លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាប្រោសមនុស្សដែលមានទុក្ខលំបាកឲ្យរួច

ព្រះយេហូវ៉ាប្រោសមនុស្សដែលមានទុក្ខលំបាកឲ្យរួច

ព្រះ​យេហូវ៉ា​ប្រោស​មនុស្ស​ដែល​មាន​ទុក្ខ​លំបាក​ឲ្យ​រួច

​«មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។—ទំនុកដំកើង ៣៤:១៩

១, ២​. តើ​គ្រីស្ទាន​ស្មោះ​ត្រង់​ម្នាក់​ធ្លាប់​មាន​បញ្ហា​អ្វី? ហេតុ​អ្វី​យើង​អាច​មាន​អារម្មណ៍​ស្រដៀង​នឹង​គាត់​ដែរ?

បង​ស្រី​ម្នាក់​ឈ្មោះ​គៃ​កូ * ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​២០​ឆ្នាំ​ហើយ។ អស់​មួយ​រយៈ គាត់​បាន​ផ្សព្វផ្សាយ​ពេញ​ពេល។ បង​ស្រី​គៃ​កូ​ស្រឡាញ់​ឯកសិទ្ធិ​នោះ​ខ្លាំង​ណាស់។ ក៏​ប៉ុន្តែ មិន​យូរ​មុន​នេះ គៃ​កូ​ចាប់​ផ្ដើម​មាន​អារម្មណ៍​អស់​សង្ឃឹម​និង​កណ្ដោចកណ្ដែង​យ៉ាង​ខ្លាំង។ គាត់​ប្រាប់​ថា​៖ «ខ្ញុំ​បាន​យំ​ឥត​ឈប់»។ ដើម្បី​ខំ​ទប់ទល់​នឹង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត គៃ​កូ​បាន​ចំណាយ​ពេល​ច្រើន​ជាង​ទៅ​លើ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ តែ​គាត់​ប្រាប់​ថា​៖ «ខ្ញុំ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ល្អ​ជាង​ទេ។ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត​រហូត​ដល់​ចង់​ស្លាប់»។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​អស់​សង្ឃឹម​បែប​នោះ​ទេ? ដោយ​សារ​អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​ហេតុ​ជា​ច្រើន​ដែល​អ្នក​គួរ​មាន​អំណរ ដ្បិត​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ «មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង»។ (ធីម៉ូថេ​ទី១ ៤:៨) ឥឡូវ​នេះ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ! ក៏​ប៉ុន្តែ តើ​នោះ​មាន​ន័យ​ថា​អ្នក​នឹង​គ្មាន​ទុក្ខ​លំបាក​អ្វី​សោះ​ឬ? មិន​មាន​ន័យ​ដូច្នេះ​ទាល់តែ​សោះ! ព្រះ​គម្ពីរ​ចែង​ថា «មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន»។ (ទំនុកដំកើង ៣៤:​១៩) នេះ​មិន​មែន​ចម្លែក​ទេ ដ្បិត​«លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហានទី១ ៥:១៩) ហេតុ​នោះ​ហើយ ទោះ​តិច​ឬ​ច្រើន​ក្ដី ក៏​យើង​ទាំង​អស់​គ្នា​ជួប​នឹង​ទុក្ខ​លំបាក​ដែរ។—អេភេសូរ ៦:១២

លទ្ធផល​ដែល​មក​ពី​ទុក្ខ​លំបាក

៣​. សូម​ឲ្យ​ឧទាហរណ៍​ពី​ព្រះ​គម្ពីរ​អំពី​អ្នក​បម្រើ​ព្រះ​ដែល​ធ្លាប់​កើត​ទុក្ខ​យ៉ាង​ខ្លាំង។

បើ​យើង​ត្រូវ​ទ្រាំ​ទុក្ខ​លំបាក​យូរ នោះ​អាច​ធ្វើ​ឲ្យ​យើង​មើល​អ្វី​ទាំង​អស់​ឃើញ​ថា​ខ្មៅ។ (សុភាសិត ១៥:១៥) សូម​គិត​អំពី​យ៉ូប ដែល​ជា​បុរស​សុចរិត។ ពេល​ដែល​គាត់​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​សម្បើម គាត់​ពោល​ថា​៖ «មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធតែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជានិច្ច​ផង»។ (យ៉ូប ១៤:១) អំណរ​របស់​យ៉ូប​បាន​រលាយ​សាប​សូន្យ​អស់​រលីង។ អស់​មួយ​រយៈ យ៉ូប​គិត​ស្មាន​ថា​ព្រះ​យេហូវ៉ា​បាន​បោះបង់​គាត់​ចោល​ទៀត។ (យ៉ូប ២៩:១​-​៥) មិន​មាន​តែ​យ៉ូប​ទេ ដែល​បម្រើ​ព្រះ​យេហូវ៉ា​ហើយ​មាន​អារម្មណ៍​កើត​ទុក្ខ​ក្រៃលែង​នោះ។ ព្រះ​គម្ពីរ​ប្រាប់​ថា​នាង​ហាណា​មាន​«សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់»​ដោយសារ​ជា​គាត់​ស្រី​អារ​គ្មាន​កូន។ (សាំយូអែលទី១ ១:៩​-​១១) រេបិកា​កើត​ទុក្ខ​ដោយសារ​បញ្ហា​ក្រុម​គ្រួសារ ហើយ​នាង​បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ»។ (លោកុប្បត្តិ ២៧:​៤៦) ពេល​ដាវីឌ​ពិចារណា​អំពី​កំហុស​របស់​ខ្លួន នោះ​គាត់​ពោល​ថា​៖ «ទូល​បង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ៣៨:៦) គំរូ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ដែល​កោត​ខ្លាច​ព្រះ​នៅ​សម័យ​បុរាណ​មុន​មាន​ក្រុមជំនុំ​គ្រីស្ទាន ធ្លាប់​ការ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។

៤​. ហេតុ​អ្វី​មិន​ចម្លែក​ដែល​មាន‹ពួក​អ្នក​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត›ក្នុង​ចំណោម​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ?

ចុះ​គ្រីស្ទាន​ពិត​វិញ? សាវ័ក​ប៉ុល​ធ្លាប់​សរសេរ​ទៅ​កាន់​បងប្អូន​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ឲ្យ «ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) ឯកសារ​យោង​មួយ​កត់​សម្គាល់​ថា ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា​«ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត» អាច​សំដៅ​ទៅ​លើ​អ្នក​ដែល​«តានតឹង​ចិត្ត​ពន់ពេក​មួយ​រយៈ​ដោយសារ​បញ្ហា​ជីវិត»។ ពាក្យ​របស់​ប៉ុល​បញ្ជាក់​ថា បងប្អូន​ខ្លះ​ក្នុង​ក្រុមជំនុំ​ថែស្សាឡូនីច​ដែល​ជា​អ្នក​តែងតាំង​ដោយ​វិញ្ញាណ​បាន​ធ្លាក់​ទឹក​ចិត្ត។ ក្នុង​ចំណោម​បណ្ដា​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ ក៏​មាន​ពួក​អ្នក​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត​ដែរ។ ប៉ុន្តែ​ហេតុ​អ្វី​ពួក​គាត់​មាន​ចិត្ត​គ្រាំ​គ្រា? សូម​ពិចារណា​មូលហេតុ​ធម្មតា​បី​យ៉ាង។

ភាព​ឥត​គ្រប់​លក្ខណ៍​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ

៥, ៦​. តើ​រ៉ូម ៧:២២​-​២៥​បង្កប់​នូវ​ការ​សម្រាល​ទុក្ខ​អ្វី?

គ្រីស្ទាន​ពិត​តែង​ពិបាក​ចិត្ត​ដោយសារ​ខ្លួន​មាន​បាប ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ពី​មនុស្ស​ខូច​អាក្រក់​ដែល​«លែង​ខ្លាច​បាប»។ (អេភេសូរ ៤:១៩) ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ប៉ុល​ដែល​សរសេរ​ថា «តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង»។ រួច​ប៉ុល​ឧទាន​ថា «វេទនា​ណាស់​ខ្ញុំ!»។—រ៉ូម ៧:២២​-​២៤

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​ប៉ុល​ទេ? គឺ​មិន​ខុស​ទេ​ដែល​អ្នក​កត់​សម្គាល់​យ៉ាង​ច្បាស់​នូវ​កំហុស​របស់​ខ្លួន ដ្បិត​នេះ​អាច​ជួយ​ឲ្យ​យល់​ថា​បាប​ជា​អ្វី​ដ៏​ធ្ងន់ធ្ងរ​មែន ហើយ​ពង្រឹង​ការ​តាំង​ចិត្ត​ឲ្យ​បដិសេធ​រាល់​ការ​អាក្រក់។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ព្រួយ​លំបាក​ជាប់​រហូត​ដោយសារ​កំហុស​របស់​ខ្លួន​ទេ។ ប៉ុល​បាន​បន្ថែម​ពាក្យ​ថា «អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ គឺ​ដោយសារ​ព្រះ​យេស៊ូ​វ​គ្រីស្ទ!»។ (រ៉ូម ៧:២៥) ប៉ុល​ជឿជាក់​ថា​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​បង្ហូរ​ចេញ​អាច​លោះ​គាត់​ពី​បាប​ដែល​បាន​ទទួល​ពី​អ័ដាម​មក។—រ៉ូម ៥:១៨

៧​. តើ​អ្វី​អាច​ជួយ​ឲ្យ​មិន​កើត​ទុក្ខ​ដោយសារ​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​ខ្លួន?

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​អាច​ទ្រាំ​នឹង​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​ខ្លួន នោះ​ចូរ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្វី​ដែល​យ៉ូហាន​បាន​សរសេរ​ថា ‹បើសិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេស៊ូ​វ​គ្រីស្ទ ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ›។ (យ៉ូហានទី១ ២:១, ២) បើ​អ្នក​ពិបាក​ចិត្ត​ដោយសារ​ទំនោរ​ចិត្ត​អាក្រក់​របស់​ខ្លួន នោះ​ចូរ​ចាំ​ថា ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​សម្រាប់​អ្នក​មាន​បាប មិន​មែន​សម្រាប់​មនុស្ស​គ្រប់​លក្ខណ៍​ទេ។ តាម​ពិត​«គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ»។—រ៉ូម ៣:២៣, កំណែ​ជា​អក្សរ​ទ្រេត

៨, ៩​. ហេតុ​អ្វី​យើង​មិន​គួរ​ចោទ​ប្រកាន់​និង​ផ្ដន្ទា​ទោស​ខ្លួន?

ក៏​ប៉ុន្តែ​ឧបមា​ថា អ្នក​ធ្លាប់​ប្រព្រឹត្ត​បាប​ធ្ងន់ធ្ងរ​ពី​មុន។ អ្នក​ច្បាស់​ជា​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ​ជា​ច្រើន​ដង។ អ្នក​ក៏​បាន​ទទួល​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ដែរ។ (យ៉ាកុប ៥:១៤, ១៥) អ្នក​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​នៅ​តែ​ជា​សមាជិក​ក្រុមជំនុំ។ ឬ​ប្រហែល​ជា​អ្នក​បាន​ចេញ​ពី​អង្គការ​ព្រះ​មួយ​រយៈ ប៉ុន្តែ​ក្រោយ​មក​បាន​ប្រែ​ចិត្ត​ហើយ​មាន​ភាព​ស្អាត​ស្អំ​ឡើង​វិញ។ មិន​ថា​ធ្លាប់​មាន​ករណី​មួយ​ណា​ក៏​ដោយ ប្រហែល​ជា​ជួន​កាល​អ្នក​នឹក​ចាំ​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត ហើយ​នោះ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ខ្លាំង។ បើ​នោះ​កើត​ឡើង ចូរ​ចាំ​ថា ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​«ជា​បរិបូរ»​ចំពោះ​អស់​អ្នក​ដែល​ប្រែ​ចិត្ត។ (អេសាយ ៥៥:៧) ម្យ៉ាង​ទៀត ទ្រង់​មិន​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ទោស​ជាប់​ជានិច្ច​នោះ​ទេ។ ប៉ុន្តែ​បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សាតាំង​នឹង​អរ​ណាស់។ (កូរិនថូសទី២ ២:៧, ១០, ១១) អារក្ស​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយសារ​វា​សម​នឹង​ទទួល ប៉ុន្តែ​វា​ចង់​ឲ្យ​អ្នក​គិត​ថា​អ្នក​សម​នឹង​ទទួល​ការ​ជំនុំ​ជម្រះ​ដូច​វា​ដែរ។ (វិវរណៈ ២០:១០) កុំ​ឲ្យ​សាតាំង​បំផ្លាញ​ជំនឿ​របស់​អ្នក​តាម​វិធី​នេះ​ឲ្យ​សោះ។ (អេភេសូរ ៦:១១) ផ្ទុយ​ទៅ​វិញ «ចូរ​តស៊ូ​នឹង​វា»​ដូច​អ្នក​បាន​ធ្វើ​ក្នុង​រឿង​ផ្សេង​ទៀត​ដែរ។—ពេត្រុសទី១ ៥:៩

នៅ​វិវរណៈ ១២:១០ សាតាំង​បាន​ត្រូវ​ហៅ​ថា «អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បងប្អូន​យើង​រាល់​គ្នា» គឺ​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ វា​«ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ»។ គិត​អំពី​ខ​នោះ ប្រហែល​ជា​នឹង​ជួយ​ឲ្យ​អ្នក​យល់​ថា​សាតាំង ដែល​ជា​អ្នក​ចោទ​ប្រកាន់​មិន​ពិត នឹង​ពេញ​ចិត្ត​បើ​អ្នក​ចោទ​ប្រកាន់​និង​ផ្ដន្ទា​ទោស​ខ្លួន ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​ចោទ​ប្រកាន់​ឬ​ផ្ដន្ទា​ទោស​អ្នក​ឡើយ។ (យ៉ូហានទី១ ៣:១៩​-​២២) តើ​ចាំបាច់​ព្រួយ​លំបាក​លើ​កំហុស​របស់​ខ្លួន​រហូត​ដល់​ចង់​ឈប់​ព្យាយាម​ទៀត​ទេ? កុំ​ឲ្យ​សាតាំង​បំផ្លាញ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើយ។ កុំ​ឲ្យ​អារក្ស​ធ្វើ​ឲ្យ​ភ្លេច​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​«មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀងត្រង់​ជា​បរិបូរ»។—និក្ខមនំ ៣៤:៦

កម្រិត​សមត្ថភាព​របស់​យើង​អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត

១០​. តើ​កម្រិត​សមត្ថភាព​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១០ បងប្អូន​គ្រីស្ទាន​ខ្លះ​ធ្លាក់​ទឹក​ចិត្ត ដោយសារ​សមត្ថភាព​របស់​ពួក​គេ​មាន​កម្រិត ហើយ​នោះ​ប៉ះ​ពាល់​ដល់​ការ​បម្រើ​ព្រះ​យេហូវ៉ា។ តើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ឬ​ទេ? ប្រហែល​ជា​ជំងឺ​រ៉ាំរ៉ៃ អាយុ​ច្រើន ឬ​បញ្ហា​ណា​ផ្សេង​ទៀត​រារាំង​មិន​ឲ្យ​អ្នក​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​បម្រើ​ដូច​ពី​មុន។ ពិត​មែន​ថា បងប្អូន​គ្រីស្ទាន​លៃ​យក​ពេល​សម្រាប់​កិច្ច​បម្រើ។ (អេភេសូរ ៥:១៥, ១៦) ក៏​ប៉ុន្តែ ចុះ​បើ​កម្រិត​សមត្ថភាព​របស់​យើង​រារាំង​មិន​ឲ្យ​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ ហើយ​នេះ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត?

១១​. តើ​ឱវាទ​របស់​ប៉ុល​នៅ​កាឡាទី ៦:៤ អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​យើង?

១១ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​កុំ​ឲ្យ​ខ្ជិល តែ​ត្រូវ​«ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរ​ដក ដោយ​ចិត្ត​ជឿ ហើយ​អត់ធន់​វិញ»។ (ហេព្រើរ ៦:១២) យើង​អាច​ធ្វើ​ដូច្នេះ ប្រសិន​បើ​យើង​ពិចារណា​គំរូ​ល្អ​របស់​ពួក​គេ​និង​ខំ​ត្រាប់​តាម​ជំនឿ​របស់​ពួក​គេ។ ក៏​ប៉ុន្តែ យើង​មិន​ទទួល​ប្រយោជន៍​ទេ ប្រសិន​បើ​យើង​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​អ្នក​ឯ​ទៀត ហើយ​គិត​ថា​អ្វី​យើង​ធ្វើ​គឺ​មិន​ល្អ​គ្រប់គ្រាន់​ទេ។ ហេតុ​នេះ​គប្បី​ឲ្យ​យើង​អនុវត្ត​តាម​ឱវាទ​របស់​ប៉ុល​ដែល​ថា «ចូរ​ឲ្យ​គ្រប់​គ្នា​ល្បងល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​[«ហេតុ​ត្រេកអរ»​, ព.ថ.]ចំពោះ​តែ​ខ្លួន​ឯង មិន​មែន[«ដោយ​ប្រៀបផ្ទឹម​ទៅ​នឹង»​, ខ.ស.]អ្នក​ណា​ទៀត​ទេ»។—កាឡាទី ៦:៤

១២​. ហេតុ​អ្វី​យើង​អាច​ត្រេកអរ​នឹង​កិច្ច​បម្រើ​ដែល​យើង​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា?

១២ គ្រីស្ទាន​ពិត​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​ត្រេកអរ សូម្បី​តែ​ពេល​កិច្ច​បម្រើ​របស់​ពួក​គាត់​មាន​កម្រិត​ដោយសារ​បញ្ហា​សុខភាព​ក៏​ដោយ។ ព្រះ​គម្ពីរ​ផ្ដល់​ទំនុក​ចិត្ត​ថា «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»។ (ហេព្រើរ ៦:១០) ប្រហែល​ជា​អ្នក​មាន​កាលៈទេសៈ​រារាំង មិន​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​ច្រើន​ដូច​ពី​មុន។ ក៏​ប៉ុន្តែ ដោយ​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​ប្រហែល​ជា​អាច​ចូល​រួម​កិច្ច​បម្រើ​តាម​របៀប​ផ្សេង​ទៀត ដូច​ជា​ការ​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​និង​ដោយ​សរសេរ​សំបុត្រ​ជា​ដើម។ អ្នក​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ទៅ​លើ​អ្នក ដោយសារ​អ្នក​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​និង​មនុស្ស​ឯ​ទៀត។—ម៉ាថាយ ២២:៣៦​-​៤០

«គ្រា​លំបាក»​អាច​ធ្វើ​ឲ្យ​យើង​ព្រួយ​លំបាក​ក្នុង​ចិត្ត

១៣, ១៤​. (ក) សព្វ​ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​«គ្រា​លំបាក​ណាស់»​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ព្រួយ​លំបាក​ក្នុង​ចិត្ត? (ខ) សព្វ​ថ្ងៃ​នេះ តើ​ការ​មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គឺ​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

១៣ យើង​មាន​ចិត្ត​រំភើប​ពេល​ដែល​រង់ចាំ​ទទួល​ជីវិត​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ ដែល​ពោរពេញ​ដោយ​សេចក្ដី​សុចរិត។ ក៏​ប៉ុន្តែ ឥឡូវ​នេះ​យើង​កំពុង​តែ​រស់​នៅ​«គ្រា​លំបាក​ណាស់»។ (ធីម៉ូថេទី២ ៣:១) យើង​សប្បាយ​ដោយ​ដឹង​ថា ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​សព្វ​ថ្ងៃ​នេះ បញ្ជាក់​ថា​យើង​ជិត​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក៏​យើង​នៅ​តែ​ជួប​ទុក្ខ​លំបាក​ដោយសារ​ស្ថានភាព​នៅ​ជុំវិញ​យើង។ ជា​ឧទាហរណ៍ ចុះ​បើ​អ្នក​គ្មាន​ការងារ​ធ្វើ? ប្រហែល​ជា​នៅ​តំបន់​ដែល​អ្នក​រស់​នៅ មិន​សូវ​មាន​ការងារ​ធ្វើ​ទេ ហើយ​ក្រោយ​ប៉ុន្មាន​ខែ​កន្លង​ទៅ ប្រហែល​ជា​អ្នក​ចាប់​ផ្ដើម​ឆ្ងល់​ថា តើ​ព្រះ​យេហូវ៉ា​ទត​ឃើញ​ស្ថានភាព​របស់​អ្នក​ទេ? តើ​ទ្រង់​បាន​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ឬ​ទេ? ឬ​មួយ​ក៏​ប្រហែល​ជា​អ្នក​ជា​ជន​រងគ្រោះ​ដោយសារ​ការ​រើស​អើង​ឬ​អំពើ​អយុត្ដិធម៌​ណា​ផ្សេង​ទៀត។ សូម្បី​តែ​ការ​មើល​ចំណង​ជើង​ផ្សេងៗ​ក្នុង​កាសែត​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច​ឡុត​ជា​បុរស​សុចរិត​នោះ ដែល «មាន​ចិត្ត​ព្រួយ​លំបាក»​ដោយ​អំពើ​អសីលធម៌​របស់​មនុស្ស​នៅ​ជុំវិញ​គាត់។—ពេត្រុសទី២ ២:៧

១៤ មាន​លក្ខណៈ​មួយ​ទៀត​នៃ​ជាន់​ក្រោយ​បង្អស់​ដែល​យើង​មិន​ត្រូវ​ភ្លេច​ដែរ។ ព្រះ​គម្ពីរ​បាន​ទាយ​ថា មនុស្ស​ជា​ច្រើន​នឹង​«មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស»។ (ធីម៉ូថេទី២ ៣:៣) ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន សមាជិក​មិន​ស្រឡាញ់​គ្នា​សោះ​ឡើយ។ សៀវភៅ​មួយ​សរសេរ​ថា «ភ័ស្តុតាង​ឲ្យ​ដឹង​ថា អ្នក​ដែល​សម្លាប់ ប្រើ​ហិង្សា ធ្វើ​ឲ្យ​មាន​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត បៀតបៀន​កេរ្ដិ៍​ខ្មាស ឬ​រំលោភ ច្រើន​តែ​ជា​សមាជិក​ក្រុម​គ្រួសារ​ជន​រងគ្រោះ ជាជាង​អ្នក​ដទៃ។ [ដូច្នេះ]កន្លែង​ដែល​មនុស្ស​សង្ឃឹម​ថា​ពួក​គេ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​និង​មាន​សុវត្ថិភាព​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្ស​ខ្លះ​ទាំង​ចាស់​ទាំង​ក្មេង»។ (Family Violence) ពេល​ធំ​ឡើង មនុស្ស​ដែល​ធ្លាប់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ប្រហែល​ជា​នឹង​មាន​ការ​លំបាក​ក្នុង​ចិត្ត​ម្ដងម្កាល។ តើ​អ្វី​អាច​ជួយ​អ្នក​បាន​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ?

១៥​. ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រសើរ​ជាង​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស?

១៥ ដាវីឌ​បាន​តែង​ទំនុកដំកើង​ច្រៀង​ថា​៖ «បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ»។ (ទំនុកដំកើង ២៧:១០) នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់! ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ច្រើន​ជាង​មាតា​បិតា​យើង​ទៀត។ ពិត​មែន​ថា ពេល​មាតា​ឬ​បិតា​កាត់​កាល ធ្វើ​បាប ឬ​បោះបង់​យើង​ចោល នោះ​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់ តែ​នោះ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ព្រះទ័យ​ព្រះ​យេហូវ៉ា​ចំពោះ​យើង​ឡើយ។ (រ៉ូម ៨:៣៨, ៣៩) សូម​ចាំ​ថា ព្រះ​ទាញ​នាំ​អស់​អ្នក​ដែល​ទ្រង់​ស្រឡាញ់​ឲ្យ​មក​ឯ​ទ្រង់។ (យ៉ូហាន ៣:១៦; ៦:៤៤) មិន​ថា​មនុស្ស​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​អ្នក​យ៉ាង​ណា​ក៏​ដោយ ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថានសួគ៌​ស្រឡាញ់​អ្នក​ណាស់!

អ្វី​ដែល​អាច​ធ្វើ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត

១៦, ១៧​. ពេល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​ឲ្យ​មាន​កម្លាំង​ខាង​វិញ្ញាណ?

១៦ មាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស៊ូ​ទ្រាំ​ពេល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ ជា​ឧទាហរណ៍ ចូរ​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ។ ចូរ​រំពឹង​គិត​អំពី​ព្រះ​បន្ទូល​របស់​ព្រះ ជា​ពិសេស​ពេល​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​គឺ​ខ្លាំង​ពេក​ស្ទើរ​ទ្រាំ​មិន​បាន។ អ្នក​តែង​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «កាល​ទូល​បង្គំ​បាន​ពោល​ថា ‹ជើង​ទូល​បង្គំ​រឥល​ភ្លាត់​ហើយ› នោះ​ឱ​ព្រះ​យេហូវ៉ា​អើយ! សេចក្ដី​សប្បុរស​នៃ​ទ្រង់​បាន​ទប់ទល់​ទូល​បង្គំ គ្រា​ដែល​ទូល​បង្គំ​មាន​គំនិត​សាន់វ័ណ្ឌ​ក្នុង​ចិត្ត​ជា​ច្រើន[ឬ​«ទុក្ខ​កង្វល់​ញាំ​ញី​ក្នុង​ចិត្ត»] នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីករាយ​ដល់​ព្រលឹង​ទូល​បង្គំ​វិញ»។ (ទំនុកដំកើង ៩៤:១៨, ១៩; ខ.ស.) បើ​យើង​អាន​ព្រះ​គម្ពីរ​ជា​ទៀងទាត់ នោះ​នឹង​ធ្វើ​ឲ្យ​មាន​គំនិត​ជា​ច្រើន​ដែល​សម្រាល​ទុក្ខ​និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង។

១៧ យើង​ក៏​ត្រូវ​អធិស្ឋាន​ជា​ចាំបាច់។ ទោះ​បើ​យើង​មិន​អាច​ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​អារម្មណ៍​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​ជ្រាប​ពី​អ្វី​ដែល​យើង​ចង់​ទូល​ប្រាប់​ទ្រង់។ (រ៉ូម ៨:២៦, ២៧) អ្នក​តែង​ទំនុកដំកើង​បាន​ផ្ដល់​ទំនុក​ចិត្ត​ថា​៖ «ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ»។—ទំនុកដំកើង ៥៥:២២

១៨​. តើ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​អាច​ធ្វើ​អ្វី?

១៨ បងប្អូន​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ដោយសារ​មាន​ជំងឺ​ផ្លូវ​ចិត្ត។ * ប្រសិន​បើ​អ្នក​មាន​ជំងឺ​បែប​នេះ ចូរ​ខំ​ប្រឹង​ប្រមូល​អារម្មណ៍​ទៅ​លើ​ពិភពលោក​ថ្មី​របស់​ព្រះ ដែល​ពេល​នោះ​«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ›»។ (អេសាយ ៣៣:២៤) បើ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ជា​អារម្មណ៍​ដែល​អ្នក​មាន​ជាប់​រហូត​នោះ ប្រហែល​ត្រូវ​សុំ​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​ជំងឺ​នេះ។ (ម៉ាថាយ ៩:​១២) ក៏​ជា​ការ​សំខាន់​ដែរ ដែល​យើង​ថែទាំ​សុខភាព​របស់​យើង។ បើ​បរិភោគ​អាហារ​មាន​ជីវជាតិ​ហើយ​ហាត់​ប្រាណ​ខ្លះៗ នោះ​ប្រហែល​ជា​នឹង​ជួយ​យើង​ដែរ។ ចូរ​ដេក​ឲ្យ​បាន​គ្រប់គ្រាន់។ កុំ​អង្គុយ​មើល​ទូរទស្សន៍​រហូត​ដល់​យប់​ជ្រៅ ហើយ​ចូរ​ជៀស​វាង​ពី​ការ​កម្សាន្ត​ណា​ដែល​ធ្វើ​ឲ្យ​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត។ សំខាន់​បំផុត ចូរ​បន្ត​ធ្វើ​កិច្ចការ​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ! ទោះ​ជា​មិន​ទាន់​ដល់​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​«ជូត​អស់​ទាំង​ទឹក​ភ្នែក»​ពី​ភ្នែក​អ្នក​ចេញ​ក៏​ពិត​មែន តែ​ទ្រង់​នឹង​ជួយ​ឲ្យ​អ្នក​ស៊ូ​ទ្រាំ។—វិវរណៈ ២១:៤; កូរិនថូសទី១ ១០:១៣

ការ​រស់​«នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ»

១៩​. តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​នឹង​អ្នក​ដែល​មាន​ទុក្ខ​លំបាក?

១៩ ព្រះ​គម្ពីរ​ផ្ដល់​ទំនុក​ចិត្ត​ថា ទោះ​ជា​មនុស្ស​សុចរិត​មាន​ទុក្ខ​លំបាក​ជា​ច្រើន​ក៏​ដោយ «តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។ (ទំនុកដំកើង ៣៤:១៩) តើ​ព្រះ​ជួយ​ឲ្យ​រួច​ដោយ​ដូច​ម្ដេច? នៅ​ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ព្រះ​រំដោះ​ឲ្យ​រួច​ពី​«បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម» នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា «កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ»។ (កូរិនថូសទី២ ១២:៧​-​៩) តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​នឹង​ប៉ុល? តើ​ទ្រង់​សន្យា​អ្វី​នឹង​អ្នក​ដែរ? មិន​មែន​សន្យា​ប្រោស​ឲ្យ​ជា​នៅ​សព្វ​ថ្ងៃ​នេះ​ទេ តែ​ទ្រង់​ផ្ដល់​កម្លាំង​ឲ្យ​ស៊ូ​ទ្រាំ​វិញ។

២០​. ទោះ​ជា​យើង​ជួប​នឹង​ទុក្ខ​លំបាក​ក៏​ពិត​មែន តើ​ពេត្រុសទី១ ៥:៦, ៧​ផ្ដល់​ទំនុក​ចិត្ត​ដូច​ម្ដេច?

២០ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ (ពេត្រុសទី១ ៥:៦, ៧) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក ទ្រង់​នឹង​មិន​បោះបង់​អ្នក​ចោល​ឡើយ។ ទ្រង់​នឹង​គាំទ្រ​អ្នក មិន​ថា​អ្នក​ជួបប្រទះ​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ។ ចូរ​នឹក​ចាំ​ថា គ្រីស្ទាន​ស្មោះ​ត្រង់​«នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ»។ កាល​យើង​បម្រើ​ព្រះ​យេហូវ៉ា ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ។ ប្រសិន​បើ​យើង​ស្មោះ​ត្រង់​នឹង​ទ្រង់ គ្មាន​អ្វី​អាច​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ទ្រង់​បាន​ឡើយ។ ហេតុ​នេះ ចូរ​យើង​រក្សា​ភាព​ស្មោះ​ភក្ដី​នឹង​ព្រះ​យេហូវ៉ា​ជានិច្ច ដើម្បី​យើង​អាច​សប្បាយ​នឹង​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភពលោក​ថ្មី​ដែល​ទ្រង់​បាន​សន្យា ហើយ​ឃើញ​ទ្រង់​ជួយ​អស់​អ្នក​ដែល​មាន​ទុក្ខ​លំបាក​ឲ្យ​រួច​ជា​ការ​ស្រេច!

[កំណត់​សម្គាល់]

^ វគ្គ 1 ឈ្មោះ​បាន​ត្រូវ​ប្ដូរ។

^ វគ្គ 18 ជំងឺ​ផ្លូវ​ចិត្ត​នេះ​មិន​ត្រឹម​តែ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​ទេ តែ​ជា​អារម្មណ៍​សោក​សង្រេង​យ៉ាង​ខ្លាំង​មិន​ស្រាកស្រាន្ត។

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​សូម្បី​តែ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជួប​នឹង​ទុក្ខ​លំបាក?

តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​រាស្ត្រ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត?

តើ​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​យ៉ាង​ដូច​ម្ដេច?

តើ​យើង​«នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ»​ក្នុង​ន័យ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៨]

ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ពិត​មែន រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ហេតុ​អរ​សប្បាយ

[រូបភាព​នៅ​ទំព័រ​២១]

ការ​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ជា​វិធី​មួយ ដើម្បី​ថ្វាយ​អ្វី​ដ៏​ល្អ​បំផុត​ដល់​ព្រះ​យេហូវ៉ា