លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?

តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

មាន​សេចក្ដី​វេទនា​មួយ​ដ៏​ធំ​បាន​កើត​ឡើង មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះ​បាន​បង្កើត​មនុស្ស​ជាតិ។ តើ​ជា​អ្វី​ទៅ? ទេវតា​មួយ​រូប​បាន​ប្រឆាំង​អំណាច​គ្រប់គ្រង​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ខ្លួន។ ទេវតា​អាក្រក់​នេះ បាន​ទាក់ទាញ​ស្ត្រី​ទី​មួយ គឺ​នាង​អេវ៉ា ឲ្យ​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​បាន​ហាម​បរិភោគ។ ទេវតា​នោះ​និយាយ​សំដៅ​ទៅ​លើ​នាង​និង​អ័ដាម​ដែល​ជា​ស្វាមី​របស់​នាង​ថា​៖ «អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង»។ (លោកុប្បត្តិ ២:១៦, ១៧; ៣:១​-​៥) ក្រោយ​មក​ទេវតា​ដែល​បះបោរ​បាន​ត្រូវ​ហៅ​ថា អារក្ស​ហើយ​សាតាំង​ផង។—វិវរណៈ ១២:៩

តើ​នាង​អេវ៉ា​បាន​ជឿ​តាម​សាតាំង​ទេ? ព្រះ​គម្ពីរ​រៀប​រាប់​ថា​៖ «ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទីគាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម»។ (លោកុប្បត្តិ ៣:៦) ដូច្នេះ ស្វាមី​ភរិយា​មួយ​គូ​ដំបូង​គឺ​អ័ដាម​និង​នាង​អេវ៉ា​បាន​ចូល​រួម​ជា​មួយ​សាតាំង​ក្នុង​ការ​បះបោរ​ប្រឆាំង​និង​ព្រះ។ ជា​លទ្ធផល ពួក​គាត់​បាន​បាត់បង់​សួន​មនោរម្យ​ដែល​ជា​លំនៅ ហើយ​កូន​ចៅ​របស់​ពួក​គាត់​ក៏​បាត់បង់​លទ្ធភាព​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដែរ។ ដើម​ដំបូង​កូន​ចៅ​របស់​ពួក​គាត់​គួរ​ទទួល​មត៌ក​ជា​ភាព​គ្រប់​លក្ខណ៍​និង​លទ្ធភាព​រស់​នៅ​ជា​រៀង​រហូត តែ​បែរ​ជា​កើត​មក​ទទួល​បាប​និង​សេចក្ដី​ស្លាប់​ទៅ​វិញ។—រ៉ូម ៥:១២

តើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មហាក្សត្រ​សកលលោក​បាន​ដោះស្រាយ​យ៉ាង​ដូច​ម្ដេច? ទ្រង់​បាន​រៀបចំ​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​ពួក​គាត់​បាន​ទទួល​ការ​អត់​ឱន​ទោស​ពី​បាប។ (រ៉ូម ៥:៨) ព្រះ​យេហូវ៉ា​ក៏​បាន​រៀបចំ​រដ្ឋាភិបាល​មួយ​ដើម្បី​ដោះស្រាយ​វិបត្ដិ​នេះ។ រដ្ឋាភិបាល​នោះ​បាន​ត្រូវ​ហៅ​ថា «នគរ​ព្រះ»​ឬ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (លូកា ២១:៣១) ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​រៀបចំ​ជា​រដ្ឋាភិបាល​មួយ​ដែល​ចំណុះ​ក្រោម​អធិបតេយ្យ​ព្រះ​យេហូវ៉ា ហើយ​រដ្ឋាភិបាល​នោះ​ក៏​មាន​គោល​បំណង​យ៉ាង​ជាក់លាក់​ដែរ។

តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​គោល​បំណង​អ្វី? តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​លក្ខណៈ​បែប​ណា? ហើយ​តើ​ខុស​គ្នា​ពី​ការ​គ្រប់គ្រង​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​ចាប់​ផ្ដើម​គ្រប់គ្រង​ពី​ពេល​ណា? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។