លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ា«រមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត»

ព្រះយេហូវ៉ា«រមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត»

ព្រះ​យេហូវ៉ា​«រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត»

​«តាំង​តែ​ពីដើម​ដំបូង អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ»។—អេសាយ ៤៦:១០

១, ២​. ហេតុ​អ្វី​ព្រឹត្ដិការណ៍​ទាក់ទង​នឹង​ការ​វាយ​លុក​ទី​ក្រុង​បាប៊ីឡូន​គឺ​អស្ចារ្យ​ម្ល៉េះ? តើ​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

នៅ​ពេល​យប់​ជ្រៅ ពួក​ទ័ព​ទាំង​ឡាយ​បាន​លប​ចូល​តាម​បាទ​ទន្លេ​អ៊ើប្រាត​ដោយ​សម្ងាត់ ឆ្ពោះ​ទៅ​រក​គោល​ដៅ គឺ​ការ​ទន្ទ្រាន​ចូល​ទី​ក្រុង​ដ៏​មហិមា​និង​មាំមួន​ឈ្មោះ​បាប៊ីឡូន។ កាល​ឈាន​ទៅ​ដល់​ច្រក​ចូល​ទី​ក្រុង ពួក​ទ័ព​ប្រទះ​ឃើញ​អ្វី​ដែល​គេ​នឹក​មិន​ដល់​ទេ ពោល​គឺ ទ្វារ​ធំធេង​ទាំង​ពីរ​នៃ​កំ​ពែង​ទី​ក្រុង​បាប៊ីឡូន​បាន​ត្រូវ​ទុក​ចំហ! ពួក​ទ័ព​ឡើង​ចេញ​ពី​បាត​ទន្លេ​ហើយ​ចូល​រុក​រាន​ទម្លាយ​ទី​ក្រុង​ភ្លាមៗ។ លោក​ស៊ី​រូស​ជា​មេ​ដឹក​នាំ​ទ័ព​ទាំង​នោះ ហើយ​គាត់​ឡើង​កាន់​អំណាច​ជា​សម្រេច​លើ​ទឹក​ដី​ទាំង​មូល​ដែល​គាត់​បង្ក្រាប​នោះ ព្រម​ទាំង​ចេញ​បង្គាប់​ឲ្យ​ដោះ​លែង​ពួក​អ៊ីស្រាអែល​ដែល​បាន​ឃុំ​ទុក​នៅ​ទី​នោះ។ ជា​លទ្ធផល ពួក​និរទេស​រាប់​ពាន់​នាក់​បាន​ត្រឡប់​ទៅ​ស្រុក​វិញ ដើម្បី​ស្ថាបនា​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​នៅ​ទី​ក្រុង​យេរូសាឡិម។—របាក្សត្រទី២ ៣៦:២២, ២៣; អែសរ៉ា ១:១​-​៤

ពួក​អ្នក​ប្រវត្ដិវិទូ​យល់​ស្រប​ថា ពិត​ជា​មាន​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង​នៅ​ឆ្នាំ​៥៣៩​-​៥៣៧ មុនគ.ស.។ ប៉ុន្តែ អ្វី​ដែល​អស្ចារ្យ​បំផុត​គឺ​ថា ព្រឹត្ដិការណ៍​ទាំង​នោះ​បាន​ត្រូវ​លាត​ត្រដាង​ឲ្យ​ដឹង​ប្រមាណ​២០០​ឆ្នាំ​មុន​នោះ​ទៅ​ទៀត។ យូរ​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការី​របស់​ទ្រង់​ឈ្មោះ​អេសាយ ពណ៌នា​អំពី​ការ​រលំ​នៃ​ទី​ក្រុង​បាប៊ីឡូន។ (អេសាយ ៤៤:២៤​–​៤៥:៧) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បើក​សម្ដែង​ឲ្យ​ដឹង​អំពី​កាលៈទេសៈ​ប៉ុណ្ណោះ​ដែល​ទាក់ទង​នឹង​ការ​វាយ​លុក​ទី​ក្រុង​បាប៊ីឡូន តែ​ទ្រង់​ក៏​ប្រាប់​ឲ្យ​ស្គាល់​ឈ្មោះ​របស់​អ្នក​ដែល​នាំ​មុខ​ពួក​ទ័ព​ទាំង​នោះ។ * ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ពួក​អ៊ីស្រាអែល​ដែល​ជា​ស្មរបន្ទាល់​របស់​ទ្រង់​នៅ​សម័យ​នោះ​ថា​៖ «ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ​ហើយ​តាំង​ពី​បុរាណ ដ្បិត​អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ​ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ តាំង​តែ​ពីដើម​ដំបូង​អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ»។ (អេសាយ ៤៦:៩, ១០​ក) ព្រះ​យេហូវ៉ា​ប្រាកដ​ជា​ព្រះ​មួយ​អង្គ​ដែល​អាច​ជ្រាប​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។

៣​. តើ​យើង​នឹង​ពិនិត្យ​មើល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

តើ​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​ព្រឹត្ដិការណ៍​នា​អនាគតកាល​ច្រើន​ប៉ុណ្ណា? តើ​ទ្រង់​ជ្រាប​ពី​គ្រប់​អ្វីៗ​ដែល​យើង​នឹង​ធ្វើ​ឬ​ទេ? បើ​ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​កំណត់​វាសនា​អនាគត​ឲ្យ​មនុស្ស​យើង​ឬ? ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​ជា​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​ចម្លើយ​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នេះ និង​សំណួរ​ឯ​ទៀត​ដែរ។

ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​ចេះ​ទាយ​ទុក​ជា​មុន

៤​. តើ​បទ​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ​មក​តែ​ពី​អ្នក​ណា?

ដោយសារ​ព្រះ​យេហូវ៉ា​អាច​ជ្រាប​ទុក​ជា​មុន​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត ទ្រង់​បាន​បណ្ដាល​ឲ្យ​អ្នក​បម្រើ​ទ្រង់​នៅ​សម័យ​ព្រះ​គម្ពីរ​សរសេរ​ទំនាយ​ជា​ច្រើន ដែល​ជួយ​ឲ្យ​យើង​ដឹង​ទុក​ជា​មុន​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «មើល! ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ។ គឺ​ជា​ការ​ថ្មី​ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ឯង​រាល់​គ្នា​មុន​ដែល​កើត​មក​ផង»។ (អេសាយ ៤២:៩) នេះ​ពិត​ជា​ឯកសិទ្ធិ​ណាស់​ចំពោះ​អ្នក​ដែល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា មែន​ទេ?

៥​. ពេល​មនុស្ស​ដឹង​ទុក​ជា​មុន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ តើ​ពួក​គេ​មាន​ភារកិច្ច​អ្វី?

ព្យាការី​អេម៉ុស​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​យើង​ដោយ​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង​ឲ្យ​ពួក​ហោរា​ជា​អ្នក​បំរើ​ទ្រង់​ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង»។ ពេល​មនុស្ស​ដឹង​អំពី​ព្រឹត្ដិការណ៍​ដែល​ត្រូវ​កើត​មក​តាម​ក្រោយ​នោះ ពួក​គេ​ក៏​មាន​ភារកិច្ច​ត្រូវ​ធ្វើ​ផង​ដែរ។ សូម​កត់​សម្គាល់​ពាក្យ​ប្រៀបប្រដូច​ដែល​អេម៉ុស​រៀប​រាប់​ទៀត​ថា​៖ «សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ! តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច?»។ ពេល​សត្វ​សិង្ហ​ស្រែក​គ្រហឹម គ្រប់​មនុស្ស​នឹង​សត្វ​ក្បែរៗ​នោះ​ភ្ញាក់​ភ្លាម។ ដូច​គ្នា​ដែរ ពេល​ឮ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ពួក​ព្យាការី​ដូច​អេម៉ុស​ក៏​ប្រកាស​ប្រាប់​សារ​របស់​ទ្រង់​ភ្លាម។ «ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ! តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ?»។—អេម៉ុស ៣:៧, ៨

«ពាក្យ»​របស់​ព្រះ​យេហូវ៉ា​តែង​តែ​«សំ​រេ​ច»

៦​. ក្នុង​ករណី​ទាក់ទង​ការ​ដណ្ដើម​យក​ទី​ក្រុង​បាប៊ីឡូន តើ​ព្រះ​យេហូវ៉ា​បាន​សម្រេច​តាម​«គំនិត»​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ព្យាការី​អេសាយ​ថា​៖ «គំនិត​សំ​រេ​ច​របស់​អញ​នឹង​ស្ថិតស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ»។ (អេសាយ ៤៦:១០​ខ) ស្តី​អំពី​ទី​ក្រុង​បាប៊ីឡូន​នោះ ព្រះ​យេហូវ៉ា​មាន​«គំនិត»​ឬ​បំណង​ព្រះ​ហឫទ័យ​ហៅ​លោក​ស៊ី​រូស​ចេញ​ពី​ស្រុក​ពើ​ស៊ី ដើម្បី​ឲ្យ​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ដណ្ដើម​យក​ទី​ក្រុង​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ប្រាប់​ពី​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ច្រើន​ឆ្នាំ​ទុក​ជា​មុន។ ដូច​បាន​បញ្ជាក់​ហើយ ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៥៣៩ មុនគ.ស.។

៧​. ហេតុ​អ្វី​ក៏​យើង​មាន​ទំនុក​ចិត្ត​ថា «ពាក្យ»​របស់​ព្រះ​យេហូវ៉ា​តែង​តែ​សម្រេច?

ជិត​បួន​រយ​ឆ្នាំ​មុន​លោក​ស៊ី​រូស​ទន្ទ្រាន​ចូល​ទី​ក្រុង​បាប៊ីឡូន​នោះ ពល​ទ័ព​របស់​សាសន៍​អាំម៉ូន​និង​សាសន៍​ម៉ូអាប់​បាន​មូល​កម្លាំង​គ្នា ហើយ​គំរាម​កំហែង​ដល់​ស្តេច​យ៉ូសាផាត​នៅ​ស្រុក​យូដា។ ស្តេច​យ៉ូសាផាត​បាន​អធិស្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ «ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ! តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថានសួគ៌​ទេ​ឬ​អី? តើ​ទ្រង់​មិន​គ្រប់គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី? ហើយ​នៅ​ព្រះ​ហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះ​ចេស្ដា​នឹង​ឥទ្ធិឫទ្ធិ​ដែរ ដល់​ម្ល៉េះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់ទល់​នឹង​ទ្រង់​បាន​ឡើយ»។ (របាក្សត្រទី២ ២០:៦) អេសាយ​ក៏​បាន​បង្ហាញ​ទំនុក​ចិត្ត​ដូច​គ្នា​ដែរ ពេល​មាន​ប្រសាសន៍​ថា​៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​សំ​រេ​ច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំ​លប់​រំលាង​បាន? ព្រះ​ហស្ត​នៃ​ទ្រង់​បាន​សូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន?»។ (អេសាយ ១៤:២៧) ស្តេច​នេប៊ូក្នេសា​នៅ​ស្រុក​បាប៊ីឡូន​បាន​វង្វេង​ស្មារតី​មួយ​រយៈ តែ​ពេល​មាន​ស្មារតី​ឡើង​វិញ​ទ្រង់​បង្ហាញ​ព្រះទ័យ​រាប​ទាប​ដោយ​ទទួល​ស្គាល់​ថា «ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ​ហស្ត[ព្រះ​យេហូវ៉ា] ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ‹ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?› បាន​ឡើយ»។ (ដានីយ៉ែល ៤:៣៥) ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ធានា​ដល់​រាស្ត្រ​ទ្រង់​ថា​៖ «ពាក្យ​អញ . . . មិន​ដែល​វិល​មក​ឯ​អញ​វិញ​ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​[ទេ] គឺ​នឹង​ធ្វើ​សំ​រេ​ច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង​ក្នុង​ការ​អ្វី​ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។ (អេសាយ ៥៥:១១) យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ថា «ពាក្យ»​ឬ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ជា​ពុំ​ខាន ដ្បិត​ទ្រង់​តែង​តែ​បំពេញ​បំណង​ព្រះ​ហឫទ័យ​ទ្រង់។

«គំនិត​សំ​រេ​ច»​ដែល​ព្រះ​យេហូវ៉ា​មាន​«តាំង​ពី​អស់កល្ប​រៀង​មក»

៨​. តើ​«គំនិត​សំ​រេ​ច»​ដែល​ព្រះ​យេហូវ៉ា​មាន​«តាំង​ពី​អស់កល្ប​រៀង​មក»​សំដៅ​ទៅ​លើ​អ្វី?

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ជូន​បង​ប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​នោះ គាត់​បាន​ពន្យល់​អំពី​«គំនិត​សំ​រេ​ច»​ដែល​ព្រះ​យេហូវ៉ា​មាន​«តាំង​ពី​អស់កល្ប​រៀង​មក»។ (អេភេសូរ ៣:១១) គំនិត​សំ​រេ​ច​នេះ​មិន​មែន​ជា​ផែនការ ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ដើម្បី​សម្រេច​កិច្ចការ​អ្វី​មួយ​ទេ។ ព្រះ​មិន​ចាំបាច់​ធ្វើ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គំនិត​សម្រេច​នេះ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​សម្រេច​គោល​បំណង​ដើម​របស់​ទ្រង់​ចំពោះ​មនុស្ស​ជាតិ​និង​ផែនដី​នេះ។ (លោកុប្បត្តិ ១:២៨) សូម​ឲ្យ​យើង​ពិនិត្យ​មើល​បទ​ទំនាយ​ទី​មួយ​ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ ដើម្បី​យល់​កាន់​តែ​ច្បាស់​ថា បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ជា​មិន​ខាន។

៩​. តើ​លោកុប្បត្តិ ៣:១៥ ទាក់ទង​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

សេចក្ដី​សន្យា​នៅ​លោកុប្បត្តិ ៣:១៥ បង្ហាញ​ថា ក្រោយ​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប​នោះ ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះទ័យ​ភ្លាម​ថា ស្ត្រី​ដែល​ជា​និមិត្តរូប​នោះ​ត្រូវ​បង្កើត​ពូជ​ឬ​កូន​ប្រុស​មួយ។ ព្រះ​យេហូវ៉ា​ក៏​បាន​ជ្រាប​ទុក​ជា​មុន​ថា ស្ត្រី​នៃ​ទ្រង់​និង​សាតាំង ហើយ​ពូជ​ស្ត្រី​និង​ពូជ​សាតាំង ត្រូវ​មាន​សេចក្ដី​ខ្មាំង​ឬ​ប្រឆាំង​នឹង​គ្នា។ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​អំពី​លទ្ធផល​នៃ​ការ​ប្រឆាំង​គ្នា​នោះ​ដែរ។ ទោះបី​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាតាំង​ចឹក​កែង​ជើង​ពូជ​របស់​ស្ត្រី​នៃ​ទ្រង់​ក៏​ដោយ នៅ​ទីបំផុត​តាម​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា ពូជ​ទ្រង់​ត្រូវ​កិន​ក្បាល​ពស់​នោះ​ដែល​ជា​អារក្ស​សាតាំង។ ទំរាំ​ដល់​ពេល​នោះ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​សម្រេច​បន្ដិច​ម្ដងៗ តាម​ជំនួរ​វង្ស​ដែល​បាន​កំណត់ រហូត​ដល់​ពេល​ដែល​ព្រះ​យេស៊ូ​លេច​មក​ជា​ព្រះមេស្ស៊ី​តាម​សេចក្ដី​សន្យា។—លូកា ៣:​១៥, ២៣​-​៣៨; កាឡាទី ៤:៤

អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ទុក​ជា​មុន

១០​. តាំង​ពី​ដំបូង​មក តើ​ព្រះ​យេហូវ៉ា​បាន​កំណត់​ទុក​ជា​មុន​ឲ្យ​អ័ដាម​និង​អេវ៉ា​ធ្វើ​អំពើ​បាប​ឬ​ទេ? សូម​ពន្យល់។

១០ សាវ័ក​ពេត្រុស​បាន​រៀប​រាប់​អំពី​មុខ​នាទី​ដែល​ព្រះ​យេស៊ូ​មាន​ក្នុង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដោយ​សរសេរ​ថា ព្រះ​យេហូវ៉ា​«ស្គាល់[ឬ​«បាន​ជ្រើស​តាំង​ព្រះ​គ្រីស្ត»]តាំង​ពី​មុន​កំណើត​លោកីយ​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា»។ (ពេត្រុសទី១ ១:២០; ខ.ស.) តាំង​ពី​ដំបូង​មក តើ​ព្រះ​យេហូវ៉ា​បាន​កំណត់​ទុក​ជា​មុន​ឲ្យ​អ័ដាម​និង​អេវ៉ា​នឹង​ធ្វើ​អំពើ​បាប​ដែល​តម្រូវ​ឲ្យ​ព្រះ​យេស៊ូ​គ្រីស្ទ​ថ្វាយ​ជីវិត​ទ្រង់​ជា​យញ្ញបូជា​លោះ​ឬ​ទេ? អត់​ទេ! ដ្បិត​ក្នុង​បទ​គម្ពីរ​ពាក្យ​ថា​«កំណើត»​លោកិយ មក​ពី​ភាសា​ក្រិច​ដែល​មាន​ន័យ​ចំៗ​ថា «ព្រោះ​ពូជ»។ តើ​មាន​ការ​«ព្រោះ​ពូជ»​ឬ​ការ​បង្កើត​កូន​មុន​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប​ឬ​ទេ? គឺ​អត់​មាន​ទេ! អ័ដាម​និង​អេវ៉ា​បង្កើត​កូន​ក្រោយ​បាន​ធ្វើ​ខុស​បញ្ញត្ដិ​ព្រះ។ (លោកុប្បត្តិ ៤:១) សរុប​សេចក្ដី​ទៅ អ័ដាម​និង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ហើយ​ភ្លាមៗ​នោះ​ទ្រង់​តម្រូវ​ឬ​ជ្រើស​តាំង​«ពូជ»​សង្គ្រោះ​មួយ​អង្គ រួច​មក​ទើប​អ័ដាម​និង​អេវ៉ា​បង្កើត​កូន។ យ៉ាង​ណា​ក៏​ដោយ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​រួម​ជា​មួយ​ការ​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​នោះ បាន​រៀបចំ​ឲ្យ​មាន​តម្លៃ​លោះ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ តាម​រយៈ​តម្លៃ​លោះ​នេះ គឺ​ត្រូវ​លែង​មាន​បាប​ឆ្លង​រាលដាល​ទៀត ហើយ​សាតាំង​ក៏​នឹង​លែង​មាន​ឥទ្ធិពល​លើ​មនុស្ស​ជាតិ​ទៀត​ដែរ។—ម៉ាថាយ ២០:២៨; ហេព្រើរ ២:១៤; យ៉ូហានទី១ ៣:៨

