លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ទូលបង្គំយកការក្រើនរំលឹករបស់ទ្រង់ទុកជាសេចក្ដីអំណររបស់ខ្លួន›

‹ទូលបង្គំយកការក្រើនរំលឹករបស់ទ្រង់ទុកជាសេចក្ដីអំណររបស់ខ្លួន›

‹ទូល​បង្គំ​យក​ការ​ក្រើន​រំលឹក​របស់​ទ្រង់​ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន›

​«អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»។—រ៉ូម ១៥:៤

១​. តើ​ព្រះ​យេហូវ៉ា​ក្រើន​រំលឹក​យើង​តាម​រយៈ​អ្វី​ខ្លះ? ហេតុ​អ្វី​យើង​ត្រូវ​ការ​នូវ​ការ​ក្រើន​រំលឹក​នោះ?

ព្រះ​យេហូវ៉ា​ក្រើន​រំលឹក​រាស្ត្រ​ទ្រង់ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ស៊ូទ្រាំ​នឹង​ការ​លំបាក​ដែល​ពួក​គេ​ជួបប្រទះ​នៅ​គ្រា​លំបាក​នេះ។ ការ​ក្រើន​រំលឹក​ខ្លះ​យើង​ទទួល​ពេល​ដែល​អាន​ព្រះ​គម្ពីរ រីឯ​ការ​ក្រើន​រំលឹក​ផ្សេង​ទៀត​យើង​ទទួល​ពេល​ស្ដាប់​សុន្ទរកថា​ឬ​ចម្លើយ​បងប្អូន​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមជំនុំ។ ព័ត៌មាន​ភាគ​ច្រើន​ដែល​យើង​អាន​ឬ​ឮ​នៅ​គ្រា​ទាំង​នោះ មិន​មែន​ជា​ព័ត៌មាន​ថ្មី​ទេ។ យើង​ទំនង​ជា​ធ្លាប់​ឮ​ឬ​អាន​ព័ត៌មាន​ស្រដៀង​នឹង​នោះ​ពី​មុន។ ក៏​ប៉ុន្តែ ដោយសារ​យើង​ងាយ​ភ្លេច យើង​ត្រូវ​តែ​រំលឹក​ខ្លួន​អំពី​គោល​បំណង ក្រឹត្យ​វិន័យ និង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ជានិច្ច។ យើង​គួរ​យល់​តម្លៃ​នៃ​ការ​ក្រើន​រំលឹក​របស់​ទ្រង់។ ការ​ក្រើន​រំលឹក​នោះ​លើក​ទឹក​ចិត្ត​យើង ដោយ​ជួយ​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​មូលហេតុ​ទាំង​ប៉ុន្មាន​ដែល​បាន​ជំរុញ​ឲ្យ​យើង​ចាប់​ផ្ដើម​របៀប​រស់​នៅ​សម​ស្រប​តាម​ព្រះ​ហឫទ័យ​ព្រះ។ ហេតុ​ដូច្នេះ​ហើយ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ថា​៖ «ទូល​បង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់[ឬ​«ការ​ក្រើន​រំលឹក​របស់​ទ្រង់»]ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន»។—ទំនុកដំកើង ១១៩:២៤; ព.ថ.

២, ៣​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​កត់​ទុក​ជីវប្រវត្ដិ​របស់​បុរស​ស្ត្រី​ផ្សេងៗ​ក្នុង​ព្រះ​គម្ពីរ​ទុក​សម្រាប់​យើង​នៅ​សម័យ​នេះ? (ខ) តើ​អត្ថបទ​នេះ​នឹង​បញ្ជាក់​ទៅ​លើ​កំណត់​ហេតុ​អ្វី​ខ្លះ​ពី​បទ​គម្ពីរ?

ទោះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ត្រូវ​សរសេរ​រាប់​រយ​ឆ្នាំ​មុន​ក៏​ពិត​មែន តែ​បន្ទូល​នោះ​នៅ​តែ​ពូកែ​ឬ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ (ហេព្រើរ ៤:១២) ក្នុង​បន្ទូល​នោះ​មាន​ជីវប្រវត្ដិ​ពិត​របស់​បុរស​ស្ត្រី​ផ្សេងៗ។ ទោះ​ជា​ទំនៀម​ទម្លាប់​និង​ទស្សនៈ​របស់​មនុស្ស​នៅ​សម័យ​នេះ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​នៅ​សម័យ​ដែល​ព្រះ​គម្ពីរ​បាន​ត្រូវ​កត់​សរសេរ​ក៏​ពិត​មែន តែ​បញ្ហា​ដែល​យើង​ជួបប្រទះ​ច្រើន​តែ​ដូច​គ្នា​នឹង​មនុស្ស​នៅ​សម័យ​នោះ។ រឿង​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​ដែល​បាន​ត្រូវ​កត់​ទុក​សម្រាប់​ប្រយោជន៍​យើង មាន​គំរូ​ជា​ទី​លើក​ទឹក​ចិត្ត​អំពី​មនុស្ស​ដែល​បាន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​បម្រើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​ទោះ​ជា​ជួប​ទុក្ខ​លំបាក​ក៏​ដោយ។ កំណត់​ហេតុ​ឯ​ទៀត​បញ្ជាក់​នូវ​ការ​ប្រព្រឹត្ត​ដែល​ព្រះ​ស្អប់។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​អ្នក​បម្រើ​ទ្រង់​កត់​ទុក​ជីវប្រវត្ដិ​ទាំង​ល្អ​ទាំង​អាក្រក់​បែប​នេះ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ក្រើន​រំលឹក​យើង។ គឺ​ដូច​សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ»។—រ៉ូម ១៥:៤

ឥឡូវ​យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំណត់​ហេតុ​បី​ក្នុង​ព្រះ​គម្ពីរ។ កំណត់​ហេតុ​ទី​មួយ​គឺ​អំពី​របៀប​ដាវីឌ​ប្រព្រឹត្ត​ចំពោះ​ស្តេច​សូល។ ទីពីរ​គឺ​អំពី​អាន្ន៉ានាស​និង​ប្រពន្ធ​គាត់​ឈ្មោះ​សាភីរ៉ា ហើយ​ទី​បី​គឺ​អំពី​របៀប​ដែល​យ៉ូសែប​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​របស់​ប៉ូទីផារ។ កំណត់​ហេតុ​នីមួយៗ​នេះ​បង្កប់​មេ​រៀន​ដ៏​សំខាន់​សម្រាប់​យើង។

ភាព​ស្មោះ​ត្រង់​នឹង​របៀប​រៀបចំ​របស់​ព្រះ

៤, ៥​. (ក) តើ​មាន​បញ្ហា​អ្វី​រវាង​ស្តេច​សូល​និង​ដាវីឌ? (ខ) តើ​ដាវីឌ​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​ការ​ប្រឆាំង​របស់​សូល?

ស្តេច​សូល​បាន​បែរ​ជា​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​មាន​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​ទ្រង់​លែង​សម​ជា​អ្នក​គ្រប់គ្រង​លើ​រាស្ត្រ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត។ ហេតុ​នេះ​ព្រះ​លែង​ទទួល​ស្គាល់​សូល ហើយ​បាន​បង្គាប់​សាំយូអែល​ជា​អ្នក​នាំ​បន្ទូល​ទ្រង់ ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រាអែល​នៅ​ពេល​បន្ទាប់​មក។ ពេល​ដែល​ស្តេច​សូល​ឃើញ​ថា​ដាវីឌ​ជា​ទាហាន​ពូកែ ហើយ​ប្រជាជន​សរសើរ​គាត់​គ្រប់​គ្នា នោះ​សូល​ចាប់​ផ្ដើម​ចាត់​ទុក​ដាវីឌ​ជា​គូ​ប្រជែង។ ម្ដង​ហើយ​ម្ដង​ទៀត​សូល​ប៉ន់​ប៉ង​សម្លាប់​ដាវីឌ។ ដោយ​សារ​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​ដាវីឌ គាត់​បាន​រួច​រស់​ជា​រៀង​រាល់​ដង។—សាំយូអែលទី១ ១៨:៦​-​១២, ២៥; ១៩:១០, ១១

អស់​ជា​ច្រើន​ឆ្នាំ​ដាវីឌ​ត្រូវ​ភៀស​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នៅ​ពេល​មាន​ឱកាស​សម្លាប់​សូល មិត្តភក្ដិ​ខំ​ជំរុញ​ឲ្យ​ធ្វើ​ដូច្នោះ​ដោយ​ប្រាប់​ថា ព្រះ​យេហូវ៉ា​បាន​ប្រគល់​សត្រូវ​របស់​គាត់​ក្នុង​កណ្ដាប់​ដៃ​គាត់​ហើយ។ ក៏​ប៉ុន្តែ​ដាវីឌ​មិន​ព្រម​ធ្វើ​តាម​ទេ ដោយសារ​គាត់​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គោរព​មុខ​តំណែង​របស់​សូល​ជា​ស្តេច​ដែល​ព្រះ​បាន​តែងតាំង​ឲ្យ​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់។ គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​តែងតាំង​សូល​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល មែន​ទេ? ដូច្នេះ​គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​នឹង​ដក​ហូត​សូល​ចេញ​ពី​តំណែង​នៅ​ពេល​កំណត់​របស់​ទ្រង់។ ដាវីឌ​បាន​វែកញែក​ហើយ​យល់​ថា គាត់​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​រឿង​នោះ​ទេ។ ក្រោយ​ដាវីឌ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​សូល​ឈប់​ព្យាបាទ​គាត់ នោះ​ដាវីឌ​បាន​និយាយ​ថា​៖ «ព្រះ​យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ឡើយ»។—សាំយូអែលទី១ ២៤:៣​-​១៥; ២៦:៧​-​២០

៦​. ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​កំណត់​ហេតុ​អំពី​ដាវីឌ​និង​ស្តេច​សូល?

កំណត់​ហេតុ​នេះ​បង្កប់​មេ​រៀន​ដ៏​សំខាន់​ណាស់។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​មូលហេតុ​ដែល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​ក្រុមជំនុំ​ទេ? ប្រហែល​ជា​មាន​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​មិន​សម​គួរ។ ប្រហែល​ការ​ប្រព្រឹត្ត​របស់​គាត់​មិន​មែន​ជា​អំពើ​ខុស​ធ្ងន់​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​រំខាន​ចិត្ត​អ្នក។ តើ​អ្នក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា? ដោយសារ​ចង់​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​គ្រីស្ទាន​របស់​អ្នក ហើយ​ដោយសារ​ចង់​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា នោះ​ប្រហែល​ជា​អ្នក​សម្រេច​ចិត្ត​និយាយ​ជា​មួយ​គាត់​ដោយ​ជ្រើសរើស​សម្ដី​សប្បុរស​ក្នុង​បំណង​ជួយ​ឲ្យ​គាត់​កែ​ប្រែ។ ក៏​ប៉ុន្តែ​ចុះ​បើ​បញ្ហា​នោះ​នៅ​តែ​មាន​បន្ត? ក្រោយ​អ្នក​បាន​ខំ​អស់​ពី​សមត្ថភាព​ហើយ អ្នក​អាច​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះស្រាយ​រឿង​នោះ​ចុះ។ នេះ​ហើយ​ជា​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ។

៧​. ដោយ​យក​តម្រាប់​តាម​ដាវីឌ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ប្រសិន​បើ​យើង​ជួប​នឹង​អំពើ​អយុត្ដិធម៌​ឬ​ការ​រើស​អើង​សាសនា?

ម្យ៉ាង​ទៀត ប្រហែល​ជា​អ្នក​កំពុង​តែ​ជួបប្រទះ​អំពើ​អយុត្ដិធម៌​ឬ​ការ​រើស​អើង​សាសនា។ ទំនង​ជា​អ្នក​មិន​សូវ​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នោះ​ឥឡូវ​នេះ​ទេ។ ស្ថានភាព​បែប​នេះ​អាច​ពិបាក​ស៊ូទ្រាំ​ណាស់ ប៉ុន្តែ​យើង​អាច​ទាញ​មេ​រៀន​ពី​របៀប​ដែល​ដាវីឌ​ប្រព្រឹត្ត​ពេល​ជួប​អំពើ​អយុត្ដិធម៌។ ទំនុកដំកើង​ដែល​ដាវីឌ​បាន​សរសេរ​មិន​ត្រឹម​តែ​មាន​សេចក្ដី​អធិស្ឋាន​របស់​គាត់​ដែល​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​ការពារ​គាត់​ពី​សូល​ប៉ុណ្ណោះ​ទេ តែ​ទំនុកដំកើង​ទាំង​នោះ​ក៏​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា និង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំពោះ​ការ​លើក​តម្កើង​ព្រះ​នាម​ទ្រង់។ (ទំនុកដំកើង ១៨:១​-​៦, ២៥​-​២៧, ៣០​-​៣២, ៤៨​-​៥០; ៥៧:១​-​១១) ដាវីឌ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ទោះ​ជា​សូល​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​រូប​គាត់​ជា​ច្រើន​ឆ្នាំ​ក្ដី។ យើង​ក៏​គួរ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់ ទោះ​ជា​យើង​ជួប​នឹង​អំពើ​អយុត្ដិធម៌​ក៏​ដោយ ហើយ​ទោះ​ជា​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​យ៉ាង​ណា​ក្ដី​មក​លើ​យើង។ យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​អំពី​ស្ថានភាព​របស់​យើង។—ទំនុកដំកើង ៨៦:២

៨​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ម៉ូសំ​ប៊ិច​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា​ពេល​ដែល​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​ល្បងល?

