ចិត្ដក្លាហានផុសចេញពីជំនឿនិងការកោតខ្លាចព្រះ
ចិត្តក្លាហានផុសចេញពីជំនឿនិងការកោតខ្លាចព្រះ
«ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ! . . . ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយ»។—យ៉ូស្វេ ១:៩
១, ២. (ក) តាមមើលទៅ តើពួកអ៊ីស្រាអែលមានលទ្ធភាពឈ្នះលើពួកស្រុកកាណានទេ? (ខ) តើយ៉ូស្វេមានការធានាអ្វី?
នៅឆ្នាំ១៤៧៣ មុនគ.ស. សាសន៍អ៊ីស្រាអែលហៀបនឹងចូលទៅក្នុងស្រុកសន្យា ដូច្នេះលោកម៉ូសេបានរំលឹកប្រជាជនអំពីការពិបាកដែលពួកគេនឹងជួបប្រទះនៅទីនោះថា៖ «នៅវេលានេះ ឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ទៅចាប់យកនគរដែលធំជាង ហើយពូកែជាងឯង ដែលមានទីក្រុងធំមានកំផែងខ្ពស់ដល់ផ្ទៃមេឃផង ជាសាសន៍មានមាឌធំខ្ពស់ គឺជាពួកកូនចៅអ័ណាក់ដែលឯង . . . បានឮនិយាយពីគេថា៖ ‹តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន?›»។ (ចោទិយកថា ៩:១, ២) ត្រូវហើយ ពួកទ័ពមាឌធំដែលជាកូនចៅអ័ណាក់មានឈ្មោះល្បីមែន! ម្យ៉ាងទៀត សាសន៍ខ្លះនៅស្រុកកាណានមានពលទ័ពប្រដាប់ដោយគ្រឿងសឹក រួមទាំងសេះនិងរទេះដែកឬរទេះចម្បាំងដែលមានដាវនៅជាប់នឹងកង់។—ពួកចៅហ្វាយ ៤:១៣
២ រីឯសាសន៍អ៊ីស្រាអែលវិញ ពួកគេជាមនុស្សមួយពួកដែលសុទ្ធតែជាអតីតទាសាទាសីដែលទើបតែបានដើរកាត់ទីរហោស្ថានអស់៤០ឆ្នាំ។ ដូច្នេះ តាមមើលទៅ ពួកអ៊ីស្រាអែលគ្មានលទ្ធភាពឈ្នះលើពួកស្រុកកាណានទាល់តែសោះ! យ៉ាងណាក្ដី ម៉ូសេជាអ្នកជឿទៅលើព្រះយេហូវ៉ា ហើយគាត់អាចស្រមៃ«ឃើញ»ទ្រង់កំពុងតែនាំមុខពួកបណ្ដាជនអ៊ីស្រាអែល។ (ហេព្រើរ ១១:២៧) ម៉ូសេបានប្រាប់ពួកអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ា ជាព្រះនៃឯងដែលនាំមុខឯងឆ្លងទៅ . . . ទ្រង់នឹងបំផ្លាញគេហើយបង្ក្រាបគេនៅមុខឯងវិញ»។ (ចោទិយកថា ៩:៣; ទំនុកដំកើង ៣៣:១៦, ១៧) ក្រោយម៉ូសេបានទទួលមរណភាព ព្រះយេហូវ៉ាបានធានាគាំទ្រលោកយ៉ូស្វេដោយមានបន្ទូលថា៖ «ចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ! ព្រមទាំងបណ្ដាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល។ នឹងគ្មានអ្នកណាអាចឈរនៅមុខឯងនៅគ្រប់១ជីវិតឯងបានឡើយ។ អញនឹងនៅជាមួយនឹងឯងដូចជាបាននៅជាមួយនឹងម៉ូសេដែរ»។—យ៉ូស្វេ ១:២, ៥
៣. តើអ្វីបានពង្រឹងជំនឿនិងចិត្តក្លាហានរបស់យ៉ូស្វេ?
៣ បើយ៉ូស្វេចង់ឲ្យព្រះយេហូវ៉ាគាំទ្រនិងនាំផ្លូវគាត់ នោះគាត់ត្រូវអាននិងរំពឹងគិតលើក្រឹត្យវិន័យរបស់ទ្រង់ ហើយក៏ត្រូវរស់ស្របទៅតាមច្បាប់ទាំងនោះដែរ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «យ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង។ តើអញមិនបានបង្គាប់ឯងទេឬអី? ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ! កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណាដែលឯងទៅផង»។ (យ៉ូស្វេ ១:៨, ៩) យ៉ូស្វេបានធ្វើតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះគាត់មានកម្លាំង ចិត្តក្លាហាននិងអ្វីៗដែលគាត់ធ្វើបានកើតការមែន។ ក៏ប៉ុន្តែ មនុស្សភាគច្រើនដែលមានអាយុស្រករនឹងយ៉ូស្វេ មិនបានស្ដាប់តាមព្រះយេហូវ៉ាទេ។ ជាលទ្ធផល ទង្វើរបស់ពួកគេមិនបានកើតការសោះ តែពួកគេបានស្លាប់ក្នុងទីរហោស្ថានវិញ។
មនុស្សខ្វះជំនឿឥតមានចិត្តក្លាហាន
៤, ៥. (ក) តើចារបុរស១០នាក់មានទស្សនៈខុសគ្នាយ៉ាងណាពីយ៉ូស្វេនិងកាលែប? (ខ) ពេលពួកអ៊ីស្រាអែលមិនជឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា តើទ្រង់មានព្រះទ័យយ៉ាងណា?
៤ សែសិបឆ្នាំមុនព្រះយេហូវ៉ាមានបន្ទូលទៅកាន់លោកយ៉ូស្វេនោះ សាសន៍អ៊ីស្រាអែលបានមកដល់ព្រំដែនស្រុកកាណានជាលើកដំបូង ហើយម៉ូសេបានចាត់ចារបុរស១២នាក់ឲ្យទៅសង្កេតមើលស្រុកនោះ។ ចារបុរស១០នាក់បានវិលមកវិញទាំងភ័យរន្ធត់ផង។ ពួកគេបានប្រកែកថា៖ «មនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ។ នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជាកូនចៅអ័ណាក់ដែលជាពូជមនុស្សមានមាឌធំសំបើម។ យើងមើលទៅខ្លួនយើងដូចជាកណ្ដូប[វិញ]»។ តើ‹មនុស្សទាំងអស់នោះសុទ្ធតែមានមាឌធំៗ› ឬគ្រាន់តែពួកកូនចៅអ័ណាក់ប៉ុណ្ណោះ? គឺតែពួកកូនចៅអ័ណាក់ប៉ុណ្ណោះ! ហើយតើពួកគេពិតជាកូនចៅរបស់ពូជមនុស្សមាឌធំសម្បើមដែលបានរស់មុនទឹកជំនន់នៅសម័យលោកណូអេឬ? មិនមែនទេ! យ៉ាងណាក៏ដោយ ប្រជាជនអ៊ីស្រាអែលទាំងឡាយចាប់ផ្ដើមមានអារម្មណ៍តក់ស្លុតពេលឮគេបំផ្លើសការពិតនោះ។ ប្រជាជនភិតភ័យដល់ម្ល៉េះបានជាចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ ជាស្រុកដែលពួកគេធ្លាប់បម្រើជាទាសករ!—ជនគណនា ១៣:៣១–១៤:៤
៥ យ៉ាងណាក្ដី ចារបុរសពីរនាក់ឈ្មោះយ៉ូស្វេនិងកាលែប ចង់ចូលទៅក្នុងស្រុកសន្យាវិញ។ ពួកគេនិយាយថា សាសន៍កាណាន«ជាអាហារសំរាប់យើងរាល់គ្នាទេ។ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ។ កុំឲ្យខ្លាចគេឡើយ»។ (ជនគណនា ១៤:៩) តើយ៉ូស្វេនិងកាលែបមានទស្សនៈប្រកបទៅដោយសុទិដ្ឋិនិយមប៉ុណ្ណោះ តែឥតមានមូលដ្ឋានឬ? មិនមែនទេ ដ្បិតពួកគេនិងប្រជាជនទាំងឡាយបានឃើញសេចក្ដីវេទនាទាំង១០ដែលព្រះយេហូវ៉ាធ្វើនៅស្រុកអេស៊ីប ដើម្បីធ្វើឲ្យសាសន៍ដ៏ខ្លាំងក្លានោះនិងព្រះនានារបស់គេអាម៉ាស់មុខវិញ។ ក្រោយមក ប្រជាជនអ៊ីស្រាអែលទាំងអស់គ្នាបានឃើញព្រះយេហូវ៉ាធ្វើឲ្យផារ៉ោននិងពលទ័ពរបស់ទ្រង់លង់ទឹកស្លាប់ក្នុងសមុទ្រក្រហម។ (ទំនុកដំកើង ១៣៦:១៥) យ៉ាងច្បាស់ណាស់ ចារបុរស១០នាក់និងអស់ទាំងប្រជាជនដែលស្ដាប់តាមពួកគេពិតជាស្រងាកចិត្តដោយឥតហេតុត្រឹមត្រូវឡើយ។ ព្រះយេហូវ៉ាបានមានបន្ទូលបង្ហាញព្រះទ័យព្រួយចំពោះទឹកចិត្តរបស់គេថា៖ «តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ដែលអញបានធ្វើនៅកណ្ដាលគេជាច្រើនម្ល៉េះផង?»។—ជនគណនា ១៤:១១
៦. តើជំនឿនិងចិត្តក្លាហានមានទំនាក់ទំនងនឹងគ្នាយ៉ាងណា? នៅសម័យយើងនេះ តើអ្នកណាកំពុងតែបង្ហាញជំនឿនិងចិត្តក្លាហាន? ហើយដោយរបៀបណា?
៦ ព្រះយេហូវ៉ាបានលាតត្រដាងនូវដើមហេតុនៃបញ្ហានោះ គឺថាភាពកំសាករបស់ប្រជាជនអ៊ីស្រាអែលបានសឲ្យឃើញថាគេខ្វះជំនឿ។ ពិតមែនហើយ ជំនឿនិងចិត្តក្លាហានជាប់ទាក់ទងនឹងគ្នាដល់ម្ល៉េះបានជាសាវ័កយ៉ូហានសរសេរអំពីក្រុមជំនុំនៃពួកគ្រិស្តសាសនិកនិងសុខុមាលភាពខាងវិញ្ញាណរបស់ពួកគេថា «ជ័យជំនះដែលឈ្នះលោកីយ នោះគឺជាសេចក្ដីជំនឿរបស់យើង»។ (យ៉ូហានទី១ ៥:៤) នៅសព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាទាំងចាស់ទាំងក្មេងជាង៦លាននាក់ មិនថាមានកម្លាំងខ្លាំងឬខ្សោយក្ដី កំពុងតែបង្ហាញជំនឿដូចយ៉ូស្វេនិងកាលែបដោយផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះទូទាំងពិភពលោក។ គ្មានសត្រូវណាមានលទ្ធភាពទប់មាត់បងប្អូនទាំងនេះដែលប្រៀបដូចជាពលទ័ពដ៏ខ្លាំងក្លាដែលមានចិត្តក្លាហាន។—រ៉ូម ៨:៣១
កុំ«ថយទៅវិញ»ឲ្យសោះ
៧. តើការ«ថយទៅវិញ»មានន័យអ្វី?
៧ នៅសព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាផ្សាយដំណឹងល្អដោយចិត្តក្លាហានពីព្រោះពួកគេមានគំនិតដូចសាវ័កប៉ុលដែលបានសរសេរថា៖ «យើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ»។ (ហេព្រើរ ១០:៣៩) ពាក្យរបស់ប៉ុលថា «ថយទៅវិញ»នោះ មិន សំដៅទៅលើការខ្លាចតែមួយរយៈខ្លីប៉ុណ្ណោះទេ ដ្បិតអ្នកបម្រើស្មោះត្រង់ជាច្រើនរបស់ព្រះយេហូវ៉ាក៏ធ្លាប់ខ្លាចម្ដងម្កាលដែរ។ (សាំយូអែលទី១ ២១:១២; ពង្សាវតារក្សត្រទី១ ១៩:១-៤) ផ្ទុយទៅវិញ វចនានុក្រមមួយខាងព្រះគម្ពីរពន្យល់ថា ពាក្យទាំងនេះសំដៅទៅលើការ«ថយក្រោយ រាថយ»ឬក៏«ធ្វេសប្រហែសក្នុងការធ្វើតាមសេចក្ដីពិត»។ វចនានុក្រមនោះពន្យល់ទៀតថា ការ«ថយទៅវិញ»ក្នុងកិច្ចបម្រើព្រះ អាចប្រៀបប្រដូចនឹង«ការមូរក្ដោងដែលធ្វើឲ្យទូកលយទៅមុខតិចជាងមុន»។ ក៏ប៉ុន្តែ មនុស្សដែលមានជំនឿមុតមាំមិនចង់បម្រើព្រះ«តិចជាងមុន»ទេ សូម្បីតែពេលរងទុក្ខលំបាកក្ដី មិនថាជំងឺឈឺថ្កាត់ឬទុក្ខបៀតបៀនជាដើម។ ផ្ទុយទៅវិញ ពួកគេជឿនទៅមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ាដោយជ្រាបថា ទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះពួកគេ ហើយក៏យល់អំពីកម្រិតសមត្ថភាពរបស់គេផង។ (ទំនុកដំកើង ៥៥:២២; ១០៣:១៤) តើអ្នកមានជំនឿបែបនេះឬទេ?
៨, ៩. (ក) តើព្រះយេហូវ៉ាពង្រឹងជំនឿរបស់ពួកគ្រិស្តសាសនិកសម័យដើមយ៉ាងដូចម្ដេច? (ខ) តើយើងអាចធ្វើអ្វីដើម្បីពង្រឹងជំនឿរបស់យើង?
៨ ពួកសាវ័ករបស់ព្រះយេស៊ូធ្លាប់មានអារម្មណ៍ថាខ្វះជំនឿបន្ដិច ដូច្នេះពួកគេបានអង្វរទ្រង់ថា៖ «សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង»។ (លូកា ១៧:៥) ពួកគេបានទទួលផលស្របទៅតាមសំណូមពរនោះ ជាពិសេសនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពេលទទួលវិញ្ញាណបរិសុទ្ធតាមសេចក្ដីសន្យារបស់ព្រះយេស៊ូ ហើយវិញ្ញាណនោះបានជួយពួកគេយល់កាន់តែជ្រៅជ្រះនូវសារក្នុងព្រះបន្ទូលរបស់ព្រះ ព្រមទាំងជួយគេឲ្យយល់ច្បាស់ជាងអំពីគោលបំណងរបស់ទ្រង់ផង។ (យ៉ូហាន ១៤:២៦; កិច្ចការ ២:១-៤) នេះបានពង្រឹងជំនឿរបស់ពួកសាវ័កឲ្យចាប់ផ្ដើមធ្វើកិច្ចបម្រើផ្សាយ«ទៅដល់គ្រប់ទាំងមនុស្សដែលកើតក្រោមមេឃ» ទោះជាមានការប្រឆាំងក៏ដោយ។—កូល៉ុស ១:២៣; កិច្ចការ ១:៨; ២៨:២២
៩ បើយើងចង់ពង្រឹងជំនឿនិងឈានទៅមុខក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងក៏ត្រូវសិក្សាព្រះគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងរៀននោះ ព្រមទាំងអធិស្ឋានសូមវិញ្ញាណបរិសុទ្ធផង។ គឺចាំបាច់ណាស់ឲ្យយើងផ្ដិតសេចក្ដីពិតពីព្រះឲ្យជាប់ក្នុងចិត្តនិងគំនិតរបស់យើង ដូចយ៉ូស្វេ កាលែបនិងសិស្សរបស់ព្រះគ្រិស្តនៅសម័យដើមបានធ្វើនោះ ទើបយើងនឹងមានជំនឿដែលនាំឲ្យមានចិត្តក្លាហានដើម្បីស៊ូទ្រាំនិងមានជ័យជម្នះក្នុងចម្បាំងខាងវិញ្ញាណ។—រ៉ូម ១០:១៧
គ្រាន់តែជឿព្រះគឺមិនគ្រប់គ្រាន់
១០. តើជំនឿពិតរួមបញ្ចូលអ្វីខ្លះ?
១០ ពួកអ្នកនៅសម័យបុរាណដែលរក្សាចិត្តស្មោះគ្រប់លក្ខណ៍បានបង្ហាញឲ្យដឹងថា គ្រាន់តែជឿទៅលើព្រះយេហូវ៉ាប៉ុណ្ណោះ នោះមិនគ្រប់គ្រាន់ដើម្បីឲ្យបានជំនឿដែលនាំឲ្យមានចិត្តក្លាហានដើម្បីស៊ូទ្រាំ។ (យ៉ាកុប ២:១៩) ផ្ទុយទៅវិញ យើងត្រូវស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ ហើយត្រូវសង្ឃឹមដល់ទ្រង់ឬទុកចិត្តលើទ្រង់ទាំងស្រុង។ (ទំនុកដំកើង ៧៨:៥-៨; សុភាសិត ៣:៥, ៦) យើងក៏ត្រូវជឿអស់អំពីចិត្តថា យើងនឹងទទួលប្រយោជន៍ច្រើនបំផុតដោយធ្វើតាមច្បាប់និងគោលការណ៍របស់ទ្រង់។ (អេសាយ ៤៨:១៧, ១៨) ម្យ៉ាងទៀត ជំនឿពិតមានន័យថាយើងទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងធ្វើសម្រេចតាមសេចក្ដីសន្យាទាំងអស់របស់ទ្រង់ ហើយនឹង«ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។—ហេព្រើរ ១១:១, ៦; អេសាយ ៥៥:១១
១១. តើយ៉ូស្វេនិងកាលែបទទួលពរអ្វីខ្លះដោយព្រោះមានជំនឿនិងចិត្តក្លាហាន?
១១ ជំនឿបែបនេះតែងតែរីកដុះដាលកាន់តែខ្លាំងឡើងៗ។ ជាឧទាហរណ៍ យើងមានជំនឿកាន់តែមុតមាំទៅៗពេលយើង«ភ្លក់»ប្រយោជន៍ដែលមកពីការអនុវត្តតាមសេចក្ដីពិតក្នុងជីវិត ទាំង«មើល»ឃើញព្រះយេហូវ៉ាឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើង ហើយមានអារម្មណ៍ថាទ្រង់កំពុងតែជួយណែនាំជីវិតរបស់យើង។ (ទំនុកដំកើង ៣៤:៨; យ៉ូហានទី១ ៥:១៤, ១៥) យើងអាចប្រាកដក្នុងចិត្តថា យ៉ូស្វេនិងកាលែបមានជំនឿកាន់តែមុតមាំទៅៗ ពេលពួកគេបានភ្លក់នូវសេចក្ដីល្អដែលព្រះយេហូវ៉ាបង្ហាញដល់គេ។ (យ៉ូស្វេ ២៣:១៤) សូមគិតអំពីមូលហេតុខ្លះៗតទៅនេះ។ មុនដំបូង ពួកគេបានឆ្លងកាត់ទីរហោស្ថានអស់៤០ឆ្នាំទាំងរួចរស់ជីវិត ស្របទៅតាមសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ (ជនគណនា ១៤:២៧-៣០; ៣២:១១, ១២) ពួកគេក៏មានតួនាទីសំខាន់អស់រយៈពេល៦ឆ្នាំក្នុងការយកឈ្នះពួកស្រុកកាណាន។ នៅទីបំផុត យ៉ូស្វេនិងកាលែបបានទទួលដីជាមត៌ករបស់ខ្លួន ព្រមទាំងសុខភាពល្អនិងអាយុវែង។ ព្រះយេហូវ៉ាពិតជាប្រទានរង្វាន់ដ៏ល្អមែន! ដល់អស់អ្នកដែលស្មោះត្រង់និងមានចិត្តក្លាហានក្នុងកិច្ចបម្រើទ្រង់។—យ៉ូស្វេ ១៤:៦, ៩-១៤; ១៩:៤៩, ៥០; ២៤:២៩
១២. តើព្រះយេហូវ៉ា«ដំកើងព្រះបន្ទូលទ្រង់ឲ្យធំ»ក្នុងន័យអ្វី?
១២ សេចក្ដីសប្បុរសដែលព្រះយេហូវ៉ាបង្ហាញដល់យ៉ូស្វេនិងកាលែបនោះ ជួយរំលឹកយើងពីពំនោលរបស់អ្នកតែងបទទំនុកដំកើងដែលថា៖ «ទ្រង់បានដំកើងព្រះបន្ទូលទ្រង់ឲ្យធំលើព្រះនាមទ្រង់ទៅទៀត»។ (ទំនុកដំកើង ១៣៨:២) ពេលព្រះយេហូវ៉ាស្បថធ្វើអ្វីមួយដោយផ្អែកលើព្រះនាមទ្រង់ នោះបន្ទូលទ្រង់ត្រូវ«ដំកើង . . . ឲ្យធំ»ក្នុងន័យថា មានសេចក្ដីសម្រេចហួសពីអ្វីដែលមនុស្សនឹកស្មានទៅទៀត។ (អេភេសូរ ៣:២០) មែនហើយ ពេលមនុស្ស«យកព្រះយេហូវ៉ាជាសេចក្ដីអំណរ» ទ្រង់មិនឲ្យគេខកបំណងឡើយ។—ទំនុកដំកើង ៣៧:៣, ៤
បុរសដែល‹ព្រះទ្រង់សព្វព្រះហឫទ័យណាស់›
១៣, ១៤. ហេតុអ្វីបានជាហេណុកត្រូវមានជំនឿនិងចិត្តក្លាហាន?
១៣ យើងអាចរៀនច្រើនថែមទៀតអំពីជំនឿនិងចិត្តក្លាហានដោយលោកុប្បត្តិ ៣:១៥) ហេណុកជ្រាបថា សម្អប់នោះបានផ្ទុះឡើងក្នុងគ្រាដំបូងនៃប្រវត្ដិសាស្ត្រមនុស្សជាតិ ពេលកាអ៊ីនសម្លាប់ប្អូនបង្កើតឈ្មោះអេបិល ដ្បិតអ័ដាមដែលជាឪពុករបស់ពួកគេនៅតែរស់រហូតដល់ហេណុកមានអាយុប្រហែលជា៣១០ឆ្នាំ។—លោកុប្បត្តិ ៥:៣-១៨
ពិនិត្យមើលគំរូរបស់បុរសម្នាក់ទៀតដែលបានរស់មុនសម័យពួកគ្រិស្តសាសនិក គឺលោកហេណុក។ មុនហេណុកបានចាប់ផ្ដើមផ្សាយទំនាយរបស់ព្រះ គាត់ច្បាស់ជាដឹងថាគាត់នឹងជួបប្រទះស្ថានភាពដែលសាកល្បងជំនឿនិងចិត្តក្លាហានរបស់គាត់។ ហេតុអ្វីបានជាគាត់ជ្រាបទុកជាមុន? គឺពីព្រោះព្រះយេហូវ៉ាបានមានបន្ទូលក្នុងសួនច្បារអេដែនថា ពួកអ្នកដែលបម្រើព្រះនិងពួកអ្នកដែលកាន់តាមសាតាំងត្រូវមានសេចក្ដីខ្មាំងនឹងគ្នាឬស្អប់គ្នាតែម្ដង។ (១៤ ទោះជាហេណុកប្រឈមមុខស្ថានភាពទាំងនោះក៏ដោយ គាត់នៅតែមានចិត្តក្លាហានក្នុងការ«ដើរជាមួយនឹងព្រះ» ហើយគាត់បានបន្ទោសមនុស្សដែលពោល«សេចក្ដីរឹងទទឹង»ទាស់នឹងព្រះយេហូវ៉ា។ (លោកុប្បត្តិ ៥:២២; យូដាស ១៤, ១៥) ហេណុកមិនភ័យខ្លាចសោះចំពោះមនុស្សនៅសម័យនោះ តែបានកាន់ជំហររឹងមាំចំពោះការថ្វាយបង្គំពិត។ ជាលទ្ធផល ហេណុកមានសត្រូវជាច្រើនដែលចង់សម្លាប់គាត់ តែព្រះយេហូវ៉ាធ្វើអន្តរាគមន៍កុំឲ្យគេធ្វើបាបគាត់។ យ៉ាងនេះ ព្រះយេហូវ៉ាឲ្យហេណុកដឹងថា «ទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់» រួចមកបាន«យកគាត់ទៅ»ដោយធ្វើឲ្យគាត់ស្លាប់ក្នុងមួយរំពេច ប្រហែលជាពេលគាត់កំពុងតែឃើញចក្ខុនិមិត្តដូចជាសុបិនដែលជាទំនាយ។—ហេព្រើរ ១១:៥, ១៣; លោកុប្បត្តិ ៥:២៤
១៥. តើហេណុកតាំងគំរូល្អអ្វីសម្រាប់អ្នកបម្រើព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
១៥ ពេលប៉ុលរៀបរាប់រួចហើយអំពីការយកហេណុកទៅនោះ គាត់ក៏បញ្ជាក់ម្ដងទៀតអំពីសារៈសំខាន់នៃជំនឿ ដោយសរសេរថា៖ «បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ»។ (ហេព្រើរ ១១:៦) ត្រូវហើយ ជំនឿរបស់ហេណុកបានជួយឲ្យគាត់មានចិត្តក្លាហានក្នុងការដើរជាមួយនឹងព្រះយេហូវ៉ា ហើយនេះបានជួយឲ្យគាត់ប្រកាសសាររបស់ព្រះយេហូវ៉ាដែលកាត់ទោសលោកិយនោះដែលពេញទៅដោយមនុស្សទមិឡល្មើស។ យ៉ាងនេះ ហេណុកជាគំរូល្អសម្រាប់យើង ពីព្រោះយើងមានកិច្ចការស្រដៀងនឹងគាត់ដែរក្នុងលោកិយនេះដែលប្រឆាំងនឹងការថ្វាយបង្គំពិតនិងពេញទៅដោយអំពើអាក្រក់។—ទំនុកដំកើង ៩២:៧; ម៉ាថាយ ២៤:១៤; វិវរណៈ ១២:១៧
ចិត្តក្លាហានផុសចេញពីការកោតខ្លាចព្រះ
១៦, ១៧. តើអូបាឌាជាអ្នកណា? តើគាត់ស្ថិតនៅក្នុងកាលៈទេសៈពិបាកណា?
១៦ បន្ថែមទៅលើជំនឿ ការកោតខ្លាចព្រះជាគុណសម្បត្ដិមួយទៀតដែលជួយយើងបង្កើតឲ្យមានចិត្តក្លាហាន។ សូមឲ្យយើងពិនិត្យមើលគំរូដ៏អស្ចារ្យមួយរបស់បុរសម្នាក់ដែលកោតខ្លាចព្រះ។ បុរសនេះបានរស់នៅសម័យព្យាការីអេលីយ៉ា ពេលអ័ហាប់ជាស្តេចនៃព្រះរាជាណាចក្រអ៊ីស្រាអែលដែលជារាជាណាចក្រប៉ែកខាងជើងស្រុកនោះ។ ក្នុងកំលុងការសោយរាជ្យរបស់អ័ហាប់ ព្រះរាជាណាចក្រអ៊ីស្រាអែលពេញទៅដោយមនុស្សដែលថ្វាយបង្គំព្រះបាលលើសជាងមុនៗទៅទៀត។ តាមការពិត ហោរានៃព្រះបាលក្នុងស្រុកនោះមានចំនួន៤៥០នាក់ និងហោរាខាងរូបព្រះមួយទៀតដែលជាលិង្គ គឺមានចំនួន៤០០នាក់ផង ហើយហោរាទាំងនេះមានទម្លាប់«បរិភោគនៅតុរបស់ព្រះនាងយេសិបិល»ដែលជាព្រះអគ្គមហេសីរបស់ស្តេចអ័ហាប់។—ពង្សាវតារក្សត្រទី១ ១៦:៣០-៣៣; ១៨:១៩
ពង្សាវតារក្សត្រទី១ ១៧:១-៣; ១៨:១៣) តើអ្នកអាចនឹកស្មានបានទេ ថាពិបាកប៉ុណ្ណាឲ្យមនុស្សគាំទ្រការថ្វាយបង្គំបរិសុទ្ធក្នុងព្រះរាជាណាចក្រអ៊ីស្រាអែលនៅសម័យនោះ? ហើយចុះយ៉ាងណាចំពោះពួកអ្នកដែលត្រូវធ្វើការក្នុងរាជវាំងតែម្ដង? គឺរឹតតែពិបាកមែន! យ៉ាងណាក្ដី ឧកញ៉ាម្នាក់ដែលជាមហាតលិកក្នុងរាជវាំងរបស់អ័ហាប់ ជាអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា គាត់ឈ្មោះអូបាឌា។ *—ពង្សាវតារក្សត្រទី១ ១៨:៣
១៧ យេសិបិលស្អប់ព្រះយេហូវ៉ាណាស់ ហើយក៏ប្រើអំពើឃោរឃៅដោយមានបំណងបំបាត់ចោលការថ្វាយបង្គំទ្រង់ក្នុងស្រុកនោះ។ យេសិបិលបានសម្លាប់ព្យាការីខ្លះរបស់ព្រះយេហូវ៉ា ហើយក៏មានផែនការសម្លាប់អេលីយ៉ាផង ប៉ុន្តែព្រះយេហូវ៉ាបង្គាប់ឲ្យលោករត់ទៅត្រើយម្ខាងទន្លេយ័រដាន់ដើម្បីរួចរស់ជីវិត។ (១៨. ក្នុងនាមជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា តើអូបាឌាមានគុណសម្បត្ដិអ្វីលើសពីធម្មតា?
១៨ យ៉ាងប្រាកដណាស់ អូបាឌាជាមនុស្សឆ្លៀវឆ្លាតដែលបានថ្វាយបង្គំព្រះយេហូវ៉ាដោយប្រយ័ត្នប្រយែង ហើយគាត់ក៏មិនបានលះបង់ជំនឿពិតទោះជាមានការបង្ខិតបង្ខំយ៉ាងណាក៏ដោយ។ តាមពិត កំណត់ហេតុរៀបរាប់ថា៖ «រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់»។ (ពង្សាវតារក្សត្រទី១ ១៨:៣, កំណែជាអក្សរទ្រេត) ពិតមែនហើយ អូបាឌាកោតខ្លាចដល់ព្រះយេហូវ៉ាលើសជាងធម្មតា! ជាលទ្ធផល ចិត្តក្លាហានដ៏លើសលប់របស់គាត់បានសឲ្យឃើញច្បាស់ភ្លាមៗក្រោយព្រះនាងយេសិបិលសម្លាប់ព្យាការីទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
១៩. តើអូបាឌាបានធ្វើអ្វីដែលសឲ្យឃើញចិត្តក្លាហានរបស់គាត់?
១៩ យើងអានថា៖ «កាលយេសិបិលបានសំឡាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោក[អូបាឌា]ក៏នាំយកពួកហោរានោះ១០០នាក់ទៅបំពួននៅក្នុងរអាង ក្នុង១ពួក៥០នាក់ ហើយបានចិញ្ចឹមដោយនំប៉័ងនឹងទឹក»។ (ពង្សាវតារក្សត្រទី១ ១៨:៤) សូមគិតពិចារណាថា ការចែកអាហារដល់បុរស១០០នាក់ដោយសម្ងាត់នោះ ជាការផ្សងគ្រោះថ្នាក់មែន! ដ្បិតអូបាឌាត្រូវធ្វើយ៉ាងណាកុំឲ្យស្តេចអ័ហាប់និងយេសិបិលដឹង ហើយក៏ត្រូវជៀសវាងកុំឲ្យពួកហោរាក្លែងក្លាយ៨៥០នាក់ដែលចូលរាជវាំងញឹកញាប់ឃើញអ្វីដែលគាត់កំពុងតែធ្វើ។ ម្យ៉ាងទៀត ស្រុកនោះពេញទៅដោយមនុស្សដែលថ្វាយបង្គំព្រះមិនពិត រួមទាំងជនសាមញ្ញរហូតដល់អ្នកធំផង ហើយបើពួកគេដឹងថាអូបាឌាកំពុងតែធ្វើនោះ គេច្បាស់ជាឆ្លៀតឱកាសដើម្បីយកចិត្តស្តេចអ័ហាប់និងព្រះអគ្គមហេសីរបស់ទ្រង់ដោយបកអាក្រាតទង្វើរបស់គាត់។ យ៉ាងណាក្ដី អូបាឌាបានជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកព្យាការីរបស់ព្រះយេហូវ៉ា ថ្វីបើមានអ្នកថ្វាយបង្គំមិនពិតនៅជិតបង្កើយ។ ច្បាស់ណាស់ហើយ ការកោតខ្លាចព្រះ ពិតជាអាចបន្ថែមកម្លាំងយើងមែន!
២០. តើការកោតខ្លាចដល់ព្រះយេហូវ៉ាបានជួយអូបាឌាយ៉ាងណា? តើគំរូរបស់អូបាឌាអាចជួយអ្នកបានយ៉ាងណាដែរ?
២០ អូបាឌាបានបង្ហាញចិត្តក្លាហានដោយព្រោះគាត់កោតខ្លាចដល់ព្រះយេហូវ៉ា។ តាមមើលទៅព្រះយេហូវ៉ាបានការពារកុំឲ្យពួកខ្មាំងដឹងអំពីអ្វីដែលគាត់កំពុងតែធ្វើនោះ។ សុភាសិត ២៩:២៥ ចែងថា៖ «ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ»។ អូបាឌាមិនមែនជាមនុស្សខុសប្លែកពីយើងទេ ដ្បិតគាត់ច្បាស់ជាខ្លាចគេចាប់និងសម្លាប់គាត់ដែរ។ (ពង្សាវតារក្សត្រទី១ ១៨:៧-៩, ១២) យ៉ាងណាក៏ដោយ អូបាឌាបានកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនេះបានពង្រឹងកម្លាំងគាត់ឲ្យមានចិត្តក្លាហានដើម្បីយកឈ្នះលើអារម្មណ៍ភ័យខ្លាចចំពោះមនុស្ស។ យ៉ាងនេះ អូបាឌាជាគំរូល្អដល់យើងរាល់គ្នា ជាពិសេសចំពោះអស់អ្នកដែលកំពុងតែថ្វាយបង្គំព្រះយេហូវ៉ាក្រោមកាលៈទេសៈដែលអាចនាំឲ្យបាត់បង់សេរីភាពឬជីវិតផង។ (ម៉ាថាយ ២៤:៩) ប្រាកដមែន ចូរឲ្យយើងរាល់គ្នាព្យាយាម«គោរពប្រតិបត្ដិ[ដល់ព្រះយេហូវ៉ា] ហើយកោតខ្លាចដល់ទ្រង់»។—ហេព្រើរ ១២:២៨
២១. តើអត្ថបទជាបន្ទាប់នឹងបង្ហាញអំពីអ្វី?
២១ ចិត្តក្លាហានមិនផុសចេញពីជំនឿនិងការកោតខ្លាចដល់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ដ្បិតសេចក្ដីស្រឡាញ់អាចពង្រឹងចិត្តក្លាហានរបស់អ្នកច្រើនថែមទៀតដែរ។ ប៉ុលសរសេរថា៖ «ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ»។ (ធីម៉ូថេទី២ ១:៧) អត្ថបទជាបន្ទាប់នឹងបង្ហាញនូវរបៀបដែលសេចក្ដីស្រឡាញ់អាចជួយយើងបម្រើព្រះយេហូវ៉ាដោយចិត្តក្លាហានក្នុងគ្រាលំបាកនៅជាន់ក្រោយបង្អស់នេះ។—ធីម៉ូថេទី២ ៣:១
[កំណត់សម្គាល់]
^ វគ្គ 17 មិនមែនព្យាការីអូបាឌាទេ។
តើអ្នកអាចឆ្លើយបានទេ?
• តើអ្វីបានពង្រឹងចិត្តក្លាហានរបស់យ៉ូស្វេនិងកាលែប?
• តើជំនឿពិតរួមបញ្ចូលអ្វីខ្លះ?
• ហេតុអ្វីក៏ហេណុកមិនភ័យខ្លាចពេលប្រកាសសាររបស់ព្រះយេហូវ៉ាដែលកាត់ទោសមនុស្សនៅសម័យគាត់?
• តើការកោតខ្លាចដល់ព្រះយេហូវ៉ាជួយពង្រឹងចិត្តក្លាហានបានយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២២]
លោកអូបាឌាបានការពារនិងចិញ្ចឹម ពួកព្យាការីរបស់ព្រះ