លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្លូវដែលពិតជានាំទៅសុភមង្គល

ផ្លូវដែលពិតជានាំទៅសុភមង្គល

ផ្លូវ​ដែល​ពិត​ជា​នាំ​ទៅ​សុភមង្គល

​«ការ​ស្វែង​រក​សុភមង្គល»​គឺ​ជា​សិទ្ធិ​របស់​មនុស្ស​ទាំង​អស់។ នេះ​ជា​ទស្សនៈ​របស់​អ្នក​រៀបចំ​សេចក្ដី​ថ្លែង​ការណ៍​ប្រកាស​ឯក​រាជ្យ​នៃ​សហរដ្ឋ​អា​ម៉េរិក។ ក៏​ប៉ុន្តែ​ការ​ស្វែង​រក​គោល​ដៅ​គឺ​ខុស​គ្នា​ពី​ការ​សម្រេច​គោល​ដៅ។ ជា​ឧទាហរណ៍​ថ្វី​បើ ពួក​យុវ​វ័យ​ជា​ច្រើន​ស្វែង​រក​អាជីព​ក្នុង​វិស័យ​សិល្បៈ​ឬ​កីឡា​ក្ដី តើ​អ្នក​ស្គាល់​ប៉ុន្មាន​នាក់​ដែល​នៅ​ទីបញ្ចប់​បាន​សម្រេច​ដូច​ប្រាថ្នា​នោះ? អ្នក​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​គាត់​ធ្លាប់​ពុះពារ​ឧបសគ្គ​ដើម្បី​ក្លាយ​ជា​ត​ន្ត្រី​ករ​ដែល​ទទួល​បាន​ជោគជ័យ​និយាយ​ថា​៖ «អ្នក​ប្រហែល​ជា​មិន​អាច​សម្រេច​ដូច​បំណង​ទេ»។

បើសិន​ជា​អ្នក​មាន​អារម្មណ៍​ដូច​ជា​គាត់​ក្នុង​ការ​ស្វែង​រក​សុភមង្គល ចូរ​អ្នក​កុំ​អស់​សង្ឃឹម​ឡើយ នៅ​មាន​ហេតុ​ល្អៗ​ដែល​បញ្ជាក់​ថា​អ្នក​អាច​រក​សុភមង្គល​បាន។ បើ​អ្នក​ស្វែង​រក​សុភមង្គល​តាម​របៀប​ត្រឹម​ត្រូវ នោះ​អ្នក​នឹង​រក​ឃើញ​ជា​ប្រាកដ។ ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ដូច្នេះ? អត្ថបទ​មុន​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ប្រកប​ដោយ​«សុភមង្គល»។ (ធីម៉ូថេទី១ ១:១១, ខ.ស.) ដូច្នេះ​ការ​ស្វែង​រក​សុភមង្គល​របស់​អ្នក​ពិត​ជា​មិន​ក្លាយ​ទៅ​ជា​ការ​ខក​ចិត្ត​ឡើយ ពីព្រោះ​ព្រះ​បាន​ផ្ដល់​ការ​ណែនាំ​ដែល​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ទុក្ខ​សោក​ដល់​មនុស្ស​ភាគ​ច្រើន។ ជា​ឧទាហរណ៍​សូម​ពិចារណា​ពី​ការ​សម្រាល​ទុក្ខ​ដែល​ទ្រង់​ផ្ដល់​ជូន​ពេល​មាន​អ្នក​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។

ពេល​អ្នក​ជា​ទី​ស្រឡាញ់​បាត់បង់​ជីវិត​សូន្យ

តើ​អាច​មាន​អ្វី​ល្អ​ខ្លះៗ​ដែល​គួរ​និយាយ​អំពី​សេចក្ដី​ស្លាប់​ទេ? សេចក្ដី​ស្លាប់​ពង្រាត់​មាតា​បិតា​ពី​បុត្រ​ធីតា​និង​បុត្រ​ធីតា​ពី​មាតា​បិតា។ សេចក្ដី​ស្លាប់​នាំ​ឲ្យ​អ្នក​ភូមិ​ផង​របង​ជា​មួយ​មាន​ការ​ភ័យ​ព្រួយ និង​បំបែក​មិត្ត​ជិត​ស្និទ្ធ​ទីទៃ​ពី​គ្នា។ ពេល​មាន​សេចក្ដី​ស្លាប់​ញាំ​ញី គ្រួសារ​ដែល​ធ្លាប់​មាន​សុភមង្គល ប្រហែល​ជា​អាច​ពោរពេញ​ទៅ​ដោយ​ក្ដី​ទុក្ខ​សោក​ទៅ​វិញ។

