វិធីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង
វិធីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង
«ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។—ម៉ាថាយ ២២:៣៩
១. តើយើងបង្ហាញយ៉ាងណាថាយើងស្រឡាញ់ព្រះ?
តើព្រះយេហូវ៉ាតម្រូវអ្វីខ្លះពីពួកអ្នកថ្វាយបង្គំទ្រង់? ព្រះយេស៊ូបានសរុបសេចក្ដីដោយមានបន្ទូលយ៉ាងខ្លីតែមានខ្លឹមសារដោយថាសេចក្ដីបង្គាប់ដ៏សំខាន់បំផុត គឺឲ្យយើងស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត ព្រលឹង គំនិតនិងអស់ពីកម្លាំង។ (ម៉ាថាយ ២២:៣៧; ម៉ាកុស ១២:៣០) ក្នុងអត្ថបទមុននេះយើងបានឃើញថា សេចក្ដីស្រឡាញ់ចំពោះព្រះតម្រូវឲ្យយើងស្ដាប់បង្គាប់និងធ្វើតាមច្បាប់ទ្រង់ទុកជាការតបស្នងចំពោះសេចក្ដីស្រឡាញ់ដែលទ្រង់បានបង្ហាញដល់យើង។ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ការធ្វើតាមព្រះហឫទ័យទ្រង់មិនមែនជាបន្ទុកធ្ងន់ទេ តែនាំឲ្យមានអំណរវិញ។—ទំនុកដំកើង ៤០:៨; យ៉ូហានទី១ ៥:២, ៣
២, ៣. ហេតុអ្វីយើងគួរពិចារណាបញ្ញត្ដិអំពីការស្រឡាញ់អ្នកជិតខាង? តើមានសំណួរអ្វីខ្លះទាក់ទងនឹងបញ្ញត្ដិនេះ?
២ ព្រះយេស៊ូមានបន្ទូលថា បញ្ញត្ដិសំខាន់ទីពីរគឺផ្សារភ្ជាប់នឹងច្បាប់សំខាន់បំផុតដែលថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ (ម៉ាថាយ ២២:៣៩) ឥឡូវយើងសូមពិចារណាបញ្ញត្ដិនេះ ហើយយកល្អឲ្យធ្វើដូច្នេះពីព្រោះសម័យនេះបានត្រូវសម្គាល់ជាគ្រាដែលមនុស្សបង្ហាញសេចក្ដីស្រឡាញ់ខុសបែបផែន ដោយគិតតែពីប្រយោជន៍ខ្លួនឯង។ ព្រះបានបណ្ដាលឲ្យសាវ័កប៉ុលពណ៌នាអំពី«ជាន់ក្រោយបង្អស់»ថា មនុស្សនឹងបង្ហាញសេចក្ដីស្រឡាញ់ មិនមែនចំពោះគ្នាទៅវិញទៅមកទេ តែចំពោះខ្លួនឯងវិញ ឬស្រឡាញ់ប្រាក់និងការសប្បាយ។ គាត់សរសេរថាមនុស្សជាច្រើននឹង«មិនស្រឡាញ់តាមធម្មតាមនុស្ស» ឬដូចព្រះគម្ពីរមួយទៀតបកប្រែថា «ខ្វះសេចក្ដីស្រឡាញ់ធម្មតាដែលមនុស្សមានចំពោះក្រុមគ្រួសារខ្លួន»។ (ធីម៉ូថេទី២ ៣:១-៤) ព្រះយេស៊ូគ្រិស្តក៏បានទាយថា៖ «មនុស្សជាច្រើន . . . នឹងបញ្ជូនគ្នា ហើយនឹងស្អប់គ្នាទៅវិញទៅមក។ . . . សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។—ម៉ាថាយ ២៤:១០, ១២
៣ ប៉ុន្តែ សូមកត់សម្គាល់ថា ព្រះយេស៊ូមិនមានបន្ទូលថាសេចក្ដីស្រឡាញ់របស់មនុស្សទាំងអស់នឹងរសាយបាត់ទៅនោះឡើយ។ ដ្បិតនៅសម័យណាក៏ធ្លាប់មានមនុស្សខ្លះបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ
យេហូវ៉ាដែលទ្រង់គួរទទួល ហើយជាអ្វីដែលទ្រង់តម្រូវពីយើង។ មនុស្សដែលពិតជាស្រឡាញ់ព្រះយេហូវ៉ាខំមានទស្សនៈដូចទ្រង់ចំពោះមនុស្សដទៃ។ ប៉ុន្តែ តើអ្នកជិតខាងដែលយើងត្រូវស្រឡាញ់នោះ រួមបញ្ចូលអ្នកណាខ្លះ? តើយើងគួរបង្ហាញសេចក្ដីស្រឡាញ់យ៉ាងណាចំពោះអ្នកជិតខាងរបស់យើង? បទគម្ពីរផ្សេងៗអាចជួយយើងឆ្លើយសំណួរសំខាន់ៗទាំងនេះបាន។តើអ្នកជិតខាងសំដៅទៅអ្នកណា?
