ចូរកោតខ្លាចព្រះយេហូវ៉ា ហើយមានសុភមង្គល!
ចូរកោតខ្លាចព្រះយេហូវ៉ា ហើយមានសុភមង្គល!
«មាន[«សុភមង្គល»]ហើយ! អ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា»។—ទំនុកដំកើង ១១២:១; ខ.ស.
១, ២. តើការកោតខ្លាចព្រះយេហូវ៉ាមានប្រយោជន៍យ៉ាងណាខ្លះ?
សុភមង្គលគឺមិនស្រួលរកនោះទេ។ យើងត្រូវធ្វើការសម្រេចចិត្តដ៏ល្អ ប្រព្រឹត្តអំពើល្អ ហើយជៀសចេញពីអំពើអាក្រក់ ទើបអាចមានសុភមង្គលដ៏ពិត។ ព្រះយេហូវ៉ាជាអ្នកបង្កើតយើង បានប្រទានព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ ដើម្បីបង្រៀនយើងអំពីរបៀបយើងអាចមានជីវិតដ៏គាប់ចិត្ត។ បើយើងបង្ហាញថាយើងកោតខ្លាចព្រះយេហូវ៉ាដោយស្វែងរកនិងអនុវត្តការណែនាំរបស់ទ្រង់ នោះយើងអាចមានសុភមង្គលដ៏ពិត។—ទំនុកដំកើង ២៣:១; សុភាសិត ១៤:២៦
២ ក្នុងអត្ថបទនេះ យើងនឹងពិចារណាគំរូពីសម័យបុរាណនិងនៅសម័យយើង ដែលបង្ហាញឲ្យឃើញថាការកោតខ្លាចព្រះផ្ដល់កម្លាំងចិត្តដើម្បីមិនបណ្ដោយខ្លួនតាមការអូសទាញឲ្យធ្វើអ្វីដែលខុស ហើយក៏ជួយឲ្យមានចិត្តក្លាហានដើម្បីធ្វើអ្វីដែលត្រឹមត្រូវវិញ។ យើងនឹងរៀនថា ការកោតខ្លាចព្រះធ្វើឲ្យយើងមានសុភមង្គលដោយជំរុញឲ្យយើងកែខ្លួន ដូចដាវីឌបានធ្វើ។ យើងក៏នឹងរៀនដែរថា ការកោតខ្លាចព្រះយេហូវ៉ាជាមត៌កថ្លៃថ្លាសម្រាប់កូនយើង។ ព្រះគម្ពីរមានសេចក្ដីសន្យាថា «មាន[«សុភមង្គល»]ហើយ! អ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា»។—ទំនុកដំកើង ១១២:១; ខ.ស.
របៀបទទួលសុភមង្គលឡើងវិញ
៣. តើអ្វីបានជួយឲ្យដាវីឌផ្សះផ្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ាក្រោយបានធ្វើអំពើបាប?
៣ យើងបានពិចារណាក្នុងអត្ថបទមុនថា មានបីលើកដែលដាវីឌមិនបានកោតខ្លាចព្រះយ៉ាងត្រឹមត្រូវ ហើយបានធ្វើអំពើបាប។ ក៏ប៉ុន្តែ របៀបដែលដាវីឌប្រព្រឹត្តពេលព្រះយេហូវ៉ាប្រដៅទ្រង់បង្ហាញថា តាមពិតដាវីឌជាអ្នកកោតខ្លាចព្រះ។ ការគោរពចំពោះព្រះបានជំរុញឲ្យដាវីឌសារភាពបាបខ្លួន កែប្រែ រួចផ្សះផ្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ាវិញ។ ទោះជាកំហុសរបស់ដាវីឌបាននាំឲ្យទ្រង់និងអ្នកឯទៀតរងទុក្ខក៏ពិតមែន តែព្រះយេហូវ៉ាបានគាំទ្រនិងប្រទានពរទ្រង់ជានិច្ចដោយសារដាវីឌប្រែចិត្ត។ សព្វថ្ងៃនេះ គំរូរបស់ដាវីឌពិតជាអាចធ្វើឲ្យគ្រីស្ទានពិតមានចិត្តក្លាហាន ប្រសិនបើបានធ្លាក់ខ្លួនប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ។
៤. តើការកោតខ្លាចព្រះអាចជួយឲ្យយើងទទួលសុភមង្គលឡើងវិញយ៉ាងដូចម្ដេច?
៤ សូមគិតអំពីករណីបងស្រីហ្សនយ៉ា។ * ទោះជាគាត់បម្រើជាអ្នកផ្សព្វផ្សាយពេញពេលក៏ដោយ ហ្សនយ៉ាបានសេពគប់ពួកម៉ាកអាក្រក់ ប្រព្រឹត្តអំពើខុសគោលការណ៍ព្រះគម្ពីរ ហើយបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំ។ ក្រោយហ្សនយ៉ាដឹងខ្លួន គាត់បានខំអស់ពីសមត្ថភាពដើម្បីផ្សះផ្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ ក្រោយមួយរយៈ គាត់បានត្រូវអនុញ្ញាតឲ្យចូលក្រុមជំនុំវិញ។ ក្នុងកំលុងពេលគាត់ត្រូវបណ្ដាច់មិត្តភាពនោះ ហ្សនយ៉ាមិនដែលបាត់បង់ចិត្តប្រាថ្នាបម្រើព្រះយេហូវ៉ាឡើយ។ នៅទីបំផុត គាត់បានចូលក្នុងកិច្ចបម្រើពេញពេលម្ដងទៀត។ ក្រោយនោះ ហ្សនយ៉ារៀបការជាមួយអ្នកចាស់ទុំម្នាក់ ហើយពួកគាត់ទាំងពីរមានសុភមង្គលដោយបម្រើក្នុងក្រុមជំនុំជាមួយគ្នា។ ទោះជាហ្សនយ៉ាសោកស្ដាយដែលគាត់បានចាកចេញពីផ្លូវគ្រីស្ទានពិតមួយរយៈក៏ពិតមែន តែគាត់សប្បាយចិត្តដោយសារការកោតខ្លាចព្រះបានជួយឲ្យគាត់ត្រឡប់មកវិញ។
សុខចិត្តរងទុក្ខជាជាងប្រព្រឹត្តអំពើបាប
៥, ៦. តើក្នុងករណីពីរអ្វីដែលដាវីឌមិនបានសម្លាប់សូល? ហេតុអ្វី?
៥ ទោះជាយើងអាចត្រឡប់មកវិញក្រោយបានធ្វើអំពើបាបធ្ងន់ធ្ងរក៏ពិតមែន តែជាការល្អជាងបើការកោតខ្លាចព្រះជួយឃាត់យើងមិនឲ្យធ្លាក់ខ្លួនប្រព្រឹត្តអំពើបាប។ នេះបានកើតឡើងចំពោះដាវីឌ។ មានគ្រាមួយដែលស្តេចសូលបានដេញតាមដាវីឌដោយមានទាហានបីពាន់នាក់។ សូលបានឈប់មួយរយៈហើយចូលក្នុងរូងភ្នំ។ គឺនៅកន្លែងនោះឯងដែលដាវីឌនិងពួកបុរសដែលគាំទ្រគាត់កំពុងតែពួនសម្ងំ។ ពួកបុរសរបស់ដាវីឌខំជំរុញឲ្យគាត់សម្លាប់សូល ដ្បិតតាមមើលទៅ ព្រះយេហូវ៉ាបានប្រគល់សត្រូវរបស់ដាវីឌទៅក្នុងកណ្ដាប់ដៃគាត់ហើយ មែនទេ? ដាវីឌបានលបកាត់ជាយអាវរបស់សូលចេញ។ ដោយសារដាវីឌកោតខ្លាចព្រះ មនសិការរបស់គាត់បានធ្វើទុក្ខយ៉ាងខ្លាំង ទោះជាគាត់មិនបានធ្វើអ្វីទៅលើរូបសូលក៏ដោយ។ ដាវីឌបានប្រាប់ពួកបុរសរបស់គាត់ឲ្យទៅ *—សាំយូអែលទី១ ២៤:១-៧
វិញ ដោយប្រាប់ថា៖ «សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ»។៦ នៅគ្រាមួយផ្សេងទៀត សូលបានបោះជំរំពេលយប់ ហើយទ្រង់និងបុរសទាំងឡាយរបស់ទ្រង់«កំពុងតែដេកលក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់ស៊ប់»។ ដាវីឌនិងក្មួយក្លាហានអង់អាចរបស់គាត់ឈ្មោះអ័ប៊ីសាយ បានលបដើរកណ្ដាលទីជំរំហើយឈរនៅជិតសូលទៀត។ អ័ប៊ីសាយចង់សម្លាប់សូលជាការស្រេច។ ដាវីឌបានឃាត់គាត់ដោយសួរថា៖ «តើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ?»។—សាំយូអែលទី១ ២៦:៩, ១២
៧. តើអ្វីបានឃាត់ដាវីឌកុំឲ្យប្រព្រឹត្តអំពើបាប?
៧ ហេតុអ្វីដាវីឌមិនបានសម្លាប់សូល ទោះជាពីរដងគាត់មានឱកាសសម្លាប់ទ្រង់ក៏ដោយ? គឺដោយសារដាវីឌកោតខ្លាចព្រះយេហូវ៉ាច្រើនជាងគាត់ខ្លាចសូល។ ដោយសារកោតខ្លាចព្រះយ៉ាងត្រឹមត្រូវនោះ ដាវីឌសុខចិត្តរងទុក្ខបើចាំបាច់ ជាជាងធ្វើបាប។ (ហេព្រើរ ១១:២៥) គាត់មានទំនុកចិត្តទាំងស្រុងថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងរាស្ត្រទ្រង់ រួមទាំងរូបគាត់ផ្ទាល់។ ដាវីឌដឹងថា ការទុកចិត្តនិងស្ដាប់បង្គាប់ព្រះ នឹងនាំឲ្យមានសុភមង្គលនិងពរជាច្រើន រីឯអ្នកដែលមិនស្ដាប់តាមព្រះវិញ ទ្រង់នឹងមិនសព្វព្រះហឫទ័យឡើយ។ (ទំនុកដំកើង ៦៥:៤) គាត់ក៏ដឹងថា ព្រះនឹងធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ដែលថា ដាវីឌនឹងធ្វើជាស្តេច ហើយទ្រង់ក៏នឹងដកហូតសូលចេញនៅពេលកំណត់របស់ទ្រង់ដែរ។—សាំយូអែលទី១ ២៦:១០
ការកោតខ្លាចព្រះនាំឲ្យមានសុភមង្គល
៨. តើការប្រព្រឹត្តរបស់ដាវីឌនៅចំពោះមុខទុក្ខលំបាកជាគំរូល្អសម្រាប់យើងយ៉ាងដូចម្ដេច?
៨ ក្នុងនាមជាគ្រីស្ទានពិត យើងដឹងទុកជាមុនថា យើងត្រូវជួបនឹងការសើចចំអក ការបៀតបៀន និងទុក្ខលំបាកឯទៀត។ (ម៉ាថាយ ២៤:៩; ពេត្រុសទី២ ៣:៣) ជួនកាល យើងប្រហែលជាអាចមានបញ្ហាជាមួយអ្នកជឿគ្នីគ្នាដែរ។ ក៏ប៉ុន្តែ យើងដឹងថាព្រះយេហូវ៉ាទតឃើញអ្វីទាំងអស់ ទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង ហើយនៅពេលកំណត់របស់ទ្រង់ ទ្រង់នឹងដោះស្រាយបញ្ហារបស់យើងសមស្របតាមព្រះហឫទ័យទ្រង់។ (រ៉ូម ១២:១៧-២១; ហេព្រើរ ៤:១៦) ហេតុដូច្នេះ ជាជាងខ្លាចអ្នកដែលប្រឆាំងយើង យើងកោតខ្លាចព្រះហើយរង់ចាំទទួលសេចក្ដីសង្គ្រោះពីទ្រង់។ ដូចដាវីឌដែរ យើងមិនសងសឹក ក៏មិនបោះបង់ចោលគោលការណ៍សុចរិតដើម្បីជៀសវាងទុក្ខលំបាក។ នៅទីបំផុត បើធ្វើយ៉ាងនេះ យើងនឹងមានសុភមង្គល។ ប៉ុន្តែតើការធ្វើយ៉ាងនេះនាំឲ្យមានសុភមង្គលយ៉ាងដូចម្ដេច?
៩. សូមឲ្យឧទាហរណ៍អំពីរបៀបការកោតខ្លាចព្រះអាចនាំឲ្យមានសុភមង្គលទោះជាមានការបៀតបៀនក៏ដោយ។
៩ សាសនទូតម្នាក់ដែលបម្រើនៅទ្វីបអាហ្វ្រិកច្រើនឆ្នាំហើយ ធ្លាប់ប្រាប់ថា៖ «ខ្ញុំតែងនឹកចាំអំពីបងប្អូនពីរនាក់ គឺម្ដាយម្នាក់និងកូនស្រីរបស់គាត់ដែលមានវ័យជំទង់។ ពួកគាត់មិនព្រមទិញកាតគណបក្សទេ ដោយសារពួកគាត់កាន់តាមគោលការណ៍គ្រីស្ទានស្តីអំពីអព្យាក្រឹតភាព។ ហេតុនោះពួកបុរសមួយក្រុមបានធ្វើបាបពួកគាត់ រួចបង្គាប់ឲ្យទៅផ្ទះវិញ។ ពេលដែលពួកគាត់ដើរតាមផ្លូវ ម្ដាយខំសម្រាលទុក្ខកូនស្រីគាត់ដែលកំពុងតែយំ ដោយសារកូនស្រីពិបាកយល់អំពីមូលហេតុដែលបញ្ហានោះបានកើតឡើង។ នៅពេលនោះ ពួកគាត់មិនសប្បាយចិត្តទេ ក៏ប៉ុន្តែមានមនសិការជ្រះថ្លា។ ក្រោយមក ពួកគាត់បានសប្បាយចិត្តដែលបានស្ដាប់តាមបង្គាប់របស់ព្រះ។ ប្រសិនបើពួកគាត់បានទិញកាតគណបក្ស ពួកបុរសនោះនឹងអរណាស់ ថែមទាំងជូនទឹកក្រូច រួចរាំនៅជុំវិញពួកគាត់រហូតទៅដល់ផ្ទះ។ ប៉ុន្តែបើបានព្រមធ្វើខុសនោះ កូនស្រីនិងម្ដាយនឹងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង»។ ដោយសារបានកោតខ្លាចព្រះ ពួកគាត់មិនចាំបាច់ទ្រាំនូវអារម្មណ៍សោកស្ដាយនោះទេ។
១០, ១១. តើមានលទ្ធផលល្អយ៉ាងណាដោយសារស្ត្រីម្នាក់បានកោតខ្លាចព្រះ?
១០ ការកោតខ្លាចព្រះក៏នាំឲ្យមានសុភមង្គលពេលដែលប្រឈមមុខការល្បងលដែលទាក់ទងនឹងការគោរពភាពពិសិដ្ឋនៃជីវិត។ នៅពេលម៉ារីមានគភ៌ជាលើកទីបី គ្រូពេទ្យបានជូនយោបល់ឲ្យគាត់ពន្លូតកូននោះ ដោយប្រាប់ថា៖ «អ្នកកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ណាស់។ អ្នកអាចចាប់ផ្ដើមមានបញ្ហាធំនៅពេលណាក៏បាន ហើយស្លាប់ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។ បើដូច្នេះ កូននោះក៏នឹងស្លាប់ដែរ។ ទោះជាអ្វីកើតឡើងក៏ដោយ យើងមិនអាចប្រាកដថាកូននោះនឹងកើតមកមានសុខភាពល្អដូចក្មេងឯទៀតនោះទេ»។ ពេលនោះ ម៉ារីជាសិស្សព្រះគម្ពីរដែលរៀនជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា តែមិនទាន់ទទួលបុណ្យជ្រមុជទឹកទេ។ ម៉ារីប្រាប់ថា៖ «យ៉ាងណាក្ដី ខ្ញុំបានសម្រេចចិត្តបម្រើព្រះយេហូវ៉ា ហើយបានតាំងចិត្តស្ដាប់បង្គាប់ទ្រង់ ទោះជាអ្វីកើតឡើងក៏ដោយ»។—និក្ខមនំ ២១:២២, ២៣
១១ ក្នុងកំលុងប៉ុន្មានខែដែលម៉ារីមានគភ៌នោះ គាត់ជាប់រវល់សិក្សា
ព្រះគម្ពីរនិងថែរក្សាក្រុមគ្រួសារ។ នៅទីបំផុតគាត់បានសម្រាលកូន។ គាត់ប្រាប់ថា៖ «ការសម្រាលកូននេះគឺពិបាកជាងកូនពីរនាក់ដំបូងបន្ដិច តែគ្មានបញ្ហាធំអ្វីឡើយ»។ ការកោតខ្លាចព្រះបានជួយឲ្យម៉ារីរក្សានូវមនសិការជ្រះថ្លា ហើយមិនយូរក្រោយនោះគាត់បានទទួលបុណ្យជ្រមុជទឹក។ ពេលកូននោះធំឡើង គាត់ក៏រៀនកោតខ្លាចព្រះយេហូវ៉ាដែរ ហើយឥឡូវកំពុងតែបម្រើនៅការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ចូរ«កំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា»
១២. តើការកោតខ្លាចព្រះបានជួយពង្រឹងកម្លាំងដាវីឌយ៉ាងដូចម្ដេច?
១២ ការកោតខ្លាចព្រះមិនត្រឹមតែជួយឲ្យដាវីឌជៀសវាងពីការប្រព្រឹត្តអាក្រក់ទេ។ នោះក៏បានពង្រឹងកម្លាំងគាត់ឲ្យចាត់វិធានការម៉ឺងម៉ាត់ហើយប្រព្រឹត្តដោយប្រាជ្ញាក្នុងកាលៈទេសៈដ៏ពិបាក។ អស់មួយឆ្នាំនិងបួនខែ ដាវីឌនិងពួកបុរសរបស់គាត់បានលាក់ខ្លួនពីសូលនៅស៊ីកឡាក់ ដែលស្ថិតនៅតំបន់ជនបទរបស់ពួកភីលីស្ទីន។ (សាំយូអែលទី១ ២៧:៥-៧) នៅគ្រាមួយពេលពួកគេមិននៅ សាសន៍អាម៉ាលេកបានមកដុតទីក្រុងនោះចោលហើយចាប់ប្រពន្ធកូន និងហ្វូងសត្វរបស់ពួកគេ។ ពេលដាវីឌនិងពួកបុរសរបស់គាត់ត្រឡប់មកវិញហើយឃើញអ្វីដែលបានកើតឡើង ពួកគេបានយំ។ អស់ពីពិបាកចិត្ត បុរសរបស់ដាវីឌបែរជាខឹងហើយបាននិយាយថាចង់គប់ដាវីឌនឹងដុំថ្មឲ្យស្លាប់។ ដាវីឌតានតឹងចិត្តណាស់ពេលនោះ តែគាត់មិនបានអស់សង្ឃឹមឡើយ។ (សុភាសិត ២៤:១០) ការកោតខ្លាចព្រះបានជំរុញឲ្យគាត់ពឹងព្រះយេហូវ៉ា ហើយគាត់«បានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា»។ ដោយមានជំនួយពីព្រះ ដាវីឌនិងពួកបុរសរបស់គាត់បានឈ្នះពួកអាម៉ាលេក ហើយទទួលមកវិញនូវអ្វីទាំងអស់ដែលពួកអាម៉ាលេកបានចាប់យក។—សាំយូអែលទី១ ៣០:១-២០
១៣, ១៤. តើការកោតខ្លាចព្រះបានជួយគ្រីស្ទានម្នាក់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវយ៉ាងដូចម្ដេច?
១៣ អ្នកបម្រើរបស់ព្រះសព្វថ្ងៃនេះក៏ប្រឈមមុខស្ថានភាពដែលតម្រូវឲ្យទុកចិត្តព្រះយេហូវ៉ា ហើយមានចិត្តក្លាហានដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែរ។ ជាឧទាហរណ៍ សូមគិតអំពីបងស្រីគ្រីស្ទីណា។ ពេលគាត់នៅក្មេង គាត់ធ្លាប់សិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ ប៉ុន្តែគ្រីស្ទីណាចង់ទៅជាអ្នកល្បីឈ្មោះខាងលេងព្យ៉ាណូ ហើយគាត់បានរីកចម្រើនណាស់ក្នុងការនោះ។ ម្យ៉ាងទៀត គាត់មានអារម្មណ៍អៀនខ្មាសពេលត្រូវផ្សព្វផ្សាយ ហើយហេតុនោះគ្រីស្ទីណាខ្លាចមិនហ៊ានទទួលបុណ្យជ្រមុជទឹក ដោយសារមិនចង់មានភារកិច្ចផ្សព្វផ្សាយ។ ពេលដែលគ្រីស្ទីណាបន្តសិក្សាព្រះបន្ទូលរបស់ព្រះ គាត់កាន់តែទទួលឥទ្ធិពលពីព្រះបន្ទូល។ បន្ដិចម្ដងៗគាត់រៀនកោតខ្លាចព្រះយេហូវ៉ា ហើយបានទទួលស្គាល់ថា ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបម្រើទ្រង់ ស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ត គំនិត ព្រលឹង និងកម្លាំង។ (ម៉ាកុស ១២:៣០) នោះបានជំរុញឲ្យគាត់ថ្វាយខ្លួនចំពោះព្រះយេហូវ៉ានិងទទួលបុណ្យជ្រមុជទឹក។
១៤ គ្រីស្ទីណាបានសុំព្រះយេហូវ៉ាជួយឲ្យគាត់រីកចម្រើនខាងវិញ្ញាណ។ គាត់ប្រាប់ថា៖ «ខ្ញុំដឹងថាជីវិតរបស់អ្នកលេងព្យ៉ាណូតម្រូវឲ្យធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយជានិច្ច ហើយត្រូវជាប់កិច្ចសន្យាលេងរហូតដល់៤០០ដងក្នុងមួយឆ្នាំ។ ដូច្នេះខ្ញុំបានសម្រេចចិត្តបង្រៀនលេងព្យ៉ាណូវិញ ដើម្បីអាចចិញ្ចឹមជីវិតហើយផ្សព្វផ្សាយពេញពេល»។ នៅពេលនោះ គ្រីស្ទីណាបានត្រូវកំណត់ឲ្យលេងព្យ៉ាណូនៅមហោស្រពល្បីបំផុតនាប្រទេសរបស់គាត់។ គ្រីស្ទីណាប្រាប់ថា៖ «ពេលនោះខ្ញុំលេងជាលើកដំបូង ក៏ជាលើកចុងក្រោយដែរ»។ តាំងពីពេលនោះគ្រីស្ទីណាបានរៀបការជាមួយអ្នកចាស់ទុំម្នាក់ ហើយពួកគាត់បម្រើជាមួយគ្នានៅការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់សប្បាយចិត្តដែលព្រះយេហូវ៉ាបានផ្ដល់កម្លាំងចិត្តជួយឲ្យធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយឥឡូវអាចប្រើពេលនិងកម្លាំងក្នុងកិច្ចបម្រើទ្រង់។
កេរ្ដិ៍មត៌កដ៏មានតម្លៃវិសេស
១៥. តើដាវីឌចង់ប្រគល់អ្វីដល់កូនចៅ? តើគាត់បានប្រគល់នោះដោយដូចម្ដេច?
១៥ ដាវីឌបានសរសេរថា «កូនទាំងឡាយអើយ! ចូរមកស្ដាប់អញចុះ! អញនឹងបង្រៀនឯងរាល់គ្នាពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (ទំនុកដំកើង ៣៤:១១) ដោយសារដាវីឌជាបិតាមួយរូប ទ្រង់បានតាំងចិត្តប្រគល់កេរ្ដិ៍មត៌កល្អវិសេសមួយឲ្យកូនរបស់គាត់ គឺការអប់រំឲ្យចេះកោតខ្លាចព្រះយេហូវ៉ាដោយស្មោះពីចិត្តនិងដោយតុល្យភាព។ ដោយសម្ដីនិងការប្រព្រឹត្ត ដាវីឌបានជួយឲ្យកូនយល់ថា ព្រះយេហូវ៉ាមិនមែនជាព្រះមួយអង្គដែលទាមទារអ្វីដ៏ហួសហេតុពេក ឬជាព្រះដ៏គួរឲ្យខ្លាចដែលប្រុងប្រៀបតែដាក់ទោសយើងពេលមិនធ្វើតាមក្រឹត្យវិន័យទ្រង់ តែទ្រង់ជាព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ហើយក៏យកព្រះទ័យទុកដាក់ និងអត់ឱនទោសកូនរបស់ទ្រង់នៅផែនដី។ ដាវីឌបានសួរថា «គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្តដោយអចេតនានោះបានឡើយ»។ រួចមកដាវីឌបញ្ជាក់នូវជំនឿជឿជាក់ថា ព្រះមិនចាំតែចាប់កំហុសរបស់យើងឡើយ ដោយបន្ថែមពាក្យថា៖ «សូមលើកលែងទោសអោយទូលបង្គំ នូវកំហុសណាដែល ទូលបង្គំមើលមិនឃើញនោះផង»។ ផ្ទុយទៅវិញ ដាវីឌជឿជាក់ថាគាត់អាចមានសម្ដីនិងគំនិតដែលធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ បើគាត់ខំអស់ពីសមត្ថភាព។—ទំនុកតម្កើង ១៩:១៣, ១៥, ខ.ស. [ទំនុកដំកើង ១៩:១២, ១៤]
១៦, ១៧. តើមាតាបិតាអាចអប់រំកូនឲ្យកោតខ្លាចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ ដាវីឌជាគំរូល្អសម្រាប់មាតាបិតាសព្វថ្ងៃនេះ។ បងប្រុសរ៉ល ដែលបម្រើនៅការិយាល័យសាខាមួយនៃស្មរបន្ទាល់ព្រះយេហូវ៉ាជាមួយប្អូនប្រុសរបស់គាត់ ប្រាប់ថា៖ «របៀបឪពុកម្ដាយយើងបានអប់រំយើង បានធ្វើឲ្យការថ្វាយបង្គំព្រះយេហូវ៉ាជាអ្វីដ៏សប្បាយ។ ពេលយើងនៅក្មេង ពួកគាត់បានសន្ទនាជាមួយយើងអំពីអ្វីៗក្នុងក្រុមជំនុំ ហើយយើងចាប់ផ្ដើមមានក្ដីរំភើបចិត្តចំពោះការថ្វាយបង្គំព្រះយេហូវ៉ា ដូចពួកគាត់ដែរ។ ពួកគាត់បានអប់រំយើងឲ្យយល់ថា យើងអាចបំពេញការងារដ៏សំខាន់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ តាមការពិត អស់ជាច្រើនឆ្នាំ ក្រុមគ្រួសាររបស់យើងធ្លាប់រស់នៅប្រទេសមួយដែលមានសេចក្ដីត្រូវការច្រើនជាងសម្រាប់អ្នកផ្សាយព្រះរាជាណាចក្រ ដោយជួយរៀបចំក្រុមជំនុំថ្មីៗ។
១៧ «អ្វីដែលបានជួយឲ្យយើងបន្តដើរក្នុងផ្លូវត្រឹមត្រូវ មិនមែនដោយសារឪពុកម្ដាយយើងដាក់វិន័យតឹងតែងជាច្រើននោះទេ តែគឺដោយសារយើងឃើញថាចំពោះពួកគាត់ព្រះយេហូវ៉ាជាព្រះមួយអង្គដ៏ពិត ដែលមានព្រះទ័យល្អនិងមេត្ដាករុណា។ ពួកគាត់ខំឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់ជាង ហើយធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។ យើងបានរៀនពីគំរូរបស់ពួកគាត់ ជាអ្នកដែលកោតខ្លាចនិងស្រឡាញ់ព្រះ។ សូម្បីតែពេលយើងធ្វើខុសក៏ដោយ ឪពុកម្ដាយរបស់យើងមិនបានធ្វើឲ្យយើងមានអារម្មណ៍ថា ព្រះយេហូវ៉ាមិនស្រឡាញ់យើងឡើយ ក៏មិនដែលដាក់វិន័យមិនចាំបាច់លើយើងដែរ។ ភាគច្រើន ពួកគាត់គ្រាន់តែឲ្យយើងអង្គុយចុះហើយបាននិយាយជាមួយយើង។ ជួនកាលម្ដាយយើងបានស្រក់ទឹកភ្នែកទៀត ដោយខំប្រឹងព្យាយាមធ្វើឲ្យមានឥទ្ធិពលលើចិត្តយើង។ នោះបានមានប្រសិទ្ធភាពមែន។ យើងបានរៀនតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់ឪពុកម្ដាយយើងថា ការកោតខ្លាចព្រះយេហូវ៉ាជាអ្វីដ៏ល្អណាស់ ហើយការធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ជាហេតុអរសប្បាយ មិនមែនជាបន្ទុកទេ»។—យ៉ូហានទី១ ៥:៣
១៨. តើយើងនឹងទទួលអ្វីបើយើងកោតខ្លាចព្រះដ៏ពិត?
១៨ ក្នុងចំណោម«ព្រះបន្ទូលក្រោយបង្អស់របស់ដាវីឌ» មានបន្ទូលថា៖ «អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ»។ (សាំយូអែលទី២ ២៣:១, ៣, ៤) ពេលសាឡូម៉ូន ព្រះរាជបុត្រារបស់ដាវីឌបានស្នងរាជ្យ តាមមើលទៅទ្រង់បានយល់ប្រយោជន៍នៃបន្ទូលក្នុងខនោះ ដ្បិតសាឡូម៉ូនបានសុំព្រះយេហូវ៉ាជួយឲ្យទ្រង់«មានចិត្តប្រកបដោយប្រាជ្ញា» ហើយសមត្ថភាព«ពិចារណាដឹងខុសត្រូវ»។ (ពង្សាវតារក្សត្រទី១ ៣:៩) សាឡូម៉ូនបានទទួលស្គាល់ថា ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យមានប្រាជ្ញានិងសុភមង្គល។ ក្រោយមក គាត់បានសង្ខេបចំណុចសំខាន់នៃសៀវភៅសាស្ដាដោយសម្ដីថា៖ «សេចក្ដីនេះ ចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្ដី»។ (សាស្ដា ១២:១៣, ១៤) ប្រសិនបើយើងធ្វើតាមឱវាទនោះ យើងពិតជានឹងឃើញថា«ផលនៃសេចក្ដីសុភាព នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»មិនត្រឹមតែជាប្រាជ្ញានិងសុភមង្គលប៉ុណ្ណោះ តែក៏ជា«ទ្រព្យសម្បត្ដិ កិត្ដិសព្ទ នឹងជីវិត»។—សុភាសិត ២២:៤
១៩. តើអ្វីនឹងជួយឲ្យយើងយល់នូវ«សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»?
១៩ ដោយផ្អែកលើគំរូក្នុងព្រះគម្ពីរនិងបទពិសោធន៍របស់បងប្អូននៅសព្វថ្ងៃនេះ យើងឃើញថា ការកោតខ្លាចព្រះមានឥទ្ធិពលល្អលើជីវិតរបស់អ្នកបម្រើដ៏ពិតរបស់ព្រះយេហូវ៉ា។ ការកោតខ្លាចព្រះមិនត្រឹមតែជួយឲ្យយើងជៀសចេញពីអ្វីដែលធ្វើឲ្យព្រះវរបិតារបស់យើងមិនសព្វព្រះហឫទ័យ តែក៏អាចផ្ដល់ឲ្យមានចិត្តក្លាហានដើម្បីប្រឈមមុខសត្រូវរបស់យើង ហើយផ្ដល់កម្លាំងចិត្តឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដែលយើងជួបប្រទះ។ ហេតុដូច្នេះ ចូរយើងទាំងចាស់ទាំងក្មេងព្យាយាមក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះហើយរំពឹងគិតទៅលើអ្វីដែលយើងរៀន។ ចូរចូលទៅជិតព្រះយេហូវ៉ាដោយអធិស្ឋានជារឿយៗនិងស្មោះអស់ពីចិត្ត។ ធ្វើយ៉ាងនេះ យើងនឹងមិនត្រឹមតែប៉ះប្រទះនឹង«សេចក្ដីស្គាល់ដល់ព្រះអង្គ» តែក៏នឹងយល់«សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។—សុភាសិត ២:១-៥
[កំណត់សម្គាល់]
^ វគ្គ 4 ឈ្មោះបានត្រូវប្ដូរ។
^ វគ្គ 5 នេះប្រហែលជាបទពិសោធន៍មួយដែលជំរុញឲ្យដាវីឌតែងទំនុកដំកើងទី៥៧និងទី១៤២។
តើអ្នកអាចពន្យល់បានទេ?
តើការកោតខ្លាចព្រះអាច
• ជួយផ្សះផ្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ាយ៉ាងដូចម្ដេចក្រោយបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ?
• ធ្វើឲ្យមានសុភមង្គលនៅចំពោះមុខការល្បងលនិងការបៀតបៀនយ៉ាងដូចម្ដេច?
• ពង្រឹងកម្លាំងចិត្តយើងឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះយ៉ាងដូចម្ដេច?
• ជាកេរ្ដិ៍មត៌កល្អវិសេសចំពោះកូនរបស់យើងដោយព្រោះអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៣១]
ការកោតខ្លាចព្រះយេហូវ៉ាបានឃាត់ដាវីឌមិនឲ្យសម្លាប់ស្តេចសូល
[រូបភាពនៅទំព័រ៣២]
ការកោតខ្លាចព្រះជាកេរ្ដិ៍មត៌កថ្លៃវិសេស ដែលមាតាបិតាអាចឲ្យដល់កូន