ច្បាស់​ហើយ​មិន​ចាំបាច់​មាន​នរណា​ម្នាក់​មក​ប្រាប់​អ្នក​ថា​សេចក្ដី​ស្លាប់​ជា​រឿង​ខ្លោចផ្សា​ទេ។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ខ្លះ​បដិសេធ​ការ​ពិត​នោះ ហើយ​រៀប​រាប់​អំពី​សេចក្ដី​ស្លាប់​ជា​អ្វី​ល្អ​ទៅ​វិញ។ សូម​កត់​សម្គាល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ខ្យល់​ព្យុះ​កាទ្រីណា​ដែល​បាន​បោក​បក់​លើ​ឈូង​សមុទ្រ​ម៉ិកស៊ិក​នៅ​ខែ​សីហា​ឆ្នាំ​២០០៥។ នៅ​ពិធី​បុណ្យ​បញ្ចុះ​សព​នៃ​ជន​រងគ្រោះ​ម្នាក់ គ្រូ​គង្វាល​បាន​និយាយ​ថា​៖ «កាទ្រីណា​មិន​បាន​សម្លាប់​គាត់​ទេ។ ព្រះ​បាន​ហៅ​គាត់​ឲ្យ​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ»។ នៅ​ពេល​មួយ​ទៀត បុគ្គលិក​ម្នាក់​នៅ​មន្ទីរពេទ្យ​ដែល​មាន​បំណង​ល្អ​ចង់​ជួយ​រំលែក​ទុក្ខ បាន​ប្រាប់​នារី​ម្នាក់​ដែល​មាន​ម្ដាយ​ស្លាប់​ថា​កុំ​ព្រួយ​អី ពីព្រោះ​ព្រះ​បាន​យក​ម្ដាយ​នាង​ទៅ​ឯ​ស្ថានសួគ៌​វិញ។ នាង​ជា​កូន​ស្រី​បាន​ទ្រហោ​យំ​ហើយ​សួរ​ថា​៖ «ហេតុ​អ្វី? ហេតុ​អ្វី​បាន​ជា​ទ្រង់​យក​គាត់​ពី​ខ្ញុំ?»។

ច្បាស់​ណាស់ គំនិត​យល់​ច្រឡំ​អំពី​មនុស្ស​ស្លាប់​បែប​នេះ ជា​រឿយៗ​មិន​បាន​ជួយ​សម្រាល​ទុក្ខ​ដល់​អស់​អ្នក​ដែល​បាន​ព្រាត់ប្រាស​គ្នា​ដោយ​សារ​សេចក្ដី​ស្លាប់​នោះ​ទេ។ ហេតុ​អ្វី? ដោយសារ​គំនិត​ទាំង​នោះ​គ្មាន​ការ​ពិត​អំពី​សេចក្ដី​ស្លាប់។ អាក្រក់​ជាង​នេះ​ទៅ​ទៀត មនុស្ស​ដែល​មាន​គំនិត​បែប​នោះ​និយាយ​ពី​ព្រះ​ថា​ជា​អ្នក​ពង្រាត់​យក​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​ពី​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត​របស់​គេ​តាម​របៀប​ដែល​គួរ​ឲ្យ​តក់​ស្លុត​និង​ឈឺ​ចាប់​ណាស់។ ជាជាង​ថា​ព្រះ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ ពួក​គេ​ពិពណ៌នា​ពី​ព្រះ​ហាក់​ដូច​ជា​ទ្រង់​អាក្រក់​ឃោរឃៅ​ដោយ​ធ្វើ​ឲ្យ​មាន​សោក​នាដកម្ម​កើត​ឡើង។ ក៏​ប៉ុន្តែ បន្ទូល​របស់​ព្រះ​ប្រាប់​ការ​ពិត​អំពី​សេចក្ដី​ស្លាប់។

ព្រះ​គម្ពីរ​ចែង​ពី​សេចក្ដី​ស្លាប់​ថា​ជា​សត្រូវ​ម្នាក់។ ព្រះ​គម្ពីរ​ប្រៀប​សេចក្ដី​ស្លាប់​ទៅ​នឹង​ស្តេច​មួយ​អង្គ​ដែល​បាន​សោយ​រាជ្យ​លើ​មនុស្ស​ជាតិ។ (រ៉ូម ៥:១៧; កូរិនថូសទី១ ១៥:២៦) សេចក្ដី​ស្លាប់​ជា​សត្រូវ​ម្នាក់​មាន​អំណាច​ដល់​ម្ល៉េះ ដែល​មនុស្ស​ជាតិ​មិន​អាច​ទប់ទល់​បាន​ឡើយ ហើយ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​បាត់បង់​ជីវិត​នោះ គឺ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ចំនួន​រាប់​មិន​អស់​នៃ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ប៉ុណ្ណោះ។ ការ​ពិត​អំពី​សេចក្ដី​ស្លាប់​ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​បញ្ជាក់​មូលហេតុ​ដែល​មនុស្ស​កើត​ទុក្ខ​ព្រម​ទាំង​មាន​អារម្មណ៍​អស់​សង្ឃឹម ពេល​មាន​អ្នក​ជា​ទី​ស្រឡាញ់​បាន​បាត់បង់​ជីវិត​សូន្យ​ទៅ។ នោះ​គឺ​ជា​អារម្មណ៍​ធម្មតា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​ព្រះ​ប្រើ​សត្រូវ​ដែល​ជា​សេចក្ដី​ស្លាប់​ដើម្បី​ពង្រាត់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ទៅ​ស្ថានសួគ៌​ឬ? សូម​ទុក​ឲ្យ​ព្រះ​គម្ពីរ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នោះ។

ក្នុង​ព្រះ​គម្ពីរ​នៅ​សាស្ដា ៩:៥, ១០ ចែង​ថា​៖ «មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិតគូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។ តើ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ជា​អ្វី? គឺ​ជា​និមិត្តរូប​នៃ​ស្ថានភាព​មនុស្ស​ស្លាប់។ ពេល​ដែល​មនុស្ស​បាត់បង់​ជីវិត​ទៅ គឺ​ប្រៀប​ដូច​ជា​ពួក​គេ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ក្នុង​កន្លែង​នោះ។ ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ មនុស្ស​ស្លាប់​គ្មាន​សកម្មភាព អត់​ដឹង​អ្វី​សោះ ព្រម​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ។ គឺ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​តែ​ដេក​លក់​ស៊ប់។ * ដូច្នេះ​ព្រះ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​មិន​ពង្រាត់​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង​យក​ទៅ​ស្ថានសួគ៌​ជា​មួយ​ទ្រង់​ឡើយ សេចក្ដី​ស្លាប់​បាន​ទុក​ពួក​គាត់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

ព្រះ​យេស៊ូ​បញ្ជាក់​បន្ថែម​ពី​សេចក្ដី​ពិត​នេះ បន្ទាប់​ពី​លោក​ឡាសារ​ដែល​ជា​មិត្ត​របស់​ទ្រង់​បាន​បាត់បង់​ជីវិត​សូន្យ​ទៅ។ ព្រះ​យេស៊ូ​ប្រៀប​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។ បើ​ឡាសារ​បាន​ឡើង​ទៅ​ស្ថានសួគ៌​ជា​មួយ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា រួច​ព្រះ​យេស៊ូ​យក​គាត់​ត្រឡប់​មក​ផែនដី​វិញ ហើយ​នៅ​ទីបំផុត​ឡាសារ​ស្លាប់​ម្ដង​ទៀត អ្វី​បែប​នេះ​មិន​ធ្វើ​ឲ្យ​ឡាសារ​សប្បាយ​ចិត្ត​ទេ។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​រៀប​រាប់​ថា​នៅ​ឯ​ទី​បញ្ចុះ​សព ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា​៖ «ឡាសារ​អើយ! ចូរ​ចេញ​មក!»។ ព្រះ​គម្ពីរ​ចែង​បន្ត​ថា​៖ «នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក»។ ឡាសារ​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​ម្ដង​ទៀត។ ព្រះ​យេស៊ូ​ដឹង​ច្បាស់​ថា ឡាសារ​មិន​បាន​ចាក​ចេញ​ពី​ផែនដី​ទេ។ គាត់​បាន​ដេក​ស្តូក​ស្ដឹង​ដោយ​បាត់បង់​ជីវិត​សូន្យ​ទៅ​ហើយ។—យ៉ូហាន ១១:​១១​-​១៤, ៣៤, ៣៨​-​៤៤

កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា​សេចក្ដី​ស្លាប់​មិន​មែន​ជា​របៀប​ដែល​ព្រះ​បញ្ជូន​មនុស្ស​ពី​ផែនដី​ទៅ​ស្ថានសួគ៌​ឡើយ។ ដូច្នេះ ដោយ​ដឹង​ថា​ទ្រង់​មិន​មែន​ជា​អ្នក​បង្ក​ឲ្យ​មាន​ទុក្ខ​លំបាក​ដល់​យើង​ទេ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។ យើង​ក៏​អាច​ទុក​ចិត្ត​ទ្រង់​ដែរ​ថា ទ្រង់​យល់​ទាំង​ស្រុង​នូវ​ទុក្ខ​សោក ការ​ឈឺ​ចាប់​ផ្សេងៗ​ដែល​ជា​ផលវិបាក​បន្សល់​ទុក​ដោយ​សត្រូវ​របស់​យើង​គឺ​សេចក្ដី​ស្លាប់។ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ស្តី​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់​បង្ហាញ​ថា មនុស្ស​ស្លាប់​មិន​រង​ទុក្ខ​នៅ​ស្ថាន​នរក​ឬ​ស្ថាន​ណា​ផ្សេង​ទៀត​ទេ ក៏​ប៉ុន្តែ ជីវិត​របស់​ពួក​គេ​បាន​បាត់បង់​សូន្យ​ទៅ​ហើយ។ ដូច្នេះ ពេល​ដែល​យើង​នឹក​ចាំ​អំពី​អ្នក​ដែល​ជា​ទី​ស្រឡាញ់ គ្មាន​ហេតុ​ធ្វើ​ឲ្យ​យើង​ស្អប់​ព្រះ ឬ​មួយ​ក៏​ភ័យ​ខ្លាច​ថា​ពួក​គេ​ស្ថិត​នៅ​ស្ថាន​ណា​ផ្សេង​ទៀត​ទេ។ លើស​ពី​នោះ​ទៅ​ទៀត ក្នុង​ព្រះ​គម្ពីរ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​យើង​ថែម​ទៀត។

សេចក្ដី​សង្ឃឹម​នាំ​ឲ្យ​មាន​សុភមង្គល

បទ​គម្ពីរ​ដែល​យើង​បាន​ពិភាក្សា​ចង្អុល​ប្រាប់​ថា សេចក្ដី​សង្ឃឹម​ជា​កត្ដា​មួយ​ចាំបាច់​ដើម្បី​ឲ្យ​មាន​សុភមង្គល។ ពាក្យ​«សេចក្ដី​សង្ឃឹម»​ដែល​ប្រើ​នៅ​ក្នុង​ព្រះ​គម្ពីរ​រួម​បញ្ចូល​ន័យ​ថា​ទន្ទឹង​ចាំ​ទទួល​សេចក្ដី​ល្អ។ ដើម្បី​ឲ្យ​ដឹង​ពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​នាំ​ឲ្យ​មាន​សុភមង្គល​បាន​សូម្បី​តែ​នៅ​ពេល​ឥឡូវ​នេះ​ក៏​ដោយ សូម​អញ្ជើញ​មើល​ម្ដង​ទៀត​អំពី​កំណត់​ហេតុ​នោះ ដែល​យើង​ទើប​តែ​បាន​ពិភាក្សា​រួច​ហើយ គឺ​ពេល​ដែល​ព្រះ​យេស៊ូ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ។

យ៉ាង​ហោច​ណាស់ មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​ជំរុញ​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​នោះ។ ទី​មួយ​គឺ​ជួយ​រំលែក​ទុក្ខ​សោក​របស់​នាង​ម៉ាថា ម៉ារា និង​ពួក​សម្លាញ់​ដែល​បាន​រួម​ទុក្ខ​ជា​មួយ​ពួក​នាង ដោយសារ​ពួក​គេ​អាច​សេពគប់​យ៉ាង​សប្បាយ​ជា​មួយ​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ជា​ថ្មី​ម្ដង​ទៀត។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ប្រាប់​ម៉ាថា​នូវ​មូលហេតុ​ទីពីរ​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត ដោយ​មាន​បន្ទូល​ថា​៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើសិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ​អី?»។ (យ៉ូហាន ១១:៤០) ព្រះ​គម្ពីរ​កំណែ​ផ្សេង​ទៀត​បាន​បកប្រែ​ឃ្លា​ចុង​ក្រោយ​នោះ​ថា​«សមត្ថភាព​អស្ចារ្យ​របស់​ព្រះ»។ (The New Testament in Modern English, by J. B. Phillips) ដោយ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ឃើញ​ជា​មុន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ពេល​អនាគត។ សូម​មើល​ចំណុច​ខាង​ក្រោម​នេះ​ដែល​រៀប​រាប់​ថែម​ទៀត​អំពី​«សមត្ថភាព​អស្ចារ្យ​របស់​ព្រះ»។

នៅ​យ៉ូហាន ៥:២៨, ២៩ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក»។ នេះ​មាន​ន័យ​ថា​មនុស្ស​ទាំង​អស់​រួម​ទាំង​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ កិច្ចការ ២៤:១៥ បង្ហាញ​ឲ្យ​ឃើញ​អំពី​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​ថែម​ទៀត​ដោយ​ចែង​ថា​៖ «ទាំង​មនុស្ស​សុចរិត​នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ ដូច្នេះ សូម្បី​តែ​«មនុស្ស​ទុច្ចរិត»​ដែល​មិន​បាន​ស្គាល់​និង​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ដោយ ក៏​ពួក​គេ​នឹង​មាន​ឱកាស​ម្ដង​ទៀត​ដើម្បី​ទទួល​ការ​ប្រោស​ប្រណី​ពី​ទ្រង់​ដែរ។

តើ​ដំណើរ​រស់​ឡើង​វិញ​នឹង​កើត​ឡើង​នៅ​ទីណា? ទំនុកដំកើង ៣៧:​២៩ ចែង​ថា​៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរ​ដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច»។ សូម​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ។ គ្រួសារ​និង​ពួក​សម្លាញ់​ដែល​បាន​បែក​ព្រាត់ប្រាស​និ​រា​ស​ពី​គ្នា​នោះ​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​លើ​ផែនដី​នេះ។ ពេល​ដែល​អ្នក​គិត​ពី​ការ​សប្បាយ​ដែល​អ្នក​អាច​មាន​ជា​មួយ​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្រឡាញ់​ពេញ​ចិត្ត​នោះ វា​ជា​ការ​សម​ហេតុ​សម​ផល​ដែល​ចិត្ត​អ្នក​ពោរពេញ​ទៅ​ដោយ​អំណរ។

ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​មាន​សុភមង្គល

យើង​បាន​ពិនិត្យ​មើល​របៀប​ពីរ​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​សុភមង្គល​ថែម​ទៀត​ទោះបី​ជា​មាន​បញ្ហា​ក្ដី។ ទី​មួយ តាម​រយៈ​ព្រះ​គម្ពីរ ទ្រង់​ផ្ដល់​ចំណេះ​និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​ស៊ូទ្រាំ​បាន​ដោយ​ជោគជ័យ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ។ ក្រៅ​ពី​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​នឹង​ការ​សោកសៅ​បណ្ដាល​មក​ពី​សេចក្ដី​ស្លាប់ ឱវាទ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ចេះ​ប្រឈម​មុខ​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​សុខភាព​ក្ដី។ ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ទ្រាំទ្រ​នឹង​អំពើ​អយុត្ដិធម៌​និង​ស្ថានភាព​នយោបាយ​ដ៏​ច្របូកច្របល់​ថែម​ទៀត។ បើ​ធ្វើ​តាម​ឱវាទ​ទាំង​នោះ​ក្នុង​ជីវិត​របស់​អ្នក នោះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ដោះស្រាយ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ផ្សេង​ឯ​ទៀត។

