លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីមួយ

គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីមួយ

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​អេសាយ ផ្នែក​ទី​មួយ

​«តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ?»។ លោក​អេសាយ​ដែល​ជា​កូន​អ័ម៉ូស​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អញ្ជើញ​នេះ​ពី​ព្រះ​យេហូវ៉ា​ដោយ​ទូល​ថា​៖ «ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ!»។ (អេសាយ ១:១; ៦:៨) ភ្លាមៗ​នោះ អេសាយ​ទទួល​ភារកិច្ច​ជា​ព្យាការី​ម្នាក់។ កិច្ចការ​ដែល​គាត់​ធ្វើ​ក្នុង​នាម​ជា​ព្យាការី​នោះ បាន​កត់​ទុក​ក្នុង​សៀវភៅ​អេសាយ​ក្នុង​ព្រះ​គម្ពីរ។

ព្យាការី​អេសាយ​បាន​សរសេរ​សៀវភៅ​នោះ​ផ្ទាល់ ហើយ​មាន​ព័ត៌មាន​ទាក់ទង​រយៈ​ពេល​៤៦​ឆ្នាំ ប្រហែល​ជា​ចាប់​ពី​ឆ្នាំ​៧៧៨ មុន​គ.ស. រហូត​ដល់​ក្រោយ​ឆ្នាំ​៧៣២ មុន​គ.ស.។ សៀវភៅ​អេសាយ​មាន​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​កាត់​ទោស​សាសន៍​យូដា អ៊ីស្រាអែល​និង​សាសន៍​ឯ​ទៀត​នៅ​ជុំវិញ​ស្រុក​ទាំង​នោះ តែ​ការ​ជំនុំ​ជម្រះ​មិន​មែន​ជា​មូល​បទ​នៃ​សៀវភៅ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ប្រធាន​បទ​សំខាន់​ក្នុង​សៀវភៅ​អេសាយ​សំដៅ​ទៅ​លើ‹សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា›វិញ។ (អេសាយ ២៥:​៩) តាម​ពិត ឈ្មោះ​អេសាយ​មាន​ន័យ​ថា «សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា»។ អត្ថបទ​នេះ​នឹង​ពិនិត្យ​មើល​គោល​សំខាន់ៗ​ពី​សៀវភៅ​អេសាយ ១:១​–​៣៥:១០

‹ពួក​សំណល់​នឹង​ត្រឡប់​មក​វិញ›

(អេសាយ ១:១​–​១២:៦)

ព្រះ​គម្ពីរ​មិន​ប្រាប់​ថា អេសាយ​បាន​ប្រកាស​សារ​ទំនាយ​ក្នុង​ជំពូក​មួយ​ដល់​ប្រាំ​នៃ​សៀវភៅ​នោះ​មុន​ឬ​ក្រោយ​គាត់​បាន​ទទួល​មុខ​តំណែង​ជា​ព្យាការី​ទេ។ (អេសាយ ៦:៦​-​៩) យ៉ាង​ណា​ក៏​ដោយ យើង​អាច​យល់​ច្បាស់​ថា គ្រា​នោះ​ពួក​សាសន៍​យូដា​និង​ពួក​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម​សុទ្ធតែ​ឈឺ​ខាង​វិញ្ញាណ​ហាក់​ដូច​ជា​មាន​ជំងឺ​«ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល»។ (អេសាយ ១:៦) មាន​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ទូទាំង​ស្រុក​នោះ។ ពួក​អ្នក​ដឹក​នាំ​ប្រជាជន​សុទ្ធតែ​ពុក​រលួយ​ទាំង​អស់។ ពួក​ស្ត្រី​ទាំង​ឡាយ​មាន​ចិត្ត​ធំ ហើយ​ប្រជាជន​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា​ស្រប​ទៅ​តាម​ព្រះ​ហឫទ័យ​ទ្រង់​ទេ។ ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អេសាយ​ទៅ​ជួប​ប្រជាជន​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​និយាយ​ជា​មួយ​ពួក​អ្នក​ដែល​ឥត​យល់​ហើយ​អត់​ចង់​បាន​ចំណេះ​ដឹង​ផង។

ពល​ទ័ព​អ៊ីស្រាអែល​និង​ពួក​ស៊ី​រី​បាន​គំរាម​កំហែង​ទន្ទ្រាន​ចូល​ស្រុក​យូដា។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រើ​អេសាយ​និង​កូន​គាត់​«សំរាប់​ជា​ទី​សំគាល់»​ក្នុង​ការ​ធានា​ថា ពួក​អ៊ីស្រាអែល​ដែល​សហ​ការ​ជា​មួយ​ពួក​ស៊ី​រី​នោះ មិន​អាច​ឈ្នះ​ពួក​យូដា​បាន​ទេ។ (អេសាយ ៨:១៨) យ៉ាង​ណា​ក៏​ដោយ មាន​តែ​ការ​គ្រប់គ្រង​របស់​«ម្ចាស់​នៃ​មេត្រីភាព»​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ដែល​មិន​ចេះ​ផុត។ (អេសាយ ៩:៦, ៧) ទោះ​ជា​ព្រះ​យេហូវ៉ា​ប្រើ​សាសន៍​អាសស៊ើរ​ជា​«ដំបង​នៃ​សេចក្ដី​កំហឹង​របស់​[ទ្រង់]»​ក្ដី ទ្រង់​ក៏​នឹង​ជំនុំ​ជម្រះ​សាសន៍​នោះ​ដែរ។ នៅ​ទីបំផុត សាសន៍​យូដា​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ​សឹក តែ​ក្រោយ​មក‹ពួក​សំណល់​នឹង​ត្រឡប់​មក​វិញ›។ (អេសាយ ១០:៥, ២១, ២២) ‹លំពង់​១​ដែល​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ›ជា​ការ​តំណាង​អ្នក​គ្រប់គ្រង​មួយ​រូប ហើយ​ពេល​ទ្រង់​សោយ​រាជ្យ​នោះ​នឹង​មាន​យុត្ដិធម៌​ពិត​នៅ​លើ​ផែនដី។—អេសាយ ១១:១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៨, ៩—តើ​កូន​ស្រី​របស់​ក្រុង​ស៊ី​យ៉ូន​បាន​ត្រូវ​«លះ​ចោល​ដូច​ជា​បង្ហា​ដែល​នៅ​ចំ​ការ​ទំពាំង​បាយ​ជូរ» ហើយ​«ដូច​ជា​ជំរំ​នៅ​ចំ​ការ​ត្រសក់»​យ៉ាង​ដូច​ម្ដេច? នេះ​មាន​ន័យ​ថា ពេល​ពួក​អាសស៊ើរ​ទន្ទ្រាន​ចូល​ទី​ក្រុង​យេរូសាឡិម ក្រុង​នោះ​ត្រូវ​មើល​ទៅ​ដូច​ជា​គ្មាន​អ្វី​ការពារ​ទេ ដូច​នឹង​បង្ហា​ឬ​ខ្ទម​មួយ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ចម្ការ​ត្រសក់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ជួយ​ការពារ​ទី​ក្រុង​យេរូសាឡិម ហើយ​មិន​អនុញ្ញាត​ឲ្យ​ទី​ក្រុង​នោះ​ទៅ​ជា​ហិន​ហោច​ដូច​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ទេ។

១:១៨—តើ​ព្រះ​យេហូវ៉ា​មាន​ន័យ​អ្វី​ពេល​មាន​បន្ទូល​ថា​៖ «មក​ចុះ! យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា»? តាម​ពិត​នេះ​មិន​មែន​ជា​សេចក្ដី​អញ្ជើញ​ឲ្យ​ពិភាក្សា​គ្នា​ដើម្បី​សម្រប​សម្រួល​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយសារ​ព្រះ​យេហូវ៉ា​ជា​ចៅក្រម​សុចរិត ខ​នេះ​សំដៅ​ទៅ​លើ​ការ​បើក​ឱកាស​ឲ្យ​សាសន៍​អ៊ីស្រាអែល​កែ​ប្រែ​និង​សម្អាត​ខ្លួន។

៦:១១—ពេល​អេសាយ​សួរ​ថា​៖ «ឱ​ព្រះ​អម្ចាស់​អើយ! តើ​ដល់​យូរ​ប៉ុន្មាន​ទៅ?» តើ​គាត់​ចង់​ដឹង​អំពី​អ្វី? អេសាយ​មិន​ចង់​ដឹង​អំពី​រយៈ​ពេល​ដែល​គាត់​ត្រូវ​ប្រាប់​សារ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​ដែល​មិន​ព្រម​ធ្វើ​តាម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​ដឹង​ថា​តើ​ភាព​ខ្សោយ​ខាង​វិញ្ញាណ​របស់​រាស្ត្រ​ព្រះ​នឹង​នាំ​ឲ្យ​ព្រះ​នាម​ទ្រង់​អបយស​យូរ​ប៉ុន្មាន​ទៀត?

៧:៣, ៤—ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​សព្វ​ព្រះទ័យ​ជួយ​សង្គ្រោះ​ស្តេច​អេហាស(ឬ​អ័ហាស)ដែល​ជា​មនុស្ស​អាក្រក់​នោះ? ស្តេច​នៃ​ស្រុក​ស៊ី​រី​និង​រាជាណាចក្រ​អ៊ីស្រាអែល​មាន​ផែនការ​ទម្លាក់​រាជ្យ​ស្តេច​អេហាស ហើយ​តែងតាំង​ដៃ​ជើង​ម្នាក់​ឲ្យ​គ្រប់គ្រង​ជំនួស គឺ​កូន​របស់​លោក​តាប​បៀ​ល​ដែល​មិន​មែន​ជា​ពូជ​ដាវីឌ។ ល្បិច​សម្ងាត់​នេះ​អាច​បំពេញ​បំណង​អារក្ស​ក្នុង​ការ​បង្អាក់​ដល់​ដំណើរ​ការ​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ជា​មួយ​ដាវីឌ​ថា​ទ្រង់​នឹង​ឲ្យ​កូន​ចៅ​ដាវីឌ​គ្រង​រាជ្យ​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ស្តេច​អេហាស​ដើម្បី​ការពារ​វង្ស​ត្រកូល​របស់​«ម្ចាស់​នៃ​មេត្រីភាព»។—អេសាយ ៩:៦

៧:៨—ក្នុង​រយៈ​ពេល​៦៥​ឆ្នាំ​នោះ តើ​ពួក​អេប្រាអិម​«ត្រូវ​បែក​ខ្ញែក​រតាត់រតាយ​អស់​ទៅ»​យ៉ាង​ដូច​ម្ដេច? មិន​យូរ​ប៉ុន្មាន​ក្រោយ​អេសាយ​បាន​ប្រាប់​ទំនាយ​នេះ គឺ​«ក្នុង​រាជ្យ​ពេកា​ជា​ស្តេច​អ៊ីស្រាអែល» នោះ​គេ​បាន​ដឹក​ប្រជាជន​ចេញ​ពី​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០ ហើយ​បាន​នាំ​ជន​បរទេស​ឲ្យ​ចូល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​វិញ។ (ពង្សាវតារក្សត្រទី២ ១៥:២៩) គេ​បាន​ធ្វើ​ដូច្នេះ​យូរ​ឆ្នាំ គឺ​រហូត​ដល់​ស្តេច​អេសារ​ហាដោន​បាន​ស្នង​រាជ្យ​ពី​បិតា​ទ្រង់​នាម​សានហេរីប​ដែល​ជា​សាសន៍​អាសស៊ើរ។ (ពង្សាវតារក្សត្រទី២ ១៧:៦; អែសរ៉ា ៤:១, ២; អេសាយ ៣៧:៣៧, ៣៨) ៦៥​ឆ្នាំ​ដែល​បាន​រៀប​រាប់​នៅ​អេសាយ ៧:៨ សំដៅ​ទៅ​លើ​ពេល​ដែល​គេ​ដឹក​ប្រជាជន​ពី​ស្រុក​សាម៉ារី​ឲ្យ​ទៅ​នៅ​ប្រទេស​ក្រៅ ហើយ​នាំ​យក​ពួក​ប្រទេស​ក្រៅ​ឲ្យ​មក​រស់​នៅ​ស្រុក​សាម៉ារី​វិញ។

១១:១, ១០—តើ​ព្រះ​យេស៊ូ​គ្រិស្ត​អាច​ធ្វើ​ជា​«លំពង់​១​[ដែល]​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ»​និង​«ឫស​នៃ​អ៊ីសាយ»​បាន​យ៉ាង​ណា? (រ៉ូម ១៥:១២) ព្រះ​យេស៊ូ​បាន​«ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ»​ដោយសារ​ទ្រង់​កើត​មក​ក្នុង​ត្រកូល​លោក​អ៊ី​សាយ គឺ​តាម​វង្ស​ដាវីឌ​ដែល​ជា​កូន​អ៊ី​សាយ។ (ម៉ាថាយ ១:១​-​៦; លូកា ៣:២៣​-​៣២) ក៏​ប៉ុន្តែ ពេល​ព្រះ​យេស៊ូ​ទទួល​អំណាច​គ្រប់គ្រង នេះ​ក៏​មាន​ឥទ្ធិពល​លើ​អយ្យកោ​របស់​ទ្រង់​វិញ។ ដ្បិត​ព្រះ​យេស៊ូ​ទទួល​អំណាច​និង​សិទ្ធិ​ប្រទាន​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ក្លាយ​ជា​«ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់កល្ប»​នៃ​មនុស្ស​ទាំង​នោះ។ (អេសាយ ៩:៦) យ៉ាង​នេះ ព្រះ​យេស៊ូ​ក៏​ជា​«ឫស»​នៃ​ពួក​អយ្យកោ​ទ្រង់​ដែរ រួម​ទាំង​លោក​អ៊ី​សាយ​ផង​ដែរ។

មេ​រៀន​សម្រាប់​យើង:

១:៣: បើ​យើង​មិន​ព្រម​រស់​នៅ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង នោះ​គឺ​ហាក់​ដូច​ជា​យើង​ចេះ​តិច​ជាង​សត្វ​គោ​ឬ​សត្វ​លា​ទៅ​ទៀត។ ផ្ទុយ​ទៅ​វិញ ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង​នឹង​បង្ការ​កុំ​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ទាំង​បោះបង់​ចោល​ទ្រង់។

១:១១​-​១៣: ព្រះ​យេហូវ៉ា​ធុញទ្រាន់​ចំពោះ​បុណ្យ​សាសនា​ដែល​មនុស្ស​ធ្វើ​ដោយ​លាក់ពុត និង​ការ​អធិស្ឋាន​ឲ្យ​តែ​រួច​ពី​មាត់។ ការ​ប្រព្រឹត្ត​និង​សេចក្ដី​អធិស្ឋាន​របស់​យើង​ត្រូវ​ផុស​ចេញ​ពី​ចិត្ត​ដែល​មាន​បំណង​ត្រឹម​ត្រូវ។

១:២៥​-​២៧; ២:២; ៤:២, ៣: ប្រជាជន​យូដា​ត្រូវ​រួច​ពី​ទាសភាព ហើយ​ស្រុក​យូដា​ត្រូវ​លែង​មាន​ភាព​ហិន​ហោច​ទៀត​ពេល​ជន​សំណល់​មួយ​ចំនួន​ប្រែ​ចិត្ត​និង​ត្រឡប់​ទៅ​ទី​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្ដារ​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ។ ព្រះ​យេហូវ៉ា​តែង​តែ​មាន​ព្រះ​ទ័យ​មេត្ដា​ចំពោះ​អស់​អ្នក​ដែល​ប្រែ​ចិត្ត​ពី​កំហុស​របស់​ខ្លួន។

២:២​-​៤: ពេល​យើង​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស នេះ​អាច​ជួយ​ឲ្យ​មនុស្ស​គ្រប់​ទាំង​សាសន៍​រៀន​អំពី​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​មាន​ភាព​សុខសាន្ត​និង​សាមគ្គី​ភាព។

៤:៤: ព្រះ​យេហូវ៉ា​នឹង​ដក​ចេញ​ឬ​លាង​ជម្រះ​កុំ​ឲ្យ​មាន​ភាព​ស្មោកគ្រោក​ខាង​សីលធម៌​និង​ទោស​ពី​ការ​កំចាយ​ឈាម​ទៀត។

៥:១១​-​១៣: បើ​មនុស្ស​មិន​ទប់​ចិត្ត​ឬ​គ្មាន​តុល្យភាព​ពេល​ជ្រើសរើស​ការ​កម្សាន្ត នេះ​មាន​ន័យ​ថា​គេ​មិន​ព្រម​ធ្វើ​តាម​ចំណេះ​ឬ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ទេ។—រ៉ូម ១៣:១៣

៥:២១​-​២៣: ពួក​គ្រិស្ត​សា​សនិក​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ (គឺ​ពួក​អ្នក​ចាស់​ទុំ) ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​«រាប់​ខ្លួន​ថា ជា​[អ្នក]​មាន​ប្រាជ្ញា»។ ពួក​គាត់​ក៏​ត្រូវ​ចេះ​ប្រមាណ​ពេល​«ផឹក​ស្រា​ទំពាំង​បាយ​ជូរ» ហើយ​មិន​គួរ​រើស​មុខ​ទេ។

«ព្រះ​យេហូវ៉ា​ទ្រង់​នឹង​អាណិតអាសូរ​ដល់​ពួក​យ៉ាកុប»

(អេសាយ ១៣:១​–​៣៥:១០)

អេសាយ​ជំពូក​១៣​ដល់​២៣​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​អំពី​សាសន៍​ផ្សេងៗ។ ប៉ុន្តែ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​អាណិតអាសូរ​ដល់​ពួក​យ៉ាកុប»​ដោយ​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​កុលសម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ (អេសាយ ១៤:១) សារ​ក្នុង​ជំពូក​២៤​ដល់​២៧​ដែល​ប្រាប់​ថា​ស្រុក​យូដា​ត្រូវ​ហិន​ហោច​នោះ ក៏​មាន​សេចក្ដី​សន្យា​ថា​ស្រុក​នោះ​ត្រូវ​គេ​ស្ដារ​ឡើង​វិញ​ផង​ដែរ។ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចំពោះ​«ពួក​ប្រមឹក​ក្នុង​ពួក​អេប្រាអិម​[គឺ​អ៊ីស្រាអែល]» ដោយ​ព្រោះ​រាជាណាចក្រ​នោះ​បាន​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ​សាសន៍​ស៊ី​រី។ ទ្រង់​ក៏​មាន​សេចក្ដី​ក្រេវក្រោធ​ចំពោះ​«ពួក​សង្ឃ​នឹង​ពួក​ហោរា»​នៃ​រាជាណាចក្រ​យូដា​ដែរ ដោយ​ព្រោះ​ពួក​គេ​ចង់​យក​ពួក​សាសន៍​អាសស៊ើរ​ជា​សម្ព័ន្ធ​មិត្ត​វិញ។ (អេសាយ ២៨:១,) អេសាយ​ក៏​ប្រាប់​ថា​៖ «អើ​រាល​[ឬ​ទី​ក្រុង​យេរូសាឡិម]»​ត្រូវ​ទទួល​ទុក្ខ​វេទនា​ដែរ ដោយ​ព្រោះ​បាន​«រៀបចំ​ដំណើរ​[ចង់]​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ»​ដើម្បី​សូម​គេ​ជួយ​ការពារ​ទី​ក្រុង​នោះ។ (អេសាយ ២៩:១; ៣០:១, ២) យ៉ាង​ណា​ក៏​ដោយ អេសាយ​បាន​ទាយ​ថា មនុស្ស​ណា​ដែល​បង្ហាញ​ថា​គាត់​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​វិញ។

ព្រះ​យេហូវ៉ា​នឹង​ការពារ​«ភ្នំ​ស៊ីយ៉ូន»​ដូច​ជា‹សិង្ហ​ដែល​គ្រហឹម​ពី​លើ​រំពា›។ (អេសាយ ៣១:៤) ហើយ​មាន​សេចក្ដី​សន្យា​ថា​៖ «មើល! នឹង​មាន​ស្តេច​១​អង្គ​សោយ​រាជ្យ​ដោយ​សុចរិត»។ (អេសាយ ៣២:​១) ពេល​«ពួក​រាជ​ទូត​ដែល​សូម​មេត្រីភាព»​កំពុង​តែ​យំ​អណ្ដឺតអណ្ដក​ដោយសារ​ពួក​អាសស៊ើរ​គំរាម​កំហែង​ដល់​សាសន៍​យូដា នោះ​ព្រះ​យេហូវ៉ា​សន្យា​ព្យាបាល​ឬ​«អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់»​រាស្ត្រ​ទ្រង់។ (អេសាយ ៣៣:៧, ២២​-​២៤) «ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ទ្រង់​ក្រោធ​ចំពោះ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ»។ (អេសាយ ៣៤:២) ស្រុក​យូដា​មិន​ត្រូវ​ហិន​ហោច​ជា​រៀង​រហូត​ទេ។ «ទីរហោស្ថាន​ហើយ​ទី​ហួតហែង​នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ​ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប»។—អេសាយ ៣៥:១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១៣:១៧—តើ​សាសន៍​មេឌី​មិន​រាប់​អាន​ប្រាក់​ហើយ​មិន​មាន​ចិត្ត​រីករាយ​ចំពោះ​មាស​ក្នុង​ន័យ​អ្វី? ពួក​មេឌី​និង​សាសន៍​ពើ​ស៊ី​ពេញ​ចិត្ត​ចំពោះ​កិត្ដិនាម​ដែល​មក​ពី​ជ័យ​ជម្នះ​ក្នុង​ចម្បាំង ជា​ជាង​គិត​ច្រើន​ពេក​អំពី​ជ័យ​ភណ្ឌ​ដែល​គេ​ទទួល​នោះ។ ជាក់​ស្តែង​គឺ​ស្តេច​ស៊ី​រូស​ដែល​ឲ្យ​ដល់​ពួក​និរទេស​ជន​ដែល​កំពុង​ត្រឡប់​ទៅ​ស្រុក​វិញ នូវ​គ្រឿង​ប្រដាប់​ផ្សេងៗ​ធ្វើ​ពី​មាស​និង​ប្រាក់​ដែល​ស្តេច​នេប៊ូក្នេសា​បាន​យក​ជា​របឹប​ពី​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។

១៤:១, ២—តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន‹ចាប់​ជា​ឈ្លើយ​នូវ​អស់​អ្នក​ដែល​ពី​ដើម​បាន​ចាប់​គេ​ជា​ឈ្លើយ និង​គ្រប់គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់​សង្កិន​គេ›បាន​យ៉ាង​ណា? ចំពោះ​ប្រជាជន​ខ្លះ​ដូច​ដានីយ៉ែល​ដែល​បាន​ទទួល​មុខ​តំណែង​ជា​អ្នក​ធំ​នៅ​ទី​ក្រុង​បាប៊ីឡូន​ក្រោម​អំណាច​ពួក​មេឌី​ពើ​ស៊ី នេះ​បាន​កើត​ឡើង​មែន។ តួ​យ៉ាង​ពីរ​ទៀត​គឺ​នាងអេសធើរ​ដែល​បាន​ក្លាយ​ជា​មហាក្សត្រី​សាសន៍​ពើ​ស៊ី និង​លោក​ម៉ាដេកាយ​ដែល​បាន​ទទួល​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​ពើ​ស៊ី។

២០:២​-​៥—តើ​អេសាយ​ពិត​ជា​ដើរ​ខ្លួន​អាក្រាត​គ្រប់​៣​ឆ្នាំ​ឬ? ប្រហែល​ជា​អេសាយ​បាន​ដោះ​តែ​អាវ​ធំ​ហើយ​ស្លៀក​ពាក់​តែ​ខោ​អាវ​ក្នុង​ប៉ុណ្ណោះ។

២១:១—តើ​«វាល​រហាល​ក្បែរ​សមុទ្រ»​សំដៅ​ទៅ​លើ​តំបន់​មួយ​ណា? ទោះបី​ជា​ទី​ក្រុង​បាប៊ីឡូន​មិន​មាន​ទី​តាំង​ក្បែរ​សមុទ្រ​ណា​មួយ​ក្ដី ពាក្យ​នេះ​សំដៅ​ទៅ​លើ​ទី​ក្រុង​នោះ។ នេះ​គឺ​ពីព្រោះ​តំបន់​នោះ​តែង​តែ​លិច​ទឹក​ដែល​ជោរ​ជន់​មក​ពី​ទន្លេ​អ៊ើប្រាត​និង​ទន្លេ​ទី​គ្រី​ហើយ​ក្លាយ​ជា​វាល​ភក់​ដែល​មើល​ទៅ​ដូច​ជា​សមុទ្រ។

២៤:១៣​-​១៦—តើ​ពួក​យូដា​ត្រូវ​«នៅ​ក្នុង​បណ្ដា​ជនជាតិ​ដែល​នៅ​កណ្ដាល​ផែនដី . . . ដូច​ជា​ការ​អង្រួន​ដើម​អូលីវ​ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ»​យ៉ាង​ដូច​ម្ដេច? ដូច​ជា​មាន​ផ្លែ​បន្ដិច​បន្តួច​នៅ​ជាប់​លើ​ដើម​ឈើ​ឬ​ដើម​ទំពាំង​បាយ​ជូរ​ក្រោយ​បាន​ច្រូត​វា​ហើយ នោះ​មាន​តែ​មនុស្ស​តិច​តួច​ទេ​ដែល​អាច​រួច​រស់​ជីវិត​ពេល​គេ​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ មិន​ថា​អ្នក​រួច​រស់​ជីវិត​ត្រូវ​បំបរបង់​ចេញ​ទៅ​«នៅ​[ស្រុក​បាប៊ីឡូន]​ទិស​ខាង​កើត» ឬ​ទៅ​«នៅ​ស្រុក​ក្បែរ​សមុទ្រ​[មេឌី​ទែរ៉ានេ]»​ក្ដី នោះ​គេ​នៅ​តែ​លើក​តម្កើង​ព្រះ​យេហូវ៉ា​ទៀត។

២៤:២១—តើ​«ពួក​ពល​បរិវារ​នៃ​ស្ថាន​ខ្ពស់»​និង​«ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី»​សំដៅ​ទៅ​លើ​អ្នក​ណា? «ពួក​ពល​បរិវារ​នៃ​ស្ថាន​ខ្ពស់»​ប្រហែល​ជា​សំដៅ​ទៅ​លើ​ពួក​ទេវតា​អាក្រក់។ បើ​ដូច្នេះ «ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី»​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​អំណាច​គ្រប់គ្រង តែ​ស្ថិត​ក្រោម​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ពួក​បិសាច។—យ៉ូហានទី១ ៥:១៩

២៥:៧—តើ​«ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​ជនជាតិ​ទាំង​ប៉ុន្មាន»​ជា​អ្វី? ការ​ប្រៀបធៀប​នេះ​នាំ​ឲ្យ​គិត​ពី​ខ្មាំង​សត្រូវ​ពីរ​របស់​មនុស្ស​ជាតិ ពោល​គឺ បាប​និង​សេចក្ដី​ស្លាប់។

មេ​រៀន​សម្រាប់​យើង:

១៣:២០​-​២២; ១៤:២២, ២៣; ២១:១​-​៩: ទំនាយ​ដែល​ជា​បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែង​តែ​សម្រេច​ពិត ដូច​ក្នុង​ករណី​ទី​ក្រុង​បាប៊ីឡូន។

១៧:៧, ៨: ទោះ​ជា​ប្រជាជន​អ៊ីស្រាអែល​ភាគ​ច្រើន​មិន​បាន​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ក៏​ដោយ បុគ្គល​ខ្លះ​បាន​ស្វែង​រក​ទ្រង់​វិញ។ ស្រដៀង​គ្នា​ដែរ មនុស្ស​ខ្លះ​ក្នុង​ពិភព​គ្រិស្ត​សាសនា​ក៏​ធ្វើ​តាម​សារ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។

២៨:១​-​៦: សាសន៍​អ៊ីស្រាអែល​ត្រូវ​ចុះ​ចាញ់​នឹង​សាសន៍​អាសស៊ើរ​មែន តែ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ឲ្យ​ប្រជាជន​ស្មោះ​ត្រង់​ខ្លះ​រួច​រស់​ជីវិត​បាន។ ពេល​ព្រះ​យេហូវ៉ា​ជំនុំ​ជម្រះ​មនុស្ស​ដូច្នេះ ទ្រង់​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត​អស់​សង្ឃឹម​ឡើយ។

២៨:២៣​-​២៩: ពេល​ព្រះ​យេហូវ៉ា​កែ​តម្រង់​បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ ទ្រង់​ធ្វើ​ដូច្នេះ​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​អ្វី​ដែល​គេ​ត្រូវ​ការ​រៀងៗ​ខ្លួន។

៣០:១៥: បើ​យើង​ចង់​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​«ផ្អាក​សំរាក»​ឬ​លែង​ពឹង​មធ្យោបាយ​របស់​មនុស្ស​លោក​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ។ បើ​យើង​«នៅ​តែ​ស្ងៀម»​ដោយ​មិន​ខ្លាច​អ្វី​ឡើយ នោះ​យើង​បង្ហាញ​ពី​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ការពារ​យើង​បាន។

៣០:២០, ២១: យើង​«ឃើញ»​ព្រះ​យេហូវ៉ា និង​«ឮ»​ព្រះ​សូរ​សៀង​ទ្រង់​ដែល​នាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដោយ​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ព្រះ​គម្ពីរ​ដែល​ទ្រង់​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ ហើយ​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។—ម៉ាថាយ ២៤:៤៥

ទំនាយ​របស់​អេសាយ​ពង្រឹង​ទំនុក​ចិត្ត​យើង លើ​ព្រះ​បន្ទូល​របស់​ព្រះ

យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ណាស់​ដោយ​មាន​សារ​របស់​ព្រះ​យេហូវ៉ា​កត់​ទុក​ក្នុង​សៀវភៅ​អេសាយ! បទ​ទំនាយ​ទាំង​ប៉ុន្មាន​ដែល​បាន​សម្រេច​ហើយ នោះ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា ‹ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា​មិន​ដែល​វិល​មក​ឯ​ទ្រង់​វិញ​ដោយ​ឥត​កើត​ផល​ដូច្នោះ›ឡើយ។—អេសាយ ៥៥:១១

ចុះ​យ៉ាង​ណា​ចំពោះ​បទ​ទំនាយ​ទាំង​ប៉ុន្មាន​អំពី​ព្រះ​មេស្ស៊ី ដូច​នៅ​អេសាយ ៩:៧ និង​១១:១​-​៥, ១០? ទំនាយ​ទាំង​នោះ​ក៏​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សំវិធានការ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​សង្គ្រោះ​យើង​មែន​ទេ? ហើយ​សៀវភៅ​អេសាយ​ក៏​មាន​ទំនាយ​ឯ​ទៀត​ដែល​កំពុង​តែ​សម្រេច​នៅ​សម័យ​នេះ ឬ​ក៏​នឹង​សម្រេច​នៅ​ពេល​អនាគត​ដែរ។ (អេសាយ ២:២​-​៤; ១១:៦​-​៩; ២៥:៦​-​៨; ៣២:១, ២) ប្រាកដ​ហើយ សៀវភៅ​អេសាយ​ពិត​ជា​ផ្ដល់​ទី​សំអាង​ថែម​ទៀត​ថា «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ​ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២