​មួយ​ដើម្បី​ឲ្យ​ពួក​គេ​រួច​រស់​ជីវិត។ (ពេត្រុសទី២ ២:៥) ព្រះ​ពិត​បាន​ជូន​ការ​ណែនាំ​ជាក់លាក់​ដល់​ណូអេ​ដែល​ជា​មនុស្ស​សុចរិត ស្តី​អំពី​របៀប​កសាង​ទូក​ធំ​ដើម្បី​សង្គ្រោះ​ជីវិត​ពួក​គេ​ឲ្យ​រួច​ពី​ទឹក​ជំនន់​ដែល​លិច​ផែនដី​ទាំង​មូល។ (លោកុប្បត្តិ ៦:១៤​-​១៦) «ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់» ពីព្រោះ​គាត់​ជា​អ្នក​បម្រើ​ដែល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ប្រាកដ​ហើយ «គាត់​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់»។ មូលហេតុ​មួយ​ដែល​យើង​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​ព្រោះ​ណូអេ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។—លោកុប្បត្តិ ៦:២២

២, ៣​. (ក) តើ​មនុស្ស​នៅ​សម័យ​ណូអេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​ដែល​លោក​ធ្វើ? (ខ) តើ​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​ដោយ​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្វី?

ការ​កសាង​ទូក​ធំ​នោះ មិន​ជា​ការ​ងាយ​ស្រួល​ទេ។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​បាន​កោត​ស្ងើច​ចំពោះ​កិច្ចការ​ដែល​ណូអេ​និង​ក្រុម​គ្រួសារ​គាត់​កំពុង​តែ​ធ្វើ តែ​នេះ​មិន​ផ្ដល់​ហេតុ​គ្រប់គ្រាន់​ទេ ឲ្យ​គេ​ជឿ​ថា​ត្រូវ​ចូល​ទៅ​ក្នុង​ទូក​ធំ​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​លែង​មាន​ព្រះទ័យ​អត់ធ្មត់​ទៀត​ចំពោះ​របប​លោកិយ​ដ៏​អាក្រក់​នោះ។—លោកុប្បត្តិ ៦:៣; ពេត្រុសទី១ ៣:២០

ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ធ្វើ​កិច្ចការ​សំណង់​យ៉ាង​នឿយ​ហត់​អស់​ប៉ុន្មាន​សិប​ឆ្នាំ រួច​មក​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ត្រូវ​ឲ្យ​ឯង​នឹង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពីព្រោះ​ក្នុង​មនុស្ស​ជាន់​នេះ​អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ»។ ដោយ​មាន​ជំនឿ​និង​ទំនុក​ចិត្ត​ទៅ​លើ​បន្ទូល​របស់​ព្រះ​យេហូវ៉ា «ណូអេ​ព្រម​ទាំង​ប្រពន្ធ​កូន​នឹង​កូន​ប្រសា​ស្រី​គាត់​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក»។ រួច​មក ព្រះ​យេហូវ៉ា​បាន​បិទ​ទ្វារ​ទូក​ដើម្បី​ការពារ​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់។ ពេល​ទឹក​បាន​ជន់​លិច​ផែនដី ទូក​ធំ​នោះ​ជា​សំវិធានការ​ពី​ព្រះ​យេហូវ៉ា​ដែល​មនុស្ស​ពឹងផ្អែក​ដើម្បី​ឲ្យ​រួច​រស់​ជីវិត។—លោកុប្បត្តិ ៧:១, ៧, ១០, ១៦

ស្ថានភាព​សព្វ​ថ្ងៃ​ដូច​សម័យ​លោក​ណូអេ

៤, ៥​. (ក) តើ​ព្រះ​យេស៊ូ​ប្រៀបធៀប​គ្រា​វត្តមាន​របស់​ទ្រង់​ទៅ​នឹង​សម័យ​ណា? (ខ) តើ​សម័យ​យើង​នេះ​មាន​ស្ថានភាព​អ្វី​ដូច​នឹង​សម័យ​ណូអេ?

«កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ»។ (ម៉ាថាយ ២៤:៣៧) ព្រះ​យេស៊ូ​មាន​បន្ទូល​នេះ​ដើម្បី​បញ្ជាក់​ថា ពិភពលោក​នេះ​ត្រូវ​មាន​ស្ថានភាព​ដូច​សម័យ​ណូអេ ពេល​ដែល​ទ្រង់​មាន​វត្តមាន​ដ៏​មើល​មិន​ឃើញ។ ហើយ​នេះ​បាន​កើត​ឡើង​មែន! ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៩ មាន​សារ​ព្រមាន​មួយ​បាន​ផ្សាយ​ដល់​មនុស្ស​នៅ​គ្រប់​ទាំង​សាសន៍ ដូច​សារ​ដែល​ណូអេ​បាន​ផ្សាយ​នោះ​ដែរ។ បើ​និយាយ​ជា​ទូទៅ មនុស្ស​មាន​ប្រតិកម្ម​ចំពោះ​សារ​នេះ​ដូច​មនុស្ស​នៅ​សម័យ​ណូអេ​ដែរ។

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​លោកិយ​នោះ​ដែល​«ពេញ​ជា​សេចក្ដី​កាច​សហ័ស»​ឬ​អំពើ​ឃោរឃៅ។ (លោកុប្បត្តិ ៦:១៣) មនុស្ស​ទាំង​ឡាយ​បាន​ឃើញ​ច្បាស់​លាស់​ថា ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​មិន​ឃោរឃៅ​ដូច​មនុស្ស​ដទៃ​ទេ តែ​បាន​កសាង​ទូក​ធំ​ដោយ​ចង់​បាន​តែ​សេចក្ដី​សុខ​ប៉ុណ្ណោះ។ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ល្អ​ក៏​«ចេះ​ញែក​សេចក្ដី​សុចរិត​នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ​នឹង​មនុស្ស​ដែល​មិន​គោរព​ផង»។ (ម៉ាឡាគី ៣:១៨) មនុស្ស​ដែល​មិន​ចេះ​ប្រកាន់​នោះ តែង​តែ​កោត​ស្ងើច​ចំពោះ​ភាព​ទៀងត្រង់ ចិត្ត​សប្បុរស មេត្រីភាព​និង​ចិត្ត​ខ្នះខ្នែង​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​លក្ខណៈ​ទាំង​នេះ​សម្គាល់​រាស្ត្រ​របស់​ព្រះ​ជា​មនុស្ស​ប្លែក​ពី​លោកិយ​នេះ។ ពួក​ស្មរបន្ទាល់​បដិសេធ​អំពើ​ឃោរឃៅ​គ្រប់​បែប​យ៉ាង ហើយ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ដឹក​នាំ​ជីវិត​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ស្មរបន្ទាល់​មាន​សេចក្ដី​សុខ​និង​មាន​របៀប​រស់​នៅ​ដ៏​សុចរិត។—អេសាយ ៦០:១៧

៦, ៧​. (ក) តើ​មនុស្ស​នៅ​សម័យ​ណូអេ​មិន​បាន​ទទួល​ស្គាល់​អ្វី? នៅ​សព្វ​ថ្ងៃ​នេះ តើ​មាន​ស្ថានភាព​ដូច​គ្នា​បែប​ណា? (ខ) សូម​ប្រាប់​ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​លោកិយ​នេះ។

មនុស្ស​នៅ​សម័យ​ណូអេ​មិន​ទទួល​ស្គាល់​ទេ ថា​លោក​កំពុង​តែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​កំពុង​តែ​គាំទ្រ​គាត់​វិញ។ ដូច្នេះ មនុស្ស​នៅ​សម័យ​នោះ​មិន​ចាត់​ទុក​សារ​ដែល​ណូអេ​ផ្សាយ​ដល់​គេ​ជា​រឿង​សំខាន់​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​តាម​ការ​ព្រមាន​នោះ​សោះ។ ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? ទោះបី​ជា​បណ្ដាជន​ជា​ច្រើន​កោត​ស្ងើច​ចំពោះ​កិច្ចការ​និង​កិរិយា​ល្អ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្ដី មនុស្ស​ភាគ​ច្រើន​មិន​ចាត់​ទុក​ដំណឹង​ល្អ​និង​ការ​ព្រមាន​ពី​ព្រះ​គម្ពីរ​ជា​រឿង​សំខាន់​ទេ។ និយោជក អ្នក​ជិត​ខាង​និង​ញាតិ​សន្ដាន​សរសើរ​គ្រីស្ទាន​ពិត​ដែល​មាន​គុណសម្បត្ដិ​ល្អៗ តែ​ដំណាល​គ្នា​នោះ​ក៏​និយាយ​ថា «ស្ដាយ​ណាស់​ដែល​ពួក​គេ​កាន់​សាសនា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា!»។ តែ​ពួក​អ្នក​ដែល​ស្រឡាញ់​គុណសម្បត្ដិ​ល្អ​របស់​ពួក​ស្មរបន្ទាល់​ក៏​មិន​យល់​ថា យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មេត្រីភាព ហើយ​មាន​ចិត្ត​សុភាព​និង​សប្បុរស ព្រម​ទាំង​ដឹង​ខ្នាត​ផង ដោយ​ព្រោះ​យើង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ​ជីវិត​របស់​ខ្លួន។ (កាឡាទី ៥:២២​-​២៥) តាម​ការ​ពិត គុណសម្បត្ដិ​ល្អៗ​ដែល​ពួក​ស្មរបន្ទាល់​បង្ហាញ​នេះ គួរ​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ជឿ​ទៅ​លើ​សារ​ដែល​យើង​ផ្សព្វផ្សាយ!

ជា​ឧទាហរណ៍ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​រុស្ស៊ី​កំពុង​កសាង​សាលព្រះរាជាណាចក្រ​មួយ​ខ្នង។ បុរស​ម្នាក់​បាន​ឆ្លៀត​និយាយ​ជា​មួយ​អ្នក​ធ្វើ​ការ​សំណង់​ម្នាក់​នៅ​ទី​នោះ​ថា​៖ «ការ​ដ្ឋាន​អ្វី​ចម្លែក​ម្ល៉េះ! ដ្បិត​គ្មាន​អ្នក​ណា​ជក់​បារី គ្មាន​ពាក្យ​ទ្រ​គោះ​បោះបោក​ហើយ​គ្មាន​នរណា​ស្រវឹង​ស្រា! អ្នក​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ​ឬ​អី?»។ អ្នក​ធ្វើ​ការ​សំណង់​បាន​សួរ​គាត់​វិញ​ថា​៖ «បើ​ខ្ញុំ​ឆ្លើយ​ថា យើង​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ តើ​លោក​ជឿ​ឬ​អត់?»។ បុរស​នោះ​ឆ្លើយ​ភ្លាម​ថា​៖ «អត់​ជឿ​ទេ!»។ ចៅហ្វាយ​ក្រុង​មួយ​ទៀត​នៅ​ប្រទេស​រុស្ស៊ី​ក៏​មាន​អារម្មណ៍​ស្ញប់ស្ញែង​ដែរ​ពេល​មើល​ពួក​ស្មរបន្ទាល់​កសាង​សាល​ព្រះ​រាជាណាចក្រ​ថ្មី។ ចៅហ្វាយ​ក្រុង​នោះ​មាន​ប្រសាសន៍​ថា ពី​មុន​គាត់​គិត​ថា​សាសនា​ទាំង​អស់​សុទ្ធតែ​ដូច​គ្នា តែ​ពេល​បាន​មើល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ការ​ដោយ​លះបង់​ប្រយោជន៍​ខ្លួន​ឯង​នេះ គាត់​លែង​គិត​ដូច្នេះ​ទៀត។ នេះ​ជា​ឧទាហរណ៍​ពីរ​ដែល​បង្ហាញ​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​ព្រះ​គម្ពីរ។

៨​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រួច​រស់​ជីវិត​ពី​ទីបញ្ចប់​នៃ​របប​លោកិយ​ដ៏​អាក្រក់​នេះ?