បងប្អូន​គ្រីស្ទាន​របស់​យើង​នៅ​ប្រទេស​ម៉ូសំ​ប៊ិច​ជា​គំរូ​ល្អ​នៅ​សម័យ​នេះ ស្តី​អំពី​អ្នក​ដែល​បាន​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ពេល​មាន​ការ​ល្បងល។ នៅ​ឆ្នាំ​១៩៨៤ ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​បាន​រុក​រាន​ភូមិ​របស់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ប្លន់ ដុត​ផ្ទះ ហើយ​សម្លាប់​មនុស្ស​ក្នុង​ភូមិ។ តាម​មើល​ទៅ គ្មាន​អ្វី​ដែល​គ្រីស្ទាន​ពិត​ទាំង​នេះ​អាច​ធ្វើ​ដើម្បី​ការពារ​ខ្លួន​បាន​ឡើយ។ មនុស្ស​នៅ​ក្នុង​តំបន់​នោះ​បាន​ត្រូវ​បង្ខំ​ឲ្យ​ប្រដាប់​អាវុធ​ចូល​រួម​ធ្វើ​ចលនា​នយោបាយ​ផង​ដែរ​ឬ​មួយ​ក៏​គាំទ្រ​ចលនា​នយោបាយ​នោះ​តាម​វិធី​ផ្សេង​ទៀត។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ការ​ចូល​រួម​ជា​អ្វី​ខុស​នឹង​គោល​ជំហរ​អព្យាក្រឹតភាព​ជា​គ្រីស្ទាន​ពិត។ ដោយសារ​មិន​ព្រម​ចូល​រួម​នោះ ពួក​ឧទ្ទាម​បាន​ខឹង​យ៉ាង​ខ្លាំង។ ស្មរបន្ទាល់​៣០​នាក់​ត្រូវ​គេ​សម្លាប់​ចោល​នៅ​គ្រា​នោះ ប៉ុន្តែ​សូម្បី​តែ​ការ​គំរាម​សម្លាប់​មិន​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ព្រះ​លែង​ស្មោះ​ត្រង់​នឹង​ទ្រង់​ឡើយ។ ដូច​ដាវីឌ ពួក​គេ​បាន​ស៊ូទ្រាំ​នឹង​អំពើ​អយុត្ដិធម៌​ហើយ​នៅ​ទីបំផុត​បាន​ដណ្ដើម​យក​ជ័យជំនះ។

ការ​ក្រើន​រំលឹក​ដែល​ជា​ការ​ព្រមាន

៩, ១០​. (ក) តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​គំរូ​ខ្លះ​ក្នុង​បទ​ព្រះ​គម្ពីរ? (ខ) ហេតុ​អ្វី​ការ​ប្រព្រឹត្ត​របស់​អាន្ន៉ានាស​និង​សាភីរ៉ា​ខុស?

កំណត់​ហេតុ​អំពី​មនុស្ស​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ជា​ការ​ក្រើន​រំលឹក​និង​ជា​ការ​ព្រមាន ស្តី​អំពី​ការ​ប្រព្រឹត្ត​ណា​ដែល​យើង​ត្រូវ​ជៀស​វាង។ ព្រះ​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​បុរស​ស្ត្រី​ផ្សេងៗ​ដែល​បាន​ធ្វើ​ខុស​ហើយ​ទទួល​ផលវិបាក សូម្បី​តែ​ក្នុង​ចំណោម​អ្នក​បម្រើ​ព្រះ​ក៏​ដោយ។ (កូរិនថូសទី១ ១០:១១) កំណត់​ហេតុ​មួយ​បែប​នេះ​គឺ​អំពី​អាន្ន៉ានាស​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា។ ពួក​គាត់​ជា​សមាជិក​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នា​សតវត្សរ៍​ទី​មួយ នៅ​ទី​ក្រុង​យេរូសាឡិម។

