របៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវចំព្រះនិងមនុស្ស
របៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវចំពោះព្រះនិងមនុស្ស
«មានវិវាហមង្គលនៅភូមិកាណា . . . គេបានអញ្ជើញព្រះយេស៊ូវព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ»។—យ៉ូហាន ២:១, ២
១. តើកំណត់ហេតុអំពីព្រះយេស៊ូនៅភូមិកាណាបញ្ជាក់អំពីអ្វី?
ព្រះយេស៊ូព្រមទាំងមាតានិងសិស្សខ្លះរបស់ទ្រង់ធ្លាប់ពិសោធនូវអំណរដែលរាស្ត្ររបស់ព្រះអាចមានពេលរៀបការយ៉ាងត្រឹមត្រូវ។ ព្រះគ្រិស្តបានធ្វើឲ្យពិធីមង្គលការមួយមានភាពអស្ចារ្យក្រៃលែង ហើយនេះក៏ច្បាស់ជានាំឲ្យភ្ញៀវមានការសប្បាយថែមទៀតដែរ។ នៅទីនោះទ្រង់បានធ្វើអព្ភូតហេតុទីមួយដែលរៀបរាប់ក្នុងព្រះគម្ពីរ។ (យ៉ូហាន ២:១-១១) អ្នកប្រហែលជាធ្លាប់ចូលរួមសប្បាយក្នុងកម្មវិធីផ្សំផ្គុំគ្រិស្តសាសនិកពីរនាក់ឲ្យក្លាយជាគូស្វាមីភរិយាដែលមានសុភមង្គលក្នុងការបម្រើព្រះយេហូវ៉ា។ ឬមួយក៏អ្នករង់ចាំដោយរីករាយនូវថ្ងៃដែលអ្នកអាចរៀបអាពាហ៍ពិពាហ៍ ឬជួយមិត្តជិតស្និទ្ធរៀបការយ៉ាងសប្បាយក៏មាន។ តើការរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវគួររួមបញ្ចូលអ្វីខ្លះ?
២. តើព្រះគម្ពីរចែងយ៉ាងណាអំពីការរៀបអាពាហ៍ពិពាហ៍?
២ ដំបូន្មានក្នុងព្រះបន្ទូលដែលព្រះបណ្ដាលឲ្យមនុស្សសរសេរ ពិតជាមានតម្លៃចំពោះពួកគ្រិស្តសាសនិក ជាពិសេសពេលបុរសនិងស្ត្រីមានបំណងរៀបអាពាហ៍ពិពាហ៍។ (ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះគម្ពីរមិនបានរៀបរាប់ល្អិតល្អន់អំពីរបៀបគ្រិស្តសាសនិកគួររៀបការនោះទេ ដ្បិតប្រពៃណីជាតិនិងច្បាប់ទម្លាប់មានលក្ខណៈខុសៗគ្នាតាមតំបន់ផ្សេងៗ ហើយក៏ខុសគ្នាទៅតាមសម័យផងដែរ។ ជាឧទាហរណ៍ នៅប្រទេសអ៊ីស្រាអែលសម័យបុរាណ ពួកគេមិនមានពិធីរៀបអាពាហ៍ពិពាហ៍ជាផ្លូវការទេ។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ កូនកំលោះគ្រាន់តែបាននាំកូនក្រមុំមកខាងលំនៅខ្លួនឬទៅឯផ្ទះរបស់បិតាគាត់ក៏បាន។ * (លោកុប្បត្តិ ២៤:៦៧; អេសាយ ៦១:១០; ម៉ាថាយ ១:២៤) ទង្វើនោះនៅមុខសាធារណជនទាំងឡាយត្រូវគេចាត់ទុកជារបៀបរៀបការ។ នោះមិនបានរួមបញ្ចូលពិធីមួយជាផ្លូវការដូចមាននៅសព្វថ្ងៃនេះទេ។
៣. នៅភូមិកាណា តើព្រះយេស៊ូជួយឲ្យមានការសប្បាយក្នុងពិធីអ្វី?
៣ ពួកអ៊ីស្រាអែលបានចាត់ទុកវិវាហមង្គលនោះជារបៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ។ ប៉ុន្តែ ក្រោយមកពួកគេក៏ប្រហែលជាធ្វើពិធីជប់លៀងឬចូលរួមពិសាភោជនាហារផងដែរ ដូចបានរៀបរាប់នៅយ៉ូហាន ២:១។ (ម៉ាថាយ ២២:២-១០; លូកា ១៤:៨) កំណត់ហេតុនោះបង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូបានចូលរួមពិធីមង្គលការតាមប្រពៃណីសាសន៍យូដា ហើយបានជួយពួកគេឲ្យមានការសប្បាយទៀតផង។ ប៉ុន្តែចំណុចសំខាន់គឺថា ការរៀបអាពាហ៍ពិពាហ៍និងពិធីមង្គលការនៅសម័យនោះមានលក្ខណៈខុសពីសម័យនេះ។
៤. តើបងប្អូនគ្រិស្តសាសនិកខ្លះសម្រេចចិត្តរៀបការនិងរៀបចំពិធីមង្គលការបែបណា? ហើយហេតុអ្វី?
៤ នៅប្រទេសជាច្រើននាបច្ចុប្បន្ននេះ ពួកគ្រិស្តសាសនិកដែលចង់រៀបអាពាហ៍ពិពាហ៍ ត្រូវតែបំពេញលក្ខណៈផ្សេងៗតាមច្បាប់សិន។ ពេលបំពេញតម្រូវការនោះ ពួកគេអាចរៀបការតាមរបៀបណាក៏ដោយដែលស្របច្បាប់ ដូចជានៅមុខចៅក្រម មេឃុំឬបព្វជិតសាសនាណាដែលមានច្បាប់ធ្វើឲ្យអាពាហ៍ពិពាហ៍នោះមានសុពលភាព។ ពេលរៀបការបែបនេះ សាមីខ្លួនអ្នកការប្រហែលជាអញ្ជើញញាតិសន្ដានឬមិត្តគ្រិស្តសាសនិកខ្លះឲ្យធ្វើជាសាក្សី ឬគ្រាន់តែចូលរួមការសប្បាយក្នុងគ្រាសំខាន់នោះតែប៉ុណ្ណោះ។ (យេរេមា ៣៣:១១; យ៉ូហាន ៣:២៩) ស្រដៀងគ្នាដែរ បងប្អូនគ្រិស្តសាសនិកខ្លះសម្រេចចិត្តថា មិនចង់រៀបចំពិធីមង្គលការធំៗដោយអញ្ជើញភ្ញៀវច្រើននាក់ឲ្យចូលរួមទេ ដ្បិតពិបាករៀបចំពិធីបែបនោះណាស់ ហើយក៏អស់លុយច្រើនផងដែរ។ ផ្ទុយទៅវិញ ពួកគេប្រហែលជាអញ្ជើញតែមិត្តជិតស្និទ្ធប៉ុន្មាននាក់ឲ្យចូលរួមពិសាភោជនាហារ។ មិនថាយើងពេញចិត្តចំពោះកម្មវិធីបែប ណាក្ដី យើងគួរទទួលស្គាល់ថា បងប្អូនគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំប្រហែលជាមានទស្សនៈផ្សេងពីយើង។—រ៉ូម ១៤:៣, ៤
៥. ពេលរៀបការ ហេតុអ្វីក៏ពួកគ្រិស្តសាសនិកភាគច្រើនរៀបចំឲ្យមានសុន្ទរកថាមួយ? តើសុន្ទរកថានោះបញ្ជាក់អំពីអ្វី?
៥ ពេលរៀបការ គូអាពាហ៍ពិពាហ៍ភាគច្រើនដែលជាគ្រិស្តសាសនិកពេញចិត្តរៀបចំឲ្យបងប្រុសម្នាក់ថ្លែងសុន្ទរកថាដើម្បីបញ្ជាក់ពីគោលការណ៍ព្រះគម្ពីរ។ * ពួកគេទទួលស្គាល់ថា របៀបរៀបចំឲ្យបុរសនិងស្ត្រីយកគ្នាជាស្វាមីភរិយាគឺមកពីព្រះយេហូវ៉ា ហើយទ្រង់ក៏ឲ្យឱវាទល្អៗក្នុងព្រះបន្ទូលរបស់ទ្រង់អំពីរបៀបអាចមានសុភមង្គលនិងរបៀបទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍។ (លោកុប្បត្តិ ២:២២-២៤; ម៉ាកុស ១០:៦-៩; អេភេសូរ ៥:២២-៣៣) ពេលរៀបការ គូប្រុសស្រីភាគច្រើនចង់ឲ្យញាតិសន្ដាននិងមិត្តជាគ្រិស្តសាសនិកចូលរួមកម្មវិធីដ៏សប្បាយនោះ។ ប៉ុន្តែ តើសាមីខ្លួនកូនប្រុសកូនស្រីគួរមានទស្សនៈយ៉ាងណាអំពីច្បាប់ទម្លាប់និងសេចក្ដីត្រូវការផ្សេងៗតាមតំបន់? អត្ថបទនេះនឹងពិភាក្សាអំពីតម្រូវការខុសៗគ្នាទៅតាមតំបន់ផ្សេងៗ។ តម្រូវការនិងច្បាប់ទម្លាប់ខ្លះប្រហែលជាមានលក្ខណៈខុសពីអ្វីដែលអ្នកធ្លាប់ឮឬអ្វីដែលមនុស្សនិយមធ្វើនៅតំបន់របស់អ្នក។ យ៉ាងណាក៏ដោយ សូមកត់សម្គាល់នូវលក្ខណៈនិងគោលការណ៍ផ្សេងៗដែលសំខាន់សម្រាប់ពួកអ្នកបម្រើព្រះ។
របៀបរៀបការយ៉ាងត្រឹមត្រូវស្របតាមច្បាប់
៦, ៧. ហេតុអ្វីក៏យើងគួរយកចិត្តទុកដាក់ចំពោះការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់? តើនេះប្រហែលជាតម្រូវឲ្យយើងធ្វើអ្វី?
៦ ព្រះយេហូវ៉ាជាអ្នកផ្ដើមគំនិតឲ្យមនុស្សជាតិរៀបអាពាហ៍ពិពាហ៍ ដ្បិតទ្រង់បានផ្សំផ្គុំបុរសស្ត្រីទីមួយ។ ប៉ុន្តែ រាជការក៏មានសិទ្ធិតម្រូវអ្វីខ្លះពីអស់អ្នកដែលចង់រៀបការដែរ។ នេះជាការត្រឹមត្រូវពីព្រោះព្រះយេស៊ូមានបន្ទូលថា៖ «ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ»។ (ម៉ាកុស ១២:១៧) ស្រដៀងគ្នាដែរ សាវ័កប៉ុលបានបង្គាប់ថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច»។—រ៉ូម ១៣:១; ទីតុស ៣:១
៧ សេសារតំណាងពួកអាជ្ញាធរនៅប្រទេសនានាដែលមានអំណាចសម្រេចអំពីអ្នកណាមានសិទ្ធិរៀបការ។ ដូច្នេះ បើគ្រិស្តសាសនិកមួយគូមានសិទ្ធិរៀបការស្របតាមព្រះគម្ពីរហើយ នោះពួកគេក៏គួរគោរពតាមច្បាប់ក្នុងតំបន់របស់ខ្លួនស្តីអំពីការរៀបអាពាហ៍ពិពាហ៍។ នេះប្រហែលជាតម្រូវឲ្យពួកគេសុំលិខិតអនុញ្ញាតឲ្យរៀបការពីពួកអាជ្ញាធរ ហើយក្រោយមកត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍។ នៅសម័យបុរាណ ពេលសេសារអូគូស្ទតម្រូវឲ្យប្រជាជន«ចុះបញ្ជី»នោះ ម៉ារានិងយ៉ូសែបបានធ្វើតាមច្បាប់រដ្ឋដោយធ្វើដំណើរទៅភូមិបេថ្លេហិម«ដើម្បីចុះបញ្ជី»។—លូកា ២:១-៥
៨. តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាជៀសវាងទង្វើអ្វីខ្លះ? ហើយហេតុអ្វី?
៨ ពេលគ្រិស្តសាសនិករៀបការស្របច្បាប់បែបនេះ ព្រះយេហូវ៉ាក៏ចាត់ទុកពួកគេជាស្វាមីភរិយាដែរ។ អាស្រ័យហេតុនេះ ទោះជាប្រទេសខ្លះមានវិធីរៀបការស្របច្បាប់ពីរបីយ៉ាងក្ដី តែពួកស្មរបន្ទាល់ព្រះយេហូវ៉ារៀបការស្របច្បាប់តែម្យ៉ាងប៉ុណ្ណោះ។ ហើយពេលធ្វើបុណ្យខួបអាពាហ៍ពិពាហ៍គម្រប់២៥ឆ្នាំឬ៥០ឆ្នាំនោះ ពួកគាត់ក៏មិនរៀបចំម៉ាថាយ ៥:៣៧) (សាសនាខ្លះមានទស្សនៈថា បើមិនរៀបការតាមប្រពៃណីឬទម្លាប់សាសនា នោះអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋក៏គ្មានសុពលភាពដែរ)។ រដ្ឋាភិបាលនៅប្រទេសជាច្រើនប្រគល់សិទ្ធិអំណាចឲ្យអ្នកចាស់ទុំរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ដើម្បីឲ្យសំបុត្រនោះមានសុពលភាព។ ក្នុងករណីនេះ ជាការធម្មតាឲ្យអ្នកចាស់ទុំថ្លែងសុន្ទរកថា នៅក្នុងសាលព្រះរាជាណាចក្ររបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាតែម្ដង មុនធ្វើឲ្យអាពាហ៍ពិពាហ៍នោះមានសុពលភាព ដ្បិតសាលនោះជាទីកន្លែងថ្វាយបង្គំព្រះយេហូវ៉ា ហើយគប្បីណាស់ឲ្យថ្លែងសុន្ទរកថានៅទីនោះអំពីអាពាហ៍ពិពាហ៍ដែលផ្គាប់ព្រះហឫទ័យព្រះ។
កម្មវិធីដើម្បីស្បថចំពោះគ្នាមួយសារទៀតទេ។ (៩. (ក) ពេលអ្នកទាំងពីរចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រួចហើយ តើពួកគេប្រហែលជាសម្រេចចិត្តធ្វើអ្វីទៀត? (ខ) តើពួកគេត្រូវជួបជាមួយពួកអ្នកចាស់ទុំពីរឿងអ្វីខ្លះ?
៩ នៅប្រទេសឯទៀត ច្បាប់រដ្ឋតម្រូវឲ្យសាមីខ្លួនអ្នកការជួបជាមួយអាជ្ញាធរម្នាក់ដើម្បីចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ មិនថានៅសាលាក្រុងឬក្នុងការិយាល័យក្រសួងណាមួយក៏ដោយ។ ពេលបានសម្រេចការតាមច្បាប់ហើយ ពួកគ្រិស្តសាសនិកជាច្រើនសម្រេចចិត្តរៀបចំឲ្យអ្នកចាស់ទុំថ្លែងសុន្ទរកថាក្នុងសាលព្រះរាជាណាចក្រនៅថ្ងៃនោះឯងឬថ្ងៃស្អែកក៏បាន។ (យកល្អកុំឲ្យច្រើនថ្ងៃកន្លងផុតទៅរវាងពេលទទួលសំបុត្រអាពាហ៍ពិពាហ៍និងពេលមានសុន្ទរកថាក្នុងសាលប្រជុំ ដ្បិតនៅចំពោះព្រះយេហូវ៉ានិងមនុស្សទាំងឡាយដែលរួមបញ្ចូលក្រុមជំនុំនៃពួកគ្រិស្តសាសនិក នោះអ្នកទាំងពីរបានត្រូវផ្សំផ្គុំជាស្វាមីភរិយារួចហើយ)។ បើសាមីខ្លួនអ្នកការចង់រៀបចំឲ្យមានសុន្ទរកថាក្នុងសាលព្រះរាជាណាចក្រក្រោយបានទទួលសំបុត្រអាពាហ៍ពិពាហ៍ ពួកគេត្រូវសុំច្បាប់ជាមុនពីពួកអ្នកចាស់ទុំក្នុងគណៈកម្មាធិការកិច្ចបម្រើនៃក្រុមជំនុំនោះ។ ពួកអ្នកចាស់ទុំគួរដឹងច្បាស់ថាអ្នកទាំងពីរនោះមានកេរ្ដិ៍ឈ្មោះល្អ ហើយក្រោយមកក៏គួរឆែកមើលកុំឲ្យម៉ោងថ្លែងសុន្ទរកថារំខានដល់កម្មវិធីប្រជុំឬកម្មវិធីណាទៀតក្នុងសាលនោះ។ (កូរិនថូសទី១ ១៤:៣៣, ៤០) ពួកអ្នកចាស់ទុំក៏គួរសួរសាមីខ្លួនអ្នកការអំពីរបៀបតុបតែងសាលប្រជុំ ហើយត្រូវសម្រេចចិត្តថា តើត្រូវប្រកាសដល់ក្រុមជំនុំទុកជាមុនអំពីកម្មវិធីនោះឬក៏អត់?
១០. បើសាមីខ្លួនអ្នកការត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់មុនកម្មវិធីក្នុងសាលប្រជុំ តើអ្នកថ្លែងសុន្ទរកថាត្រូវធ្វើអ្វីខ្លះ?
១០ អ្នកចាស់ទុំដែលថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍នឹងបង្ហាញការរាក់ទាក់ លើកទឹកចិត្តខាងវិញ្ញាណហើយមានភាពថ្លៃថ្នូរផង។ បើគូអាពាហ៍ពិពាហ៍បានចុះសំបុត្រតាមច្បាប់រដ្ឋជាមុន អ្នកថ្លែងសុន្ទរកថានឹងប្រាប់ច្បាស់ថា ពួកគេបានរៀបការស្របច្បាប់សេសាររួចហើយ។ បើច្បាប់រដ្ឋមិនបានតម្រូវឲ្យសាមីខ្លួនអ្នកការស្បថចំពោះគ្នាពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ប្រហែលជាពួកគេចង់ស្បថចំពោះគ្នាពេលមានសុន្ទរកថាក្នុងសាលប្រជុំ។ * បើសាមីខ្លួនកូនប្រុសកូនស្រីបានស្បថចំពោះគ្នារួចហើយពេលចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ តែពួកគេចង់ស្បថម្ដងទៀតនៅចំពោះមុខព្រះយេហូវ៉ានិងក្រុមជំនុំផង ពួកគេត្រូវនិយាយថា «ខ្ញុំបានស្បថហើយថា . . . » ជាជាង «ខ្ញុំស្បថថា . . . »តាមពាក្យសច្ចាខាងក្រោមនេះ ដើម្បីបង្ហាញថាពួកគេបានត្រូវ«ផ្សំផ្គុំគ្នា»រួចហើយ។—ម៉ាថាយ ១៩:៦; ២២:២១
១១. នៅប្រទេសខ្លះ តើសាមីខ្លួនអ្នកការត្រូវរៀបអាពាហ៍ពិពាហ៍ដោយធ្វើអ្វី? បើដូច្នេះ តើត្រូវរួមបញ្ចូលអ្វីក្នុងសុន្ទរកថាអាពាហ៍ពិពាហ៍?
១១ នៅប្រទេសខ្លះ ពួករាជការមិនតម្រូវឲ្យគូប្រុសស្រីរៀបការមុខមនុស្សណាសោះ មិនថាមុខអាជ្ញាធរឬនរណាទៀតក្ដី។ នៅទីនោះរាជការគ្រាន់តែតម្រូវឲ្យសាមីខ្លួនអ្នកការបំពេញនិងចុះហត្ថលេខាលើលិខិតសុំរៀបអាពាហ៍ពិពាហ៍ ក្រោយមកជូនដល់អាជ្ញាធរម្នាក់ហើយគាត់ចុះបញ្ជីអាពាហ៍ពិពាហ៍ឲ្យគេ ហើយជូនសំបុត្រអាពាហ៍ពិពាហ៍មួយច្បាប់។ យ៉ាងនេះ គូប្រុសស្រីបានផ្សំផ្គុំគ្នាជាស្វាមីភរិយាហើយ និងថ្ងៃខែចុះបញ្ជីនោះជាថ្ងៃខែរៀបអាពាហ៍ពិពាហ៍។ ដូចបានបញ្ជាក់ក្នុងវគ្គមុនៗ ក្រោយបានរៀបការបែបនេះ ប្រហែលជាគូស្វាមីភរិយាថ្មីថ្មោងចង់ចូលសាលព្រះរាជាណាចក្រភ្លាមៗ ដើម្បីស្ដាប់សុន្ទរកថាដែលមានមូលដ្ឋានលើព្រះគម្ពីរ។ បុរសដែលមានភាពចាស់ទុំខាងវិញ្ញាណនឹងថ្លែងសុន្ទរកថានោះ ហើយគាត់នឹងប្រាប់ភ្ញៀវទាំងឡាយដែលមានវត្តមានថា អ្នកទាំងពីរនេះជាស្វាមីភរិយាស្របច្បាប់ដោយព្រោះទើបតែបានចុះសំបុត្រអាពាហ៍ពិពាហ៍ហើយ។ បើគូស្វាមីភរិយាថ្មីថ្មោងចង់ស្បថនឹងគ្នា នេះអាចធ្វើឡើងស្របតាមការណែនាំក្នុងវគ្គ១០ព្រមទាំងសម្គាល់ហេតុក្នុងវគ្គនោះ។ អស់ទាំងភ្ញៀវនឹងត្រេកអរជាមួយគូស្វាមីភរិយាថ្មីថ្មោងក្នុងសាលព្រះរាជាណាចក្រ ហើយគ្រប់គ្នានឹងទទួល
ប្រយោជន៍ពីដំបូន្មានស្រង់ចេញពីព្រះបន្ទូលរបស់ព្រះដែលថ្លែងជូននៅទីនោះ។—បទចំរៀងសាឡូម៉ូន ៣:១១ការរៀបអាពាហ៍ពិពាហ៍តាមទម្លាប់ដែលស្របច្បាប់
១២. តើការរៀបអាពាហ៍ពិពាហ៍តាមទម្លាប់អាចរួមបញ្ចូលអ្វី? ក្នុងករណីនោះ តើគេលើកទឹកចិត្តឲ្យសាមីខ្លួនអ្នកការធ្វើអ្វីភ្លាមៗ?
១២ នៅប្រទេសខ្លះនាទ្វីបអាហ្វ្រិក គូប្រុសស្រីរៀបអាពាហ៍ពិពាហ៍តាមទម្លាប់កុលសម្ព័ន្ធនីមួយៗ។ នេះមិនសំដៅទៅលើការរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធដែលឥតខាន់ស្លានោះទេ ទោះជានៅប្រទេសខ្លះគេទទួលស្គាល់អ្នកទាំងពីរជាប្ដីប្រពន្ធក្ដី។ * ក្នុងវគ្គទាំងនេះយើងចង់សំដៅទៅលើការរៀបអាពាហ៍ពិពាហ៍តាមទម្លាប់នាតំបន់ដែលកុលសម្ព័ន្ធនីមួយៗទទួលស្គាល់ជាស្វាមីភរិយា។ ប្រហែលជាពួកគេរៀបការដោយផ្ដល់ឲ្យប្រាក់ជំនូនឬប្រាក់ខាន់ស្លា ហើយនេះស្របតាមច្បាប់ព្រមទាំងព្រះគម្ពីរផងដែរ។ រដ្ឋាភិបាលនៅប្រទេសទាំងនោះទទួលស្គាល់ពិធីអាពាហ៍ពិពាហ៍តាមទម្លាប់របស់ពួកគេជាអ្វីដែលត្រឹមត្រូវ ស្របច្បាប់ហើយមានសុពលភាពផង។ ក្រោយបានរៀបការតាមទម្លាប់នោះ ធម្មតាគូស្វាមីភរិយាថ្មីថ្មោងក៏អាចចុះបញ្ជីអាពាហ៍ពិពាហ៍ហើយទទួលសំបុត្រពីរដ្ឋដែរ។ នេះអាចជួយការពារគូអាពាហ៍ពិពាហ៍ឬមានប្រយោជន៍សម្រាប់ភរិយានិងកូននៅពេលអនាគត បើស្វាមីស្លាប់។ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកតែងលើកទឹកចិត្តអ្នកដែលរៀបការតាមទម្លាប់នោះឲ្យចុះសំបុត្រអាពាហ៍ពិពាហ៍ភ្លាមៗ។ គួរឲ្យចាប់អារម្មណ៍ដែរ មើលទៅដូចជាក្រឹត្យវិន័យម៉ូសេតម្រូវឲ្យប្រជាជនចុះបញ្ជីតាមផ្លូវការពេលរៀបអាពាហ៍ពិពាហ៍ឬបង្កើតកូន។—ម៉ាថាយ ១:១-១៦
១៣. ពេលគេរៀបអាពាហ៍ពិពាហ៍តាមទម្លាប់រួចហើយ តើគួរធ្វើយ៉ាងណាស្តីអំពីសុន្ទរកថាក្នុងសាលប្រជុំ?
១៣ ពេលគូប្រុសស្រីរៀបការតាមទម្លាប់ដែលស្របច្បាប់នៅទ្វីបអាហ្វ្រិក គេក៏បានរាប់អ្នកទាំងពីរជាស្វាមីភរិយាហើយ។ ដូចបានពន្យល់ក្នុងវគ្គមុនៗនេះ ពេលពួកគ្រិស្តសាសនិករៀបការស្របច្បាប់បែបនោះ ប្រហែលជាពួកគេចង់រៀបចំឲ្យមានសុន្ទរកថាអាពាហ៍ពិពាហ៍មួយថ្លែងនៅក្នុងសាលព្រះរាជាណាចក្រ ទាំងស្បថចំពោះគ្នាផង។ បើធ្វើដូច្នេះ អ្នកថ្លែងក៏ត្រូវប្រាប់ឲ្យដឹងថា សាមីខ្លួនអ្នកការបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់សេសាររួចហើយ។ សុន្ទរកថាក្នុងសាលប្រជុំមានតែមួយដងគត់សម្រាប់គូស្វាមីភរិយាថ្មីថ្មោងនោះ។ ក្នុងករណីនេះ គេរៀបអាពាហ៍ពិពាហ៍ស្របច្បាប់តាមទម្លាប់តែមួយដងជាសម្រេច ហើយក៏មានសុន្ទរកថាអំពីគោលការណ៍ព្រះគម្ពីរជាកម្មវិធីបន្ថែម។ បើអាចធ្វើទៅបានគួររៀបចំឲ្យមានកម្មវិធីទាំងពីរជាប់គ្នានៅថ្ងៃដដែលនោះ ហើយនេះនឹងជួយឲ្យអាពាហ៍ពិពាហ៍របស់ពួកគ្រិស្តសាសនិកមានតម្លៃនៅតំបន់នោះ។
១៤. បើពួកគ្រិស្តសាសនិកអាចរៀបអាពាហ៍ពិពាហ៍តាមទម្លាប់ឬតាមច្បាប់រដ្ឋក៏បាន តើពួកគេប្រហែលជាសម្រេចចិត្តធ្វើអ្វី?
១៤ នៅប្រទេសខ្លះនាទ្វីបអាហ្វ្រិកដែលគេទទួលស្គាល់អាពាហ៍ពិពាហ៍តាមទម្លាប់ជាពិធីស្របច្បាប់ គេក៏បើកឱកាសឲ្យសាមីខ្លួនអ្នកការចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការដែរ។ ធម្មតាគូស្វាមីភរិយាថ្មីថ្មោងនោះជួបជាមួយរាជការម្នាក់ ទាំងពោលពាក្យសច្ចាចំពោះគ្នាទៅវិញទៅមកនិងចុះបញ្ជីអាពាហ៍ពិពាហ៍។ គូប្រុសស្រីគ្រិស្តសាសនិកខ្លះសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ ជាជាងធ្វើតាមទម្លាប់ក្នុងតំបន់គេ។ តាមពិត ដោយសាររបៀបទាំងពីរស្របច្បាប់ដូចគ្នា ពួកគេមិនចាំបាច់ធ្វើទាំងពីរទេ។ ហើយអ្វីដែលរៀបរាប់ក្នុងវគ្គ៩និង១០អំពីសុន្ទរកថាអាពាហ៍ពិពាហ៍និងពាក្យសម្បថក៏អាចប្រើបានដែរ។ អ្វីដែលសំខាន់បំផុត គឺឲ្យសាមីខ្លួនកូនប្រុសកូនស្រីរៀបអាពាហ៍ពិពាហ៍បែបយ៉ាងណាដែលមានតម្លៃចំពោះព្រះនិងមនុស្ស។—លូកា ២០:២៥; ពេត្រុសទី១ ២:១៣, ១៤
អាពាហ៍ពិពាហ៍ដែលមានភាពថ្លៃថ្នូរ
១៥, ១៦. តើការរៀបអាពាហ៍ពិពាហ៍គួររួមបញ្ចូលការគោរពនិងភាពថ្លៃថ្នូរយ៉ាងដូចម្ដេច?
១៥ នៅសម័យបុរាណ ព្រះអគ្គមហេសីរបស់ស្តេចសាសន៍ពើស៊ីបានបង្កើតឲ្យមានរឿងរ៉ាវ។ ដូច្នេះលោកមមូកាន ដែលជាអ្នកប្រឹក្សារបស់ស្តេចនោះ បានជូនយោបល់ដែលអាចនាំឲ្យមានផលល្អបាន ពោលគឺ ‹ឲ្យស្ត្រីទាំងអស់គោរពប្រតិបត្ដិដល់ប្ដីខ្លួន›។ (នាងអេសធើរ ១:២០) ក្នុងចំណោមគូអាពាហ៍ពិពាហ៍ដែលជាគ្រិស្តសាសនិក មិនចាំបាច់ឲ្យស្តេចមួយអង្គចេញបង្គាប់ឲ្យភរិយាគោរពស្វាមីទេ ពីព្រោះនាងពេញចិត្តធ្វើដូច្នេះស្ម័គ្រពីចិត្តហើយ។ ដូចគ្នាដែរ ស្វាមីដែលកាន់តាមព្រះគ្រិស្តក៏សរសើរនិងរាប់អានឬគោរពភរិយា។ (សុភាសិត ៣១:១១, ៣០; ពេត្រុសទី១ ៣:៧; ខ.ស.) ភាពថ្លៃថ្នូរក្នុងអាពាហ៍ពិពាហ៍មិនគួរលេចធ្លោយូរឆ្នាំក្រោយថ្ងៃរៀបការនោះទេ។ យ៉ាងហោចណាស់ តាំងពីពេលបានផ្សំផ្គុំជាស្វាមីភរិយាមក សាមីខ្លួនកូនប្រុសកូនស្រីត្រូវបង្ហាញការគោរពចំពោះគ្នា។
១៦ គូស្វាមីភរិយាថ្មីថ្មោងត្រូវបង្ហាញការគោរពគ្នារហូត មិនត្រឹមតែនៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ។ ណាមួយទៀត អ្នកចាស់ទុំដែល
ថ្លែងសុន្ទរកថាឲ្យកូនកំលោះកូនក្រមុំ គាត់ត្រូវបង្ហាញការគោរពនិងមានភាពថ្លៃថ្នូរដែរ។ ពេលថ្លែងសុន្ទរកថា គាត់នឹងមើលមុខហើយមានប្រសាសន៍ចំពោះកូនកំលោះកូនក្រមុំ។ គាត់ក៏រក្សាឲ្យមានភាពថ្លៃថ្នូរដោយមិនលើករឿងកំប្លែងឬពាក្យស្លោកបុរាណធ្វើជាចំណុចសំខាន់ឡើយ។ ណាមួយទៀត គាត់មិនគួរនិយាយអំពីសាមីខ្លួនអ្នកការចំៗពេកដែលអាចធ្វើឲ្យពួកគាត់ឬភ្ញៀវខ្មាសនោះទេ។ ផ្ទុយទៅវិញ អ្នកថ្លែងគួរបង្ហាញភាពរាក់ទាក់ដើម្បីលើកទឹកចិត្តអស់អ្នកដែលមានវត្តមាននៅទីនោះ ទាំងលើកតម្កើងឱវាទដ៏ល្អអស្ចារ្យមកពីព្រះដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សរៀបការជាស្វាមីភរិយា។ ត្រូវមែន សុន្ទរកថាដែលលើកកិត្ដិយសទាំងអស់គ្នានឹងជួយឲ្យការរៀបអាពាហ៍ពិពាហ៍នោះលើកតម្កើងព្រះយេហូវ៉ា។១៧. ហេតុអ្វីបានជាគ្រិស្តសាសនិកយកចិត្តទុកដាក់ចំពោះច្បាប់រដ្ឋពេលរៀបអាពាហ៍ពិពាហ៍?
១៧ អត្ថបទនេះមានចំណុចជាច្រើនអំពីរបៀបរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ តែចំណុចខ្លះប្រហែលជាមិនទាក់ទងច្បាប់ទម្លាប់នៅស្រុករបស់អ្នកទេ។ យ៉ាងណាក៏ដោយ គប្បីឲ្យយើងរាល់គ្នាកត់សម្គាល់ថា ក្នុងករណីរៀបអាពាហ៍ពិពាហ៍ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកការគោរពតាមច្បាប់របស់សេសារនាតំបន់នីមួយៗ ជាការសំខាន់ណាស់។ (លូកា ២០:២៥) ប៉ុលបានដាស់តឿនយើងថា៖ «ចូរសងដល់លោកទាំងនោះតាមដែលអ្នកជំពាក់ចុះ! គឺឲ្យបង់ពន្ធខ្លួនដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ . . . ហើយត្រូវគោរពប្រតិបត្ដិដល់លោកណាដែលគួរគោរពដែរ»។ (រ៉ូម ១៣:៧) ពិតមែនហើយ តាំងពីថ្ងៃដែលពួកគ្រិស្តសាសនិកមួយគូៗរៀបអាពាហ៍ពិពាហ៍ ពួកគេត្រូវគោរពតាមទស្សនៈរបស់ព្រះយេហូវ៉ាស្តីអំពីរបៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវនៅសព្វថ្ងៃនេះ។
១៨. តើគួរគប្បីឲ្យយើងពិភាក្សាអំពីអ្វីទៀតដែលទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍? តើយើងអាចរកព័ត៌មាននោះនៅកន្លែងណា?
១៨ ពេលរៀបអាពាហ៍ពិពាហ៍ហើយ បងប្អូនគ្រិស្តសាសនិកជាច្រើនចូលចិត្តធ្វើពិធីជប់លៀង មិនថាជាមង្គលការឬចូលរួមពិសាភោជនាហារជាដើម។ សូមចាំថា ព្រះយេស៊ូក៏ធ្លាប់ចូលរួមពិសាភោជនាហារម្ដងដែរ។ បើយើងចង់ធ្វើពិធីជប់លៀង តើមានយោបល់អ្វីខ្លះក្នុងព្រះគម្ពីរដើម្បីឲ្យពិធីនោះលើកកិត្ដិយសព្រះយេហូវ៉ានិងមិនបង្អាប់ដល់គូស្វាមីភរិយាថ្មីថ្មោងព្រមទាំងក្រុមជំនុំនៃពួកគ្រិស្តសាសនិក? អត្ថបទបន្ទាប់នឹងពិភាក្សាអំពីរឿងនេះ។ *
[កំណត់សម្គាល់]
^ វគ្គ 2 វចនានុក្រមខ្មែរហៅនេះថា «វិវាហមង្គល»។ ប៉ុន្តែក្នុងអត្ថបទនេះនិងអត្ថបទជាបន្ទាប់ យើងនឹងប្រើពាក្យ«រៀបការ»និង«រៀបអាពាហ៍ពិពាហ៍»ពេលសំដៅទៅលើការផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានគ្នាជាគូស្វាមីភរិយា។
^ វគ្គ 5 ពួកស្មរបន្ទាល់ព្រះយេហូវ៉ាប្រើទម្រង់សុន្ទរកថាដែលមានចំណងជើងថា «អាពាហ៍ពិពាហ៍ដែលសព្វព្រះហឫទ័យព្រះ» ដែលថ្លែងក្នុងរយៈពេល៣០នាទី។ សុន្ទរកថានេះជូនយោបល់ល្អៗពីព្រះគម្ពីរហើយក៏មានមូលដ្ឋានលើសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ និងសៀវភៅឯទៀតដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។ សុន្ទរកថានេះមានតម្លៃចំពោះកូនកំលោះក្រមុំដែលកំពុងតែរៀបការ ហើយចំពោះភ្ញៀវដែលមានវត្តមានដែរ។
^ វគ្គ 10 លើកលែងតែពួកអាជ្ញាធរតម្រូវឲ្យប្រើពាក្យសម្បថផ្សេង គប្បីឲ្យប្រើពាក្យសច្ចាដូចតទៅនេះដែលលើកកិត្ដិយសព្រះ។ ចំពោះកូនកំលោះ៖ «ខ្ញុំបាទឈ្មោះ [ឈ្មោះកូនកំលោះ] ស្បថយកនាង [ឈ្មោះកូនក្រមុំ] ធ្វើជាភរិយា។ ក្នុងនាមជាស្វាមីដែលកាន់តាមព្រះគ្រិស្ត ហើយស្របទៅតាមច្បាប់របស់ព្រះក្នុងព្រះគម្ពីរបរិសុទ្ធ ខ្ញុំស្បថថានឹងស្រឡាញ់ហើយថ្នាក់ថ្នមនាងអស់ពីដួងចិត្ត ដរាបណាដែលយើងទាំងពីររស់នៅលើផែនដីជាមួយគ្នា តាមព្រះហឫទ័យព្រះចំពោះគូស្វាមីភរិយា»។ ចំពោះកូនក្រមុំ៖ «នាងខ្ញុំឈ្មោះ [ឈ្មោះកូនក្រមុំ] ស្បថយកបង [ឈ្មោះកូនកំលោះ] ធ្វើជាស្វាមីរបស់ខ្ញុំ។ ក្នុងនាមជាភរិយាដែលកាន់តាមព្រះគ្រិស្ត ហើយស្របទៅតាមច្បាប់របស់ព្រះក្នុងព្រះគម្ពីរបរិសុទ្ធ ខ្ញុំស្បថថានឹងស្រឡាញ់ ថ្នាក់ថ្នមអស់ពីដួងចិត្ត ហើយគោរពបងយ៉ាងជ្រាលជ្រៅ ដរាបណាដែលយើងទាំងពីររស់នៅលើផែនដីជាមួយគ្នា តាមព្រះហឫទ័យព្រះចំពោះគូស្វាមីភរិយា»។
^ វគ្គ 12 ទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦២ ទំព័រ២៨៧ ពន្យល់ថែមទៀតអំពីការរស់នៅជាប្ដីប្រពន្ធដែលឥតខាន់ស្លា។
^ វគ្គ 18 សម្រាប់ព័ត៌មានបន្ថែម សូមមើលអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេសចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៦ នៅទំព័រ២៨ មានចំណងជើងថា “Increase the Joy and Dignity of Your Wedding Day”។
តើអ្នកនៅចាំទេ?
• ហេតុអ្វីបានជាយើងគួរចាប់អារម្មណ៍ចំពោះការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់និងពេញព្រះទ័យព្រះ?
• បើគូប្រុសស្រីត្រូវរៀបការមុខអាជ្ញាធរម្នាក់ តើពួកគេប្រហែលជាសម្រេចចិត្តធ្វើអ្វីឆាប់ៗក្រោយមក?
• ហេតុអ្វីក៏ពួកស្មរបន្ទាល់ព្រះយេហូវ៉ាថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍នៅសាលព្រះរាជាណាចក្រ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ពេលពួកអ៊ីស្រាអែលរៀបអាពាហ៍ពិពាហ៍នៅសម័យបុរាណ កូនកំលោះគ្រាន់តែបាននាំកូនក្រមុំមកខាងលំនៅខ្លួនឬទៅឯផ្ទះរបស់បិតាគាត់