ពួកគាត់បានកើតមកជាសមាជិកនៃសាសន៍រើសតាំងរបស់ព្រះ
ពួកគាត់បានកើតមកជាសមាជិកនៃសាសន៍រើសតាំងរបស់ព្រះ
«ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសយកឯងឲ្យបានជារបស់ផងទ្រង់»។—ចោទិយកថា ៧:៦
១, ២. តើព្រះយេហូវ៉ាបានធ្វើការអស្ចារ្យអ្វីខ្លះដើម្បីរាស្ត្រទ្រង់? តើសាសន៍អ៊ីស្រាអែលចាប់ផ្ដើមមានទំនាក់ទំនងពិសេសអ្វីជាមួយនឹងព្រះ?
នៅឆ្នាំ១.៥១៣មុនគ.ស. ព្រះយេហូវ៉ាបានបង្កើតឲ្យមានទំនាក់ទំនងពិសេសជាមួយនឹងអ្នកបម្រើរបស់ទ្រង់នៅផែនដី។ នៅឆ្នាំនោះ ទ្រង់បានធ្វើឲ្យមហាអំណាចពិភពលោកអាម៉ាស់មុខដោយដណ្ដើមយកជ័យជំនះពីពួកគេ ហើយក៏បានប្រោសលោះសាសន៍អ៊ីស្រាអែលឲ្យរួចពីទាសភាព។ យ៉ាងនេះ ទ្រង់បានក្លាយទៅជាអ្នកសង្គ្រោះនិងជាម្ចាស់របស់សាសន៍អ៊ីស្រាអែល។ មុនដែលព្រះបានចាត់វិធានការនោះ ទ្រង់មានបន្ទូលនឹងម៉ូសេថា៖ «ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា ‹អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា និក្ខមនំ ៦:៦, ៧; ១៥:១-៧, ១១
ដោយការវិនិច្ឆ័យយាងធំ អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថាអញនេះជាយេហូវ៉ា គឺជាព្រះនៃឯង›»។—២ មិនយូរក្រោយសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីបមក ពួកគេបានចូលជាភាគីក្នុងកិច្ចព្រមព្រៀងមួយជាមួយព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ។ ដូច្នេះ ជាជាងមានទំនាក់ទំនងជាមួយបុគ្គលម្នាក់ៗ ក្រុមគ្រួសារមួយៗ ឬក្រុមណាមួយ ព្រះយេហូវ៉ានឹងមានរាស្ត្រមួយពួក គឺជាសាសន៍មួយរបស់ទ្រង់នៅផែនដីចាប់ពីពេលនោះមក។ (និក្ខមនំ ១៩:៥, ៦; ២៤:៧) ទ្រង់បានប្រទានក្រឹត្យវិន័យឲ្យរាស្ត្រទ្រង់ដែលណែនាំអំពីរបៀបពួកគេត្រូវប្រព្រឹត្តក្នុងជីវិតប្រចាំថ្ងៃ ហើយសំខាន់បំផុតបានណែនាំអំពីរបៀបពួកគេត្រូវថ្វាយបង្គំ។ ម៉ូសេបានប្រាប់សាសន៍អ៊ីស្រាអែលថា៖ «តើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ? ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ នឹងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រិត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ?»។—ចោទិយកថា ៤:៧, ៨
ពួកគាត់កើតជាសមាជិកសាសន៍មួយ ដែលសុទ្ធសឹងជាស្មរបន្ទាល់
៣, ៤. តើមានមូលហេតុសំខាន់អ្វីដែលអ៊ីស្រាអែលបានត្រូវរៀបចំឡើងជាសាសន៍មួយ?
៣ រាប់រយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានរំលឹកសាសន៍អ៊ីស្រាអែលតាមរយៈព្យាការីអេសាយ អំពីមូលហេតុសំខាន់មួយដែលពួកគេបានត្រូវរៀបចំជាសាសន៍មួយ។ អេសាយបានមានប្រសាសន៍ថា៖ «ឱពួកយ៉ាកុបអើយ! ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ! ព្រះដែលជបសូនឯង ទ្រង់មានបន្ទូលដូច្នេះថា៖ ‹កុំឲ្យខ្លាចឡើយ! ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង។ . . . ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ! គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ! ជាអ្នកដែលអញបានតែងតាំងឡើង›។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង . . . ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង›»។—អេសាយ ៤៣:១, ៣, ៦, ៧, ១០, ២១
៤ ដោយសារសាសន៍អ៊ីស្រាអែលជារាស្ត្រមួយពួកដែលតំណាងព្រះនាមយេហូវ៉ា នោះពួកគេនឹងធ្វើជាស្មរបន្ទាល់ឬសាក្សីឲ្យសាសន៍ទាំងឡាយដឹងអំពីការគ្រប់គ្រងខ្ពស់បំផុតរបស់ព្រះយេហូវ៉ា។ ពួកគេត្រូវធ្វើជារាស្ត្រមួយពួកដែលបាន‹បង្កើតមកសំរាប់សិរីល្អនៃព្រះយេហូវ៉ា› ហើយក៏ត្រូវ‹សំដែងចេញជាសេចក្ដីសរសើររបស់ព្រះយេហូវ៉ា› ដោយរៀបរាប់អំពីការអស្ចារ្យដែលទ្រង់បានធ្វើពេលប្រោសលោះពួកគេ ហើយធ្វើយ៉ាងនេះពួកគេនឹងលើកតម្កើងព្រះនាមបរិសុទ្ធរបស់ទ្រង់។ សរុបសេចក្ដី ពួកគេត្រូវជាសាសន៍មួយដែលសុទ្ធសឹងជាស្មរបន្ទាល់ឬសាក្សីរបស់ព្រះយេហូវ៉ា។
៥. តើអ៊ីស្រាអែលជាសាសន៍មួយដែលបានត្រូវថ្វាយចំពោះព្រះក្នុងន័យអ្វី?
៥ នៅសតវត្សរ៍ទី១១មុនគ.ស. ស្តេចសាឡូម៉ូនបានបញ្ជាក់ថា ព្រះយេហូវ៉ាបានញែកសាសន៍អ៊ីស្រាអែលចេញពីសាសន៍ឯទៀត។ ស្តេចសាឡូម៉ូនបានអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាដោយមានបន្ទូលថា៖ «ទ្រង់បានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសំរាប់ជាមរដករបស់ទ្រង់»។ (ពង្សាវតារក្សត្រទី១ ៨:៥៣) សាសន៍អ៊ីស្រាអែលម្នាក់ៗក៏មានទំនាក់ទំនងពិសេសជាមួយព្រះយេហូវ៉ាដែរ។ មុនគ្រាស្តេចសាឡូម៉ូន ម៉ូសេបានប្រាប់សាសន៍អ៊ីស្រាអែលថា៖ «ឯងរាល់គ្នាជាកូនផងព្រះយេហូវ៉ា ជាព្រះនៃឯង។ . . . ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង»។ (ចោទិយកថា ១៤:១, ២) ដូច្នេះ ជនជាតិអ៊ីស្រាអែលដែលជាយុវវ័យមិនចាំបាច់ឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ាឡើយ ពីព្រោះពេលដែលពួកគេកើតមក ពួកគេជាសមាជិកនៃរាស្ត្ររបស់ព្រះដែលបានត្រូវថ្វាយចំពោះទ្រង់រួចហើយ។ (ទំនុកដំកើង ៧៩:១៣; ៩៥:៧) សាសន៍អ៊ីស្រាអែលតំណនីមួយៗបន្តបន្ទាប់មក បានទទួលការបង្ហាត់បង្រៀនអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយក៏ត្រូវកាន់តាមក្រឹត្យវិន័យនោះ ដោយសារពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយព្រះយេហូវ៉ា។—ចោទិយកថា ១១:១៨, ១៩
ពួកគេអាចជ្រើសរើសដោយខ្លួនឯង
៦. តើជនជាតិអ៊ីស្រាអែលម្នាក់ៗអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីអ្វី?
៦ ទោះជាជនជាតិអ៊ីស្រាអែលម្នាក់ៗកើតមកជាសមាជិកសាសន៍មួយដែលបានត្រូវថ្វាយចំពោះព្រះរួចហើយក៏ពិតមែន តែពួកគេម្នាក់ៗត្រូវធ្វើការសម្រេចចិត្តថា តើនឹងបម្រើឬក៏មិនបម្រើព្រះ? មុនដែលសាសន៍អ៊ីស្រាអែលចូលក្នុងស្រុកសន្យា ម៉ូសេប្រាប់ពួកគេថា៖ «អញអាងដល់ស្ថានសួគ៌នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយ ជាជីវិតនៃឯងហើយជាអាយុវែងដល់ឯងដែរ ឲ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកឰយុកោឯងថា នឹងឲ្យដល់គេ»។ (ចោទិយកថា ៣០:១៩, ២០) ហេតុនេះជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងថា តើនឹងស្រឡាញ់ព្រះយេហូវ៉ា ស្ដាប់តាមទ្រង់ និងនៅជាប់នឹងទ្រង់ឬក៏យ៉ាងណា? ដោយសារជនជាតិអ៊ីស្រាអែលម្នាក់ៗមានចិត្តសេរី នោះពួកគេត្រូវទទួលខុសត្រូវចំពោះលទ្ធផលដែលមកពីការសម្រេចចិត្តរបស់ខ្លួន។—ចោទិយកថា ៣០:១៦-១៨
៧. តើអ្វីកើតឡើងក្រោយជំនាន់យ៉ូស្វេស្លាប់ទៅ?
៧ អ្វីដែលបានកើតឡើងក្នុងគ្រាពួកចៅហ្វាយ ជាមេរៀនឲ្យឃើញច្បាស់លាស់អំពីលទ្ធផលដែលមកពីការរក្សាភាពស្មោះត្រង់ និងការមិនរក្សាភាពស្មោះត្រង់។ មុនគ្រានោះ សាសន៍អ៊ីស្រាអែលបានធ្វើតាមគំរូល្អរបស់យ៉ូស្វេហើយបានទទួលពរ។ «ពួកបណ្ដាជនក៏គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ នឹងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសំរេចឲ្យពួកអ៊ីស្រាអែល»។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយយ៉ូស្វេស្លាប់ទៅ «កើតមានមនុស្ស១ដំណទៀតក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។ នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ»។ (ពួកចៅហ្វាយ ២:៧, ១០, ១១) តាមមើលទៅ ជំនាន់ថ្មីដែលគ្មានបទពិសោធន៍ មិនបានយល់តម្លៃនៃឯកសិទ្ធិជាសមាជិកនៃរាស្ត្រមួយពួកដែលបានត្រូវថ្វាយចំពោះព្រះ ជារាស្ត្រដែលព្រះយេហូវ៉ាបានជួយនៅអតីតកាលដោយធ្វើការអស្ចារ្យជាច្រើន។—ទំនុកដំកើង ៧៨:៣-៧, ១០, ១១
ការបំពេញតាមការថ្វាយខ្លួន
៨, ៩. (ក) តើមានការរៀបចំអ្វីដែលផ្ដល់ឱកាសឲ្យជនជាតិអ៊ីស្រាអែលបង្ហាញពីការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា? (ខ) តើអ្នកដែលថ្វាយតង្វាយស្ម័គ្រពីចិត្តបានទទួលអ្វី?
៨ ព្រះយេហូវ៉ាបានផ្ដល់ឱកាសជាច្រើនឲ្យសាសន៍អ៊ីស្រាអែលបំពេញតាមភារកិច្ចជារាស្ត្រមួយពួកដែលបានត្រូវថ្វាយចំពោះទ្រង់។ ជាឧទាហរណ៍ ក្រឹត្យវិន័យរបស់ទ្រង់បានរៀបចំឲ្យមានតង្វាយផ្សេងៗ។ តង្វាយខ្លះចាំបាច់ត្រូវថ្វាយ។ ចំណែកតង្វាយឯទៀត នោះបានថ្វាយដោយស្ម័គ្រចិត្តទៅវិញ។ (ហេព្រើរ ៨:៣) តង្វាយស្ម័គ្រចិត្តរួមមានតង្វាយដុត តង្វាយម្សៅ និងតង្វាយមេត្រី ដែលពួកគេថ្វាយចំពោះព្រះយេហូវ៉ាដើម្បីអរព្រះគុណទ្រង់ ហើយដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យនឹងពួកគេ។—លេវីវិន័យ ៧:១១-១៣
៩ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងតង្វាយស្ម័គ្រចិត្តទាំងនោះ។ ព្រះគម្ពីរចែងថា តង្វាយដុតនិងតង្វាយម្សៅគឺជា«ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។ (លេវីវិន័យ ១:៩; ២:២) ពេលថ្វាយតង្វាយមេត្រី ឈាមនិងខ្លាញ់នៃសត្វនោះត្រូវថ្វាយចំពោះព្រះយេហូវ៉ា រីឯសាច់ខ្លះរបស់វា សង្ឃនិងអ្នកដែលបានយកសត្វ នោះមកថ្វាយបានបរិភោគវិញ។ ដូច្នេះ នោះគឺហាក់ដូចជាព្រះយេហូវ៉ា សង្ឃ និងអ្នកថ្វាយតង្វាយកំពុងតែពិសាអាហារជាមួយគ្នា ហើយបញ្ជាក់នូវចំណងមេត្រីភាពដែលមានរវាងគ្នានឹងគ្នា។ ក្រឹត្យវិន័យចែងថា៖ «កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា នៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង[ឬ«ដើម្បីទទួលព្រះគុណពីទ្រង់»]»។ (លេវីវិន័យ ១៩:៥; ព.ថ.) ជនជាតិអ៊ីស្រាអែលគ្រប់រូបជាអ្នកដែលបានត្រូវថ្វាយចំពោះព្រះយេហូវ៉ាដោយសារកើតមកក្នុងសាសន៍នោះ។ ក៏ប៉ុន្តែ បុគ្គលម្នាក់ៗដែលថ្វាយតង្វាយស្ម័គ្រពីចិត្ត ដើម្បីធ្វើឲ្យការថ្វាយខ្លួនរបស់ពួកគេមានអត្ថន័យជ្រាលជ្រៅថែមទៀត បានទទួលពរជាច្រើនហើយបាន«ទទួលព្រះគុណពីទ្រង់»។—ម៉ាឡាគី ៣:១០
១០. នៅសម័យអេសាយនិងម៉ាឡាគី តើព្រះយេហូវ៉ាបញ្ជាក់ថាទ្រង់មិនសព្វព្រះហឫទ័យយ៉ាងដូចម្ដេច?
១០ ក៏ប៉ុន្តែ ជាច្រើនដងច្រើនសា សាសន៍អ៊ីស្រាអែលមិនបានស្មោះត្រង់នឹងព្រះយេហូវ៉ាតាមការថ្វាយខ្លួននោះឡើយ។ តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាដង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយដង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ»។ (អេសាយ ៤៣:២៣) ម្យ៉ាងទៀត តង្វាយដែលមិនថ្វាយដោយស្ម័គ្រពីចិត្តឬដោយសេចក្ដីស្រឡាញ់គ្មានតម្លៃចំពោះព្រះយេហូវ៉ាឡើយ។ ជាឧទាហរណ៍ នៅសម័យលោកម៉ាឡាគី ប្រមាណបីរយឆ្នាំក្រោយសម័យអេសាយនោះ សាសន៍អ៊ីស្រាអែលបានថ្វាយសត្វមិនល្អ។ ហេតុនោះម៉ាឡាគីបានប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ‹អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ›។ . . . ‹ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច នឹងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ។ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា ‹តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ?›»។—ម៉ាឡាគី ១:១០, ១៣; អេម៉ុស ៥:២២
ព្រះលែងទទួលស្គាល់សាសន៍អ៊ីស្រាអែល ជារាស្ត្រថ្វាយចំពោះទ្រង់
១១. តើសាសន៍អ៊ីស្រាអែលមានឱកាសអ្វី?
១១ នៅពេលដែលជនជាតិអ៊ីស្រាអែលទៅជាសាសន៍មួយថ្វាយចំពោះព្រះយេហូវ៉ា ទ្រង់បានសន្យានឹងពួកគេថា៖ «បើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះនិក្ខមនំ ១៩:៥, ៦) ព្រះមេស្ស៊ីដែលព្រះបានចាត់មក បានយាងមកបើកឱកាសជាលើកដំបូងឲ្យពួកគេទៅជាសមាជិកនៃព្រះរាជាណាចក្ររបស់ព្រះ។ (លោកុប្បត្តិ ២២:១៧, ១៨; ៤៩:១០; សាំយូអែលទី២ ៧:១២, ១៦; លូកា ១:៣១-៣៣; រ៉ូម ៩:៤, ៥) ប៉ុន្តែជនជាតិអ៊ីស្រាអែលភាគច្រើនមិនបានធ្វើតាមការថ្វាយខ្លួនទេ។ (ម៉ាថាយ ២២:១៤) ពួកគេមិនព្រមទទួលស្គាល់ព្រះមេស្ស៊ី ហើយនៅទីបំផុតបានធ្វើគុតទ្រង់ទៀត។—កិច្ចការ ៧:៥១-៥៣
ឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ»។ (១២. តើព្រះយេស៊ូមានបន្ទូលយ៉ាងណា ដែលបង្ហាញថាព្រះយេហូវ៉ាលែងទទួលស្គាល់អ៊ីស្រាអែលជាសាសន៍ដែលបានត្រូវថ្វាយចំពោះទ្រង់នោះ?
១២ ពីរបីថ្ងៃមុនព្រះយេស៊ូសោយទិវង្គត ទ្រង់មានបន្ទូលប្រាប់អ្នកដឹកនាំសាសនាយូដាថា៖ «តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា‹ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ›? ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ»។ (ម៉ាថាយ ២១:៤២, ៤៣) ដោយបញ្ជាក់ថាព្រះយេហូវ៉ាលែងទទួលស្គាល់អ៊ីស្រាអែលជាសាសន៍ដែលថ្វាយចំពោះទ្រង់នោះ ព្រះយេស៊ូមានបន្ទូលថា៖ «ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ! ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ មើល! ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។—ម៉ាថាយ ២៣:៣៧, ៣៨
សាសន៍ថ្មីមួយដែលបានត្រូវថ្វាយចំពោះព្រះ
១៣. នៅសម័យយេរេមា តើព្រះយេហូវ៉ាបានទាយអំពីអ្វី?
១៣ នៅសម័យព្យាការីយេរេមា ព្រះយេហូវ៉ាបានទាយអំពីការរៀបចំថ្មីមួយស្តីអំពីរាស្ត្រទ្រង់។ ទំនាយនោះអានថា«ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលថា «គេផ្ដាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ»› គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ›»។—យេរេមា ៣១:៣១-៣៣
១៤. តើសាសន៍ថ្មីដែលថ្វាយចំពោះព្រះយេហូវ៉ាបានកើតឡើងនៅពេលណា? តើមានមូលដ្ឋានលើអ្វី? សូមបញ្ជាក់ថាសាសន៍ថ្មីនោះជាអ្វី។
១៤ មូលដ្ឋាននៃសញ្ញាឬកិច្ចព្រមព្រៀងថ្មីនេះ បានត្រូវរៀបចំឡើងក្រោយព្រះយេស៊ូសោយទិវង្គតហើយយាងត្រឡប់ទៅស្ថានសួគ៌ដើម្បីថ្វាយតម្លៃនៃព្រះលោហិតទ្រង់ចំពោះព្រះវរបិតាទ្រង់ នៅឆ្នាំ៣៣គ.ស.។ (លូកា ២២:២០; ហេព្រើរ ៩:១៥, ២៤-២៦) ក៏ប៉ុន្តែ កិច្ចព្រមព្រៀងថ្មីចាប់មានសុពលភាព ពេលដែលវិញ្ញាណបរិសុទ្ធត្រូវចាក់លើសិស្សព្រះយេស៊ូនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. ហើយសាសន៍ថ្មីកើតឡើងដែលជា«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦; រ៉ូម ២:២៨, ២៩; ៩:៦; ១១:២៥, ២៦) សាវ័កពេត្រុសបានសរសេរទៅកាន់គ្រីស្ទានចាក់ប្រេងតាំងថា«តែអ្នករាល់គ្នាជា‹ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ› ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ»។ (ពេត្រុសទី១ ២:៩, ១០) ទំនាក់ទំនងពិសេសរវាងព្រះយេហូវ៉ានិងជនជាតិអ៊ីស្រាអែលបានចប់ហើយ។ នៅឆ្នាំ៣៣គ.ស. ព្រះយេហូវ៉ាបានឈប់ផ្ដល់ព្រះគុណដល់សាសន៍អ៊ីស្រាអែល ហើយចាប់ផ្ដើមផ្ដល់ទៅលើអ៊ីស្រាអែលខាងវិញ្ញាណវិញ ជាក្រុមជំនុំគ្រីស្ទាន ដែលជា‹សាសន៍១ដែលបង្កើតផល›ព្រះរាជាណាចក្រ។—ម៉ាថាយ ២១:៤៣
បុគ្គលម្នាក់ៗត្រូវថ្វាយខ្លួន
១៥. នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. តើពេត្រុសបានជំរុញឲ្យអ្នកស្ដាប់ទទួលបុណ្យជ្រមុជទឹកបែបណា?
១៥ ក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. បុគ្គលម្នាក់ៗ មិនថាសាសន៍យូដាឬសាសន៍ផ្សេងទៀតក៏ដោយ ត្រូវថ្វាយខ្លួនឯងចំពោះព្រះហើយទទួលបុណ្យជ្រមុជទឹក «ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) នៅបុណ្យថ្ងៃទី៥០ ជនជាតិយូដានិងបុគ្គលសាសន៍ដទៃជាអ្នកកាន់សាសនាយូដាបានស្ដាប់ការបរិយាយរបស់សាវ័កពេត្រុសដែលថា៖ «ចូរអ្នករាល់គ្នាប្រែចិត្តចុះ! ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ (កិច្ចការ ២:៣៨) សាសន៍យូដានិងសាសន៍ដទៃទាំងនោះត្រូវទទួលបុណ្យជ្រមុជទឹកដើម្បីបញ្ជាក់ថា ពួកគេបានថ្វាយខ្លួនបម្រើព្រះយេហូវ៉ាអស់មួយជីវិត ហើយក៏ទទួលស្គាល់ព្រះយេស៊ូជាខ្សែរយៈរបស់ព្រះយេហូវ៉ាសម្រាប់អត់ឱនទោសបាប។ ពួកគេក៏ត្រូវទទួលស្គាល់ព្រះយេស៊ូជាសម្ដេចសង្ឃតែងតាំងដោយព្រះយេហូវ៉ា និងជាសិរសាក្រុមជំនុំឬអ្នកដឹកនាំរបស់ពួកគេ។—កូល៉ុស ១:១៣, ១៤, ១៨
១៦. នៅសម័យប៉ុល តើមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវទាំងសាសន៍យូដានិងសាសន៍ដទៃ បានទៅជាសមាជិកអ៊ីស្រាអែលខាងវិញ្ញាណយ៉ាងដូចម្ដេច?
១៦ ប៉ុន្មានក្រោយមក សាវ័កប៉ុលបានសរសេរថាគាត់បាន«ប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង»ឲ្យ«ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង»។ (កិច្ចការ ២៦:២០) ក្រោយបានបញ្ចុះបញ្ចូលមនុស្សទាំងសាសន៍យូដានិងសាសន៍ដទៃឲ្យយល់ថាព្រះយេស៊ូគឺជាព្រះគ្រីស្ទនិងជាព្រះមេស្ស៊ី នោះប៉ុលបានជួយឲ្យពួកគេរីកចម្រើនទៅដល់ការថ្វាយខ្លួននិងទទួលបុណ្យជ្រមុជទឹក។ (កិច្ចការ ១៦:១៤, ១៥, ៣១-៣៣; ១៧:៣, ៤; ១៨:៨) ដោយមកឯព្រះវិញ សិស្សថ្មីៗទាំងនេះបានទៅជាសមាជិកអ៊ីស្រាអែលខាងវិញ្ញាណ។
១៧. តើការបោះត្រាអ្វីគឺជិតដល់ហើយ? តើកិច្ចការអ្វីទៀតកំពុងតែជឿនទៅមុខ?
១៧ សព្វថ្ងៃនេះ ការបោះត្រាចុងក្រោយសម្រាប់សមាជិកអ៊ីស្រាអែលខាងវិញ្ញាណគឺជិតដល់ហើយ។ ក្រោយនោះកើតឡើង «ទេវតា៤រូប»ដែលកំពុងតែទប់ខ្យល់នៃក្ដីហិនវិនាសពី«គ្រាវេទនាយ៉ាងធំ» នឹងត្រូវបង្គាប់ឲ្យខ្យល់ក្ដីហិនវិនាសនោះបក់មក។ ទំរាំពេលនោះមកដល់ ការប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ»ដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីជារៀងរហូតកំពុងតែជឿនទៅមុខ។ «ចៀមឯទៀត»ទាំងនេះស្ម័គ្រចិត្តអនុវត្តជំនឿលើ «ឈាមរបស់កូនចៀម» ហើយទទួលបុណ្យជ្រមុជទឹកដើម្បីបញ្ជាក់ការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ (វិវរណៈ ៧:១-៤, ៩-១៥; ២២:១៧; យ៉ូហាន ១០:១៦; ម៉ាថាយ ២៨:១៩, ២០) ក្នុងចំណោមពួកគេមានប្អូនៗយុវវ័យជាច្រើនដែលបានត្រូវចិញ្ចឹមអប់រំដោយមាតាបិតាជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា។ ប្រសិនបើអ្នកជាប្អូនយុវវ័យម្នាក់ក្នុងចំណោមនេះ អ្នកនឹងចាប់អារម្មណ៍នឹងអត្ថបទបន្ទាប់។
សំណួរសម្រាប់រៀនសាឡើងវិញ
• ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលដែលជាយុវវ័យមិនចាំបាច់ថ្វាយខ្លួនឯងចំពោះព្រះយេហូវ៉ា?
• តើជនជាតិអ៊ីស្រាអែលអាចបង្ហាញថាពួកគេបំពេញតាមការថ្វាយខ្លួនយ៉ាងដូចម្ដេច?
• ហេតុអ្វីបានជាព្រះយេហូវ៉ាលែងទទួលស្គាល់អ៊ីស្រាអែលជាសាសន៍មួយដែលបានត្រូវថ្វាយចំពោះទ្រង់? តើសាសន៍អ៊ីស្រាអែលបានត្រូវជំនួសដោយអ្វី?
• ចាប់ពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស.មក តើទាំងសាសន៍យូដានិងសាសន៍ដទៃត្រូវធ្វើអ្វីដើម្បីទៅជាសមាជិកនៃអ៊ីស្រាអែលខាងវិញ្ញាណ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៣]
ជនជាតិអ៊ីស្រាអែលដែលជាយុវវ័យបានកើតជាសមាជិកនៃសាសន៍រើសតាំងរបស់ព្រះ
[រូបភាពនៅទំព័រ២៥]
សាសន៍អ៊ីស្រាអែលម្នាក់ៗត្រូវធ្វើការសម្រេចចិត្តដោយខ្លួនថាតើនឹងបម្រើឬមិនបម្រើព្រះ?
[រូបភាពនៅទំព័រ២៥]
ការថ្វាយតង្វាយស្ម័គ្រពីចិត្តផ្ដល់ឱកាសឲ្យសាសន៍អ៊ីស្រាអែលបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៦]
ក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. អ្នកកាន់តាមព្រះគ្រីស្ទត្រូវថ្វាយខ្លួនឯងចំពោះព្រះ និងបង្ហាញពីការថ្វាយខ្លួននោះដោយទទួលបុណ្យជ្រមុជទឹក