លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរផ្ដោតអារម្មណ៍លើសេចក្ដីល្អដែលទទួលពីអង្គការរបស់ព្រះយេហូវ៉ា

ចូរផ្ដោតអារម្មណ៍លើសេចក្ដីល្អដែលទទួលពីអង្គការរបស់ព្រះយេហូវ៉ា

ចូរ​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​ល្អ​ដែល​ទទួល​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា

​«យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ​នៃ​ដំណាក់​ទ្រង់»។—ទំនុកដំកើង ៦៥:៤

១, ២​. (ក) តើ​ការ​រៀបចំ​សម្រាប់​ព្រះ​វិហារ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​រាស្ត្រ​ព្រះ? (ខ) តើ​ដាវីឌ​បាន​គាំទ្រ​ការ​កសាង​ព្រះ​វិហារ​នោះ​ដោយ​ដូច​ម្ដេច​ខ្លះ?

ដាវីឌ​នៅ​ស្រុក​អ៊ីស្រាអែល​នា​សម័យ​បុរាណ ជា​បុរស​អស្ចារ្យ​បំផុត​ម្នាក់​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ។ ដាវីឌ​ជា​អ្នក​គង្វាល ត​ន្ត្រី​ករ អ្នក​នាំ​ពាក្យ​របស់​ព្រះ និង​ស្តេច​មួយ​អង្គ​ដែល​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ ដោយសារ​ដាវីឌ​មាន​ភាព​ស្និទ្ធស្នាល​ក្រៃលែង​ជា​មួយ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​មាន​ព្រះទ័យ​ចង់​កសាង​ដំណាក់​មួយ​សម្រាប់​ព្រះ។ ដំណាក់​ឬ​ព្រះ​វិហារ​នេះ ត្រូវ​ជា​កន្លែង​សំខាន់​បំផុត​សម្រាប់​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ស្រុក​អ៊ីស្រាអែល។ ដាវីឌ​ជ្រាប​ថា​ព្រះ​វិហារ​និង​អ្វីៗ​ដែល​ត្រូវ​ធ្វើ​នៅ​ទី​នោះ នឹង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​អំណរ​និង​ពរ​ជា​ច្រើន។ ហេតុ​ដូច្នេះ​ហើយ ដាវីឌ​ច្រៀង​ថា​៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល[ព្រះ​យេហូវ៉ា]រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ​លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ​នៃ​ដំណាក់​ទ្រង់ គឺ​ជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់»។—ទំនុកដំកើង ៦៥:៤

ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​ដាវីឌ​ដឹក​នាំ​ការ​កសាង​ដំណាក់​ទ្រង់​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​រាជបុត្រា​របស់​ដាវីឌ​ដែល​មាន​ព្រះ​នាម​សាឡូម៉ូន បាន​ទទួល​ឯកសិទ្ធិ​ពិសេស​នោះ​វិញ។ ដាវីឌ​មិន​បាន​ត្អូញត្អែរ​ពីព្រោះ​អ្នក​ផ្សេង​ទៀត​បាន​ទទួល​ឯកសិទ្ធិ​ដែល​ទ្រង់​ចង់​បាន​យ៉ាង​ខ្លាំង​នោះ​ទេ។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ដាវីឌ​គឺ​ថា ព្រះ​វិហារ​នោះ​បាន​ត្រូវ​កសាង​ឡើង។ ដាវីឌ​បាន​គាំទ្រ​កិច្ចការ​កសាង​នោះ​អស់​ពី​ចិត្ត ដោយ​ប្រគល់​ប្លង់​ព្រះ​វិហារ​ដែល​ទ្រង់​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ទៅ​សាឡូម៉ូន​វិញ។ ម្យ៉ាង​ទៀត ដាវីឌ​បាន​ចាត់​ចែង​រំលែក​ពួក​លេវី​រាប់​ពាន់​នាក់​ជា​វេន​ផ្សេងៗ​សម្រាប់​បំពេញ​កិច្ចការ​នោះ ហើយ​ក៏​បាន​ប្រគល់​មាស​និង​ប្រាក់​ច្រើន​សន្ធឹក​សម្រាប់​កសាង​ព្រះ​វិហារ។—របាក្សត្រទី១ ១៧:១, ៤, ១១, ១២; ២៣:៣​-​៦; ២៨:១១, ១២; ២៩:១​-​៥

៣​. តើ​អ្នក​បម្រើ​ព្រះ​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​ការ​រៀបចំ​សម្រាប់​ការ​ថ្វាយ​បង្គំ​ពិត?

ជនជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​បាន​គាំទ្រ​ការ​រៀបចំ​សម្រាប់​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ដំណាក់​របស់​ព្រះ។ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ យើង​ក៏​ធ្វើ​ដូច​គ្នា​ដែរ ដោយ​គាំទ្រ​ការ​រៀបចំ​សម្រាប់​ការ​ថ្វាយ​បង្គំ​ពិត​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​ផែនដី។ យ៉ាង​នេះ​យើង​បង្ហាញ​ថា យើង​មាន​ចិត្ត​គំនិត​ដូច​ដាវីឌ​ដែរ។ យើង​មិន​ត្អូញត្អែរ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​សេចក្ដី​ល្អ​ដែល​យើង​ទទួល​ពី​អង្គការ​របស់​ព្រះ។ តើ​អ្នក​ធ្លាប់​គិត​អំពី​សេចក្ដី​ល្អ​ជា​ច្រើន​ដែល​យើង​បាន​ទទួល ជា​ហេតុ​ឲ្យ​ដឹង​គុណ​ឬ​ទេ? សូម​ពិចារណា​ពី​សេចក្ដី​ល្អ​ខ្លះៗ។

ចូរ​ដឹង​គុណ​ចំពោះ​អស់​អ្នក​ដែល​នាំ​មុខ

៤, ៥​. (ក) តើ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​បំពេញ​មុខ​ងារ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ស្មរបន្ទាល់​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អាហារ​ខាង​វិញ្ញាណ​ដែល​ពួក​គាត់​ទទួល?

យើង​មាន​ហេតុ​ជា​ច្រើន ឲ្យ​ដឹង​គុណ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​តែងតាំង​ឲ្យ​ត្រួត​លើ​ទ្រព្យ​ទ្រង់​នៅ​ផែនដី។ ក្រុម​អ្នក​បម្រើ​នោះ​ដែល​ជា​គ្រីស្ទាន​តែងតាំង​ដោយ​វិញ្ញាណ នាំ​មុខ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​រៀបចំ​កិច្ច​ប្រជុំ​សម្រាប់​ថ្វាយ​បង្គំ ថែម​ទាំង​បោះ​ពុម្ព​ព័ត៌មាន​ផ្សេងៗ​អំពី​ព្រះ​គម្ពីរ​ជាង​៤០០​ភាសា។ មនុស្ស​រាប់​លាន​នាក់​ទូទាំង​ផែនដី​មាន​ចិត្ត​កតញ្ញូ​ដោយសារ​ទទួល​‹អាហារ​បរិភោគ›​ខាង​វិញ្ញាណ​«តាម​ត្រូវ​ពេល»។ (ម៉ាថាយ ២៤:៤៥​-​៤៧) ច្បាស់​ជា​គ្មាន​ហេតុ​ឲ្យ​យើង​ត្អូញត្អែរ​អំពី​រឿង​នោះ​ឡើយ។

អស់​ជា​ច្រើន​ឆ្នាំ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​វ័យ​ចាស់​ម្នាក់ ឈ្មោះ អេលហ្វី បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​ជំនួយ​ដោយ​អនុវត្ត​ឱវាទ​ពី​បទ​គម្ពីរ​ដែល​មាន​ក្នុង​សៀវភៅ​ផ្សេងៗ​បោះ​ពុម្ព​ដោយ​ក្រុម​អ្នក​បម្រើ។ ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​បាន​ជំរុញ​ឲ្យ​អេលហ្វី​សរសេរ​ថា «បើ​គ្មាន​អង្គការ​ព្រះ​យេហូវ៉ា ខ្ញុំ​ក៏​គ្មាន​ទីពឹង​ជ្រក»។ បង​ប្រុស​ពេត្រុស​និង​បង​ស្រី​អឺមកាដ​ក៏​បាន​បម្រើ​ព្រះ​យេហូវ៉ា​រាប់​ទសវត្សរ៍​ហើយ​ដែរ។ បង​ស្រី​អឺមកាដ​បាន​បញ្ជាក់​នូវ​ចិត្ត​កតញ្ញូ​របស់​គាត់​ដោយសារ​សំវិធានការ​ដែល​គាត់​ទទួល​ពី​«អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ហើយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់»។ នេះ​រួម​ទាំង​អ្វីៗ​ដែល​ត្រូវ​រៀបចំ​សម្រាប់​បុគ្គល​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ពិសេស ដូច​មនុស្ស​ងងឹត​ភ្នែក​ឬ​មនុស្សគ​ជា​ដើម។

៦, ៧​. (ក) តើ​សកម្មភាព​របស់​ក្រុមជំនុំ​ទូទាំង​ពិភពលោក​ត្រូវ​ដឹក​នាំ​ដោយ​ដូច​ម្ដេច? (ខ) តើ​បងប្អូន​ធ្លាប់​និយាយ​អ្វី​ខ្លះ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្នែក​ផែនដី?

«អ្នក​បំរើ​ស្មោះ​ត្រង់»​ត្រូវ​តំណាង​ដោយ​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ជា​ក្រុម​បុរស​ចាក់​ប្រេង​តាំង​ដែល​បម្រើ​នៅ​មន្ទីរ​ចាត់ការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៅ​ទី​ក្រុង​ប៊្រូគ្លិន រដ្ឋ​ញូវយ៉ក សហរដ្ឋ​អា​ម៉េរិក។ គណៈ​អភិបាល​តែងតាំង​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​បទពិសោធន៍ ដើម្បី​បម្រើ​ក្នុង​ការិយាល័យ​សាខា​ទាំង​ប៉ុន្មាន ដែល​ចាត់​ចែង​សកម្មភាព​ក្នុង​ក្រុមជំនុំ​ជាង​៩៨​.​០០០​ទូទាំង​ពិភពលោក។ បុរស​ដែល​បំពេញ​តម្រូវ​ការ​ក្នុង​ព្រះ​គម្ពីរ ត្រូវ​តែងតាំង​ជា​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុមជំនុំ​ទាំង​នោះ។ (ធីម៉ូថេទី១ ៣:១​-​៩, ១២, ១៣) អ្នក​ចាស់​ទុំ​នាំ​មុខ ហើយ​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់។ ពិត​ជា​ពរ​មួយ​ដ៏​អស្ចារ្យ​មែន! ដែល​យើង​អាច​ចូល​រួម​ជា​សមាជិក​ហ្វូង​នោះ ហើយ​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​ដែល​មាន​ក្នុង​ចំណោម​«បងប្អូន»​ទូទាំង​ពិភពលោក។—ពេត្រុសទី១ ២:១៧; ៥:២, ៣

ជាជាង​ត្អូញត្អែរ បងប្អូន​ជា​ច្រើន​ធ្លាប់​បញ្ជាក់​ថា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្នក​ចាស់​ទុំ ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​ការ​ណែនាំ​អំពី​អ្វី​ខាង​វិញ្ញាណ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ស្រី​ប៊ែរគីត ដែល​ជា​ភរិយា​ស្ថិត​ក្នុង​អាយុ​ខ្ទង់​៣០​ឆ្នាំ។ ពេល​គាត់​នៅ​ក្មេង ប៊ែរគីត​ធ្លាប់​សេពគប់​មិត្តភក្ដិ​មិន​ល្អ ហើយ​គាត់​ជិត​ធ្លាក់​ខ្លួន​ធ្វើ​អំពើ​ខុស​ធ្ងន់។ ប៉ុន្តែ ជំនួយ​ពី​អ្នក​ជឿ​គ្នីគ្នា ហើយ​ឱវាទ​ច្បាស់​លាស់​ពី​អ្នក​ចាស់​ទុំ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ បាន​ជួយ​ឲ្យ​ប៊ែរគីត​ដក​ខ្លួន​ចេញ​ពី​ស្ថានភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់។ តើ​ប៊ែរគីត​មាន​អារម្មណ៍​យ៉ាង​ណា​ឥឡូវ​នេះ? គាត់​ប្រាប់​ថា​៖ «ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ណាស់ ដែល​ខ្ញុំ​នៅ​តែ​ជា​សមាជិក​អង្គការ​ព្រះ​យេហូវ៉ា»។ យុវនារី​ម្នាក់​អាយុ​១៧​ឆ្នាំ​ប្រាប់​ថា​៖ «នេះ​ពិត​ជា​អង្គការ​ព្រះ​យេហូវ៉ា​មែន គឺ​អង្គការ​ល្អ​បំផុត​ក្នុង​ពិភពលោក»។ យើង​ក៏​គួរ​មាន​ចិត្ត​កតញ្ញូ​ដែល​អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​ផែនដី​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ដូច្នេះ​ដែរ មែន​ទេ?

អស់​អ្នក​ដែល​នាំ​មុខ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍

៨, ៩​. តើ​មនុស្ស​ខ្លះ​នៅ​សម័យ​ដាវីឌ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា? តើ​ដាវីឌ​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា?

ពិត​មែន​ថា អ្នក​ដែល​ត្រូវ​តែងតាំង​ឲ្យ​នាំ​មុខ​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត ជា​មនុស្ស​ឥត​គ្រប់​លក្ខណ៍។ ពួក​គាត់​ទាំង​អស់​គ្នា​មាន​កំហុស​ម្ដងម្កាល ហើយ​ខ្លះ​មាន​ចំណុច​ខ្សោយ​ដែល​ពួក​គាត់​កំពុង​តែ​ខំ​ប្រឹង​ព្យាយាម​យក​ឈ្នះ។ តើ​នេះ​ជា​ហេតុ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ឬ​ទេ? មិន​មែន​ទេ! សូម្បី​តែ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ក៏​ដោយ​អ្នក​ដែល​មាន​ភារកិច្ច​ធំ ធ្លាប់​មាន​កំហុស​ធ្ងន់ធ្ងរ​ដែរ។ ជា​ឧទាហរណ៍ ពេល​ដាវីឌ​នៅ​ក្មេង គាត់​ត្រូវ​គេ​សុំ​ឲ្យ​លេង​ភ្លេង​កម្សាន្ត​ព្រះទ័យ​ស្តេច​សូល​ដែល​កំពុង​តែ​លំបាក​ព្រះទ័យ។ ក្រោយ​មក​សូល​ប៉ុនប៉ង​សម្លាប់​ដាវីឌ តែ​ដាវីឌ​គេច​រួច ហើយ​នៅ​ទីបំផុត​ដាវីឌ​ត្រូវ​ភៀស​ខ្លួន។—សាំយូអែលទី១ ១៦:១៤​-​២៣; ១៨:១០​-​១២; ១៩:១៨; ២០:៣២, ៣៣; ២២:១​-​៥

ជនជាតិ​អ៊ីស្រាអែល​ឯ​ទៀត​ធ្លាប់​ប្រព្រឹត្ត​ក្បត់។ ជា​ឧទាហរណ៍ មេ​ទាហាន​របស់​ដាវីឌ​ឈ្មោះ​យ៉ូអាប់ បាន​សម្លាប់​បងប្អូន​របស់​សូល​ឈ្មោះ​អ័ប៊ីនើរ។ អាប់សាឡំម​បាន​សម​គំនិត​ជា​មួយ​អ្នក​ឯ​ទៀត​ដើម្បី​ដណ្ដើម​យក​រាជ្យ​ពី​ដាវីឌ​ជា​ព្រះ​បិតា។ អ័ហ៊ី​ថូ​ផែ​ល​ជា​ទីប្រឹក្សា​ដែល​ដាវីឌ​បាន​ទុក​ចិត្ត​បែរ​ជា​ក្បត់​ទ្រង់​វិញ។ (សាំយូអែលទី២ ៣:២២​-​៣០; ១៥:១​-​១៧, ៣១; ១៦:១៥, ២១) ក៏​ប៉ុន្តែ ដាវីឌ​មិន​មួម៉ៅ​ចិត្ត​ឬ​ត្អូញត្អែរ ក៏​មិន​បាន​បោះបង់​ចោល​ការ​ថ្វាយ​បង្គំ​ពិត​ឡើយ។ តាម​ពិត​ដាវីឌ​ធ្វើ​ផ្ទុយ​ពី​នោះ ដ្បិត​ការ​លំបាក​បាន​នាំ​ឲ្យ​ដាវីឌ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា ហើយ​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ដូច​ពេល​ដែល​ទ្រង់​រត់​ពី​សូល។ នៅ​ពេល​នោះ ដាវីឌ​បាន​ច្រៀង​ថា​៖ «សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ ឱ​ព្រះ​អង្គ​អើយ! សូម​អាណិត​មេត្ដា​ទូល​បង្គំ​ផង ពីព្រោះ​ព្រលឹង​ទូល​បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់ អើ! ទូល​បង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់ ដរាប​ដល់​សេចក្ដី​អន្តរាយ​ទាំង​នេះ​បាន​បាត់​ទៅ»។—ទំនុកដំកើង ៥៧:១

១០, ១១​. តើ​បង​ស្រី​គ្រីស្ទាន​ម្នាក់​ឈ្មោះ​គើទ្រូត​ធ្លាប់​ឆ្លង​កាត់​អ្វី​ពេល​ជា​យុវនារី? តើ​គាត់​បាន​និយាយ​អ្វី​អំពី​កំហុស​របស់​អ្នក​ជឿ​គ្នីគ្នា?

១០ សព្វ​ថ្ងៃ​នេះ គ្មាន​ហេតុ​ឲ្យ​យើង​ត្អូញត្អែរ​ថា​មាន​ការ​ក្បត់​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេហូវ៉ា ទេវតា​របស់​ទ្រង់ និង​អ្នក​គង្វាល​ក្នុង​ក្រុមជំនុំ​មិន​ប្រណី​ឲ្យ​មនុស្ស​ទុច្ចរិត​ដែល​ក្បត់​ជំនឿ​នៅ​ក្រុមជំនុំ​គ្រីស្ទាន​ពិត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ទាំង​អស់​គ្នា​ប្រឈម​មុខ​នឹង​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​ខ្លួន​យើង​ផង​និង​របស់​អ្នក​បម្រើ​គ្នីគ្នា​ផង​ដែរ។

១១ បង​ស្រី​គើទ្រូត​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ហើយ។ ពេល​គាត់​ជា​យុវនារី បង​ស្រី​ធ្លាប់​ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ថា គាត់​គ្រាន់​តែ​ធ្វើ​ពុត​ជា​អ្នក​ផ្សព្វផ្សាយ​ពេញ​ពេល។ តើ​បង​ស្រី​ធ្វើ​ដូច​ម្ដេច? តើ​គាត់​ត្អូញត្អែរ​អំពី​របៀប​ពួក​គេ​ប្រព្រឹត្ត​មក​លើ​គាត់​ទេ? មិន​ត្អូញត្អែរ​ទេ។ មិន​យូរ​មុន​ពេល​ដែល​គាត់​ស្លាប់​នៅ​ឆ្នាំ​២០០៣ ក្នុង​អាយុ​៩១​ឆ្នាំ​នោះ បង​ស្រី​គើទ្រូត​បាន​គិត​អំពី​ជីវិត​របស់​គាត់​ហើយ​ពន្យល់​ថា​៖ «បទពិសោធន៍​នេះ​និង​បទពិសោធន៍​ឯ​ទៀត​បាន​បង្រៀន​ខ្ញុំ​ថា ទោះ​ជា​មនុស្ស​ភ្លាត់​ធ្វើ​ខុស គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​ដឹក​នាំ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ហើយ​ក្នុង​នោះ​ទ្រង់​ប្រើ​មនុស្ស​ឥត​គ្រប់​លក្ខណ៍»។ នៅ​ពេល​បង​ស្រី​បាន​ប្រឈម​មុខ​នឹង​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ នោះ​គាត់​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។

១២​. (ក) តើ​គ្រីស្ទាន​ខ្លះ​នៅ​សតវត្សរ៍​ទី​មួយ​បាន​ទុក​គំរូ​អាក្រក់​អ្វី? (ខ) តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី?

១២ សូម្បី​តែ​បងប្អូន​គ្រីស្ទាន​ស្មោះ​ត្រង់​បំផុត ក៏​ជា​មនុស្ស​ឥត​គ្រប់​លក្ខណ៍​ដែរ។ ដូច្នេះ​ពេល​បុរស​តែងតាំង​ធ្វើ​ខុស ចូរ​យើង​បន្ត​«ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ»។ (ភីលីព ២:១៤) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់! ប្រសិន​បើ​យើង​ធ្វើ​តាម​គំរូ​មិន​ល្អ​របស់​បងប្អូន​គ្រីស្ទាន​ខ្លះៗ​ក្នុង​ក្រុមជំនុំ​នៅ​សតវត្សរ៍​ទី​មួយ។ យោង​ទៅ​តាម​យូដាស​ដែល​ជា​សិស្ស​ព្រះ​យេស៊ូ ពួក​គេ​«មើលងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង»។ ម្យ៉ាង​ទៀត អ្នក​ធ្វើ​ខុស​ទាំង​នោះ​ជា​«ពួក​ដែល​ចេះ​តែ​រទូរទាំ ហើយ​ត្អូញត្អែរ»។ (យូដាស ៨, ១៦) ចូរ​ឲ្យ​យើង​ជៀស​ចេញ​ពី​វិថី​ជីវិត​របស់​អ្នក​ត្អូញត្អែរ​ទាំង​នោះ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ល្អ​ដែល​យើង​ទទួល​តាម​រយៈ​«អ្នក​បំរើ​ស្មោះ​ត្រង់»។ ចូរ​ឲ្យ​យើង​អបអរ​នឹង​លក្ខណៈ​ល្អ​នៃ​អង្គការ​ព្រះ​យេហូវ៉ា ហើយ​«ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ»។

«ពាក្យ​នេះ​ពិបាក​ស្ដាប់​ណាស់»

១៣​. តើ​អ្នក​ខ្លះ​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​បង្រៀន​ខ្លះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច?

១៣ នៅ​សតវត្សរ៍​ទី​មួយ មនុស្ស​ខ្លះ​បាន​ត្អូញត្អែរ​អំពី​បងប្អូន​ដែល​បាន​ត្រូវ​តែងតាំង រីឯ​អ្នក​ឯ​ទៀត​បាន​ត្អូញត្អែរ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ដូច​បាន​កត់​នៅ​យ៉ូហាន ៦:៤៨​-​៦៩ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​បរិភោគ​សាច់​នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។ ពេល​ដែល​ឮ​សេចក្ដី​ទាំង​នោះ​«ពួក​សិស្ស​ទ្រង់​ជា​ច្រើន . . . ក៏​និយាយ​ថា​៖ ‹ពាក្យ​នេះ​ពិបាក​ស្ដាប់​ណាស់ តើ​អ្នក​ណា​យល់​បាន?›»។ ព្រះ​យេស៊ូ​ជ្រាប​ថា​«ពួក​សិស្ស​រទូរទាំ​ពី​សេចក្ដី​នោះ»។ ម្យ៉ាង​វិញ​ទៀត «តាំង​ពី​នោះ​មក[ពួក​គេ]​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ»។ ប៉ុន្តែ​មិន​មែន​សិស្ស​ទាំង​អស់​បាន​ត្អូញត្អែរ​ទេ។ សូម​កត់​សម្គាល់​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ព្រះ​យេស៊ូ​សួរ​សាវ័ក​១២​នាក់​ថា​៖ «អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?»។ សាវ័ក​ពេត្រុស​ទូល​ឆ្លើយ​ថា​៖ «ព្រះ​អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច។ យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ពិត»។

១៤, ១៥​. (ក) ហេតុ​អ្វី​បងប្អូន​ខ្លះ​បែរ​ជា​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​បង្រៀន​ខ្លះៗ? (ខ) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ករណី​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​អេម៉ាញូអែល?

១៤ នៅ​សម័យ​នេះ បងប្អូន​មួយ​ចំនួន​តូច​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​បាន​បែរ​ជា​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​បង្រៀន​ណា​មួយ​របស់​គ្រីស្ទាន​ពិត ហើយ​បាន​ត្អូញត្អែរ​ទាស់​ប្រឆាំង​អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​ផែនដី។ ហេតុ​អ្វី​នេះ​កើត​ឡើង? ការ​ត្អូញត្អែរ​នេះ​ច្រើន​តែ​ផ្ដើម​ចេញ​ពី​ការ​មិន​យល់​មិន​ដឹង​អំពី​របៀប​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​ទ្រង់។ ព្រះ​ដ៏​ជា​អ្នក​បង្កើត​បើក​សម្ដែង​សេចក្ដី​ពិត​ឲ្យ​រាស្ត្រ​ទ្រង់​យល់​បន្ដិច​ម្ដងៗ។ ហេតុ​នេះ ម្ដងម្កាល​ការ​យល់​ដឹង​របស់​យើង​អំពី​បទ​គម្ពីរ​នឹង​ត្រូវ​កែ​តម្រូវ។ រាស្ត្រ​ភាគ​ច្រើន​របស់​ព្រះ​យេហូវ៉ា សប្បាយ​ចិត្ត​ដែល​មាន​ការ​កែ​តម្រូវ​បែប​នេះ។ បងប្អូន​ខ្លះ​ទៅ​ជា​«មនុស្ស​សុចរិត​ហួស​ល្បត់» ហើយ​នឹក​មួម៉ៅ​ចិត្ត​វិញ។ (សាស្ដា ៧:១៦) ប្រហែល​ជា​នេះ​ជាប់​ទាក់ទង​នឹង​អំណួត។ ចំណែក​បងប្អូន​ខ្លះ​ទៀត ពួក​គេ​ចាប់​ផ្ដើម​ពឹងពាក់​ទៅ​លើ​គំនិត​ខ្លួន​ឯង​វិញ។ ទោះ​ជា​មក​ពី​មូលហេតុ​អ្វី​ក៏​ដោយ ការ​ត្អូញត្អែរ​បែប​នេះ​បង្ក​គ្រោះថ្នាក់ ដោយ​ព្រោះ​នោះ​អាច​នាំ​ឲ្យ​យើង​ចូល​ទៅ​ក្នុង​លោកិយ​ម្ដង​ទៀត។

១៥ ជា​ឧទាហរណ៍ បង​ប្រុស​អេម៉ាញូអែល​ធ្លាប់​ជា​ស្មរបន្ទាល់​ម្នាក់​ដែល​រិះគន់​ខ្លះៗ​អំពី​អ្វី​ដែល​គាត់​អាន​ក្នុង​សៀវភៅ​ផ្សេងៗ​ពី​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥) គាត់​ឈប់​អាន​សៀវភៅ​របស់​អង្គការ​ព្រះ​យេហូវ៉ា ហើយ​នៅ​ទីបំផុត​ប្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ថា គាត់​មិន​ចង់​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទៀត​ឡើយ។ ក៏​ប៉ុន្តែ​មិន​យូរ​ក្រោយ​នោះ អេម៉ាញូអែល​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា សេចក្ដី​បង្រៀន​របស់​អង្គការ​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ។ គាត់​បាន​ទាក់ទង​ពួក​ស្មរបន្ទាល់ សារភាព​កំហុស​ខ្លួន រួច​មក​បាន​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ជា​លទ្ធផល គាត់​បាន​សប្បាយ​ចិត្ត​ឡើង​វិញ។

១៦​. តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​បំបាត់​នូវ​ការ​សង្ស័យ​អំពី​សេចក្ដី​បង្រៀន​ខ្លះ​របស់​គ្រីស្ទាន​ពិត?

១៦ ចុះ​បើ​យើង​មាន​ចិត្ត​ចង់​ត្អូញត្អែរ​ដោយសារ​យើង​សង្ស័យ​ទៅ​លើ​សេចក្ដី​បង្រៀន​ខ្លះៗ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា? បើ​ដូច្នេះ ចូរ​មាន​ចិត្ត​អត់ធ្មត់។ «អ្នក​បំរើ​ស្មោះ​ត្រង់»​ប្រហែល​ជា​នឹង​បោះ​ពុម្ព​ព័ត៌មាន​ដែល​ជួយ​ឆ្លើយ​សំណួរ​របស់​យើង ហើយ​ជួយ​បំបាត់​នូវ​ការ​សង្ស័យ។ យក​ល្អ​យើង​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។ (យូដាស ២២, ២៣) ការ​អធិស្ឋាន ការ​សិក្សា​ដោយ​ខ្លួន​ឯង និង​ការ​សេពគប់​ជា​មួយ​បងប្អូន​ដែល​ខំ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​ព្រះ ក៏​អាច​ជួយ​ឲ្យ​យើង​បំបាត់​នូវ​ការ​សង្ស័យ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​អបអរ​ច្រើន​ជាង​ចំពោះ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ដែល​ពង្រឹង​ជំនឿ ដែល​យើង​បាន​រៀន​តាម​ខ្សែ​រយៈ​របស់​ព្រះ​យេហូវ៉ា។

ចូរ​ផ្ដោត​អារម្មណ៍​លើ​លក្ខណៈ​ល្អ​ជានិច្ច

១៧, ១៨​. ជាជាង​ត្អូញត្អែរ តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា? តើ​ហេតុ​អ្វី?

១៧ ពិត​មែន​ថា មនុស្ស​ឥត​គ្រប់​លក្ខណ៍​មាន​ភាព​ទន់​ទោរ​ទៅ​រក​អំពើ​បាប ហើយ​មនុស្ស​ខ្លះ​មាន​ភាព​ទន់​ទោរ​យ៉ាង​ខ្លាំង​ទៅ​រក​ការ​ត្អូញត្អែរ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។ (លោកុប្បត្តិ ៨:២១; រ៉ូម ៥:១២) ប៉ុន្តែ​ប្រសិន​បើ​យើង​ទៅ​ជា​មនុស្ស​ដែល​មាន​ទម្លាប់​ត្អូញត្អែរ យើង​អាច​បាត់បង់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ យើង​ត្រូវ​ចេះ​ទប់​ចិត្ត​ពេល​មាន​ចិត្ត​ចង់​ត្អូញត្អែរ។

១៨ ជាជាង​ត្អូញត្អែរ​អំពី​អ្វីៗ​ក្នុង​ក្រុមជំនុំ យក​ល្អ​យើង​ផ្ដោត​អារម្មណ៍​លើ​លក្ខណៈ​ល្អ​វិញ ហើយ​រៀបចំ​កាលវិភាគ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ជាប់​រវល់​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ ថែម​ទាំង​មាន​អំណរ គោរព​កោត​ខ្លាច​ព្រះ មាន​តុល្យភាព និង​មាន​ជំនឿ​រឹង​មាំ។ (កូរិនថូសទី១ ១៥:៥៨; ទីតុស ២:១​-​៥) ព្រះ​យេហូវ៉ា​កំពុង​តែ​គ្រប់គ្រង​អ្វី​ទាំង​អស់​ក្នុង​អង្គការ​របស់​ទ្រង់ ហើយ​ព្រះ​យេស៊ូ​ជ្រាប​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​ក្រុមជំនុំ​នីមួយៗ ដូច​ទ្រង់​ជ្រាប​អំពី​ក្រុមជំនុំ​នីមួយៗ​នៅ​សតវត្សរ៍​ទី​មួយ​ដែរ។ (វិវរណៈ ១:១០, ១១) ចូរ​មាន​ចិត្ត​អត់ធ្មត់​ហើយ​រង់ចាំ​ព្រះ​និង​ព្រះ​គ្រីស្ទ​ដែល​ជា​សិរសា​ឬ​អ្នក​នាំ​មុខ​ក្រុមជំនុំ។ ប្រហែល​ជា​បង​ប្រុសៗ​ជា​អ្នក​គង្វាល​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ នឹង​ត្រូវ​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​ណា​មួយ។—ទំនុកដំកើង ៤៣:៥; កូល៉ុស ១:១៨; ទីតុស ១:៥

១៩​. ទំរាំ​ដល់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​លើ​អ្វី?

១៩ មិន​យូរ​ទៀត របប​លោកិយ​អាក្រក់​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ព្រះ​រាជាណាចក្រ​របស់​មេស្ស៊ី​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល។ ទំរាំ​ពេល​នោះ​មក​ដល់ ជា​ការ​សំខាន់​ណាស់! ដែល​យើង​ម្នាក់ៗ​ផ្ដោត​អារម្មណ៍​លើ​លក្ខណៈ​ល្អ​នៃ​អង្គការ​ព្រះ។ នេះ​នឹង​ជួយ​ឲ្យ​យើង​ទទួល​ស្គាល់​នូវ​លក្ខណៈ​ល្អ​នៃ​អ្នក​ជឿ​គ្នីគ្នា ជាជាង​ប្រមូល​អារម្មណ៍​លើ​កំហុស​របស់​ពួក​គេ។ ការ​ប្រមូល​អារម្មណ៍​លើ​លក្ខណៈ​ល្អ​នៃ​បងប្អូន​យើង​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ។ ជាជាង​អស់​កម្លាំង​ចិត្ត​ដោយសារ​ការ​ត្អូញត្អែរ យើង​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​កម្លាំង​ខាង​វិញ្ញាណ។

២០​. បើ​យើង​ផ្ដោត​អារម្មណ៍​លើ​លក្ខណៈ​ល្អ​ជានិច្ច តើ​យើង​ទទួល​ពរ​អ្វី?

២០ បើ​យើង​ផ្ដោត​អារម្មណ៍​លើ​លក្ខណៈ​ល្អ​ជានិច្ច នោះ​នឹង​ជួយ​ឲ្យ​យើង​នឹក​ចាំ​ពី​ពរ​ជា​ច្រើន​ដែល​យើង​មាន​ដោយសារ​ចូល​រួម​ជា​មួយ​អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​ផែនដី។ នេះ​ជា​អង្គការ​តែ​មួយ​គត់​លើ​ពិភពលោក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​មហាក្សត្រ​សកលលោក។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ចំណុច​នោះ និង​ឯកសិទ្ធិ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ​អង្គ? ចូរ​មាន​ទស្សនៈ​ដូច​ដាវីឌ​ដែល​ច្រៀង​ថា​៖ «ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់ មាន​ពរ​ហើយ! អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ​លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ​នៃ​ដំណាក់​ទ្រង់»។—ទំនុកដំកើង ៦៥:២, ៤

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​បងប្អូន​ដែល​នាំ​មុខ​ក្នុង​ក្រុមជំនុំ?

តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា​ពេល​បងប្អូន​ដែល​ទទួល​ខុស​ត្រូវ​មាន​កំហុស?

ពេល​ដែល​ការ​យល់​ដឹង​របស់​យើង​អំពី​បទ​គម្ពីរ​ត្រូវ​កែ​តម្រូវ​នោះ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា?

តើ​អ្វី​អាច​ជួយ​ឲ្យ​គ្រីស្ទាន​ពិត​ម្នាក់​បំបាត់​ការ​សង្ស័យ​អំពី​សេចក្ដី​បង្រៀន​ខ្លះ​របស់​គ្រីស្ទាន​ពិត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៤]

ដាវីឌ​បាន​ប្រទាន​ប្លង់​ព្រះ​វិហារ​ដល់​សាឡូម៉ូន ហើយ​បាន​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត​អស់​ពី​ព្រះទ័យ

[រូបភាព​នៅ​ទំព័រ​១៧]

អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត សប្បាយ​ចិត្ត​ជួយ​យើង​ខាង​វិញ្ញាណ