១០ ក្រោយ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣​គ.ស. អ្នក​ជឿ​ថ្មី​ខ្លះ​បាន​នៅ​ទី​ក្រុង​យេរូសាឡិម​បន្ត ដើម្បី​ទទួល​ការ​បង្រៀន​ពី​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ ហើយ​ហេតុ​នេះ​ពួក​គេ​ត្រូវ​ការ​ជំនួយ​ខាង​លុយ​កាក់។ សមាជិក​ខ្លះ​ក្នុង​ក្រុមជំនុំ​បាន​លក់​ទ្រព្យ​សម្បត្ដិ​និង​ដីធ្លី​របស់​ខ្លួន ដើម្បី​អាច​ជួយ​ឧបត្ថម្ភ​បងប្អូន។ (កិច្ចការ ២:៤១​-​៤៥) អាន្ន៉ានាស​និង​សាភីរ៉ា​បាន​លក់​ដី​ហើយ​យក​លុយ​ខ្លះ​មក​ជូន​ពួក​សាវ័ក តែ​បាន​អះអាង​ថា​លុយ​នោះ​គឺ​ជា​លុយ​ទាំង​អស់​ដែល​ពួក​គេ​បាន​ទទួល។ អាន្ន៉ានាស​និង​សាភីរ៉ា​មាន​សិទ្ធិ​ទុក​ប្រាក់​ប៉ុន្មាន​ដែល​ពួក​គាត់​ចង់​ទុក​សម្រាប់​ខ្លួន​ឯង ដ្បិត​វាល​នោះ​ជា​របស់​ពួក​គាត់។ ក៏​ប៉ុន្តែ​ពួក​គាត់​មាន​បំណង​ចិត្ត​អាក្រក់ ហើយ​បាន​ប្រព្រឹត្ត​ដោយ​មិន​ទៀងត្រង់។ ពួក​គាត់​ចង់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច ហើយ​គិត​ថា​ពួក​គាត់​បាន​ធ្វើ​ការ​លះបង់​ធំ​សម្បើម​ណាស់។ សាវ័ក​ពេត្រុស​ដោយ​ការ​ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​លាត​ត្រដាង​ភាព​មិន​ទៀងត្រង់​និង​ពុត​ត្បុត​របស់​ពួក​គាត់ ហើយ​ព្រះ​យេហូវ៉ា​បាន​សម្លាប់​ពួក​គាត់​ទៅ។—កិច្ចការ ៥:១​-​១០

១១, ១២​. (ក) តើ​មាន​ការ​ក្រើន​រំលឹក​អ្វី​ខ្លះ​អំពី​ភាព​ទៀងត្រង់? (ខ) តើ​ការ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​មាន​ប្រយោជន៍​អ្វី?

១១ ប្រសិន​បើ​យើង​កើត​មាន​ចិត្ត​ចង់​បំភ្លៃ​ការ​ពិត​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​យើង​នោះ ចូរ​ទាញ​យក​មេ​រៀន​ពី​ការ​ក្រើន​រំលឹក​អំពី​អាន្ន៉ានាស​និង​សាភីរ៉ា។ យើង​ប្រហែល​ជា​អាច​បញ្ឆោត​មនុស្ស​បាន ប៉ុន្តែ​យើង​មិន​អាច​បញ្ឆោត​ព្រះ​យេហូវ៉ា​បាន​ទេ។ (ហេព្រើរ ៤:​១៣) ម្ដង​ហើយ​ម្ដង​ទៀត បទ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​និយាយ​ការ​ពិត​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​មនុស្ស​ភូតភរ​មិន​អាច​រស់​នៅ​ក្នុង​ពិភពលោក​ថ្មី​ដែល​គ្មាន​អំពើ​ទុច្ចរិត​បាន​ឡើយ។ (សុភាសិត ១៤:២; វិវរណៈ ២១:៨; ២២:១៥) មូលហេតុ​គឺ​ជាក់​ស្តែង។ អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​មិន​ពិត​ទាំង​អស់ គឺ​ជា​អារក្ស​សាតាំង។—យ៉ូហាន ៨:៤៤

១២ ការ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​ជានិច្ច​មាន​ផល​ប្រយោជន៍​ច្រើន។ ផល​ប្រយោជន៍​មួយ​គឺ យើង​មាន​មនសិការ​ជ្រះថ្លា ហើយ​ក៏​សប្បាយ​ដោយសារ​អ្នក​ឯ​ទៀត​ទុក​ចិត្ត​យើង។ ក្នុង​ករណី​ជា​ច្រើន គ្រីស្ទាន​ពិត​បាន​ទទួល​ការងារ​ឬ​រក្សា​ការងារ ដោយសារ​ពួក​គេ​ជា​មនុស្ស​ទៀងត្រង់។ ប៉ុន្តែ​ប្រយោជន៍​សំខាន់​បំផុត​គឺ ការ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​ធ្វើ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ១៥:១, ២

ការ​រក្សា​ភាព​បរិសុទ្ធ

១៣​. តើ​យ៉ូសែប​នៅ​ក្នុង​ស្ថានភាព​បែប​ណា? តើ​គាត់​ប្រព្រឹត្ត​យ៉ាង​ណា?

១៣ យ៉ូសែប​ជា​កូន​ប្រុស​របស់​យ៉ាកុប។ ពេល​គាត់​មាន​អាយុ​១៧​ឆ្នាំ គាត់​ត្រូវ​គេ​លក់​ឲ្យ​ធ្វើ​ជា​បាវ​បម្រើ។ នៅ​ទីបំផុត គាត់​នៅ​ផ្ទះ​លោក​ប៉ូទីផារ​ដែល​ជា​មន្ត្រី​សាសន៍​អេស៊ីប​មួយ​រូប។ ទី​នោះ​ភរិយា​របស់​ប៉ូទីផារ​បាន​ចាប់​ចិត្ត​ស្រឡាញ់​គាត់។ នាង​ចង់​រួម​ដំណេក​ជា​មួយ​យ៉ូសែប ដែល​ជា​យុវជន​មាន​រូប​សង្ហារ ហើយ​រាល់​ថ្ងៃ​នាង​ទទូច​សុំ​ថា​«ចូរ​មក​ដេក​នឹង​អញ»។ យ៉ូសែប​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ហើយ​ក៏​នៅ​ស្រុក​មួយ​ដែល​គ្មាន​អ្នក​ណា​ស្គាល់​គាត់​ឡើយ។ គាត់​ប្រហែល​ជា​អាច​រួម​ដំណេក​ជា​មួយ​នាង​ដោយ​គ្មាន​អ្នក​ណា​ដឹង​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ភរិយា​របស់​ប៉ូទីផារ​ចាប់​គាត់ យ៉ូសែប​រត់​ចេញ។—លោកុប្បត្តិ ៣៧:២, ១៨​-​២៨; ៣៩:១​-​១២

១៤, ១៥​. (ក) ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​កំណត់​ហេតុ​ស្តី​អំពី​យ៉ូសែប? (ខ) ហេតុ​អ្វី​បាន​ជា​ស្ត្រី​គ្រីស្ទាន​ម្នាក់​សប្បាយ​ដែល​គាត់​បាន​ធ្វើ​តាម​ការ​ក្រើន​រំលឹក​របស់​ព្រះ?

១៤ យ៉ូសែប​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​កោត​ខ្លាច​ព្រះ ហើយ​គាត់​យល់​ថា ការ​រួម​ដំណេក​រវាង​មនុស្ស​ដែល​មិន​មែន​ជា​ប្ដី​ប្រពន្ធ​គឺ​ខុស។ គាត់​បាន​សួរ​ថា​៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន? ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង»។ គាត់​យល់​យ៉ាង​នេះ ទំនង​ជា​ដោយសារ​គាត់​ដឹង​អំពី​ខ្នាត​តម្រា​របស់​ព្រះ​ដែល​បាន​ត្រូវ​បញ្ជាក់​នៅ​សួន​អេដែន​ថា ត្រូវ​មាន​ប្រពន្ធ​ឬ​ប្ដី​តែ​មួយ។ (លោកុប្បត្តិ ២:២៤) រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​របៀប​យ៉ូសែប​បាន​ប្រព្រឹត្ត​ក្នុង​ករណី​នេះ។ នៅ​តំបន់​ខ្លះ មនុស្ស​មើល​ស្រាល​នូវ​ខ្នាត​តម្រា​សីលធម៌​ស្តី​អំពី​ការ​រួម​ដំណេក រហូត​ដល់​ពួក​យុវ​វ័យ​ដែល​មិន​ព្រម​ធ្វើ​អំពើ​អសីលធម៌​ត្រូវ​គេ​ចំអក​មើលងាយ​ទៅ​វិញ។ ការ​ផិត​ក្បត់​កើត​ឡើង​ជា​រឿយៗ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ។ ដូច្នេះ​ហើយ​កំណត់​ហេតុ​អំពី​យ៉ូសែប​ជា​ការ​ក្រើន​រំលឹក​ដ៏​ទាន់​ពេល​វេលា។ ខ្នាត​តម្រា​របស់​ព្រះ​នៅ​តែ​ថា ការ​ផិត​ក្បត់ និង​អំពើ​អសីលធម៌​ទាំង​អស់​ខាង​កាម​គឺ​ជា​អំពើ​បាប។ (ហេព្រើរ ១៣:៤) មនុស្ស​ជា​ច្រើន​ដែល​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម​នោះ យល់​ស្រប​ថា មាន​មូលហេតុ​ជា​ច្រើន​ដែល​គួរ​ជៀស​ចេញ​ពី​អំពើ​នោះ។ ផលវិបាក​រួម​មាន​ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ វិប្បដិសារី​យ៉ាង​ខ្លាំង ការ​ច្រណែន ផ្ទៃពោះ និង​ជំងឺ​កាម​រោគ។ ដូច​ព្រះ​ក្រើន​រំលឹក​យើង​តាម​រយៈ​បទ​គម្ពីរ​នោះ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម​កំពុង​តែ​«ធ្វើ​បាប​ដល់​រូប​កាយ​ខ្លួន​ឯង​ផង»។—កូរិនថូសទី១ ៥:៩​-​១២; ៦:១៨; សុភាសិត ៦:២៣​-​២៩, ៣២