១១​. តើ​ព្រះ​យេហូវ៉ា​តម្រូវ​ទុក​ជា​មុន​ឲ្យ​មាន​ព្រឹត្ដិការណ៍​អ្វី​ទៀត ដើម្បី​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់?

១១ ព្រះ​យេហូវ៉ា​ក៏​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​មាន​ព្រឹត្ដិការណ៍​មួយ​ទៀត​កើត​ឡើង​ដែរ ដើម្បី​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ប៉ុល​បាន​បង្ហើប​ឲ្យ​ដឹង​ដូច្នេះ ពេល​ដែល​គាត់​សរសេរ​ដល់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​ថា ព្រះ​យេហូវ៉ា​នឹង​«បំព្រួម[ឬ​«ប្រមូល»]គ្រប់​ទាំង​អស់​[«អោយ​រួម​គ្នា»]ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ នឹង​របស់​នៅ​ផែនដី​ផង»។ រួច​មក ប៉ុល​បាន​ពន្យល់​អំពី​«របស់​នៅ​ស្ថានសួគ៌»​ដ៏​ជា​ពួក​អ្នក​ដែល​ត្រូវ​ជ្រើស​តាំង​ឲ្យ​ទទួល​មត៌ក​ជា​មួយ​ព្រះ​គ្រីស្ទ​ថា​៖ «ទ្រង់​បាន​ដំ​រូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំ​រេ​ច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​តាម​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»។ (អេភេសូរ ១:​១០, ១១; ខ.ស.) ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​បាន​សម្រេច​ឬ​តម្រូវ​ទុក​ជា​មុន​ថា មនុស្ស​មួយ​ចំនួន​នឹង​រួម​គ្នា​ជា​ផ្នែក​ទីពីរ​នៃ​ពូជ​នាង​ដែល​ជា​ស្ត្រី​នៃ​ទ្រង់ ហើយ​ពួក​គាត់​នឹង​រួម​ចំណែក​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ការ​ប្រទាន​ឲ្យ​មនុស្ស​ជាតិ​ទទួល​ប្រយោជន៍​ពី​តម្លៃ​លោះ។ (រ៉ូម ៨:២៨​-​៣០) សាវ័ក​ពេត្រុស​ហៅ​ពួក​អ្នក​ទាំង​នេះ​ជា​«សាសន៍​បរិសុទ្ធ»។ (ពេត្រុសទី១ ២:៩) សាវ័ក​យ៉ូហាន​មាន​ឯកសិទ្ធិ​ឃើញ​ចក្ខុនិមិត្ត​មួយ ដែល​ប្រាប់​ឲ្យ​ដឹង​ចំនួន​ពួក​អ្នក​ដែល​នឹង​រួម​គ្នា​ជា​អ្នក​គ្រប់គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​មនុស្ស​១៤៤​.​០០០​នាក់។ (វិវរណៈ ៧:៤​-​៨; ១៤:១, ៣) ពួក​គាត់​នឹង​គាំទ្រ​ព្រះ​គ្រីស្ទ​ជា​ស្តេច​ដើម្បី​«សរសើរ​ដល់​សិរី​ល្អ»​របស់​ព្រះ​យេហូវ៉ា។—អេភេសូរ ១:១២​-​១៤

១២​. ហេតុ​អ្វី​ក៏​យើង​ដឹង​ថា​ព្រះ​មិន​បាន​កំណត់​វាសនា​ឲ្យ​បុគ្គល​ម្នាក់ៗ​ក្នុង​ចំណោម​ពួក​១៤៤​.​០០០​នាក់?

១២ ការ​តែងតាំង​ពួក​១៤៤​.​០០០​នាក់​ទុក​ជា​មុន មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​កំណត់​វាសនា​បុគ្គល​នីមួយៗ​នោះ​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ច​បម្រើ​ទ្រង់​ទេ។ គឺ​ច្បាស់​ហើយ​ថា បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច​បាន​ត្រូវ​សរសេរ​ជា​ពិសេស​ដើម្បី​ជួយ​ណែនាំ​និង​ពង្រឹង​កម្លាំង​ពួក​អ្នក​ចាក់​ប្រេង​តាំង​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍ ដើម្បី​ស​ឲ្យ​ឃើញ​ថា ពួក​គាត់​ពិត​ជា​គួរ​នឹង​ទទួល​តំណែង​ស្រប​ទៅ​តាម​ការ​ត្រាស់​ហៅ​ឲ្យ​ឡើង​ស្ថានសួគ៌។ (ភីលីព ២:១២; ថែស្សាឡូនីចទី២ ១:៥, ១១; ពេត្រុសទី២ ១:១០, ១១) ព្រះ​យេហូវ៉ា​ជ្រាប​ទុក​ជា​មុន​ថា នឹង​មាន​មនុស្ស​១៤៤​.​០០០​នាក់​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ប៉ុន្តែ​ទ្រង់​មិន​បាន​កំណត់​វាសនា​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ចំណោម​១៤៤​.​០០០​នាក់​នោះ​ទេ។ បុគ្គល​ម្នាក់ៗ​ដែល​បាន​ត្រូវ​ជ្រើសរើស​រក្សា​ឬ​បាត់បង់​មុខ​តំណែង​នេះ​អាស្រ័យ​ទៅ​លើ​វិថី​ជីវិត​ដែល​គាត់​សម្រេច​ចិត្ត​យក។—ម៉ាថាយ ២៤:១៣

អ្វី​ដែល​ព្រះ​យេហូវ៉ា​ជ្រាប​ទុក​ជា​មុន

១៣, ១៤​. តើ​សមត្ថភាព​ជ្រាប​ទុក​ជា​មុន​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​លក្ខណៈ​សម​ស្រប​នឹង​អ្វី? ហេតុ​អ្វី?

១៣ ដោយសារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​គោល​បំណង​ព្រម​ទាំង​ទាយ​ទុក​ជា​មុន​ផង តើ​ទ្រង់​ប្រើ​ព្រះ​តម្រិះ​ដែល​ទ្រង់​មាន​ទុក​ជា​មុន​យ៉ាង​ដូច​ម្ដេច? សំខាន់​ទី​មួយ មាន​ការ​ធានា​ថា​គ្រប់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទ្រង់​សុទ្ធតែ​ពិត​ត្រង់ សុចរិត​និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ទៅ​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​នៅ​សតវត្សរ៍​ទី​មួយ​គ.ស. គាត់​បញ្ជាក់​អំពី​ពាក្យ​សម្បថ​និង​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា «សេចក្ដី​ទាំង​២​មុខ​នេះ​[គឺ]​មិន​ចេះ​ប្រែប្រួល [ហើយ]ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ»។ (ហេព្រើរ ៦:១៧, ១៨) ប៉ុល​បាន​បញ្ជាក់​ចំណុច​នេះ​ម្ដង​ទៀត​ពេល​សរសេរ​សំបុត្រ​ទៅ​លោក​ទីតុស​ថា ព្រះ​យេហូវ៉ា​«មិន​ចេះ​ភូត»​ទេ។—ទីតុស ១:២

១៤ ម្យ៉ាង​ទៀត ទោះបី​ជា​ព្រះ​យេហូវ៉ា​មាន​គ្រប់​ព្រះ​ចេស្ដា​ក៏​ដោយ ទ្រង់​មិន​ដែល​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​សោះ​ឡើយ។ លោក​ម៉ូសេ​បាន​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​ជា​«ព្រះ​ដ៏​ស្មោះ​ត្រង់[ដែល]ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ។ ទ្រង់​ក៏​ត្រឹម​ត្រូវ​ហើយ​ទៀងត្រង់»។ (ចោទិយកថា ៣២:៤) អ្វីៗ​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​នោះ តែង​តែ​មាន​លក្ខណៈ​សម​ស្រប​នឹង​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ទង្វើ​របស់​ព្រះ​យេហូវ៉ា​រមែង​ស​ឲ្យ​ឃើញ​នូវ​ទំនាក់ទំនង​នឹង​គ្នា​រវាង​គុណសម្បត្ដិ​ចម្បង​របស់​ទ្រង់ គឺ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌​និង​តេជានុភាព។

១៥, ១៦​. នៅ​ក្នុង​សួនច្បារ​អេដែន​នោះ តើ​ព្រះ​យេហូវ៉ា​ទុក​ឲ្យ​អ័ដាម​មាន​ឱកាស​ជ្រើសរើស​អ្វី?

១៥ សូម​គិត​អំពី​របៀប​ដែល​គុណសម្បត្ដិ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​បាន​ត្រូវ​ស​ឲ្យ​ឃើញ ពេល​ទាក់ទង​នឹង​ព្រឹត្ដិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​សួនច្បារ​អេដែន។ ក្នុង​នាម​ជា​ព្រះ​វរបិតា​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ត្រូវ​ការ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​អ័ដាម​ឲ្យ​មាន​សមត្ថភាព​គិត​ពិចារណា វែកញែក​ហេតុ​ផល​និង​ចេះ​សម្រេច​ចិត្ត។ សត្វ​ទាំង​ឡាយ​មាន​តែ​សភាវគតិ តែ​អ័ដាម​មាន​សមត្ថភាព​ធ្វើ​ការ​ជ្រើសរើស​វិញ។ ក្រោយ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ ទ្រង់​បាន​ទត​ពី​បល្ល័ង្ក​ទ្រង់​នៅ​ស្ថានសួគ៌​ហើយ​ឃើញ​ថា «គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ . . . ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។—លោកុប្បត្តិ ១:២៦​-​៣១; ពេត្រុសទី២ ២:១២

១៦ ពេល​ដែល​ព្រះ​យេហូវ៉ា​ដាក់​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​អ័ដាម​បរិភោគ​ផ្លែ​ពី​«ដើម​ដឹង​ខុស​ត្រូវ» ទ្រង់​ក៏​បាន​ផ្ដល់​ការ​ណែនាំ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​អ័ដាម​ចេះ​សម្រេច​ចិត្ត។ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ័ដាម​បរិភោគ​ផ្លែ​ពី​គ្រប់​ដើម​«ឈើ​ទាំង​អស់​ក្នុង​សួនច្បារ» លើក​លែង​តែ​ដើម​ឈើ​មួយ​គត់ ហើយ​ទ្រង់​ក៏​ព្រមាន​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​បរិភោគ​ផ្លែ​ឈើ​ពីដើម​ដែល​ទ្រង់​ដាក់​បម្រាម​លើ​នោះ។ (លោកុប្បត្តិ ២:១៦, ១៧) ព្រះ​យេហូវ៉ា​បាន​ពន្យល់​ដល់​អ័ដាម​អំពី​អ្វី​ដែល​ត្រូវ​កើត​ឡើង​បើ​គាត់​មិន​ស្ដាប់​បង្គាប់។ តើ​អ័ដាម​សម្រេច​ចិត្ត​ធ្វើ​អ្វី?

១៧​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​អាច​ជ្រើសរើស​នូវ​អ្វី​ដែល​ទ្រង់​ចង់​ជ្រាប​ទុក​ជា​មុន?

១៧ ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ទុក​ជា​មុន​ក្ដី តាម​មើល​ទៅ​ទ្រង់​បាន​សម្រេច​មិន​ចង់​ជ្រាប​ទុក​ជា​មុន​អំពី​អ្វី​ដែល​អ័ដាម​និង​អេវ៉ា​នឹង​ធ្វើ​នោះ។ ដូច្នេះ រឿង​នេះ​មិន​ទាក់ទង​សំណួរ​ថា តើ​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ជ្រាប​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ឬ​អត់? តែ​ទាក់ទង​សំណួរ​ថា តើ​ទ្រង់​មាន​បំណង​ព្រះ​ហឫទ័យ​ជ្រាប​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​ទាំង​អស់​នៅ​ខាង​មុខ​ឬ​យ៉ាង​ណា? ម្យ៉ាង​ទៀត យើង​អាច​វែកញែក​ហេតុ​ផល​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដូច្នេះ​ទ្រង់​ពិត​ជា​មិន​កំណត់​វាសនា​ឲ្យ​មនុស្ស​ដំបូង​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ហើយ​នាំ​ឲ្យ​មនុស្ស​ជាតិ​មាន​ទុក្ខ​វេទនា​នោះ​ឡើយ។ (ម៉ាថាយ ៧:១១; យ៉ូហានទី១ ៤:៨) យ៉ាង​នេះ​យើង​ឃើញ​ថា ព្រះ​យេហូវ៉ា​គ្រាន់​តែ​ជ្រើសរើស​នូវ​អ្វី​ដែល​ទ្រង់​ចង់​ជ្រាប​ទុក​ជា​មុន​ប៉ុណ្ណោះ។

១៨​. ដោយសារ​ព្រះ​យេហូវ៉ា​មិន​ចង់​ជ្រាប​អ្វី​ខ្លះ​ទុក​ជា​មុន តើ​មាន​ន័យ​ថា​ទ្រង់​មិន​មាន​គ្រប់​លក្ខណៈ​ឬ? ហេតុ​អ្វី?

១៨ ពេល​ព្រះ​យេហូវ៉ា​សម្រេច​មិន​ចង់​ជ្រាប​អំពី​អ្វី​ខ្លះ​ទុក​ជា​មុន​នោះ តើ​នេះ​មាន​ន័យ​ថា​ទ្រង់​ខ្វះ​អំណាច​ឬ​មិន​មាន​គ្រប់​លក្ខណៈ​ឬ​ទេ? គឺ​មិន​មាន​ន័យ​ដូច្នេះ​ទេ! លោក​ម៉ូសេ​បាន​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​ជា​«ថ្មដា» ហើយ​ពន្យល់​បន្ថែម​ទៀត​ថា​៖ «ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍»។ ព្រះ​យេហូវ៉ា​គ្មាន​ទោស​សោះ​ចំពោះ​ផល​អាក្រក់​ដែល​មក​ពី​បាប​ដែល​មនុស្ស​ប្រព្រឹត្ត។ ផលវិបាក​ដែល​យើង​រាល់​គ្នា​ជួបប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​សុទ្ធតែ​មាន​ដើម​កំណើត​ពី​អំពើ​ទុច្ចរិត​របស់​អ័ដាម​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ។ សាវ័ក​ប៉ុល​បាន​វែកញែក​ហេតុ​ផល​យ៉ាង​ច្បាស់​លាស់​ថា​៖ «បាប​បាន​ចូល​មក​ក្នុង​លោកីយ​ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ​ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។—ចោទិយកថា ៣២:៤, ៥; រ៉ូម ៥:​១២; យេរេមា ១០:២៣

១៩​. តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ អត្ថបទ​សិក្សា​នេះ​បាន​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​ចេះ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​សោះ។ (ទំនុកដំកើង ៣៣:៥) ផ្ទុយ​ទៅ​វិញ គុណសម្បត្ដិ ខ្នាត​តម្រា​សីលធម៌ និង​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ទ្រង់​អាច​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន។ (រ៉ូម ៨:​២៨) ក្នុង​នាម​ជា​ព្រះ​មួយ​អង្គ​ដែល​ចេះ​ទាយ​ទុក​ជា​មុន ព្រះ​យេហូវ៉ា​រមែង​សម្ដែង​ប្រាប់​«ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ»។ (អេសាយ ៤៦:៩, ១០) យើង​ក៏​បាន​ពិនិត្យ​មើល​ថា ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ជ្រើសរើស​អ្វី​ដែល​ទ្រង់​ចង់​ជ្រាប​ទុក​ជា​មុន។ បើ​ដូច្នេះ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង? តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ដឹង​ប្រាកដ​ថា យើង​កំពុង​តែ​សម្រេច​ចិត្ត​ធ្វើ​អ្វីៗ​ស្រប​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ? បើ​ធ្វើ​ដូច្នេះ តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​ចំណុច​ទាំង​នេះ។

[កំណត់​សម្គាល់]

^ វគ្គ 2 សូម​មើល​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ទំព័រ​១៨ វគ្គ​១៧ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

សូម​រៀប​រាប់​ឧទាហរណ៍​ខ្លះៗ​ពី​បុរាណ​ដែល​បង្ហាញ​ថា​«ពាក្យ»​របស់​ព្រះ​យេហូវ៉ា​តែង​តែ​«សំ​រេ​ច»។

តើ​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ទុក​ជា​មុន​នូវ​«គំនិត​សំ​រេ​ច»​អ្វី​«តាំង​ពី​អស់កល្ប​រៀង​មក»?

តើ​ព្រះ​យេហូវ៉ា​ប្រើ​សមត្ថភាព​ជ្រាប​ទុក​ជា​មុន​តាម​របៀប​ណា​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៤]

ស្តេច​យ៉ូសាផាត​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២៥]

ព្រះ​យេហូវ៉ា​បាន​ទាយ​ទុក​ជា​មុន​អំពី​ការ​សោយ​ទិវង្គត​និង​ការ​ប្រោស​ឲ្យ​ព្រះ​យេស៊ូ​រស់​ឡើង​វិញ

[រូបភាព​នៅ​ទំព័រ​២៦]

តើ​ព្រះ​យេហូវ៉ា​កំណត់​វាសនាឲ្យ​អ័ដាម​និង​អេវ៉ា​ប្រឆាំង​ទ្រង់​ឬ​ទេ?