លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចាប់តោងជាយអាវសាសន៍យូដាម្នាក់អស់៧០ឆ្នាំ

ចាប់តោងជាយអាវសាសន៍យូដាម្នាក់អស់៧០ឆ្នាំ

ជីវប្រវត្ដិ

ចាប់​តោង​ជាយ​អាវ​សាសន៍​យូដា​ម្នាក់​អស់​៧០​ឆ្នាំ

រៀប​រាប់​ដោយ បង​ប្រុស​ឡេនណឺត​ស្មីត

នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ជាង​១០​ឆ្នាំ កំណត់​ហេតុ​ពីរ​នៃ​គម្ពីរ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទោះ​ជា​ពេល​វេលា​កន្លង​ទៅ​ជាង​៧០​ឆ្នាំ​ហើយ​ក៏​ដោយ ខ្ញុំ​នៅ​តែ​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​បាន​យល់​អត្ថន័យ​នៃ​ខ​គម្ពីរ​នៅ​សាការី ៨:២៣ ដែល​ចែង​អំពី«មនុស្ស​១០​នាក់»ចាប់​តោង«ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់»។ ពួក​គេ​បាន​និយាយ​ទៅ​កាន់​សាសន៍​យូដា​នោះ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។

បុរស​សាសន៍​យូដា​ជា​តំណាង​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ហើយ«មនុស្ស​១០​នាក់»ជា​តំណាង«ចៀម​ឯ​ទៀត» ដែល​នៅ​សម័យ​នោះ​គេ​ហៅ​ថា«ពួក​យ៉ូណាដាប»។ * (យ៉ូហាន ១០:១៦) នៅ​ពេល​ដែល​ខ្ញុំ​បាន​យល់​សេចក្ដី​ពិត​អំពី​ខ​គម្ពីរ​នេះ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ចំពោះ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី​អាច​សម្រេច​ទៅ​បាន លុះ​ត្រា​តែ​ខ្ញុំ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​ក្រុម​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។

ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី«ចៀម»និង«ពពែ»នៅ​ម៉ាថាយ ២៥:៣១​-​៤៦ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ។ «ចៀម»ជា​តំណាង​ពួក​អ្នក​ដែល​ទទួល​ការ​វិនិច្ឆ័យ​ថា​សុចរិត​ក្នុង​អំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង ហើយ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ឡើយ។ កាល​ដែល​ខ្ញុំ​ជា​យូ​ណា​ដាប​វ័យ​ក្មេង​ម្នាក់ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ខ្ញុំ​ថា៖ ‹ឡេន​អើយ! បើ​អ្នក​ចង់​ឲ្យ​គ្រិស្ត​ចាត់​ទុក​អ្នក​ជា​ចៀម នោះ​អ្នក​ត្រូវ​តែ​គាំទ្រ​បង​ប្អូន​របស់​លោក​ដែល​ព្រះ​បាន​រើស​តាំង ដោយ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​ពួក​គាត់ ពីព្រោះ​ព្រះ​នៅ​ជា​មួយ​ពួក​គាត់›។ ការ​យល់​ដឹង​អំពី​រឿង​នេះ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​អស់​ជាង​៧០​ឆ្នាំ។

‹តើ​ខ្ញុំ​មាន​ភារកិច្ច​អ្វី?›

ម្ដាយ​របស់​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩២៥ ក្នុង​សាល​ប្រជុំ​ដែល​នៅ​ក្នុង​បេតអែល។ សាល​នោះ​មាន​ឈ្មោះ ត្រ​សាល​នៃ​ក្រុង​ឡុងដ៍ ហើយ​បង​ប្អូន​នៅ​តំបន់​នោះ​បាន​ប្រើ​សាល​នេះ។ ខ្ញុំ​បាន​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩២៦។ នៅ​ខែ​មីនា ឆ្នាំ​១៩៤០ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​អំឡុង​សន្និបាត នៅ​ក្រុង​ដវឺ នា​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អង់គ្លេស។ ខ្ញុំ​បាន​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​កាន់​តែ​ខ្លាំង​ឡើងៗ។ ដោយ​សារ​ម្ដាយ​របស់​ខ្ញុំ​គឺជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង នោះ‹ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់›ដែល​ខ្ញុំ​បាន​ចាប់​តោង​ដំបូង គឺជា​ជាយ​អាវ​របស់​ម្ដាយ​ខ្ញុំ។ នៅ​ពេល​នោះ​ឪពុក​និង​បង​ស្រី​របស់​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ហ្គីលីញហែម ដែល​នៅ​ខាង​ត្បូង​ឆៀង​ខាង​កើត​ប្រទេស​អង់គ្លេស នៅ​ទី​នោះ សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​ជំនុំ​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ម្ដាយ​ខ្ញុំ​បាន​ទុក​គំរូ​ល្អ​ស្តី​អំពី​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ។

ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៤១ នៅ​មហាសន្និបាត​នៅ​ក្រុង​ឡេស្ទឺរ សុន្ទរកថា​មួយ​ដែល​មាន​ចំណង​ជើង​ថា «ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ» បាន​ពិចារណា​អំពី​ប្រធានបទ​ស្តី​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​លើស​កល​លោក​ទាំង​មូល។ សុន្ទរកថា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ជា​លើក​ដំបូង​ថា បញ្ហា​រវាង​សាថាន​និង​ព្រះ​យេហូវ៉ា​គឺ​ជាប់​ទាក់​ទង​នឹង​យើង​ទាំង​អស់​គ្នា។ ហេតុ​នេះ យើង​ត្រូវ​គាំទ្រ​ខាង​ព្រះ​យេហូវ៉ា​និង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ចំពោះ​លោក​ដែល​ជាម​ហា​ក្សត្រ​សកលលោក។

មហាសន្និបាត​នោះ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​កិច្ច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ពួក​យុវវ័យ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គោលដៅ​នេះ។ សុន្ទរកថា​ដែលមាន​ចំណង​ជើង​ថា «ភារកិច្ច​របស់​អ្នក​ត្រួស​ត្រាយ​នៅ​ក្នុង​អង្គការ​របស់​ព្រះ»ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា ‹តើ​ខ្ញុំ​មាន​ភារកិច្ច​អ្វី?› មហាសន្និបាត​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​ក្នុង​នាម​ជា«យូ​ណា​ដាប»ម្នាក់ ខ្ញុំ​មាន​ភារកិច្ច​ជួយ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​អស់ពី​សមត្ថភាព។ នៅ​ក្រុង​ឡេស្ទឺរ​នេះ​តែ​ម្ដង ខ្ញុំ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ក្នុង​ពេល​មាន​សង្គ្រាម

នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩៤១ ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ ម្ដាយ​ខ្ញុំ​គឺជា​ដៃ​គូ​ដំបូង​របស់​ខ្ញុំ​ក្នុង​កិច្ចការ​ត្រួស​ត្រាយ ប៉ុន្តែ​ប្រហែលជា​មួយ​ឆ្នាំ​ក្រោយ​មក គាត់​ត្រូវ​ឈប់​ត្រួស​ត្រាយ​ដោយ​សារ​មាន​បញ្ហា​សុខភាព។ ការិយាល័យ​សាខា​នៅ​ក្រុង​ឡុងដ៍ បាន​ចាត់​តាំង​ដៃ​គូ​ម្នាក់​ទៀត​ឲ្យ​ខ្ញុំ​គឺ​បង​ប្រុស​រ៉ាន ផាគីន ដែល​សព្វ​ថ្ងៃ​នេះ​បម្រើ​នៅ​គណៈកម្មាធិការ​ការិយាល័យ​សាខា​នៅ​កោះព័រតូរីកូ។

យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ក្រុង​ប្រូដស្តែរ​និង​ក្រុង​រ៉ាមហ្គេត​ស្រុក​ខេន នៅ​ទី​នោះ​យើង​បាន​ជួល​បន្ទប់​មួយ។ អ្នក​ត្រួស​ត្រាយ​ពិសេស​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​មួយ​ខែ​៤០​ស៊ី​ល​លិញ (ប្រហែល​ស្មើ​នឹង​៨​ដុល្លារ)។ ដូច្នេះ​ពេល​ដែល​យើង​បង់​ឈ្នួល​ផ្ទះ​ហើយ​នោះ យើង​នៅ​សល់​លុយ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ ហើយ​យើង​មិន​ដឹង​ច្បាស់​ថា​យើង​នឹង​បាន​អ្វី​បរិភោគ​ពី​កន្លែង​ណា​ទេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​តែង​តែ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង តាម​របៀប​ណា​មួយ។

យើង​ច្រើន​តែ​ជិះ​កង់ ហើយ​ធាក់​កង់​ដែល​មាន​អីវ៉ាន់​ធ្ងន់​បញ្ច្រាស​ខ្យល់​ខ្លាំង​ដែល​បក់​មក​ពី​សមុទ្រ​ខាង​ជើង។ យើង​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះ​ចម្បាំង​និង​កាំជ្រួច​ផ្លោង​V​-​1 របស់​អាឡឺម៉ង់​ដែល​ហោះ​យ៉ាង​ទាប​លើ​ស្រុក​ខេន​ទៅ​ផ្ទុះ​នៅ​ក្រុង​ឡុងដ៍។ មាន​ម្ដង​នោះ​ខ្ញុំ​ត្រូវ​តែ​លោត​ពី​លើ​កង់ ហើយ​លូន​ចូល​រណ្ដៅ​មួយ នៅ​ពេល​ដែល​គ្រាប់​បែក​ហោះ​លើ​ក្បាល​របស់​ខ្ញុំ​ទៅ​ផ្ទុះ​នៅ​វាល​ជិត​នោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ដែល​យើង​ត្រួស​ត្រាយ​នៅ​ស្រុក​ខេន​ជា​ពេល​វេលា​ដ៏​សប្បាយ​រីករាយ​មួយ។

ខ្ញុំ​បាន​ទទួល​ឯកសិទ្ធិ«បម្រើ​នៅ​បេតអែល»

ម្ដាយ​ខ្ញុំ​តែង​តែ​និយាយ​សរសើរ​ពី​កិច្ច​បម្រើ​នៅ​បេតអែល។ គាត់​ធ្លាប់​និយាយ​ថា៖ «ម្ដាយ​គិត​ថា​គឺ​គ្មាន​អ្វី​ប្រសើរ​ជាង​ឲ្យ​កូន​ទៅ​បម្រើ​នៅ​បេតអែល​នោះ​ទេ»។ ហេតុ​នេះ សូម​ស្រមៃ​គិត​អំពី​អំណរ​និង​ការ​ភ្ញាក់​ផ្អើល​របស់​ខ្ញុំ នៅ​ខែ​មករា ឆ្នាំ​១៩៤៦ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល​នៅ​ក្រុង​ឡុងដ៍ ដើម្បី​ជួយ​ការងារ​នៅ​ទី​នោះ​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍។ ក្រោយ​បី​សប្ដាហ៍​នោះ បង​ប្រុស​ប្រ៉ាយស៍ យូស​ដែល​ជា​អ្នក​បម្រើ​នៅ​ការិយាល័យ​សាខា បាន​សុំ​ខ្ញុំ​ឲ្យ​មក​រស់​នៅ​បេតអែល។ ការ​បង្ហាត់​បង្រៀន​ដែល​ខ្ញុំ​បាន​ទទួល​នៅ​បេតអែល​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​អស់​មួយ​ជីវិត​របស់​ខ្ញុំ។

មាន​សមាជិក​៣០​នាក់​ក្នុង​ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ឡុងដ៍​នៅ​ពេល​នោះ សមាជិក​ភាគ​ច្រើន​ជា​យុវជន​នៅ​លីវ ប៉ុន្តែ​ក៏​មាន​សមាជិក​មួយ​ចំនួន​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ក្នុង​ចំណោម​ពួក​គាត់​មាន​បង​ប្រុស​ប្រ៉ាយស៍ យូស បង​ប្រុស​អេតហ្គឺ ក្លេ​និង​បង​ប្រុស​ចន បា ដែល​បាន​ក្លាយ​ជា​សមាជិក​គណៈ​អភិបាល។ ពិត​ជា​ឯកសិទ្ធិ​មែន! ដែល​អាច​គាំទ្រ​បង​ប្អូន​របស់​លោក​យេស៊ូ​ហើយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​និង​ការ​ណែនាំ​ពី​ពួក​គាត់​ដែល​ជា«សសរ​នៃ​ក្រុម​ជំនុំ»។—កាឡ. ២:៩

មាន​ថ្ងៃ​មួយ​នៅ​បេតអែល បង​ប្រុស​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​មាន​បង​ស្រី​ម្នាក់​ឈរ​នៅ​មាត់​ទ្វារ​ចង់​ជួប​ខ្ញុំ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​គាត់​ជា​ម្ដាយ​របស់​ខ្ញុំ​ដែល​មាន​កញ្ចប់​មួយ​នៅ​ដៃ។ គាត់​បាន​និយាយ​ថា គាត់​មិន​ចូល​ទៅ​ក្នុង​ទេ​ដើម្បី​កុំ​ឲ្យ​រំខាន​ខ្ញុំ​ធ្វើ​ការ ប៉ុន្តែ​គាត់​ហុច​កញ្ចប់​នោះ​ឲ្យ​ខ្ញុំ ហើយ​ចេញ​បាត់​ទៅ។ ក្នុង​កញ្ចប់​នោះ​មាន​អាវរងារវែង​ដ៏​កក់​ក្ដៅ​មួយ។ កាយវិការ​ដែល​ប្រកប​ដោយ​សេ​ក្ដី​ស្រឡាញ់​របស់​គាត់ រំលឹក​ខ្ញុំ​ពី​ហា​ណា​ដែល​បាន​យក​អាវ​មួយ​ឲ្យ​កូន​ប្រុស​តូច​របស់​គាត់​ឈ្មោះ​សាំយូអែល ក្នុង​អំឡុង​ពេល​ដែល​សាំយូអែល​បម្រើ​នៅ​ត្រ​សាល។—១សាំ. ២:១៨, ១៩

សាលា​គី​លាត​គឺជា​បទ​ពិសោធន៍​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច

នៅ​ឆ្នាំ​១៩៤៧ ខ្ញុំ​និង​បង​ប្អូន​បួន​នាក់​ទៀត​នៅ​បេតអែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គី​លាត​នៅ​សហរដ្ឋអាម៉េរិក ហើយ​ឆ្នាំបន្ទាប់ យើង​បាន​ចូល​រៀន​សាលា​ជំនាន់​ទី​១១។ សាលា​រៀន​នោះ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​ញូវ​យ៉ក។ ពេល​យើង​ទៅ​ដល់​ទី​នោះ ធាតុ​អាកាស​គឺ​ត្រជាក់​ខ្លាំង​ណាស់។ ខ្ញុំ​សប្បាយ​ចិត្ត​មែន! ដោយ​សារ​មាន​អាវ​វែង​ដ៏​កក់​ក្ដៅ​ដែល​ម្ដាយ​ខ្ញុំ​យក​មក​ឲ្យ។

រយៈ​ពេល​៦​ខែ​ដែល​ខ្ញុំ​បាន​រៀន​នៅ​សាលា​គី​លាត​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​មិន​ភ្លេច។ ការ​សេពគប់​ជា​មួយ​សិស្ស​រួម​ថ្នាក់​ដែល​មក​ពី​១៦​ប្រទេស​ផ្សេងៗគ្នា នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទស្សនៈ​ទូលំ​ទូលាយ​ជាង​មុន។ ក្រៅ​ពី​ការ​បង្ហាត់​បង្រៀន​ដែល​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ​ឡើង ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ពី​ការ​សេពគប់​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ សិស្ស​រួម​ថ្នាក់​ម្នាក់​របស់​ខ្ញុំ​ឈ្មោះ​ឡយដ៍ បារី បង​ប្រុស​ដែល​បង្ហាត់​បង្រៀន​នៅ​សាលា ឈ្មោះ​អាល់ប៊ឺត ស្រូឌែរ​និង​បង​ប្រុស​ចន ប៊ូត ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​នៅ​កសិដ្ឋាន​រាជាណាចក្រ (សាលា​គី​លាត​ស្ថិត​នៅ​ទី​នោះ) ក្រោយ​មក​បាន​ត្រូវ​តែង​តាំង​ជា​គណៈ​អភិបាល។ ខ្ញុំ​ចាត់​ទុក​ឱវាទ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​បាន​ឲ្យ​ខ្ញុំ និង​គំរូ​របស់​ពួក​គាត់​ក្នុង​ការ​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ថា​មាន​តម្លៃ​ណាស់។

បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល ហើយ​ត្រឡប់​មក​បេតអែល​វិញ

នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​សាលា​គី​លាត ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​រដ្ឋ​អូហៃយ៉ូ​នៃ​សហរដ្ឋ​អាម៉េរិក នៅ​ពេល​នោះ​ខ្ញុំ​អាយុ​ត្រឹម​តែ​២១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បង​ប្អូន​បាន​ទទួល​ខ្ញុំ​យ៉ាង​កក់​ក្ដៅ ជា​យុវជន​ដែល​មាន​ចិត្ត​ខ្នះខ្នែង។ នៅ​មណ្ឌល​នោះ ខ្ញុំ​បាន​រៀន​យ៉ាង​ច្រើន​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍។

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ត្រឡប់​ទៅ​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន​វិញ ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​ថែម​ទៀត។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ស្គាល់«សសរ​នៃ​ក្រុម​ជំនុំ»ដូច​ជា បង​ប្រុស មីលថុន ហេនសូល បង​ប្រុស​ខាល ខ្លាញ បង​ប្រុស​ណេថិន ន័រ បង​ប្រុស​ថូម៉ាស់ ច. ស៊ូលីវេន​(ឈ្មោះ​ហៅ​ក្រៅ​ថា«បឺដ») និង​បង​ប្រុស​លីមេន ស្វីនហ្គល បង​ប្រុស​ទាំង​អស់​នេះ​ធ្លាប់​ជា​សមាជិក​នៃ​គណៈ​អភិបាល។ នេះ​ពិត​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដោយ​បាន​ឃើញ​ពួក​គាត់​ធ្វើ​ការ​និង​បាន​សង្កេត​ឃើញ​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​ជា​គ្រិស្ត​សាសនិក។ ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​អង្គការ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើងៗ។ បន្ទាប់​មក​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ត្រឡប់​ទៅ​ទ្វីប​អឺរ៉ុប​វិញ​ដើម្បី​បន្ត​កិច្ច​បម្រើ​ផ្សាយ​នៅ​ទី​នោះ។

ម្ដាយ​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៥០។ បន្ទាប់​ពី​ពិធី​បញ្ចុះ​សព ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ចំៗជា​មួយ​ឪពុក​និង​ដូរ៉ា​ដែល​ជា​បង​ស្រី​របស់​ខ្ញុំ។ ខ្ញុំ​បាន​សួរ​ពួក​គាត់​ថា តើ​ពួក​គាត់​គិត​យ៉ាង​ណា​អំពី​សេចក្ដី​ពិត​ឥឡូវ​នេះ​កាល​ដែល​ម៉ាក់​ស្លាប់​ហើយ​ខ្ញុំ​បាន​ចេញ​ពី​ផ្ទះ​នោះ។ ពួក​គាត់​ស្គាល់​ហើយ​ក៏​គោរព​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ដែល​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឈ្មោះ​ហារេ ប្រោននិ​ញ ហើយ​យល់​ព្រម​រៀន​សេចក្ដី​ពិត​ជា​មួយ​គាត់។ មិន​ដល់​មួយ​ឆ្នាំ​ផង ឪពុក​ខ្ញុំ​និង​ដូ​រ៉ា​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​មក​ឪពុក​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​បម្រើ​នៅ​ក្រុម​ជំនុំ​ហ្គីលីញហែម។ បន្ទាប់​ពី​ឪពុក​ខ្ញុំ​ស្លាប់​ទៅ ដូរ៉ា​បាន​រៀប​ការ​ជា​មួយ​អ្នក​ចាស់​ទុំ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​រ៉យ ម័រតុន ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ពេល​គាត់​ស្លាប់​នៅ​ឆ្នាំ​២០១០។

ជួយ​ធ្វើ​ការងារ​នៅ​ប្រទេស​បារាំង

នៅ​សាលា​រដ្ឋ ខ្ញុំ​បាន​រៀន​ភាសា​បារាំង អាឡឺម៉ង់ និង​ភាសាឡាតាំង ហើយ​ក្នុង​ចំណោម​ភាសា​ទាំង​បី​នេះ ភាសា​បារាំង​របស់​ខ្ញុំ​គឺ​ខ្សោយ​ជាង​គេ។ ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​ពេល​ដែល​ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ទៅ​ជួយ​ធ្វើ​ការ​នៅ​បេតអែល​នា​ក្រុង​ប៉ា​រី​ស​ប្រទេស​បារាំង។ នៅ​ទី​នោះ ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ការ​ជា​មួយ​អ្នក​បម្រើ​នៅ​ការិយាល័យ​សាខា​ឈ្មោះ​អេនរ៉េ ហ្សេហ្សើ ដែល​ជា​បង​ប្រុស​វ័យ​ចាស់​ដែល​ជា​អ្នក​បាន​ត្រូវ​រើស​តាំង។ ភារកិច្ច​មិន​តែង​តែ​ងាយ​ស្រួល​ទេ ហើយ​ខ្ញុំ​ប្រាកដជា​បាន​ធ្វើ​ខុស​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​បាន​រៀន​យ៉ាង​ច្រើន​អំពី​របៀប​ចុះ​សម្រុង​គ្នា​ជា​មួយ​អ្នក​ឯ​ទៀត។

បន្ថែម​ទៀត ក្រោយ​សង្គ្រាម​ចប់​ហើយ មហាសន្និបាត​អន្តរជាតិ​លើក​ទី​១​នៅ​ក្រុង​ប៉ា​រី​ស​បាន​ត្រូវ​គ្រោង​នឹង​រៀបចំ​សម្រាប់​ឆ្នាំ​១៩៥១ ហើយ​ខ្ញុំ​បាន​ចូល​រួម​រៀបចំ​មហាសន្និបាត​នេះ។ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ឡេអូប៉ូល ហ្សង់តេស​បាន​មក​បេតអែល​ដើម្បី​ជួយ​ខ្ញុំ។ បន្ទាប់​មក​បង​ប្រុស​ឡេអូប៉ូល​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា។ មហាសន្និបាត​អន្តរជាតិ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ប៉ាឡេដេស្ព័រ​ជិត​ប៉មអេហ្វហ្វែល។ បង​ប្អូន​ដែល​ជា​តំណាង​មក​ពី​២៨​ប្រទេស​បាន​ចូល​រួម។ នៅ​ថ្ងៃ​ចុង​ក្រោយនៃ​មហាសន្និបាត​នោះ បង​ប្អូន​សាក្សី​នៅ​ប្រទេស​បារាំង​៦.០០០​នាក់​ពិត​ជា​សប្បាយ​ចិត្ត​ឥត​ឧបមា​ពេល​ឃើញ​មនុស្ស​១០.៤៥៦​នាក់​បាន​ចូល​រួម​មហាសន្និបាត​នេះ!

ពេល​ដែល​ខ្ញុំ​មក​ដល់​ប្រទេស​បារាំង​ដំបូង​នោះ​ភាសា​បារាំង​របស់​ខ្ញុំ​គឺ​ខ្សោយ​ខ្លាំង​ណាស់។ បញ្ហា​កាន់​តែ​ធ្ងន់​ជាង​នេះ​ទៅ​ទៀត​នោះ ខ្ញុំ​បាន​យល់​ច្រឡំ​យ៉ាង​ខ្លាំង​ថា ខ្ញុំ​មិន​គួរ​និយាយ​ភាសា​បារាំង​ទេ ទាល់​តែ​ខ្ញុំ​អាច​និយាយ​ត្រឹម​ត្រូវ។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិន​និយាយ​ខុស នោះ​គ្មាន​អ្នក​ណា​អាច​ប្រាប់​ខ្ញុំ​របៀប​និយាយ​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​មិន​អាច​រីក​ចម្រើន​បាន​ទេ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​កែប្រែ​ស្ថានភាព​នេះ ដោយ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​ដែល​បង្រៀន​ភាសា​បារាំង​ដល់​ជន​បរទេស។ ខ្ញុំ​បាន​ចូល​រៀន​ពេល​ល្ងាច​នៅ​ពេល​ដែល​គ្មាន​ប្រជុំ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ចូល​ចិត្ត​ភាសា​បារាំង ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខ្ញុំ​កាន់​តែ​ចូល​ចិត្ត​ខ្លាំង​ឡើងៗ។ នេះ​មាន​ប្រយោជន៍​ដោយ​សារ​ខ្ញុំ​អាច​ជួយ​ការ​បក​ប្រែ​នៅ​ការិយាល័យ​សាខា​នៅ​ប្រទេស​បារាំង​បាន។ នៅ​ពេល​ក្រោយ​មក ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​បក​ប្រែ​ពី​ភាសា​អង់គ្លេស​មក​ភាសា​បារាំង។ គឺជា​ឯក​សិទ្ធ​មួយ​ដែល​ខ្ញុំ​អាច​ជួយ​បង​ប្អូន​ដែល​និយាយ​ភាសា​បារាំង​ទូ​ទាំង​ផែនដី ឲ្យ​ទទួល​សេចក្ដី​បង្រៀន​ដ៏​ល្អ​ប្រសើរ​ពី​ក្រុម​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។—ម៉ាថ. ២៤:៤៥​-​៤៧

រៀប​អាពាហ៍ពិពាហ៍​ហើយ​ទទួល​ឯកសិទ្ធិ​ថែម​ទៀត

នៅ​ឆ្នាំ​១៩៥៦ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​អេសធើរ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ជន​ជាតិ​ស្វីស ជា​អ្នក​ដែល​ខ្ញុំ​បាន​ជួប​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ យើង​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​សាល​ប្រជុំ​ជិត​បេតអែល​ក្រុង​ឡុងដ៍ (អតីត​សាល​ឈ្មោះ​ត្រ​សាល​នៃ​ក្រុង​ឡុងដ៍ កន្លែង​ដែល​ម្ដាយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក)។ បង​ប្រុស​យូស​បាន​ថ្លែង​សុន្ទរកថា​សម្រាប់​អាពាហ៍ពិពាហ៍​របស់​យើង។ ម្ដាយ​របស់​អេសធើរ​ដែល​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌​ក៏​បាន​ចូល​រួម​ពិធី​នេះ​ដែរ។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ដៃ​គូ​ដែល​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ខ្ញុំ​អាច​មាន​ការ​សេពគប់​ដ៏​ល្អ​អស់​រយៈ​ពេល​ជា​ច្រើន​ជា​មួយ​ម្ដាយក្មេក​របស់​ខ្ញុំ​ដែល​ជា​អ្នក​ដែល​មាន​ភក្ដីភាព​ចំពោះ​ព្រះ រហូត​ដល់​ពេល​គាត់​ស្លាប់​នៅ​ឆ្នាំ​២០០០។

បន្ទាប់​ពី​ពិធី​អាពាហ៍ពិពាហ៍​របស់​យើង ខ្ញុំ​និង​អេសធើរ​បាន​រស់​នៅ​ក្រៅ​បេតអែល។ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បន្ត​បក​ប្រែ​សម្រាប់​បេតអែល នោះ​អេសធើរ​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ជាយ​ក្រុង​នៃ​ក្រុង​ប៉ា​រី​ស។ គាត់​បាន​ជួយ​មនុស្ស​បី​បួន​នាក់​ឲ្យ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩៦៤ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​រស់​នៅ​បេតអែល។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៧៦ ពេល​ដែល​គណៈកម្មាធិការ​ការិយាល័យ​សាខា​បាន​ត្រូវ​រៀបចំ​ឡើង​ជា​លើក​ដំបូង ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​នោះ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អេសធើរ​តែង​តែ​ផ្ដល់​ការ​គាំទ្រ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។

«អ្នក​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រហូត​ទេ»

ម្ដង​ម្ដាល ខ្ញុំ​មាន​ឯកសិទ្ធិ​ត្រឡប់​ទៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៅ​ក្រុង​ញូវ​យ៉ក។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ទទួល​ឱវាទ​ល្អៗពី​សមាជិក​ផ្សេងៗនៃ​គណៈ​អភិបាល។ ជា​ឧទាហរណ៍ មាន​ម្ដង​នោះ ពេល​ខ្ញុំ​បាន​ប្រាប់​ថា​ខ្ញុំ​បារម្ភ​ខ្លាច​ធ្វើ​ការងារ​មិន​ទាន់​ពេល​កំណត់ នោះ​បង​ប្រុស​ន័របានញញឹម ហើយ​មាន​ប្រសាសន៍​ថា៖ «កុំ​បារម្ភ​អី ធ្វើ​ការ​ទៅ!»។ ជា​ច្រើន​ដង ចាប់​ពី​ពេល​នោះ​មក ពេល​មាន​ការងារ​កាន់​តែ​ច្រើន​ឡើង ជា​ជាង​ភ័យ​ខ្លាច ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នោះ​ម្ដង​មួយៗ ហើយ​ជា​ទូទៅ​បាន​ធ្វើ​ទាន់​ពេល​កំណត់។

មុន​ពេល​ទទួល​មរណភាព លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា៖ «អ្នក​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រហូត​ទេ»។ (ម៉ាថ. ២៦:១១) ពួក​យើង​ដែល​ជា​ចៀម​ឯ​ទៀត​ក៏​ដឹង​ច្បាស់​ដែរ​ថា យើង​នឹង​មិន​មាន​បង​ប្អូន​របស់​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង​នៅ​ជា​មួយ​នឹង​យើង​នៅ​ផែនដី​រហូត​ទេ។ ដូច្នេះ ខ្ញុំ​បាន​ពិចារណា​អំពី​រឿង​នេះ​ថា ខ្ញុំ​ពិត​ជា​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដោយ​បាន​សេពគប់​អស់​៧០​ឆ្នាំ​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​ព្រះ​បាន​រើស​តាំង។ ខ្ញុំ​បាន​ចាប់​តោង​ជាយ​អាវ​សាសន៍​យូដា​ម្នាក់​ដោយ​ចិត្ត​កតញ្ញូ។

[កំណត់​សម្គាល់]

^ វគ្គ 5 ចំពោះ​ពាក្យ«យ៉ូណាដាប» សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​១៩៩៨ ទំព័រ​១៥ វគ្គ​៥, ៦

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២១]

បង​ប្រុស​ន័របានញញឹម ហើយ​មាន​ប្រសាសន៍​ថា៖ «កុំ​បារម្ភ​អី ធ្វើ​ការ​ទៅ!»

[រូបភាព​នៅ​ទំព័រ​១៩]

(ខាង​ឆ្វេង) ម្ដាយ​និង​ឪពុក​ខ្ញុំ

(ខាង​ស្ដាំ) នៅ​សាលា​គី​លាត​ឆ្នាំ​១៩៤៨ កំពុង​ពាក់​អាវ​វែង​ដ៏​កក់​ក្ដៅ​ដែល​ម្ដាយ​ខ្ញុំ​បាន​ឲ្យ

[រូបភាព​នៅ​ទំព័រ​២០]

ខ្ញុំ​កំពុង​បក​ប្រែ​ឲ្យ​បង​ប្រុស​ឡ​យដ៍ បារី​នៅ​ពិធី​សម្ពោធ ការិយាល័យ​សាខាប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៩៧

[រូបភាព​នៅ​ទំព័រ​២១]

(ខាង​ឆ្វេង) ជា​មួយ​អេសធើរ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យើង

(ខាង​ស្ដាំ) នៅ​ពេល​កំពុង​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា