លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរជៀសចេញពីការ«ត្អូញត្អែរ»

ចូរជៀសចេញពីការ«ត្អូញត្អែរ»

ចូរ​ជៀស​ចេញ​ពី​ការ​«ត្អូញត្អែរ»

​«ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ»។—ភីលីព ២:១៤

១, ២​. តើ​សាវ័ក​ប៉ុល​បាន​ជូន​ឱវាទ​អ្វី​ដល់​បងប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីលីព​និង​កូរិនថូស? តើ​ហេតុ​អ្វី?

សាវ័ក​ប៉ុល​បាន​សរសើរ​បងប្អូន​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ទី​ក្រុង​ភីលីព​យ៉ាង​ច្រើន តាម​រយៈ​សំបុត្រ​របស់​គាត់​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នៅ​សតវត្សរ៍​ទី​មួយ។ ប៉ុល​បាន​សរសើរ​បងប្អូន​គ្រីស្ទាន​គ្នីគ្នា​នៅ​ទី​ក្រុង​នោះ ដោយសារ​ពួក​គាត់​មាន​ចិត្ត​ឧស្សាហ៍​និង​ទូលាយ​ផង។ ប៉ុល​បាន​បញ្ជាក់​ដែរ​ថា គាត់​ត្រេកអរ​ណាស់​ដោយ​ដឹង​អំពី​ការ​ល្អ​ដែល​ពួក​គាត់​បាន​ប្រព្រឹត្ត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ុល​បាន​រំលឹក​ពួក​គាត់​ឲ្យ​«ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ»។ (ភីលីព ២:១៤) ហេតុ​អ្វី​បាន​ជា​សាវ័ក​ប៉ុល​បាន​ទូន្មាន​រំលឹក​ពួក​គាត់​អំពី​ចំណុច​នេះ?

ប៉ុល​ដឹង​ថា​ការ​ត្អូញត្អែរ​អាច​នាំ​ឲ្យ​មាន​បញ្ហា។ ពីរបី​ឆ្នាំ​មុន​នោះ គាត់​បាន​រំលឹក​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស​ថា ការ​ត្អូញត្អែរ​អាច​បង្ក​គ្រោះថ្នាក់។ ប៉ុល​បាន​លើក​ចំណុច​ថា ប្រជាជន​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ញាល់​ម្ដង​ហើយ​ម្ដង​ទៀត​ពេល​ពួក​គេ​នៅ​ទីរហោស្ថាន។ តើ​ពួក​គេ​ធ្វើ​ឲ្យ​ទ្រង់​ខ្ញាល់​ដោយ​ដូច​ម្ដេច? គឺ​ដោយ​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដោយ​ថ្វាយ​បង្គំ​រូប​ព្រះ ដោយ​ធ្វើ​អំពើ​អសីលធម៌​ខាង​កាម ដោយ​ល្បង​ព្រះ​យេហូវ៉ា ហើយ​ដោយ​ត្អូញត្អែរ។ ប៉ុល​បាន​លើក​ទឹក​ចិត្ត​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស​ឲ្យ​ទាញ​យក​មេ​រៀន​ពី​គំរូ​ទាំង​នោះ។ គាត់​បាន​សរសេរ​ថា «កុំ​ឲ្យ​ត្អូញត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ»។—កូរិនថូសទី១ ១០:៦​-​១១

៣​. សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ត្អូញត្អែរ?

យើង​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ក៏​មាន​ចិត្ត​គំនិត​ស្រដៀង​នឹង​បងប្អូន​នៅ​ទី​ក្រុង​ភីលីព​ដែរ។ យើង​ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការ​ល្អ ហើយ​ក៏​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ (យ៉ូហាន ១៣:៣៤, ៣៥) ក៏​ប៉ុន្តែ ដោយសារ​ការ​ត្អូញត្អែរ​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​នៅ​សម័យ​បុរាណ​នោះ មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​អនុវត្ត​ឱវាទ​ថា «ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ»។ មុន​បង្អស់ យើង​នឹង​ពិចារណា​គំរូ​ផ្សេងៗ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​អ្នក​ដែល​បាន​ត្អូញត្អែរ។ រួច​មក យើង​នឹង​ពិភាក្សា​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​កុំ​ឲ្យ​ការ​ត្អូញត្អែរ​បង្ក​បញ្ហា​សព្វ​ថ្ងៃ​នេះ។

ពួក​ជំនុំ​អាក្រក់​រទូរទាំ​ទាស់​នឹង​ព្រះ​យេហូវ៉ា

៤​. តើ​ជនជាតិ​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​យ៉ាង​ណា​នៅ​ទីរហោស្ថាន?

ពាក្យ​ភាសា​ហេព្រើរ​ដែល​មាន​ន័យ​ថា ‹ត្អូញត្អែរ រអ៊ូរទាំ ឬ​គ្រហឹម›ត្រូវ​ប្រើ​ក្នុង​ព្រះ​គម្ពីរ​ក្នុង​កំណត់​ហេតុ​ស្តី​អំពី​គ្រា​៤០​ឆ្នាំ ដែល​ជនជាតិ​អ៊ីស្រាអែល​នៅ​ទីរហោស្ថាន។ ជួន​កាល ពួក​គេ​មិន​ស្កប់​ចិត្ត​នឹង​កាលៈទេសៈ​របស់​ពួក​គេ ហើយ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​ស្កប់​ចិត្ត​នោះ​ដោយ​ត្អូញត្អែរ។ ជា​ឧទាហរណ៍ គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ជនជាតិ​អ៊ីស្រាអែល​ត្រូវ​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប​ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នោះ «ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ត្អូញត្អែរ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន»។ ពួក​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​អំពី​ម្ហូបអាហារ ដោយ​រអ៊ូ​ថា​៖ «ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជាជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទីរហោស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់​ឃ្លាន​ទេ»។—និក្ខមនំ ១៦:១​-​៣

៥​. តាម​ការ​ពិត តើ​ជនជាតិ​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​ទាស់​ប្រឆាំង​អ្នក​ណា?

តាម​ការ​ពិត ព្រះ​យេហូវ៉ា​បាន​ទំនុក​បម្រុង​ជនជាតិ​អ៊ីស្រាអែល​ឲ្យ​មាន​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​ការ​នៅ​ទីរហោស្ថាន ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ផ្គត់ផ្គង់​ទាំង​អាហារ​ទាំង​ទឹក​ផង។ ពួក​គេ​មិន​ដែល​ជិត​ស្លាប់​ដោយ​អត់​ឃ្លាន​នោះ​ទេ។ ក៏​ប៉ុន្តែ​ដោយសារ​ពួក​គេ​មិន​ស្កប់​ចិត្ត​នោះ ជនជាតិ​អ៊ីស្រាអែល​បាន​និយាយ​ពន្លើស​ពី​ស្ថានភាព​របស់​ខ្លួន​ហើយ​បាន​ត្អូញត្អែរ។ ពិត​មែន​ថា​ពួក​គេ​បាន​ត្អូញត្អែរ​អំពី​ម៉ូសេ​និង​អើរ៉ុន ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​ចាត់​ទុក​នោះ​ជា​ការ​ត្អូញត្អែរ​ចំពោះ​ទ្រង់​វិញ។ ម៉ូសេ​បាន​ប្រាប់​ពួក​សាសន៍​អ៊ីស្រាអែល​ថា​៖ «ទ្រង់​បាន​ឮ​ពាក្យ​ដំអូញ ដែល​អ្នក​រាល់​គ្នា​ត្អូញ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី ដែល​អ្នក​រាល់​គ្នា​ត្អូញត្អែរ​ដូច្នេះ? នោះ​មិន​មែន​ត្អូញត្អែរ​ទាស់​នឹង​យើង​ទេ គឺ​នឹង​ព្រះ​យេហូវ៉ា​វិញ»។—និក្ខមនំ ១៦:៤​-​៨

៦, ៧​. ដូច​បញ្ជាក់​នៅ​ជនគណនា ១៤:១​-​៣ តើ​ចិត្ត​គំនិត​របស់​ជនជាតិ​អ៊ីស្រាអែល​បាន​ផ្លាស់ប្ដូរ​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ក្រោយ​នោះ ជនជាតិ​អ៊ីស្រាអែល​ចាប់​ផ្ដើម​ត្អូញត្អែរ​ម្ដង​ទៀត។ ម៉ូសេ​បាន​ចាត់​បុរស​ឈ្លប​១២​នាក់​ឲ្យ​ទៅ​មើល​ស្រុក​សន្យា។ បុរស​១០​នាក់​បាន​ត្រឡប់​មក​វិញ​ដោយ​ប្រាប់​រឿង​អាក្រក់​អំពី​ស្រុក​នោះ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? «ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល . . . រទូរទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា​៖ ‹ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទីរហោស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជាជាង តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ​[ស្រុក​កាណាន] ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ហើយ​ឲ្យ​ប្រពន្ធ​កូន​យើង​ទៅ​ជា​រំពា​គេ​ផង ចុះ​បើ​យើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​មាន​ប្រយោជន៍​ជាជាង​ទេ​ឬ​អី?›»។—ជនគណនា ១៤:១​-​៣

នោះ​បង្ហាញ​ថា ជនជាតិ​អ៊ីស្រាអែល​មាន​ចិត្ត​គំនិត​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​គំនិត​ដើម​របស់​ពួក​គេ។ នៅ​ដើម​ដំបូង ជនជាតិ​អ៊ីស្រាអែល​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា មក​ពី​ពួក​គេ​មាន​ចិត្ត​កតញ្ញូ​ដោយសារ​ទ្រង់​បាន​រំដោះ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​បាន​សង្គ្រោះ​ពួក​គេ​ដោយ​នាំ​ឆ្លង​កាត់​សមុទ្រ​ក្រហម។ (និក្ខមនំ ១៥:១​-​២១) ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គេ​ជួបប្រទះ​ការ​ពិបាក​ខ្លះៗ​នៅ​ទីរហោស្ថាន​ហើយ​មាន​ចិត្ត​ខ្លាច​នឹង​សាសន៍​កាណាន​នោះ ការ​ដឹង​គុណ​របស់​ពួក​គេ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​មិន​ស្កប់​ចិត្ត​ទៅ​វិញ។ ជាជាង​អរ​ព្រះ​គុណ​ព្រះ​ដោយ​សារ​ពួក​គេ​មាន​សេរីភាព ជនជាតិ​អ៊ីស្រាអែល​បាន​រិះគន់ ទម្លាក់​កំហុស​ទៅ​លើ​ទ្រង់ ដោយ​យល់​ខុស​ថា​ទ្រង់​នាំ​ឲ្យ​ពួក​គេ​លំបាក។ ដូច្នេះ ការ​ត្អូញត្អែរ​បញ្ជាក់​ថា ពួក​គេ​គ្មាន​ចិត្ត​កតញ្ញូ​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្គត់ផ្គង់​នោះ។ នេះ​ជា​មូលហេតុ​ទ្រង់​មាន​បន្ទូល​ថា​៖ «តើ​ត្រូវ​ឲ្យ​អញ​ទ្រាំទ្រ​នឹង​ពួក​ជំនុំ​អាក្រក់​ដែល​គេ​រទូរទាំ​ទាស់​នឹង​អញ​នេះ​ដល់​កាល​ណា​ទៀត?»។—ជនគណនា ១៤:២៧; ២១:៥

ការ​ត្អូញត្អែរ​នៅ​សតវត្សរ៍​ទី​មួយ

៨, ៩​. សូម​ឲ្យ​ឧទាហរណ៍​អំពី​ការ​ត្អូញត្អែរ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច។

ឧទាហរណ៍​យើង​ទើប​តែ​បាន​ពិចារណា គឺ​អំពី​ក្រុម​មនុស្ស​ដែល​បាន​ត្អូញត្អែរ​ឮៗ​ដើម្បី​បញ្ជាក់​នូវ​ការ​មិន​ស្កប់​ចិត្ត។ ក៏​ប៉ុន្តែ នៅ​ពេល​ព្រះ​យេស៊ូ​គ្រីស្ទ​មាន​វត្តមាន​នៅ​ទី​ក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​បារាំ​នៅ​ឆ្នាំ​៣២​គ.ស. មាន​ការ​«ខ្សឹប​ខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន»។ (យ៉ូហាន ៧:១២, ១៣, ៣២, កំណែ​ជា​អក្សរ​ទ្រេត) ពួក​គេ​បាន​ខ្សឹបខ្សៀវ​អំពី​ទ្រង់​ដោយ​មាន​ខ្លះ​ថា ទ្រង់​ជា​បុរស​ល្អ ខ្លះ​ទៀត​ថា​ទ្រង់​មិន​មែន​បុរស​ល្អ​ទេ។

នៅ​គ្រា​មួយ​ទៀត ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​ជា​ភ្ញៀវ​ក្នុង​ផ្ទះ​របស់​អ្នក​យក​ពន្ធ​ម្នាក់​ឈ្មោះ​លេវី​ឬ​ម៉ាថាយ។ «ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី គេ​ឌុកដាន់[ឬ​«ត្អូញត្អែរ​ដាក់»]ពួក​សិស្ស​ទ្រង់​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ?›»។ (លូកា ៥:២៧​-​៣០; ព.ថ.) ក្រោយ​មក​ទៀត នៅ​ស្រុក​កាលីឡេ «ពួក​សាសន៍​យូដា គេ​ឌុកដាន់[ឬ​«ត្អូញត្អែរ​ដាក់»]​[ព្រះ​យេស៊ូ] ពីព្រោះ​ទ្រង់​មាន​បន្ទូល​ថា​៖ ‹ខ្ញុំ​ជា​នំប៉័ង ដែល​ចុះ​ពី​ស្ថានសួគ៌​មក›»។ សូម្បី​តែ​សិស្ស​ខ្លះ​របស់​ព្រះ​យេស៊ូ​ក៏​ដោយ បាន​ទាស់​ចិត្ត​នឹង​បន្ទូល​ទ្រង់​ហើយ​ចាប់​ផ្ដើម​ត្អូញត្អែរ​ដែរ។—យ៉ូហាន ៦:៤១, ៦០, ៦១; ព.ថ.

