លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលយកសេចក្ដីប្រៀនប្រដៅរបស់ព្រះយេហូវ៉ាជានិច្ច

ចូរទទួលយកសេចក្ដីប្រៀនប្រដៅរបស់ព្រះយេហូវ៉ាជានិច្ច

ចូរ​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​យេហូវ៉ា​ជានិច្ច

​«កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន[ប្រដៅ]​របស់​ព្រះ​យេហូវ៉ា​ឡើយ»។—សុភាសិត ៣:១១

១​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​ពី​ព្រះ?

ស្តេច​សាឡូម៉ូន​នៅ​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ​ផ្ដល់​ហេតុ​ល្អ​ឲ្យ​យើង​ម្នាក់ៗ​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​ពី​ព្រះ​យេហូវ៉ា។ សាឡូម៉ូន​មាន​ប្រសាសន៍​ថា​៖ «កូន​អើយ! កុំ​ឲ្យ​មើលងាយ​សេចក្ដី​ប្រៀន​[ប្រដៅ]​របស់​ព្រះ​យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស​របស់​ទ្រង់​ដែរ ដ្បិត​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន​ដែល​ជា​ទីគាប់​ចិត្ត​ដល់​ខ្លួន​ដែរ»។ (សុភាសិត ៣:១១, ១២) ពិត​មែន​ហើយ ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថានសួគ៌​ប្រៀនប្រដៅ​អ្នក​ពីព្រោះ​ទ្រង់​ស្រឡាញ់​អ្នក។

២​. តើ‹សេចក្ដី​ប្រៀនប្រដៅ›អាច​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​យើង​អាច​ទទួល​ការ​ប្រៀនប្រដៅ​តាម​វិធី​ណា​ខ្លះ?

‹សេចក្ដី​ប្រៀនប្រដៅ›ជា​ការ​ស្តី​បន្ទោស កែ​តម្រង់ ណែនាំ​និង​ការ​អប់រំ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់ផ្ចាល​[ឬ​«ការ​ប្រៀនប្រដៅ»] នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខសាន្ត​នៃ​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រងទ្រាំ​នោះ​វិញ»។ (ហេព្រើរ ១២:​១១; ព.ថ.) ការ​ទទួល​យក​និង​ការ​ធ្វើ​តាម​សេចក្ដី​ប្រៀនប្រដៅ​ពី​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​រស់​នៅ​ដោយ​សុចរិត ដូច្នេះ​អាច​នាំ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​ដ៏​បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៩៩:៥) យើង​ប្រហែល​ជា​នឹង​ទទួល​ការ​កែ​តម្រង់​ពី​បងប្អូន​រួម​ជំនឿ តាម​រយៈ​អ្វី​ដែល​យើង​រៀន​ក្នុង​កម្មវិធី​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក ហើយ​ពី​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​និង​សៀវភៅ​នីមួយៗ​ដែល​«នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់»​កំពុង​តែ​បោះ​ពុម្ព។ (លូកា ១២:៤២​-​៤៤) ហើយ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ណាស់ ពេល​យើង​ដឹង​តាម​ខ្សែ​រយៈ​ទាំង​នេះ​ថា​យើង​ត្រូវ​ការ​នូវ​ការ​កែ​តម្រង់​នោះ។ ប៉ុន្តែ បើ​បងប្អូន​ណា​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ​វិញ តើ​គាត់​ប្រហែល​ជា​ត្រូវ​ទទួល​ការ​ប្រៀនប្រដៅ​បែប​ណា​ទៀត?

មូលហេតុ​ដែល​មាន​ការ​បណ្ដាច់​មិត្តភាព

៣​. តើ​ក្រុមជំនុំ​បណ្ដាច់​មិត្តភាព​ជា​មួយ​អ្នក​ណា?

ពួក​អ្នក​បម្រើ​ព្រះ​តែង​តែ​សិក្សា​ព្រះ​គម្ពីរ​និង​សៀវភៅ​ឯ​ទៀត​របស់​ពួក​គេ​ជា​គ្រិស្ត​សា​សនិក។ ពួក​គេ​ក៏​រៀន​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ក្នុង​កម្មវិធី​ប្រជុំ​និង​សន្និបាត​នានា។ ដូច្នេះ ពួក​គ្រិស្ត​សា​សនិក​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​ពួក​គេ។ ការ​បណ្ដាច់​មិត្តភាព​ជា​មួយ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ កើត​មាន​ឡើង​តែ​ចំពោះ​អ្នក​ធ្វើ​អំពើ​បាប​ដ៏​លា​មក​ដែល​ឥត​ប្រែ​ចិត្ត។

៤, ៥​. សូម​រៀប​រាប់​គំរូ​មួយ​ពី​ព្រះ​គម្ពីរ​ស្តី​អំពី​ការ​បណ្ដាច់​មិត្តភាព។ ហេតុ​អ្វី​ក៏​ប៉ុល​ដាស់​តឿន​ក្រុមជំនុំ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​អ្នក​នោះ​ម្ដង​ទៀត?

សូម​ពិនិត្យ​មើល​គំរូ​មួយ​ក្នុង​ព្រះ​គម្ពីរ​អំពី​ការ​បណ្ដាច់​មិត្តភាព។ ក្រុមជំនុំ​នៅ​ទី​ក្រុង​កូរិនថូស​មិន​បាន​ប្រកាន់​ចំពោះ​«ការ​កំផិត​ម្យ៉ាង​ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា​មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន»។ ប៉ុល​បាន​ដាស់​តឿន​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស​ថា​៖ «[ត្រូវ]​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្ស​សាតាំង​ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ»។ (កូរិនថូសទី១ ៥:១​-​៥) ពេល​ក្រុមជំនុំ​បាន​បណ្ដាច់​មិត្តភាព​ជា​មួយ​អ្នក​នោះ ហើយ​បាន​បញ្ជូន​គាត់​ទៅ​អារក្ស​សាតាំង​វិញ អ្នក​ដែល​ធ្វើ​អំពើ​បាប​នោះ​បាន​ចូល​ទៅ​ក្នុង​លោកិយ​របស់​អារក្ស​ម្ដង​ទៀត។ (យ៉ូហានទី១ ៥:១៩) ពេល​បណ្ដេញ​គាត់​ចេញ​នោះ ពួក​គេ​បាន​ហូត​ចេញ​ពី​ក្រុមជំនុំ​នូវ​អង្គ​ធាតុ​អាក្រក់​មួយ​ដែល​បណ្ដោយ​ខ្លួន​ទៅ​តាម​ភាព​មិន​គ្រប់​លក្ខណ៍ ហើយ​ទង្វើ​នេះ​បាន​ការ​ពារ​ក្រុមជំនុំ​ឲ្យ​មាន​«វិញ្ញាណ»​ឬ​ចិត្ត​គំនិត​ដូច​ព្រះ​ត​ទៅ​ទៀត។—ធីម៉ូថេទី២ ៤:២២; កូរិនថូសទី១ ៥:១១​-​១៣

មិន​យូរ​មិន​ឆាប់​ក្រោយ​មក ប៉ុល​បាន​ដាស់​តឿន​បងប្អូន​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​កូរិនថូស​ថា ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​បាប​នោះ​មាន​មិត្តភាព​ជា​មួយ​ពួក​គេ​ម្ដង​ទៀត។ ហេតុ​អ្វី? សាវ័ក​ប៉ុល​ប្រាប់​ថា គឺ​ដើម្បី​«មិន​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ»​លើ​ពួក​គេ។ តាម​មើល​ទៅ អ្នក​ដែល​ធ្វើ​បាប​នោះ​បាន​ប្រែ​ចិត្ត​ហើយ​មាន​របៀប​រស់​នៅ​ស្រប​តាម​គោលការណ៍​ព្រះ​គម្ពីរ​វិញ។ (កូរិនថូសទី២ ២:៨​-​១១) បើ​បងប្អូន​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​កូរិនថូស​មិន​ព្រម​អនុញ្ញាត​ឲ្យ​អ្នក​ប្រែ​ចិត្ត​មាន​មិត្តភាព​ជា​មួយ​ពួក​គេ​ម្ដង​ទៀត នោះ​សាតាំង​អាច​ឈ្នះ​លើ​ពួក​គេ​ក្នុង​ន័យ​ថា គេ​នឹង​ក្លាយ​ជា​មនុស្ស​ឥត​មេត្ដា​ហើយ​មិន​អត់​ទោស​ឲ្យ​អ្នក​មាន​កំហុស ស្រប​តាម​ក្ដី​ប៉ង​ប្រាថ្នា​របស់​អារក្ស។ យើង​អាច​យល់​ថា មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ពួក​គេ​បាន​«អត់​ទោស​ហើយ​កំសាន្ត​ចិត្ត»​ឲ្យ​អ្នក​នោះ​ដែល​បាន​ប្រែ​ចិត្ត​ហើយ។—កូរិនថូសទី២ ២:៥​-​៧

៦​. តើ​ការ​បណ្ដាច់​មិត្តភាព​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

តើ​ការ​បណ្ដាច់​មិត្តភាព​មាន​ប្រយោជន៍​អ្វី? ទង្វើ​នេះ​អាច​ជួយ​កុំ​ឲ្យ​មាន​ហេតុ​តិះដៀល​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ហើយ​ការពារ​កេរ្ដិ៍​ឈ្មោះ​របស់​រាស្ត្រ​ទ្រង់​ដែរ។ (ពេត្រុសទី១ ១:១៤​-​១៦) ការ​ដក​មនុស្ស​ដែល​ធ្វើ​អំពើ​បាប​ដោយ​ឥត​ប្រែ​ចិត្ត​ចេញ​ពី​ក្រុមជំនុំ តែង​លើក​តម្កើង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ហើយ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ​ក្នុង​ក្រុមជំនុំ។ ទង្វើ​នេះ​ក៏​អាច​ជួយ​ដាស់​ស្មារតី​អ្នក​ដែល​ឥត​ប្រែ​ចិត្ត​ឲ្យ​ដឹង​ខ្លួន​វិញ។

ការ​ប្រែ​ចិត្ត​គឺ​សំខាន់​ចាំបាច់

៧​. ពេល​ដាវីឌ​មិន​សារភាព​បាប​របស់​ខ្លួន តើ​មាន​លទ្ធផល​អ្វី?

ក្រោយ​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ បងប្អូន​ភាគ​ច្រើន​ក៏​ប្រែ​ចិត្ត​វិញ ហើយ​ជា​លទ្ធផល​មិន​ចាំបាច់​បណ្ដាច់​មិត្តភាព​ជា​មួយ​គេ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រែ​ចិត្ត​មិន​តែង​តែ​ស្រួល​ទេ។ សូម​គិត​អំពី​ស្តេច​ដាវីឌ​នៅ​ស្រុក​អ៊ីស្រាអែល​ដែល​បាន​តែង​បទ​ទំនុកដំកើង​ទី​៣២។ បទ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា អស់​មួយ​រយៈ​នោះ ដាវីឌ​មិន​បាន​លន់​តួ​ឬ​សារភាព​បាប​ធ្ងន់ធ្ងរ​ដែល​ទ្រង់​ប្រព្រឹត្ត​ជា​មួយ​នាង​បាត​សេ​បា​ទេ។ ជា​លទ្ធផល ទ្រង់​កើត​ទុក្ខ​ដោយសារ​អំពើ​បាប​របស់​ខ្លួន ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ទ្រង់​អស់​ព្រះ​កាយ​ពល ប្រៀប​ដូច​ជា​ថ្ងៃ​ក្ដៅ​ខ្លាំង​ក្នុង​រដូវ​ក្ដៅ​ដែល​ធ្វើ​ឲ្យ​ដើម​ឈើ​រីង​ស្ងួត​អស់​ជាតិ​ទឹក។ ដាវីឌ​កើត​ទុក្ខ​ក្នុង​ព្រះ​កាយ​ផង​ក្នុង​គំនិត​ផង តែ​ពេល​ដាវីឌ‹លន់​តួ​អស់​ទាំង​ការ​រំលង នោះ​ព្រះ​យេហូវ៉ា​បាន​អត់​ទោស​ចំពោះ​អំពើ​បាប›របស់​ទ្រង់។ (ទំនុកដំកើង ៣២:៣​-​៥) រួច​មក ដាវីឌ​បាន​ច្រៀង​ថា​៖ «មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស»។ (ទំនុកដំកើង ៣២:១, ២) ដាវីឌ​មាន​ព្រះទ័យ​រីករាយ​ណាស់ ពេល​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​មេត្ដា​ករុណា​ចំពោះ​ទ្រង់!

៨, ៩​. តើ​អ្វី​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត? ចំពោះ​មនុស្ស​ដែល​ត្រូវ​បណ្ដាច់​មិត្តភាព តើ​ការ​បង្ហាញ​នូវ​ការ​ប្រែ​ចិត្ត​មាន​សារៈ​សំខាន់​ប៉ុណ្ណា?

នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​ធ្វើ​អំពើ​បាប​ត្រូវ​តែ​ប្រែ​ចិត្ត​ជា​មុន​សិន ទើប​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​បាន។ យ៉ាង​ណា​ក៏​ដោយ អារម្មណ៍​ខ្មាស​និង​ការ​ភ័យ​ខ្លាច​ថា​គេ​នឹង​ចាប់​កំហុស​ខ្លួន នោះ​មិន​មែន​ជា​ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ទេ។ «ការ​ប្រែ​ចិត្ត»​មាន​ន័យ​ថា «ការ​ប្ដូរ​គំនិត»​ដោយ​ព្រោះ​សោក​ស្ដាយ​ចំពោះ​ការ​ប្រព្រឹត្ត​អាក្រក់។ មនុស្ស​ដែល​ប្រែ​ចិត្ត​នោះ មាន​«ចិត្ត​ខ្ទេច​ខ្ទាំ​ហើយ​ទន់​ទាប» ក៏​ចង់​«សង»​ជំងឺ​ចិត្ត​បើ​អាច​ធ្វើ​ទៅ​បាន។—ទំនុកដំកើង ៥១:១៧; កូរិនថូសទី២ ៧:១១

ការ​ប្រែ​ចិត្ត​ជា​កត្ដា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ដែល​ចង់​មាន​មិត្តភាព​ម្ដង​ទៀត​ជា​មួយ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក។ បុគ្គល​ដែល​ត្រូវ​បណ្ដាច់​មិត្តភាព​មិន​អាច​ចូល​មក​ក្នុង​ក្រុមជំនុំ​ម្ដង​ទៀត​ដោយ​អាស្រ័យ​លើ​ពេល​វេលា​ដែល​បាន​កន្លង​ផុត​ទៅ​ប៉ុណ្ណោះ​ទេ។ គាត់​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​នូវ​លក្ខណៈ​ក្នុង​ចិត្ត​ទើប​អាច​មាន​មិត្តភាព​ជា​មួយ​ក្រុមជំនុំ​ម្ដង​ទៀត​បាន។ អ្នក​នោះ​ត្រូវ​ទទួល​ស្គាល់​ទំហំ​នៃ​អំពើ​បាប​របស់​ខ្លួន ទាំង​យល់​ថា​គាត់​បាន​បង្អាប់​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​និង​ក្រុមជំនុំ​ទ្រង់​ច្រើន​ប៉ុណ្ណា។ អ្នក​ដែល​បាន​ធ្វើ​បាប​នោះ​ត្រូវ​តែ​ប្រែ​ចិត្ត អធិស្ឋាន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​សូម​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ ហើយ​ធ្វើ​តាម​សេចក្ដី​ត្រូវ​ការ​ដ៏​សុចរិត​របស់​ទ្រង់​វិញ។ ពេល​អ្នក​នោះ​សូម​មាន​មិត្តភាព​ជា​មួយ​ក្រុមជំនុំ​ម្ដង​ទៀត គាត់​ត្រូវ​ផ្ដល់​ទី​សំអាង​ថា​គាត់​បាន​ប្រែ​ចិត្ត​ហើយ​កំពុង​តែ​«ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង»។—កិច្ចការ ២៦:២០

ហេតុ​អ្វី​ត្រូវ​សារភាព​កំហុស?

១០, ១១​. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន?

១០ មនុស្ស​ខ្លះ​ដែល​បាន​ធ្វើ​អំពើ​បាប​ប្រហែល​ជា​មាន​គំនិត​ថា​៖ ‹បើ​ខ្ញុំ​ប្រាប់​ឲ្យ​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​បាប ខ្ញុំ​ប្រហែល​ជា​ត្រូវ​ឆ្លើយ​សំណួរ​ផ្សេងៗ​ដ៏​គួរ​ឲ្យ​អាម៉ាស់​មុខ ហើយ​ប្រហែល​ជា​គេ​នឹង​បណ្ដាច់​មិត្តភាព​ជា​មួយ​ខ្ញុំ​ទៀត។ ប៉ុន្តែ បើ​ខ្ញុំ​មិន​សារភាព​វិញ នោះ​គ្មាន​ហេតុ​គួរ​ឲ្យ​ខ្មាស​ទេ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ក្នុង​ក្រុមជំនុំ​ដឹង​ឡើយ›។ ក៏​ប៉ុន្តែ អ្នក​ដែល​មាន​គំនិត​បែប​នេះ​បាន​ភ្លេច​គិត​ពី​ចំណុច​សំខាន់​ខ្លះ។ តើ​មាន​ចំណុច​សំខាន់​អ្វី​ខ្លះ?

១១ ព្រះ​យេហូវ៉ា​ពិត​ជា​«មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​ហើយ​ទន់​សន្ដោស ទ្រង់​[ក៏]​យឺត​នឹង​ខ្ញាល់​ហើយ​មាន​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​ទៀងត្រង់​ជា​បរិបូរ» ហើយ​«ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប»​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ក៏​វាយ​ផ្ចាល​ឬ​កែ​តម្រង់​រាស្ត្រ​ទ្រង់​«តាម​ខ្នាត»​ឬ​ដល់​កម្រិត​ត្រឹម​ត្រូវ​ផង​ដែរ។ (និក្ខមនំ ៣៤:៦, ៧; យេរេមា ៣០:១១) បើ​អ្នក​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ​ហើយ​ខំ​បិទ​បាំង​អំពើ​នោះ តើ​អ្នក​អាច​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន? ព្រះ​យេហូវ៉ា​ពិត​ជា​ជ្រាប​ពី​អំពើ​នោះ​ជាក់​ជា​មិន​ខាន ហើយ​ទ្រង់​មិន​មែន​មិន​អើពើ​ចំពោះ​កំហុស​របស់​បុគ្គល​នោះ​ជា​រៀង​រហូត​ទេ។—សុភាសិត ១៥:៣; ហាបាគុក ១:១៣

១២, ១៣​. តើ​ការ​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន​អាច​មាន​លទ្ធផល​យ៉ាង​ណា?

១២ បើ​អ្នក​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ​ហើយ ការ​សារភាព​កំហុស​នោះ​អាច​ជួយ​ឲ្យ​អ្នក​មាន​មនសិការ​ជ្រះថ្លា​ម្ដង​ទៀត។ (ធីម៉ូថេទី១ ១:១៨​-​២០) ប៉ុន្តែ បើ​មិន​សារភាព​វិញ នេះ​អាច​ធ្វើ​ឲ្យ​មនសិការ​ទៅ​ជា​ស្មោកគ្រោក​ដែល​ប្រហែល​ជា​នឹង​បណ្ដោយ​ឲ្យ​ខ្លួន​ធ្វើ​អំពើ​បាប​ថែម​ទៀត។ ចូរ​ចាំ​ថា អ្នក​មិន​គ្រាន់​តែ​បាន​ធ្វើ​បាប​ប្រឆាំង​នឹង​មនុស្ស​ឬ​ក្រុមជំនុំ​ណា​មួយ​ប៉ុណ្ណោះ​ទេ តែ​បាន​ធ្វើ​បាប​នឹង​ព្រះ​វិញ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ឯ​បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា នោះ​នៅ​លើ​ស្ថានសួគ៌។ ព្រះ​នេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះ​នេត្រ​ទ្រង់​ពិចារណា​មើល​មនុស្ស​ជាតិ​ទាំង​ឡាយ។ ព្រះ​យេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិត តែ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់»។—ទំនុកដំកើង ១១:៤, ៥

១៣ ព្រះ​យេហូវ៉ា​មិន​ប្រទាន​ពរ​លើ​មនុស្ស​ដែល​ខំ​ធ្វើ​ពុត​ជា​មនុស្ស​ល្អ​ក្នុង​ក្រុមជំនុំ​ស្អាត​ស្អំ​នៃ​ពួក​គ្រិស្ត​សា​សនិក តែ​កំពុង​បិទ​បាំង​អំពើ​បាប​ដ៏​លា​មក​របស់​ខ្លួន​វិញ។ (យ៉ាកុប ៤:៦) ដូច្នេះ បើ​អ្នក​កំពុង​តែ​ធ្វើ​អំពើ​បាប​ហើយ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ ចូរ​សារភាព​ស្មោះ​អស់​ពី​ចិត្ត​ភ្លាមៗ​ចុះ! ពុំ​នោះ មនសិការ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​ជា​និច្ច ជា​ពិសេស​ពេល​អ្នក​អាន​ឬ​ស្ដាប់​ឱវាទ​ចំៗ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ខុស។ ហើយ​ចុះ​យ៉ាង​ណា​បើ​ព្រះ​យេហូវ៉ា​ហូត​យក​វិញ្ញាណ​ទ្រង់​ចេញ​ពី​អ្នក​ដូច​ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​សូល​នោះ? (សាំយូអែលទី១ ១៦:១៤) បើ​លែង​មាន​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា អ្នក​ក៏​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ធ្វើ​អំពើ​បាប​រឹតតែ​អាក្រក់​ទៀត។

ចូរ​ទុក​ចិត្ត​បង​ប្អូន​របស់​យើង​ដែល​ស្មោះ​ត្រង់

១៤​. ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​ធ្វើ​ខុស​គួរ​ធ្វើ​តាម​ឱវាទ​នៅ​យ៉ាកុប ៥:១៤, ១៥?

១៤ ដូច្នេះ បើ​បុគ្គល​ម្នាក់​ធ្វើ​ខុស​ហើយ​ប្រែ​ចិត្ត​វិញ តើ​គាត់​គួរ​ធ្វើ​អ្វី​ទៀត? «ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ! ព្រម​ទាំង​លាប​ប្រេង​ឲ្យ​ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​ផង នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ​នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង»។ (យ៉ាកុប ៥:១៤, ១៥) វិធី​មួយ​ដែល​បុគ្គល​នោះ​អាច​«បង្កើត​ផល​ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត» គឺ​ដោយ​ជួប​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ។ (ម៉ាថាយ ៣:៨) បុរស​ស្មោះ​ត្រង់​ទាំង​នេះ​ដែល​មាន​ចិត្ត​មេត្ដា នឹង‹អធិស្ឋាន​ឲ្យ​ព្រម​ទាំង​លាប​ប្រេង​ឲ្យ​អ្នក​នោះ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេហូវ៉ា›។ ឱវាទ​ដែល​ពួក​គាត់​ផ្ដល់​ពី​ព្រះ​គម្ពីរ​ប្រៀប​ដូច​ជា​ប្រេង​ដែល​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។—យេរេមា ៨:២២

១៥, ១៦​. ស្រប​ទៅ​តាម​អេសេគាល ៣៤:១៥, ១៦ តើ​ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​បាន​យ៉ាង​ណា?

១៥ ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល​របស់​យើង ហើយ​ទ្រង់​តាំង​គំរូ​ពី​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​ទ្រង់​បាន​ប្រោស​ពួក​យូដា​ឲ្យ​រួច​ពី​សេវកភាព​នៅ​ស្រុក​បាប៊ីឡូន​នា​ឆ្នាំ​៥៣៧ មុន​គ.ស. ហើយ​ពេល​ទ្រង់​បាន​ប្រោស​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ចេញ​ពី​«បាប៊ីឡូន​ដ៏​ជា​ធំ»​នៅ​ឆ្នាំ​១៩១៩ គ.ស.។ (វិវរណៈ ១៧:៣​-​៥; កាឡាទី ៦:១៦) យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់​ថា​៖ «ខ្លួន​អញ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង​ចៀម​របស់​អញ ហើយ​អញ​នឹង​ឲ្យ​វា​ដេក​នៅ . . . អញ​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ​អញ​នឹង​រុំ​អប​ឲ្យ ហើយ​អញ​នឹង​ចំរើន​កំឡាំង​ដល់​ណា​ដែល​ឈឺ»។—អេសេគាល ៣៤:១៥, ១៦

១៦ ចំពោះ​បុគ្គល​ណា​ដែល​ប្រៀប​ដូច​ជា​ចៀម​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​បាន​ប្រទាន​អាហារ​និង​ឲ្យ​គេ​ដេក​សម្រាក ហើយ​ពេល​ពួក​គេ​វង្វេង​បាត់ នោះ​ទ្រង់​ក៏​ស្វែង​រក​គេ​ទៀត​ផង។ ស្រ​ដៀង​គ្នា​ដែរ ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​មុខ​នាទី​ជា​អ្នក​គង្វាល​ក៏​ព្យាយាម​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ​ឲ្យ​មាន​អាហារ​ជា​បរិបូរ​ខាង​វិញ្ញាណ និង​មាន​សេចក្ដី​សុខ។ ពួក​អ្នក​ចាស់​ទុំ​ក៏​ទៅ​ស្វែង​រក​ចៀម​ដែល​វង្វេង​បាត់​ពី​ក្រុមជំនុំ​ដែរ។ ហើយ​ដូច​ព្រះ​យេហូវ៉ា‹រុំ​ឲ្យ​សត្វ​ណា​ដែល​បាក់​ជើង› នោះ​ពួក​អ្នក​ចាស់​ទុំ​ក៏‹រុំ​ឲ្យ›បងប្អូន​ដែល​ប្រៀប​ដូច​ជា​ចៀម​ដែល​បាន​រង​របួស​ដោយសារ​អំពើ​របស់​ខ្លួន ឬ​ដោយសារ​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​ដែល​បញ្ឈឺ​ចិត្ត។ ដូច​ព្រះ​យេហូវ៉ា​«ចំរើន​កំឡាំង​ដល់​[ចៀម]​ណា​ដែល​ឈឺ» នោះ​ពួក​អ្នក​ចាស់​ទុំ​ក៏​ជួយ​បងប្អូន​ដែល​ឈឺ​ខាង​វិញ្ញាណ ប្រហែល​ជា​ដោយសារ​ពួក​គេ​បាន​ធ្វើ​អំពើ​បាប​ណា​មួយ។

របៀប​ដែល​អ្នក​គង្វាល​ផ្ដល់​ជំនួយ

១៧​. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ស្ទាក់ស្ទើរ​សោះ ក្នុង​ការ​រក​ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ?

១៧ ពួក​អ្នក​ចាស់​ទុំ​ពេញ​ចិត្ត​ធ្វើ​តាម​ឱវាទ​ដែល​ថា ពួក​គាត់​«ត្រូវ​មាន​ចិត្ត​មេត្ដា . . . ដោយ​ភ័យ​ខ្លាច»។ (យូដាស ២៣) គ្រិស្ត​សា​សនិក​ខ្លះ​បាន​ធ្វើ​អំពើ​អសីលធម៌​ខាង​កាម​ដែល​ជា​អំពើ​បាប​ធ្ងន់ធ្ងរ។ ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ពួក​អ្នក​ចាស់​ទុំ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មាន​ចិត្ត​មេត្ដា ព្រម​ទាំង​ខ្នះខ្នែង​ជួយ​ពួក​គេ​ខាង​វិញ្ញាណ​ផង។ ប៉ុល​បាន​រៀប​រាប់​អំពី​ពួក​អ្នក​ចាស់​ទុំ​ដែល​រួម​បញ្ចូល​គាត់​ផ្ទាល់​ដែរ​ថា​៖ «មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូកន​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ»។ (កូរិនថូសទី២ ១:២៤) ដូច្នេះ កុំ​ស្ទាក់ស្ទើរ​ឲ្យ​សោះ ក្នុង​ការ​រក​ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ។

១៨​. តើ​ពួក​អ្នក​ចាស់​ទុំ​ប្រព្រឹត្ត​យ៉ាង​ណា​លើ​ពួក​អ្នក​ជឿ​គ្នីគ្នា​ដែល​បាន​ធ្វើ​បាប?

១៨ បើ​អ្នក​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​អាច​មាន​ទំនុក​ចិត្ត​លើ​ពួក​អ្នក​ចាស់​ទុំ​បាន? គឺ​ពីព្រោះ​ពួក​គាត់​មាន​តួ​នាទី​ចម្បង​ជា​អ្នក​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ។ (ពេត្រុសទី១ ៥:១​-​៤) អ្នក​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់​នឹង​មិន​វាយ​កូន​ចៀម​ដែល​កំពុង​តែ​ស្រែក​ដោយសារ​រង​របួស។ ដូច្នេះ ពេល​ពួក​អ្នក​ចាស់​ទុំ​ជួប​ជា​មួយ​បងប្អូន​ដែល​បាន​ធ្វើ​អំពើ​បាប នេះ​គឺ​មិន​មែន​ដើម្បី​ដាក់​ទោស​លើ​អ្នក​ដែល​ធ្វើ​ខុស​ទេ តែ​ពួក​គាត់​មាន​បំណង​ជួយ​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ​នូវ​ពួក​អ្នក​ដែល​បាន​ធ្វើ​បាប បើ​អាច​ធ្វើ​ទៅ​បាន។ (យ៉ាកុប ៥:១៣​-​២០) ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ការ​ជំនុំ​ជម្រះ​ដោយ​សុចរិត ហើយ​«ចេះ​ប្រណី​ដល់​ហ្វូង»​ចៀម​ផង។ (កិច្ចការ ២០:២៩, ៣០; អេសាយ ៣២:១, ២) ដូច​គ្រិស្ត​សា​សនិក​ទាំង​ឡាយ ពួក​អ្នក​ចាស់​ទុំ​ក៏​ត្រូវ‹ប្រព្រឹត្ត​ដោយ​សុចរិត​[ឬ​«យុត្ដិធម៌»] ត្រូវ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ត្រូវ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាប​ទាប›។ (មីកា ៦:៨; ខ.ស.) គុណសម្បត្ដិ​បែប​នេះ​គឺ​ចាំបាច់​ណាស់​ពេល​ពួក​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ទាក់ទង​នឹង​ជីវិត​ហើយ​កិច្ច​បម្រើ​បរិសុទ្ធ​របស់​«ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​[ព្រះ​យេហូវ៉ា]»។—ទំនុកដំកើង ១០០:៣

១៩​. តើ​ពួក​អ្នក​ចាស់​ទុំ​មាន​អាកប្បកិរិយា​បែប​ណា​ពេល​ព្យាយាម​កែ​តម្រង់​អ្នក​ដែល​ធ្វើ​បាប?

១៩ ពួក​គ្រិស្ត​សា​សនិក​ដែល​ជា​អ្នក​គង្វាល​នោះ​បាន​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ដូច្នេះ​ពួក​គាត់​ខំ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​នោះ​ដឹក​នាំ​ពួក​គាត់។ ពួក​អ្នក​ចាស់​ទុំ​ជា​បុរស​ដែល​ដើរ​ដោយ​ព្រះ​វិញ្ញាណ​ឬ​មាន​លក្ខណៈ​គ្រប់គ្រាន់​ខាង​វិញ្ញាណ ដូច្នេះ​បើ​ពួក​គាត់​«ទាន់​ឃើញ​មនុស្ស​ណា​[ភ្លាត់]​ធ្វើ​ខុស​អ្វី» នោះ​ពួក​គាត់​មាន​ភារកិច្ច​«[កែ]ដំ​រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព»។ (កាឡាទី ៦:១; កិច្ចការ ២០:២៨) ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យ៉ាង​ម៉ឺងម៉ាត់​មែន តែ​មាន​ចិត្ត​សុភាព​ដែរ​ក្នុង​ការ​ព្យាយាម​តម្រង់​របៀប​គិត​គូរ​របស់​បងប្អូន​ដែល​ហៀប​នឹង​ភ្លាត់​ធ្វើ​ខុស។ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ដូច្នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ដូច​ពេល​គ្រូ​ពេទ្យ​តម្រង់​ឆ្អឹង​ដែល​បាក់​ដោយ​ថ្នមៗ​ដើម្បី​កុំ​ឲ្យ​ឈឺ​ពេក។ (កូល៉ុស ៣:១២) បើ​ពួក​អ្នក​ចាស់​ទុំ​សម្រេច​ចិត្ត​បង្ហាញ​សេចក្ដី​មេត្ដា​ចំពោះ​អ្នក​ដែល​ធ្វើ​បាប​នោះ ដោយ​មាន​មូលដ្ឋាន​លើ​ការ​អធិស្ឋាន​និង​បទ​គម្ពីរ​ផ្សេងៗ ដូច្នេះ​នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​វិញ។—ម៉ាថាយ ១៨:១៨

២០​. តើ​មាន​កាលៈទេសៈ​អ្វី​ខ្លះ​ប្រហែល​ជា​តម្រូវ​ឲ្យ​ជូន​ដំណឹង​ដល់​ក្រុមជំនុំ​ថា បុគ្គល​ម្នាក់​បាន​ទទួល​ការ​ប្រដៅ​តម្រង់?

២០ បើ​មនុស្ស​ជា​ច្រើន​ដឹង​អំពី​អំពើ​បាប​នោះ ឬ​នឹង​ដឹង​ក្រោយៗ​មក នោះ​គប្បី​ឲ្យ​មាន​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុមជំនុំ​ដើម្បី​ការពារ​កិត្ដិនាម​របស់​ក្រុមជំនុំ។ បើ​គប្បី​ឲ្យ​ក្រុមជំនុំ​ដឹង នោះ​ក៏​ត្រូវ​មាន​សេចក្ដី​ជូន​ដំណឹង​ដែរ។ បុគ្គល​ដែល​បាន​ទទួល​ការ​ប្រដៅ​តម្រង់​ពី​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ប្រៀប​ដូច​ជា​អ្នក​រង​របួស​ដែល​ត្រូវ​សម្រាក​បន្ដិច​ពេល​កំពុង​តែ​ជា​ឡើង​វិញ ដ្បិត​គាត់​ត្រូវ​ទទួល​ការ​ព្យាបាល​ខាង​វិញ្ញាណ​សិន។ ដូច្នេះ ពេល​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទៅ​កិច្ច​ប្រជុំ​ជា​មួយ​ក្រុមជំនុំ យក​ល្អ​ឲ្យ​គាត់​ស្ដាប់​ប៉ុណ្ណោះ​សម្រាប់​មួយ​រយៈ​ជា​ជាង​ចូល​រួម​ក្នុង​កម្មវិធី។ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​នឹង​រៀបចំ​ឲ្យ​បងប្អូន​ណា​ម្នាក់​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អ្នក​ដែល​បាន​ធ្វើ​បាប​នោះ ដើម្បី​ពង្រឹង​គាត់​ឲ្យ​«មាន​សេចក្ដី​ជំនឿ»​មាំមួន​ម្ដង​ទៀត ជា​ពិសេស​ទាក់ទង​នឹង​ចំណុច​ណា​ដែល​គាត់​បាន​ចុះ​ខ្សោយ។ (ទីតុស ២:២) ទាំង​អស់​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រោះ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​ចង់​ដាក់​ទោស​អ្នក​ដែល​បាន​ធ្វើ​បាប​ទេ។

២១​. ពេល​បងប្អូន​ធ្វើ​អំពើ​បាប តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ដោះស្រាយ​បញ្ហា​ខ្លះ​បាន​យ៉ាង​ណា?

២១ ពួក​អ្នក​ចាស់​ទុំ​អាច​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​តាម​របៀប​ផ្សេងៗ។ ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​បើ​បង​ប្រុស​ម្នាក់​ធ្លាប់​មាន​បញ្ហា​ប្រមឹក​ស្រា​ពី​មុន ហើយ​ឥឡូវ​នេះ​ពេល​នៅ​ផ្ទះ​ម្នាក់​ឯង គាត់​ពិសា​ស្រា​ច្រើន​ពេក​ម្ដង​ឬ​ពីរ​នោះ។ ឬ​ក៏​ចុះ​យ៉ាង​ណា​ចំពោះ​បងប្អូន​ណា​ម្នាក់​ដែល​ឈប់​ជក់​បារី​យូរ​ឆ្នាំ​ហើយ តែ​ឥឡូវ​នេះ​គាត់​ចាប់​ផ្ដើម​ជក់​បារី​ម្ដង​ទៀត​មួយ​ឬ​ពីរ​ដង ពេល​គាត់​នៅ​ម្នាក់​ឯង​ក្នុង​ផ្ទះ។ ទោះ​បើ​គាត់​បាន​អធិស្ឋាន​ហើយ​ជឿ​ថា​ព្រះ​បាន​អត់​ទោស​ឲ្យ​គាត់​ក៏​ដោយ គាត់​គួរ​ប្រាប់​អ្នក​ចាស់​ទុំ​ម្នាក់ ដើម្បី​កុំ​ឲ្យ​អំពើ​បាប​នោះ​ក្លាយ​ជា​ទម្លាប់​វិញ។ អ្នក​ចាស់​ទុំ​ម្នាក់​ឬ​ពីរ​នាក់​អាច​ជួប​ជា​មួយ​អ្នក​នោះ​ដើម្បី​ដោះស្រាយ​បញ្ហា។ យ៉ាង​ណា​ក៏​ដោយ អ្នក​ចាស់​ទុំ​ទាំង​នោះ​ត្រូវ​ជម្រាប​ដល់​ប្រធាន​ត្រួត​ពិនិត្យ​ក្រែងលោ​មាន​កត្ដា​ឯ​ទៀត​ដែល​ពួក​គាត់​មិន​ដឹង។

ចូរ​បន្ត​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​ជា​និច្ច

២២, ២៣​. ហេតុ​អ្វី​អ្នក​គួរ​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច?

២២ បើ​ពួក​គ្រិស្ត​សា​សនិក​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​មែន ពួក​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ប្រៀនប្រដៅ​របស់​ទ្រង់។ (ធីម៉ូថេទី១ ៥:២០) ដូច្នេះ ពេល​ទទួល​ការ​កែ​តម្រង់​ក្នុង​ពេល​សិក្សា​ព្រះ​គម្ពីរ​និង​សៀវភៅ​ឯ​ទៀត​របស់​ពួក​គ្រិស្ត​សា​សនិក ហើយ​ពេល​ទទួល​ឱវាទ​តាម​រយៈ​កម្មវិធី​ប្រជុំ​និង​សន្និបាត​នានា​នៃ​រាស្ត្រ​របស់​ព្រះ ចូរ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​ចុះ! ហើយ​ចូរ​ព្យាយាម​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ជា​និច្ច។ បើ​ដូច្នេះ សេចក្ដី​ប្រៀនប្រដៅ​ពី​ព្រះ​យេហូវ៉ា​នឹង​ប្រៀប​ដូច​ជា​កំ​ពែង​រឹង​មាំ​ដែល​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​អ្នក​ធ្វើ​អំពើ​បាប។

២៣ ការ​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​ឲ្យ​អ្នក​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ។ គួរ​ឲ្យ​ស្ដាយ​ដែល​បងប្អូន​ខ្លះ​បាន​ត្រូវ​ដេញ​ចេញ​ពី​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក ប៉ុន្តែ​អ្នក​អាច​ជៀស​វាង​ការ​អាក្រក់​នោះ​ដោយ​«រក្សា​[ការពារ]​ចិត្ត»​និង​«ដើរ​ដោយ​មាន​ប្រាជ្ញា»។ (សុភាសិត ៤:២៣; អេភេសូរ ៥:១៥) បើ​អ្នក​ជា​បុគ្គល​ម្នាក់​ដែល​ក្រុមជំនុំ​បាន​បណ្ដាច់​មិត្តភាព​ជា​មួយ​រួច​ហើយ ចូរ​ចាត់​វិធានការ​ដើម្បី​ឲ្យ​មាន​មិត្តភាព​ជា​មួយ​ក្រុមជំនុំ​ម្ដង​ទៀត។ ចំពោះ​អស់​អ្នក​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​ស្មោះ​ត្រង់ ទាំង​មាន​«ចិត្ត​រីករាយ​សប្បាយ»​ផង​ដែរ។ (ចោទិយកថា ២៨:៤៧) អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ជា​រៀង​រហូត​បាន ឲ្យ​តែ​អ្នក​ទទួល​យក​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​យេហូវ៉ា​ជានិច្ច។—ទំនុកដំកើង ១០០:២

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​ត្រូវ​ដេញ​អ្នក​ខ្លះ​ចេញ​ពី​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក?

តើ​ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

បើ​យើង​ធ្វើ​អំពើ​បាប​ធ្ងន់ធ្ងរ ហេតុ​អ្វី​ក៏​ចាំបាច់​ឲ្យ​សារភាព​កំហុស​របស់​ខ្លួន?

តើ​ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បងប្អូន​ដែល​បាន​ធ្វើ​បាប​តែ​បាន​ប្រែ​ចិត្ត​វិញ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២១]

ដូច​អ្នក​គង្វាល​នៅ​សម័យ​បុរាណ ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ក៏‹រុំ​ឲ្យ›ហ្វូង​ចៀម​របស់​ព្រះ​ដែល​រង​របួស