លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅបទចំរៀងសាឡូម៉ូន

គោលសំខាន់ៗពីសៀវភៅបទចំរៀងសាឡូម៉ូន

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​បទ​ចំរៀង​សាឡូម៉ូន

​«មាស​សំឡាញ់​របស់​អញ​នៅ​កណ្ដាល​ពួក​កូន​ស្រីៗ​ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា»។ «ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ នោះ​ប្រៀប​ដូច​ជា​ដើម​សារី​នា​កណ្ដាល​ពួក​ឈើ​នៅ​ព្រៃ»។ «តើ​នាង​ណា​នុ៎ះ​ដែល​លេច​ចេញ​មក​ដូច​ជា​អរុណ​រះ ស្រស់​ល្អ​ដូច​ជា​ព្រះ​ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ​អាទិត្យ?»។ (បទ​ចំរៀង​សាឡូម៉ូន ២:២, ៣; ៦:១០) ខ​ទាំង​នេះ​ពី​សៀវភៅ​បទ​ចំរៀង​សាឡូម៉ូន​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​ពីរោះ​ណាស់! តាម​ពិត សៀវភៅ​ទាំង​មូល​នោះ​ជា​កំណាព្យ​ពីរោះ​ដែល​មាន​ខ្លឹមសារ​ជ្រាល​ជ្រៅ​ដល់​ម្ល៉េះ​បាន​ជា​ត្រូវ​ហៅ​ថា «ចំរៀង​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំង​ចំរៀង»។—បទ​ចំរៀង​សាឡូម៉ូន ១:១

ស្តេច​សាឡូម៉ូន​នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ​ជា​អ្នក​តែង​បទ​ចំរៀង​នោះ ប្រហែល​ជា​នៅ​ឆ្នាំ​១០២០ មុន​គ.ស. នៅ​ដើម​ការ​សោយ​រាជ្យ​របស់​ទ្រង់​ដែល​មាន​រយៈ​ពេល​៤០​ឆ្នាំ។ បទ​ចំរៀង​នោះ​ជា​រឿង​ស្នេហា​អំពី​កំលោះ​អ្នក​គង្វាល​ម្នាក់​និង​ក្រមុំ​ជនបទ​ម្នាក់​ពី​ទី​ក្រុង​ស៊ូ​ឡាម។ កំណាព្យ​នេះ​ក៏​រៀប​រាប់​អំពី​ម្ដាយ​និង​បងប្អូន​ប្រុសៗ​របស់​នាង ព្រម​ទាំង​«ពួក​កូន​ស្រី​[ឬ​ស្រីៗ​ក្នុង​រាជ​វាំង​នៅ]​ក្រុង​យេរូសាឡិម» ហើយ​«ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​[ឬ​ស្ត្រី​ទាំង​ឡាយ​នៅ​ទី​ក្រុង​យេរូសាឡិម]»​ជា​ដើម។ (បទ​ចំរៀង​សាឡូម៉ូន ១:៥; ៣:១១) ឯកសារ​ដើម​ជា​ភាសា​ហេព្រើរ​មិន​ប្រាប់​ឈ្មោះ​តួ​អង្គ​នីមួយៗ​ក្នុង​បទ​ចំរៀង​សាឡូម៉ូន​ទេ តែ​អ្នក​អាន​អាច​សម្គាល់​តួ​អង្គ​នីមួយៗ​ដោយ​គិត​អំពី​ពំនោល​របស់​ពួក​គេ​ម្នាក់ៗ​ឬ​គិត​ពី​សម្ដី​ដែល​ពោល​ទៅ​កាន់​បុគ្គល​នោះ។ *

ដោយសារ​បទ​ចំរៀង​សាឡូម៉ូន​ជា​ផ្នែក​មួយ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ សារ​ក្នុង​សៀវភៅ​នោះ​មាន​តម្លៃ​ណាស់ ដោយ​អាស្រ័យ​លើ​មូលហេតុ​ពីរ​យ៉ាង។ (ហេព្រើរ ៤:១២) ទី​មួយ បទ​ចំរៀង​នេះ​បង្រៀន​អំពី​សេចក្ដី​ស្រឡាញ់​ស្មោះ​រវាង​បុរស​និង​ស្ត្រី។ ទីពីរ បទ​នេះ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​និង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​មាន​ចំពោះ​គ្នា។—កូរិនថូសទី២ ១១:២; អេភេសូរ ៥:២៥​-​៣១

កុំ​«បញ្ចេះ​ឲ្យ​ខ្ញុំ​មាន​ក្ដី​ស្រឡាញ់»

(បទ​ចំរៀង​សាឡូម៉ូន ១:១​–​៣:៥)

​‹ឱ​បើ​បង​នឹង​ថើប​ខ្ញុំ​ដោយ​មាត់​ទៅ ពីព្រោះ​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ›។ (បទ​ចំរៀង​សាឡូម៉ូន ១:២) ពំនោល​របស់​តួ​អង្គ​នីមួយៗ​ក្នុង​បទ​ចំរៀង​សាឡូម៉ូន​ចាប់​ផ្ដើម​ដោយ​សម្ដី​ខាង​លើ​នេះ​ដែល​ជា​របស់​នារី​សាមញ្ញ​ម្នាក់​ពី​ជនបទ​ដែល​បាន​ត្រូវ​គេ​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​របស់​ស្តេច​សាឡូម៉ូន។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​នាង​មាន​វត្តមាន​នៅ​ទី​នោះ?

នាង​ពោល​ថា​៖ «ពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំ គេ​បាន​ឲ្យ​ខ្ញុំ​ថែរក្សា​ចំ​ការ​ទំពាំង​បាយ​ជូរ»។ បងប្អូន​ប្រុសៗ​ខឹង​នឹង​នាង​ពីព្រោះ​កំលោះ​អ្នក​គង្វាល​ដែល​នាង​ស្រឡាញ់​បាន​ហៅ​នាង​ទៅ​ដើរ​លេង​ជា​មួយ​គាត់​នៅ​ថ្ងៃ​នោះ​ដែល​មាន​អាកាសធាតុ​ល្អ​ដោយ​ព្រោះ​ជា​រដូវ​ផ្កា​រីក។ បងប្អូន​របស់​នាង​បាន​ឃាត់​មិន​ឲ្យ​នាង​ទៅ​ទេ ដោយ​តម្រូវ​ឲ្យ​នាង​ដេញ​«កូន​ចចក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​ចំ​ការ​ទំពាំង​បាយ​ជូរ»។ កន្លែង​ដែល​នាង​ត្រូវ​ធ្វើ​ការ​នោះ គឺ​ជិត​ទី​ដំឡើង​ត្រសាល​ស្តេច​សាឡូម៉ូន។ ពេល​ឃើញ​នាង​ចុះ​ទៅ​ឯ​«ចំ​ការ​ឈើ​មាន​ផ្លែ​គ្រាប់» គេ​ថា​នាង​ស្អាត​ណាស់​ហើយ​នាំ​នាង​ចូល​ទី​ដំឡើង​ត្រសាល​របស់​ទ្រង់។—បទ​ចំរៀង​សាឡូម៉ូន ១:៦; ២:១០​-​១៥; ៦:១១

កាល​នាង​មាន​ប្រសាសន៍​បញ្ជាក់​ថា​នឹក​សម្លាញ់​នាង​ដែល​ជា​កំលោះ​អ្នក​គង្វាល​នោះ ពួក​ស្ត្រី​ពី​រាជ​វាំង​ប្រាប់​នាង​ឲ្យ​«ចេញ​ទៅ​តាម​ដាន​ជើង​របស់​ហ្វូង​សត្វ»​ដើម្បី​រក​បង​សម្លាញ់។ ប៉ុន្តែ ស្តេច​សាឡូម៉ូន​មិន​ឲ្យ​នាង​ចេញ​ទៅ​ទេ។ ទ្រង់​សរសើរ​សម្រស់​ដ៏​ល្អឆើត​របស់​នាង ហើយ​សន្យា​ជូន​«ប្រ​តោ​ក​មាស​ដាំ​ដោយ​ប្រាក់»​ដល់​នាង។ យ៉ាង​ណា​ក្ដី របស់​ទាំង​នោះ​មិន​អស្ចារ្យ​ចំពោះ​នាង​ទេ។ រួច​មក កំលោះ​អ្នក​គង្វាល​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​សាឡូម៉ូន​ដែរ ទាំង​រក​ឃើញ​អូន​សម្លាញ់​ហើយ​លាន់​មាត់​ថា​៖ «មើល! ឯង​ស្រស់បស់​ល្អ​មាស​សំឡាញ់​អើយ! មើល! ឯង​ស្រស់បស់​ល្អ​ណាស់!»។ រួច​មក នាង​ឲ្យ​ពួក​ស្ត្រី​ពី​រាជ​វាំង​ស្បថ​ថា​៖ «មិន​ដាស់​ឬ​បញ្ចេះ​ឲ្យ​ខ្ញុំ​មាន​ក្ដី​ស្រឡាញ់​ឡើយ ទាល់តែ​មាន​អារម្មណ៍​នោះ​ដោយ​ខ្លួន​ឯង»។—បទ​ចំរៀង​សាឡូម៉ូន ១:៨​-​១១, ១៥; ២:៧; ៣:៥, ព.ថ.

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:២, ៣—ពេល​នាង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​កំលោះ​អ្នក​គង្វាល ហេតុ​អ្វី​នេះ​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ? ហើយ​ហេតុ​អ្វី​ក៏​នាម​របស់​កំលោះ​អ្នក​គង្វាល​ប្រៀប​ដូច​ជា​ប្រេង​ក្រអូប? ស្រា​ទំពាំង​បាយ​ជូរ​អាច​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ ហើយ​ការ​ចាក់​ប្រេង​ក្រអូប​លើ​ក្បាល​ជា​អ្វី​ដែល​ជួយ​ឲ្យ​បាន​ធូរ​ស្រាល។ យ៉ាង​នេះ នាង​មាន​កម្លាំង​ចិត្ត​និង​អារម្មណ៍​ធូរ​ស្រាល​ពេល​នឹក​គិត​ពី​នាម​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​គង្វាល​ចំពោះ​នាង។ (ទំនុកដំកើង ២៣:៥; ១០៤:១៥) ដូច​គ្នា​ដែរ ពួក​គ្រិស្ត​សា​សនិក​ពិត (ជា​ពិសេស​ពួក​អ្នក​ចាក់​ប្រេង​តាំង) បាន​ត្រូវ​លើក​ទឹក​ចិត្ត​និង​មាន​កម្លាំង​ចិត្ត​ឡើង​ពេល​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​បាន​បង្ហាញ​ចំពោះ​ពួក​គេ។

១:៥—ហេតុ​អ្វី​បាន​ជា​នារី​ជនបទ​នេះ​ប្រៀប​សម្បុរ​ស្រគាំ​របស់​ខ្លួន​ទៅ​នឹង​«ត្រសាល​របស់​ពួក​កេដារ»? ពេល​គេ​ត្បាញ​រោម​ពពែ​ឲ្យ​ទៅ​ជា​ក្រណាត់ ក្រណាត់​នោះ​អាច​យក​មក​ប្រើ​បាន​ច្រើន​យ៉ាង។ (ជនគណនា ៣១:២០) ជា​ឧទាហរណ៍ គេ​បាន​ប្រើ​«សំពត់​ពី​រោម​ពពែ​ទុក​សំរាប់​គ្រប​ពី​លើ​រោង​ឧបោសថ»។ (និក្ខមនំ ២៦:៧) ប្រហែល​ជា​ពួក​កេដារ​បាន​ធ្វើ​ត្រសាល​គេ​ពី​រោម​ពពែ​ពណ៌​ខ្មៅ ដូច​ពួក​អារ៉ាប់​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

១:១៥—តើ​កំលោះ​អ្នក​គង្វាល​ចង់​មាន​ន័យ​អ្វី​ដោយ​និយាយ​ថា​៖ «ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប»? អ្នក​កំលោះ​មាន​ប្រសាសន៍​ថា ភ្នែក​របស់​នាង​ដែល​ជា​មិត្ត​សម្លាញ់​គាត់ គឺ​សុភាព​និង​ស្រទន់​ដូច​ភ្នែក​របស់​សត្វ​ព្រាប។

២:៧; ៣:៥—ហេតុ​អ្វី​ក៏​ពួក​ស្ត្រី​ពី​រាជ​វាំង​ត្រូវ​«ស្បថ​ដោយ​នូវ​ពួក​ប្រើស​នឹង​ពួក​ក្ដាន់​នៅ​វាល»? សត្វ​ប្រើស​និង​សត្វ​ក្ដាន់​ជា​សត្វ​ស្អាត​ល្អ​សម​សួន។ បើ​និយាយ​ឲ្យ​ចំ​ទៅ នារី​ពី​ក្រុង​ស៊ូ​ឡាម​មិន​ចង់​ឲ្យ​ពួក​ស្ត្រី​ពី​រាជ​វាំង​បញ្ចេះ​ឲ្យ​នាង​មាន​ក្ដី​ស្រឡាញ់​ឡើយ ដូច្នេះ​នាង​ចង់​ឲ្យ​ពួក​គេ​ស្បថ​ដោយ​ផ្អែក​លើ​គំរូ​សត្វ​ដែល​ស្អាត​ល្អ​សម​សួន។

មេ​រៀន​សម្រាប់​យើង:

១:២; ២:៦: ពេល​មនុស្ស​ពីរ​នាក់​កំពុង​ដើរ​លេង​ជា​គូ​មុន​រៀប​ការ គឺ​ប្រហែល​ជា​មិន​ខុស​ទេ​ឲ្យ​ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​តាម​របៀប​ស្អាត​ស្អំ។ យ៉ាង​ណា​ក៏​ដោយ គូ​ប្រុស​ស្រី​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា ពួក​គេ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដោយ​ព្រោះ​ស្រឡាញ់​គ្នា​ពិត មិន​មែន​ដោយសារ​ចិត្ត​ស្រើបស្រាល​ទេ ដែល​អាច​បណ្ដាល​ឲ្យ​ធ្វើ​អំពើ​អសីលធម៌​វិញ។—កាឡាទី ៥:១៩

១:៦; ២:១០​-​១៥: បងប្អូន​របស់​នាង​ពី​ក្រុង​ស៊ូ​ឡាម​មិន​អនុញ្ញាត​ឲ្យ​នាង​ឡើង​ភ្នំ​ដែល​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដទៃ​ជា​មួយ​ស្ងួន​សម្លាញ់​របស់​នាង​ឡើយ។ ពួក​គាត់​ហាម​ដូច្នេះ​មិន​មែន​ដោយ​ព្រោះ​សង្ស័យ​ថា​នាង​ជា​ស្រី​អាវ៉ាសែ​ឬ​ចង់​ធ្វើ​អំពើ​អសីលធម៌​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​នាង​ធ្វើ​អ្វី​ខុស ឬ​ទៅ​កន្លែង​ណា​ដែល​អាច​ល្បួង​នាង​ឲ្យ​ធ្វើ​ខុស។ នេះ​មាន​មេ​រៀន​ល្អ​សម្រាប់​ពួក​អ្នក​ដែល​ដើរ​លេង​ជា​គូ​មុន​រៀប​ការ ថា​ពួក​គេ​មិន​គួរ​ទៅ​កន្លែង​ណា​ដែល​អត់​មាន​មនុស្ស។

២:១​-​៣, ៨, ៩: ទោះ​ជា​នាង​ពី​ក្រុង​ស៊ូ​ឡាម​មាន​សម្ផស្ស​ល្អ​ដាច់​គេ​ក៏​ដោយ នាង​មាន​ចិត្ត​រាប​ទាប​ហើយ​បាន​ចាត់​ទុក​ខ្លួន​ជា​«ផ្កា​កុឡាប​ដែល​[ជា​ផ្កា​ធម្មតា]​ដុះ​នៅ​វាល​សារ៉ុន»។ ដោយសារ​នាង​ស្អាត​ហើយ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា នោះ​កំលោះ​អ្នក​គង្វាល​មាន​ទស្សនៈ​ថា​នាង​ប្រៀប​ដូច​ជា​«កំភ្លឹង​[ឬ​«ផ្កាក្រវាន់»​, ខ.ស.]​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា»​វិញ។ តើ​កំលោះ​អ្នក​គង្វាល​បាន​ត្រូវ​ពណ៌នា​យ៉ាង​ណា​វិញ? ដោយសារ​គាត់​សង្ហា នោះ​នាង​គិត​ថា​គាត់​ប្រៀប​ដូច​ជា​សត្វ​«ប្រើស»។ កំលោះ​អ្នក​គង្វាល​ក៏​ច្បាស់​ជា​អ្នក​ដែល​កោត​ខ្លាច​និង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែរ។ នាង​ពោល​ថា​៖ «ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ នោះ​ប្រៀប​ដូច​ជា​ដើម​សារី​[ដែល​មាន​ផ្លែ​និង​ម្លប់​ផង]​នា​កណ្ដាល​ពួក​ឈើ​នៅ​ព្រៃ»។ ពេល​រក​គូ​អាពាហ៍ពិពាហ៍ នោះ​គប្បី​ឲ្យ​រក​បុគ្គល​ដែល​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ មែន​ទេ?

២:៧, ព.ថ.; ៣:៥, ព.ថ.: នារី​ពី​ជនបទ​នេះ​គ្មាន​ក្ដី​ស្នេហា​ចំពោះ​ស្តេច​សាឡូម៉ូន​ទេ។ នាង​ក៏​សូម​ឲ្យ​ពួក​ស្ត្រី​ពី​រាជ​វាំង​ស្បថ​ថា មិន​បញ្ចេះ​ឲ្យ​នាង​មាន​ក្ដី​ស្រឡាញ់​ចំពោះ​បុគ្គល​ណា​ទៀត​ផ្សេង​ពី​កំលោះ​អ្នក​គង្វាល។ មនុស្ស​មិន​គួរ​និង​មិន​អាច​មាន​ក្ដី​ស្នេហា​ចំពោះ​អ្នក​ណា​ក៏​បាន​ទេ។ ពួក​គ្រិស្ត​សា​សនិក​កំលោះ​ក្រមុំ​ដែល​ចង់​រៀប​ការ ពួក​គេ​គួរ​រក​គូ​តែ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់។—កូរិនថូសទី១ ៧:៣៩

‹តើ​នាង​សាសន៍​ស៊ូ​ឡាម​មាន​លក្ខណៈ​អ្វី?›

(បទ​ចំរៀង​សាឡូម៉ូន ៣:៦​–​៨:៤)

មាន​អ្វី​ដែល​«ឡើង​ពី​ទីរហោស្ថាន​មក មាន​ហុយ​ដូច​ជា​ផ្សែង»។ (បទ​ចំរៀង​សាឡូម៉ូន ៣:៦) ពេល​ចេញ​ទៅ​មើល​នោះ តើ​ពួក​ស្ត្រី​នៅ​ទី​ក្រុង​យេរូសាឡិម​ឃើញ​អ្វី? ពួក​គេ​ឃើញ​សាឡូម៉ូន​និង​អ្នក​បម្រើ​របស់​ទ្រង់​កំពុង​ត្រឡប់​មក​ទី​ក្រុង​វិញ! ហើយ​ទ្រង់​ក៏​ដឹក​នាង​ពី​ក្រុង​ស៊ូ​ឡាម​មក​ជា​មួយ​ផង។

រីឯ​កំលោះ​អ្នក​គង្វាល គាត់​ជិះ​តាម​ពី​ក្រោយ​ហើយ​ប្រញាប់​រក​វិធី​ជួប​នាង។ គាត់​បញ្ជាក់​ថា​គាត់​ស្រឡាញ់​នាង​ណាស់ ហើយ​នាង​ក៏​ប្រាប់​ឲ្យ​ដឹង​ថា​នាង​ចង់​រត់​ចេញ​ពី​ទី​ក្រុង​នោះ​ដោយ​ពោល​ថា​៖ «អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់តែ​ថ្ងៃ​ត្រជាក់​ហើយ​ស្រមោល​បាត់​ទៅ​សិន»។ នាង​អញ្ជើញ​កំលោះ​អ្នក​គង្វាល​ឲ្យ​«ចូល​មក​ក្នុង​សួនច្បារ​ទ្រង់ ហើយ​សោយ​ផល​ដ៏​មាន​ឱជារស​របស់​ទ្រង់​ចុះ!»។ អ្នក​កំលោះ​ឆ្លើយ​តប​ថា​៖ «ឱ​ប្អូន ជា​ប្រពន្ធ​អើយ! អញ​បាន​ចូល​មក​ក្នុង​សួនច្បារ​អញ​ហើយ»។ ពួក​ស្ត្រី​នៅ​ទី​ក្រុង​យេរូសាឡិម​មាន​ប្រសាសន៍​ដល់​អ្នក​ទាំង​ពីរ​ថា​៖ «ឱ​សំឡាញ់​រាល់​គ្នា​អើយ! ចូរ​ពិសា​ចុះ! ឱ​មាស​សំឡាញ់​អើយ! ចូរ​ផឹក​ចុះ! អើ! ផឹក​ឲ្យ​បរិបូរ​ទៅ​[ឬ​«សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ​អោយ​បាន​ស្កប់ស្កល់​ចុះ!»]»។—បទ​ចំរៀង​សាឡូម៉ូន ៤:៦, ១៦; ៥:​១; ខ.ស.

នាង​ពី​ក្រុង​ស៊ូ​ឡាម​រៀប​រាប់​ពី​សុបិន​របស់​នាង​ដល់​ពួក​ស្ត្រី​ក្នុង​រាជ​វាំង ហើយ​ក្រោយ​មក​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់​[ឬ​«មាន​ជំងឺ​ស្នេហា»]»។ ពួក​ស្ត្រី​សួរ​ថា​៖ «តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់​ណា​ទៀត​យ៉ាង​ណា?»។ នាង​ឆ្លើយ​ថា​៖ «ស្ងួន​សំឡាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម [គាត់]​ជា​ឯក​អង្គ​ក្នុង​ពួក​១​ម៉ឺន​នាក់»។ (បទ​ចំរៀង​សាឡូម៉ូន ៥:២​-​១០; ខ.ស.) ពេល​សាឡូម៉ូន​សរសើរ​នាង​មិន​ដាច់​ពី​មាត់ នាង​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ឆ្លើយ​តប​ថា​៖ «តើ​អ្នក​រាល់​គ្នា​ចង់​មើល​នាង​សាសន៍​ស៊ូ​ឡាម​ធ្វើ​អី?» នេះ​មាន​ន័យ​ថា តើ​រូប​សម្បត្ដិ​របស់​នាង​ស​ឲ្យ​ឃើញ​លក្ខណៈ​សម្បត្ដិ​អ្វី​ខ្លះ? (បទ​ចំរៀង​សាឡូម៉ូន ៦:៤​-​១៣) សាឡូម៉ូន​ចាត់​ទុក​សំណួរ​នេះ​ជា​ឱកាស​ទាក់ទាញ​ចិត្ត​នាង​ឲ្យ​ស្រឡាញ់​ទ្រង់ ដូច្នេះ​ទ្រង់​មាន​បន្ទូល​សរសើរ​នាង​ច្រើន​ថែម​ទៀត។ យ៉ាង​ណា​ក៏​ដោយ នាង​ស្រឡាញ់​កំលោះ​អ្នក​គង្វាល​ដោយ​ស្មោះ។ នៅ​ទីបំផុត ស្តេច​សាឡូម៉ូន​អនុញ្ញាត​ឲ្យ​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​នាង​វិញ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៤:១; ៦:៥—ហេតុ​អ្វី​ក៏​សក់​របស់​នាង​ប្រៀប​ដូច​ជា​«ហ្វូង​ពពែ»? ការ​ប្រៀបប្រដូច​នេះ​បង្ហើប​ឲ្យ​ដឹង​ថា នាង​មាន​សក់​ពណ៌​ខ្មៅ​ដែល​ភ្លឺ​រលោង​ហើយ​ក្រាស់​ដូច​ជា​រោម​ពពែ។

៤:១១—ពេល​និយាយ​ថា​នាង​ពី​ទី​ក្រុង​ស៊ូ​ឡាម​មាន‹បបូរ​មាត់​ស្រក់​មក​ជា​ទឹក​ឃ្មុំ› ហើយ‹មាន​ទឹក​ឃ្មុំ​និង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្ដាត​នាង› តើ​នេះ​មាន​ន័យ​អ្វី? ការ​ប្រៀបធៀប​ទាំង​ពីរ​នេះ​បញ្ជាក់​ថា​នាង​ពី​ក្រុង​ស៊ូ​ឡាម​បាន​និយាយ​អ្វី​ដែល​ល្អៗ​ហើយ​ពីរោះ​ផង។

៥:១២—តើ​«ព្រះ​នេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក​ដែល​លាង​ដោយ​ទឹក​ដោះ»​ក្នុង​ន័យ​អ្វី? តាម​ពិត​នាង​កំពុង​តែ​មាន​ប្រសាសន៍​អំពី​ភ្នែក​ដ៏​ស្អាត​របស់​អ្នក​កំលោះ​ដែល​ជា​ទី​ស្រឡាញ់​របស់​នាង។ ប្រហែល​ជា​នាង​ប្រើ​ពាក្យ​កាព្យ​ថា ប្រស្រី​ភ្នែក​ពណ៌​ក្រ​មៅ​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស​ប្រៀប​ដូច​ជា​សត្វ​ព្រាប​ពណ៌​ប្រផេះ​កំពុង​តែ​ងូត​ទឹក​ដោះ​គោ។

៥:១៤, ១៥—ហេតុ​អ្វី​ក៏​នាង​ពណ៌នា​អំពី​ដៃ​និង​ជើង​អ្នក​កំលោះ​យ៉ាង​នេះ? តាម​មើល​ទៅ នាង​សំដៅ​ទៅ​លើ​ព្រះ​ហស្ត​ឬ​ម្រាម​ដៃ​របស់​អ្នក​កំលោះ ថា​ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស​មាន​រាង​វែង​ដូច​បំពង់ ហើយ​ប្រៀបធៀប​ក្រចក​ដៃ​ទៅ​នឹង​ត្បូង​បេរីល​ឬ​ត្បូង​ពេជ្រ។ នាង​ប្រៀបប្រដូច​ជើង​អ្នក​កំលោះ​ទៅ​នឹង​«សសរ​ថ្ម​កែវ»​ពីព្រោះ​មាំ​ហើយ​ស្អាត​ទៀត។

៦:៤—ហេតុ​អ្វី​បាន​ជា​គេ​ប្រៀបធៀប​នាង​ទៅ​នឹង​ទី​ក្រុង​ធើសា​ដូច្នេះ? ក្រុង​ធើសា​ជា​ទី​ក្រុង​មួយ​នៅ​ស្រុក​កាណាន​ដែល​លោក​យ៉ូស្វេ​ចាប់​បាន។ ក្រោយ​សម័យ​សាឡូម៉ូន ទី​ក្រុង​នោះ​បាន​ក្លាយ​ជា​រាជធានី​មុន​គេ​បង្អស់​របស់​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០​នៅ​ទិស​ខាង​ជើង​ប្រទេស។ (យ៉ូស្វេ ១២:៧, ២៤; ពង្សាវតារក្សត្រទី១ ១៦:៥, ៦, ៨, ១៥) ឯកសារ​យោង​មួយ​ច្បាប់​រៀប​រាប់​ថា​៖ «មើល​ទៅ​ដូច​ជា​ក្រុង​នោះ​ស្អាត​ប្រិមប្រិយ​ណាស់» ដែល​ជួយ​យើង​យល់​នូវ​«មូលហេតុ​ដែល​បាន​រៀប​រាប់​ក្នុង​ខ​នេះ»។

៦:១៣—តើ​«ការ​រាំ​របស់​ពួក​របាំ​២​ពួក»​សំដៅ​ទៅ​លើ​អ្វី? ឃ្លា​នេះ​ក៏​អាច​បកប្រែ​ថា «របាំ​ម៉ាហាណែម»។ ពី​បុរាណ​ធ្លាប់​មាន​ទី​ក្រុង​ម៉ាហាណែម​នៅ​ទិស​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ជិត​ស្ទឹង​យ៉ា​បុក។ (លោកុប្បត្តិ ៣២:២, ២២; សាំយូអែលទី២ ២:២៩) «ការ​រាំ​របស់​ពួក​របាំ​២​ពួក»​ប្រហែល​ជា​សំដៅ​ទៅ​លើ​របាំ​ម្យ៉ាង​ក្នុង​ក្រុង​នោះ​ដែល​ទាក់ទង​នឹង​ពិធី​បុណ្យ​អ្វី​មួយ។

៧:៤—ហេតុ​អ្វី​ក៏​សាឡូម៉ូន​ប្រៀបប្រដូច​ក​នាង​ស៊ូ​ឡាម​ទៅ​នឹង​«ប៉ម​ធ្វើ​ពី​ភ្លុក»? មុន​នេះ គេ​បាន​សរសើរ​នាង​ថា​៖ «ក​ឯង​ដូច​ជា​ប៉ម​នៃ​ស្តេច​ដាវីឌ»។ (បទ​ចំរៀង​សាឡូម៉ូន ៤:៤) ប៉ម​ជា​សំណង់​ម្យ៉ាង​ដែល​ខ្ពស់​និង​វែង​ធ្លូ ហើយ​ភ្លុក​ជា​វត្ថុ​ធាតុ​រលោង។ ដូច្នេះ សាឡូម៉ូន​កោត​ស្ងើច​ចំពោះ​ក​រលោង​វែង​ធ្លូ​របស់​នាង។

មេ​រៀន​សម្រាប់​យើង:

៤:៧: ពេល​នាង​ស៊ូ​ឡាម​ទប់​ចិត្ត​មិន​ស៊ី​ជោរ​តាម​ពាក្យ​លួងលោម​របស់​សាឡូម៉ូន នេះ​បង្ហាញ​ថា​ទោះ​ជា​នាង​ជា​មនុស្ស​មិន​គ្រប់​លក្ខណ៍​ក៏​ដោយ នាង​បាន​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​សីលធម៌។ សីលធម៌​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​មាន​សម្ផស្ស​ស្អាត​ខ្លាំង​ថែម​ទៀត។ ស្ត្រី​គ្រិស្ត​សា​សនិក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​គួរ​មាន​លក្ខណៈ​ដូច​គ្នា​ដែរ។

៤:១២: នាង​ស៊ូ​ឡាម​ប្រៀបប្រដូច​នឹង​សួនច្បារ​ស្អាត​មួយ​ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​ដែល​គ្មាន​អ្នក​ណា​អាច​ចូល​បាន លើក​លែង​តែ​តាម​ទ្វារ​ដែល​បាន​ចាក់​សោ ដ្បិត​ក្នុង​រឿង​ស្នេហា នាង​បាន​ស្មោះ​ត្រង់​ចំពោះ​អ្នក​កំលោះ​ដែល​នឹង​ក្លាយ​ជា​ស្វាមី​នាង​នៅ​ពេល​អនាគត។ នេះ​ជា​គំរូ​ល្អ​ណាស់​សម្រាប់​ពួក​គ្រិស្ត​សា​សនិក​កំលោះ​ក្រមុំ!

«អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ»

(បទ​ចំរៀង​សាឡូម៉ូន ៨:៥​-​១៤)

ពេល​បងប្អូន​នាង​ឃើញ​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ ពួក​គេ​សួរ​ថា​៖ «តើ​នាង​ណា​នុ៎ះ​ដែល​ឡើង​មក​ពី​ទីរហោស្ថាន កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ?»។ កាល​មុន បង​ឬ​ប្អូន​ប្រុស​ម្នាក់​របស់​នាង​បាន​និយាយ​ថា​៖ «បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ។ បើសិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើ​តាត្រៅ​ឲ្យ​នាង»។ តែ​ឥឡូវ​នេះ នាង​ស៊ូ​ឡាម​អាច​ផ្ដល់​ទី​សំអាង​ដែល​បញ្ជាក់​ថា​សេចក្ដី​ស្រឡាញ់​របស់​នាង​ស្ថិតស្ថេរ​រហូត ដូច្នេះ​នាង​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ក៏​ជា​ប៉ម​ហើយ។ តាំង​ពី​នោះ​ខ្ញុំ . . . ដូច​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​[«ម្ចាស់​ចិត្ត​របស់​ខ្ញុំ»]​មាន​សេចក្ដី​សុខ»។—បទ​ចំរៀង​សាឡូម៉ូន ៨:៥, ៩, ១០; ខ.ស.

សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ប្រៀប​ដូច​ជា​«អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ»។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នោះ​មុន​គេ​បង្អស់។ ទ្រង់​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​នេះ​ប្រៀប​ដូច​ជា​ភ្លើង​ដែល​ឆាប​ឆេះ​ហើយ​គ្មាន​អ្នក​ណា​អាច​រលត់​បាន​ទេ។ បទ​ចំរៀង​សាឡូម៉ូន​ជា​កំណាព្យ​ពីរោះ​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា សេចក្ដី​ស្រឡាញ់​ដែល​បុរស​និង​ស្ត្រី​មាន​ចំពោះ​គ្នា​នោះ អាច​«មាន​កំឡាំង​ដូច​ជា​សេចក្ដី​ស្លាប់»​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​ឡើយ។—បទ​ចំរៀង​សាឡូម៉ូន ៨:៦

ចំរៀង​នេះ​របស់​សាឡូម៉ូន​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំង​ចំរៀង​ក៏​ជួយ​បំភ្លឺ​ឲ្យ​ដឹង​អំពី​ចំណង​មេត្រីភាព​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​និង​សមាជិក​នៃ​«ប្រពន្ធ​ថ្មោង​ថ្មី»​នៅ​ស្ថានសួគ៌​មាន​ចំពោះ​គ្នា។ (វិវរណៈ ២១:២,) សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​មាន​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​នោះ គឺ​ប្រសើរ​ជាង​សេចក្ដី​ស្រឡាញ់​ដែល​កំលោះ​ក្រមុំ​មាន​ចំពោះ​គ្នា។ សមាជិក​នីមួយៗ​ក្នុង​ក្រុម​ពួក​អ្នក​ដែល​ជា​ប្រពន្ធ​ថ្មោង​ថ្មី​របស់​ព្រះ​គ្រិស្ត​មាន​ភក្ដីភាព​ជានិច្ច​ចំពោះ​ទ្រង់។ ព្រះ​យេស៊ូ​ក៏​បាន​ប្ដូរ​ជីវិត​ទ្រង់​សម្រាប់​ពួក​«ចៀម​ឯ​ទៀត»​ដែរ។ (យ៉ូហាន ១០:១៦) ដូច្នេះ អស់​អ្នក​ណា​ដែល​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​អាច​ធ្វើ​តាម​គំរូ​របស់​នាង​ស៊ូ​ឡាម​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មាន​ភក្ដីភាព​ដែល​ឥត​ប្រែប្រួល​ឡើយ។

[កំណត់​សម្គាល់]

^ វគ្គ 2 ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ពិបាក​សម្គាល់​តួ​អង្គ​នីមួយៗ​ពីព្រោះ​សេចក្ដី​បកប្រែ​នោះ​ប្រើ​រាជ​ស័ព្ទ​សម្រាប់​តួ​អង្គ​ទាំង​អស់ មិន​ថា​គួរ​ប្រើ​ឬ​មិន​គួរ​ក្ដី។ ក៏​ប៉ុន្តែ ការ​ប្រៀប​មើល​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​អាច​ជួយ​សម្គាល់​តួ​អង្គ​នីមួយៗ​បាន ពីព្រោះ​សេចក្ដី​បកប្រែ​នោះ​ប្រើ​រាជ​ស័ព្ទ​សម្រាប់​តែ​ពេល​ទាក់ទង​ស្តេច​សាឡូម៉ូន​ប៉ុណ្ណោះ។