១០, ១១​. ហេតុ​អ្វី​បាន​ជា​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច​បាន​ត្អូញត្អែរ? តើ​អ្នក​ចាស់​ទុំ​អាច​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ពួក​សាវ័ក​ប្រព្រឹត្ត​ចំពោះ​ការ​ត្អូញត្អែរ​នោះ?

១០ មិន​យូរ​ក្រោយ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. មាន​ការ​ត្អូញត្អែរ​ដែល​បណ្ដាល​ឲ្យ​មាន​លទ្ធផល​ល្អ​ទៅ​វិញ។ សិស្ស​ថ្មី​ជា​ច្រើន​ដែល​មក​ពី​ក្រៅ​ស្រុក​អ៊ីស្រាអែល បាន​ទទួល​នូវ​ភាព​រាក់ទាក់​អំពី​អ្នក​ជឿ​គ្នីគ្នា​នៅ​ស្រុក​យូដា។ ក៏​ប៉ុន្តែ​មាន​បញ្ហា​មួយ​កើត​ឡើង​ដែល​ជាប់​ទាក់ទង​នឹង​ការ​ចែក​រំលែក​អាហារ។ កំណត់​ហេតុ​នោះ​ចែង​ថា «នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចំរើន​ច្រើន​ឡើង នោះ​ពួក​ហេលេន​ចាប់​តាំង​រទូរទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ[ឬ​«មិន​សូវ​យក​ចិត្ត​ទុក​ដាក់»]នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ»។—កិច្ចការ ៦:១; ខ.ស.

១១ អ្នក​ដែល​បាន​ត្អូញត្អែរ មាន​លក្ខណៈ​ខុស​គ្នា​ពី​ជនជាតិ​អ៊ីស្រា​អែល​នៅ​ទីរហោស្ថាន។ ពួក​ហេលេន​ឬ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច​នោះ មិន​បាន​ត្អូញត្អែរ​ដោយសារ​ពួក​គេ​មិន​ស្កប់​ចិត្ត​នឹង​ជីវភាព​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​បាន​ចង្អុល​បញ្ជាក់​ទៅ​លើ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ស្ត្រី​មេម៉ាយ​ខ្លះៗ។ ម្យ៉ាង​ទៀត អ្នក​ត្អូញត្អែរ​ទាំង​នេះ​មិន​បាន​បង្ក​រឿង​ហេតុ ហើយ​ទាស់​ប្រឆាំង​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​បាន​និយាយ​ជា​មួយ​នឹង​ពួក​សាវ័ក ហើយ​ពួក​សាវ័ក​បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ដោយ​សារ​ការ​ត្អូញត្អែរ​នោះ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។ ពួក​សាវ័ក​ជា​គំរូ​ល្អ​ណាស់​សម្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ! អ្នក​គង្វាល​ដែល​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​នេះ ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ខ្លួន​«ចុក​ត្រចៀក​មិន​ស្ដាប់​ពាក្យ​អំពាវនាវ[ឬ​«ការ​ត្អូញត្អែរ»]របស់​មនុស្ស​ទាល់​ក្រ»។—សុភាសិត ២១:១៣; ព.ថ.; កិច្ចការ ៦:២​-​៦

ចូរ​ប្រុង​ប្រយ័ត្ន នឹង​ការ​ត្អូញត្អែរ​ដែល​មាន​ឥទ្ធិពល​ពង្រេច​ពង្រឹល

១២, ១៣​. (ក) សូម​ឲ្យ​ឧទាហរណ៍​អំពី​ឥទ្ធិពល​នៃ​ការ​ត្អូញត្អែរ។ (ខ) តើ​អ្វី​អាច​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​ចាប់​ផ្ដើម​ត្អូញត្អែរ?

១២ គំរូ​ភាគ​ច្រើន​ដែល​យើង​បាន​ពិចារណា​ក្នុង​ព្រះ​គម្ពីរ​បញ្ជាក់​ថា ការ​ត្អូញត្អែរ​ធ្លាប់​បង្ក​រឿង​ហេតុ​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​នៅ​អតីតកាល។ ហេតុ​នេះ​ហើយ យក​ល្អ​យើង​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​របៀប​ដែល​ការ​ត្អូញត្អែរ​អាច​មាន​ឥទ្ធិពល​ពង្រេចពង្រឹល​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ឧទាហរណ៍​មួយ​ប្រហែល​ជា​អាច​ជួយ​ឲ្យ​យើង​យល់​ពី​ឥទ្ធិពល​នោះ។ ប្រភេទ​ដែក​ជា​ច្រើន​មាន​លក្ខណៈ​ធ្វើ​ឲ្យ​កើត​មាន​ច្រែះ។ បើ​មិន​ចាត់​វិធានការ​ថែទាំ​ដែក​នោះ​ភ្លាមៗ​ពេល​ទើប​តែ​កើត​មាន​ច្រែះ វា​នឹង​ស៊ី​ដែក​នោះ​រហូត​ដល់​ពុក​ផុយ​ខូច​អស់​ទៅ លែង​ប្រើ​បាន​ទៀត។ តើ​ឧទាហរណ៍​នេះ​ជាប់​ទាក់ទង​នឹង​ការ​ត្អូញត្អែរ​យ៉ាង​ដូច​ម្ដេច?

១៣ ដូច​ជា​ដែក​មាន​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ច្រែះ​ស៊ី​បំផ្លាញ​នោះ មនុស្ស​ឥត​គ្រប់​លក្ខណ៍​មាន​លក្ខណៈ​ធ្វើ​ឲ្យ​កើត​មាន​ចិត្ត​ចង់​ត្អូញត្អែរ។ យើង​គួរ​ប្រុង​ប្រយ័ត្ន​ជានិច្ច ដើម្បី​ឆាប់​ទទួល​ស្គាល់​ថា​តើ​យើង​ចាប់​ផ្ដើម​មាន​លក្ខណៈ​នោះ​ឬ​ទេ? ដូច​ជាតិ​ទឹក​ឬ​ជាតិ​អំបិល​ធ្វើ​ឲ្យ​ដែក​ឆាប់​កើត​មាន​ច្រែះ នោះ​ការ​លំបាក​ធ្វើ​ឲ្យ​យើង​ឆាប់​កើត​មាន​ចិត្ត​ចង់​ត្អូញត្អែរ។ ការ​តានតឹង​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​ចាត់​ទុក​បញ្ហា​តូចតាច​ជា​បញ្ហា​ធំ​ពិបាក​ទ្រាំ​ទៅ​វិញ។ កាល​ដែល​ស្ថានភាព​នៅ​ជាន់​ក្រោយ​បង្អស់​នេះ​កាន់​តែ​អាប់ឱន​ទៅៗ នោះ​រឿង​ហេតុ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ត្អូញត្អែរ ទំនង​ជា​នឹង​មាន​កាន់​តែ​ច្រើន​ឡើងៗ។ (ធីម៉ូថេទី២ ៣:១​-​៥) ប្រហែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ម្នាក់ ចាប់​ផ្ដើម​ត្អូញត្អែរ​ទាស់​នឹង​អ្នក​ជឿ​គ្នីគ្នា​ម្នាក់​ទៀត។ ប្រហែល​ជា​ដើម​ហេតុ​នៃ​ការ​ត្អូញត្អែរ​នោះ​ជា​រឿង​តូចតាច ដូច​ជា​ឯកសិទ្ធិ ចំណុច​ខ្សោយ ឬ​សមត្ថភាព​របស់​អ្នក​ជឿ​ម្នាក់​ទៀត​នោះ។

១៤, ១៥​. ហេតុ​អ្វី​យើង​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ខ្លួន​ត្អូញត្អែរ​នោះ?

១៤ មិន​ថា​ជា​បញ្ហា​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​នោះ ប្រសិន​បើ​យើង​មិន​ទប់​ចិត្ត ហើយ​បែរ​ជា​បណ្ដោយ​ឲ្យ​ខ្លួន​ត្អូញត្អែរ​វិញ នោះ​អាច​បណ្ដាល​ឲ្យ​យើង​ទៅ​ជា​មនុស្ស​មិន​ចេះ​ស្កប់​ចិត្ត​នឹង​កាលៈទេសៈ​ខ្លួន ហើយ​មាន​ទម្លាប់​ត្អូញត្អែរ​ជានិច្ច។ ការ​ត្អូញត្អែរ​អាច​បំផ្លាញ​ភាព​ខាង​វិញ្ញាណ​របស់​យើង​ទាំង​ស្រុង។ នៅ​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​អំពី​ជីវិត​របស់​ពួក​គេ​នៅ​ទីរហោស្ថាន ពួក​គេ​រហូត​ដល់​បាន​រិះគន់​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​យេហូវ៉ា។ (និក្ខមនំ ១៦:៨) កុំ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​សោះ​ឡើយ!

១៥ ដែក​ដែល​មាន​លក្ខណៈ​នាំ​ឲ្យ​កើត​មាន​ច្រែះ​នោះ អាច​ត្រូវ​ការពារ​ឲ្យ​ប្រើ​ប្រាស់​យូរ​ជាង ដោយ​លាប​ថ្នាំ​ដែល​បង្ការ​ច្រែះ ហើយ​ដោយ​សម្អាត​កន្លែង​មួយៗ​ដែល​ចាប់​ផ្ដើម​មាន​ច្រែះ​ស៊ី​នោះ។ ស្រដៀង​គ្នា​ដែរ បើ​យើង​កត់​សម្គាល់​ថា​យើង​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​ត្អូញត្អែរ​នោះ យើង​អាច​ទប់​ចិត្ត​បាន​បើ​អធិស្ឋាន​ហើយ​ខំ​ព្យាយាម។ តើ​ត្រូវ​ព្យាយាម​យ៉ាង​ដូច​ម្ដេច?

ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា

១៦​. តើ​យើង​អាច​យក​ឈ្នះ​ភាព​ទន់​ទោរ​ទៅ​រក​ការ​ត្អូញត្អែរ​យ៉ាង​ដូច​ម្ដេច?

១៦ ការ​ត្អូញត្អែរ​ធ្វើ​ឲ្យ​យើង​គិត​តែ​អំពី​កាលៈទេសៈ​និង​បញ្ហា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​មិន​គិត​អំពី​ពរ​ដែល​យើង​មាន​ដោយសារ​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ។ បើ​យើង​ចង់​យក​ឈ្នះ​ភាព​ទន់​ទោរ​ទៅ​រក​ការ​ត្អូញត្អែរ យើង​ត្រូវ​តែ​គិត​អំពី​ពរ​ទាំង​នេះ​ជានិច្ច។ ជា​ឧទាហរណ៍ យើង​ម្នាក់ៗ​មាន​កិត្ដិយស​តំណាង​ព្រះ​នាម​យេហូវ៉ា។ (អេសាយ ៤៣:១០) យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់ ហើយ​យើង​អាច​អធិស្ឋាន​ដល់​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»​នៅ​ពេល​ណា​ក៏​បាន។ (ទំនុកដំកើង ៦៥:២; យ៉ាកុប ៤:៨) ជីវិត​របស់​យើង​មាន​គោល​បំណង​ដែល​មាន​ប្រយោជន៍ ដោយសារ​យើង​យល់​អំពី​រឿង​ចំណោទ​ទាក់ទង​នឹង​សិទ្ធិ​គ្រប់គ្រង​សកលលោក ហើយ​យើង​ក៏​ចាំ​ថា​យើង​មាន​ឯកសិទ្ធិ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​នឹង​ព្រះ។ (សុភាសិត ២៧:១១) យើង​អាច​ចូល​រួម​ជា​ទៀងទាត់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ២៤:១៤) ជំនឿ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​មាន​មនសិការ​ជ្រះថ្លា។ (យ៉ូហាន ៣:១៦) យើង​មាន​ពរ​ទាំង​នេះ ទោះ​ជា​ត្រូវ​ស៊ូ​ទ្រាំ​បញ្ហា​អ្វី​ក៏​ដោយ។

១៧​. ទោះ​បើ​យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​ត្អូញត្អែរ ហេតុ​អ្វី​យើង​ត្រូវ​ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា?

១៧ យើង​ត្រូវ​ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា មិន​មែន​ប្រកាន់​តាម​ទស្សនៈ​យើង​ទេ។ ដាវីឌ​បាន​តែង​ទំនុកដំកើង​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ សូម​បង្រៀន​ទូល​បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់»។ (ទំនុកដំកើង ២៥:៤) ប្រសិន​បើ​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​ត្អូញត្អែរ​នោះ ព្រះ​យេហូវ៉ា​ក៏​បាន​កត់​សម្គាល់​ហេតុ​ទាំង​នោះ​ដែរ។ ទ្រង់​អាច​ដោះស្រាយ​បញ្ហា​នោះ​ភ្លាមៗ​បាន។ បើ​ទ្រង់​អាច​ដោះស្រាយ​បាន ហេតុ​អ្វី​ជួន​កាល​ទ្រង់​ឲ្យ​ការ​លំបាក​នោះ​បន្ត​វិញ? ហេតុ​មួយ ប្រហែល​ជា​ទ្រង់​ចង់​ជួយ​ឲ្យ​យើង​បណ្ដុះ​នូវ​គុណសម្បត្ដិ​ដូច​ជា​ចិត្ត​អត់ធ្មត់ ចេះ​ស៊ូ​ទ្រាំ ជំនឿ និង​ចេះ​អត់ធន់។—យ៉ាកុប ១:២​-​៤

១៨, ១៩​. សូម​ឲ្យ​ឧទាហរណ៍​អំពី​លទ្ធផល​ល្អ​ដែល​អាច​មាន បើ​យើង​ស៊ូ​ទ្រាំ​បញ្ហា​បន្ដិច​បន្តួច​ដោយ​មិន​ត្អូញត្អែរ។

១៨ ប្រសិន​បើ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​បន្ដិច​បន្តួច​ដោយ​មិន​ត្អូញត្អែរ នោះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​គុណសម្បត្ដិ​កាន់​តែ​ប្រសើរ​ឡើងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រហែល​មាន​ឥទ្ធិពល​ល្អ​លើ​ចិត្ត​របស់​អ្នក​ដែល​សង្កេត​មើល​យើង​ដែរ។ នៅ​ឆ្នាំ​២០០៣ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មួយ​ក្រុម​បាន​ជិះ​ឡាន​ក្រុង​ពី​ប្រទេស​អាឡឺម៉ង់​ទៅ​ប្រទេស​ហុងគ្រី ដើម្បី​ចូល​រួម​មហា​សន្និបាត។ អ្នក​បើកបរ​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ ហើយ​គាត់​មិន​សូវ​សប្បាយ​ចិត្ត​ដោយ​ត្រូវ​នៅ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អស់​១០​ថ្ងៃ។ ក៏​ប៉ុន្តែ​ពេល​ផុត​១០​ថ្ងៃ​នោះ​ហើយ គាត់​មាន​អារម្មណ៍​ខុស​គ្នា​ឆ្ងាយ។ តើ​ហេតុ​អ្វី?

១៩ ក្នុង​កំលុង​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​នោះ មាន​បញ្ហា​ខ្លះៗ​កើត​ឡើង។ ប៉ុន្តែ​ស្មរបន្ទាល់​ទាំង​នោះ​មិន​បាន​ត្អូញត្អែរ​សោះ​ឡើយ។ អ្នក​បើកបរ​ប្រាប់​ថា ពួក​គេ​ជា​ភ្ញៀវ​ល្អ​បំផុត​ដែល​គាត់​ធ្លាប់​មាន! មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​សន្យា​ថា លើក​ក្រោយ​ពេល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មក​ផ្សព្វផ្សាយ​នៅ​ផ្ទះ​គាត់ គាត់​នឹង​អញ្ជើញ​ពួក​គេ​ចូល ហើយ​នឹង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ស្មរបន្ទាល់​ដែល​ជា​ភ្ញៀវ​នោះ​បាន​មាន​ឥទ្ធិពល​ល្អ​ណាស់​លើ​គាត់! ដោយសារ​តែ​បាន​«ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ»។

ការ​អត់​ឱន​ទោស​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព

២០​. ហេតុ​អ្វី​យើង​គួរ​អត់​ឱន​ទោស​គ្នា?

២០ ចុះ​បើ​យើង​មាន​មូលហេតុ​ត្អូញត្អែរ​អំពី​អ្នក​ជឿ​គ្នីគ្នា​ម្នាក់? បើ​បញ្ហា​នោះ​ធ្ងន់ធ្ងរ យើង​គួរ​អនុវត្ត​គោលការណ៍​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​នៅ​ម៉ាថាយ ១៨:១៥​-​១៧។ ក៏​ប៉ុន្តែ ដោយសារ​បញ្ហា​ភាគ​ច្រើន​ជា​រឿង​មិន​សូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ ធម្មតា​មិន​មែន​ជា​ករណី​ដែល​ត្រូវ​ប្រើ​គោលការណ៍​ក្នុង​ខ​នោះ​ទេ។ អ្នក​អាច​ចាត់​ទុក​បញ្ហា​នោះ​ជា​ឱកាស​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​អត់​ឱន​ទោស។ ប៉ុល​បាន​សរសេរ​ថា «[ចូរ]​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»។ (កូល៉ុស ៣:១៣, ១៤) តើ​យើង​សុខ​ចិត្ត​អត់​ឱន​ទោស​ទេ? ព្រះ​យេហូវ៉ា​មាន​ហេតុ​ត្អូញត្អែរ​អំពី​យើង​ដែរ មែន​ទេ? ក៏​ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត​ទ្រង់​បង្ហាញ​សេចក្ដី​មេត្ដា​ហើយ​អត់​ឱន​ទោស​យើង។

២១​. តើ​ការ​ត្អូញត្អែរ​ប្រហែល​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក​ដែល​ស្ដាប់?

២១ មិន​ថា​យើង​ជួប​នឹង​បញ្ហា​អ្វី​ក៏​ដោយ ការ​ត្អូញត្អែរ​នឹង​មិន​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា «ត្អូញត្អែរ»​ក៏​អាច​មាន​ន័យ​ថា «គ្រហឹម»​ដែរ។ យើង​ទំនង​ជា​មិន​មាន​អារម្មណ៍​ស្រួល​ពេល​ដែល​នៅ​ជា​មួយ​អ្នក​ណា​ដែល​តែង​ត្អូញត្អែរ។ ផ្ទុយ​ទៅ​វិញ​យើង​ខំ​ជៀស​ឆ្ងាយ​ពី​គាត់។ ប្រសិន​បើ​យើង​គ្រហឹម​ឬ​ត្អូញត្អែរ​នោះ អ្នក​ដែល​ស្ដាប់​យើង​ក៏​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ស្រួល ហើយ​ចង់​ជៀស​ឆ្ងាយ​ពី​យើង​ដែរ! បើ​យើង​គ្រហឹម នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កត់​សម្គាល់​យើង ប៉ុន្តែ​ច្បាស់​ជា​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចង់​នៅ​ជា​មួយ​យើង​ទេ។

២២​. តើ​យុវនារី​ម្នាក់​បាន​សរសេរ​អ្វី​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

២២ ការ​អត់​ឱន​ទោស​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព ហើយ​នោះ​ជា​អ្វី​ដែល​មាន​តម្លៃ​ណាស់​ចំពោះ​រាស្ត្រ​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ១៣៣:១​-​៣) នៅ​ប្រទេស​មួយ​នា​ទ្វីប​អឺរ៉ុប យុវនារី​ម្នាក់​អាយុ​១៧​ឆ្នាំ​ដែល​កាន់​សាសនា​កាតូលិក បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ការិយាល័យ​សាខា​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដើម្បី​សរសើរ​ពួក​គាត់។ នាង​បាន​សរសេរ​ថា «នោះ​ជា​អង្គការ​តែ​មួយ​គត់​ខ្ញុំ​ស្គាល់ ដែល​គ្មាន​ការ​បែក​ខ្ញែក​គ្នា​ដោយសារ​ការ​ស្អប់ ចិត្ត​លោភ​លន់ ការ​មិន​ត្រាប្រណី ការ​គិត​តែ​ប្រយោជន៍​ខ្លួន ឬ​ភាព​មិន​ចុះ​សម្រុង​គ្នា»។

២៣​. តើ​អត្ថបទ​បន្ទាប់​នឹង​ពន្យល់​រឿង​អ្វី?

២៣ បើ​យើង​អបអរ​នឹង​ពរ​ទាំង​ឡាយ​ដែល​យើង​ទទួល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត នោះ​នឹង​ជួយ​ឲ្យ​យើង​មាន​សាមគ្គីភាព​និង​ជៀស​ចេញ​ពី​ការ​ត្អូញត្អែរ​អំពី​អ្នក​ជឿ​គ្នីគ្នា។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​របៀប​គុណសម្បត្ដិ​ដែល​ព្រះ​បង្រៀន​ឲ្យ​យើង​មាន នឹង​ជួយ​ឲ្យ​ជៀស​ចេញ​ពី​ការ​ត្អូញត្អែរ​មួយ​យ៉ាង​ដែល​មាន​គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត ពោល​គឺ​ការ​ត្អូញត្អែរ​ទាស់​នឹង​អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​ផែនដី។

តើ​អ្នក​ចាំ​ទេ?

តើ​ការ​ត្អូញត្អែរ​រួម​បញ្ចូល​អ្វី?

តើ​ឧទាហរណ៍​អ្វី​បញ្ជាក់​ពី​ឥទ្ធិពល​អាក្រក់​នៃ​ការ​ត្អូញត្អែរ?

តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​យក​ឈ្នះ​ភាព​ទោរ​ទន់​ទៅ​រក​ការ​ត្អូញត្អែរ?

បើ​យើង​សុខ​ចិត្ត​អត់​ឱន​ទោស តើ​នោះ​អាច​ជួយ​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​ត្អូញត្អែរ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៨]

ជនជាតិ​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​ទាស់​នឹង​ព្រះ​យេហូវ៉ា!

[រូបភាព​នៅ​ទំព័រ​៩]

តើ​អ្នក​ព្យាយាម​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ទេ?

[រូបភាព​នៅ​ទំព័រ​១០]

ការ​អត់​ឱន​ទោស​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត