តើអ្នកមានសុភមង្គលប៉ុណ្ណា?
តើអ្នកមានសុភមង្គលប៉ុណ្ណា?
សំណួរនេះល្អណាស់ មែនទេ? ម្ដងម្កាលអ្នកប្រហែលជាអាចសួរខ្លួនឯងថា ‹តើខ្ញុំមានសុភមង្គលប៉ុណ្ណា?›។ អ្នកសិក្សាសង្គមកំពុងតែប្រឹងខ្នះខ្នែងរកវិធី ដើម្បីប៉ាន់ស្មានសុភមង្គលរបស់អ្នកនិងអ្នកឯទៀត។ ក៏ប៉ុន្តែ ការប៉ាន់ស្មាននោះគឺមិនងាយស្រួលទេ ដ្បិតការវាស់វែងរកសុភមង្គលរបស់មនុស្សទាំងនោះ គឺពិបាកដូចជាការខំប្រឹងប្រែងវាស់រកសេចក្ដីស្រឡាញ់ដែលបុរសម្នាក់មានចំពោះភរិយារបស់គាត់ ឬក៏វាស់រកទំហំក្ដីទុក្ខដែលមានពេលបងប្អូនញាតិមិត្តទទួលមរណភាព។ យើងមិនអាចវាស់ឬក៏វាល់អារម្មណ៍របស់មនុស្សឲ្យបានច្បាស់លាស់ឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកវិទ្យាសាស្ត្រទទួលស្គាល់ការពិតមួយ ពោលគឺមនុស្សគ្រប់រូបមានលទ្ធភាពដើម្បីរស់នៅដោយមានសុភមង្គល។
ទោះបីមនុស្សមានលទ្ធភាពដើម្បីស្វែងរកសុភមង្គលក៏ដោយ ក៏នៅមានបញ្ហាធ្ងន់ធ្ងរជាច្រើនបណ្ដាលឲ្យពិបាករកសុភមង្គល។ ជាឧទាហរណ៍ នៅទីក្រុងខ្លះមានមនុស្សបានស្លាប់ដោយជំងឺអេដស៍ច្រើនពន់ពេកទាល់តែរកកន្លែងបញ្ចុះសពមិនបាន។ អាជ្ញាធរដែនដីបានអនុញ្ញាតឲ្យជីកនៅកន្លែងផ្នូរចាស់ៗដើម្បីបញ្ចុះសពដែលទើបនឹងស្លាប់វិញ។ នៅភូមិភាគខ្លះនៃទ្វីបអាហ្វ្រិក ការធ្វើក្ដារមឈូសជាអាជីពមួយដែលរកប្រាក់ចំណូលបានច្រើនជាងគេ។ ម្យ៉ាងទៀតមិនថាអ្នករស់នៅកន្លែងណាក៏ដោយ អ្នកមិនសូវឃើញអ្នកដែលមានជំងឺធ្ងន់ធ្ងរ ឬអ្នកដែលបានបាត់បង់បងប្អូនញាតិមិត្តជាទីស្រឡាញ់មានទឹកមុខញញឹមញញែមទេ។
ចុះយ៉ាងណាវិញនៅប្រទេសជឿនលឿននោះ? សម្រាប់អស់អ្នកដែលមិនបានត្រៀមខ្លួនទុកជាមុន ក្នុងមួយប៉ប្រិចភ្នែក ស្ថានការណ៍ក្រឡាប់ចាក់មួយអាចធ្វើឲ្យគេខ្វះខាតលុយកាក់។ នៅសហរដ្ឋអាម៉េរិក មនុស្សភាគច្រើនដែលបានចូលនិវត្តន៍រួចហើយ ត្រូវត្រឡប់ទៅធ្វើការវិញពីព្រោះពួកគាត់លែងមានប្រាក់និវត្តន៍។ ថ្លៃពិនិត្យព្យាបាលបានបំផ្លាញអស់រលីងនូវប្រាក់ដែលគ្រួសារបានសន្សំទុក។ អ្នកជំនាញខាងច្បាប់ម្នាក់មានប្រសាសន៍ថា៖ «ពេលឃើញមនុស្សទាំងនោះដើរចូលមករកជំនួយ ដោយមានវិក្កយបត្រថ្លៃពិនិត្យព្យាបាលមួយគំនរធំព្រមទាំងមានបញ្ហាសុខភាពទៀតផង ឃើញដូច្នោះធ្វើឲ្យខ្ញុំអាណិតគេមែនទែន។ ជាច្រើនដងខ្ញុំត្រូវបង្ខំចិត្តប្រាប់ពួកគាត់ថា៖‹អ្នកត្រូវតែលក់ផ្ទះរបស់អ្នក ទើបអាចមានលុយគ្រប់គ្រាន់សម្រាប់ចិញ្ចឹមខ្លួនបាន›»។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះអ្នកដែលរកលុយបានដោយស្រួលនោះ? តើពួកគាត់មានសុភមង្គលទេ?
មនុស្សខ្លះមានជីវិតស្រដៀងគ្នានឹងជីវិតរបស់អ្នកនិពន្ធចម្រៀងដ៏ល្បីមួយរូបគឺលោករីឆឺដ រ៉ូតជឺស។ ធ្លាប់មានគេនិយាយពីគាត់ថា៖ «មានបុរសតិចណាស់ដែលធ្លាប់ធ្វើឲ្យមនុស្សជាច្រើនបានសប្បាយ»ដូចជាគាត់បានធ្វើ។ ទោះជាចម្រៀងរបស់គាត់ជួយឲ្យអ្នកដទៃបានសប្បាយក៏ពិតមែន តែខ្លួនគាត់ផ្ទាល់រងទុក្ខដោយជំងឺធ្លាក់ទឹកចិត្តជាប្រចាំ។ គាត់បានសម្រេចគោលដៅទាំងពីរដែលមនុស្សជាច្រើនប្រាថ្នាចង់បាន គឺប្រាក់និងការល្បីឈ្មោះ ក៏ប៉ុន្តែតើគាត់មានសុភមង្គលទេ? អ្នកសរសេរជីវប្រវត្ដិម្នាក់បានសង្កេតឃើញថា«[រ៉ូតជឺស]បានទទួលជោគជ័យដ៏អស្ចារ្យណាស់ក្នុងការងាររបស់គាត់។ គាត់ជាអ្នកមានដែលអាចធ្វើអ្វីក៏បានតាមចិត្ត និងបានទទួលពានរង្វាន់ពូលីតសឺ(Pulitzer)ពីរទៀតផង។ ក៏ប៉ុន្តែ ជាទូទៅគាត់មិនមានសុភមង្គលទេ ថែមទាំងធ្លាក់ទឹកចិត្តផងដែរ»។
អ្នកប្រហែលជាធ្លាប់បានសង្កេតឃើញថាការពឹងផ្អែកទៅលើទ្រព្យសម្បត្ដិដើម្បីឲ្យមានសុភមង្គល ភាគច្រើននាំឲ្យខកចិត្តទៅវិញ។ អ្នកស្រាវជ្រាវម្នាក់នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានរៀបរាប់អំពី«ភាពឯកោនិងភាពឥតគោលបំណងក្នុងជីវិត»ជាអ្វីដែលមនុស្សធូរធារជាច្រើនបានជួបប្រទះ។ (The Globe and Mail) យោងទៅតាមអ្នកជំនាញម្នាក់មានប្រសាសន៍ថា៖ កាលណាមាតាបិតាដែលជាអ្នកស្តុកស្តម្ភឲ្យប្រាក់និងសម្ភារៈដល់កូនរបស់ពួកគាត់ច្រើនហួសប្រមាណនោះ «ជារឿយៗការធ្វើដូច្នោះគឺនាំឲ្យកូនជួបសេចក្ដីលំបាកវេទនាទៅថ្ងៃក្រោយវិញ»។
តើមានអ្វីដែលនាំឲ្យ មានសុភមង្គលពិតទេ?
ដើម្បីលូតលាស់ល្អ រុក្ខជាតិដែលមានផ្កាត្រូវការដីមានជីជាតិ ទឹក ហើយអាកាសធាតុសមស្របផងដែរ។ ដូចគ្នាដែរ អ្នកស្រាវជ្រាវទទួលស្គាល់ថា មានល័ក្ខខ័ណ្ឌជាក់លាក់មួយចំនួនដែលជួយឲ្យមានសុភមង្គល។ ល័ក្ខខ័ណ្ឌទាំងនោះរួមបញ្ចូលសុខភាពល្អ ការងារដែលមានប្រយោជន៍ ចំណីអាហារគ្រប់គ្រាន់ ផ្ទះសម្បែង សម្លៀកបំពាក់ មិត្តល្អ និងសេរីភាពក្នុងការប្រឌិតអ្វីមួយទៅតាមចិត្តប្រាថ្នាចង់ធ្វើ។
អ្នកប្រហែលជាយល់ស្របថា ល័ក្ខខ័ណ្ឌទាំងនោះអាចមានឥទ្ធិពលទៅលើសេចក្ដីសង្ឃឹមរបស់ពួកគេដើម្បីមានសុភមង្គល។ ក៏ប៉ុន្តែ មានកត្ដាមួយទៀតដែលសំខាន់ជាង គឺជាចំណេះដែលមកពីព្រះយេហូវ៉ាជាព្រះដែលប្រកបដោយ«សុភមង្គល»។ (ធីម៉ូថេទី១ ១:១១, ខ.ស.) តើចំណេះនោះនឹងជួយយើងតាមរបៀបណា? ព្រះយេហូវ៉ាជាអ្នកបង្កើតយើងនិងទ្រង់បានប្រទានឲ្យយើងនូវលទ្ធភាពដើម្បីស្វែងរកសុភមង្គល។ ជាការសមហេតុសមផលដែលទ្រង់ដឹងថាអ្វីដែលនាំឲ្យយើងមានសុភមង្គលពិត។ អត្ថបទជាបន្ទាប់រៀបរាប់អំពីរបៀបដែលទ្រង់ដឹកនាំមនុស្សគ្រប់ទីកន្លែងឬគ្រប់កាលៈទេសៈទាំងអស់ឆ្ពោះទៅជីវិតដែលប្រកបដោយសុភមង្គលស្ថិតស្ថេររហូត។
[រូបភាពនៅទំព័រ៤]
ដូចរុក្ខជាតិដែលមានផ្កា សុភមង្គលត្រូវការល័ក្ខខ័ណ្ឌល្អត្រឹមត្រូវ ដើម្បីលូតលាស់បាន
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
© Gideon Mendel/CORBIS