១៥ ចេនី​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​នៅ​ក្រមុំ។ * គាត់​មាន​មូលហេតុ​ល្អ​ក្នុង​ការ​ស្រឡាញ់​ការ​ក្រើន​រំលឹក​របស់​ព្រះ។ នៅ​កន្លែង​ធ្វើ​ការ បុរស​រូប​សង្ហារ​ម្នាក់​ខំ​បង្កើត​ឲ្យ​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នាង។ ពេល​ដែល​ចេនី​មិន​តប​ឆ្លើយ បុរស​នោះ​ព្យាយាម​កាន់​តែ​ខ្លាំង។ ចេនី​ប្រាប់​ថា​៖ «ពេល​នោះ​ខ្ញុំ​ពិបាក​ណាស់​ក្នុង​ការ​រក្សា​ភាព​បរិសុទ្ធ ពីព្រោះ​ពេល​មនុស្ស​ភេទ​ផ្ទុយ​ចាប់​អារម្មណ៍​នឹង​យើង យើង​តែង​តែ​សប្បាយ​ចិត្ត»។ ក៏​ប៉ុន្តែ​ចេនី​ទទួល​ស្គាល់​ថា បុរស​នោះ​គ្រាន់​តែ​ចង់​បាន​ស្រី​មួយ​ទៀត ដើម្បី​បន្ថែម​នឹង​ស្រី​ជា​ច្រើន​ឯ​ទៀត​ដែល​គាត់​ធ្លាប់​រួម​ដំណេក​ជា​មួយ។ ពេល​ដែល​ចេនី​មាន​អារម្មណ៍​ថា​គាត់​ពិបាក​រក្សា​ជំហរ នោះ​នាង​បាន​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ទ្រង់។ ចេនី​ប្រាប់​ថា អ្វី​ដែល​នាង​បាន​រៀន​ពេល​ដែល​ស្រាវជ្រាវ​ក្នុង​សៀវភៅ​របស់​យើង​គឺ​ជា​ការ​ក្រើន​រំលឹក​ដែល​ជួយ​ដូច​ជា​ចាក់​ថ្នាំ​ការពារ។ ការ​ក្រើន​រំលឹក​មួយ​គឺ​ជា​រឿង​អំពី​យ៉ូសែប​និង​ប្រពន្ធ​លោក​ប៉ូទីផារ។ ចេនី​បញ្ចប់​ដោយ​ថា​៖ «ដរាប​ណា​ដែល​ខ្ញុំ​រំលឹក​ខ្លួន​ថា ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ដរាប​នោះ​ខ្ញុំ​មិន​ចាំបាច់​ខ្លាច​ថា​ខ្ញុំ​នឹង​ធ្វើ​អំពើ​អាក្រក់​យ៉ាង​ធំ ហើយ​ធ្វើ​បាប​ប្រឆាំង​ទ្រង់»។

ចូរ​ធ្វើ​តាម​ការ​ក្រើន​រំលឹក​របស់​ព្រះ!

១៦​. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​អាន​និង​រំពឹង​គិត​អំពី​ជីវប្រវត្ដិ​របស់​បុគ្គល​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ?

១៦ យើង​ទាំង​អស់​គ្នា​អាច​បង្កើន​ការ​អប់​អរ​របស់​យើង​ចំពោះ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ដោយ​ព្យាយាម​យល់​មូលហេតុ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​កត់​ទុក​រឿង​ផ្សេងៗ​ក្នុង​បទ​គម្ពីរ​សម្រាប់​យើង។ តើ​កំណត់​ហេតុ​នោះ​បង្រៀន​យើង​អ្វី​ខ្លះ? តើ​យើង​ត្រូវ​យក​តម្រាប់​តាម​ឬ​ជៀស​ចេញ​ពី​លក្ខណៈ​ឬ​ទំនោរ​ចិត្ត​អ្វី​ខ្លះ​របស់​បុគ្គល​ក្នុង​កំណត់​ហេតុ​នោះ? ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​មាន​កំណត់​ហេតុ​អំពី​មនុស្ស​រាប់​រយ​នាក់។ យក​ល្អ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​ណែនាំ​របស់​ព្រះ បណ្ដុះ​ឲ្យ​មាន​ចំណង់​ទទួល​ប្រាជ្ញា​ដែល​ផ្ដល់​ជីវិត រួម​ទាំង​មេ​រៀន​ដែល​យើង​អាច​ទាញ​យក​ពី​គំរូ​ផ្សេងៗ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​កត់​ទុក​យ៉ាង​ផ្ចិតផ្ចង់​សម្រាប់​ប្រយោជន៍​យើង។ ជា​ច្រើន​ដង ទស្សនាវដ្ដី​នេះ​មាន​អត្ថបទ​អំពី​ជីវប្រវត្ដិ​របស់​បុរស​ស្ត្រី​ផ្សេងៗ​ដែល​បង្កប់​មេ​រៀន​សម្រាប់​យើង។ សូម​អញ្ជើញ​ចំណាយ​ពេល​មើល​អត្ថបទ​ទាំង​នោះ​ម្ដង​ទៀត។

១៧​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ក្រើន​រំលឹក​របស់​ព្រះ​យេហូវ៉ា? តើ​ហេតុ​អ្វី?

១៧ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ណាស់​ដោយសារ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​ព្យាយាម​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់! យើង​មិន​មែន​ជា​មនុស្ស​គ្រប់​លក្ខណ៍​ឡើយ ដូច​បុរស​ស្ត្រី​ផ្សេងៗ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​ក៏​មិន​មែន​ជា​មនុស្ស​គ្រប់​លក្ខណ៍​ដែរ។ ក៏​ប៉ុន្តែ​កំណត់​ហេតុ​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ មាន​ប្រយោជន៍​ក្រៃលែង​សម្រាប់​យើង។ ដោយ​ប្រព្រឹត្ត​តាម​ការ​ក្រើន​រំលឹក​របស់​ព្រះ​យេហូវ៉ា យើង​ជៀស​ចេញ​ពី​ការ​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ហើយ​ក៏​អាច​យក​តម្រាប់​តាម​គំរូ​ល្អៗ​របស់​អ្នក​ដែល​ធ្លាប់​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សុចរិត។ ប្រសិន​បើ​យើង​ធ្វើ​យ៉ាង​នេះ យើង​អាច​នឹង​ច្រៀង​ជា​មួយ​អ្នក​តែង​បទ​ទំនុក​ថា​៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ[«ការ​ក្រើន​រំលឹក»]របស់[ព្រះ​យេហូវ៉ា] ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត ព្រលឹង​ទូល​បង្គំ​បាន​កាន់​តាម[«ការ​ក្រើន​រំលឹក»]របស់​ទ្រង់​ទូល​បង្គំ​ក៏​ស្រឡាញ់[«ការ​ក្រើន​រំលឹក»]នោះ​យ៉ាង​ក្រៃលែង»។—ទំនុកដំកើង ១១៩:២, ១៦៧; ព.ថ.

[កំណត់​សម្គាល់]

^ វគ្គ 15 ឈ្មោះ​បាន​ត្រូវ​ប្ដូរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​ទស្សនៈ​របស់​ដាវីឌ​ចំពោះ​ស្តេច​សូល?

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​អាន្ន៉ានាស​និង​សាភីរ៉ា?

សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​កំណត់​ហេតុ​អំពី​យ៉ូសែប?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៨]

ហេតុ​អ្វី​ដាវីឌ​មិន​ព្រម​ឲ្យ​សម្លាប់​ស្តេច​សូល?

[រូបភាព​នៅ​ទំព័រ​១៩]

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី ពី​កំណត់​ហេតុ​អំពី​អាន្ន៉ានាស​សាភីរ៉ា?

[រូបភាព​នៅ​ទំព័រ​២០]

ហេតុ​អ្វី​យ៉ូសែប​មិន​ព្រម​ប្រព្រឹត្ត​អំពើ​អសីលធម៌?