លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក

ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក

ចូរ​ស្រឡាញ់​ព្រះ​ដែល​ស្រឡាញ់​អ្នក

​«ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»។—ម៉ាថាយ ២២:៣៧

១, ២​. តើ​អ្វី​ប្រហែល​ជា​បណ្ដាល​ឲ្យ​ពួក​ផារិស៊ី​សួរ​សំណួរ​អំពី​ច្បាប់​មួយ​ណា​ដែល​សំខាន់​បំផុត?

តាម​មើល​ទៅ ពួក​ផារិស៊ី​នៅ​សម័យ​ព្រះ​យេស៊ូ​បាន​ជជែក​គ្នា​យ៉ាង​ខ្លាំង​ពី​សំណួរ​មួយ​នេះ។ ក្នុង​ចំណោម​ច្បាប់​ជាង​៦០០​ប្រការ​នៃ​ក្រឹត្យ​វិន័យ​ម៉ូសេ តើ​ច្បាប់​មួយ​ណា​សំខាន់​ជាង​គេ? តើ​ច្បាប់​ទាក់ទង​ការ​ថ្វាយ​យញ្ញបូជា​ជា​អ្វី​ដែល​សំខាន់​បំផុត​ឬ? ដ្បិត​ត្រូវ​មាន​ការ​ថ្វាយ​យញ្ញបូជា​ដើម្បី​ឲ្យ​ប្រជាជន​ទាំង​ឡាយ​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ​ចំពោះ​បាប​របស់​ខ្លួន ហើយ​ដើម្បី​អរ​ព្រះ​គុណ​ទ្រង់។ ឬ​មួយ​ក៏​តើ​ច្បាប់​សំខាន់​បំផុត​គឺ​តម្រូវ​ឲ្យ​ពួក​ប្រុសៗ​កាត់​ស្បែក​វិញ? ដ្បិត​ច្បាប់​នោះ​ក៏​សំខាន់​ដែរ ពីព្រោះ​ការ​កាត់​ស្បែក​ជា​សញ្ញា​សម្គាល់​ពី​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​ចុះ​ជា​មួយ​លោក​អ័ប្រាហាំ។—លោកុប្បត្តិ ១៧:៩​-​១៣

ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ប្រកាន់​ទំនៀម​ទម្លាប់​ប្រពៃណី​បាន​លើក​ហេតុ​ផល​ថា ច្បាប់​ទាំង​ឡាយ​សុទ្ធតែ​ល្អ​អស្ចារ្យ សូម្បី​តែ​ច្បាប់​ដែល​មើល​ទៅ​ដូច​ជា​មិន​សូវ​សំខាន់​ក៏​ដោយ ដូច្នេះ​ពួក​គេ​ថា​ការ​លើក​តម្កើង​ច្បាប់​ណា​សំខាន់​ជាង​ច្បាប់​ណា​នោះ គឺ​ខុស​ហើយ។ រួច​មក ពួក​ផារិស៊ី​សម្រេច​ចិត្ត​សួរ​ព្រះ​យេស៊ូ​សំណួរ​នេះ​ដែល​គេ​ចេះ​តែ​វែកញែក​ជា​មួយ​គ្នា​មិន​ដាច់​ស្រេច។ គេ​ប្រហែល​ជា​សង្ឃឹម​ថា​ទ្រង់​នឹង​មាន​បន្ទូល​ដែល​ធ្វើ​ឲ្យ​មនុស្ស​លែង​ទុក​ចិត្ត​ឬ​ជឿ​លើ​ទ្រង់​ទៀត។ ដូច្នេះ ផារិស៊ី​ម្នាក់​បាន​សួរ​ព្រះ​យេស៊ូ​ថា​៖ «ក្នុង​បណ្ដា​ក្រិត្យ​វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត?»។—ម៉ាថាយ ២២:៣៤​-​៣៦

៣​. តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?

របៀប​ព្រះ​យេស៊ូ​ឆ្លើយ​គឺ​សំខាន់​ណាស់​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ក្នុង​ការ​តប​ឆ្លើយ​នោះ ព្រះ​យេស៊ូ​បាន​សរុប​សេចក្ដី​ស្តី​អំពី​អ្វី​ដែល​ធ្លាប់​ជា​ចំណុច​សំខាន់​បំផុត​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត ដែល​មាន​សារៈ​សំខាន់​រហូត​មក​ទល់​សម័យ​នេះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ដក​ស្រង់​ពាក្យ​ពី​សៀវភៅ​ចោទិយកថា ៦:៥ ថា​៖ «‹ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង› នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី១»។ ទោះ​ជា​ផារិស៊ី​ម្នាក់​បាន​សូម​ទ្រង់​ប្រាប់​ពី​ច្បាប់​តែ​មួយ​ដែល​សំខាន់​ជាង​គេ​ក្ដី ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គាត់​អំពី​បញ្ញត្ដិ​មួយ​ទៀត​ដែល​សំខាន់​ដែរ។ ទ្រង់​ដក​ស្រង់​ពាក្យ​ពី​សៀវភៅ​លេវីវិន័យ ១៩:១៨ ថា​៖ «បញ្ញត្ត​ទី២​ក៏​បែប​ដូច​គ្នា​គឺ​ថា​៖ ‹ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង›»។ រួច​មក ព្រះ​យេស៊ូ​ពន្យល់​ថា​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​អាស្រ័យ​លើ​ច្បាប់​ទាំង​ពីរ​នេះ។ បន្ទាប់​មក ព្រះ​យេស៊ូ​បញ្ចប់​សេចក្ដី​ដើម្បី​កុំ​ឲ្យ​គាត់​សួរ​អំពី​លំដាប់​លំដោយ​ដែល​ទាក់ទង​សារៈ​សំខាន់​នៃ​ច្បាប់​ឯ​ទៀត​ដោយ​មាន​បន្ទូល​ថា​៖ «បណ្ដា​ក្រិត្យ​វិន័យ​នឹង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំ​រេ​ច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង»។ (ម៉ាថាយ ២២:៣៧​-​៤០) ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិនិត្យ​មើល​បញ្ញត្ដិ​សំខាន់​ជាង​គេ​នៃ​ច្បាប់​ទាំង​ពីរ​នេះ។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា? តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ស្រឡាញ់​ទ្រង់? ហើយ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ថែម​ទៀត​ចំពោះ​ព្រះ? គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​រក​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ ពីព្រោះ​យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​គំនិត ទើប​យើង​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​បាន។

សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់

៤, ៥​. (ក) ហេតុ​អ្វី​ក៏​ផារិស៊ី​នោះ​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ចម្លើយ​របស់​ព្រះ​យេស៊ូ? (ខ) ចំពោះ​ព្រះ តើ​អ្វី​មាន​តម្លៃ​ច្រើន​ជាង​យញ្ញបូជា​និង​តង្វាយ?

គឺ​មើល​ទៅ​ដូច​ជា​ផារិស៊ី​ម្នាក់​ដែល​បាន​សួរ​ព្រះ​យេស៊ូ​សំណួរ​នោះ គាត់​មិន​អន់​ចិត្ត​ឬ​ភ្ញាក់​ផ្អើល​ចំពោះ​ចម្លើយ​ដែល​គាត់​បាន​ទទួល​ទេ។ គាត់​ដឹង​ថា សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ពិត ទោះ​ជា​មនុស្ស​ជា​ច្រើន​មិន​បាន​បង្ហាញ​គុណសម្បត្ដិ​នោះ​ក៏​ដោយ។ ក្នុង​សាលា​ប្រជុំ​របស់​ពួក​ហេព្រើរ ពួក​គេ​មាន​ទម្លាប់​អាន​សេចក្ដី​អធិស្ឋាន​មួយ​ហៅ​ថា​សេម៉ា ដែល​បញ្ជាក់​ពី​ជំនឿ​របស់​គេ។ សេចក្ដី​អធិស្ឋាន​នោះ​រួម​បញ្ចូល​ពាក្យ​ខ្លះ​ពី​សៀវភៅ​ចោទិយកថា ៦:៤​-​៩ ជា​បទ​គម្ពីរ​ដែល​ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ដែរ។ យោង​ទៅ​តាម​កំណត់​ហេតុ​ដែល​ម៉ាកុស​សរសេរ​អំពី​ព្រឹត្ដិការណ៍​ដដែល​នោះ ផារិស៊ី​ម្នាក់​នេះ​មាន​ប្រសាសន៍​ទៀត​ថា​៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា​៖ ‹មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ណា​ទៀត​សោះ› ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង នឹង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត​នឹង​យញ្ញបូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។—ម៉ាកុស ១២:៣២, ៣៣

ប្រាកដ​ហើយ ក្រឹត្យ​វិន័យ​ម៉ូសេ​បាន​តម្រូវ​ឲ្យ​ប្រជាជន​ថ្វាយ​តង្វាយ​ដុត​និង​យញ្ញបូជា​ទាំង​ប៉ុន្មាន​មែន ប៉ុន្តែ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​ការ​សំខាន់​ជាង គឺ​ឲ្យ​អ្នក​បម្រើ​ទ្រង់​មាន​ចិត្ត​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ការ​ថ្វាយ​ចាប​តូច​មួយ​ដោយ​ព្រោះ​ស្រឡាញ់​និង​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា នោះ​មាន​តម្លៃ​ចំពោះ​ទ្រង់​ច្រើន​ជាង​ការ​ថ្វាយ​ចៀម​ទាំង​ពាន់​ដោយ​មាន​បំណង​មិន​ល្អ។ (មីកា ៦:៦​-​៨) សូម​នឹក​ចាំ​កំណត់​ហេតុ​អំពី​ស្រី​មេម៉ាយ​ក្រីក្រ​ដែល​ព្រះ​យេស៊ូ​ទត​ឃើញ​នៅ​ព្រះ​វិហារ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ កាក់​ពីរ​ស្លឹង​ដែល​ស្រី​នោះ​ដាក់​ក្នុង​ហឹប​ឃ្លាំង គឺ​មិន​ល្មម​នឹង​ទិញ​ចាប​មួយ​ផង។ ក៏​ប៉ុន្តែ ដោយសារ​ស្រី​នោះ​ថ្វាយ​តង្វាយ​អស់​ពី​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា នេះ​មាន​តម្លៃ​ច្រើន​ជាង​តង្វាយ​ជា​ច្រើន​របស់​មនុស្ស​ដែល​ថ្វាយ​ពី​សំណល់​របស់​ខ្លួន។ (ម៉ាកុស ១២:៤១​-​៤៤) គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់ មិន​ថា​យើង​មាន​ស្ថានភាព​យ៉ាង​ណា​ក្នុង​ជីវិត​យើង​ក៏​ដោយ អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ជា​អ្វី​ដែល​យើង​រាល់​គ្នា​អាច​បង្ហាញ​បាន ពោល​គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់!

៦​. តើ​ប៉ុល​សរសេរ​អ្វី​ខ្លះ​អំពី​សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់?

សាវ័ក​ប៉ុល​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត ដោយ​សរសេរ​ថា​៖ «ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង​ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ។ បើ​ខ្ញុំ​ចេះ​អធិប្បាយ​ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌កំបាំង​នឹង​គ្រប់​ទាំង​ចំណេះវិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ។ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ​សម្បត្ដិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូប​កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ»។ (កូរិនថូសទី១ ១៣:១​-​៣) គឺ​ច្បាស់​ហើយ សេចក្ដី​ស្រឡាញ់​ជា​គុណសម្បត្ដិ​មួយ​ដ៏​ចាំបាច់​ណាស់ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ការ​ថ្វាយ​បង្គំ​របស់​យើង។ បើ​ដូច្នេះ តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

វិធី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា

៧, ៨​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​តាម​វិធី​ណា​ខ្លះ?

មនុស្ស​ជា​ច្រើន​ជឿ​ថា សេចក្ដី​ស្រឡាញ់​ជា​អារម្មណ៍​ក្នុង​ចិត្ត​ដែល​យើង​មិន​អាច​កាន់​កាប់​បាន​ទេ ហើយ​ខ្លះ​ទៀត​ថា ពេល​ឃើញ​គេ​ភ្លាម​ស្រឡាញ់​ភ្លែត។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ពិត​មិន​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ។ ហើយ​សេចក្ដី​ស្រឡាញ់​ពិត​ក៏​មិន​មែន​ជា​មនោសញ្ចេតនា​ប៉ុណ្ណោះ តែ​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត។ ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ជា​«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង» ហើយ​ជា​អ្វី​ដែល​យើង​«ដេញ​តាម»។ (កូរិនថូសទី១ ១២:៣១; ១៤:​១) ពួក​គ្រិស្ត​សា​សនិក​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​«ដោយ​ការ​ប្រព្រឹត្ត​នឹង​សេចក្ដី​ពិត» មិន​មែន​«ដោយ​ពាក្យ​សំដី​ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ»។—យ៉ូហានទី១ ៣:១៨

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់ ព្រម​ទាំង​មាន​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​លើក​តម្កើង​ទ្រង់​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជំរុញ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​តាម​លោកិយ​ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​ព្រះ។ (យ៉ូហានទី១ ២:១៥, ១៦) អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ក៏​ស្អប់​ការ​អាក្រក់​ដែរ។ (ទំនុកដំកើង ៩៧:​១០) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង ហើយ​នេះ​ជា​ចំណុច​ដែល​យើង​នឹង​ពិភាក្សា​ថែម​ទៀត​ក្នុង​អត្ថបទ​បន្ទាប់។ ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់។ ព្រះ​គម្ពីរ​ចែង​ថា​៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់»។—យ៉ូហាន​ទី១ ៥:៣

៩​. តើ​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​ទ្រង់​ស្រឡាញ់​ព្រះ?

ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ដ៏​ល្អ​គ្រប់​លក្ខណ៍​ក្នុង​ការ​ស្រឡាញ់​ព្រះ។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​លះបង់​ទីលំនៅ​នៅ​ឯ​ស្ថានសួគ៌​ដើម្បី​មក​រស់​លើ​ផែនដី​ជា​មនុស្ស។ ពេល​ព្រះ​យេស៊ូ​ធ្វើ​អ្វី​ឬ​បង្រៀន​អ្វី​ក៏​ដោយ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ទ្រង់​ឲ្យ​លើក​តម្កើង​ព្រះ​វរបិតា​របស់​ទ្រង់។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​«ស្ដាប់​បង្គាប់​រហូត​ដល់​ទី​មរណៈ»។ (ភីលីព ២:៨) ការ​ស្ដាប់​បង្គាប់​នោះ​បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ ហើយ​ក៏​បើក​ផ្លូវ​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​មាន​ភាព​សុចរិត​នៅ​ចំពោះ​ព្រះ។ ប៉ុល​បាន​សរសេរ​ថា​៖ «ដូច​ជា​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប​ដោយសារ​មនុស្ស​តែ​ម្នាក់​[អ័ដាម]​មិន​បាន​ស្ដាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន​ក៏​បាន​ត្រឡប់​ជា​សុចរិត​ដោយសារ​ម្នាក់​[ព្រះ​គ្រិស្ត​យេស៊ូ]​បាន​ស្ដាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ»។—រ៉ូម ៥:១៩

១០​. ហេតុ​អ្វី​ក៏​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​តម្រូវ​ឲ្យ​ស្ដាប់​បង្គាប់​ទ្រង់?

១០ យើង​ក៏​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​ទ្រង់​ដូច​ព្រះ​យេស៊ូ។ សាវ័ក​យ៉ូហាន​ដែល​ជា​មិត្ត​ស្ងួនភ្ងា​របស់​ព្រះ​យេស៊ូ​បាន​សរសេរ​ថា​៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់»។ (យ៉ូហានទី២ ៦) មនុស្ស​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ប្រាថ្នា​ចង់​ទទួល​ការ​ណែនាំ​ពី​ទ្រង់។ ពួក​គេ​ទទួល​ស្គាល់​ថា គេ​គ្មាន​លទ្ធភាព​តម្រង់​ជំហាន​របស់​ខ្លួន​ទេ ដូច្នេះ​ពួក​គេ​ទុក​ចិត្ត​លើ​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ចុះ​ចូល​ចំពោះ​ការ​ណែនាំ​របស់​ទ្រង់​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ (យេរេមា ១០:២៣) ពួក​គេ​ធ្វើ​ដូច​បងប្អូន​ដែល​មាន​ចិត្ត​ល្អ​នៅ​ទី​ក្រុង​បេរា​ពី​បុរាណ​ដែល​បាន​ទទួល​សារ​របស់​ព្រះ​ដោយ​«ប្រុង​ប្រៀប​សព្វ​គ្រប់» ទាំង​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។ (កិច្ចការ ១៧:១១) ពួក​គេ​បាន​ពិចារណា​មើល​បទ​គម្ពីរ​ដើម្បី​យល់​ព្រះ​ហឫទ័យ​របស់​ព្រះ​កាន់​តែ​ច្បាស់ ដែល​អាច​ជួយ​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ថែម​ទៀត​ដោយ​ស្ដាប់​បង្គាប់​ទ្រង់។

១១​. តើ​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ព្រលឹង គំនិត​និង​អស់​ពី​កម្លាំង​មាន​ន័យ​អ្វី?

១១ ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នោះ យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ព្រលឹង គំនិត​និង​អស់​ពី​កម្លាំង​ផង។ (ម៉ាកុស ១២:៣០) សេចក្ដី​ស្រឡាញ់​បែប​នេះ​ផុស​ចេញ​ពី​ក្រ​អៅ​បេះដូង​ដែល​រួម​បញ្ចូល​អារម្មណ៍​ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត ព្រម​ទាំង​មនោសញ្ចេតនា​និង​ចំណង់​ចំណូល​ចិត្ត​ដែរ។ ដូច្នេះ យើង​ប្រាថ្នា​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ យើង​ក៏​ស្រឡាញ់​ទ្រង់​អស់​ពី​គំនិត​ផង។ យើង​មិន​មាន​ចិត្ត​ភក្ដី​ដោយ​គ្មាន​ហេតុ​នោះ​ទេ ដ្បិត​យើង​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ដែល​រួម​បញ្ចូល​គុណសម្បត្ដិ ខ្នាត​តម្រា​និង​គោល​បំណង​របស់​ទ្រង់។ ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ព្រលឹង​មាន​ន័យ​ថា​យើង​បម្រើ​និង​សរសើរ​ទ្រង់​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​យើង ហើយ​អស់​ពី​កម្លាំង​ផង​ដែរ។

មូលហេតុ​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា

១២​. ហេតុ​អ្វី​បាន​ជា​ព្រះ​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់?

១២ មូលហេតុ​មួយ​ដែល​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា គឺ​ដោយ​ព្រោះ​ទ្រង់​តម្រូវ​ឲ្យ​យើង​មាន​គុណ​សម្បត្ដិ​ដូច​ទ្រង់។ ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ក៏​តាំង​គំរូ​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាវ័ក​យ៉ូហាន​សរសេរ​ថា​៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។ (យ៉ូហានទី១ ៤:៨) មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​ព្រះ​យេហូវ៉ា ដូច្នេះ​ទ្រង់​បាន​បង្កើត​យើង​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ។ តាម​ពិត អំណាច​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​អធិបតី​គឺ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​តែ​រាស្ត្រ​ណា​ដែល​បម្រើ​ទ្រង់​ដោយ​ព្រោះ​ស្រឡាញ់​ទ្រង់​និង​ចង់​ចុះ​ចូល​ចំពោះ​ការ​គ្រប់គ្រង​ដ៏​សុចរិត​របស់​ទ្រង់។ ពិត​មែន​ហើយ សេចក្ដី​ស្រឡាញ់​គឺ​ចាំបាច់​ណាស់​ដើម្បី​ឲ្យ​មាន​ភាព​សុខសាន្ត​និង​ការ​ចុះ​សម្រុង​គ្នា​ទូទាំង​សកលលោក។

១៣​. (ក) ហេតុ​អ្វី​បាន​ជា​ពួក​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​«ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង»? (ខ) ហេតុ​អ្វី​ក៏​សម​ហេតុ​សម​ផល​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់?

១៣ មូលហេតុ​មួយ​ទៀត​ដែល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា គឺ​ដោយសារ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង។ សូម​ចាំ​ថា ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​យូដា​ថា​៖ «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង»។ ព្រះ​យេស៊ូ​មិន​បង្គាប់​ឲ្យ​គេ​ស្រឡាញ់​ព្រះ​មួយ​អង្គ​ដែល​គេ​មិន​ស្គាល់ ឬ​ព្រះ​មួយ​អង្គ​ដែល​គង់​ឆ្ងាយ​ពី​គេ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ស្រឡាញ់​ព្រះ​មួយ​អង្គ​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​មុន។ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ​រួច​ទៅ​ហើយ។ គឺ​ជា​ព្រះ​យេហូវ៉ា​ដែល​បាន​ដឹក​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ មាន​តែ​ព្រះ​យេហូវ៉ា​ដែល​បាន​ការពារ ចិញ្ចឹម​និង​ថ្នាក់ថ្នម​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ប្រៀនប្រដៅ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់​ម្ដងម្កាល​ដែរ។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​ជា​ព្រះ​របស់​យើង​ដែរ! គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រទាន​រាជបុត្រា​ទ្រង់​ជា​តម្លៃ​លោះ​ដើម្បី​ឲ្យ​យើង​ទទួល​ជីវិត​ជា​រៀង​រហូត។ ដូច្នេះ ជា​ការ​សម​ហេតុ​សម​ផល​ណាស់​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​វិញ! យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​នេះ​ជា​ការ​តប​ស្នង ដ្បិត​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រឡាញ់​ទ្រង់​ដែល​បាន​ស្រឡាញ់​យើង​ជា​មុន។ យើង​គ្រាន់​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ​ដែល​«បាន​ស្រឡាញ់​យើង​ជា​មុន»។—យ៉ូហានទី១ ៤:១៩

១៤​. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ដូច​សេចក្ដី​ស្រឡាញ់​ដែល​មាតា​បិតា​មាន​ចំពោះ​កូន​យ៉ាង​ណា​ខ្លះ?

១៤ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ជាតិ​មាន​លក្ខណៈ​ដូច​សេចក្ដី​ស្រឡាញ់​ដែល​មាតា​បិតា​បង្ហាញ​ចំពោះ​កូន។ ទោះ​ជា​មាតា​បិតា​ទាំង​ឡាយ​សុទ្ធតែ​មិន​គ្រប់​លក្ខណ៍​ក៏​ដោយ ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ខំ​ចិញ្ចឹម​កូន​អស់​ច្រើន​ឆ្នាំ មិន​ថា​ត្រូវ​អស់​លុយ​ច្រើន​ឬ​ត្រូវ​ចំណាយ​អ្វី​ក៏​ដោយ។ មាតា​បិតា​តែង​តែ​គាំទ្រ អប់រំ លើក​ទឹក​ចិត្ត​និង​ប្រៀនប្រដៅ​កូន​ដោយ​ព្រោះ​ចង់​ឲ្យ​កូន​បាន​ចម្រុង​ចម្រើន​និង​មាន​សុភមង្គល។ តើ​មាតា​បិតា​ប្រាថ្នា​ចង់​បាន​អ្វី​ពី​កូន​វិញ? ពួក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​កូន​ស្រឡាញ់​ឪពុក​ម្ដាយ និង​ប្រព្រឹត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់​តាម​អ្វី​ដែល​ពួក​គាត់​បាន​បង្រៀន​ដើម្បី​ឲ្យ​កូន​ទទួល​ប្រយោជន៍។ ដូច្នេះ ជា​ការ​សម​ហេតុ​សម​ផល​ដែល​ព្រះ​វរបិតា​ដ៏​ល្អ​គ្រប់​លក្ខណ៍​របស់​យើង​នៅ​ស្ថានសួគ៌​តម្រូវ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​ធ្វើ​សម្រាប់​យើង មែន​ទេ?

ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ

១៥​. តើ​អ្វី​ជា​ជំហាន​ដំបូង​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ?

១៥ យើង​មិន​ដែល​ឃើញ​ព្រះ​យេហូវ៉ា​ឬ​ឮ​ព្រះ​សូរ​សៀង​ទ្រង់​ឡើយ។ (យ៉ូហាន ១:១៨) យ៉ាង​ណា​ក៏​ដោយ ទ្រង់​អញ្ជើញ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​នឹង​ទ្រង់។ (យ៉ាកុប ៤:៨) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច​បាន? ជំហាន​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​ស្រឡាញ់​នរណា​ម្នាក់ គឺ​ដោយ​រៀន​ឲ្យ​ស្គាល់​គាត់​ជា​មុន​សិន ដ្បិត​ពិបាក​ណាស់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​ដែល​យើង​មិន​ស្គាល់។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​ដើម្បី​ឲ្យ​យើង​រៀន​អំពី​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ដាស់​តឿន​យើង​តាម​រយៈ​អង្គការ​របស់​ទ្រង់​ឲ្យ​អាន​ព្រះ​គម្ពីរ​ជា​រឿយៗ។ គឺ​តាម​រយៈ​ព្រះ​គម្ពីរ​ហើយ​ដែល​យើង​អាច​រៀន​អំពី​ព្រះ រួម​ទាំង​គុណសម្បត្ដិ​និង​បុគ្គលិកលក្ខណៈ​របស់​ទ្រង់ ហើយ​អំពី​របៀប​ដែល​ទ្រង់​ធ្លាប់​ប្រព្រឹត្ត​លើ​មនុស្ស​ក្នុង​អំឡុង​រាប់​ពាន់​ឆ្នាំ​មុន​នេះ។ ពេល​យើង​រំពឹង​គិត​អំពី​កំណត់​ហេតុ​ទាំង​នេះ យើង​យល់​ច្រើន​ជាង​អំពី​ទ្រង់ ហើយ​នេះ​បណ្ដាល​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​កាន់​តែ​ច្រើន​ដែរ។—រ៉ូម ១៥:៤

១៦​. តើ​ការ​រំពឹង​គិត​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​ជួយ​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា​បាន​យ៉ាង​ណា?

១៦ របៀប​សំខាន់​មួយ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ដោយ​គិត​អំពី​ព្រះ​ជន្ម​និង​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ។ ដ្បិត​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ដូច​បេះបិទ​នឹង​បិតា​របស់​ទ្រង់​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ​វរបិតា​ដែរ»។ (យ៉ូហាន ១៤:៩) ពេល​អាន​អំពី​ព្រះ​ទ័យ​អាណិតអាសូរ​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ចំពោះ​ស្រី​មេម៉ាយ​ម្នាក់​ដោយ​ប្រោស​កូន​ប្រុស​តែ​មួយ​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ អ្នក​ក៏​មាន​អារម្មណ៍​កក់ក្ដៅ​ដែរ​មែន​ទេ? (លូកា ៧:១១​-​១៥) ហើយ​ពេល​ដឹង​ថា​រាជបុត្រា​របស់​ព្រះ ដែល​ជា​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ បាន​លាង​ជើង​សិស្ស​របស់​ទ្រង់ នោះ​ទាក់ទាញ​ទឹក​ចិត្ត​យើង​មែន​ទេ? (យ៉ូហាន ១៣:៣​-​៥) ណា​មួយ​ទៀត ពេល​រៀន​ថា​ព្រះ​យេស៊ូ​ស្វាគមន៍​មនុស្ស​ទាំង​អស់ រួម​ទាំង​ក្មេងៗ​ឲ្យ​មក​ជិត​ទ្រង់ ទោះ​ជា​ទ្រង់​ជា​មនុស្ស​ឧត្តម​បំផុត​ហើយ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស​ទាំង​អស់​ក្ដី នោះ​ជំរុញ​ចិត្ត​អ្នក​ដែរ​មែន​ទេ? (ម៉ាកុស ១០:១៣, ១៤) ពេល​យើង​បង្ហាញ​ចិត្ត​កតញ្ញូ​ដោយ​រំពឹង​គិត​អំពី​ចំណុច​ទាំង​នេះ យើង​ចាប់​ផ្ដើម​មាន​លក្ខណៈ​ដូច​ពួក​គ្រិស្ត​សា​សនិក​ដែល​ពេត្រុស​បាន​ពណ៌នា​ថា​៖ «មិន​បាន​ឃើញ​[ព្រះ​យេស៊ូ]ទេ តែ​បាន​ស្រឡាញ់​ទ្រង់»​ណាស់! (ពេត្រុសទី១ ១:៨) ពេល​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេស៊ូ​លូត​លាស់​ឡើង​នោះ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ក៏​ដុះដាល​ឡើង​ផង​ដែរ។

១៧, ១៨​. ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា តើ​យើង​អាច​រំពឹង​គិត​អំពី​វិធានការ​អ្វី​ខ្លះ​ពី​ទ្រង់?

១៧ របៀប​មួយ​ទៀត​ដែល​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​របស់​យើង គឺ​ដោយ​រំពឹង​គិត​អំពី​វិធានការ​ជា​បរិបូរ​ពី​ទ្រង់​ដែល​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​យើង​ហើយ​ចង់​ឲ្យ​យើង​មាន​ជីវិត​សប្បាយ។ វិធានការ​ទាំង​នោះ​រួម​បញ្ចូល​អ្វីៗ​ដ៏​ស្អាត​ក្នុង​ធម្មជាតិ ម្ហូបអាហារ​ច្រើន​មុខ​ដែល​ល្អៗ ភាព​កក់ក្ដៅ​ដែល​មក​ពី​ការ​សំណេះសំណាល​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ ព្រម​ទាំង​អ្វីៗ​ផ្សេង​ទៀត​រាប់​ពុំ​បាន​ដែល​គាប់​ចិត្ត​ហើយ​នាំ​ឲ្យ​សប្បាយ​ផង។ (កិច្ចការ ១៤:១៧) ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​របស់​យើង យើង​ក៏​មាន​ហេតុ​កាន់​តែ​ច្រើន​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ភាព​ល្អ​និង​ព្រះ​ទ័យ​សទ្ធា​ដ៏​លើស​លប់​របស់​ទ្រង់។ សូម​គិត​អំពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក​ផ្ទាល់។ ដូច្នេះ​ព្រះ​យេហូវ៉ា​ពិត​ជា​គួរ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​យើង មែន​ទេ?

១៨ សេចក្ដី​អធិស្ឋាន​ជា​អំណោយ​មួយ​ក្នុង​ចំណោម​អំណោយ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា ហើយ​យើង​អាច​ទូល​ទ្រង់​ពេល​ណា​ក៏​បាន ដោយ​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​ជា​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»។ (ទំនុកដំកើង ៦៥:២) ព្រះ​យេហូវ៉ា​បាន​ប្រគល់​ដល់​រាជ​បុត្រ​ទ្រង់​នូវ​អំណាច​ជំនុំ​ជម្រះ​និង​សិទ្ធិ​គ្រប់គ្រង ប៉ុន្តែ​ទ្រង់​មិន​ដែល​ប្រគល់​ដល់​អ្នក​ផ្សេង​នូវ​ភារកិច្ច​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​ទេ សូម្បី​តែ​បុត្រា​ទ្រង់​ក៏​មិន​មាន​ឯកសិទ្ធិ​នោះ​ផង។ ព្រះ​យេហូវ៉ា​តែង​តែ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​ដោយ​អង្គ​ទ្រង់​ផ្ទាល់។ ដោយសារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​បែប​នេះ បាន​ជា​យើង​ចង់​ចូល​ទៅ​ជិត​ទ្រង់​ដែរ។

១៩​. តើ​សេចក្ដី​សន្យា​អ្វី​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ដែល​ទាក់ទាញ​ចិត្ត​យើង​ឲ្យ​ចង់​ចូល​ទៅ​ជិត​ទ្រង់?

១៩ យើង​ក៏​មាន​ក្ដី​ប្រាថ្នា​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ទៀត​ពេល​គិត​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ចំពោះ​មនុស្ស​ជាតិ។ ទ្រង់​បាន​សន្យា​បំបាត់​ចោល​ជំងឺ ការ​សោក​សង្រេង​និង​សេចក្ដី​ស្លាប់។ (វិវរណៈ ២១:៣, ៤) ពេល​មនុស្ស​មាន​ភាព​គ្រប់​លក្ខណ៍​ឡើង​វិញ នោះ​នឹង​លែង​មាន​សោក​នាដកម្ម ការ​ខូច​ចិត្ត​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ទៀត​ហើយ។ ការ​អត់​ឃ្លាន ភាព​ក្រីក្រ​និង​សង្គ្រាម​ក៏​ត្រូវ​លែង​មាន​ទៀត​ដែរ។ (ទំនុកដំកើង ៤៦:៩; ៧២:១៦) ផែនដី​នឹង​ក្លាយ​ជា​ស្ថាន​បរមសុខ​ឬ​សួន​មនោ​រម្យ។ (លូកា ២៣:៤៣) ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទាំង​នេះ​មិន​មែន​ដោយ​ព្រោះ​មាន​អ្វី​បង្ខំ​ទ្រង់​ទេ តែ​ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​យើង​វិញ។

២០​. ស្តី​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា តើ​ម៉ូសេ​មាន​ប្រសាសន៍​យ៉ាង​ណា?

២០ យ៉ាង​នេះ មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​យើង​ស្រឡាញ់​ព្រះ​របស់​យើង ព្រម​ទាំង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ទ្រង់។ តើ​អ្នក​នឹង​ពង្រឹង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​រៀង​រហូត ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹក​នាំ​ផ្លូវ​របស់​អ្នក​ឬ​ទេ? នេះ​គឺ​ស្រេច​នឹង​អ្នក​ហើយ។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​ប្រយោជន៍​ដែល​មក​ពី​ការ​បណ្ដុះ​និង​ការ​រក្សា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ពី​បុរាណ​ថា​៖ «ចូរ​រើស​យក​ជីវិត​ចុះ! ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ ជា​ជីវិត​នៃ​ឯង​ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ»។—ចោទិយកថា ៣០:១៩, ២០

តើ​អ្នក​នៅ​ចាំ​ទេ?

ហេតុ​អ្វី​ក៏​ចាំបាច់​ណាស់​ឲ្យ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដោយ​វិធី​ណា​ខ្លះ?

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​បាន​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៣]

អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ជា​អ្វី​ដែល​យើង​រាល់​គ្នា​អាច​បង្ហាញ​បាន ពោល​គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់