លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ឱ! ទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»

«ឱ! ទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»

«ឱ! ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎!»

​«ឱ! ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។—ទំនុកដំកើង ១១៩:៩៧

១, ២​. (ក) តើ​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​បទ​ទំនុក​ទី១១​៩ បាន​រង​ទុក្ខ​លំបាក​អ្វី​ខ្លះ? (ខ) ទោះ​ជា​អ្នក​តែង​បទ​ទំនុក​នោះ​ជួបប្រទះ​ការ​ពិបាក​ក៏​ដោយ តើ​គាត់​នៅ​តែ​ធ្វើ​អ្វី? ហេតុ​អ្វី​បាន​ជា​គាត់​មាន​អារម្មណ៍​បែប​នោះ?

អ្នក​តែង​បទ​ទំនុកដំកើង​ទី១១​៩​បាន​ជួបប្រទះ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​អ្នក​ឆ្មើងឆ្មៃ​ដែល​ធ្វើ​ព្រងើយ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​បាន​មើលងាយ​អ្នក​តែង​បទ​នេះ ហើយ​បង្កើត​សេចក្ដី​ភូតភរ​ទាស់​នឹង​គាត់​ដែរ។ ពួក​អ្នក​ធំ​ក៏​បាន​ពិគ្រោះ​គ្នា​ដើម្បី​រក​ហេតុ​ជំទាស់​នឹង​អ្នក​តែង​នេះ ហើយ​បាន​បៀតបៀន​គាត់​ផង។ មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​អ្នក​តែង​បទ​ទំនុក​នេះ ហើយ​បាន​គំរាម​កំហែង​សម្លាប់​គាត់​ដែរ។ ការ​ប្រឆាំង​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​តែង​«រលាយ​ទៅ​ដោយ​សេចក្ដី​ធ្ងន់​ចិត្ត»។ (ទំនុកដំកើង ១១៩:៩, ២៣, ២៨, ៥១, ៦១, ៦៩, ៨៥, ៨៧, ១៦១) ទោះ​ជា​អ្នក​តែង​បទ​ទំនុក​ទី១១​៩​បាន​ជួបប្រទះ​ការ​ពិបាក​ដល់​ម្ល៉េះ​ក៏​ដោយ គាត់​នៅ​តែ​ច្រៀង​ថា​៖ «ឱ! ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។—ទំនុកដំកើង ១១៩:៩៧

គប្បី​ឲ្យ​អ្នក​ឆ្ងល់​ថា «តើ​ក្រឹត្យ​វិន័យ​របស់​ព្រះ​អាច​សម្រាល​ឬ​រំលែក​ទុក្ខ​អ្នក​តែង​បទ​ទំនុក​នេះ​យ៉ាង​ដូច​ម្ដេច?»។ អ្នក​តែង​នោះ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​គាត់ ហើយ​នេះ​បាន​ពង្រឹង​កម្លាំង​គាត់​វិញ។ ទោះ​ជា​ពួក​ប្រឆាំង​បាន​ធ្វើ​ទុក្ខ​ដល់​អ្នក​តែង​បទ​ទំនុក​ទី១១​៩​ក៏​ដោយ គាត់​មាន​ពរ​ឬ​សុភមង្គល​ដោយ​ព្រោះ​គាត់​យល់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដែល​ព្រះ​ប្រទាន​ដោយ​សេចក្ដី​ស្រឡាញ់។ អ្នក​តែង​បទ​ទំនុក​នោះ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​ប្រោស​មេត្ដា​ដល់​អ្នក​បម្រើ​ទ្រង់​ដោយ​ល្អ។ ម្យ៉ាង​ទៀត ការ​ធ្វើ​តាម​ពាក្យ​ណែនាំ​ពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​បាន​ជួយ​អ្នក​តែង​បទ​ទំនុកដំកើង​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​បាន​ប្រោស​ឲ្យ​គាត់​មាន​កម្លាំង​ឡើង​ដើម្បី​រស់​ជា​បន្ត។ ការ​ស្ដាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​បាន​នាំ​ឲ្យ​អ្នក​តែង​បទ​ទំនុក​ទី១១​៩​មាន​សេចក្ដី​សុខ​និង​មនសិការ​ជ្រះថ្លា។—ទំនុកដំកើង ១១៩:១, ៩, ៦៥, ៩៣, ៩៨, ១៦៥

៣​. នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​ក៏​ពិបាក​ម្ល៉េះ​ឲ្យ​ពួក​គ្រីស្ទាន​រស់​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ?

នៅ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​រង​ការ​ពិបាក​យ៉ាង​ខ្លាំង​ដែរ ដែល​ល្បងល​ជំនឿ​របស់​ពួក​គេ។ យើង​ប្រហែល​ជា​មិន​ជួបប្រទះ​ស្ថានភាព​ដែល​គំរាម​កំហែង​ដល់​ជីវិត​ដូច​អ្នក​តែង​បទ​ទំនុក​នោះ​ទេ តែ​យើង​ក៏​រស់​នៅ​«គ្រា​លំបាក​ណាស់»​ដែរ។ ប្រហែល​ជា​រៀង​រាល់​ថ្ងៃ​យើង​មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជា​ច្រើន​ដែល​មិន​ស្រឡាញ់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ប្រហែល​ជា​រវល់​តែ​ប្រមូល​ទ្រព្យ​សម្បត្ដិ​និង​មាន​គោល​ដៅ​រក​តែ​ប្រយោជន៍​ខ្លួន​ឯង។ មនុស្ស​ខ្លះ​ក៏​មាន​អាកប្បកិរិយា​ក្រអឺត​ក្រទម ហើយ​មិន​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស​ដទៃ។ (ធីម៉ូថេទី២ ៣:១​-​៥) ប្អូនៗ​ទាំង​ឡាយ​ដែល​ជា​គ្រីស្ទាន​ក៏​ជួបប្រទះ​ជា​ញឹកញយ​នូវ​ការ​បង្ខិត​បង្ខំ​ឲ្យ​លះ​ចោល​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ខាង​សីលធម៌។ ពេល​ដែល​យើង​រស់​ក្នុង​បរិស្ថាន​បែប​នេះ គឺ​ពិបាក​រក្សា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​សុចរិត​របស់​ទ្រង់។ តើ​យើង​អាច​ការពារ​ខ្លួន​ដោយ​របៀប​ណា?

៤​. តើ​អ្នក​តែង​បទ​ទំនុក​ទី១១​៩​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​គាត់​មាន​ចិត្ត​អបអរ​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ? តើ​បណ្ដា​គ្រីស្ទាន​គួរ​ធ្វើ​ដូច​គ្នា​ដែរ​ឬ?

អ្វី​ដែល​ជួយ​អ្នក​តែង​បទ​ទំនុកដំកើង​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ដែល​គាត់​ជួបប្រទះ​នោះ គឺ​ដោយ​ឆ្លៀត​ពេល​ដើម្បី​ពិនិត្យ​មើល​ក្រឹត្យ​វិន័យ​របស់​ព្រះ​ដោយ​ចិត្ត​អបអរ។ នេះ​បាន​ជួយ​គាត់​បង្កើត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ។ ជា​លទ្ធផល ស្ទើរតែ​គ្រប់​ខ​ទាំង​អស់​ក្នុង​បទ​ទំនុក​ទី១១​៩ រៀប​រាប់​អំពី​លក្ខណៈ​ផ្សេងៗ​នៃ​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ * ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​នោះ គ្មាន​សុពល​ភាព​លើ​ពួក​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ (កូល៉ុស ២:១៤) យ៉ាង​ណា​ក៏​ដោយ គោលការណ៍​ពី​ក្រឹត្យ​វិន័យ​នោះ​នៅ​តែ​មាន​ប្រយោជន៍​នៅ​ឡើយ។ គោលការណ៍​ក្នុង​ក្រឹត្យ​វិន័យ​នោះ​បាន​ជួយ​សម្រាល​ទុក្ខ​អ្នក​តែង​បទ​ទំនុកដំកើង ហើយ​ក៏​ជួយ​រំលែក​ទុក្ខ​អ្នក​បម្រើ​ព្រះ​ដែល​កំពុង​តែ​ពុះពារ​យក​ឈ្នះ​លើ​ការ​ពិបាក​ផ្សេងៗ​ដែល​មាន​នៅ​សម័យ​ទំនើប​នេះ​ដែរ។

៥​. តើ​យើង​នឹង​ពិនិត្យ​មើល​លក្ខណៈ​អ្វី​ខ្លះ​នៃ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ?

ឥឡូវ​យើង​សូម​ពិនិត្យ​មើល​លក្ខណៈ​បី​យ៉ាង​នៃ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ដែល​អាច​លើក​ទឹក​ចិត្ត​យើង​បាន គឺ​ការ​រៀបចំ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក ការ​ទុក​ឲ្យ​ប្រជាជន​រើស​សន្សំ​ផល​ដំណាំ និង​ច្បាប់​ដែល​ហាម​ការ​លោភ​ចង់​បាន។ ពេល​ពិនិត្យ​មើល​ក្រឹត្យ​វិន័យ​នីមួយៗ យើង​នឹង​កត់​សម្គាល់​ថា ជា​ការ​ចាំបាច់​ណាស់​ឲ្យ​យើង​មាន​ចិត្ត​អបអរ​ចំពោះ​គោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​ក្រឹត្យ​វិន័យ​ទាំង​នោះ ដើម្បី​យក​ឈ្នះ​លើ​ការ​បង្ខិត​បង្ខំ​ដែល​មាន​ជា​ទូទៅ​នៅ​សម័យ​នេះ។

ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ

៦​. តើ​មនុស្ស​ទាំង​ឡាយ​មាន​សេចក្ដី​ត្រូវ​ការ​អ្វី​ខ្លះ?

មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ផ្សេងៗ។ ជា​ឧទាហរណ៍ បើ​មនុស្ស​ចង់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ពួក​គេ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ម្ហូបអាហារ ទឹក​និង​កន្លែង​រស់​នៅ។ ប៉ុន្តែ មនុស្ស​ក៏​ត្រូវ​ទទួល​ស្គាល់​ថា ខ្លួន​មាន​«សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ» ឬ​ត្រូវ​ការ​អ្វីៗ​ខាង​វិញ្ញាណ​ដែរ។ បើ​មនុស្ស​មិន​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ ពួក​គេ​មិន​អាច​មាន​ពរ​ឬ​សុភមង្គល​ពិត​បាន​ឡើយ។ (ម៉ាថាយ ៥:៣) ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​ជា​ការ​ចាំបាច់​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​បង្គាប់​ឲ្យ​រាស្ត្រ​ទ្រង់​ផ្អាក​កិច្ច​ការ​អស់​មួយ​ថ្ងៃ​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វីៗ​ខាង​វិញ្ញាណ។

៧, ៨​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ញែក​ទុក​ថ្ងៃ​ឈប់​សម្រាក​ដោយ​ឡែក​ពី​ថ្ងៃ​ឯ​ទៀត? (ខ) តើ​ការ​ទុក​មួយ​ថ្ងៃ​ដើម្បី​ឈប់​សម្រាក​មាន​ប្រយោជន៍​អ្វី?

ការ​រៀបចំ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​នោះ បាន​ដៅ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ចំណាយ​ពេល​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ។ លើក​ទី​មួយ​ដែល​មាន​ពាក្យ​«ថ្ងៃ​ឈប់​សំរាក»​ក្នុង​ព្រះ​គម្ពីរ គឺ​ទាក់ទង​នឹង​ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​នំម៉ាន៉ា​ឲ្យ​ប្រជាជន​នៅ​ទីរហោស្ថាន។ ពួក​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ប្រមូល​នំម៉ាន៉ា​ដែល​ប្រទាន​មក​ដោយ​អព្ភូតហេតុ រាល់​ថ្ងៃ​សម្រាប់​៦​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី៦ ពួក​គេ​ត្រូវ​«រើស​នំ​នោះ​បាន​ចំនួន​២​ភាគ» ដែល​រួម​បញ្ចូល​មួយ​ភាគ​សម្រាប់​ថ្ងៃ​ទី៧ ពីព្រោះ​ព្រះ​មិន​ប្រទាន​នំ​នៅ​ថ្ងៃ​ទី៧​ទេ។ ថ្ងៃ​ទី៧​ជា​«ថ្ងៃ​ឈប់​សំរាក​បរិសុទ្ធ​ថ្វាយ​ព្រះ​យេហូវ៉ា» ហើយ​ក្នុង​កំលុង​ថ្ងៃ​នោះ​ប្រជាជន​នានា​ត្រូវ​នៅ​កន្លែង​ពួក​គេ​រៀងៗ​ខ្លួន។ (និក្ខមនំ ១៦:​១៣​-​៣០) ក្រឹត្យ​វិន័យ​មួយ​ក្នុង​ចំណោម​ទាំង​១០​ប្រការ បាន​បង្គាប់​កុំ​ឲ្យ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​សោះ។ ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​បរិសុទ្ធ។ អ្នក​ណា​ដែល​មិន​ធ្វើ​តាម​ច្បាប់​នោះ ត្រូវ​ស្លាប់។—និក្ខមនំ ២០:៨​-​១១; ជនគណនា ១៥:៣២​-​៣៦

ក្រឹត្យ​វិន័យ​អំពី​ថ្ងៃ​ឈប់​សម្រាក​បាន​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​សុខភាព​របស់​រាស្ត្រ​ទ្រង់ និង​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ពួក​គេ​ផង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា «ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស»។ (ម៉ាកុស ២:២៧) ថ្ងៃ​នោះ​មិន​គ្រាន់​តែ​បើក​ឱកាស​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ឈប់​ធ្វើ​ការ​ដើម្បី​សម្រាក​ប៉ុណ្ណោះ តែ​ហុច​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចូល​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​គេ​មក។ (ចោទិយកថា ៥:១២) ថ្ងៃ​ឈប់​សម្រាក​បាន​ត្រូវ​ញែក​ទុក​ដោយ​ឡែក​ដើម្បី​ធ្វើ​អ្វីៗ​ខាង​វិញ្ញាណ ដូច​ជា​ការ​អធិស្ឋាន ការ​មូល​គ្នា​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​ក្រុម​គ្រួសារ និង​ការ​រំពឹង​គិត​លើ​ក្រឹត្យ​វិន័យ​របស់​ទ្រង់។ ការ​ញែក​ទុក​ថ្ងៃ​ទី៧​នោះ បាន​ការពារ​ប្រជាជន​អ៊ីស្រាអែល​កុំ​ឲ្យ​ចំណាយ​គ្រប់​ពេល​និង​កម្លាំង​ក្នុង​ការ​ដេញ​រក​ទ្រព្យ​សម្បត្ដិ។ ថ្ងៃ​ឈប់​សម្រាក​បាន​រំលឹក​ពួក​គេ​ថា ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​ថា គោលការណ៍​នោះ​នៅ​តែ​មាន​សារៈ​ប្រយោជន៍​នៅ​ឡើយ ដោយ​មាន​បន្ទូល​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ ‹មនុស្ស​មិន​មែន​រស់​ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ›»។—ម៉ាថាយ ៤:៤

៩​. តើ​ពួក​គ្រីស្ទាន​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក?

នៅ​សព្វ​ថ្ងៃ​នេះ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​រាស្ត្រ​ទ្រង់​ឈប់​សម្រាក​អស់​២៤​ម៉ោង​ដូច​នៅ​សម័យ​ពួក​អ៊ីស្រាអែល​ក្ដី យើង​ក៏​មិន​ត្រូវ​ចាត់​ទុក​ថា​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក​គ្រាន់​តែ​ជា​វិន័យ​បុរាណ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ដែរ។ (កូល៉ុស ២:១៦) ដ្បិត​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក​ក៏​រំលឹក​យើង​ថា អ្វីៗ​ខាង​វិញ្ញាណ​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង​ដែរ មែន​ទេ? យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ការ​រក​ស៊ី​និង​ការ​កម្សាន្ត​សប្បាយ​រំខាន​ដល់​កិច្ច​បម្រើ​ព្រះ​ឡើយ។ (ហេព្រើរ ៤:៩, ១០) ដូច្នេះ យើង​ប្រហែល​ជា​ចង់​សួរ​ខ្លួន​ឯង​ថា​«តើ​អ្វី​មាន​អាទិ​ភាព​ក្នុង​ជីវិត​ខ្ញុំ? តើ​ការ​សិក្សា​ព្រះ​គម្ពីរ ការ​អធិស្ឋាន ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​និង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​អាទិ​ភាព​ឬ​ទេ? ឬ​តើ​ទង្វើ​ឯ​ទៀត​របស់​យើង​ធ្វើ​ឲ្យ​ស៊ី​ពេល​វេលា​អស់?»។ បើ​យើង​តែង​តែ​ធ្វើ​អ្វីៗ​ខាង​វិញ្ញាណ​ជា​មុន​សិន នោះ​ព្រះ​យេហូវ៉ា​ធានា​ថា​យើង​នឹង​មិន​ខ្វះ​អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត។—ម៉ាថាយ ៦:២៤​-​៣៣

១០​. តើ​ការ​កំណត់​ពេល​សម្រាប់​អ្វីៗ​ខាង​វិញ្ញាណ​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១០ ការ​ចំណាយ​ពេល​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​និង​សៀវភៅ​ឯ​ទៀត​ដែល​បកស្រាយ​ន័យ​ព្រះ​គម្ពីរ ព្រម​ទាំង​ការ​គិត​វែង​ឆ្ងាយ​អំពី​អ្វី​ដែល​យើង​អាន​នោះ អាច​ជួយ​យើង​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា។ (យ៉ាកុប ៤:៨) ជាង​៤០​ឆ្នាំ​ហើយ បង​ស្រី​ឈ្មោះ​ស៊ូសាន់​បាន​កំណត់​ពេល​ជា​ទៀងទាត់​ដើម្បី​សិក្សា​ព្រះ​គម្ពីរ។ បង​ស្រី​សារភាព​ថា មុន​ដំបូង​គាត់​មិន​សូវ​ចូល​ចិត្ត​សិក្សា​ទេ តែ​បាន​ធ្វើ​នោះ​ឲ្យ​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ពេល​បង​ស្រី​អាន​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន គាត់​ក៏​ពេញ​ចិត្ត​អាន​កាន់​តែ​ច្រើន​ទៀត​ដែរ។ ឥឡូវ​បង​ស្រី​ស្ដាយ​ណាស់​បើ​មាន​អ្វី​រំខាន​ដល់​កម្មវិធី​សិក្សា​ដោយ​ខ្លួន​ឯង។ បង​ស្រី​ស៊ូសាន់​មាន​ប្រសាសន៍​ថា​៖ «ការ​សិក្សា​ព្រះ​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​បិតា។ ខ្ញុំ​ទុក​ចិត្ត​និង​ពឹងផ្អែក​លើ​ទ្រង់ ហើយ​អធិស្ឋាន​ទូល​ថ្វាយ​ទ្រង់​យ៉ាង​ឥត​លាក់​លៀម។ ពេល​ដែល​ខ្ញុំ​រៀន​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​ទ្រង់​យ៉ាង​ខ្លាំង​នោះ ហើយ​ពិសោធ​ខ្លួន​ឯង​ថា​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ខ្ញុំ​ប៉ុណ្ណា ព្រម​ទាំង​ឃើញ​ការ​ដែល​ទ្រង់​ធ្វើ​ដើម្បី​ជួយ​ខ្ញុំ នោះ​ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់!»។ ពេល​ដែល​យើង​ទទួល​ស្គាល់​សេចក្ដី​កម្សត់​របស់​ខ្លួន​ខាង​វិញ្ញាណ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទៀងទាត់​ចំពោះ​អ្វីៗ​ខាង​វិញ្ញាណ នោះ​យើង​ក៏​នឹង​មាន​អំណរ​ផង​ដែរ!

ច្បាប់​វិន័យ​របស់​ព្រះ​អំពី​ការ​រើស​សន្សំ​ផល​ដំណាំ

១១​. សូម​ពន្យល់​អំពី​ការ​រៀបចំ​ឲ្យ​រើស​សន្សំ​ផល​ដំណាំ។

១១ សិទ្ធិ​រើស​សន្សំ​ផល​ដំណាំ​ជា​លក្ខណៈ​ទីពីរ​នៃ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ទុក​ដាក់​ចំពោះ​រាស្ត្រ​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​ប្រជាជន​អ៊ីស្រាអែល​ដែល​ជា​ម្ចាស់​ស្រែ​ចម្ការ​ថា ពេល​ច្រូត​ស្រូវ​ឬ​បេះ​ផ្លែ​ចម្ការ​របស់​ខ្លួន ពួក​គេ​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ក្រីក្រ​រើស​សន្សំ​ផល​ដំណាំ​ដែល​ពួក​កម្មករ​មិន​បាន​ប្រមូល។ ពួក​កសិករ​មិន​ត្រូវ​ច្រូត​ដល់​កៀន​ដី​របស់​ខ្លួន ហើយ​ក៏​មិន​ត្រូវ​ប្រមូល​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ផ្លែ​អូលីវ​ដែល​នៅ​សេស​សល់​ក្នុង​ចម្ការ​ឡើយ។ បើ​ពួក​អ្នក​ច្រូត​ភ្លេច​កណ្ដាប់​ស្រូវ​នៅ​ឯ​ស្រែ ពួក​គេ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ទេ។ នេះ​ជា​ការ​រៀបចំ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជន​ក្រីក្រ ពួក​កូន​កំព្រា ស្រី​មេម៉ាយ​និង​សាសន៍​ដទៃ​ដែល​រស់​នៅ​ស្រុក​អ៊ីស្រាអែល។ ទោះ​ជា​ការ​រើស​សន្សំ​ផល​ដំណាំ​តម្រូវ​ឲ្យ​ជន​ក្រីក្រ​ធ្វើ​ការ​នឿយ​ហត់​ក៏​ពិត​មែន តែ​យ៉ាង​ហោច​ណាស់​ពួក​គេ​មិន​ចាំបាច់​សុំ​ទាន​ឡើយ។—លេវីវិន័យ ១៩:៩, ១០; ចោទិយកថា ២៤:១៩​-​២២; ទំនុកដំកើង ៣៧:២៥

១២​. តើ​ការ​រៀបចំ​ឲ្យ​ជន​ក្រីក្រ​រើស​សន្សំ​ផល​ដំណាំ​ហុច​ឱកាស​ឲ្យ​ម្ចាស់​ស្រែ​ចម្ការ​ធ្វើ​អ្វី?

១២ ច្បាប់​វិន័យ​របស់​ព្រះ​អំពី​ការ​រើស​សន្សំ​ផល​ដំណាំ​មិន​បាន​កំណត់​ឲ្យ​ម្ចាស់​ស្រែ​ចម្ការ​ទុក​ផល​ប៉ុន្មាន​សម្រាប់​ជន​ក្រីក្រ​ទេ។ គឺ​ស្រេច​លើ​ម្ចាស់​ស្រែ​វិញ ថា​គាត់​ចង់​ទុក​ផល​ច្រើន​ឬ​តិច​ប៉ុណ្ណា​នៅ​កៀន​ដី។ យ៉ាង​នេះ ការ​រៀបចំ​ឲ្យ​ទុក​សន្សំ​ផល​ដំណាំ​បាន​បង្រៀន​ប្រជាជន​ឲ្យ​មាន​ចិត្ត​សទ្ធា ហើយ​ក៏​ហុច​ឱកាស​ឲ្យ​ម្ចាស់​ស្រែ​ចម្ការ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​ដែល​បង្កើត​ឲ្យ​មាន​ផល​ដំណាំ​នេះ ដ្បិត​«អ្នក​ណា​ដែល​មេត្ដា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង[ព្រះ​ដែល​បង្កើត​ខ្លួន​មក]»។ (សុភាសិត ១៤:៣១) លោក​បូអូស​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ដូច្នេះ។ នាងរស់​ជា​ស្រី​មេម៉ាយ​ម្នាក់​ដែល​រើស​សន្សំ​ផល​ដំណាំ​ពី​ស្រែ​ចម្ការ​របស់​បូអូស ដូច្នេះ​លោក​បាន​ចាត់​វិធានការ​ដើម្បី​ឲ្យ​នាង​រើស​ស្រូវ​យ៉ាង​ច្រើន​បាន។ ដោយសារ​បូអូស​បង្ហាញ​ចិត្ត​សទ្ធា​ដល់​ម្ល៉េះ​នោះ ព្រះ​យេហូវ៉ា​ប្រទាន​ពរ​យ៉ាង​វិសេស​លើ​គាត់។—នាងរស់ ២:១៥, ១៦; ៤:២១, ២២; សុភាសិត ១៩:១៧

១៣​. តើ​ច្បាប់​វិន័យ​ពី​បុរាណ​ដែល​បើក​ឲ្យ​ជន​ក្រីក្រ​រើស​សន្សំ​ផល​ដំណាំ​បង្រៀន​អ្វី​ខ្លះ?

១៣ គោលការណ៍​ដែល​ទាក់ទង​ក្រឹត្យ​វិន័យ​អំពី​ការ​រើស​សន្សំ​ផល​ដំណាំ​នោះ នៅ​មាន​សុពល​ភាព​នៅ​ឡើយ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​បម្រើ​ទ្រង់​បង្ហាញ​ចិត្ត​សទ្ធា ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ខ្វះ​ខាត។ ពេល​ដែល​យើង​បង្ហាញ​ចិត្ត​សទ្ធា​កាន់​តែ​ច្រើន យើង​ក៏​នឹង​ទទួល​ពរ​កាន់​តែ​ច្រើន​ផង​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ។ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ​នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង។ ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក​តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ»។—លូកា ៦:៣៨

១៤, ១៥​. តើ​យើង​អាច​បង្ហាញ​ចិត្ត​សទ្ធា​ដោយ​របៀប​ណា​ខ្លះ? ពេល​ជួយ​អ្នក​ដទៃ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​យើង​និង​ពួក​គេ?

១៤ សាវ័ក​ប៉ុល​បាន​ជូន​យោបល់​ឲ្យ​យើង​«ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) ដូច្នេះ ពេល​មាន​អ្វី​ល្បងល​ជំនឿ​របស់​បងប្អូន​គ្រីស្ទាន​យើង គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្តែ យើង​ប្រហែល​ជា​អាច​ជួយ​បងប្អូន​រួម​ជំនឿ​ដោយ​របៀប​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ តើ​យើង​អាច​យក​គាត់​ទៅ​ឯ​សាលព្រះរាជាណាចក្រ​ឬ​ទេ? តើ​យើង​អាច​ទៅ​ផ្សារ​ជំនួស​បងប្អូន​ដែល​ត្រូវ​ការ​ជំនួយ​បាន​ទេ? តើ​មាន​បងប្អូន​វ័យ​ចាស់ ឈឺ​ឬ​ពិការ​ក្នុង​ក្រុមជំនុំ​ដែល​យើង​អាច​ទៅ​លេង​ដើម្បី​លើក​ទឹក​ចិត្ត ឬ​ជួយ​ធ្វើ​កិច្ចការ​អ្វី​មួយ​ឲ្យ​គាត់​ឬ​ទេ? បើ​យើង​យោគ​យល់​ចំពោះ​សេចក្ដី​ត្រូវ​ការ​បែប​នេះ ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​ប្រើ​យើង​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ស្រប​ទៅ​តាម​សេចក្ដី​អធិស្ឋាន​ដែល​ពួក​គេ​ទូល​ទ្រង់។ ក្នុង​នាម​ជា​គ្រីស្ទាន​ពិត យើង​មាន​កាតព្វកិច្ច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាង​ណា​ក៏​ដោយ អស់​អ្នក​ដែល​ផ្ដល់​ជំនួយ​ក៏​ទទួល​ប្រយោជន៍​ដែរ ដ្បិត​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​នាំ​ឲ្យ​យើង​មាន​អំណរ​និង​ចិត្ត​ស្កប់ស្កល់ ព្រម​ទាំង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ដែរ។—សុភាសិត ១៥:២៩

១៥ របៀប​សំខាន់​មួយ​ទៀត​ដែល​បណ្ដា​គ្រីស្ទាន​បង្ហាញ​ចិត្ត​គំនិត​លះបង់​ប្រយោជន៍​ខ្លួន​ឯង គឺ​ដោយ​ចំណាយ​ពេល​និង​កម្លាំង​របស់​ខ្លួន​ក្នុង​ការ​ជម្រាប​អ្នក​ដទៃ​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ២៨:១៩, ២០) ការ​ជួយ​បង្រៀន​សិស្ស​រហូត​ដល់​ពេល​ដែល​គេ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ពិត​ជា​នាំ​ឲ្យ​មាន​អំណរ​មែន។ បងប្អូន​ដែល​ធ្លាប់​ធ្វើ​ដូច្នេះ​បាន​ពិសោធ​នូវ​សច្ចភាព​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «[ការ]ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល»។—កិច្ចការ ២០:៣៥

ការ​ប្រុង​ប្រយ័ត្ន​នឹង​ចិត្ត​លោភ​ចង់​បាន

១៦, ១៧​. តើ​ក្រឹត្យ​វិន័យ​ទី១០​ហាម​អំពី​អ្វី? ហេតុ​អ្វី?

១៦ ឥឡូវ​យើង​នឹង​ពិភាក្សា​អំពី​លក្ខណៈ​ទី​បី​នៃ​ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​សាសន៍​អ៊ីស្រាអែល គឺ​ក្រឹត្យ​ទី១០​ដែល​ហាម​ការ​លោភ​ចង់​បាន​របស់​អ្នក​ដទៃ។ ក្រឹត្យ​វិន័យ​ចែង​ថា​៖ «កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្ដី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ»។ (និក្ខមនំ ២០:១៧) មនុស្ស​មិន​អាច​បង្ខំ​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​ច្បាប់​នេះ​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​ចេះ​ស្ទង់​ចិត្ត​មនុស្ស​ឯ​ទៀត​បាន​ឡើយ។ ច្បាប់​នោះ​ធ្វើ​ឲ្យ​ក្រឹត្យ​វិន័យ​ព្រះ​មាន​ភាព​ឧត្តុង្គ​ឧត្តម​ជាង​ច្បាប់​វិន័យ​របស់​មនុស្ស ដ្បិត​ច្បាប់​ដែល​ហាម​ការ​លោភ​ចង់​បាន​នោះ តម្រូវ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​មាន​សមត្ថភាព​ស្ទង់​មើល​ទំនោរ​ចិត្ត​គេ។ (សាំយូអែលទី១ ១៦:៧) ម្យ៉ាង​ទៀត ច្បាប់​វិន័យ​នោះ​លុប​បំបាត់​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​ជា​ច្រើន។—យ៉ាកុប ១:១៤

១៧ ក្រឹត្យ​វិន័យ​ដែល​ហាម​ការ​លោភ​ចង់​បាន​នោះ ក៏​លើក​ទឹក​ចិត្ត​រាស្ត្រ​ព្រះ​ឲ្យ​ជៀស​វាង​ពី​ការ​ប្រាថ្នា​ចង់​បាន​របស់​ទ្រព្យ​ហួស​ហេតុ​ពេក ទាំង​កុំ​ឲ្យ​ត្អូញត្អែរ​រអ៊ូរទាំ​អំពី​ជីវភាព​យើង។ ច្បាប់​នោះ​ក៏​ជួយ​កុំ​ឲ្យ​ប្រជាជន​មាន​ចិត្ត​ចង់​លួច​ប្លន់​ឬ​ធ្វើ​អំពើ​អសីលធម៌។ ជានិច្ច​ជា​កាល​យើង​ជួប​មនុស្ស​ដែល​មាន​របស់​ទ្រព្យ​និង​ភាព​ចម្រុង​ចម្រើន​ជាង​យើង​ដែល​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​ចង់​បាន​ដែរ។ បើ​យើង​មិន​ចេះ​ទប់​ចិត្ត យើង​ក៏​អាច​កើត​មាន​ចិត្ត​ច្រណែន​ឈ្នានីស​ដែល​នាំ​ឲ្យ​មាន​អពមង្គល​វិញ។ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​សេចក្ដី​លោភ​ជា​អារម្មណ៍​ក្នុង​ចិត្ត​ដែល​ស​ឲ្យ​ឃើញ​នូវ​«គំនិត​ចោល​ម្សៀត»។ ហេតុ​នេះ​ហើយ​បាន​ជា​គប្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​លោភ​លន់។—រ៉ូម ១:២៨​-​៣០

១៨​. តើ​មនុស្ស​ភាគ​ច្រើន​ក្នុង​លោកិយ​សព្វ​ថ្ងៃ​នេះ​មាន​ចិត្ត​គំនិត​បែប​ណា? តើ​ទស្សនៈ​របស់​លោកិយ​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ណា​ខ្លះ?

១៨ ចិត្ត​គំនិត​ដែល​មាន​ទូទៅ​ក្នុង​លោកិយ​សព្វ​ថ្ងៃ​នេះ តែង​ជំរុញ​ឲ្យ​មនុស្ស​ប្រមូល​វត្ថុ​ទ្រព្យ​និង​ប្រកួត​ប្រជែង​គ្នា។ ប្រព័ន្ធ​ពាណិជ្ជកម្ម​តែង​ឃោសនា​ផលិតផល​ថ្មី​ដើម្បី​ញុះញង់​ឲ្យ​មនុស្ស​ប្រាថ្នា​ចង់​បាន​របស់​ទាំង​នោះ។ ការ​ឃោសនា​រមែង​បង្កប់​គំនិត​ថា បើ​យើង​មិន​ទទួល​របស់​ទាំង​នោះ យើង​មិន​អាច​មាន​សុភមង្គល​បាន​ឡើយ។ ប៉ុន្តែ ក្រឹត្យ​វិន័យ​របស់​ព្រះ​មិន​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​បែប​នេះ​ទេ។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​មាន​ចិត្ត​គំនិត​ចង់​តែ​ប្រមូល​លុយ​និង​ធ្វើ​ជា​មនុស្ស​លេខ​មួយ មិន​ថា​ត្រូវ​គាប​សង្កត់​លើ​អ្នក​ដទៃ​ឬ​ធ្វើ​អ្វី​ក៏​ដោយ។ សាវ័ក​ប៉ុល​បាន​ព្រមាន​ថា​៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង​នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន​ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិនវិនាស​នឹង​សេចក្ដី​អន្តរធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ​ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។—ធីម៉ូថេទី១ ៦:៩, ១០

១៩, ២០​. (ក) តើ​អ្វី​នាំ​ឲ្យ​មាន​ប្រយោជន៍​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ព្រះ? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ មនុស្ស​ដែល​ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទទួល​ស្គាល់​ថា ចិត្ត​គំនិត​ចង់​បាន​វត្ថុ​ទ្រព្យ​ហួស​ហេតុ​ពេក​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ពួក​គេ​ខំ​ជៀស​វាង​ចិត្ត​គំនិត​និង​គ្រោះថ្នាក់​បែប​នោះ។ ជាក់​ស្តែង អ្នក​តែង​បទ​ទំនុកដំកើង​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ថា​៖ «សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល​បង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ។ ក្រិត្យ​វិន័យ​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក នោះ​វិសេស​ដល់​ទូល​បង្គំ​ជាជាង​មាស​ប្រាក់​ទាំង​ពាន់​ផង»។ (ទំនុកដំកើង ១១៩:៣៦, ៧២) បើ​យើង​ជឿ​ថា​ពាក្យ​របស់​អ្នក​តែង​នោះ​ជា​ការ​ពិត​មែន នេះ​នឹង​ជួយ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ដើម្បី​ជៀស​ចេញ​ពី​អ្វី​ដែល​ប្រៀប​ដូច​ជា​អន្ទាក់ ពោល​គឺ​វត្ថុ​និយម ចិត្ត​លោភ​លន់​និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ជីវភាព​ខ្លួន។ «ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ»​ជា​កម្រៃ​យ៉ាង​ធំ​ដែល​នាំ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត មិន​មែន​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទេ។—ធីម៉ូថេទី១ ៦:៦

២០ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​វិន័យ​ដល់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​តាម​រយៈ​លោក​ម៉ូសេ ប៉ុន្តែ​គោលការណ៍​នានា​ដែល​ជា​មូលដ្ឋាន​នៃ​ក្រឹត្យ​វិន័យ​នោះ នៅ​តែ​មាន​ប្រយោជន៍​ក្នុង​គ្រា​លំបាក​នេះ។ ពេល​ដែល​យើង​ធ្វើ​តាម​គោលការណ៍​ទាំង​នោះ​ច្រើន​ជាង យើង​នឹង​ទទួល​ប្រយោជន៍​ច្រើន​ប៉ុណ្ណោះ​ដែរ។ នេះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រឡាញ់​នូវ​គោលការណ៍​ក្នុង​ក្រឹត្យ​វិន័យ​ជាង ហើយ​ក៏​នឹង​នាំ​ឲ្យ​មាន​សុភមង្គល​ថែម​ទៀត​ដែរ។ យើង​អាច​ទាញ​យក​មេ​រៀន​ល្អៗ​ពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ហើយ​បទពិសោធន៍​និង​ប្រវត្ដិ​ជីវិត​របស់​មនុស្ស​ខ្លះ​ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​ក៏​ជួយ​រំលឹក​យើង​ថា ក្រឹត្យ​វិន័យ​ទាំង​នោះ​ពិត​ជា​មាន​តម្លៃ​មែន។ យើង​នឹង​ពិនិត្យ​មើល​នូវ​បទពិសោធន៍​ខ្លះៗ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 4 ក្នុង​ចំណោម​ខ​ទាំង​១៧៦​ក្នុង​បទ​ទំនុក​ទី១១​៩ មាន​ខ​តែ​៤​ប៉ុណ្ណោះ​ដែល​មិន​ប្រើ​ពាក្យ​សំដៅ​ទៅ​លើ​សេចក្ដី​បង្គាប់ ខ​ច្បាប់ ក្រឹត្យ​វិន័យ សេចក្ដី​បញ្ញត្ដិ សេចក្ដី​បន្ទាល់ ព្រះ​បន្ទូល​ឬ​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​អ្នក​តែង​បទ​ទំនុក​ទី១១​៩ ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា?

តើ​ពួក​គ្រីស្ទាន​អាច​រៀន​អ្វី​ខ្លះ​ពី​ការ​រៀបចំ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក?

តើ​ច្បាប់​របស់​ព្រះ​អំពី​ការ​រើស​សន្សំ​ផល​ដំណាំ​នៅ​តែ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

តើ​ក្រឹត្យ​វិន័យ​ដែល​ហាម​កុំ​ឲ្យ​លោភ​ចង់​បាន​អាច​ការពារ​យើង​បាន​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៣]

តើ​ក្រឹត្យ​វិន័យ​ដែល​តម្រូវ​ឲ្យ​មាន ថ្ងៃ​ឈប់​សម្រាក បាន​លើក​បញ្ជាក់​អំពី​អ្វី?

[រូបភាព​នៅ​ទំព័រ​១៥]

តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ក្រឹត្យ​វិន័យ​អំពី​ការ​រើស​សន្សំ​ផល​ដំណាំ?