បានត្រូវបោះបង់ពេលមានវ័យចាស់
បានត្រូវបោះបង់ពេលមានវ័យចាស់
ឆ្មាំម្នាក់ដើរល្បាតពេលយប់មិនបានគិតថានឹងជួបអ្វីមួយដ៏គួរឲ្យរន្ធត់សោះ។ ក៏ប៉ុន្តែនៅប្លុកផ្ទះល្វែងដ៏ប្រណីតមួយ គាត់បានឃើញសាកសពពីរ គឺស្វាមីភរិយាវ័យចាស់មួយគូ ដែលបានលោតតាមបង្អួចបន្ទប់របស់គាត់នៅជាន់ទី៨។ ការដែលពួកគាត់សម្លាប់ខ្លួននោះនាំឲ្យភ្ញាក់ផ្អើលហើយ រីឯមូលហេតុដែលពួកគាត់បានសម្លាប់ខ្លួនរឹតតែធ្វើឲ្យភ្ញាក់ផ្អើលថែមទៀត។ កូនសំបុត្រតូចមួយដែលគេរកឃើញនៅក្នុងហោប៉ៅសពដែលជាស្វាមីចែងថា៖ «យើងបញ្ចប់ជីវិតដោយសារកូនប្រុសរបស់យើងនិងកូនប្រសាស្រីធ្វើបាបយាយីយើងជាប្រចាំ»។
រឿងនេះប្រហែលជាមិនធម្មតាមែន តែគួរឲ្យសោកស្ដាយណាស់ដើមហេតុ នៃរឿងរ៉ាវបែបនេះកើតមានឡើងជារឿយៗ ដ្បិត ការធ្វើបាបមនុស្សវ័យចាស់កើតមានស្ទើរតែពាសពេញផែនដីទៅហើយ។ សូមពិចារណាឧទាហរណ៍ដូចតទៅនេះ:
• យោងតាមអ្នកស្រាវជ្រាវ បួនភាគរយនៃជនជាតិកាណាដាដែលមានវ័យចាស់ ធ្លាប់បានត្រូវធ្វើបាបឬឆ្លៀតកេងយកប្រយោជន៍ ក្នុងករណីភាគច្រើនពីសមាជិកក្រុមគ្រួសារ។ ក៏ប៉ុន្តែ មនុស្សវ័យចាស់ភាគច្រើនខ្មាសឬខ្លាចពួកគេជ្រុលពេក មិនហ៊ាននិយាយអំពីស្ថានភាពដ៏លំបាករបស់ពួកគាត់ទេ។ ក្រុមអ្នកស្រាវជ្រាវនិយាយថាការពិតមានប្រហែលជិត១០ភាគរយឯណោះ។
• ទស្សនាវដ្ដីឥណ្ឌាមួយចែងថា៖ «ប្រជាជាតិឥណ្ឌា បើមើលសម្បកក្រៅឃើញថាចំណងគ្រួសារស្អិតរមួតខ្លាំងណាស់ តែតាមការពិតកំពុងមានភាពបែកបាក់ស្រុតចុះ ដោយការកើនឡើងនូវចំនួនមនុស្សវ័យចាស់ដែលកូនៗធ្វើបាបហើយបោះបង់»។—India Today
• យោងទៅតាមការប៉ាន់ស្មានត្រឹមត្រូវជាងគេមួយ «ជនជាតិអាម៉េរិកាំងពីមួយលានទៅពីរលាននាក់ដែលមានអាយុ៦៥ឆ្នាំឬច្រើនជាង បានត្រូវធ្វើបាបឬឆ្លៀតកេងយកប្រយោជន៍ដោយវិធីផ្សេងៗ ពីសំណាក់អ្នកថែទាំឬការពារពួកគាត់»។ (National Center on Elder Abuse) មេធាវីម្នាក់នៅទីក្រុងសានឌីយ៉េហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា ចាត់ទុកការធ្វើបាបមនុស្សវ័យចាស់«ជាបញ្ហាមួយដ៏ធ្ងន់ធ្ងរបំផុតដែលបង្កឲ្យមានលំបាកដល់ការពួកនគរបាលបច្ចុប្បន្ននេះ»។ លោកបន្ថែមថា៖ «ខ្ញុំគិតថាបញ្ហានេះនឹងកើនឡើងថែមទៀតក្នុងរយៈបីបួនឆ្នាំខាងមុខនេះ»។
• នៅខែនថឺបារី ប្រទេសនូវ៉ែលហ្សេឡង់ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សមាជិកក្រុមគ្រួសារកំពុងតែសំដៅធ្វើបាបទៅលើសមាជិកដែលជាវ័យចាស់ ដោយសារទ្រព្យសម្បត្ដិរបស់ពួកគាត់។ ជាពិសេសពីសំណាក់សមាជិកក្រុមគ្រួសារដែលប្រើគ្រឿងញៀន ប្រមឹក ឬលេងល្បែងស៊ីសង។ សេចក្ដីរាយការណ៍អំពីករណីមនុស្សវ័យចាស់ដែលត្រូវគេធ្វើបាបនៅទីក្រុងខែនថឺបារីបានកើនឡើងយ៉ាងច្រើន ពី៦៥នៅឆ្នាំ២០០២ ដល់១០៧នៅឆ្នាំ២០០៣។ នាយកការិយាល័យនៃអង្គការមួយដែលត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ការធ្វើបាបមនុស្សវ័យចាស់មានប្រសាសន៍ថាចំនួននេះគ្រាន់តែជាមួយភាគតូចប៉ុណ្ណោះ«បើប្រៀបធៀបទៅនឹងចំនួនពិតប្រាកដនៃពួកអ្នកដែលកំពុងតែរងគ្រោះដ៏ច្រើនលើសលុប»។
• សហព័ន្ធសមាគមមេធាវីមួយ (Japan Federation of Bar Associations) ជូនឱវាទ ដែលទស្សនាវដ្ដីជប៉ុនបានដក ស្រង់ថា៖ «មនុស្សវ័យចាស់ដែលត្រូវធ្វើបាប សមទទួលការយកចិត្តទុកដាក់ច្រើនជាងជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារឬក្មេងដែលត្រូវរំលោភទៅទៀត»។ (The Japan Times) ហេតុអ្វី? ទស្សនាវដ្ដីនោះបញ្ជាក់មូលហេតុមួយថា៖ «បើប្រៀបធៀបជាមួយក្មេងឬស្វាមីឬភរិយាដែលត្រូវធ្វើបាប ការធ្វើបាបមនុស្សវ័យចាស់មិនងាយដឹងបាន ដោយហេតុមួយថា មនុស្សវ័យចាស់គិតថាមកពីរូបគាត់បានជាកូនចៅធ្វើបាប ហើយក៏ដោយសាររដ្ឋាភិបាលនិងអ្នកចាត់ចែងកិច្ចការរដ្ឋបាលតាមតំបន់មិនទាន់បានដោះស្រាយបញ្ហានោះឲ្យមានលទ្ធផលជាដុំកំភួន»។
ឧទាហរណ៍មួយចំនួននេះស្តីអំពីការដែលកើតឡើងនៅជុំវិញពិភពលោកបណ្ដាលឲ្យយើងសួរសំណួរថា ហេតុអ្វីបានជាមនុស្សវ័យចាស់ច្រើនម្ល៉េះបានត្រូវធ្វើបាបហើយបោះបង់? តើមានសេចក្ដីសង្ឃឹមអ្វីដែលនឹងជួយឲ្យស្ថានភាពនេះបានល្អប្រសើរឡើង? តើអ្វីអាចជួយសម្រាលទុក្ខអ្នកដែលមានវ័យចាស់?