ទីពីរ ដោយសារ​ការ​សិក្សា​ព្រះ​គម្ពីរ អ្នក​នឹង​ទទួល​សេចក្ដី​សង្ឃឹម​ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ លើស​អ្វីៗ​ទាំង​អស់​ដែល​សង្គម​មនុស្ស​អាច​ផ្ដល់​ឲ្យ​អ្នក​បាន។ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពួក​សម្លាញ់​និង​ក្រុម​គ្រួសារ​គឺ​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​គម្ពីរ​បាន​រៀប​រាប់។ វិវរណៈ ២១:៣, ៤ រៀប​រាប់​បន្ថែម​ថា​៖ «ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់[មនុស្ស​ជាតិ]។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ នេះ​មាន​ន័យ​ថា​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ទុក្ខ​ព្រួយ​ដល់​ជីវិត​របស់​អ្នក នឹង​កន្លង​បាត់​ទៅ​ជា​រៀង​រហូត​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្វី​ដែល​ព្រះ​គម្ពីរ​បាន​សន្យា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត ហើយ​អ្នក​នឹង​មាន​ការ​អរ​សប្បាយ​ពេល​ឃើញ​សេចក្ដី​សន្យា​ទាំង​នោះ​សម្រេច។ គ្រាន់​តែ​ដឹង​ថា​អ្វី​ល្អៗ​ស្ថិត​នៅ​ពី​មុខ​យើង នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ការ​ធូរ​ស្រាល​មែន។ ការ​ដឹង​ថា​អ្នក​មិន​រង​ទុក្ខ​ជា​រៀង​រហូត​បន្ទាប់​ពី​អ្នក​បាន​បាត់បង់​ជីវិត​សូន្យ​ទៅ​នោះ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុខសាន្ត​មែន។

ជាក់​ស្តែង​ប៉ុន្មាន​ឆ្នាំ​មុន ម៉ារីយ៉ា​បាន​ឃើញ​ស្វាមី​របស់​នាង​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​មហារីក។ បញ្ហា​ខ្វះ​ខាត​ថវិកា​បង្ខំ​នាង​និង​កូន​នាង​បី​នាក់​ឲ្យ​ចុះ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន នៅ​ពេល​ដែល​ទឹក​ភ្នែក​នៃ​ការ​សោក​សង្រេង​របស់​នាង​មិន​ទាន់​ទាំង​ស្ងួត​ផង។ ពីរ​ឆ្នាំ​ក្រោយ​មក ម៉ារីយ៉ា​បាន​ដឹង​ថា​ខ្លួន​នាង​មាន​រោគ​មហារីក។ នាង​មាន​ការ​វះកាត់​ដ៏​ធ្ងន់ធ្ងរ​ពីរ​ដង ហើយ​ជា​រៀង​រាល់​ថ្ងៃ​នាង​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចុកចាប់​ហួស​ប្រមាណ។ ទោះបី​ជា​មាន​បញ្ហា​ទាំង​នោះ​ក្ដី នាង​នៅ​តែ​រក្សា​គំនិត​សុទិដ្ឋិនិយម ហើយ​នោះ​បាន​ជំរុញ​នាង​ឲ្យ​ជួយ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ឯ​ទៀត។ តើ​នាង​បាន​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​រក្សា​សុភមង្គល​របស់​នាង?

ម៉ារីយ៉ា​និយាយ​ថា​៖ «ពេល​មាន​បញ្ហា​ខ្ញុំ​មិន​ប្រឹង​គិត​ពី​បញ្ហា​នោះ​ច្រើន​ពេក​ទេ។ ខ្ញុំ​ជៀស​វាង​សួរ​សំណួរ​ដូច​ជា ‹ហេតុ​អ្វី​ក៏​កើត​ឡើង​ចំពោះ​ខ្ញុំ? ហេតុ​អ្វី​ក៏​ខ្ញុំ​ត្រូវ​រង​ទុក្ខ​បែប​នេះ? ហេតុ​អ្វី​ក៏​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ?›។ ដោយ​ហេតុ​ថា គំនិត​ទុទ្ទិដ្ឋិនិយម​អាច​ពង្រេចពង្រឹល​កម្លាំង​ខ្ញុំ​និង​ធ្វើ​ឲ្យ​ខ្ញុំ​ចុះ​ខ្សោយ នោះ​ខ្ញុំ​ខំ​ប្រឹង​ប្រមូល​កម្លាំង​របស់​ខ្ញុំ​ទៅ​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត។ នោះ​ហើយ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល»។

តើ​សេចក្ដី​សង្ឃឹម​ជួយ​ជីវិត​នាង​ម៉ារីយ៉ា​យ៉ាង​ដូច​ម្ដេច​ខ្លះ? នាង​មាន​ចិត្ត​ផ្ដោត​ទៅ​លើ​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​នៅ​ពេល​ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​យក​ជំងឺ​ព្រម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត​របស់​មនុស្ស​ជាតិ​ចេញ។ ពេល​នាង​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល នាង​ប្រាប់​អំពី​សេចក្ដី​សង្ឃឹម​របស់​នាង​ដល់​អ្នក​ជំងឺ​ឯ​ទៀត​ដែល​ប្រហែល​ជា​អស់​សង្ឃឹម។ តើ​សេចក្ដី​សង្ឃឹម​សំខាន់​ប៉ុណ្ណា​ចំពោះ​ម៉ារីយ៉ា? នាង​និយាយ​ថា​៖ «ជា​ញយៗ​ខ្ញុំ​គិត​ពី​អ្វី​ដែល​បាន​ចែង​នៅ​ហេព្រើរ ៦:១៩ ដែល​ប៉ុល​រៀប​រាប់​អំពី​សេចក្ដី​សង្ឃឹម​ដូច​ជា​យុថ្កា​នៃ​ព្រលឹង។ បើ​គ្មាន​យុថ្កា​នោះ អ្នក​នឹង​រសាត់​ដូច​ជា​នាវា​ដែល​របូត​បាត់​ក្នុង​ព្យុះ​សង្ឃរា​អញ្ចឹង។ ក៏​ប៉ុន្តែ បើ​ខ្លួន​យើង​នៅ​ជាប់​នឹង​យុថ្កា​នោះ អ្នក​នឹង​មាន​អារម្មណ៍​សុខសាន្ត​ទោះបី​ជា​អ្នក​ជួបប្រទះ​បញ្ហា​លំបាក​ដែល​ធ្វើ​ឲ្យ​មាន​កង្វល់​ច្រើន​យ៉ាង​ណា​ក្ដី»។ «សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត​ទ្រង់​បាន​សន្យា» ជួយ​ម៉ារីយ៉ា​ឲ្យ​នាង​មាន​អំណរ​បាន។ សេចក្ដី​សង្ឃឹម​នោះ​ក៏​អាច​ជួយ​អ្នក​បាន​ដែរ។—ទីតុស ១:២

តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ អ្នក​អាច​រក​ឃើញ​សុភមង្គល​ពិត​បាន ទោះបី​ជា​អ្នក​មាន​បញ្ហា​ក៏​ដោយ។ ក៏​ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​ការ​សិក្សា​ព្រះ​គម្ពីរ​មាន​ប្រយោជន៍​ឬ​ទេ? ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​រីករាយ​នឹង​បង្ហាញ​ជូន​អ្នក​នូវ​ចម្លើយ​ពី​បទ​គម្ពីរ​ដែល​អ្នក​ត្រូវ​ស្គាល់​ដើម្បី​មាន​សុភមង្គល​ពិត។ ពេល​អ្នក​ទន្ទឹង​ចាំ​ការ​សម្រេច​នៃ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ជូន​នោះ អ្នក​អាច​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​រៀប​រាប់​ដូច​ត​ទៅ​នេះ «គេ​នឹង​បាន​សេចក្ដី​ត្រេកអរ នឹង​សេចក្ដី​រីករាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ នឹង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ»។—អេសាយ ៣៥:១០

[កំណត់​សម្គាល់]

^ វគ្គ 9 សព្វ​វចនាធិប្បាយ​មួយ​ពន្យល់​ថា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ អ្នក​ដែល​ស្លាប់​«មិន​មាន​ការ​ឈឺ​ចាប់​ឬ​ការ​សប្បាយ ហើយ​ក៏​មិន​រង​ទុក្ខ​ទោស​ឬ​ទទួល​ពរ​អ្វី​ដែរ»។—Encyclopædia Britannica (2003)

[រូបភាព​នៅ​ទំព័រ​៥]

មាន​តែ​ព្រះ​គម្ពីរ​ទេ ដែល​អាច​បន្ថយ​សេចក្ដី​ទុក្ខ​សោក​បាន

[រូបភាព​នៅ​ទំព័រ​៧]

សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ នៅ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ​ឲ្យ​មាន​សុភមង្គល