លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីគ្រានេះជាគ្រា«ចុងក្រោយ»នៃពិភពលោក?

ហេតុអ្វីគ្រានេះជាគ្រា«ចុងក្រោយ»នៃពិភពលោក?

ហេតុ​អ្វី​គ្រា​នេះ​ជា​គ្រា​«ចុង​ក្រោយ»​នៃ​ពិភពលោក?

តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ថា អ្នក​និង​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់​នឹង​មាន​អនាគត​បែប​ណា​ទេ? មនុស្ស​ជា​ច្រើន​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ផ្សាយ​មក​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​ផ្សេងៗ ដើម្បី​ដឹង​ថា​តើ​ព្រឹត្ដិការណ៍​នានា​ទូទាំង​ពិភពលោក​អាច​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ជីវិត​របស់​យើង? ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​អំពី​ចំណុច​នេះ​បាន ដោយ​មើល​សារ​ដែល​ជា​បន្ទូល​របស់​ព្រះ​អម្ចាស់​ក្នុង​ធម៌​របស់​ទ្រង់។ ព្រះ​គម្ពីរ​បរិសុទ្ធ​អាច​ជួយ​យើង​យល់​ច្បាស់​បាន ពីព្រោះ​យូរ​ឆ្នាំ​មុន​សម័យ​នេះ ទំនាយ​បាន​ត្រូវ​សរសេរ​ក្នុង​ព្រះ​គម្ពីរ​ដែល​ពណ៌នា​អំពី​ស្ថានភាព​នា​បច្ចុប្បន្ន​នេះ ហើយ​ក៏​រៀប​រាប់​អំពី​អ្វី​ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​អនាគត​ទៅ​ទៀត។

ជា​ឧទាហរណ៍ ពេល​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​មាន​ព្រះ​ជន្ម​រស់​នៅ​លើ​ផែនដី ទ្រង់​បាន​មាន​បន្ទូល​ច្រើន​ណាស់​អំពី​នគរ​ព្រះ។ (លូកា ៤:៤៣) មិន​ជា​ហេតុ​ងឿង​ឆ្ងល់​ឡើយ ថា​ពេល​មនុស្ស​ឮ​ដំណឹង​នោះ គេ​ក៏​ចង់​ដឹង​ថា​តើ​នគរ​ដ៏​អស្ចារ្យ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រង​រាជ្យ​នៅ​ពេល​ណា? ជាក់​ស្តែង បី​ថ្ងៃ​មុន​ព្រះ​យេស៊ូ​បាន​ត្រូវ​មនុស្ស​ធ្វើ​គុត​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​នោះ សិស្ស​របស់​ទ្រង់​បាន​សួរ​ថា​៖ «តើ​មាន​អ្វី​ជា​សំគាល់​អោយ​យើង​ខ្ញុំ​ដឹង​ថា​ដល់​ពេល​ព្រះ​អង្គ​យាង​មក​[ជា​អ្នក​សោយ​រាជ្យ] និង​ដល់​អវសាន​កាល​នៃ​ពិភពលោក?»។ (ម៉ាថាយ ២៤:៣, ខ.ស.) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​ជ្រាប​ពី​ពេល​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​រាជាណាចក្រ​របស់​ទ្រង់​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល។ (ម៉ាថាយ ២៤:៣៦; ម៉ាកុស ១៣:៣២) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​និង​បុរស​ឯ​ទៀត​បាន​ទាយ​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេងៗ​នៅ​លើ​ផែនដី​ដែល​ជា​ភ័ស្តុតាង​សម្គាល់​ថា ព្រះ​គ្រិស្ត​កំពុង​តែ​កាន់​អំណាច​សោយ​រាជ្យ​ហើយ។

អត្ថបទ​ក្រោយ​នឹង​បង្ហាញ​ទី​សំអាង​ដែល​បង្ហាញ​ថា​យើង​កំពុង​តែ​រស់​នៅ​គ្រា​ដែល​ហៅ​ថា គ្រា​«ចុង​ក្រោយ​បង្អស់»​នៃ​របប​លោកិយ​នេះ។ ប៉ុន្តែ​មុន​ដំបូង យើង​សូម​ពិភាក្សា​អំពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ដែល​បាន​កើត​ឡើង​នៅ​ស្ថាន​លើ​ដែល​មនុស្ស​យើង​មើល​មិន​ឃើញ។ (ធីម៉ូថេទី២ ៣:១, ខ.ស.) ព្រះ​យេស៊ូ​គ្រិស្ត​បាន​ទទួល​អំណាច​គ្រប់គ្រង​នៅ​លើ​មេឃ​ឬ​ស្ថានសួគ៌​នោះ នៅ​ឆ្នាំ​១៩១៤។ * (ដានីយ៉ែល ៧:១៣, ១៤) ពេល​ព្រះ​យេស៊ូ​ឡើង​សោយ​រាជ្យ ភ្លាមៗ​នោះ​ទ្រង់​បាន​ចាត់​វិធានការ។ ព្រះ​គម្ពីរ​រៀប​រាប់​ថា​៖ «មាន​ចំបាំង​នៅ​លើ​មេឃ . . . មីកែល​នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ​នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ»។ (វិវរណៈ ១២:៧) «មីកែល»​ដែល​ជា​«មហា​ទេវតា»​នោះ គឺ​ជា​ព្រះ​យេស៊ូ​គ្រិស្ត​នៅ​ឯ​ស្ថានសួគ៌។ * (យូដាស ៩; ថែស្សាឡូនីចទី១ ៤:១៦) នាគ​គឺ​ជា​អារក្ស​សាតាំង។ ក្នុង​ចម្បាំង​នោះ តើ​សាតាំង​និង​ពួក​អារក្ស​ដែល​ជា​ទេវតា​អាក្រក់​ឯ​ទៀត​ដែល​កាន់​តាម​វា មាន​ជ័យ​ជម្នះ​ឬ​បរាជ័យ? ពួក​វា​បាន​ចាញ់​ព្រះ​យេស៊ូ​ហើយ​ទ្រង់​បាន​«ទំលាក់»​ឬ​បោះ​ពួក​វា​ចេញ​ពី​ស្ថានសួគ៌​ឲ្យ​មក​ក្បែរៗ​ផែនដី។ (វិវរណៈ ១២:៩) ហេតុ​នេះ​ហើយ​បាន​ជា​«ស្ថានសួគ៌​នឹង​ពួក[ទេវតា​ដែល​ជា​បុត្រា​ស្មោះ​ត្រង់​របស់​ព្រះ]​នៅ​ស្ថាន​នោះ» មាន​ចិត្ត​អរ​សប្បាយ​ឡើង។ ប៉ុន្តែ មនុស្ស​ជាតិ​គ្មាន​ហេតុ​អរ​សប្បាយ​ដូច​ជា​ទេវតា​ទាំង​នោះ​ឡើយ ដ្បិត​ព្រះ​គម្ពីរ​ទាយ​ថា​៖ «វេទនា​ដល់​ផែនដី . . . ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង​ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។—វិវរណៈ ១២:១២

កំហឹង​របស់​សាតាំង​បាន​នាំ​ឲ្យ​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី​រង​ទុក្ខ​លំបាក​និង​មាន​វេទនា​យ៉ាង​ខ្លាំង។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​នឹង​រង​ទុក្ខ​វេទនា​តែ​មួយ​រយៈ​«ខ្លី»​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ​គ្រា​រង​ទុក្ខ​នោះ​ជា​គ្រា​«ចុង​ក្រោយ​បង្អស់»​នៃ​ពិភពលោក​អាក្រក់​នេះ។ យើង​អាច​មាន​ចិត្ត​សប្បាយ​ណាស់ ថា​ឆាប់ៗ​មុខ​នេះ​អារក្ស​នឹង​លែង​មាន​ឥទ្ធិពល​លើ​ផែនដី​ទៀត​ហើយ។ ប៉ុន្តែ តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា នេះ​ជា​គ្រា​ចុង​ក្រោយ​នៃ​ពិភពលោក​អាក្រក់​នេះ?

[កំណត់​សម្គាល់]

^ វគ្គ 4 សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៦ ទំព័រ​៦​-​៧។

^ វគ្គ 4 បើ​ចង់​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២៤៩​-​២៥១ ដែល​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​២]

COVER: Foreground: © Chris Stowers/Panos Pictures; background: FAROOQ NAEEM/AFP/Getty Images