លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យការប្រព្រឹត្ដទាំងអស់បង្ហាញពីជំនឿរបស់អ្នក

ចូរឲ្យការប្រព្រឹត្ដទាំងអស់បង្ហាញពីជំនឿរបស់អ្នក

ចូរ​ឲ្យ​ការ​ប្រព្រឹត្ត​ទាំង​អស់​បង្ហាញ​ពី​ជំនឿ​របស់​អ្នក

​«ឯ​សេចក្ដី​ជំនឿ . . . បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង»។—យ៉ាកុប ២:១៧

១​. ហេតុ​អ្វី​បាន​ជា​ពួក​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជំនឿ​ផង​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ផង?

របៀប​រស់​នៅ​របស់​ក្រុម​ពួក​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម​បាន​បង្ហាញ​ពី​ជំនឿ​របស់​ពួក​គេ។ លោក​យ៉ាកុប​បាន​ដាស់​តឿន​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ថា​៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ»។ គាត់​បញ្ជាក់​ទៀត​ថា​៖ «សេចក្ដី​ជំនឿ​បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូប​កាយ​បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ»។ (យ៉ាកុប ១:២២; ២:២៦) ប្រមាណ​៣៥​ឆ្នាំ​ក្រោយ​គាត់​បាន​សរសេរ​ពាក្យ​ទាំង​នោះ ពួក​គ្រិស្ត​សា​សនិក​ជា​ច្រើន​នៅ​តែ​បាន​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​ដោយ​មាន​ការ​ប្រព្រឹត្ត​សម​ស្រប​នឹង​ជំនឿ​នោះ។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ដែល​គ្រិស្ត​សា​សនិក​ខ្លះ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ព្រះ​យេស៊ូ​បាន​សរសើរ​ពួក​ជំនុំ​នៅ​ក្រុង​ស្មឺន៉ា តែ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​បងប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​សើដេស​ថា​៖ «អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ»។—វិវរណៈ ២:៨​-​១១; ៣:១

២​. តើ​ពួក​គ្រិស្ត​សា​សនិក​គួរ​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ​ដែល​ទាក់ទង​ជំនឿ​របស់​ខ្លួន?

ស្រប​ទៅ​តាម​កាលៈទេសៈ​នោះ ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​បងប្អូន​គ្រិស្ត​សា​សនិក​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​សើដេស​ឲ្យ​ចាំ​យាម​ខាង​វិញ្ញាណ ព្រម​ទាំង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ដូច​ដែល​ពួក​គេ​ធ្លាប់​មាន​ពីដើម​មក។ មនុស្ស​ណា​ដែល​អាន​បន្ទូល​ទ្រង់​នៅ​សម័យ​ក្រោយៗ​មក​ក៏​គួរ​ធ្វើ​ដូច​គ្នា​ដែរ។ (វិវរណៈ ៣:២, ៣) យើង​រាល់​គ្នា​ក៏​គួរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​អ្វី? សូម្បី​តែ​ពេល​មិន​ទាក់ទង​កិច្ចការ​ផ្សព្វផ្សាយ​និង​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ជំនុំ​ក្ដី តើ​ទង្វើ​ទាំង​អស់​របស់​ខ្ញុំ​បង្ហាញ​ច្បាស់​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​តាម​ជំនឿ​របស់​ខ្ញុំ​អស់​ពី​សមត្ថភាព​ឬ?›។ (លូកា ១៦:១០) តាម​ពិត​សំណួរ​ទាំង​នេះ​ទាក់ទង​នឹង​ទិដ្ឋភាព​ជា​ច្រើន​នៃ​ជីវិត​យើង។ ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ​យើង​សូម​ពិភាក្សា​អំពី​ចំណុច​តែ​មួយ​គត់ ពោល​គឺ​កម្មវិធី​ជប់លៀង​ដែល​រួម​បញ្ចូល​ពិធី​មង្គលការ​ផង​ដែរ។

ពិធី​ជប់លៀង​តូចតាច

៣​. តើ​ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ពិធី​ជប់លៀង?

យើង​ភាគ​ច្រើន​រីករាយ​ណាស់​ពេល​បងប្អូន​គ្រិស្ត​សា​សនិក​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​ពិធី​ជប់លៀង។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល‹ប្រកប​ដោយ​សុភមង្គល› ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​បម្រើ​ទ្រង់​មាន​សុភមង្គល​ដែរ។ (ធីម៉ូថេទី១ ១:១១, ខ.ស.) ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាឡូម៉ូន​សរសេរ​ការ​ពិត​នេះ​ក្នុង​ព្រះ​គម្ពីរ​ថា​៖ «យើង​បាន​និយម​ខាង​សេចក្ដី​សប្បាយ​ពីព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥត​មាន​អ្វី​ល្អ​ជាង​ការ​ស៊ី​ផឹក​ហើយ​មាន​ចិត្ត​រីករាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ប៉ុណ្ណោះ​ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ដែល​នឹង​នៅ​ជាប់​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្លួន»។ (សាស្ដា ៣:១, ៤, ១៣; ៨:១៥) យើង​អាច​មាន​ចិត្ត​រីករាយ​បែប​នោះ​ពេល​រួម​គ្នា​បរិភោគ​អាហារ​ជា​ក្រុម​គ្រួសារ ឬ​ពេល​មាន​ពិធី​ជប់លៀង​តូច​ជា​មួយ​បងប្អូន​គ្នីគ្នា​ដែល​រួម​ជំនឿ​លើ​សេចក្ដី​ពិត។—យ៉ូប ១:៤, ៥, ១៨; លូកា ១០:៣៨​-​៤២; ១៤:១២​-​១៤

៤​. តើ​អ្នក​ដែល​រៀបចំ​ពិធី​ជប់លៀង​តូច​គួរ​ចង​ចាំ​អ្វី?

បើ​អ្នក​មាន​ផែនការ​រៀបចំ​ពិធី​ជប់លៀង​មួយ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​កម្មវិធី​នោះ​ពីព្រោះ​អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​កើត​ឡើង សូម្បី​តែ​ពេល​អញ្ជើញ​អ្នក​ជឿ​គ្នីគ្នា​តែ​ពីរបី​នាក់​ប៉ុណ្ណោះ​ឲ្យ​រួម​គ្នា​បរិភោគ​អាហារ​និង​សំណេះសំណាល​គ្នា​ក្ដី។ (រ៉ូម ១២:១៣) អ្នក​ប្រាកដ​ជា​នឹង​ចង់​រៀបចំ​ឲ្យ​«ការ​ទាំង​អស់[កើត​ឡើង]តាម​បែប​គួរ​សម» ហើយ​អនុញ្ញាត​ឲ្យ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​មាន​ឥទ្ធិពល​លើ​ការ​រៀបចំ​របស់​អ្នក។ (កូរិនថូសទី១ ១៤:៤០; យ៉ាកុប ៣:១៧) សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ទោះ​បើ​ស៊ី​ឬ​ផឹក​ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ! កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត»​ឡើយ។ (កូរិនថូសទី១ ១០:៣១, ៣២) តើ​យើង​គួរ​ប្រយ័ត្ន​នឹង​អ្វី​ខ្លះ? ការ​ពិចារណា​ចំណុច​ខ្លះៗ​ជា​មុន​អាច​ជួយ​ឲ្យ​អ្នក​និង​ភ្ញៀវ​ប្រព្រឹត្ត​បែប​យ៉ាង​ណា​ដែល​បង្ហាញ​ពី​ជំនឿ​របស់​អ្នក។—រ៉ូម ១២:២

តើ​នឹង​រៀបចំ​ពិធី​ជប់លៀង​យ៉ាង​ដូច​ម្ដេច?

៥​. ហេតុ​អ្វី​ក៏​អ្នក​រៀបចំ​ពិធី​ជប់លៀង​គួរ​គិត​ពិចារណា​សិន មុន​ចាក់​បទ​ចម្រៀង​ឬ​ចែក​ភេសជ្ជៈ​ដែល​មាន​ជាតិ​សុរា?

អ្នក​ដែល​រៀបចំ​ពិធី​ជប់លៀង​តូច​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​នឹង​ចែក​ជូន​ភេសជ្ជៈ​ដែល​មាន​ជាតិ​សុរា​ឬ​អត់? តាម​ពិត មិន​ចាំបាច់​ឲ្យ​ពិធី​យើង​រួម​បញ្ចូល​ស្រា​ដើម្បី​ឲ្យ​បាន​សប្បាយ​ទេ។ សូម​ចាំ​ថា ព្រះ​យេស៊ូ​បាន​រៀបចំ​អាហារ​ដោយ​ចែក​ត្រី​និង​នំប៉័ង​ដល់​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​មក​ជួប​ជា​មួយ​នឹង​ទ្រង់។ ប៉ុន្តែ ទោះ​ជា​ព្រះ​យេស៊ូ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​ស្រា​ក្រហម​ក៏​ដោយ កំណត់​ហេតុ​មិន​ប្រាប់​ថា​ទ្រង់​ធ្វើ​ដូច្នេះ​ទេ។ (ម៉ាថាយ ១៤:១៤​-​២១) បើ​អ្នក​សម្រេច​ចិត្ត​ជូន​ភេសជ្ជៈ​ដែល​មាន​ជាតិ​សុរា​ដល់​ភ្ញៀវ​ពេល​មាន​ពិធី​ជប់លៀង ចូរ​ចេះ​ប្រមាណ​ក្នុង​រឿង​នេះ ហើយ​រៀបចំ​ឲ្យ​មាន​ភេសជ្ជៈ​ឆ្ងាញ់​ផ្សេងៗ​ទៀត​សម្រាប់​ពួក​អ្នក​ដែល​មិន​ចង់​ពិសា​ស្រា។ (ធីម៉ូថេទី១ ៣:២, ៣, ៨; ៥:២៣; ពេត្រុសទី១ ៤:៣) ចូរ​ជៀស​វាង​ដាច់ខាត​នូវ​ការ​បង្ខិត​បង្ខំ​ឲ្យ​ភ្ញៀវ​ពិសា​ស្រា​ដែល​អាច​«ចឹក​ដូច​ជា​ពស់»។ (សុភាសិត ២៣:​២៩​-​៣២) តើ​នឹង​មាន​បទ​ភ្លេង​ឬ​ការ​ច្រៀង​ចម្រៀង​ឬ​ទេ? បើ​មាន​មែន អ្នក​ច្បាស់​ជា​នឹង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​បទ​ចម្រៀង​ដោយ​គិត​អំពី​ចង្វាក់​ភ្លេង​និង​អត្ថន័យ។ (កូល៉ុស ៣:៨; យ៉ាកុប ១:២១) បងប្អូន​គ្រិស្ត​សា​សនិក​ជា​ច្រើន​ចូល​ចិត្ត​ចាក់​បទ​ភ្លេង​ព្រះ​រាជាណាចក្រ ឬ​ក៏​រួម​គ្នា​ច្រៀង​បទ​ទាំង​នោះ​យ៉ាង​សប្បាយ។ (អេភេសូរ ៥:១៩, ២០) យ៉ាង​ណា​ក្ដី គប្បី​ឲ្យ​យើង​គិត​ម្ដងម្កាល​អំពី​ទំហំ​សំឡេង​បទ​ចម្រៀង​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ជិត​ខាង​ឬ​ភ្ញៀវ​យើង​ដែល​កំពុង​តែ​ពិភាក្សា​គ្នា។—ម៉ាថាយ ៧:១២

៦​. ស្តី​អំពី​ទង្វើ​និង​ការ​ពិគ្រោះ​គ្នា​របស់​ភ្ញៀវ តើ​ម្ចាស់​ពិធី​ជប់លៀង​អាច​បង្ហាញ​យ៉ាង​ណា​ថា​ជំនឿ​របស់​ខ្លួន​ឥត​ស្លាប់?

ពេល​មាន​ពិធី​ជប់លៀង​តូច ពួក​គ្រិស្ត​សា​សនិក​ប្រហែល​ជា​ចូល​ចិត្ត​ពិគ្រោះ​រឿង​ផ្សេងៗ អាន​សៀវភៅ​ឲ្យ​គ្រប់​គ្នា​ស្ដាប់ ឬ​រៀប​រាប់​បទពិសោធន៍​ផ្សេងៗ​ក៏​មាន។ បើ​ភ្ញៀវ​ចាប់​ផ្ដើម​និយាយ​ពី​រឿង​មិន​សូវ​ល្អ ម្ចាស់​ពិធី​ជប់លៀង​គួរ​រក​វិធី​ផ្លាស់ប្ដូរ​សាច់​រឿង​ដោយ​ប៉ិនប្រសប់។ គាត់​ក៏​គួរ​កត់​សម្គាល់​ហើយ​បង្ការ​កុំ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​និយាយ​រហូត។ បើ​ម្ចាស់​ពិធី​ឃើញ​ថា​មាន​ម្នាក់​កំពុង​ធ្វើ​ដូច្នេះ​មែន គាត់​អាច​សូម​កាត់​ប្រសាសន៍​បន្ដិច​ហើយ​ឲ្យ​ភ្ញៀវ​ឯ​ទៀត​មាន​ឱកាស​និយាយ។ គាត់​ប្រហែល​ជា​អាច​លើក​សាច់​រឿង​ដែល​គ្រប់​គ្នា​រួម​ទាំង​កូន​ក្មេង​និង​ពួក​យុវជន​យុវតី​អាច​ពិគ្រោះ​បាន​ដែរ។ បើ​ដូច្នេះ ភ្ញៀវ​ទាំង​ចាស់​ទាំង​ក្មេង​នឹង​ពេញ​ចិត្ត​ចំពោះ​ការ​សំណេះសំណាល​ក្នុង​ពិធី​នោះ។ បើ​អ្នក​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ក្នុង​ការ​រៀបចំ​ពិធី​ជប់លៀង​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ភ្ញៀវ​រកាំ​ចិត្ត នោះ​នឹង​ស​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​មាន​វិចារណញ្ញាណ។ ភ្ញៀវ​ដែល​ចូល​រួម​ពិធី​ជប់លៀង​តូច​របស់​អ្នក​នឹង​ទទួល​ស្គាល់​ថា ជំនឿ​របស់​អ្នក​ឥត​ស្លាប់​ទេ តែ​មាន​អានុភាព​លើ​គ្រប់​ទង្វើ​ក្នុង​ជីវិត​របស់​អ្នក។

ពិធី​មង្គលការ

៧​. ហេតុ​អ្វី​ក៏​គប្បី​ឲ្យ​យើង​ពិភាក្សា​អំពី​ពិធី​មង្គលការ?

កម្មវិធី​ពិសេស​ម្យ៉ាង​ដែល​ផ្ដល់​ហេតុ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ គឺ​ជា​ពិធី​មង្គលការ​របស់​ពួក​គ្រិស្ត​សា​សនិក។ អ្នក​បម្រើ​ព្រះ​ពី​បុរាណ រួម​ទាំង​ព្រះ​យេស៊ូ​និង​សិស្ស​ទ្រង់​ផង បាន​ចូល​រួម​ស្ម័គ្រ​ពី​ចិត្ត​ក្នុង​កម្មវិធី​ដ៏​សប្បាយ​បែប​នោះ​ដែល​រួម​បញ្ចូល​ពិធី​បរិភោគ​ការ​ផង។ (លោកុប្បត្តិ ២៩:២១, ២២; យ៉ូហាន ២:១, ២) ប៉ុន្តែ ពេល​ថ្មីៗ​នេះ​ព្រឹត្ដិការណ៍​ផ្សេងៗ​បង្ហាញ​ឲ្យ​ដឹង​ថា ពួក​គ្រិស្ត​សា​សនិក​ត្រូវ​ប្រុង​ប្រយ័ត្ន​និង​ព្យាយាម​បង្ហាញ​តុល្យភាព​ពេល​រៀបចំ​ពិធី​មង្គលការ។ យ៉ាង​នេះ ការ​ជប់លៀង​ពេល​រៀប​អាពាហ៍ពិពាហ៍​មិន​ជា​ការ​ខុស​ទេ តែ​ក៏​ហុច​ឱកាស​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន។

៨, ៩​. តើ​ទម្លាប់​ជា​ច្រើន​ខាង​ពិធី​មង្គលការ​បញ្ជាក់​យ៉ាង​ណា​នូវ​សច្ចភាព​នៃ​អ្វី​ដែល​យើង​អាន​នៅ​យ៉ូហានទី១ ២:១៦, ១៧?

មនុស្ស​ជា​ច្រើន​ដែល​មិន​ស្គាល់​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គោលការណ៍​ព្រះ​គម្ពីរ​ចាត់​ទុក​ថ្ងៃ​រៀប​ការ​ជា​ឱកាស​ដ៏​ពិសេស​ដើម្បី​រៀបចំ​ពិធី​ឲ្យ​បាន​អ៊ឹកអធឹក​និង​គ​គ្រឹក​គ​គ្រេង ឬ​ជា​ថ្ងៃ​ដែល​អ្នក​ដទៃ​មិន​រិះគន់​បើ​រៀបចំ​ពិធី​ឲ្យ​បាន​ធំ។ ក្នុង​ទស្សនាវដ្ដី​មួយ​នៅ​ទ្វីប​អឺរ៉ុប សាមី​ខ្លួន​កូន​ស្រី​បាន​ពណ៌នា​អំពី​ថ្ងៃ​រៀប​ការ​របស់​គាត់​ថា គេ​រៀបចំ​ពិធី​នោះ​យ៉ាង​អធិកអធម​មហា​សែន​ធំ​ដែល​ប្រៀប​ដូច​ជា​ការ​រៀប​អភិសេក​របស់​កូន​ស្តេច ដែល​មាន​ក្បួន​ដង្ហែ​យ៉ាង​ច្រើន​រួម​ទាំង​អ្នក​ភ្លេង​ផង​ដែរ។ រួច​មក​គាត់​ពន្យល់​បន្ត​ទៀត​ថា​៖ ‹មាន​ម្ហូប​ថ្លៃៗ​និង​បទ​ភ្លេង​ពីរោះៗ។ កម្មវិធី​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ណាស់​ព្រោះ​ជា​អ្វី​ខ្ញុំ​ចង់​បាន ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ថ្ងៃ​នោះ​ខ្ញុំ​ដូច​ជា​ម្ចាស់​ក្ស​ត្រី›។

មនុស្ស​នៅ​ប្រទេស​ផ្សេងៗ​មាន​ទម្លាប់​រៀប​អាពាហ៍ពិពាហ៍​និង​ពិធី​មង្គលការ​ខុស​ប្លែក​ពី​គ្នា​ពិត​មែន ប៉ុន្តែ​ទស្សនៈ​របស់​កូន​ក្រមុំ​ខាង​លើ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​សច្ចភាព​នៃ​ពាក្យ​របស់​សាវ័ក​យ៉ូហាន​ដែល​សរសេរ​ថា​៖ «អស់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ»។ តើ​អ្នក​អាច​នឹក​ស្មាន​ថា​គ្រិស្ត​សា​សនិក​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​រៀបចំ​ពិធី​យ៉ាង​អធិកអធម​ដែល​ប្រៀប​ដូច​ជា​ការ​រៀប​អភិសេក​របស់​កូន​ស្តេច​ឬ? តើ​គ្រិស្ត​សា​សនិក​នឹង​រៀប​មង្គលការ​មហា​សែន​ធំ​ដូច​ដែល​ខ្លួន​នឹក​ស្រមៃ​ឬ? តាម​ពិត​គ្រិស្ត​សា​សនិក​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​មាន​ទស្សនៈ​ផ្ទុយ​ទៅ​វិញ ដោយ​ចាំ​ថា «អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ»។—យ៉ូហានទី១ ២:​១៦, ១៧

១០​. (ក) ហេតុ​អ្វី​ក៏​សាមី​ខ្លួន​អ្នក​ការ​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ពេល​រៀបចំ​ពិធី​មង្គលការ? (ខ) ស្តី​អំពី​ការ​អញ្ជើញ​ភ្ញៀវ​ឲ្យ​បរិភោគ​ការ តើ​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១០ គ្រិស្ត​សា​សនិក​ដែល​ចង់​រៀប​ការ​គួរ​ទទួល​ស្គាល់​កម្រិត​ជីវភាព​របស់​ខ្លួន ហើយ​ចេះ​ថ្លឹង​ថ្លែង​ផង​ដែរ។ ព្រះ​គម្ពីរ​អាច​ជួយ​ពួក​គាត់​ឲ្យ​មាន​គំនិត​យ៉ាង​នោះ​បាន។ ថ្ងៃ​រៀប​ការ​ជា​ថ្ងៃ​ពិសេស​ក៏​ពិត​មែន តែ​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​ដែល​សង្ឃឹម​រួម​រស់​ជា​មួយ​គ្នា​ជា​រៀង​រហូត​ត​ទៅ ថ្ងៃ​នោះ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម​ប៉ុណ្ណោះ​នៃ​ជីវិត​ជា​ស្វាមី​ភរិយា។ គ្មាន​ច្បាប់​ណា​ថា​ពួក​គាត់​ត្រូវ​រៀប​មង្គលការ​យ៉ាង​គ​គ្រឹក​គ​គ្រេង​នោះ​ទេ។ បើ​សាមី​ខ្លួន​អ្នក​ការ​សម្រេច​ចិត្ត​ចង់​រៀបចំ​ពិធី​មង្គលការ ពួក​គាត់​ត្រូវ​គិតគូរ​អំពី​តម្លៃ​ជា​មុន​សិន ហើយ​សម្រេច​ចិត្ត​ថា​ត្រូវ​រួម​បញ្ចូល​កម្មវិធី​អ្វី​ខ្លះ។ (លូកា ១៤:២៨) ពេល​គ្រិស្ត​សា​សនិក​មួយ​គូ​រួម​រស់​ជា​មួយ​គ្នា ព្រះ​គម្ពីរ​បញ្ជាក់​ថា​ស្វាមី​មាន​មុខ​នាទី​ជា​ក្បាល​ឬ​ជា​មេ​គ្រួសារ។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២២, ២៣) ដូច្នេះ កូន​កំលោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​កើត​ឡើង​ក្នុង​ពិធី​មង្គលការ។ យ៉ាង​ណា​ក្ដី គាត់​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​ក្រមុំ​ដោយ​ពិភាក្សា​ជា​មួយ​នាង​ថា តើ​ពួក​គាត់​ចង់​ឬ​មាន​លទ្ធភាព​អញ្ជើញ​អ្នក​ណា​ខ្លះ​ឲ្យ​ចូល​រួម​ពិធី​បរិភោគ​ការ។ សាមី​ខ្លួន​កូន​ប្រុស​កូន​ស្រី​ប្រហែល​ជា​ត្រូវ​ចេះ​គិត​ប្រមាណ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ ដ្បិត​ជួន​កាល​ពួក​គាត់​គ្មាន​លទ្ធភាព​អញ្ជើញ​បងប្អូន​ញាតិ​មិត្ត​ទាំង​ឡាយ​ឲ្យ​ចូល​រួម​ទេ។ កូន​កំលោះ​កូន​ក្រមុំ​មិន​គួរ​ខ្វល់ខ្វាយ​ថា បងប្អូន​គ្រិស្ត​សា​សនិក​នឹង​ប្រកាន់​ឬ​តូច​ចិត្ត​បើ​មិន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​បរិភោគ​ការ។—សាស្ដា ៧:៩

‹អ្នក​ចាត់​ចែង​មង្គលការ›

១១​. តើ‹អ្នក​ចាត់​ចែង​មង្គលការ›មាន​មុខ​នាទី​អ្វី?

១១ បើ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​សម្រេច​ចិត្ត​ចង់​ធ្វើ​ពិធី​ជប់លៀង​មង្គលការ​មែន តើ​ពួក​គាត់​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ឲ្យ​កម្មវិធី​នោះ​មាន​ភាព​ថ្លៃថ្នូរ? ច្រើន​ឆ្នាំ​ហើយ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឃើញ​ថា​មាន​ប្រាជ្ញា​ឲ្យ​ធ្វើ​តាម​គំរូ​ពី​លក្ខណៈ​មួយ​នៃ​មង្គលការ​ដែល​ព្រះ​យេស៊ូ​ចូល​រួម​នៅ​ភូមិ​កាណា។ នៅ​កម្មវិធី​នោះ​មាន​«អ្នក​[ចាត់​ចែង]​មង្គលការ»​ម្នាក់​ដែល​ជា​អ្នក​រួម​ជំនឿ​ហើយ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ (យ៉ូហាន ២:៩, ១០) ស្រ​ដៀង​គ្នា​ដែរ សាមី​ខ្លួន​កូន​ប្រុស​នឹង​ជ្រើសរើស​បុរស​ម្នាក់​ជា​គ្រិស្ត​សា​សនិក​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​បំពេញ​ភារកិច្ច​សំខាន់​នេះ។ អ្នក​ចាត់​ចែង​មង្គលការ​ត្រូវ​ស្គាល់​អំពី​តម្រូវ​ការ​និង​ចំណង់​ចំណូល​ចិត្ត​របស់​កូន​កំលោះ។ ក្រោយ​មក អ្នក​ទទួល​ខុស​ត្រូវ​នឹង​ចាត់​ចែង​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ទាំង​នោះ មុន​ហើយ​ក្នុង​កំលុង​ពេល​កម្មវិធី។

១២​. តើ​កូន​កំលោះ​គួរ​គិត​ពិចារណា​អ្វី​ស្តី​អំពី​ភេសជ្ជៈ​ដែល​មាន​ជាតិ​សុរា?

១២ សម​ស្រប​ទៅ​តាម​អ្វី​ដែល​បាន​ពន្យល់​ក្នុង​វគ្គ​ប្រាំ នៅ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ខ្លះ​សម្រេច​ចិត្ត​មិន​ឲ្យ​មាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​សុរា ក្រែងលោ​ភ្ញៀវ​ខ្លះ​ប្រមឹក​ស្រា​ហើយ​បង្ខូច​បរិយាកាស​សប្បាយ​ដែល​គាត់​ចង់​ទុក​ជា​អនុស្សាវរីយ៍។ (រ៉ូម ១៣:១៣; កូរិនថូសទី១ ៥:១១) យ៉ាង​ណា​ក៏​ដោយ បើ​សាមី​ខ្លួន​អ្នក​ការ​ចង់​ចែក​ឲ្យ​ភ្ញៀវ​ពិសា​ស្រា​ក្នុង​កម្មវិធី​នោះ កូន​កំលោះ​ត្រូវ​ធ្វើ​ឲ្យ​បាន​ប្រាកដប្រជា​ថា​គេ​នឹង​ជូន​ភេសជ្ជៈ​ដោយ​ចេះ​ប្រមាណ។ ពេល​ព្រះ​យេស៊ូ​ចូល​រួម​ពិធី​មង្គលការ​នៅ​ភូមិ​កាណា គេ​មាន​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ទី​នោះ​ដែរ ហើយ​ទ្រង់​ក៏​ធ្វើ​អព្ភូតហេតុ​ដើម្បី​ឲ្យ​មាន​ស្រា​ក្រហម​គុណភាព​ល្អៗ​ថែម​ទៀត​ផង។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា អ្នក​ចាត់​ចែង​មង្គលការ​នោះ​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ទាំង​ឡាយ គេ​តែង​តែ​លើក​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង​បាយ​ជូរ​ដែល​មិន​សូវ​ល្អ​មក​ជា​ក្រោយ។ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង​បាយ​ជូរ​យ៉ាង​ល្អ​ដរាប​ដល់​ឥឡូវ​នេះ​វិញ»។ (យ៉ូហាន ២:១០) យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មិន​បាន​បង្កើត​ស្រា​ថែម​ទៀត​ដើម្បី​ឲ្យ​គេ​ផឹក​ស្រវឹង​ឡើយ ដ្បិត​ទ្រង់​កាត់​ទោស​ទង្វើ​នោះ។ (លូកា ១២:៤៥, ៤៦) ពេល​អ្នក​ចាត់​ចែង​មង្គលការ​ភ្ញាក់​ផ្អើល​អំពី​គុណភាព​នៃ​ស្រា​ទំពាំង​បាយ​ជូរ នេះ​ស​ឲ្យ​ឃើញ​ថា​គាត់​ធ្លាប់​ចូល​រួម​ពិធី​មង្គលការ​ឯ​ទៀត​ដែល​ភ្ញៀវ​ផឹក​ស្រវឹង។ (កិច្ចការ ២:១៥; ថែស្សាឡូនីចទី១ ៥:៧) អាស្រ័យ​ហេតុ​នេះ សាមី​ខ្លួន​កូន​ប្រុស​និង​គ្រិស្ត​សា​សនិក​ម្នាក់​ដែល​គាត់​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ចែង​មង្គលការ​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​ទាំង​ភ្ញៀវ​នឹង​ធ្វើ​តាម​ពាក្យ​ណែនាំ​ដ៏​ច្បាស់​លាស់​ថា​៖ «កុំ​ឲ្យ​ស្រវឹង​ស្រា​ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ»។—អេភេសូរ ៥:១៨; សុភាសិត ២០:១; ហូសេ ៤:១១

១៣​. បើ​គូ​ស្វាមី​ភរិយា​សម្រេច​ចិត្ត​ចាក់​ភ្លេង​នៅ​ពិធី​មង្គលការ តើ​ពួក​គាត់​គួរ​គិត​អំពី​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

១៣ បើ​ចង់​ចាក់​ភ្លេង​ដូច​ក្នុង​ពិធី​ជប់លៀង​ឯ​ទៀត នោះ​ក៏​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ថ្លង់​ពេក​ដើម្បី​ឲ្យ​ភ្ញៀវ​មាន​ឱកាស​ពិភាក្សា​គ្នា​បាន។ អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ម្នាក់​បាន​កត់​សម្គាល់​ថា​៖ «ក្នុង​កំលុង​ពិធី​មង្គលការ ដោយសារ​មាន​សំឡេង​អ៊ូអរ​កាន់​តែ​ខ្លាំង​ឡើងៗ​ឬ​មាន​ការ​រាំរែក នោះ​គេ​ដំឡើង​សំឡេង​ចម្រៀង​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ ចម្រៀង​ដែល​កំដរ​បរិយាកាស​ដំបូង​នោះ​បែរ​ទៅ​ជា​ថ្លង់​ដល់​ម្ល៉េះ​បាន​ជា​ភ្ញៀវ​ពិបាក​និយាយ​គ្នា។ ពិធី​មង្គលការ​ហុច​ឱកាស​ឲ្យ​យើង​ទាក់ទង​គ្នា​យ៉ាង​សប្បាយ ដូច្នេះ​គួរ​ឲ្យ​ស្ដាយ​ណាស់ បើ​យើង​ស្ដាប់​គ្នា​មិន​បាន​ដោយសារ​បទ​ចម្រៀង​ថ្លង់​ពេក!»។ ម្ដង​ទៀត​កូន​កំលោះ​និង​អ្នក​ចាត់​ចែង​មង្គលការ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រភេទ​បទ​ចម្រៀង​និង​ទំហំ​សំឡេង។ មិន​ថា​បាន​ជួល​ឲ្យ​មាន​ការ​ប្រគំ​ត​ន្ត្រី​ក្ដី សាមី​ខ្លួន​កូន​ប្រុស​និង​អ្នក​ចាត់​ចែង​ការ​មិន​គួរ​បណ្ដោយ​ឲ្យ​គេ​ធ្វើ​អ្វី​ក៏​ដោយ​តាម​តែ​ចិត្ត​នោះ​ទេ។ ប៉ុល​បាន​សរសេរ​ថា​៖ «ក្នុង​គ្រប់​ការ​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដោយ​ពាក្យ​សំដី​ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ដោយ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូ​វ»។ (កូល៉ុស ៣:១៧) ពេល​ភ្ញៀវ​ត្រឡប់​ទៅ​ផ្ទះ​វិញ តើ​ពួក​គេ​នឹង​គិត​អំពី​បទ​ភ្លេង​និង​ចម្រៀង​នៅ​ពិធី​មង្គលការ​ជា​អ្វី​ដែល​ស​ឲ្យ​ឃើញ​ថា សាមី​ខ្លួន​អ្នក​ការ​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ស្រប​តាម​ព្រះ​នាម​ព្រះ​យេស៊ូ​ឬ​ទេ? ពីព្រោះ​តាម​ពិត ការ​រៀបចំ​របស់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​គួរ​ស​ឲ្យ​ឃើញ​ថា​ជំនឿ​របស់​គាត់​ពិត​ជា​ស័ក្ដិ​សម​ជា​អ្នក​កាន់​តាម​ព្រះ​គ្រិស្ត​មែន។

១៤​. ពេល​ចេញ​ពី​ពិធី​មង្គលការ តើ​ពួក​គ្រិស្ត​សា​សនិក​គួរ​មាន​អារម្មណ៍​យ៉ាង​ណា?

១៤ ពិត​មែន​ហើយ បើ​ពិធី​មង្គលការ​បាន​ត្រូវ​រៀប​ចាត់​ចែង​យ៉ាង​ត្រឹម​ត្រូវ គ្រប់​គ្នា​នឹង​មាន​អនុស្សាវរីយ៍​ល្អ។ បង​ប្រុស​អា​ដាម​និង​ភរិយា​គាត់​ឈ្មោះ​អេឌី​តា ដែល​បាន​រៀប​ការ​អស់​៣០​ឆ្នាំ​ហើយ ពណ៌នា​អំពី​ពិធី​អាពាហ៍ពិពាហ៍​មួយ​ដែល​គាត់​ចូល​រួម ហើយ​មាន​ប្រសាសន៍​ថា​៖ «ពិធី​នោះ​មាន​បរិយាកាស​សម​ជា​កម្មវិធី​របស់​ពួក​គ្រិស្ត​សា​សនិក។ គេ​បាន​ច្រៀង​ចម្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ផង ហើយ​មាន​ការ​កម្សាន្ត​បែប​ផ្សេង​ទៀត​ដែរ តែ​ការ​រាំរែក​និង​បទ​ភ្លេង​ចម្រៀង​ជា​រឿង​បន្ទាប់បន្សំ​វិញ។ ការ​ចូល​រួម​នោះ​បាន​លើក​ទឹក​ចិត្ត​ហើយ​ធ្វើ​ឲ្យ​យើង​សប្បាយ​ពីព្រោះ​អ្វីៗ​ទាំង​អស់​មាន​លក្ខណៈ​សម​ស្រប​នឹង​គោលការណ៍​ព្រះ​គម្ពីរ»។ ប្រាកដ​ហើយ ការ​សម្រេច​ចិត្ត​និង​ទង្វើ​របស់​កូន​កំលោះ​កូន​ក្រមុំ​ពេល​រៀបចំ​ពិធី​មង្គលការ​អាច​ស​ឲ្យ​ឃើញ​ជំនឿ​របស់​ពួក​គាត់​មែន។

ការ​ជូន​អំណោយ

១៥​. តើ​ព្រះ​គម្ពីរ​មាន​ដំបូន្មាន​អ្វី​ទាក់ទង​នឹង​ការ​ជូន​អំណោយ​ដល់​អ្នក​រៀប​ការ?

១៥ នៅ​ប្រទេស​ជា​ច្រើន បងប្អូន​ញាតិ​មិត្ត​មាន​ទម្លាប់​ជូន​កាដូ​ឬ​អំណោយ​ដល់​កូន​កំលោះ​កូន​ក្រមុំ។ បើ​អ្នក​សម្រេច​ធ្វើ​ដូច្នេះ តើ​គួរ​ចង​ចាំ​អ្វី​ខ្លះ? មុន​ដំបូង សូម​ចាំ​អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​«សេចក្ដី​អំនួត​របស់​ជីវិត»។ យ៉ូហាន​បញ្ជាក់​ថា អំណួត​មិន​មែន​ជា​លក្ខណៈ​របស់​ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​ការ​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​ទេ តែ​ជា​លក្ខណៈ​របស់​មនុស្ស​ក្នុង‹លោកីយ​នេះ​ដែល​កំពុង​កន្លង​ទៅ›។ (យ៉ូហានទី១ ២:១៦, ១៧) ដោយ​គិត​អំពី​ទស្សនៈ​នេះ​ដែល​ព្រះ​បណ្ដាល​ឲ្យ​យ៉ូហាន​សរសេរ​នោះ តើ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​គួរ​ប្រកាស​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​អ្នក​ណា​ជូន​អំណោយ​មួយ​ណា​ឬ? បើ​ពិចារណា​គំរូ​របស់​ពួក​គ្រិស្ត​សា​សនិក​ពី​ស្រុក​ម៉ាសេដូន​និង​អាខៃ​ពេល​ជូន​ជំនូន​ដល់​បងប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​យេរូសាឡិម នោះ​គ្មាន​ចំណុច​ណា​បង្ហាញ​ថា​គេ​បាន​ប្រកាស​ឈ្មោះ​សប្បុរស​ជន​ទេ។ (រ៉ូម ១៥:២៦) ដូច​គ្នា​ដែរ ពួក​គ្រិស្ត​សា​សនិក​ដែល​ជូន​កាដូ​ឬ​អំណោយ​ដល់​កូន​កំលោះ​កូន​ក្រមុំ ប្រហែល​ជា​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​គេ​ជូន​អ្វី​ទេ ក្រែងលោ​មើល​ទៅ​ដូច​ជា​អួត​ខ្លួន​វិញ។ ស្តី​អំពី​រឿង​នេះ សូម​មើល​ម្ដង​ទៀត​នូវ​ដំបូន្មាន​របស់​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​ម៉ាថាយ ៦:១​-​៤

១៦​. ពេល​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ទទួល​កាដូ​ឬ​អំណោយ​នោះ តើ​ពួក​គាត់​គួរ​ជៀស​វាង​អ្វី​ដើម្បី​កុំ​ឲ្យ​នរណា​មាន​អារម្មណ៍​ខ្មាស?

១៦ ការ​ប្រកាស​ឈ្មោះ​អ្នក​ជូន​អំណោយ​អាច​នាំ​ឲ្យ​អ្នក​ខ្លះ​ដណ្ដើម​គ្នា​«រក​កេរ្ដិ៍​ឈ្មោះ»​ជា​អ្នក​ដែល​ឲ្យ​អំណោយ​ល្អ​ឬ​ថ្លៃ​ជាង​គេ។ ដូច្នេះ គ្រិស្ត​សា​សនិក​ដែល​ជា​សាមី​អ្នក​ការ​មិន​ដែល​ប្រកាស​ឈ្មោះ​អ្នក​ជូន​អំណោយ​ទេ ដ្បិត​នេះ​អាច​នាំ​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ខ្មាស បើ​គ្មាន​លទ្ធភាព​ជូន​អំណោយ។ (កាឡាទី ៥:២៦; ៦:១០) តាម​ពិត មិន​ជា​ការ​ខុស​ទេ​ឲ្យ​កូន​កំលោះ​កូន​ក្រមុំ​ដឹង​ថា​អ្នក​ណា​ជូន​អំណោយ​មួយ​ណា​នោះ ប្រហែល​ជា​ដោយសារ​មាន​សំបុត្រ​តូច​មួយ​ជាប់​ជា​មួយ​នឹង​កាដូ ប៉ុន្តែ​គាត់​មិន​គួរ​អាន​សំបុត្រ​នោះ​ឲ្យ​ភ្ញៀវ​ដឹង​ទេ។ យ៉ាង​នេះ សូម្បី​តែ​ក្នុង​រឿង​ផ្ទាល់​ខ្លួន​ក៏​ដោយ ដូច​ជា​ពេល​ទិញ ជូន​ឬ​ទទួល​អំណោយ​និង​កាដូ​ដែល​ទាក់ទង​ពិធី​មង្គលការ នោះ​ជំនឿ​របស់​យើង​នៅ​តែ​មាន​អានុភាព​លើ​ការ​ប្រព្រឹត្ត​របស់​យើង​ដែរ។ *

១៧​. តើ​ពួក​គ្រិស្ត​សា​សនិក​គួរ​មាន​គោល​ដៅ​អ្វី​ស្តី​អំពី​ជំនឿ​និង​ការ​ប្រព្រឹត្ត?

១៧ យើង​មិន​គ្រាន់​តែ​បង្ហាញ​ពី​ជំនឿ​របស់​យើង​ដោយ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌ ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ពួក​គ្រិស្ត​សា​សនិក​និង​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​ប៉ុណ្ណោះ​ទេ។ ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ជំនឿ​ដែល​ឥត​ស្លាប់ តែ​ជា​ជំនឿ​ដែល​មាន​អានុភាព​លើ​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ។ ពិត​មែន​ហើយ យើង​អាច​បង្ហាញ​ថា​ការ​ប្រព្រឹត្ត​របស់​យើង​«ពេញ​ខ្នាត»​ដោយ​ធ្វើ​តាម​ជំនឿ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដែល​រួម​បញ្ចូល​ទង្វើ​ទាក់ទង​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ។—វិវរណៈ ៣:២

១៨​. តើ​យ៉ូហាន ១៣:១៧ ទាក់ទង​នឹង​កម្មវិធី​ជប់លៀង​តូចតាច​និង​ពិធី​មង្គលការ​យ៉ាង​ណា?

១៨ ក្រោយ​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ល្អ​ចំពោះ​ពួក​សាវ័ក​ស្មោះ​ត្រង់​របស់​ទ្រង់​ពេល​បន្ទាប​ខ្លួន​ដោយ​លាង​ជើង​ពួក​គេ នោះ​ទ្រង់​មាន​បន្ទូល​ថា​៖ «បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ»។ (យ៉ូហាន ១៣:៤​-​១៧) ប្រហែល​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ជា​ការ​ធម្មតា​ក្នុង​ប្រទេស​យើង​ឲ្យ​លាង​ជើង​ភ្ញៀវ​ឬ​មនុស្ស​ដទៃ។ ប៉ុន្តែ ក្នុង​អត្ថបទ​នេះ​យើង​បាន​ពិភាក្សា​អំពី​កាលៈទេសៈ​ឯ​ទៀត​ក្នុង​ជីវិត​ដែល​ហុច​ឱកាស​ឲ្យ​យើង​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​ដោយ​មាន​ការ​ប្រព្រឹត្ត​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​យោគ​យល់ ដែល​រួម​បញ្ចូល​កម្មវិធី​ជប់លៀង​តូចតាច​និង​ពិធី​មង្គលការ​របស់​ពួក​គ្រិស្ត​សា​សនិក។ យ៉ាង​នេះ យើង​អាច​រួម​ជា​មួយ​ពួក​គ្រិស្ត​សា​សនិក​ដែល​ប្រព្រឹត្ត​តាម​ជំនឿ​របស់​ខ្លួន មិន​ថា​ពេល​រៀប​អាពាហ៍ពិពាហ៍ ឬ​ពេល​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​និង​កម្មវិធី​ជប់លៀង​ឯ​ទៀត​ក្ដី។

[កំណត់​សម្គាល់]

^ វគ្គ 16 មាន​ព័ត៌មាន​បន្ថែម​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍​និង​ពិធី​មង្គលការ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ជា​ភាសា​អង់គ្លេស​ចុះ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០០៦ ទំព័រ​២៨ មាន​ចំណង​ជើង​ថា “Increase the Joy and Dignity of Your Wedding Day”

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​នឹង​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​យ៉ាង​ណា

ពេល​រៀបចំ​ពិធី​ជប់លៀង​តូចតាច?

ពេល​រៀបចំ​ពិធី​មង្គលការ?

ពេល​ជូន​ឬ​ទទួល​អំណោយ​ទាក់ទង​នឹង​ពិធី​មង្គលការ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២០]

ចូរ​អនុញ្ញាត​ឲ្យ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​មាន​ឥទ្ធិពល​លើ​ការ​រៀបចំ​របស់​អ្នក សូម្បី​តែ​ពេល​មាន​ភ្ញៀវ​ពីរបី​នាក់​ប៉ុណ្ណោះ