លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានប្រាជ្ញាឡើង ដោយកោតខ្លាចព្រះ!

ចូរមានប្រាជ្ញាឡើង ដោយកោតខ្លាចព្រះ!

ចូរ​មាន​ប្រាជ្ញា​ឡើង ដោយ​កោត​ខ្លាច​ព្រះ!

​«សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា»។—សុភាសិត ៩:១០

១​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ពិបាក​យល់​អត្ថន័យ​នៃ​ការ​កោត​ខ្លាច​ព្រះ?

ពី​មុន​បើ​និយាយ​ថា​មនុស្ស​ម្នាក់​ជា​អ្នក​កោត​ខ្លាច​ព្រះ នោះ​ចាត់​ទុក​ជា​ការ​សរសើរ​គាត់។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ការ​កោត​ខ្លាច​ព្រះ​ជា​អ្វី​ដែល​ហួស​សម័យ​ហើយ​មាន​អត្ថន័យ​ពិបាក​យល់។ ពួក​គេ​ប្រហែល​ជា​សួរ​ថា ‹ប្រសិន​បើ​ព្រះ​ជា​សេចក្ដី​ស្រឡាញ់ ហេតុ​អ្វី​យើង​ចាំបាច់​ខ្លាច​ទ្រង់?›។ ចំពោះ​ពួក​គេ ការ​កោត​ខ្លាច​ជា​អារម្មណ៍​មិន​ល្អ​មួយ ដែល​ធ្វើ​ឲ្យ​រន្ធត់។ ក៏​ប៉ុន្តែ ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង​នេះ ហើយ​យើង​នឹង​រៀន​ថា​នោះ​មិន​ត្រឹម​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ។

២, ៣​. តើ​ការ​កោត​ខ្លាច​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ក្នុង​ព្រះ​គម្ពីរ​ការ​កោត​ខ្លាច​ព្រះ​ជា​លក្ខណៈ​ល្អ​មួយ។ (អេសាយ ១១:៣, ខ.ស.) ការ​កោត​ខ្លាច​ព្រះ​ជា​ការ​គោរព​ទ្រង់​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ក៏​ជា​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ឲ្យ​ជៀស​ចេញ​ពី​អ្វី​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ។ (ទំនុកដំកើង ១១៥:១១) នោះ​ក៏​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​និង​ការ​កាន់​តាម​យ៉ាង​ម៉ឺងម៉ាត់​នូវ​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​ទ្រង់​ចាត់​ទុក​ថា​ល្អ​ហើយ​ជៀស​វាង​អ្វី​ដែល​ទ្រង់​ចាត់​ទុក​ថា​អាក្រក់។ ឯកសារ​យោង​មួយ​ពន្យល់​ថា​ការ​កោត​ខ្លាច​បែប​នេះ​ជា​«ចិត្ត​គំនិត​មួយ​ចំពោះ​ព្រះ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ដោយ​មាន​ប្រាជ្ញា ហើយ​ជៀស​ចេញ​ពី​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង»។ ដូច្នេះ​គឺ​សមរម្យ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ប្រាប់​យើង​ថា «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា»។—សុភាសិត ៩:១០

ការ​កោត​ខ្លាច​ព្រះ​ជាប់​ទាក់ទង​នឹង​អ្វី​ជា​ច្រើន។ ការ​កោត​ខ្លាច​ព្រះ​មិន​ត្រឹម​តែ​ទាក់ទង​នឹង​ប្រាជ្ញា​ប៉ុណ្ណោះ​ទេ តែ​ក៏​ទាក់ទង​នឹង​អំណរ សេចក្ដី​សុខសាន្ត ភាព​សម្បូរ​សប្បាយ សេចក្ដី​សង្ឃឹម និង​ទំនុក​ចិត្ត។ (ទំនុកដំកើង ២:១១; សុភាសិត ១:៧; ១០:​២៧; ១៤:២៦; ២២:៤; ២៣:១៧, ១៨; កិច្ចការ ៩:​៣១) ការ​កោត​ខ្លាច​ព្រះ​ក៏​ជាប់​ទាក់ទង​នឹង​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ដែរ។ ការ​ពិត ការ​កោត​ខ្លាច​ព្រះ​រួម​បញ្ចូល​អ្វី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​និង​មនុស្ស​ឯ​ទៀត។ (ចោទិយកថា ១០:១២; យ៉ូប ៦:១៤; ហេព្រើរ ១១:៧) ការ​កោត​ខ្លាច​ព្រះ​រួម​បញ្ចូល​ជំនឿ​ជឿជាក់​របស់​យើង​ថា ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​ស្រឡាញ់​រូប​យើង​ផ្ទាល់ ហើយ​បម្រុង​តែ​នឹង​អត់​ឱន​ទោស​បាប​របស់​យើង។ (ទំនុកដំកើង ១៣០:៤) មាន​តែ​មនុស្ស​ទុច្ចរិត​មិន​ព្រម​ប្រែ​ចិត្ត ដែល​មាន​ហេតុ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ។—ហេព្រើរ ១០:២៦​-​៣១

ចូរ​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា

៤​. តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​«ចេះ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»?

យើង​ត្រូវ​តែ​កោត​ខ្លាច​ព្រះ ទើប​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​និង​ទទួល​ពរ​ពី​ទ្រង់។ បើ​ដូច្នេះ តើ​យើង​អាច​រៀន​ឲ្យ​«ចេះ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ដូច​ម្ដេច? (ចោទិយកថា ១៧:១៩) គំរូ​ជា​ច្រើន​របស់​បុរស​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​មាន​ក្នុង​ព្រះ​គម្ពីរ «សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»។ (រ៉ូម ១៥:៤) ដើម្បី​ជួយ​ឲ្យ​យើង​យល់​យ៉ាង​ច្បាស់​ថា​ការ​កោត​ខ្លាច​ព្រះ​រួម​បញ្ចូល​អ្វី យើង​នឹង​ពិចារណា​អំពី​ជីវិត​របស់​ស្តេច​ដាវីឌ​នៅ​អ៊ីស្រាអែល​នា​សម័យ​បុរាណ។

៥​. តើ​ការ​ឃ្វាល​ហ្វូង​ចៀម​នៅ​ឯ​វាល​បាន​ជួយ​ដាវីឌ​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ឈប់​ទទួល​ស្គាល់​សូល​ដែល​ជា​ស្តេច​ដំបូង​នៃ​សាសន៍​អ៊ីស្រាអែល ដោយ​ព្រោះ​សូល​មិន​បាន​កោត​ខ្លាច​ព្រះ​ទេ តែ​បាន​ខ្លាច​មនុស្ស​វិញ។ (សាំយូអែលទី១ ១៥:២៤​-​២៦) ផ្ទុយ​ទៅ​វិញ ខ្សែ​ជីវិត​របស់​ដាវីឌ ហើយ​ភាព​ស្និទ្ធស្នាល​របស់​ដាវីឌ​ជា​មួយ​ព្រះ​យេហូវ៉ា បញ្ជាក់​ថា​ដាវីឌ​ពិត​ជា​កោត​ខ្លាច​ព្រះ​មែន។ ពេល​ដាវីឌ​នៅ​ក្មេង​នៅ​ឡើយ គាត់​ច្រើន​តែ​នៅ​ឯ​វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក​គាត់។ (សាំយូអែលទី១ ១៦:១១) ជា​ច្រើន​ដង​នៅ​ពេល​យប់ ដាវីឌ​នៅ​ឯ​វាល​តាម​រក្សា​មើល​ហ្វូង​ចៀម​នៅ​ក្រោម​ផ្ទៃ​មេឃ​ពេញ​ដោយ​ផ្កាយ​ព្រោងព្រាត។ នោះ​ច្បាស់​ជា​បាន​ជួយ​ឲ្យ​ដាវីឌ​យល់​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ ទោះ​ជា​ដាវីឌ​យល់​តែ​បន្ដិច​អំពី​ភាព​ធំធេង​នៃ​សកលលោក​ក៏​ពិត​មែន តែ​គាត់​បាន​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ថា យើង​គួរ​គោរព​និង​កោត​ស្ងើច​ចំពោះ​ព្រះ។ ក្រោយ​មក​ដាវីឌ​បាន​សរសេរ​ថា «កាល​ណា​ទូល​បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ នឹង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?»។—ទំនុកដំកើង ៨:៣, ៤

៦​. តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ពិចារណា​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា?

គឺ​ត្រឹម​ត្រូវ​ណាស់​ដែល​ដាវីឌ​បាន​កោត​ស្ងើច ពេល​ប្រៀបធៀប​ភាព​តូច​របស់​ខ្លួន​ទៅ​នឹង​ទំហំ​ធំធេង​នៃ​ផ្ទៃ​មេឃ។ ជាជាង​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច នោះ​បាន​ជំរុញ​ឲ្យ​ដាវីឌ​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ «ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ»។ (ទំនុកដំកើង ១៩:១) ការ​គោរព​ចំពោះ​ព្រះ​បាន​ធ្វើ​ឲ្យ​ដាវីឌ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​គាត់​ចង់​រៀន​និង​ដើរ​ក្នុង​ផ្លូវ​ដ៏​គ្រប់​លក្ខណ៍​របស់​ទ្រង់។ សូម​គិត​អំពី​អារម្មណ៍​របស់​ដាវីឌ​ពេល​គាត់​ច្រៀង​ថា​៖ «ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ សូម​បំព្រួម​ចិត្ត​ទូល​បង្គំ​មក​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់»។—ទំនុកដំកើង ៨៦:​១០, ១១

៧​. តើ​ការ​កោត​ខ្លាច​ព្រះ​បាន​ជួយ​ឲ្យ​ដាវីឌ​សម្លាប់​កូលីយ៉ាត​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​សាសន៍​ភីលីស្ទីន​បាន​រុក​រាន​ស្រុក​អ៊ីស្រាអែល បុរស​ខ្លាំង​ពូកែ​បំផុត​របស់​ពួក​គេ​ឈ្មោះ​កូលីយ៉ាត​ដែល​មាន​កម្ពស់​ប្រមាណ​បី​ម៉ែត្រ បាន​និយាយ​ចំអក​ឲ្យ​សាសន៍​អ៊ីស្រាអែល​ថា​៖ ‹ចូរ​រើស​បុរស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល! បើ​វា​អាច​ឈ្នះ​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង›។ (សាំយូអែលទី១ ១៧:៤​-​១០) សូល​និង​កងទ័ព​ទាំង​មូល​របស់​ទ្រង់​ក៏​ភ័យ​ខ្លាច​ណាស់ តែ​ដាវីឌ​មិន​ខ្លាច​ទេ។ ដាវីឌ​ដឹង​ថា​គាត់​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា មិន​មែន​មនុស្ស​ណា​ម្នាក់​ឡើយ ទោះ​ជា​អ្នក​នោះ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក៏​ដោយ។ ដាវីឌ​ប្រាប់​កូលីយ៉ាត​ថា​៖ «អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ . . . ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ បាន​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយសារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​វិញ»។ ដោយ​ប្រើ​តែ​ខ្សែ​ដង្ហក់ ដុំថ្ម​មួយ និង​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដាវីឌ​បាន​សម្លាប់​បុរស​មាឌ​ធំ​សម្បើម​នោះ។—សាំយូអែលទី១ ១៧:៤៥​-​៤៧

៨​. តើ​គំរូ​របស់​អ្នក​កោត​ខ្លាច​ព្រះ​បង្រៀន​យើង​អ្វី​ខ្លះ?

ប្រហែល​ជា​យើង​កំពុង​តែ​ប្រឈម​មុខ​ឧបសគ្គ​ឬ​សត្រូវ​ណា​មួយ​ដែល​គួរ​ឲ្យ​ខ្លាច ដូច​សត្រូវ​ដែល​ដាវីឌ​បាន​ប្រឈម​មុខ​ដែរ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា? យើង​អាច​កោត​ខ្លាច​ព្រះ​ដូច​ដាវីឌ​និង​មនុស្ស​ស្មោះ​ត្រង់​ឯ​ទៀត​នៅ​សម័យ​បុរាណ​ដែរ។ ការ​កោត​ខ្លាច​ព្រះ​អាច​ឈ្នះ​ការ​ខ្លាច​មនុស្ស។ ពេល​មាន​អ្នក​ប្រឆាំង​បៀតបៀន នោះ​អ្នក​បម្រើ​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះ​ឈ្មោះ​នេហេមា​បាន​ដាស់​តឿន​សាសន៍​អ៊ីស្រាអែល​គ្នីគ្នា​ថា​៖ «កុំ​ឲ្យ​ខ្លាច​គេ​ឡើយ! ចូរ​នឹក​រឭក​ដល់​ព្រះ​អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​វិញ»។ (នេហេមា ៤:១៤) ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា ដាវីឌ នេហេមា និង​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​បាន​បំពេញ​កិច្ចការ​ដែល​ទ្រង់​ប្រទាន។ បើ​យើង​កោត​ខ្លាច​ព្រះ យើង​ក៏​អាច​ទទួល​ជោគជ័យ​ដូច​ពួក​គាត់​ដែរ។

របៀប​ប្រឈម​មុខ​បញ្ហា​ដោយ​កោត​ខ្លាច​ព្រះ

៩​. តើ​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ដែល​ដាវីឌ​បង្ហាញ​ថា​គាត់​កោត​ខ្លាច​ព្រះ?

ក្រោយ​ដាវីឌ​បាន​សម្លាប់​កូលីយ៉ាត ព្រះ​យេហូវ៉ា​បាន​ប្រទាន​ជ័យ​ជម្នះ​ជា​ច្រើន​ថែម​ទៀត​ដល់​គាត់។ ក៏​ប៉ុន្តែ​សូល​បាន​ច្រណែន​ដាវីឌ ហើយ​ប៉ុនប៉ង​សម្លាប់​គាត់។ លើក​ទី​មួយ​ខំ​សម្លាប់​ក្រោយ​ទ្រង់​ផ្ទុះ​កំហឹង លើក​ទីពីរ​ខំ​សម្លាប់​ដោយ​ប្រើ​ល្បិច ហើយ​លើក​ទី​បី​ដោយ​ចាត់​ទាហាន​ទៅ​ចាប់។ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ថា គាត់​នឹង​ទៅ​ជា​ស្តេច​ក៏​ពិត​មែន ក៏​អស់​ជា​ច្រើន​ឆ្នាំ​ដាវីឌ​ត្រូវ​ភៀស​ខ្លួន តយុទ្ធ និង​រង់ចាំ​រហូត​ដល់​ពេល​កំណត់​ដែល​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​គាត់​ឡើង​សោយ​រាជ្យ។ ក្នុង​កំលុង​នោះ ដាវីឌ​បង្ហាញ​ថា​គាត់​ពិត​ជា​កោត​ខ្លាច​ព្រះ​ពិត។—សាំយូអែលទី១ ១៨:៩, ១១, ១៧; ២៤:២

១០​. តើ​ដាវីឌ​បាន​បង្ហាញ​ដោយ​ដូច​ម្ដេច​ថា គាត់​កោត​ខ្លាច​ព្រះ​នៅ​ចំពោះ​មុខ​គ្រោះថ្នាក់?

១០ នៅ​គ្រា​មួយ ដាវីឌ​ត្រូវ​ជ្រកកោន​នៅ​ទី​ក្រុង​កាថ​នា​ស្រុក​សាសន៍​ភីលីស្ទីន ដែល​គ្រប់គ្រង​ដោយ​ស្តេច​អ័គីស ហើយ​ជា​ស្រុក​កំណើត​របស់​កូលីយ៉ាត។ (សាំយូអែលទី១ ២១:១០​-​១៥) អ្នក​បម្រើ​របស់​ស្តេច​បាន​ចោទ​ប្រកាន់​ដាវីឌ​ថា គាត់​ជា​សត្រូវ​នៃ​សាសន៍​ភីលីស្ទីន។ តើ​ដាវីឌ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ក្នុង​កាលៈទេសៈ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នោះ? គាត់​បាន​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ (ទំនុកដំកើង ៥៦:១​-​៤, ១១​-​១៣) ទោះ​ជា​ដាវីឌ​ត្រូវ​ធ្វើ​ពុត​ជា​មនុស្ស​គ្មាន​សតិ​នឹងនរ​ក៏​ពិត​មែន គាត់​ដឹង​ថា តាម​ពិត គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​បាន​ប្រោស​គាត់​ឲ្យ​រួច ដោយ​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​គាត់។ ដោយសារ​ដាវីឌ​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​និង​ជឿជាក់​លើ​ទ្រង់ នោះ​បង្ហាញ​ថា​ដាវីឌ​ពិត​ជា​កោត​ខ្លាច​ព្រះ​មែន។—ទំនុកដំកើង ៣៤:៤​-​៦, ៩​-​១១

១១​. នៅ​ចំពោះ​មុខ​ទុក្ខ​លំបាក តើ​យើង​អាច​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ​ដូច​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១១ ដូច​ដាវីឌ​ដែរ យើង​អាច​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ ដោយ​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​ថា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​ស៊ូ​ទ្រាំ​បញ្ហា​របស់​យើង។ ដាវីឌ​បាន​ពោល​ថា​៖ «ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ​យេហូវ៉ា​ចុះ! ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំ​រេ​ច»។ (ទំនុកដំកើង ៣៧:៥) នេះ​មិន​មាន​ន័យ​ថា​យើង​គ្រាន់​តែ​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​បញ្ហា​របស់​យើង រួច​មិន​ធ្វើ​អ្វី​តាម​សមត្ថភាព​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សង្ឃឹម​ថា​ទ្រង់​នឹង​រៀប​ផ្លូវ​ឲ្យ​យើង​ជា​ស្រេច​នោះ​ទេ។ ដាវីឌ​មិន​ត្រឹម​តែ​អធិស្ឋាន​សុំ​ជំនួយ​រួច​មិន​ធ្វើ​អ្វី​ទៀត​នោះ​ទេ។ គាត់​ប្រើ​សមត្ថភាព​គិតគូរ​និង​កម្លាំង​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន ដើម្បី​ខំ​ដោះស្រាយ​បញ្ហា​នោះ។ ក៏​ប៉ុន្តែ​ដាវីឌ​ដឹង​ថា បើ​ចង់​ទទួល​ជោគជ័យ​គាត់​មិន​អាច​ពឹងពាក់​លើ​តែ​ការ​ព្យាយាម​របស់​គាត់​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​មាន​គំនិត​ដូច្នេះ​ដែរ។ ក្រោយ​បាន​ខំ​អស់​ពី​សមត្ថភាព យើង​ត្រូវ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​ពី​ក្រោយ។ ការ​ពិត ក្នុង​ករណី​ជា​ច្រើន​យើង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឡើយ។ គឺ​ក្នុង​ករណី​បែប​នេះ យើង​បង្ហាញ​ថា​រូប​យើង​ផ្ទាល់​កោត​ខ្លាច​ឬ​មិន​កោត​ខ្លាច​ព្រះ។ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សម្ដី​ដ៏​អស់​ពី​ចិត្ត​របស់​ដាវីឌ​ដែល​ថា​៖ «សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ​យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់»។—ទំនុកដំកើង ២៥:១៤

១២​. ហេតុ​អ្វី​យើង​ត្រូវ​ចាត់​ទុក​សេចក្ដី​អធិស្ឋាន​ជា​រឿង​សំខាន់? តើ​យើង​មិន​ត្រូវ​មាន​គំនិត​បែប​ណា​ឲ្យ​សោះ?

១២ ហេតុ​នេះ​ហើយ យើង​គួរ​ចាត់​ទុក​សេចក្ដី​អធិស្ឋាន​និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​ណាស់។ នៅ​ពេល​យើង​ទូល​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​«ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:៦; យ៉ាកុប ១:៥​-​៨) ហើយ​ពេល​ទ្រង់​ជួយ​យើង នោះ​យើង​គួរ​«ដឹង​គុណ​ផង» ដូច​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង។ (កូល៉ុស ៣:១៥, ១៧) យើង​មិន​ត្រូវ​មាន​គំនិត​ដូច​មនុស្ស​ដែល​ត្រូវ​ពណ៌នា​ដោយ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ម្នាក់​ដែល​ប្រាប់​ថា​៖ «ពួក​គេ​មាន​គំនិត​មួយ​ថា ព្រះ​គឺ​ដូច​ជា​អ្នក​បម្រើ​មួយ​រូប​នៅ​ស្ថានសួគ៌។ ពេល​ពួក​គេ​ត្រូវ​ការ​អ្វី​មួយ ចង់​តែ​ទះ​ដៃ​ហៅ​ទ្រង់​មក​ជួយ។ ហើយ​ពេល​គេ​បាន​ទទួល​អ្វី​ដែល​គេ​ចង់​បាន​នោះ ពួក​គេ​ចង់​ឲ្យ​ទ្រង់​ទៅ​វិញ»។ គំនិត​បែប​នេះ​បង្ហាញ​ថា​យើង​មិន​កោត​ខ្លាច​ព្រះ​ឡើយ។

ពេល​ដាវីឌ​បាន​ខាន​កោត​ខ្លាច​ព្រះ

១៣​. តើ​នៅ​ពេល​ណា​ដែល​ដាវីឌ​មិន​បាន​គោរព​តាម​ក្រឹត្យ​វិន័យ​ព្រះ​យ៉ាង​ត្រឹម​ត្រូវ?

១៣ ការ​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ពេល​មាន​ទុក្ខ​លំបាក​បាន​ធ្វើ​ឲ្យ​ដាវីឌ​កោត​ខ្លាច​ព្រះ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ក៏​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ដាវីឌ​លើ​ទ្រង់។ (ទំនុកដំកើង ៣១:២២​-​២៤) ក៏​ប៉ុន្តែ​មាន​គ្រា​បី​ផ្សេង​គ្នា ដែល​ដាវីឌ​បាន​ខាន​កោត​ខ្លាច​ព្រះ ហើយ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​គួរ​ឲ្យ​ខ្លោចផ្សា​ណាស់។ គ្រា​ទី​មួយ​គឺ​ពេល​ដាវីឌ​រៀបចំ​ឲ្យ​គេ​ជញ្ជូន​ហឹប​សេចក្ដី​សញ្ញា​របស់​ព្រះ​យេហូវ៉ា​ទៅ​ទី​ក្រុង​យេរូសាឡិម ដោយ​ដាក់​លើ​រទេះ​គោ​ជាជាង​ឲ្យ​កុលសម្ព័ន្ធ​លេវី​លី​ទៅ​ដូច​ក្រឹត្យ​វិន័យ​របស់​ព្រះ​បាន​បង្គាប់។ នៅ​ពេល​អ៊ុសា​លូក​ដៃ​ទប់​ហឹប​សេចក្ដី​សញ្ញា គាត់​ស្លាប់​ភ្លាម​«ព្រោះ​តែ​ខ្វះ​ការ​គោរព»។ ពិត​មែន​ថា អ៊ុសា​បាន​ធ្វើ​បាប​ធ្ងន់ ក៏​ប៉ុន្តែ​គឺ​ដោយសារ​ដាវីឌ​មិន​បាន​គោរព​តាម​ក្រឹត្យ​វិន័យ​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​ដែល​មាន​លទ្ធផល​ខ្លោចផ្សា​នោះ។ ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​ថា យើង​ត្រូវ​ធ្វើ​អ្វីៗ​តាម​របៀប​រៀបចំ​របស់​ព្រះ។—សាំយូអែលទី២ ៦:២​-​៩, ខ.ស.; ជនគណនា ៤:១៥; ៧:៩

១៤​. ពេល​ដែល​ដាវីឌ​រាប់​ចំនួន​ទាហាន​របស់​អ៊ីស្រាអែល តើ​មាន​លទ្ធផល​អ្វី?

១៤ ក្រោយ​មក ដោយសារ​ការ​បណ្ដាល​ពី​សាតាំង ដាវីឌ​រាប់​ចំនួន​ទាហាន​របស់​អ៊ីស្រាអែល។ (របាក្សត្រទី១ ២១:១) នេះ​បង្ហាញ​ថា​ដាវីឌ​បាន​ខាន​កោត​ខ្លាច​ព្រះ ហើយ​លទ្ធផល​គឺ​ជនជាតិ​អ៊ីស្រាអែល​៧០​.​០០០​នាក់​បាន​ស្លាប់។ ទោះ​ជា​ដាវីឌ​បាន​ប្រែ​ចិត្ត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​ដាវីឌ​និង​ប្រជាជន​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង។—សាំយូអែលទី២ ២៤:១​-​១៦

១៥​. តើ​អ្វី​បាន​បណ្ដាល​ឲ្យ​ដាវីឌ​ធ្វើ​អំពើ​អសីលធម៌​ខាង​កាម?

១៥ មាន​គ្រា​មួយ​ទៀត​ដែល​ដាវីឌ​បាន​ខាន​កោត​ខ្លាច​ព្រះ ហើយ​នោះ​បាន​នាំ​ឲ្យ​ដាវីឌ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ជា​មួយ​នាង​បាតសេបា ជា​ភរិយា​របស់​លោក​អ៊ូរី។ ដាវីឌ​ជ្រាប​ថា​ការ​ផិត​ក្បត់​និង​ការ​លោភ​ចង់​បាន​ប្រពន្ធ​អ្នក​ឯ​ទៀត​គឺ​ខុស។ (និក្ខមនំ ២០:១៤, ១៧) បញ្ហា​នោះ​ចាប់​ផ្ដើម​ដោយសារ​ដាវីឌ​ឃើញ​បាតសេបា​កំពុង​តែ​ងូត​ទឹក។ ការ​កោត​ខ្លាច​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​គួរ​ជំរុញ​ឲ្យ​ដាវីឌ​ឈប់​ទត​មើល​ហើយ​ឈប់​គិត​ពី​រឿង​នោះ​ភ្លាម។ ផ្ទុយ​ទៅ​វិញ តាម​មើល​ទៅ ដាវីឌ​«ក្រឡេក​ឃើញ​[«បន្ត​មើល»]»​នាង ទាល់តែ​តណ្ហា​របស់​គាត់​គ្រប​សង្កត់​លើ​ការ​កោត​ខ្លាច​ព្រះ។ (ម៉ាថាយ ៥:២៨; ព.ថ.; សាំយូអែលទី២ ១១:១​-​៤) ដាវីឌ​ភ្លេច​ថា ចំណង​មិត្តភាព​របស់​ទ្រង់​ជា​មួយ​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​លើ​គ្រប់​ផ្នែក​នៃ​ជីវិត​ទ្រង់។—ទំនុកដំកើង ១៣៩:១​-​៧

១៦​. តើ​ដាវីឌ​ទទួល​លទ្ធផល​យ៉ាង​ណា​ពី​អំពើ​បាប​របស់​ទ្រង់?

១៦ ដោយសារ​អំពើ​អសីលធម៌​របស់​ដាវីឌ​ជា​មួយ​នឹង​នាង​បាតសេបា នាង​បាន​ប្រសូត​បុត្រ​មួយ។ មិន​យូរ​ក្រោយ​នោះ ព្រះ​យេហូវ៉ា​បាន​ចាត់​ណាថាន់​ជា​អ្នក​នាំ​បន្ទូល​ទ្រង់ ដើម្បី លាត​ត្រដាង​អំពើ​បាប​របស់​ដាវីឌ។ ដោយ​ភ្ញាក់​ដឹង​ខ្លួន​នោះ ដាវីឌ​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​ម្ដង​ទៀត ហើយ​បាន​ប្រែ​ចិត្ត​វិញ។ ដាវីឌ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​មិន​បោះបង់​ទ្រង់​ចោល ឬ​ដក​វិញ្ញាណ​បរិសុទ្ធ​ពី​ទ្រង់​ឡើយ។ (ទំនុកដំកើង ៥១:៧, ១១) ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ទោស​ដាវីឌ ហើយ​បាន​បន្ធូរ​ទោស​របស់​គាត់​ខ្លះ តែ​ទ្រង់​មិន​បាន​ការពារ​ដាវីឌ​ពី​លទ្ធផល​អាក្រក់​ទាំង​អស់ ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ បុត្រ​របស់​ដាវីឌ​បាន​ស្លាប់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​ទៅ ក្រុម​គ្រួសារ​របស់​ដាវីឌ​កើត​មាន​រឿង​ខ្លោចផ្សា​ផ្ទួនៗ​គ្នា។ ការ​ខាន​កោត​ខ្លាច​ព្រះ​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ក្រៃលែង!—សាំយូអែលទី២ ១២:១០​-​១៤; ១៣:១០​-​១៤; ១៥:១៤

១៧​. សូម​ឲ្យ​ឧទាហរណ៍​អំពី​ការ​ព្រួយ​លំបាក​ចិត្ត​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប។

១៧ សព្វ​ថ្ងៃ​នេះ ការ​មិន​កោត​ខ្លាច​ព្រះ​ក្នុង​រឿង​សីលធម៌​អាច​មាន​លទ្ធផល​ខ្លោចផ្សា​ដែល​បន្សល់​ទុក​ស្លាក​ស្នាម​ផ្លូវ​ចិត្ត។ សូម​គិត​អំពី​ការ​ព្រួយ​លំបាក​ចិត្ត​របស់​ភរិយា​គ្រីស្ទាន​មួយ​រូប ពេល​នាង​ដឹង​ថា​ប្ដី​របស់​នាង​បាន​ផិត​ក្បត់​ពេល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ។ នាង​បាន​ឱន​ខ្លួន​ក្ដោប​មុខ​យំ​យ៉ាង​ខ្លាំង ដោយ​ស្លុត​ផង​ខ្លោច​ចិត្ត​ផង។ តើ​នឹង​ត្រូវ​ការ​ពេល​យូរ​ប៉ុន្មាន​ទើប​គាត់​ទុក​ចិត្ត​នឹង​គោរព​ប្ដី​របស់​គាត់​វិញ? យើង​អាច​ជៀស​វាង​លទ្ធផល​ខ្លោចផ្សា​បែប​នេះ​បាន បើ​ពិត​ជា​កោត​ខ្លាច​ព្រះ​មែន។—កូរិនថូសទី១ ៦:១៨

ការ​កោត​ខ្លាច​ព្រះ​ជួយ​ឃាត់​យើង ពី​ការ​ប្រព្រឹត្ត​អំពើ​បាប

១៨​. តើ​សាតាំង​មាន​គោល​ដៅ​អ្វី? តើ​វា​ខំ​សម្រេច​គោល​ដៅ​នោះ​ដោយ​វិធី​ណា?

១៨ សាតាំង​កំពុង​តែ​ធ្វើ​ឲ្យ​សីលធម៌​របស់​មនុស្ស​លោកិយ​កាន់​តែ​អាប់ឱន​ទៅៗ ហើយ​ជា​ពិសេស​វា​ចង់​បង្ខូច​សីលធម៌​របស់​គ្រីស្ទាន​ពិត។ ដើម្បី​សម្រេច​គោល​ដៅ​នេះ វា​ខំ​មាន​ឥទ្ធិពល​លើ​ចិត្ត​និង​គំនិត​របស់​យើង​តាម​វិធី​លឿន​បំផុត គឺ​តាម​រយៈ​ភ្នែក​និង​ត្រចៀក​យើង។ (អេភេសូរ ៤:១៧​-​១៩) តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ពេល​ប្រទះ​រូប ពាក្យ​សម្ដី ឬ​មនុស្ស​អសីលធម៌?

១៩​. តើ​ការ​កោត​ខ្លាច​ព្រះ​បាន​ជួយ​គ្រីស្ទាន​ម្នាក់​មិន​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​យ៉ាង​ដូច​ម្ដេច?

១៩ សូម​គិត​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​អនទ្រេ * ដែល​ជា​អ្នក​ចាស់​ទុំ បិតា​មួយ​រូប និង​គ្រូ​ពេទ្យ​នៅ​ទ្វីប​អឺរ៉ុប។ ពេល​អនទ្រេ​ត្រូវ​វេន​យាម​នៅ​មន្ទីរពេទ្យ​ពេល​យប់ បុគ្គលិក​ភេទ​ស្រី​មួយ​ចំនួន​បាន​ធ្វើ​សំបុត្រ​ដែល​មាន​គំនូរ​រូប​បេះដូង រួច​ដាក់​លើ​ខ្នើយ​របស់​គាត់​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ក្នុង​សំបុត្រ​នោះ​ពួក​គេ​សុំ​រួម​ដំណេក​ជា​មួយ​គាត់។ អនទ្រេ​មិន​ទាំង​ព្រម​គិត​អំពី​សំណូម​ពរ​របស់​ស្រី​ទាំង​នោះ​ទេ។ ម្យ៉ាង​ទៀត ដើម្បី​កុំ​នៅ​ក្នុង​ស្ថានភាព​អសីលធម៌​នោះ គាត់​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត។ បទពិសោធន៍​នេះ​បង្ហាញ​ថា ការ​កោត​ខ្លាច​ព្រះ​ជា​ផ្លូវ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​បាន​នាំ​ឲ្យ​ទទួល​ពរ​ទៀត​ផង ដ្បិត​សព្វ​ថ្ងៃ​នេះ អនទ្រេ​បម្រើ​ពេញ​ពេល​នៅ​ការិយាល័យ​សាខា​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នា​ប្រទេស​គាត់។

២០, ២១​. (ក) តើ​ការ​កោត​ខ្លាច​ព្រះ​អាច​ជួយ​ឲ្យ​យើង​ជៀស​ចេញ​ពី​អំពើ​បាប​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​បន្ទាប់?

២០ បើ​យើង​គិត​មមៃ​ពី​អំពើ​ដែល​មិន​ត្រឹម​ត្រូវ នោះ​អាច​នាំ​ឲ្យ​យើង​សុខ​ចិត្ត​បោះបង់​ចោល​ចំណង​មិត្តភាព​ថ្លៃ​ថ្លា​ជា​មួយ​ព្រះ​យេហូវ៉ា ដើម្បី​បាន​អ្វី​មួយ​ដែល​យើង​គ្មាន​សិទ្ធិ​ទទួល។ (យ៉ាកុប ១:១៤, ១៥) ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា យើង​នឹង​ជៀស​ឆ្ងាយ​ពី​មនុស្ស ទី​កន្លែង ការ​ប្រព្រឹត្ត និង​ការ​កម្សាន្ត​ណា​ដែល​អាច​ពង្រេចពង្រឹល​មនសិការ​របស់​យើង​ហើយ​នាំ​ឲ្យ​ងាយ​ប្រព្រឹត្ត​អំពើ​អសីលធម៌។ (សុភាសិត ២២:៣) មិន​ថា​យើង​ត្រូវ​ខ្មាស​គេ​ខ្លាំង​ប៉ុនណា​ឬ​លះបង់​ច្រើន​ប៉ុនណា​ក៏​ដោយ នោះ​គឺ​តិច​ទេ បើ​ប្រៀប​នឹង​ការ​បាត់បង់​នូវ​ព្រះ​គុណ​ពី​ព្រះ។ (ម៉ាថាយ ៥:២៩, ៣០) ការ​កោត​ខ្លាច​ព្រះ​ប្រាកដ​ជា​រួម​បញ្ចូល​ការ​មិន​យក​ភ្នែក​មើល​អ្វី​ក៏​ដោយ​ដែល​អសីលធម៌ ដូច​ជា​រូប​អាសអាភាស​សព្វ​បែប​យ៉ាង។ ផ្ទុយ​ទៅ​វិញ យើង​‹បង្វែរ​ភ្នែក​មិន​មើល​ការ​ឥត​ប្រយោជន៍›។ ធ្វើ​យ៉ាង​នេះ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង‹ប្រោស​ឲ្យ​យើង​រួច› ហើយ​ផ្គត់ផ្គង់​អ្វី​ទាំង​អស់​ដែល​យើង​ពិត​ជា​ត្រូវ​ការ។—ទំនុកដំកើង ៨៤:១១; ១១៩:៣៧

២១ បើ​ពិត​ជា​កោត​ខ្លាច​ព្រះ នោះ​តែង​តែ​ជា​ផ្លូវ​ប្រកប​ដោយ​ប្រាជ្ញា។ នោះ​ក៏​ជា​ផ្លូវ​នាំ​ឲ្យ​ទទួល​សុភមង្គល​ដ៏​ពិត​ផង​ដែរ។ (ទំនុកដំកើង ៣៤:៩) អត្ថបទ​បន្ទាប់​នឹង​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ច្បាស់។

[កំណត់​សម្គាល់]

^ វគ្គ 19 ឈ្មោះ​នេះ​បាន​ត្រូវ​ប្ដូរ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ការ​កោត​ខ្លាច​ព្រះ​រួម​បញ្ចូល​គុណសម្បត្ដិ​អ្វី​ខ្លះ?

តើ​ការ​កោត​ខ្លាច​ព្រះ​ឈ្នះ​ការ​ខ្លាច​មនុស្ស​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​បង្ហាញ​ដោយ​ដូច​ម្ដេច​ថា យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​អធិស្ឋាន?

តើ​ការ​កោត​ខ្លាច​ព្រះ​អាច​ជួយ​ឃាត់​យើង មិន​ឲ្យ​ប្រព្រឹត្ត​បាប​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

ដាវីឌ​បាន​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ ដោយ​មើល​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២៦]

តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ជួប​នឹង​សេចក្ដី​ល្បួង?