ក្នុង​កំលុង​គ្រា​ដែល​«លោកីយ​ពី​ចាស់​បុរាណ»​ហៀប​នឹង​ផុត​ទៅ​ដោយសារ​ទឹក​ជំនន់​នោះ ណូអេ​«ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត»​ដោយ​ចិត្ត​ស្មោះ​ភក្ដី។ (ពេត្រុសទី២ ២:៥) នៅ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកិយ​សម័យ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រកាស​ប្រាប់​ពី​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ ហើយ​ផ្សាយ​ដំណឹង​ល្អ​អំពី​លទ្ធភាព​រួច​រស់​ជីវិត​ដើម្បី​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មី។ (ពេត្រុសទី២ ៣:៩​-​១៣) ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​កោត​ខ្លាច​ព្រះ ហើយ​ត្រូវ​បាន​ការពារ​ក្នុង​ទូក​ធំ​នោះ! ដូច​គ្នា​ដែរ លទ្ធភាព​រួច​រស់​ជីវិត​នៅ​សព្វ​ថ្ងៃ​នេះ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​មាន​ជំនឿ​ស្មោះ​និង​ទំនាក់ទំនង​ទៀងទាត់​ជា​មួយ​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​របស់​ទ្រង់​ទូទាំង​សកលលោក។

ចាំបាច់​ត្រូវ​មាន​ជំនឿ​ដើម្បី​រួច​រស់​ជីវិត

៩, ១០​. ហេតុ​អ្វី​ក៏​ចាំបាច់​ត្រូវ​ឲ្យ​យើង​មាន​ជំនឿ​ដើម្បី​រួច​រស់​ជីវិត​ពី​ទីបញ្ចប់​នៃ​របប​លោកិយ​នេះ​របស់​សាតាំង?

តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រួច​រស់​ជីវិត​ពី​ការ​បំផ្លាញ​ចោល​របប​លោកិយ​នេះ​ដែល​ដេក​ក្នុង​ឱវាទ​ឬ​អំណាច​នៃ​សាតាំង? (យ៉ូហានទី១ ៥:១៩) មុន​ដំបូង មនុស្ស​ត្រូវ​ទទួល​ស្គាល់​ថា គេ​ត្រូវ​មាន​អ្វី​ការពារ​ខ្លួន។ រួច​មក គេ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​ការពារ​នោះ។ បណ្ដាជន​នៅ​សម័យ​ណូអេ​មាន​របៀប​រស់​នៅ​ធម្មតា​ហើយ​មិន​គិត​ថា គេ​ត្រូវ​ការ​អ្វី​ដើម្បី​ការពារ​ខ្លួន​ពី​មហន្តរាយ​ដែល​ជិត​ដល់​ទេ។ ពួក​គេ​ក៏​បាន​ខ្វះ​អ្វី​មួយ​ទៀត ពោល​គឺ​ខ្វះ​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។

១០ ផ្ទុយ​ទៅ​វិញ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ការ​នូវ​ការ​ការពារ​និង​សេចក្ដី​សង្គ្រោះ។ ពួក​គេ​ក៏​បាន​ប្រព្រឹត្ត​បែប​យ៉ាង​ណា​ដែល​បង្ហាញ​ពី​ជំនឿ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​មហាក្សត្រ​សកលលោក។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ[យេហូវ៉ា]បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ​មែន ហើយ​ថា​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ ប៉ុល​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ​ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត​ខ្លាច​បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត​ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរ​ដក​ដែរ»។—ហេព្រើរ ១១:៦, ៧

១១​. តើ​យើង​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់​នៅ​សម័យ​បុរាណ?

១១ បើ​យើង​ចង់​រួច​រស់​ជីវិត​ពី​ទីបញ្ចប់​នៃ​របប​លោកិយ​អាក្រក់​នេះ ការ​ជឿ​ប៉ុណ្ណោះ​ថា​របស់​ទាំង​នេះ​នឹង​វិនាស​ទៅ គឺ​មិន​គ្រប់គ្រាន់​ទេ។ យើង​ក៏​ត្រូវ​ប្រព្រឹត្ត​បែប​យ៉ាង​ណា​ដែល​បង្ហាញ​ពី​ជំនឿ​យើង ទាំង​ឆ្លៀត​យក​ប្រយោជន៍​ពី​សំវិធានការ​ដែល​ព្រះ​យេហូវ៉ា​រៀបចំ​ដើម្បី​ឲ្យ​យើង​រួច​រស់​ជីវិត។ ពិត​មែន យើង​ត្រូវ​បង្ហាញ​ពី​ជំនឿ​យើង​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​របស់​ព្រះ។ (យ៉ូហាន ៣:១៦, ៣៦) ក៏​ប៉ុន្តែ យក​ល្អ​យើង​គួរ​ចង​ចាំ​ថា មាន​តែ​ពួក​អ្នក​ដែល​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ​របស់​ណូអេ​ដែល​បាន​រួច​រស់​ជីវិត​ពេល​មាន​ទឹក​ជំនន់។ ស្រដៀង​គ្នា​ដែរ នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ បណ្ដាជន​ដែល​សម្លាប់​មនុស្ស​ម្នាក់​ដោយ​អចេតនា​អាច​រួច​ខ្លួន​បាន ដោយ​រត់​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​ពំនាក់​រហូត​ដល់​សម្ដេច​សង្ឃ​ទទួល​មរណភាព។ (ជនគណនា ៣៥:១១​-​៣២) នៅ​សម័យ​លោក​ម៉ូសេ សេចក្ដី​វេទនា​ទី១០​នៅ​ស្រុក​អេស៊ីប​បាន​សម្លាប់​កូន​ច្បង​របស់​ប្រជាជន​អេស៊ីប តែ​កូន​របស់​ពួក​អ៊ីស្រាអែល​បាន​រួច​ខ្លួន​វិញ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ថា​៖ «[ប្រជាជន​អ៊ីស្រាអែល]​ត្រូវ​យក​ឈាម[នៃ​កូន​ចៀម​សម្រាប់​បុណ្យ​រំលង]ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹមទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង។ . . . ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង»។ (និក្ខមនំ ១២:៧, ២២) ច្បាស់​ជា​គ្មាន​កូន​ច្បង​ណា​សោះ​របស់​ពួក​អ៊ីស្រាអែល​ហ៊ាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​បង្គាប់​របស់​ព្រះ​ដោយ​ចេញ​ពី​ផ្ទះ​ដែល​សម្គាល់​ដោយ​ឈាម​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង​ហើយ​លើ​ធ្នឹមទ្វារ មែន​ទេ?

១២​. តើ​យើង​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី? ហេតុ​អ្វី​ក៏​គួរ​សួរ​ខ្លួន​ឯង​ដូច្នេះ?

១២ នេះ​ហើយ​ផ្ដល់​ហេតុ​ឲ្យ​យើង​ចង់​គិត​វែង​ឆ្ងាយ​អំពី​ស្ថានភាព​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ តើ​យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​យើង​ខាង​វិញ្ញាណ​ឬ​ទេ? ពេល​គ្រា​វេទនា​យ៉ាង​ធំ​មក​ដល់ អស់​អ្នក​ដែល​ត្រូវ​ការពារ​បែប​នេះ​នឹង​ហៀរ​ទឹក​ភ្នែក​ដោយ​ចិត្ត​ពេញ​ទៅ​ដោយ​កតញ្ញូ​ធម៌​និង​អំណរ។ ចំពោះ​មនុស្ស​ឯ​ទៀត គេ​នឹង​ស្រក់​ទឹក​ភ្នែក​ដោយ​ចិត្ត​សង្រេង​ហើយ​សោក​ស្ដាយ​វិញ។

ការ​កែ​សម្រួល​ជា​បណ្ដើរៗ​ជួយ​យើង​ប្រុង​ប្រៀប​ខ្លួន

១៣​. (ក) តើ​ការ​កែ​សម្រួល​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​មាន​ប្រយោជន៍​អ្វី​ខ្លះ? (ខ) សូម​ពន្យល់​អំពី​ការ​កែ​សម្រួល​ខ្លះៗ​ដែល​មាន​ជា​បណ្ដើរៗ។

១៣ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ការ​កែ​សម្រួល​ជា​បណ្ដើរៗ​ក្នុង​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី។ សំវិធានការ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​យើង​ខាង​វិញ្ញាណ​បាន​ត្រូវ​ពង្រឹង​ហើយ​មាន​សោភ័ណភាព​និង​ភាព​នឹងនរ​ច្រើន​ជាង​ដោយសារ​ការ​កែ​សម្រួល​ផ្សេងៗ។ បន្ទាប់​ពី​ឆ្នាំ​១៨៧០ រហូត​ដល់​ឆ្នាំ​១៩៣២ បងប្អូន​ក្នុង​ក្រុមជំនុំ​បាន​បោះ​ឆ្នោត​រើស​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ។ នៅ​ឆ្នាំ​១៩៣២ ក្រុមជំនុំ​នានា​លែង​បោះ​ឆ្នោត​រើស​អ្នក​ចាស់​ទុំ​ទៀត តែ​បាន​បោះ​ឆ្នោត​រើស​គណៈ​កម្មាធិការ​ខាង​កិច្ច​បម្រើ​វិញ ដែល​មាន​ភារកិច្ច​ជួយ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​អង្គការ​យើង​តែងតាំង​ដើម្បី​ចាត់​ចែង​កិច្ចការ​ផ្សព្វផ្សាយ​ក្នុង​ក្រុមជំនុំ។ ក្នុង​កំលុង​ឆ្នាំ​១៩៣៨ អង្គការ​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​តែងតាំង​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ​នានា​ស្រប​ទៅ​តាម​គោលការណ៍​ព្រះ​គម្ពីរ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៧២ គណៈ​អភិបាល​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ឈ្មោះ​បងប្អូន​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ ហើយ​ក្រោយ​មក​បញ្ជូន​សំបុត្រ​ដល់​ក្រុមជំនុំ​នានា​ដើម្បី​តែងតាំង​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​សម​ស្រប​នឹង​គោលការណ៍​ព្រះ​គម្ពីរ។ ជា​បណ្ដើរៗ​គណៈ​អភិបាល​មាន​មុខ​នាទី​សំខាន់​ជាង​មុន ហើយ​ក៏​មាន​ការ​កែ​សម្រួល​ថែម​ទៀត​ដើម្បី​ជួយ​ពួក​គាត់​សម្រេច​ការ​នោះ។

១៤​. តើ​មាន​កម្មវិធី​បង្វឹក​បង្វឺន​អ្វី​ចាប់​ពី​ឆ្នាំ​១៩៥៩?

១៤ នៅ​ឆ្នាំ​១៩៥០ ការ​ពិចារណា​យ៉ាង​ហ្មត់ចត់​នូវ​បទ​ទំនុកដំកើង​ទី៤​៥:១៦ បាន​ជំរុញ​ឲ្យ​មាន​កម្មវិធី​បង្វឹក​បង្វឺន​តៗ​មក។ ខ​នោះ​ចែង​ថា​៖ «នាង​នឹង​បាន​ព្រះ​រាជ​បុត្រ​ជំនួស​ឪពុក ហើយ​នាង​នឹង​តាំង​ព្រះ​រាជ​បុត្រ​ទាំង​នោះ​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី»។ ពួក​អ្នក​ចាស់​ទុំ​ដែល​នាំ​មុខ​ក្នុង​ក្រុមជំនុំ​នានា​សព្វ​ថ្ងៃ​នេះ​កំពុង​ទទួល​ការ​បង្វឹក​បង្វឺន​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ មិន​ថា​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ក្រោយ​សង្គ្រាម​អើម៉ាគេដូន​ក្ដី។ (វិវរណៈ ១៦:១៤, ១៦) តាំង​ពី​ឆ្នាំ​១៩៥៩ មាន​សិក្ខា​សាលា​ថ្មី​ហៅ​ថា សាលា​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ។ ដំបូង​សាលា​នោះ​មាន​រយៈ​ពេល​មួយ​ខែ ហើយ​ច្រើន​តែ​មាន​ការ​ណែនាំ​ជូន​ចំពោះ​អ្នក​ចាស់​ទុំ​ដែល​បម្រើ​ជា​ប្រធាន​ដែល​សម័យ​នោះ​ហៅ​ថា​អ្នក​បម្រើ​ក្រុមជំនុំ។ ឥឡូវ សាលា​នេះ​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​អ្នក​ចាស់​ទុំ​និង​ពួក​អ្នក​ងារ​ជំនួយ​ទាំង​ឡាយ។ បន្ទាប់​មក បងប្អូន​ប្រុសៗ​ទាំង​នេះ​ខំ​បង្វឹក​បង្វឺន​ស្មរបន្ទាល់​ម្នាក់ៗ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុមជំនុំ​រៀងៗ​ខ្លួន។ យ៉ាង​នេះ បងប្អូន​ទាំង​ឡាយ​ទទួល​ជំនួយ​ខាង​វិញ្ញាណ​និង​ជំនួយ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—ម៉ាកុស ១៣:១០

១៥​. តើ​ភាព​បរិសុទ្ធ​នៃ​ក្រុមជំនុំ​គ្រីស្ទាន​បាន​ត្រូវ​រក្សា​ដោយ​របៀប​ពីរ​យ៉ាង​ណា​ខ្លះ?

១៥ បុគ្គល​ណា​ដែល​ចង់​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន ត្រូវ​តែ​បំពេញ​តាម​តម្រូវ​ការ​ខ្លះៗ។ គឺ​សម​ហេតុ​សម​ផល​មែន! ថា​មនុស្ស​ចំអក​មិន​មាន​សិទ្ធិ​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន ដូច​ជា​គ្មាន​មនុស្ស​ចំអក​ក្នុង​ទូក​ធំ​របស់​ណូអេ​ដែរ។ (ពេត្រុសទី២ ៣:៣​-​៧) ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩៥២ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​អនុវត្ត​តាម​អ្វី​ដែល​ពួក​គេ​យល់​ដឹង​កាន់​តែ​ច្បាស់​ស្តី​អំពី​របៀប​ការពារ​ក្រុមជំនុំ ពោល​គឺ ការ​បណ្ដាច់​មិត្តភាព​ជា​មួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ឥត​ប្រែ​ចិត្ត។ យ៉ាង​ណា​មិញ មនុស្ស​ដែល​ធ្វើ​បាប​តែ​ពិត​ជា​ប្រែ​ចិត្ត​វិញ ពួក​គេ​ទទួល​ជំនួយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​«ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សំរាប់​ជើង»​របស់​ខ្លួន។—ហេព្រើរ ១២:១២, ១៣; សុភាសិត ២៨:១៣; កាឡាទី ៦:១

១៦​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ស្ថានភាព​បែប​ណា​ខាង​វិញ្ញាណ?

១៦ គ្មាន​ហេតុ​ឆ្ងល់​អ្វី​ឡើយ ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ភាព​ចម្រុង​ចម្រើន​ខាង​វិញ្ញាណ ហើយ​នេះ​ក៏​មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ ដ្បិត​ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ព្យាការី​អេសាយ​ថា​៖ «មើល! ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង​ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ​យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ​គ្រា​វិញ»។ (អេសាយ ៦៥:១៣, ១៤) ព្រះ​យេហូវ៉ា​រមែង​ប្រទាន​អាហារ​ល្អ​ខាង​វិញ្ញាណ​ជា​បរិបូរ ហើយ​ទ្រង់​ប្រទាន​អាហារ​នោះ​តាម​ត្រូវ​ពេល​ដើម្បី​ឲ្យ​យើង​មាន​កម្លាំង​ខាង​វិញ្ញាណ​ជានិច្ច។—ម៉ាថាយ ២៤:៤៥

ចូរ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដើម្បី​រួច​រស់​ជីវិត​ត

១៧​. តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​ត្រៀម​លក្ខណៈ​ដើម្បី​រួច​រស់​ជីវិត?

១៧ សំខាន់​ជាង​មុនៗ​ទៅ​ទៀត ពេល​ឥឡូវ​នេះ​«ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក . . . នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ» ទាំង​«ឥត​លែង​ប្រជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ» តែ​«ត្រូវ​ឲ្យ[យើង]កំឡា​ចិត្ត​គ្នា​វិញ»។ (ហេព្រើរ ១០:២៣​-​២៥) ពេល​ដែល​យើង​មាន​សកម្មភាព​និង​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ក្រុមជំនុំ​ណា​មួយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​ចំនួន​ជាង​៩៨​.​០០០ នេះ​នឹង​ជួយ​យើង​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​រួច​រស់​ជីវិត។ បងប្អូន​ទាំង​នេះ​នឹង​ជួយ​យើង​ខំ​បណ្ដុះ​ឲ្យ​មាន​បុគ្គលិកលក្ខណៈ​របស់​«មនុស្ស​ថ្មី»។ ពួក​គាត់​ក៏​នឹង​ជា​ជំនួយ​ដែរ ពេល​ដែល​យើង​ព្យាយាម​អស់​ពី​ចិត្ត​ក្នុង​ការ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​រៀន​អំពី​សំវិធានការ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។—អេភេសូរ ៤:២២​-​២៤; កូល៉ុស ៣:៩, ១០; ធីម៉ូថេទី១ ៤:១៦

១៨​. ហេតុ​អ្វី​ក៏​អ្នក​បាន​តាំង​ចិត្ត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ក្រុមជំនុំ​គ្រីស្ទាន?

១៨ សាតាំង​និង​របប​លោកិយ​អាក្រក់​ជួរ​ជាតិ​របស់​វា​ចេះ​តែ​ចង់​ទាក់​ចិត្ត​ទាញ​យើង​ឲ្យ​ចាក​ចេញ​ពី​ក្រុមជំនុំ​គ្រីស្ទាន។ យ៉ាង​ណា​ក៏​ដោយ យើង​អាច​នៅ​ជាប់​នឹង​ក្រុមជំនុំ​គ្រីស្ទាន​បាន ហើយ​ក៏​អាច​រួច​រស់​ជីវិត​ផុត​ពី​ទីបញ្ចប់​នៃ​របប​លោកិយ​អាក្រក់​នេះ​បាន​ដែរ។ ចូរ​ឲ្យ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចិត្ត​កតញ្ញូ​ចំពោះ​សំវិធានការ​របស់​ទ្រង់​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ជំរុញ​យើង​ឲ្យ​ប្ដេជ្ញា​កាន់​តែ​ខ្លាំង​ក្នុង​ការ​ទប់ទល់​នឹង​មធ្យោបាយ​របស់​សាតាំង។ ការ​រំពឹង​គិត​អំពី​ពរ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​ធ្វើ​ដូច្នេះ​ដែរ។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិភាក្សា​អំពី​ពរ​ខ្លះៗ​ទាំង​នេះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​សម័យ​យើង​និង​សម័យ​ណូអេ​មាន​ស្ថានភាព​ដូច​គ្នា​អ្វី​ខ្លះ?

តើ​ចាំបាច់​ត្រូវ​ឲ្យ​យើង​មាន​គុណសម្បត្ដិ​អ្វី​ដើម្បី​រួច​រស់​ជីវិត?

តើ​មាន​ការ​កែ​សម្រួល​ជា​បណ្ដើរៗ​អ្វី​ខ្លះ​ដែល​បាន​ពង្រឹង​សំវិធានការ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​យើង?

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​រួច​រស់​ជីវិត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៣]

មនុស្ស​នៅ​សម័យ​ណូអេ​មិន​ចាត់​ទុក​សារ​របស់​គាត់​ជា​រឿង​សំខាន់​ទេ

[រូបភាព​នៅ​ទំព័រ​១៤]

គប្បី​ឲ្យ​យើង​ចាត់​ទុក​ការ​ព្រមាន​ពី​ព្រះ​យេហូវ៉ា​ជា​រឿង​សំខាន់

[រូបភាព​នៅ​ទំព័រ​១៥]

តើ​សាលា​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​មាន​គោល​ដៅ​អ្វី?

[រូបភាព​នៅ​ទំព័រ​១៦]

ពេល​ឥឡូវ​នេះ ចូរ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ក្រុមជំនុំ​គ្រីស្ទាន