លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងគួរធ្វើអ្វីដែលត្រឹមត្រូវ?

ហេតុអ្វីយើងគួរធ្វើអ្វីដែលត្រឹមត្រូវ?

ហេតុ​អ្វី​យើង​គួរ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ?

អ្នកប្រាជ្ញ​ម្នាក់​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជានិច្ច ប៉ុន្តែ​រក​ធ្វើ​មិន​កើត​សោះ។ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ»។ ហេតុ​អ្វី​បាន​ជា​ពិបាក​ម្ល៉េះ​ឲ្យ​គាត់​ប្រព្រឹត្ត​ការ​ល្អ​ដែល​គាត់​ចង់​ធ្វើ​នោះ? គាត់​ពន្យល់​ថា​៖ «ខ្ញុំ​ឃើញ​ច្បាប់​១​នេះ​ថា ឯ​ខ្ញុំ​ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្ដី​ល្អ នោះ​ចេះ​តែ​មាន​សេចក្ដី​អាក្រក់​ជាប់​នៅ​នឹង​ខ្ញុំ​ជានិច្ច ដ្បិត​តាម​ប៉ែក​ខាង​ក្នុង​ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត​ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ​ខ្ញុំ​ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប​ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង»។—រ៉ូម ៧:១៨, ១៩, ២១​-​២៣

ពាក្យ​ទាំង​នេះ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ជិត​២០០០​ឆ្នាំ​មុន​នេះ​បញ្ជាក់​នូវ​មូលហេតុ​ដែល​ពិបាក​ម្ល៉េះ​ឲ្យ​មនុស្ស​មិន​គ្រប់​លក្ខណ៍​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ បើ​យើង​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ យើង​ត្រូវ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​តាម​គោលការណ៍​សីលធម៌ ជា​ពិសេស​ពេល​ជួប​ប្រទះ​ទុក្ខ​លំបាក។ ដូច្នេះ យក​ល្អ​ឲ្យ​យើង​សួរ​ថា តើ​អ្វី​ជា​មូលហេតុ​ចម្បង​ដែល​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ?

សូម​ពិចារណា​មើល​អ្វី​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​អនាគត​របស់​មនុស្ស​ទៀងត្រង់។ នៅ​សៀវភៅ​ទំនុកដំកើង ៣៧:៣៧, ៣៨ យើង​អាន​ថា​៖ «ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ ហើយ​ពិចារណា​មើល​មនុស្ស​ទៀងត្រង់​ចុះ ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្តត្រាណ។ ឯ​ពួក​មនុស្ស​រំលង​ច្បាប់​នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា។ ឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់ នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ»។ សៀវភៅ​សុភាសិត ២:២១, ២២ ប្រាប់​យើង​ថា​៖ «មនុស្ស​ទៀងត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រ​ទូ​សរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។

សេចក្ដី​សន្យា​ទាំង​នេះ​និង​សេចក្ដី​សន្យា​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​ផ្ដល់​ហេតុ​ឲ្យ​យើង​ចង់​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​មែន ប៉ុន្តែ​នេះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។ មូលហេតុ​សំខាន់​បំផុត​ដែល​ជំរុញ​យើង​ឲ្យ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ គឺ​សំដៅ​ទៅ​លើ​ការ​ចោទ​ប្រកាន់​មួយ​ដែល​ទាក់ទង​មនុស្ស​និង​ទេវតា​គ្រប់​រូប។ អត្ថបទ​បន្ទាប់​នឹង​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​ចោទ​ប្រកាន់​នេះ ហើយ​ពន្យល់​ថា តើ​រឿង​នេះ​ជាប់​ទាក់ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច?