លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់ដែលអាចទុកចិត្ដបានក្នុងការចិញ្ចឹមអប់រំកូន

យោបល់ដែលអាចទុកចិត្ដបានក្នុងការចិញ្ចឹមអប់រំកូន

យោបល់​ដែល​អាច​ទុក​ចិត្ត​បាន​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន

​«ខ្ញុំ​មាន​អាយុ​តែ​១៩​ឆ្នាំ កំពុង​តែ​រស់​ឆ្ងាយ​ពី​រង្វង់​គ្រួសារ ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ»។ នេះ​ហើយ​ជា​ទស្សនៈ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​រូថ ស្តី​អំពី​ការ​មាន​ផ្ទៃពោះ​លើក​ទី​មួយ​របស់​នាង។ គាត់​អត់​មាន​បងប្អូន​បង្កើត ហើយ​ក៏​មិន​ដែល​គិត​អំពី​ភារកិច្ច​ជា​ម្ដាយ​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​យ៉ាង​ណា​ទេ។ តើ​គាត់​អាច​ទទួល​យោបល់​ដែល​អាច​ទុក​ចិត្ត​បាន​ពី​ណា​មក?

បុរស​ម្នាក់​ឈ្មោះ​យ៉ាន់ មាន​កាលៈទេសៈ​ខុស​គ្នា​ពី​រូថ ដ្បិត​គាត់​មាន​កូន​ពីរ​នាក់​ដែល​ធំ​ហើយ។ គាត់​នឹក​ចាំ​ថា «ដំបូង​មក ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង​ណាស់។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ខ្ញុំ​មិន​សូវ​ចេះ​ទេ»។ មិន​ថា​មុន​កំណើត​កូន​ឬ​ពេល​វា​កំពុង​ធំ​ឡើង​ក្ដី មាតា​បិតា​ខ្លះ​ទាល់​គំនិត​ស្តី​អំពី​របៀប​ចិញ្ចឹម​អប់រំ​កូន។ ដូច្នេះ តើ​គាត់​អាច​រក​ជំនួយ​ពី​ណា​មក?

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​កាន់​តែ​ច្រើន​ចេះ​តែ​ស្វែង​រក​យោបល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​អាច​ទុក​ចិត្ត​យោបល់​ពី​នោះ​បាន​ទេ? តាម​ពិត យើង​គួរ​ប្រយ័ត្ន​មែន។ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ តើ​យើង​ពិត​ជា​ដឹង​ថា​អ្នក​ណា​ជូន​យោបល់​ឬ? តើ​អ្នក​ជូន​យោបល់​នោះ​មាន​ជោគ​ជ័យ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​ឬ​ទេ? អ្នក​ច្បាស់​ជា​ចង់​ប្រយ័ត្នប្រយែង​មែន ស្តី​អំពី​រឿង​ទាក់ទង​ក្រុម​គ្រួសារ​របស់​អ្នក។ ដូច​បាន​បញ្ជាក់​ក្នុង​អត្ថបទ​មុន​នេះ ជួន​កាល​យោបល់​ពី​ពួក​អ្នកប្រាជ្ញ​ក៏​នាំ​ឲ្យ​យើង​ខក​ចិត្ត​ដែរ។ ដូច្នេះ តើ​អ្នក​អាច​រក​យោបល់​ល្អ​ពី​ណា​មក?

ប្រភព​ល្អ​បំផុត​ស្តី​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​ក្រុម​គ្រួសារ​ដំបូង។ (អេភេសូរ ៣:១៥) ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​មាន​ប្រាជ្ញា​បំផុត​ដែល​ផ្ដល់​ការ​ណែនាំ​ល្អ​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​យើង​អាច​ទុក​ចិត្ត​លើ​ការ​ណែនាំ​នោះ​បាន ពីព្រោះ​ពិត​ជា​មាន​ប្រយោជន៍​និង​មាន​ប្រសិទ្ធភាព។ (ទំនុកដំកើង ៣២:៨; អេសាយ ៤៨:១៧, ១៨) ក៏​ប៉ុន្តែ ស្រេច​លើ​យើង​ក្នុង​ការ​អនុវត្ត​តាម​ការ​ណែនាំ​នោះ​ឬ​ក៏​អត់។

ស្វាមី​ភរិយា​ខ្លះៗ​បាន​ត្រូវ​សម្ភាស​អំពី​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ធំ​ឡើង​ជា​មនុស្ស​ដែល​ចេះ​ថ្លឹង​ថ្លែង​ហើយ​កោត​ខ្លាច​ព្រះ។ ពួក​គាត់​មាន​ប្រសាសន៍​ថា ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​ច្រើន​តែ​ផ្អែក​លើ​ការ​អនុវត្ត​តាម​គោលការណ៍​ក្នុង​ព្រះ​គម្ពីរ។ ពួក​គាត់​បាន​ពិសោធ​ថា យោបល់​ក្នុង​ព្រះ​គម្ពីរ​នៅ​តែ​អាច​ទុក​ចិត្ត​បាន​សព្វ​ថ្ងៃ​នេះ ប្រហាក់​ប្រហែល​នឹង​សម័យ​ដែល​គេ​បាន​សរសេរ​ព្រះ​គម្ពីរ​ដែរ។

ចូរ​ចំណាយ​ពេល​ជា​មួយ​កូន

ពេល​គេ​សួរ​ស្ត្រី​ម្នាក់​ឈ្មោះ​ខាថារេន ដែល​មាន​កូន​ពីរ​នាក់ ថា​តើ​យោបល់​អ្វី​បាន​ជួយ​គាត់​ជាង​គេ​នោះ គាត់​សំដៅ​ភ្លាម​ទៅ​លើ​បទ​គម្ពីរ​នៅ​សៀវភៅ​ចោទិយកថា ៦:៧។ ខ​នោះ​ចែង​ថា​៖ ‹មាតា​បិតា​ត្រូវ​បង្រៀន​គោលការណ៍​ព្រះ​គម្ពីរ​ដល់​កូន​ចៅ ព្រម​ទាំង​និយាយ​ដំណាល​ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក​ហើយ​ក្រោក​ឡើង​ផង›។ ហើយ​គាត់​ទទួល​ស្គាល់​ភ្លាម​ថា ត្រូវ​ចំណាយ​ពេល​ជា​មួយ​កូន ទើប​អាច​ធ្វើ​តាម​ដំបូន្មាន​នោះ។

អ្នក​ប្រហែល​ជា​គិត​ថា ‹និយាយ​ចេះ​តែ​ស្រួល​តែ​ពិបាក​ធ្វើ› ដ្បិត​ក្នុង​ករណី​ជា​ច្រើន គឺ​ចាំបាច់​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ការ​ទាំង​ពីរ​នាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ។ បើ​ដូច្នេះ តើ​មាតា​បិតា​ដែល​ជាប់​រវល់​ហើយ អាច​ចំណាយ​ពេល​ថែម​ទៀត​ជា​មួយ​កូន​បាន​យ៉ាង​ណា? បុរស​ម្នាក់​ឈ្មោះ​ធ​លីវ​មាន​កូន​ប្រុស​មួយ​ដែល​ធំ​ហើយ ថែម​ទាំង​មាន​ចៅ​ផង​ដែរ។ គាត់​មាន​ទស្សនៈ​ថា ការ​ធ្វើ​តាម​យោបល់​ក្នុង​សៀវភៅ​ចោទិយកថា​នោះ​ជា​ចំណុច​សំខាន់​បំផុត។ គាត់​ថា ពេល​ទៅ​ទី​ណា​ក៏​ដោយ ចូរ​យក​កូន​ទៅ​ជា​មួយ​ដែរ ដ្បិត​នោះ​នឹង​ហុច​ឱកាស​ឲ្យ​អ្នក​ទាំង​ពីរ​អាច​និយាយ​គ្នា។ គាត់​មាន​ប្រសាសន៍​ថា​៖ «កូន​ប្រុស​តែង​នៅ​ជា​មួយ​ខ្ញុំ​ពេល​ធ្វើ​កិច្ចការ​នៅ​ផ្ទះ។ យើង​បាន​ធ្វើ​ដំណើរ​ជា​ក្រុម​គ្រួសារ​ទៅ​លេង​កន្លែង​ផ្សេងៗ ហើយ​តែង​តែ​ញ៉ាំ​បាយ​ជា​មួយ​គ្នា​ផង​ដែរ»។ ជា​លទ្ធផល គាត់​បញ្ជាក់​ថា «កូន​ប្រុស​មាន​អារម្មណ៍​ថា គាត់​អាច​និយាយ​ជា​មួយ​យើង​អស់​ពី​ពោះ​ពី​ពុង»។

ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​មាន​ហេតុ​បណ្ដាល​ឲ្យ​ពិបាក​ប្រាស្រ័យ​ទាក់ទង​គ្នា ឬ​ពិភាក្សា​ទល់​មុខ​គ្នា​មិន​បាន? ជួន​កាល​មាន​ស្ថានភាព​បែប​នេះ​ពេល​កូន​ធំ​ឡើង។ ម្ដង​ទៀត ការ​ចំណាយ​ពេល​កាន់​តែ​ច្រើន​ជា​មួយ​កូន​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ដែរ។ ស្វាមី​របស់​ខាថារេន ឈ្មោះ​ឃេន នឹក​ចាំ​ពេល​ដែល​កូន​ស្រី​មាន​វ័យ​ជំទង់​ហើយ​ចេះ​តែ​ត្អូញ​ថា ប៉ា​មិន​ដែល​ស្ដាប់​គាត់​ទេ។ ធម្មតា​ក្មេង​ជំទង់​ពូកែ​ត្អូញ​បែប​នេះ។ តើ​ឃេន​អាច​ដោះស្រាយ​រឿង​នេះ​បាន​យ៉ាង​ណា? គាត់​នឹក​ចាំ​ថា​៖ «ខ្ញុំ​សម្រេច​ចិត្ត​ចំណាយ​ពេល​ច្រើន​ជាង​តែ​ពីរ​នាក់​ប៉ា​និង​កូន ដើម្បី​ស្គាល់​អំពី​គំនិត អារម្មណ៍​និង​កង្វល់​របស់​នាង។ នេះ​បាន​ជួយ​ច្រើន​ណាស់»។ (សុភាសិត ២០:៥) ប៉ុន្តែ គាត់​ជឿជាក់​ថា​មូលហេតុ​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​នេះ គឺ​ដោយសារ​ក្រុម​គ្រួសារ​ធ្លាប់​តែ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​តាំង​ពី​យូរ​មក​ហើយ។ គាត់​ប្រាប់​ទៀត​ថា​៖ «ខ្ញុំ​ធ្លាប់​តែ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​កូន ដូច្នេះ​នាង​មាន​អារម្មណ៍​ស្រួល​ពេល​និយាយ​ជា​មួយ​ខ្ញុំ»។

គួរ​ឲ្យ​ចាប់​អារម្មណ៍ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ឲ្យ​ដឹង​ថា ក្មេង​ជំទង់​ទំនង​ជា​ត្អូញត្អែរ​ច្រើន​ជាង​ឪពុក​ម្ដាយ​បី​ដង ថា​ពួក​គាត់​មិន​ចំណាយ​ពេល​គ្រប់គ្រាន់​ជា​មួយ​ពួក​គេ។ ដូច្នេះ គប្បី​ធ្វើ​តាម​យោបល់​ក្នុង​ព្រះ​គម្ពីរ មែន​ទេ? តាម​លទ្ធភាព ចូរ​ចំណាយ​ពេល​ច្រើន​ជា​មួយ​នឹង​កូន មិន​ថា​ពេល​សម្រាក ធ្វើ​ការ នៅ​ឯ​ផ្ទះ​ឬ​ធ្វើ​ដំណើរ ព្រម​ទាំង​ពេល​ក្រោក​ឡើង​ព្រឹក​ព្រលឹម​និង​មុន​ពេល​ចូល​គេង​ផង។ បើ​មាន​លទ្ធភាព ចូរ​យក​កូន​ទៅ​ជា​មួយ​អ្នក​គ្រប់​ពេល​វេលា។ ដូច​បាន​បញ្ជាក់​នៅ​សៀវភៅ​ចោទិយកថា ៦:៧ គ្មាន​អ្វី​សោះ​ប្រសើរ​ជាង​ការ​ចំណាយ​ពេល​ជា​មួយ​កូន។

ចូរ​បង្រៀន​កូន​ខ្នាត​តម្រា​សីលធម៌

បុរស​ម្នាក់​ឈ្មោះ​ម៉ារីអូ ជា​មេធាវី​ដែល​មាន​កូន​ពីរ​នាក់ ហើយ​គាត់​ជូន​យោបល់​ដូច​គ្នា​ថា​៖ «ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ច្រើន​ចំពោះ​កូន ហើយ​អាន​ឲ្យ​កូន​ស្ដាប់​ផង​ដែរ»។ ប៉ុន្តែ កុំ​ធ្វើ​ដូច្នេះ​ដោយ​មាន​បំណង​ឲ្យ​កូន​គ្រាន់​តែ​មាន​ចំណេះ​ដឹង​ប៉ុណ្ណោះ តែ​ចង់​ឲ្យ​កូន​ចេះ​វែកញែក​ខុស​និង​ត្រូវ។ គាត់​មាន​ប្រសាសន៍​ទៀត​ថា​៖ «ចូរ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​កូន!»។

ព្រះ​គម្ពីរ​ក៏​ដាស់​តឿន​មាតា​បិតា​ឲ្យ​ធ្វើ​ដូច្នេះ ដោយ​ចែង​ថា​៖ «កុំ​ធ្វើ​ឲ្យ​កូន​មួម៉ៅ​ឡើយ តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​បង្ហាត់​បង្រៀន​គេ​តាម​យោបល់​របស់​ពួក​គ្រិស្ត​សា​សនិក​ពិត»។ (អេភេសូរ ៦:​៤, សេចក្ដី​បកប្រែ​Weymouth) នៅ​សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​ជា​ច្រើន​មិន​ចាត់​ទុក​ការ​អប់រំ​ពី​គោលការណ៍​សីលធម៌​ជា​អ្វី​ដែល​សំខាន់​ទេ។ មាតា​បិតា​មួយ​ចំនួន​ជឿ​ថា ពេល​កូន​ធំ​ឡើង គេ​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​ពេញ​ចិត្ត​ចំពោះ​ខ្នាត​តម្រា​សីលធម៌​មួយ​ណា។ តើ​នេះ​សម​ហេតុ​សម​ផល​ទេ? ដូច​ជា​កូន​ត្រូវ​ការ​អាហារ​ល្អៗ​ដើម្បី​មាន​កម្លាំង​និង​សុខភាព​ល្អ​ពេល​ធំ​ឡើង នោះ​គេ​ក៏​ត្រូវ​ទទួល​ការ​ណែនាំ​ទើប​មាន​ចិត្ត​គំនិត​ល្អ។ បើ​កូន​មិន​រៀន​ខ្នាត​តម្រា​សីលធម៌​ពី​ឪពុក​ម្ដាយ​នៅ​ឯ​ផ្ទះ គេ​ច្បាស់​ជា​នឹង​មាន​ទស្សនៈ​ដូច​គ្រូ​បង្រៀន​និង​មិត្ត​រួម​ថ្នាក់ ឬ​តាម​អ្វី​ដែល​គេ​ឃោសនា​មក។

ព្រះ​គម្ពីរ​អាច​ជួយ​មាតា​បិតា​បង្រៀន​កូន​ឲ្យ​ចេះ​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (ធីម៉ូថេទី២ ៣:១៦, ១៧) បុរស​ម្នាក់​ឈ្មោះ​ចេហ្វ ជា​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ម្នាក់​មាន​កូន​ពីរ​នាក់​ដែល​ធំ​ហើយ គាត់​លើក​ទឹក​ចិត្ត​មាតា​បិតា​ឲ្យ​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ការ​បង្រៀន​កូន​នូវ​ខ្នាត​តម្រា​សីលធម៌។ គាត់​មាន​ប្រសាសន៍​ថា​៖ «ពេល​ប្រើ​ព្រះ​គម្ពីរ នេះ​ជួយ​ឲ្យ​កូន​យល់​អំពី​ទស្សនៈ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ជាជាង​គិត​ពី​ទស្សនៈ​របស់​ឪពុក​ម្ដាយ​ប៉ុណ្ណោះ។ យើង​បាន​កត់​សម្គាល់​ថា ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​ផ្សេង​ពី​ធម្មតា​ទៅ​លើ​ចិត្ត​គំនិត​របស់​កូន។ ពេល​យើង​ចង់​កែ​តម្រង់​ទង្វើ​ឬ​របៀប​គិត​គូរ​ខុស​ឆ្គង​របស់​កូន យើង​តែង​ឆ្លៀត​ពេល​រក​បទ​គម្ពីរ​ដែល​ទាក់ទង​កាលៈទេសៈ​នោះ រួច​មក​អង្គុយ​ជា​មួយ​កូន​តែ​ពីរ​នាក់ ហើយ​ឲ្យ​កូន​អាន​ខ​គម្ពីរ​នោះ។ ជា​លទ្ធផល​ជា​ច្រើន​ដង កូន​ស្រក់​ទឹក​ភ្នែក​ឬ​មាន​ទឹក​ភ្នែក​ហូរ​រហាម។ យើង​នឹក​ស្មាន​មិន​ដល់​សោះ ថា​ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ពាក្យ​សម្ដី​ឬ​ទង្វើ​របស់​យើង​ទៅ​ទៀត»។

សៀវភៅ​ហេព្រើរ ៤:១២ ពន្យល់​ថា​៖ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង . . . ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត»។ ដូច្នេះ សារ​ក្នុង​ព្រះ​គម្ពីរ​មិន​មែន​ជា​ទស្សនៈ​ឬ​បទពិសោធន៍​ផ្ទាល់​របស់​ពួក​បុរស​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ក្នុង​ការ​សរសេរ​បន្ទូល​របស់​ទ្រង់​ទេ។ ផ្ទុយ​ទៅ​វិញ សារ​ក្នុង​ព្រះ​គម្ពីរ​ស​ឲ្យ​ឃើញ​ទស្សនៈ​របស់​ព្រះ​ស្តី​អំពី​ខ្នាត​តម្រា​សីលធម៌។ នេះ​ហើយ​ជា​ហេតុ​ដែល​យោបល់​ក្នុង​ព្រះ​គម្ពីរ​មាន​លក្ខណៈ​ប្លែក​ពី​យោបល់​ឯ​ទៀត។ ពេល​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​បង្រៀន​កូន នេះ​ជួយ​ឲ្យ​គេ​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​រឿង​ផ្សេងៗ។ ការ​បង្ហាត់​បង្រៀន​បែប​នេះ​មាន​មូលដ្ឋាន​មាំ​ជាង ទាំង​បើក​លទ្ធភាព​ឲ្យ​នេះ​មាន​អានុភាព​លើ​ចិត្ត​កូន​ច្រើន​ជាង។

ស្ត្រី​ឈ្មោះ​ខាថារេន​ដែល​រៀប​រាប់​ខាង​លើ​នេះ គាត់​ក៏​យល់​ព្រម​នឹង​ទស្សនៈ​នោះ​ដែរ។ គាត់​មាន​ប្រសាសន៍​ថា​៖ «ពេល​មាន​បញ្ហា​កាន់​តែ​ធំ យើង​បាន​រក​ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន ហើយ​នេះ​ពិត​ជា​ទទួល​បាន​ផល​ល្អ​មែន!»។ ពេល​បង្រៀន​កូន​ឲ្យ​ចេះ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ខុស​និង​ត្រូវ តើ​អ្នក​អាច​ប្រើ​ព្រះ​គម្ពីរ​ឲ្យ​ច្រើន​ជាង​បាន​ទេ?

ចូរ​ចេះ​យោគ​យល់

សាវ័ក​ប៉ុល​សំដៅ​ទៅ​លើ​គោលការណ៍​សំខាន់​មួយ​ទៀត​ដែល​អាច​ជួយ​បាន​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ គាត់​ដាស់​តឿន​ពួក​គ្រិស្ត​សា​សនិក​គ្នីគ្នា​ថា​៖ «ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សំ​ឡូ​ត​របស់​អ្នក​រាល់​គ្នា» ឬ​«ឃើញ​ថា​អ្នក​រាល់​គ្នា​ចេះ​យោគ​យល់»។ (ភីលីព ៤:៥; ព.ថ.) យ៉ាង​នេះ កូន​នឹង​កត់​សម្គាល់​ឃើញ​នូវ​ភាព​ស្លូតបូត​របស់​យើង ហើយ​ដឹង​ថា​យើង​ចេះ​យោគ​យល់។ សូម​ចាំ​ថា សេចក្ដី​សម្លូត​ឬ​ការ​ចេះ​យោគ​យល់​បង្ហាញ​ថា​យើង​មាន​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»។—យ៉ាកុប ៣:១៧

ប៉ុន្តែ តើ​ការ​ចេះ​យោគ​យល់​ទាក់ទង​នឹង​ការ​បង្ហាត់​បង្រៀន​កូន​យ៉ាង​ណា? ទោះ​បើ​យើង​ខំ​ជួយ​កូន​អស់​ពី​សមត្ថភាព​ក៏​ដោយ យើង​មិន​អាច​កាន់​កាប់​គ្រប់​សកម្មភាព​របស់​គេ​បាន​ទេ។ ជា​ឧទាហរណ៍ បុរស​ឈ្មោះ​ម៉ារីអូ ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ខាង​លើ​នេះ គាត់​នឹក​ចាំ​ថា​៖ «យើង​តែង​តែ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​មាន​គោល​ដៅ​ល្អៗ​ក្នុង​ការ​បម្រើ​ព្រះ ដូច​ជា​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​និង​កិច្ច​បម្រើ​ផ្សាយ​ពេញ​ពេល​ជា​ដើម។ ក៏​ប៉ុន្តែ យើង​បាន​បញ្ជាក់​ច្បាស់​ថា នៅ​ទីបំផុត​កូន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​នេះ​ដោយ​ខ្លួន​ឯង»។ តើ​មាន​លទ្ធផល​អ្វី? ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​គាត់​កំពុង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ពេញ​ពេល។

នៅ​សៀវភៅ​កូល៉ុស ៣:២១ ព្រះ​គម្ពីរ​ព្រមាន​បិតា​ទាំង​ឡាយ​ថា​៖ «ឪពុក​រាល់​គ្នា​អើយ! កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ»។ ពេល​ឪពុក​ម្ដាយ​ទ្រាំ​លែង​បាន​ទៀត នោះ​ងាយ​ស្រួល​ណាស់​ឲ្យ​គាត់​ដំឡើង​សរសៃ​ក​ដាក់​កូន​ឬ​តឹងរ៉ឹង​ពេក​ចំពោះ​កូន។ ស្ត្រី​ឈ្មោះ​ខាថារេន​ក៏​ចូល​ចិត្ត​ខ​នេះ​ដែរ ហើយ​មាន​ប្រសាសន៍​ថា​៖ «កុំ​ទាមទារ​ឲ្យ​កូន​ធ្វើ​ដូច​យើង»​ដែល​ជា​មនុស្ស​ចាស់។ គាត់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែរ ហើយ​ក៏​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ «ចូរ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲ្យ​កូន​ពេញ​ចិត្ត​ចំពោះ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា»។

បុរស​ឈ្មោះ​ចេហ្វ​ដែល​មាន​ប្រសាសន៍​ខាង​លើ​នេះ គាត់​រៀប​រាប់​ថា​៖ «ពេល​កូន​យើង​កំពុង​ធំ​ឡើង មិត្ត​ជិត​ស្និទ្ធ​ម្នាក់​បាន​ប្រាប់​ពី​អ្វី​ដែល​គាត់​បាន​ពិសោធ​ថា​ម្ដង​ហើយ​ម្ដង​ទៀត​គាត់​ត្រូវ​តែ​បដិសេធ​នឹង​សំណូម​ពរ​របស់​កូន។ នេះ​តែង​ធ្វើ​ឲ្យ​កូន​មួម៉ៅ ទាំង​មាន​អារម្មណ៍​ថា​ឪពុក​ម្ដាយ​គាប​សង្កត់​ពួក​គេ។ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​កូន​មាន​អារម្មណ៍​បែប​នេះ គាត់​ជូន​យោបល់​ឲ្យ​យើង​រក​វិធី​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​គេ»។

ចេហ្វ​មាន​ប្រសាសន៍​ទៀត​ថា​៖ «នេះ​ជា​យោបល់​ល្អ​មែន ដ្បិត​ក្រោយ​មក​យើង​បាន​រក​ឱកាស​អនុញ្ញាត​ឲ្យ​កូន​សេពគប់​ជា​មួយ​អ្នក​ដទៃ​ក្រោម​កាលៈទេសៈ​ដែល​យើង​គិត​ថា​ល្អ។ យ៉ាង​នេះ យើង​សួរ​កូន​ថា​៖ ‹កូន​ដឹង​ទេ មាន​គេ​ធ្វើ​នេះ​ឬ​ទៅ​នោះ តើ​កូន​ចង់​ទៅ​ដែរ​ទេ?›។ ម្យ៉ាង​ទៀត បើ​កូន​សូម​ទៅ​ទី​នេះ​ឬ​ទី​នោះ យើង​ត្រូវ​បង្ខំ​ខ្លួន​ទៅ​ដែរ ទោះ​ជា​យើង​អស់​កម្លាំង​ក៏​ដោយ។ យើង​ត្រូវ​តែ​ទៅ​ដើម្បី​ជៀស​វាង​ការ​មិន​យល់​ព្រម​រាល់​តែ​ដង»។ នេះ​ហើយ​ជា​ទង្វើ​ដែល​បង្ហាញ​ការ​យោគ​យល់ ដោយ​បន្ទន់​ទៅ​តាម​ចិត្ត​គេ មិន​ល្អៀង​ហើយ​មិន​ប្រាស​ចាក​គោលការណ៍​ព្រះ​គម្ពីរ​ផង​ដែរ។

ចូរ​ទទួល​ប្រយោជន៍​ពី​យោបល់​ដែល​អាច​ទុក​ចិត្ត​បាន

ឥឡូវ​គូ​ស្វាមី​ភរិយា​ភាគ​ច្រើន​ដែល​រៀប​រាប់​ខាង​លើ​នេះ ក៏​មាន​ចៅ​ផង​ដែរ។ ហើយ​ពួក​គាត់​ត្រេកអរ​ណាស់​ពេល​ឃើញ​កូន​ប្រើ​គោលការណ៍​ព្រះ​គម្ពីរ​ទាំង​នេះ​ដោយ​ជោគជ័យ​ក្នុង​ការ​អប់រំ​កូន​ចៅ​តៗ​គ្នា។ តើ​អ្នក​នឹង​ប្រើ​យោបល់​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​ទទួល​ប្រយោជន៍​ដែរ​ទេ?

វគ្គ​ទី​មួយ​ក្នុង​អត្ថបទ​នេះ​រៀប​រាប់​អំពី​ស្ត្រី​ឈ្មោះ​រូថ​និង​ស្វាមី​គាត់ ដែល​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ជំនិត​ណា​ម្នាក់​ដែល​អាច​ជូន​យោបល់​បាន​សោះ​ពេល​គាត់​កើត​កូន​ដំបូង​នោះ។ ទោះ​ជា​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​បែប​នេះ​ក៏​ដោយ គាត់​មិន​ខ្វះ​យោបល់​ល្អ​ទេ។ ពួក​គាត់​មាន​យោបល់​ល្អ​បំផុត​ពី​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​សៀវភៅ​ល្អៗ​ជា​ច្រើន​ដែល​អាច​ជួយ​មាតា​បិតា​ទាំង​ឡាយ​ឲ្យ​ទទួល​ប្រយោជន៍​ពី​ព្រះ​គម្ពីរ។ មាន​សៀវភៅ​ចំណង​ជើង​ថា សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ គន្លឹះ​នៃ​សុភមង្គល​គ្រួសារ ហើយ​មាន​សៀវភៅ​ភាសា​ផ្សេងៗ​ទៀត​ចំណង​ជើង​ថា ចូរ​រៀន​ពី​គ្រូ​ឧត្តម និង​សំណួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ ចម្លើយ​ដែល​មាន​ប្រសិទ្ធភាព។ (Learn From the Great Teacher and Questions Young People Ask—Answers That Work ) ចំណែក​បុរស​ធ​លីវ​ដែល​ជា​ស្វាមី​នាង​រូថ គាត់​មាន​ប្រសាសន៍​ថា​៖ «នៅ​សព្វ​ថ្ងៃ​នេះ ឪពុក​ម្ដាយ​ទាំង​ឡាយ​អាច​ទទួល​យោបល់​ជា​ច្រើន​ភ្លាមៗ​បាន ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ។ ពួក​គាត់​អាច​ទទួល​ជំនួយ​បាន​ដែល​ទាក់ទង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ពេល​កូន​កំពុង​តែ​ធំ​ឡើង ឲ្យ​តែ​អាន​ព្រះ​គម្ពីរ»។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៥]

ទស្សនៈ​របស់​អ្នក​ឯកទេស យោបល់​ក្នុង​ព្រះ​គម្ពីរ

ស្តី​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់:

វេជ្ជបណ្ឌិត​មួយ​រូប​បាន​និពន្ធ​សៀវភៅ​មួយ​នៅ​ឆ្នាំ​១៩២៨ ដាស់​តឿន​មាតា​បិតា​ទាំង​ឡាយ​ថា​៖ «កុំ​ឱប​ថើប​[កូន]​ឲ្យ​សោះ» ហើយ​«កុំ​ឲ្យ​វា​អង្គុយ​លើ​ភ្លៅ​ឪពុក​ម្ដាយ​ឡើយ»។ (សៀវភៅ The Psychological Care of Infant and Child របស់​វេជ្ជបណ្ឌិត​John Broadus Watson) ប៉ុន្តែ ទស្សនាវដ្ដី​មួយ​ចុះ​ខែ​មីនា ឆ្នាំ​១៩៩៩ រៀប​រាប់​ពី​ទស្សនៈ​របស់​វេជ្ជបណ្ឌិត​ពីរ​រូប​ទៀត​ដែល​បញ្ជាក់​ថា​៖ «ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា កូន​មិន​សូវ​លូត​លាស់​ប៉ុន្មាន​ទេ បើ​គ្មាន​អ្នក​ណា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឬ​ដាក់​ដៃ​លើ​កូន»។—វេជ្ជបណ្ឌិត​Vera Lane និង​Dorothy Molyneaux ក្នុង​ទស្សនាវដ្ដី Our Children

សៀវភៅ​អេសាយ ៦៦:១២ ក្នុង​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ដែល​កំពុង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​រាស្ត្រ​ទ្រង់​ដោយ​ប្រើ​ពាក្យ​ប្រៀប​ដូច​ជា​ទ្រង់​ជា​ឪពុក​កំពុង​ថ្នម​កូន។ ស្រដៀង​គ្នា​ដែរ ពេល​សិស្ស​របស់​ព្រះ​យេស៊ូ​ចង់​ឃាត់​កុំ​ឲ្យ​មនុស្ស​នាំ​កូន​ក្មេង​ទៅ​ជួប​ទ្រង់ នោះ​ទ្រង់​ក៏​កែ​តម្រង់​ពួក​គេ​ដោយ​ថា​៖ «ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ! កុំ​ឃាត់​វា​ឡើយ»។ រួច​មក «ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង»។—ម៉ាកុស ១០:១៤, ១៦

ស្តី​អំពី​ការ​បង្រៀន​ខ្នាត​តម្រា​សីលធម៌:

ក្នុង​ទស្សនាវដ្ដី​ចុះ​ឆ្នាំ​១៩៦៩ វេជ្ជបណ្ឌិត​មួយ​រូប​បញ្ជាក់​គំនិត​ថា ក្មេងៗ​«មាន​សិទ្ធិ​បង្កើត​ឲ្យ​មាន​ទស្សនៈ​ខ្លួន​ឯង​ដោយ​អាង​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត មិន​មែន​ក្រោម​អំណាច​ឬ​ឥទ្ធិពល»​នៃ​ការ​បង្ខិត​បង្ខំ​ពី​ឪពុក​ម្ដាយ។ (វេជ្ជបណ្ឌិត​Bruno Bettelheim ក្នុង​ទស្សនាវដ្ដី New York Times Magazine) ជិត​៣០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៩៧ វេជ្ជបណ្ឌិត​មួយ​ទៀត​បាន​ទទួល​ស្គាល់​ថា​៖ «កូនៗ​ពិត​ជា​ត្រូវ​ទទួល​ការ​ណែនាំ​និង​មាន​គោល​បំណង​ក្នុង​ជីវិត ព្រម​ទាំង​រៀន​ខ្នាត​តម្រា​សីលធម៌​ផង» ស្រប​ទៅ​តាម​ទស្សនៈ​របស់​មាតា​បិតា​និង​មនុស្ស​ពេញ​វ័យ​ឯ​ទៀត។—វេជ្ជបណ្ឌិត​Robert Coles ដែល​ជា​អ្នក​និពន្ធ​សៀវភៅ The Moral Intelligence of Children

សៀវភៅ​សុភាសិត ២២:៦ ក្នុង​ព្រះ​គម្ពីរ​ដាស់​តឿន​មាតា​បិតា​ទាំង​ឡាយ​ថា​៖ «ចូរ​បង្ហាត់​កូន​ក្មេង​ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា «បង្ហាត់»​នេះ អាច​មាន​ន័យ​ថា «ផ្ដើម»​ដែរ ដែល​សំដៅ​ទៅ​លើ​ការ​ចាប់​ផ្ដើម​ផ្ដល់​ការ​ណែនាំ​ដំបូង​បង្អស់​ដល់​កូន។ យ៉ាង​នេះ មាតា​បិតា​ទាំង​ឡាយ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បង្រៀន​កូន​ពី​ខ្នាត​តម្រា​សីលធម៌​តាំង​ពី​តូច​មក។ (ធីម៉ូថេទី២ ៣:១៤, ១៥) កូន​ក្មេង​ច្បាស់​ជា​ចាំ​រហូត​នូវ​អ្វី​ដែល​គេ​រៀន​ក្នុង​វ័យ​កំពុង​លូត​លាស់​នោះ។

ស្តី​អំពី​ការ​ប្រៀនប្រដៅ:

វេជ្ជបណ្ឌិត​មួយ​រូប​បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​នៅ​ឆ្នាំ​១៩៧៨ ថា​៖ «ពេល​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន​វ៉ៃ​វា នេះ​ជា​វិធី​បង្រៀន​ម្យ៉ាង​ដែល​អាច​ទប់​ស្កាត់​អាកប្បកិរិយា​មិន​ល្អ»។ (វេជ្ជបណ្ឌិត​James Dobson ក្នុង​សៀវភៅ The Strong-Willed Child) ផ្ទុយ​ទៅ​វិញ នៅ​ឆ្នាំ​១៩៩៨ វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​បាន​សរសេរ​អត្ថបទ​កំណែ​ពី​សៀវភៅ​ល្បី​របស់​គាត់​ថា​៖ «ការ​វាយ​កូន​បង្រៀន​វា​ថា មនុស្ស​ដែល​មាន​មាឌ​ធំ​ជាង​ហើយ​ខ្លាំង​ជាង​តែង​តែ​មាន​អំណាច​ធ្វើ​អ្វី​ក៏​ដោយ មិន​ថា​ខុស​ឬ​ត្រូវ»។—សៀវភៅ Baby and Child Care (seventh edition) របស់​វេជ្ជបណ្ឌិត​Benjamin Spock

ស្តី​អំពី​ការ​ប្រៀនប្រដៅ​កូន ព្រះ​គម្ពីរ​ចែង​ថា​៖ «រំពាត់​នឹង​សេចក្ដី​ប្រៀនប្រដៅ​រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា»។ (សុភាសិត ២៩:១៥) ប៉ុន្តែ កូន​ខ្លះ​មិន​ចាំបាច់​វាយ​ទេ។ សៀវភៅ​សុភាសិត ១៧:១០ រៀប​រាប់​ថា​៖ «ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងីល្ងើ​១០០​រំពាត់​ទៅ​ទៀត»។

[Picture]

ដើម្បី​មាន​អានុភាព​លើ​ចិត្ត​កូន ចូរ​ប្រើ​យោបល់​ក្នុង​ព្រះ​គម្ពីរ

[រូបភាព​នៅ​ទំព័រ​៧]

មាតា​បិតា​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា ពេល​រៀបចំ​ឲ្យ​មាន​ការ​កម្សាន្ត​សម្រាប់​កូន