៤. យោងទៅតាមលេវីវិន័យ ជំពូក១៩ តើពួកយូដាត្រូវស្រឡាញ់អ្នកណា?
៤ ពេលព្រះយេស៊ូមានបន្ទូលដល់ផារិស៊ីម្នាក់ថា បញ្ញត្ដិសំខាន់ទីពីរគឺឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងនោះ ទ្រង់បានសំដៅទៅលើច្បាប់ជាក់លាក់មួយដែលបានជូនចំពោះសាសន៍អ៊ីស្រាអែល។ ច្បាប់នោះបានកត់ទុកក្នុងសៀវភៅលេវីវិន័យ ១៩:១៨។ ក្នុងជំពូក១៩នោះ ពួកយូដាបានត្រូវបង្គាប់ឲ្យចាត់ទុកមនុស្សឯទៀតក្រៅពីពួកអ៊ីស្រាអែលជាអ្នកជិតខាងដែរ។ ខ៣៤ចែងថា៖ «ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ»។ យ៉ាងនេះ ពួកគេត្រូវប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលមិនមែនជាសាសន៍យូដា ជាពិសេសចំពោះពួកអ្នកដែលបានចូលសាសនាយូដា។
៥. តើពួកយូដាយល់ថាការស្រឡាញ់អ្នកជិតខាងសំដៅទៅលើអ្នកណា?
៥ ប៉ុន្តែ ពួកមេដឹកនាំសាសនាយូដានៅសម័យព្រះយេស៊ូមានទស្សនៈផ្សេង។ ពួកគេខ្លះបានបង្រៀនថា ពាក្យ «មិត្តសម្លាញ់»និង«អ្នកជិតខាង» សំដៅទៅលើតែសាសន៍យូដាប៉ុណ្ណោះ។ គេបង្រៀនថាត្រូវស្អប់មនុស្សដែលមិនមែនជាសាសន៍យូដា។ គ្រូបង្រៀនទាំងនោះបានលើកហេតុផលថា មនុស្សដែលគោរពព្រះត្រូវស្អប់មនុស្សដែលមិនគោរពទ្រង់។ ឯកសារយោងមួយចែងថា៖ «ក្នុងស្ថានភាពបែបនេះ សេចក្ដីសម្អប់មិនអាចសាបសូន្យបានទេ ពីព្រោះមានការញុះញង់ជាច្រើន»។
៦. តើព្រះយេស៊ូបញ្ជាក់ចំណុចពីរអ្វី ពេលមានបន្ទូលអំពីការស្រឡាញ់អ្នកជិតខាង?
៦ ពេលព្រះយេស៊ូថ្លែងធម្មទានរបស់ទ្រង់នៅលើភ្នំ ទ្រង់មានបន្ទូលអំពីចំណុចនេះដោយបញ្ជាក់ថាពួកគេត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកណា។ ទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាបានឮសេចក្ដីដែលថ្លែងទុកមកថា៖ ‹ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ›។ ប៉ុន្តែ ខ្ញុំប្រាប់ថាត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិតផង»។ (ម៉ាថាយ ៥:៤៣-៤៥) ក្នុងនេះព្រះយេស៊ូបញ្ជាក់ចំណុចពីរ។ ទីមួយ ព្រះយេហូវ៉ាជាព្រះដែលមានព្រះទ័យសទ្ធានិងសប្បុរសចំពោះមនុស្សទាំងអស់ មិនថាមនុស្សអាក្រក់ឬល្អក្ដី។ ទីពីរ យើងត្រូវយកតម្រាប់តាមគំរូរបស់ទ្រង់។
៧. តើយើងអាចទាញយកមេរៀនអ្វីពីរឿងប្រៀបប្រដូចអំពីបុរសសាសន៍សាម៉ារីដែលមានចិត្តល្អ?
៧ មានគ្រាមួយទៀត ជាពេលដែលអ្នកប្រាជ្ញច្បាប់ម្នាក់ទូលសួរព្រះយេស៊ូថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?»។ ពេលនោះព្រះយេស៊ូបានតបឆ្លើយដោយរៀបរាប់រឿងប្រៀបប្រដូចអំពីបុរសសាសន៍សាម៉ារីម្នាក់ដែលប្រទះឃើញសាសន៍យូដាម្នាក់ដែលពួកចោរបានប្លន់និងវាយគាត់។ តាមធម្មតាពួកយូដាស្អប់ពួកសាម៉ារី។ យ៉ាងណាក៏ដោយ សាសន៍សាម៉ារីនេះបានរុំរបួសឲ្យជនជាតិយូដានោះ ហើយដឹកនាំគាត់ទៅឯផ្ទះសម្នាក់មួយទាល់តែបានជាសះស្បើយ។ តើនេះមានមេរៀនអ្វី? នេះផ្ដល់ជាមេរៀនថា ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរួមបញ្ចូលមនុស្សជនជាតិផ្សេង ពណ៌សម្បុរផ្សេង និងសាសនាផ្សេងៗដែរ។—លូកា ១០:២៥, ២៩, ៣០, ៣៣-៣៧
វិធីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង
៨. តើលេវីវិន័យ ជំពូក១៩ចែងយ៉ាងណាអំពីវិធីបង្ហាញសេចក្ដីស្រឡាញ់?
៨ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងមិនមែនជាអារម្មណ៍ក្នុងចិត្តប៉ុណ្ណោះទេ តែតម្រូវឲ្យមានការប្រព្រឹត្តដូចដែលយើងបង្ហាញចំពោះព្រះ។ យើងអាចយល់ច្រើនជាងបាន ដោយពិនិត្យមើលបរិបទនៃបញ្ញត្ដិក្នុងសៀវភៅលេវីវិន័យ ជំពូក១៩ដែលដាស់តឿនរាស្ត្ររបស់ព្រះឲ្យស្រឡាញ់អ្នកជិតខាងដូចជាខ្លួនឯង។ យើងអានក្នុងជំពូកនោះថា ប្រជាជនអ៊ីស្រាអែលត្រូវអនុញ្ញាតឲ្យពួកអ្នកក្រនិងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុកគេរួមចំណែកក្នុងចម្រូតដែរ។ ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យគេលួច ប្រព្រឹត្តឆបោកឬកុហកគ្នាឡើយ។ ក្នុងរឿងក្ដី ពួកអ៊ីស្រាអែលមិនត្រូវយល់មុខឬរើសមុខឡើយ។ ពួកគេក៏មានសិទ្ធិស្តីបន្ទោសមនុស្សដែលធ្វើខុស ប៉ុន្តែបានត្រូវបង្គាប់យ៉ាងច្បាស់ថា៖ «មិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយ»។ ប៉ុន្តែ បញ្ញត្ដិបង្គាប់ថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» នោះជាការសរុបបញ្ញត្ដិទាំងប៉ុន្មាននេះនិងច្បាប់ច្រើនឯទៀតដែរ។—លេវីវិន័យ ១៩:៩-១១, ១៥, ១៧, ១៨
៩. ហេតុអ្វីបានជាព្រះយេហូវ៉ាបង្គាប់ឲ្យពួកអ៊ីស្រាអែលរក្សាខ្លួនដោយឡែកពីពួកសាសន៍ដទៃ?
៩ ពួកអ៊ីស្រាអែលត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃមែន ប៉ុន្តែពួកគេក៏ត្រូវរក្សាខ្លួនដោយឡែកពីមនុស្សដែលថ្វាយបង្គំព្រះមិនពិត។ ព្រះយេហូវ៉ាបានព្រមានអំពីគ្រោះថ្នាក់និងលទ្ធផលអាក្រក់ដែលអាចមកពីការសេពគប់ជាមួយមនុស្សមិនល្អ។ ជាឧទាហរណ៍ ស្តីអំពីសាសន៍ទាំងឡាយដែលពួកអ៊ីស្រាអែលត្រូវដេញចេញពីស្រុកនោះ ព្រះយេហូវ៉ាបានបង្គាប់ថា៖ «មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្ដិតាមព្រះដទៃ។ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់»។—១០. តើយើងត្រូវប្រយ័ត្ននឹងអ្វីខ្លះ?
១០ ស្រដៀងគ្នាដែរ ពួកគ្រិស្តសាសនិកត្រូវប្រយ័ត្នកុំបណ្ដោយខ្លួនឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអាចនាំឲ្យជំនឿគេចុះខ្សោយ។ (កូរិនថូសទី១ ១៥:៣៣) មានការដាស់តឿនមួយថា៖ «កុំឲ្យទឹមនឹមស្រៀកជា១នឹងមនុស្សមិនជឿ»ដែលមិនមែនជាសមាជិកក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ (កូរិនថូសទី២ ៦:១៤) ម្យ៉ាងទៀត ពួកគ្រិស្តសាសនិកយើងបានត្រូវទូន្មានថា ពេលរៀបអាពាហ៍ពិពាហ៍ យើងត្រូវ«យក[គូ]ក្នុងព្រះអម្ចាស់»ប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣៩) យ៉ាងណាក៏ដោយ យើងមិនគួរស្អប់មនុស្សដែលមិនមានជំនឿដូចយើងទៅលើព្រះយេហូវ៉ា។ ព្រះគ្រិស្តបានសោយទិវង្គតដើម្បីមនុស្សទាំងឡាយដែលមានបាប ហើយមនុស្សជាច្រើនដែលធ្លាប់ប្រព្រឹត្តអំពើអាក្រក់ បានកែប្រែគន្លងជីវិតនិងមានចំណងមេត្រីភាពជាមួយនឹងព្រះវិញ។—រ៉ូម ៥:៨; កូរិនថូសទី១ ៦:៩-១១
១១. តើមានវិធីល្អបំផុតអ្វីឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលមិនបម្រើព្រះយេហូវ៉ា? ហេតុអ្វី?
១១ យកល្អឲ្យយើងធ្វើតាមគំរូរបស់ព្រះយេហូវ៉ាពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលមិនបម្រើទ្រង់។ ទោះជាព្រះយេហូវ៉ាមិនស្រឡាញ់អំពើអាក្រក់ក៏ដោយ ទ្រង់នៅតែបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះចំពោះមនុស្សទាំងឡាយដោយឲ្យឱកាសគេបែរចេញពីផ្លូវអាក្រក់របស់ខ្លួន និងទទួលជីវិតជារៀងរហូត។ (អេសេគាល ១៨:២៣) ព្រះយេហូវ៉ា«ចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩) ទ្រង់សព្វព្រះហឫទ័យ«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) ហេតុនេះហើយបានជាព្រះយេស៊ូបង្គាប់ពួកអ្នកដែលកាន់តាមទ្រង់ឲ្យផ្សព្វផ្សាយហើយបង្រៀនមនុស្សដោយមានបំណង«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩, ២០) ពេលយើងរួមចំណែកក្នុងកិច្ចការនេះ យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះអ្នកជិតខាងរបស់យើង ដែលរួមបញ្ចូលពួកសត្រូវផងដែរ!
ការស្រឡាញ់បងប្អូនគ្រិស្តសាសនិក
១២. តើសាវ័កយ៉ូហានសរសេរអ្វីស្តីអំពីការស្រឡាញ់បងប្អូន?
១២ សាវ័កប៉ុលបានសរសេរថា៖ «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០) ក្នុងនាមជាគ្រិស្តសាសនិក យើងមានកាតព្វកិច្ចបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកជឿគ្នីគ្នាដែលជាបងប្អូនខាងវិញ្ញាណ។ តើសេចក្ដីស្រឡាញ់នេះមានសារៈសំខាន់ប៉ុណ្ណា? សាវ័កយ៉ូហានបានបញ្ជាក់យ៉ាងខ្លាំងនូវចំណុចមួយនេះពេលគាត់សរសេរថា៖ «អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ . . . បើអ្នកណាថា៖ ‹ខ្លួនស្រឡាញ់ព្រះ› តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូនដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្ដេចឡើយឲ្យស្រឡាញ់ដល់ព្រះដែលមើលមិនឃើញទៅបាន»។ (យ៉ូហានទី១ ៣:១៥; ៤:២០) ពាក្យទាំងនេះ ជាការថ្កោលទោសខ្លាំងណាស់! ដ្បិតព្រះយេស៊ូគ្រិស្តបានហៅអារក្សសាតាំងថា «អ្នកសំឡាប់គេ»និង«អ្នកកំភូត»។ (យ៉ូហាន ៨:៤៤) ប្រាកដណាស់ យើងមិនចង់មានឈ្មោះជាមនុស្សបែបនោះឡើយ!
១៣. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជឿគ្នីគ្នាដោយវិធីណាខ្លះ?
១៣ «ព្រះទ្រង់បង្រៀនឲ្យ[ពួកគ្រិស្តសាសនិកពិត]ស្រឡាញ់គ្នាទៅវិញទៅមក»។ (ថែស្សាឡូនីចទី១ ៤:៩) «យើងមិនត្រូវស្រឡាញ់ដោយពាក្យសំដីឬដោយបបូរមាត់ប៉ុណ្ណោះឡើយ [តែ]ដោយការប្រព្រឹត្តនឹងសេចក្ដីពិតវិញ»។ (យ៉ូហានទី១ ៣:១៨) យើងគួរបង្ហាញសេចក្ដីស្រឡាញ់«ឥតពុតមាយា»។ (រ៉ូម ១២:៩) សេចក្ដីស្រឡាញ់ជំរុញយើងឲ្យអត់ទោសគ្នា មានចិត្តសប្បុរស ទន់សន្ដោសនិងអត់ធ្មត់ ហើយមិនឈ្នានីស អួតខ្លួន មានចិត្តធំឬរកតែប្រយោជន៍ផ្ទាល់ខ្លួន។ (កូរិនថូសទី១ ១៣:៤, ៥; អេភេសូរ ៤:៣២) សេចក្ដីស្រឡាញ់ជំរុញឲ្យយើង«បំរើគ្នាទៅវិញទៅមក»។ (កាឡាទី ៥:១៣) ព្រះយេស៊ូបានបង្គាប់ឲ្យសិស្សទ្រង់ស្រឡាញ់គ្នាដូចជាទ្រង់បានស្រឡាញ់ពួកគេ។ (យ៉ូហាន ១៣:៣៤) យ៉ាងនេះ ពួកគ្រិស្តសាសនិកគួរសុខចិត្តប្ដូរជីវិតជំនួសអ្នកជឿគ្នីគ្នាបើចាំបាច់។
១៤. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារដោយវិធីណាខ្លះ?
១៤ គឺសំខាន់ណាស់ដែលពួកគ្រិស្តសាសនិកបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងរង្វង់គ្រួសារ ជាពិសេសរវាងស្វាមីភរិយា។ យោងទៅតាមសាវ័កប៉ុល គូអាពាហ៍ពិពាហ៍គួរមានចំណងជិតស្និទ្ធដល់ម្ល៉េះបានជា‹ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចជាស្រឡាញ់រូបកាយរបស់ខ្លួន›។ ប៉ុលសរសេរទៀតថា៖ «អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ»។ (អេភេសូរ ៥:២៨) នៅខ៣៣ប៉ុលទូន្មានម្ដងទៀតឲ្យពួកប្រុសៗធ្វើដូច្នេះ។ បើស្វាមីស្រឡាញ់ភរិយាមែន គាត់មិនធ្វើដូចពួកអ៊ីស្រាអែលនៅសម័យលោកម៉ាឡាគីដែលបានប្រព្រឹត្តដោយក្បត់ចំពោះគូរបស់ខ្លួន។ (ម៉ាឡាគី ២:១៤) គាត់នឹងថ្នាក់ថ្នមនាង។ គាត់ក៏នឹងស្រឡាញ់នាងដូចព្រះគ្រិស្តបានស្រឡាញ់ក្រុមជំនុំដែរ។ ដូចគ្នាដែរ សេចក្ដីស្រឡាញ់នឹងជំរុញភរិយាឲ្យកោតខ្លាចឬគោរពស្វាមី។—អេភេសូរ ៥:២៥, ២៩-៣៣
១៥. ពេលមនុស្សដទៃឃើញបងប្អូនយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នានោះ តើអ្នកខ្លះមានប្រសាសន៍យ៉ាងណា? ហើយតើពួកគេបានធ្វើអ្វីទៀត?
១៥ គឺច្បាស់ហើយ សេចក្ដីស្រឡាញ់បែបនេះជាលក្ខណៈមួយដែលសម្គាល់ពួកគ្រិស្តសាសនិកពិត។ ព្រះយេស៊ូមានបន្ទូលថា៖ «គេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគ្នាក៏ទាក់ទាញចិត្តមនុស្សឲ្យចង់ស្គាល់ព្រះដែលយើងស្រឡាញ់ ដែលយើងជាអ្នកតំណាងទ្រង់។ ជាឧទាហរណ៍ មានសេចក្ដីរាយការណ៍មួយពីប្រទេសម៉ូសាំប៊ិច អំពីក្រុមគ្រួសារមួយដែលជាពួកស្មរបន្ទាល់។ «យើងមិនដែលឃើញអ្វីដូចនោះទេ។ ពេលរសៀល ខ្យល់បានបក់យ៉ាងខ្លាំង ហើយក្រោយមកក៏មានភ្លៀងនិងទឹកកកធ្លាក់យ៉ាងខ្លាំងដែរ។ ខ្យល់ខ្លាំងនោះបានបង្ខូចផ្ទះយើងដែលធ្វើពីដើមត្រែង ហើយស័ង្កសីលើដំបូលក៏ផាត់តាមខ្យល់។ បងប្អូនរបស់យើងពីក្រុមជំនុំជិតៗនេះបានមកជួយកសាងផ្ទះយើងឡើងវិញ ហើយពេលអ្នកជិតខាងឃើញនោះ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ហើយមានប្រសាសន៍ថា៖ ‹សាសនារបស់អ្នកគឺល្អណាស់។ យើងមិនធ្លាប់ទទួលជំនួយដូចនេះពីវិហារយើងទេ›។ យើងបានបើកព្រះគម្ពីរហើយបង្ហាញដល់ពួកគេនូវសៀវភៅយ៉ូហាន ១៣:៣៤, ៣៥។ ឥឡូវ អ្នកជិតខាងជាច្រើនរបស់យើងកំពុងតែសិក្សាព្រះគម្ពីរដែរ»។
ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗ
១៦. តើការស្រឡាញ់មនុស្សទូទៅនិងការស្រឡាញ់បុគ្គលម្នាក់ៗមានលក្ខណៈខុសគ្នាយ៉ាងណា?
១៦ ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សមួយក្រុមៗឬចំពោះមនុស្សទូទៅទុកជាអ្នកជិតខាង នោះមិនសូវពិបាកទេ។ ប៉ុន្តែ ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗវិញ មិនតែងតែស្រួលទេ។ ជាឧទាហរណ៍ មនុស្សខ្លះគិតថា ពេលបរិច្ចាគលុយឲ្យអង្គការមនុស្សធម៌ណាមួយ នោះគ្រប់គ្រាន់ហើយក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង។ ប៉ុន្តែ ក្នុងករណីដែលយើងធ្វើការជាមួយបុគ្គលម្នាក់ដែលមើលងាយយើងរហូត ឬមនុស្សនៅផ្ទះជិតយើងតែងតែធ្វើអ្វីដែលយើងស្អប់ ឬពេលមិត្តភក្ដិធ្វើឲ្យយើងខកចិត្ត នោះការនិយាយថាយើងស្រឡាញ់អ្នកជិតខាង គឺស្រួលជាងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលនោះ។
១៧, ១៨. តើព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗបានយ៉ាងណា? តើទ្រង់មានបំណងអ្វីពេលធ្វើដូច្នេះ?
១៧ ស្តីអំពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗ យើងអាចរៀនពីព្រះយេស៊ូដែលមានគុណសម្បត្ដិដូចព្រះយេហូវ៉ាបេះបិទ។ ទោះជាព្រះយេស៊ូបានយាងមកផែនដីដើម្បីដោះបាបមនុស្សលោកទាំងឡាយក៏ពិតមែន ទ្រង់នៅតែបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗដែរ តួយ៉ាងដូចជាចំពោះស្ត្រីម្នាក់ដែលមានជំងឺ ហើយចំពោះមនុស្សឃ្លង់និងក្មេងស្រីម្នាក់។ (ម៉ាថាយ ៩:២០-២២; ម៉ាកុស ១:៤០-៤២; ៧:២៦, ២៩, ៣០; យ៉ូហាន ១:២៩) ស្រដៀងគ្នាដែរ របៀបដែលយើងប្រព្រឹត្តលើបុគ្គលម្នាក់ៗដែលយើងជួបក្នុងជីវិតប្រចាំថ្ងៃ នោះក៏សឲ្យឃើញថាយើងកំពុងតែបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេជាអ្នកជិតខាងរបស់យើង។
១៨ យ៉ាងណាក៏ដោយ កុំឲ្យយើងភ្លេចថា ការស្រឡាញ់អ្នកជិតខាងគឺកូរិនថូសទី២ ៥:១៩) ព្រះយេស៊ូបានធ្វើអ្វីៗទាំងអស់ដើម្បីចម្រើនឬលើកតម្កើងសិរីល្អរបស់ព្រះយេហូវ៉ា ហើយទ្រង់មិនដែលភ្លេចថាទ្រង់ជាអ្នកតំណាងព្រះ ដូច្នេះត្រូវមានគុណសម្បត្ដិដូចព្រះដែលទ្រង់ស្រឡាញ់។ (កូរិនថូសទី១ ១០:៣១) បើយើងយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ពិតចំពោះអ្នកជិតខាងបាន តែដំណាលគ្នានោះអាចរក្សាខ្លួនដោយឡែកពីលោកិយអាក្រក់នេះបានដែរ។
ជាប់ទាក់ទងនឹងការស្រឡាញ់ព្រះ។ ទោះជាព្រះយេស៊ូបានជួយមនុស្សក្រីក្រ ប្រោសអ្នកឈឺឲ្យជានិងផ្ដល់អាហារឲ្យមនុស្សស្រេកឃ្លានក្ដី ទ្រង់បានធ្វើការទាំងអស់នេះព្រមទាំងបង្រៀនបណ្ដាមនុស្សផងដែរ ដោយមានបំណងជួយឲ្យគេបានផ្សះផ្សានឹងព្រះយេហូវ៉ាឡើងវិញ។ (តើយើងគួរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងយ៉ាងដូចម្ដេច?
១៩, ២០. តើការស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងមានន័យអ្វី?
១៩ ព្រះយេស៊ូមានបន្ទូលថា៖ «ត្រូវឲ្យ[យើង]ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ ជាការធម្មតាដែលយើងយកចិត្តទុកដាក់ចំពោះខ្លួនឯងនិងមានមោទនភាពដែរ។ បើមិនដូច្នេះ បញ្ញត្ដិនេះគ្មានន័យអ្វីទេ។ យ៉ាងណាក៏ដោយ ការស្រឡាញ់ខ្លួនគឺខុសស្រឡះពីការស្រឡាញ់តែខ្លួនឯងដែលសាវ័កប៉ុលបានសរសេរនៅសៀវភៅធីម៉ូថេទី២ ៣:២ ដ្បិតការស្រឡាញ់ខ្លួនបង្ហាញថាយើងឲ្យតម្លៃចំពោះខ្លួនឯង។ បណ្ឌិតព្រះគម្ពីរមួយរូបមានប្រសាសន៍ថា នេះជា«ការស្រឡាញ់ខ្លួនដោយចេះប្រមាណ ហើយមិនបង្ហាញអាត្មានិយមហាក់ដូចជាមានទស្សនៈថា ‹អញល្អជាងគេ› ហើយក៏មិនស្អប់ខ្លួនឯងដូចជាចាត់ទុក‹ខ្លួនជាមនុស្សថោកទាប›»។
២០ ការស្រឡាញ់មនុស្សដទៃដូចខ្លួនឯងមានន័យថា យើងគិតអំពីអ្នកដទៃស្របតាមគំនិតដែលយើងចង់ឲ្យគេគិតពីយើង ហើយយើងក៏ប្រព្រឹត្តលើគេដូចដែលយើងចង់ឲ្យគេប្រព្រឹត្តលើយើងដែរ។ ព្រះយេស៊ូមានបន្ទូលថា៖ «អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) សូមកត់សម្គាល់ថា ព្រះយេស៊ូមិនមានបន្ទូលឲ្យយើងនឹកចាំអ្វីៗដែលមនុស្សបានធ្វើដល់យើងពីមុន ហើយប្រព្រឹត្តតបស្នងនឹងអំពើទាំងនោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវគិតអំពីរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តនឹងយើង ហើយធ្វើបែបនោះចំពោះគេវិញ។ សូមកត់សម្គាល់ដែរថា ព្រះយេស៊ូមិនមានបន្ទូលសំដៅទៅលើមិត្តសម្លាញ់និងបងប្អូនរបស់យើងប៉ុណ្ណោះទេ។ ទ្រង់ប្រើពាក្យ «មនុស្សលោក» ដោយប្រហែលជាចង់បញ្ជាក់ថាយើងត្រូវប្រព្រឹត្តបែបនេះចំពោះមនុស្សទាំងអស់ គឺចំពោះមនុស្សទាំងឡាយដែលយើងជួប។
២១. ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ តើនេះសឲ្យឃើញអ្វី?
២១ ការស្រឡាញ់អ្នកជិតខាងនឹងជួយការពារកុំឲ្យយើងធ្វើអំពើអាក្រក់។ សាវ័កប៉ុលបានសរសេរថា៖ «បទដែលថា៖ ‹កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យលោភឲ្យសោះ› ហើយបើមានបញ្ញត្តណាទៀត នោះក៏រួមគ្នាមកក្នុងពាក្យ១ម៉ាត់នេះឯងដែលថា៖ ‹ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង›។ សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ»។ (រ៉ូម ១៣:៩, ១០) សេចក្ដីស្រឡាញ់នឹងជំរុញយើងឲ្យរកវិធីធ្វើអ្វីៗដ៏ល្អដល់មនុស្សដទៃ។ ពេលយើងស្រឡាញ់មនុស្សទាំងឡាយ នេះបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាជាព្រះដែលបានបង្កើតមនុស្សឲ្យមានភាពដូចទ្រង់។—លោកុប្បត្តិ ១:២៦
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងគួរបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកណា? ហើយហេតុអ្វី?
• ចំពោះមនុស្សដែលមិនបម្រើព្រះយេហូវ៉ា តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
• តើព្រះគម្ពីរពណ៌នាយ៉ាងណាពីសេចក្ដីស្រឡាញ់ដែលយើងគួរមានចំពោះបងប្អូនយើង?
• តើការស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងមានន័យអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
«តើអ្នកណាជាអ្នកជិតខាងខ្ញុំ?»
[រូបភាពនៅទំព័រ៣១]
ព្រះយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗដែរ