លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅសាស្ដា

គោលសំខាន់ៗពីសៀវភៅសាស្ដា

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​សាស្ដា

លោក​យ៉ូប​បាន​សង្កេត​ឃើញ​ថា «មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធតែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង»។ (យ៉ូប ១៤:១) គឺ​ច្បាស់​ជា​សំខាន់​ណាស់ ដែល​យើង​មិន​បង្ខាត​ពេល​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​យើង​ដោយ​ស្វែង​រក​និង​ដេញ​តាម​អ្វី​ដែល​គ្មាន​ប្រយោជន៍! តើ​គួរ​គប្បី​ឲ្យ​យើង​ប្រើ​ពេល កម្លាំង​និង​ធនធាន​របស់​ខ្លួន​ក្នុង​ការ​អ្វី​ខ្លះ? តើ​យើង​គួរ​ជៀស​វាង​ទង្វើ​ណា​ខ្លះ? ពាក្យ​ពេចន៍​ក្នុង​សៀវភៅ​សាស្ដា​ក្នុង​ព្រះ​គម្ពីរ​ជូន​យោបល់​ល្អៗ​អំពី​រឿង​នេះ។ សារ​ក្នុង​សៀវភៅ​សាស្ដា​អាច​ជួយ​«ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត» ហើយ​អាច​ជួយ​ឲ្យ​ជីវិត​យើង​មាន​ខ្លឹមសារ​ជាង។—ហេព្រើរ ៤:១២

ស្តេច​សាឡូម៉ូន​នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ​មាន​ឈ្មោះ​ល្បី​ជា​អ្នកប្រាជ្ញ ហើយ​ទ្រង់​ជា​អ្នក​សរសេរ​សៀវភៅ​សាស្ដា​ដែល​មាន​យោបល់​ល្អៗ​ស្តី​អំពី​អ្វីៗ​ក្នុង​ជីវិត​ដែល​ពិត​ជា​មាន​តម្លៃ ហើយ​អំពី​អ្វី​ដែល​គ្មាន​ប្រយោជន៍​សោះ។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​សៀវភៅ​សាស្ដា​មុន​ទ្រង់​បាន​ងាក​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ពិត។ ប៉ុន្តែ ដោយសារ​សាឡូម៉ូន​សំដៅ​ទៅ​លើ​សមិទ្ធ​ផល​របស់​ទ្រង់ នេះ​នាំ​ឲ្យ​យល់​ថា​ទ្រង់​ប្រហែល​ជា​បាន​សរសេរ​សៀវភៅ​សាស្ដា​ក្រោយ​ទ្រង់​បង្ហើយ​កិច្ចការ​សាង​សង់​នោះ។ (នេហេមា ១៣:២៦) នេះ​បង្ហើប​ឲ្យ​ដឹង​ថា ស្តេច​សាឡូម៉ូន​ប្រហែល​ជា​បាន​សរសេរ​សៀវភៅ​សាស្ដា​ចប់​មុន​ឆ្នាំ​១០០០ មុនគ.ស. គឺ​ជិត​ដំណាច់​ការ​សោយ​រាជ្យ​រយៈ​ពេល​៤០​ឆ្នាំ​របស់​ទ្រង់។

តើ​អ្វី​មាន​ប្រយោជន៍?

(សាស្ដា ១:១​–​៦:១២)

ក្នុង​នាម​ជា​គ្រូ​ប្រដៅ សាឡូម៉ូន​លាន់​មាត់​ថា​៖ «គ្រប់​ទាំង​អស់​សុទ្ធតែ​ឥត​ប្រយោជន៍​ទទេ!»។ រួច​មក​ទ្រង់​សួរ​ថា​៖ «តើ​មនុស្ស​មាន​កំរៃ​អ្វី​ខ្លះ​ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ​ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ?»។ (សាស្ដា ១:២, ៣) ម្ដង​ហើយ​ម្ដង​ទៀត​សៀវភៅ​សាស្ដា​មាន​ពាក្យ​«ឥត​ប្រយោជន៍» ហើយ​ពាក្យ​«នៅ​ក្រោម​ថ្ងៃ»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា «ឥត​ប្រយោជន៍» មាន​ន័យ​ចំៗ​ថា «ដង្ហើម»​ឬ​«ចំហាយ» ដែល​បង្កប់​អត្ថន័យ​ថា ជា​អ្វី​ដែល​គ្មាន​ស្ថិរភាព​ឬ​គ្មាន​តម្លៃ​ស្ថិតស្ថេរ​ទេ។ ឃ្លា​«នៅ​ក្រោម​ថ្ងៃ» មាន​ន័យ​ថា «នៅ​លើ​ផែនដី​នេះ»​ឬ​«ក្នុង​លោកិយ​នេះ»។ ដូច្នេះ អ្វីៗ​ទាំង​អស់ ពោល​គឺ​ការ​ខិតខំ​របស់​មនុស្ស​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ សុទ្ធតែ​ឥត​ប្រយោជន៍​ទទេ។

សាឡូម៉ូន​មាន​បន្ទូល​ថា​៖ «ចូរ​រក្សា​ជើង​ឯង​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ»​ប្រយោជន៍​ឲ្យ​«ចូល​ទៅ​ជិត​ដើម្បី​ស្ដាប់»។ (សាស្ដា ៥:​១) ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត មិន​មែន​ជា​អ្វី​ដែល​ឥត​ប្រយោជន៍​ទេ។ តាម​ពិត ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់​ជា​អ្វី​ដែល​ចាំបាច់​ដើម្បី​ឲ្យ​ជីវិត​មាន​ខ្លឹមសារ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:១, ២—ហេតុ​អ្វី​ទ្រង់​ហៅ​ការ​សើច​សប្បាយ​«ជា​ការ​ចំកួត»? ការ​សើច​សប្បាយ​ប្រហែល​ជា​ជួយ​យើង​បំភ្លេច​កង្វល់​មួយ​រយៈ ឬ​ធ្វើ​ឲ្យ​យើង​មើល​ស្រាល​នូវ​បញ្ហា​របស់​ខ្លួន។ ក៏​ប៉ុន្តែ ការ​សើច​សប្បាយ​មិន​អាច​បំបាត់​ចោល​នូវ​បញ្ហា​ទាំង​នោះ​ឡើយ។ ហេតុ​នេះ​ហើយ ការ​រក​សុភមង្គល​តាម​រយៈ​ការ​សើច​សប្បាយ​គឺ​ជា​«ការ​ចំកួត»​វិញ។

៣:១១—តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ខ្លះ «ល្អ​តាម​រដូវ​កាល»? របស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​«ល្អ»​តាម​រដូវ​កាល​ឬ​ជា​ពេល​ដែល​សមរម្យ នោះ​កើត​មក​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​ហើយ​ក៏​មាន​ប្រយោជន៍​ផង​ដែរ។ របស់​ទាំង​នោះ​រួម​បញ្ចូល​ការ​បង្កើត​អ័ដាម​និង​អេវ៉ា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ពេល​បង្កើត​ឥន្ទធនូ​និង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ដាវីឌ ហើយ​ការ​យាង​មក​របស់​ព្រះ​មេស្ស៊ី​និង​ការ​តែងតាំង​ព្រះ​យេស៊ូ​គ្រិស្ត​ជា​ស្តេច​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ មាន​អ្វី​ទៀត​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​«ល្អ»​នា​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ។ យើង​អាច​ជឿជាក់​ថា ពិភព​លោក​ថ្មី​ដ៏​សុចរិត​នឹង​រៀបចំ​ឡើង​តាម​រដូវ​កាល​ឬ​តាម​ពេល​កំណត់​របស់​ព្រះ។—ពេត្រុសទី២ ៣:១៣

មេ​រៀន​សម្រាប់​យើង:

១:១៥: ការ​ចំណាយ​ពេល​និង​កម្លាំង​ក្នុង​ការ​ព្យាយាម​កែ​តម្រង់​នូវ​អំពើ​អយុត្ដិធម៌​និង​ការ​គាប​សង្កត់​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ គ្មាន​ប្រយោជន៍​អ្វី​សោះ។ មាន​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​អាច​លុប​បំបាត់​ចោល​អំពើ​អាក្រក់។—ដានីយ៉ែល ២:៤៤

២:៤​-​១១: ការ​កសាង​សំណង់​ធំៗ តាក់តែង​សួន​ឧទ្យាន​ស្អាតៗ ជាប់​រវល់​ក្នុង​ផ្នែក​សិល្បៈ និង​របៀប​រស់​នៅ​របស់​អ្នក​មាន​ជា​ដើម សុទ្ធតែ​ជា​អ្វី​ដែល​«អសារ​ឥត​ការ​ទទេ» ពីព្រោះ​មិន​ធ្វើ​ឲ្យ​ជីវិត​មាន​ខ្លឹមសារ​ឬ​នាំ​ឲ្យ​មាន​សុភមង្គល​ស្ថិតស្ថេរ​ឡើយ។

២:១២​-​១៦: ប្រាជ្ញា​រមែង​វិសេស​ជាង​សេចក្ដី​ផ្ដេសផ្ដាស​ក្នុង​ន័យ​ថា មាន​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្លះៗ។ ប៉ុន្តែ ប្រាជ្ញា​របស់​មនុស្ស​គ្មាន​អ្វី​វិសេស​ឬ​គ្មាន​ប្រយោជន៍​អ្វី​សោះ​ពេល​គាត់​ស្លាប់។ សូម្បី​តែ​មនុស្ស​ដែល​មាន​ឈ្មោះ​ល្បី​ជា​អ្នកប្រាជ្ញ នោះ​មិន​យូរ​មិន​ឆាប់​មនុស្ស​ក៏​ភ្លេច​គាត់​ផង​ដែរ។

២:២៤; ៣:១២, ១៣, ២២: មិន​ជា​ការ​ខុស​ទេ ឲ្យ​យើង​មាន​ការ​សប្បាយ​ដោយ​ព្រោះ​បាន​បង្កើត​ផល​ល្អ​ពី​ការ​នឿយ​ហត់​របស់​ខ្លួន។

២:២៦: ចំពោះ​«មនុស្ស​ណា​ដែល​គាប់​ព្រះ​ហឫទ័យ»​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ប្រទាន​ប្រាជ្ញា​ដែល​នាំ​ឲ្យ​មាន​អំណរ។ បើ​មនុស្ស​មិន​មាន​ចំណង​មេត្រីភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​គេ​ក៏​គ្មាន​លទ្ធភាព​ទទួល​ប្រាជ្ញា​ពី​ទ្រង់​បាន​ឡើយ។

៣:១៦, ១៧: យើង​មិន​គួរ​សង្ឃឹម​ថា​អាច​មាន​ភាព​យុត្ដិធម៌​ទាំង​ស្រុង​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ឡើយ។ ប៉ុន្តែ ជា​ជាង​ខ្វល់ខ្វាយ​អំពី​ស្ថានភាព​ក្នុង​លោកិយ​នេះ យើង​គួរ​រង់ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​កែ​ប្រែ​ស្ថានភាព​ទាំង​អស់​វិញ។

៤:៤: ពេល​យើង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ប៉ិន​ប្រសប់ នេះ​អាច​នាំ​ឲ្យ​ពេញ​ចិត្ត​មែន។ ប៉ុន្តែ បើ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង នេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង ទាំង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ច្រណែន​និង​ព្យាបាទ​គ្នា។ ការ​ខ្នះខ្នែង​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​គ្រិស្ត​សា​សនិក​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​បំណង​ចិត្ត​ល្អ។

៤:៧​-​១២: ចំណង​មិត្តភាព​ជា​មួយ​អ្នក​ដទៃ​គឺ​សំខាន់​ជាង​វត្ថុ​ទ្រព្យ ហើយ​មិន​គួរ​បាត់បង់​ទំនាក់ទំនង​នោះ​ដោយ​ព្រោះ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ។

៤:១៣: ឋានៈ​ខ្ពស់​និង​វ័យ​ចំណាស់​មិន​តែង​តែ​ផ្ដល់​ហេតុ​ឲ្យ​អ្នក​ដទៃ​គោរព​យើង​ទេ។ មនុស្ស​ដែល​មាន​តួ​នាទី​សំខាន់​គួរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

៤:១៥, ១៦: «បណ្ដា​ជន​ទាំង​ឡាយ»​ប្រហែល​ជា‹កាន់​ខាង​មនុស្ស​កំឡោះ​ដែល​ជា​អ្នក​ទី២›ឬ​អ្នក​ស្នង​រាជ្យ ពេល​ទ្រង់​«គ្រប់គ្រង​លើ»​គេ​ដំបូង ប៉ុន្តែ​ក្រោយៗ​មក គេ​ប្រហែល​ជា​«មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ»។ ប្រាកដ​ហើយ កម្រ​ណាស់​ដែល​មនុស្ស​មាន​ប្រជាប្រិយភាព​យូរ​អង្វែង។

៥:២: គប្បី​ឲ្យ​យើង​ពោល​ពាក្យ​គួរ​សម​ហើយ​ត្រឹម​ត្រូវ​ពេល​អធិស្ឋាន តែ​កុំ​ឲ្យ​ពីរោះ​ជ្រុល​ពេក។

៥:៣​-​៧: ការ​គិត​ច្រើន​ពេក​អំពី​របស់​ទ្រព្យ​អាច​នាំ​ឲ្យ​យើង​ស្រមើ​ស្រមៃ​ចង់​បំពេញ​តែ​ចំណង់​ចិត្ត​ខ្លួន​ឯង។ នេះ​ក៏​អាច​នាំ​ឲ្យ​ដេក​មិន​ឆ្អែត​ពេល​យប់​ពីព្រោះ​ចេះ​តែ​យល់សប្ដិ​ជា​និច្ច។ រីឯ​មនុស្ស​ដែល​និយាយ​ច្រើន អ្នក​ដទៃ​អាច​ចាត់​ទុក​អ្នក​នោះ​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ការ​និយាយ​ច្រើន​នេះ​អាច​នាំ​ឲ្យ​គាត់​បន់​ឬ​ស្បថ​ចំពោះ​ព្រះ​ដោយ​ឥត​ចេះ​គិត។ ប៉ុន្តែ បើ​យើង​«កោត​ខ្លាច​ដល់​ព្រះ» យើង​នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ។

៦:១​-​៩: បើ​មាន​អ្វី​រំខាន​មិន​ឲ្យ​យើង​សប្បាយ​នឹង​ទ្រព្យ​សម្បត្ដិ កិត្ដិយស កូន​ចៅ​ច្រើន​និង​អាយុ​យឺន​យូរ​នោះ តើ​របស់​ទាំង​នោះ​មាន​ប្រយោជន៍​អ្វី? ណា​មួយ​ទៀត «ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក»​ឬ​ការ​ទទួល​ស្គាល់​ហេតុ​ការណ៍​ពិត​ក្នុង​ជីវិត «នោះ​វិសេស​ជាង​មាន​ចិត្ត​ប៉ង​សាវា»​ដោយ​ខំ​បំពេញ​ចិត្ត​ប្រាថ្នា​ដែល​គ្មាន​លទ្ធភាព​សម្រេច​បាន​ឡើយ។ ដូច្នេះ របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​គឺ​ដោយ​ស្កប់​ចិត្ត​ចំពោះ​«អាហារ​[ដែល​យើង]​ទទួល​ទាន នឹង​សំលៀក​បំពាក់» ទាំង​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​មាន​ប្រយោជន៍ ហើយ​ផ្ដោត​អារម្មណ៍​លើ​ការ​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ធីម៉ូថេទី១ ៦:៨

ឱវាទ​ជូន​ចំពោះ​មនុស្ស​ដែល​មាន​ប្រាជ្ញា

(សាស្ដា ៧:១​–​១២:៨)

តើ​យើង​អាច​ការពារ​កេរ្ដិ៍​ឈ្មោះ​ល្អ​បាន​យ៉ាង​ណា? តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​គ្រប់គ្រង​និង​អំពើ​អយុត្ដិធម៌​ដែល​យើង​ឃើញ? ដោយសារ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​សោះ តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ពេល​នៅ​រស់? តើ​ប្អូនៗ​យុវជន​យុវតី​គួរ​ប្រើ​ពេល​និង​កម្លាំង​របស់​ខ្លួន​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ប្រយោជន៍? គ្រូ​ប្រដៅ​ជូន​យោបល់​ល្អៗ​អំពី​រឿង​ទាំង​នេះ​និង​រឿង​ផ្សេង​ទៀត​ដូច​បាន​កត់​ទុក​ក្នុង​សាស្ដា​ជំពូក​៧​ដល់​១២។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៧:១៩—តើ​ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​«អ្នក​គ្រប់គ្រង​[ឬ​«អ្នក​មាន​អំណាច»​, ព.ថ.]​១០​នាក់»​បាន​យ៉ាង​ណា? ពេល​ព្រះ​គម្ពីរ​ប្រើ​លេខ​ជា​អត្ថបដិរូប លេខ​១០​តំណាង​អ្វី​ដែល​គ្រប់​មិន​ខ្វះ។ ពេល​សាឡូម៉ូន​មាន​បន្ទូល​នេះ ទ្រង់​ចង់​បញ្ជាក់​ន័យ​ថា ប្រាជ្ញា​មាន​តម្លៃ​ការពារ​យើង​ច្រើន​ជាង​មេ​ទាហាន​ដែល​មាន​ចំនួន​គ្រប់គ្រាន់​នឹង​ការពារ​ទី​ក្រុង​ទៅ​ទៀត។

១០:២—តើ​ចិត្ត​មនុស្ស​អាច​«នៅ​ខាង​ដៃ​ស្ដាំ»​ឬ​«នៅ​ខាង​ដៃ​ឆ្វេង»​ក្នុង​ន័យ​អ្វី? ជា​ធម្មតា របស់​នៅ​ខាង​ដៃ​ស្ដាំ​តំណាង​អ្វី​ដែល​ជា​ទីគាប់​ចិត្ត ដូច្នេះ​បើ​មនុស្ស​មាន​ចិត្ត​នៅ​ខាង​ដៃ​ស្ដាំ នោះ​មាន​ន័យ​ថា​ចិត្ត​កំពុង​តែ​ជំរុញ​គាត់​ឲ្យ​ធ្វើ​ល្អ។ ប៉ុន្តែ បើ​ចិត្ត​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង នោះ​អាច​និយាយ​ថា ចិត្ត​គាត់​នៅ​ខាង​ដៃ​ឆ្វេង​វិញ។

១០:១៥—តើ​«ការ​ដែល​មនុស្ស​ល្ងីល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់»​យ៉ាង​ដូច​ម្ដេច? បើ​មនុស្ស​មិន​សូវ​ចេះ​គិត​ថ្លឹង​ថ្លែង ទោះ​ជា​ខំ​ធ្វើ​ការ​ក៏​ដោយ គាត់​មិន​សូវ​បង្កើត​បាន​ផល​ល្អ​ទេ។ ជា​លទ្ធផល ការ​ពុះពារ​នាំ​ឲ្យ​គាត់​នឿយ​ហត់​ប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​មាន​ចិត្ត​ស្កប់ស្កល់​ដែរ។

១១:៧, ៨—ឃ្លា​ថា «ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល» តើ​មាន​ន័យ​អ្វី? ដោយ​ព្រោះ​មាន​ពន្លឺ​ថ្ងៃ នោះ​យើង​អាច​សប្បាយ​នឹង​ជីវិត​ដែរ។ សាឡូម៉ូន​មាន​បន្ទូល​នេះ​ដើម្បី​បញ្ជាក់​ថា យើង​គួរ​មាន​ចិត្ត​សប្បាយ​ដោយ​ព្រោះ​មាន​ជីវិត ប៉ុន្តែ​យើង​ក៏​គួរ​«មាន​សេចក្ដី​អំណរ»​ឥឡូវ​នេះ​ដែរ គឺ​មុន​ពេល​យើង​ទៅ​ជា​អស់​កម្លាំង​ដោយសារ​អស់​ទាំង​ថ្ងៃ​ដែល​មាន​សេចក្ដី​ងងឹត​ឬ​ភាព​ចាស់​ជរា​មក​ដល់។

១១:១០—ហេតុ​អ្វី​ក៏​«គ្រា​នៅ​កំឡោះ ហើយ​វ័យ​ក្មេង»​រាប់​ជា​ឥត​ប្រយោជន៍​ទទេ? បើ​មិន​ប្រើ​ភាព​យុវ​វ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​គឺ​ឥត​ប្រយោជន៍​ទទេ​ពីព្រោះ​វ័យ​នោះ​នឹង​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​ដូច​ជា​ចំហាយ​ទឹក។

មេ​រៀន​សម្រាប់​យើង:

៧:៦: ការ​សើច​សប្បាយ​ពេល​មិន​សម​គួរ​នោះ ធ្វើ​ឲ្យ​រកាំ​ចិត្ត​ហើយ​គ្មាន​ប្រយោជន៍​អ្វី​សោះ​ដូច​ជា​សូរ​គុកគឹក​ពេល​ដុត​បន្លា​ក្រោម​ឆ្នាំង។ យក​ល្អ​ឲ្យ​យើង​ឃាត់​ចិត្ត​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។

៧:២១, ២២: កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពេក​ចំពោះ​ពាក្យ​សម្ដី​របស់​មនុស្ស​ដទៃ។

៨:២, ៣; ១០:៤: បើ​និយោជក​ឬ​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់​ស្តី​បន្ទោស​ឬ​រិះគន់​ចំពោះ​យើង យក​ល្អ​កុំ​ឲ្យ​យើង​ខឹង​ឡើយ។ ហើយ​«កុំ​ឲ្យ​ប្រញាប់​នឹង​ថយ​ចេញ»​ឬ​លា​ឈប់​ពី​ការងារ​នោះ​ឡើយ។

៨:៨; ៩:៥​-​១០, ១២: យើង​អាច​រលត់​សង្ខារ​ភ្លាមៗ​ដោយ​មិន​ដឹង​ទុក​ជា​មុន ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ឬ​សត្វ​ស្លាប​ដែល​ជាប់​ក្នុង​អន្ទាក់។ ម្យ៉ាង​ទៀត ពេល​ស្លាប់​ទៅ​គ្មាន​អ្នក​ណា​អាច​ទប់​ស្កាត់​កុំ​ឲ្យ​កម្លាំង​ជីវិត​របស់​យើង​រលាយ​បាត់​នោះ​ទេ ហើយ​គ្មាន​អ្នក​ណា​អាច​គេច​រួច​ពី​សេចក្ដី​ស្លាប់​ដែល​ប្រៀប​ដូច​ជា​ខ្មាំង​កំពុង​ច្បាំង​នឹង​មនុស្ស។ អាស្រ័យ​ហេតុ​នេះ យើង​មិន​គួរ​ខាត​ពេល​ដោយ​ធ្វើ​អ្វី​ដែល​ឥត​ប្រយោជន៍​នោះ​ទេ។ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ធ្វើ​អ្វីៗ​ដែល​សប្បាយ ហើយ​នេះ​បង្ហាញ​ថា​យើង​ចាត់​ទុក​ជីវិត​ជា​អ្វី​ដែល​មាន​តម្លៃ។ ដើម្បី​ធ្វើ​ដូច្នេះ កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង។

៨:១៦, ១៧: ទោះ​បើ​យើង​សុខ​ចិត្ត​មិន​ដេក​ដោយ​គិត​អំពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ធ្វើ​ឬ​កំពុង​តែ​អនុញ្ញាត​ឲ្យ​កើត​មាន​ឡើង​ក្នុង​ចំណោម​មនុស្ស​ជាតិ នោះ​យើង​នៅ​តែ​មិន​អាច​យល់​ទាំង​អស់​បាន​ឡើយ។ បើ​យើង​ចេះ​តែ​ខ្វល់ខ្វាយ​អំពី​អំពើ​អាក្រក់​ទាំង​ឡាយ​ដែល​កំពុង​តែ​មាន​នោះ យើង​នឹង​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ។

៩:១៦​-​១៨: យើង​ត្រូវ​ឲ្យ​តម្លៃ​ចំពោះ​ប្រាជ្ញា សូម្បី​តែ​ពេល​មនុស្ស​ជា​ច្រើន​ឥត​ធ្វើ​ដូច្នេះ​ក៏​ដោយ។ សម្ដី​ទន់ភ្លន់​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​ប្រយោជន៍​ជាង​សម្រែក​ឡូឡា​របស់​មនុស្ស​ល្ងីល្ងើ។

១០:១: យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ពាក្យ​សម្ដី​ហើយ​ការ​ប្រព្រឹត្ត​របស់​យើង។ ទង្វើ​មិន​ល្អ​សូម្បី​តែ​ម្ដង​ក្ដី ដូច​ជា​ការ​ដំឡើង​សរសៃ​ក​ដាក់​អ្នក​ឯ​ទៀត ការ​ប្រមឹក​ស្រា​មួយ​ដង​ឬ​ការ​ធ្វើ​អំពើ​អសីលធម៌​ណា​ក៏​ដោយ នោះ​ល្មម​នឹង​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​មនុស្ស​ល្អ។

១០:៥​-​១១: មិន​គួរ​ឲ្យ​យើង​ច្រណែន​មុខ​តំណែង​របស់​អ្នក​ធំ​ដែល​មិន​ចេះ​គិត។ បើ​យើង​មិន​ចេះ​ធ្វើ​អ្វី​មួយ សូម្បី​តែ​កិច្ចការ​នោះ​តូចតាច​ក៏​ដោយ នេះ​អាច​នាំ​ឲ្យ​មាន​អន្តរាយ។ ផ្ទុយ​ទៅ​វិញ បើ​យើង​បណ្ដុះ​ឲ្យ​មាន‹ប្រាជ្ញា​ដើម្បី​ដំ​រង់​ការ›ឬ​សម្រេច​កិច្ចការ នោះ​នឹង​មាន​ប្រយោជន៍​វិញ។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​បំនិន​ក្នុង​កិច្ចការ​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។

១១:១, ២: យើង​គួរ​មាន​ទម្លាប់​បង្ហាញ​ចិត្ត​សទ្ធា។ នេះ​នឹង​ជំរុញ​ឲ្យ​អ្នក​ដទៃ​មាន​ចិត្ត​សទ្ធា​ដែរ។—លូកា ៦:៣៨

១១:៣​-​៦: ភាព​មិន​ទៀងទាត់​ក្នុង​ជីវិត មិន​គួរ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត។

១១:៩; ១២:១​-​៧: ពួក​យុវ​វ័យ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ ពួក​គេ​គួរ​ប្រើ​ពេល​និង​កម្លាំង​ក្នុង​កិច្ច​បម្រើ​ព្រះ​មុន​អស់​កម្លាំង​ដោយ​ព្រោះ​ចាស់​ជរា។

ចូរ​ឲ្យ​«ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា» ដឹក​នាំ​យើង

(សាស្ដា ១២:៩​-​១៤)

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​«ពាក្យ​ពីរោះ»​ដែល​គ្រូ​ប្រដៅ​បាន​ស្វែង​រក​និង​តែង​ទុក​នោះ? សព្វ​ថ្ងៃ​នេះ «សៀវភៅ​ជា​ច្រើន»​ផ្សាយ​ចេញ​នូវ​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ក្នុង​លោកិយ​នេះ​ដែល​គ្មាន​ប្រយោជន៍​ស្មើ​នឹង​«ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា[ដែល]ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១»។ (សាស្ដា ១២:១០​-​១២) ពាក្យ​ល្អៗ​ដែល​ព្រះ​យេហូវ៉ា​ជា​«អ្នក​គង្វាល​តែ​១»​ប្រទាន​មក​នោះ ជួយ​ឲ្យ​ជីវិត​យើង​មាន​ស្ថិរភាព​ហាក់​ដូច​ជា​បោះ​ភ្ជាប់។

ការ​ធ្វើ​តាម​យោបល់​ល្អៗ​ក្នុង​សៀវភៅ​សាស្ដា ពិត​ជា​នឹង​ជួយ​យើង​មាន​សុភមង្គល​និង​ជីវិត​ដែល​មាន​ខ្លឹមសារ។ ម្យ៉ាង​ទៀត មាន​ការ​ធានា​ថា​៖ «ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត​ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ»។ បើ​ដូច្នេះ ចូរ​យើង​តាំង​ចិត្ត​ឲ្យ​«កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ!»។—សាស្ដា ៨:​១២; ១២:១៣