លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្ដបម្រើព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ដ

ចូរបន្ដបម្រើព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ដ

ចូរ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត

​«​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិបត្ដិ​តាម​ទ្រង់ ដោយ​អស់ពី​ចិត្ត​»។—១រប. ២៨:៩

សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ:

តើ​ពាក្យ​ថា​ចិត្ត​សំដៅ​ទៅ​លើ​អ្វី?

តើ​មាន​វិធី​អ្វី​ដែល​យើង​អាច​ប្រើ ​ដើម្បី​ពិនិត្យ​មើល​ចិត្ត​របស់​យើង?

តើ​តាម​របៀប​ណា​យើង​អាច​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត?

១, ២​. ​(​ក​) តើ​អវយវៈ​មួយ​ណា​នៃ​រូប​កាយ​មនុស្ស បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​ក្នុង​គម្ពីរ​ច្រើន​ជាង​អវយវៈ​ផ្សេង​ទៀត? (​ខ​) ហេតុ​អ្វី​គឺជា​ការ​សំខាន់​ដែល​យើង​យល់​អត្ថន័យ​នៃ​ពាក្យ​ចិត្ត?

ជា​ច្រើន​ដង​បណ្ដាំ​របស់​ព្រះ​រៀប​រាប់​ពី​អវយវៈ​ផ្សេង​ៗ​នៃ​រូប​កាយ​មនុស្ស​ជា​ន័យ​ធៀប។ ជា​ឧទាហរណ៍: យ៉ូប​បាន​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​គ្មាន​សេចក្ដី​អយុត្ដិធម៌​នៅ​ក្នុង​ដៃ​»។ ស្តេច​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង​»។ ព្រះ​យេហូវ៉ា​បាន​ធានា​អេសេគាល​ថា​៖ ​«​អញ​បាន​ធ្វើ​ឲ្យ​ក្បាល​ឯង​រឹង . . . ជាង​ថ្ម​ដែក​ភ្លើង​ទៅ​ទៀត​»​ ហើយ​លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​ប្រសិនបើ​ភ្នែក​ម្ខាង​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ឲ្យ​ឆ្ងាយ​ទៅ​»។—យ៉ូប ១៦:១៧; សុភ. ១៥:៣០; អេស. ៣:៩; ម៉ាថ. ១៨:៩

ក៏​ប៉ុន្តែ អវយវៈ​មួយ​នៃ​រូប​កាយ​មនុស្ស បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​ក្នុង​គម្ពីរ​ច្រើន​ជាង​អវយវៈ​ឯ​ទៀត។ តាម​ពិត ក្នុង​ភាសា​ដើម គម្ពីរ​ប្រើ​ពាក្យ​«​បេះដូង​»​ដែល​គម្ពីរ​ភាសា​ខ្មែរ​បក​ប្រែ​ថា​«​ចិត្ត​»​ជិត​១.០០០​ដង។ ជា​ឧទាហរណ៍ អ្នក​បម្រើ​ស្មោះ​ត្រង់​ម្នាក់​គឺ​ហា​ណា​បាន​អធិដ្ឋាន​ថា​៖ ​«​ចិត្ត[​ពាក្យ​ភាសា​ហេប្រឺ បេះដូង​]ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះ​[​យេហូវ៉ា​]​»។ (​១សាំ. ២:១​) គឺ​សំខាន់​ណាស់​ដែល​យើង​ខំ​យល់​ថា​«​ចិត្ត​»​ជា​និមិត្តរូប​អ្វី ដោយ​សារ​គម្ពីរ​បាន​ប្រាប់​យើង​ឲ្យ​ការពារ​ចិត្ត​របស់​យើង។—សូម​អាន សុភាសិត ៤:២៣

តើ​ពាក្យ​ចិត្ត​សំដៅ​ទៅ​លើ​អ្វី?

៣​. តើ​យើង​អាច​យល់​អត្ថន័យ​នៃ​ពាក្យ​«​ចិត្ត​»​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

ទោះ​ជា​បណ្ដាំ​របស់​ព្រះ​មិន​បាន​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​«​ចិត្ត​»​ក៏​ដោយ យើង​នៅ​តែ​អាច​យល់​នូវ​អត្ថន័យ​នៃ​ពាក្យ​នេះ​បាន។ តើ​តាម​របៀប​ណា? ជា​ឧទាហរណ៍ សូម​គិត​អំពី​រូប​ផ្គុំ​ដែល​ធ្វើ​អំពី​បំណែក​ក្រដាស​ជា​ច្រើន។ ដោយ​ថយ​មក​មើល​រូប​ផ្គុំ​ទាំង​មូល គេ​ឃើញ​ថា​បំណែក​ក្រដាស​ដែល​បាន​ផ្គុំ​ត្រូវ​គ្នា​ទាំង​អស់​នោះ ចេញ​ជា​រូបភាព​មួយ។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​មើល​កន្លែង​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​ប្រើ​ពាក្យ​«​ចិត្ត​»​ដើម្បី​ឲ្យ​យើង​អាច​យល់​ថា​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា។ ដូច្នេះ តើ​ពាក្យ​ថា​ចិត្ត​មាន​ន័យ​យ៉ាង​ណា?

៤​. ​(​ក​) តើ​ពាក្យ​«​ចិត្ត​»​ជា​តំណាង​អ្វី? (​ខ​) តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២២:៣៧​មាន​ន័យ​ដូច​ម្ដេច?

អ្នក​សរសេរ​គម្ពីរ​ប្រើ​ពាក្យ​«​ចិត្ត​»​ដើម្បី​ពណ៌​នា​អំពី​ធាតុ​ពិត​ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស។ នេះ​រួម​បញ្ចូល​បំណង​ប្រាថ្នា ការ​គិត ចរិត​លក្ខណៈ ចិត្ត​គំនិត សមត្ថភាព បំណង​ចិត្ត​និង​គោលដៅ​របស់​យើង។ (​សូម​អាន ចោទិយកថា ១៥:៧; សុភាសិត ១៦:៩; សកម្មភាព ២:​២៦) ប៉ុន្តែ ក្នុង​ករណី​ផ្សេង​ទៀត​ពាក្យ​«​ចិត្ត​»​មិន​មាន​ន័យ​ដូច្នេះ​ទេ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់ពី​ដួង​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថ. ២២:​៣៧​) ក្នុង​ករណី​នេះ​«​ចិត្ត​»​សំដៅ​ទៅ​លើ​ទឹក​ចិត្ត សេចក្ដី​ប៉ង​ប្រាថ្នា និង​អារម្មណ៍​ពិត​ប្រាកដ​របស់​មនុស្ស​ម្នាក់។ ដោយ​បញ្ជាក់​អំពី​ចិត្ត​ជា​មួយ​នឹង​ព្រលឹង​និង​សមត្ថភាព​រិះ​គិត នោះ​លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍​ថា អារម្មណ៍ របៀប​រស់​នៅ និង​របៀប​គិត​គូរ​របស់​យើង​ត្រូវ​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ។ (​យ៉ូន. ១៧:៣; អេភ. ៦:៦​) ប៉ុន្តែ ពេល​មាន​តែ​ពាក្យ​«​ចិត្ត​»​ប៉ុណ្ណោះ​វិញ ពាក្យ​នេះ​សំដៅ​ទៅ​លើ​លក្ខណៈ​ទាំង​អស់​ក្នុង​ខ្លួន​មនុស្ស។

មូលហេតុ​ដែល​យើង​ត្រូវ​ការពារ​ចិត្ត​របស់​យើង

៥​. ហេតុ​អ្វី​យើង​ចង់​ខំ​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត?

ស្តី​អំពី​ចិត្ត ស្តេច​ដាវីឌ​បាន​រំលឹក​សាឡូម៉ូន​ថា​៖ ​«​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិបត្ដិ​តាម​ទ្រង់ ដោយ​អស់ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ​»។ (​១រប. ២៨:​៩​) ពិត​មែន ព្រះ​យេហូវ៉ា​ជា​អ្នក​ពិនិត្យ​មើល​ចិត្ត​ទាំង​អស់​រួម​ទាំង​ចិត្ត​របស់​យើង​ផង​ដែរ។ (​សុភ. ១៧:៣; ២១:​២​) ហើយ​អ្វី​ដែល​លោក​រក​ឃើញ​ក្នុង​ចិត្ត​របស់​យើង​មាន​ឥទ្ធិពល​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​និង​អនាគត​របស់​យើង​ផង​ដែរ។ ហេតុ​នេះ ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ យើង​ធ្វើ​តាម​ឱវាទ​របស់​ដាវីឌ​ដោយ​ខំ​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត។

៦​. តើ​យើង​គួរ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​ការ​តាំង​ចិត្ត​បម្រើ​ព្រះ?

តាម​ការ​ពិត ការ​ខំ​ប្រឹង​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​ក្នុង​នាម​ជា​រាស្ត្រ​របស់​លោក បង្ហាញ​ថា​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត។ ដំណាល​គ្នា​នោះ យើង​ក៏​ដឹង​ថា​ការ​បង្ខិត​បង្ខំ​នៃ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​និង​ទំនោរ​ចិត្ត​ដែល​ទោរ​ទន់​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង នាំ​ឲ្យ​យើង​ពិបាក​ធ្វើ​តាម​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត។ (​យេ. ១៧:​៩; អេភ. ២:២​) ហេតុ​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​មិន​ឈប់​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត នោះ​យើង​ត្រូវ​ពិនិត្យ​មើល​ចិត្ត​របស់​យើង​ជា​ទៀង​ទាត់។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

៧​. តើ​អ្វី​បង្ហាញ​ការ​ពិត​អំពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​យើង?

យើង​មិន​អាច​មើល​ឃើញ​ស្នូល​ឬ​ខ្លឹម​នៃ​ដើម​ឈើ​មួយ​បាន​ទេ។ ដូច​គ្នា​ដែរ អ្នក​ឯ​ទៀត​មិន​អាច​មើល​ឃើញ​លក្ខណៈ​ពិត​ក្នុង​ចិត្ត​យើង​បាន​ឡើយ។ ក៏​ប៉ុន្តែ ដូច​លោក​យេស៊ូ​បាន​បញ្ជាក់​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ សកម្មភាព​ផ្សេង​ៗ​របស់​យើង​បង្ហាញ​ការ​ពិត​អំពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​យើង ដូច​ផ្លែ​ឈើ​បង្ហាញ​ពី​សភាព​ពិត​របស់​ដើម​វា។ (​ម៉ាថ. ៧:១៧​-​២០​) សូម​ឲ្យ​យើង​ពិចារណា​អំពី​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ទាំង​នោះ។

វិធី​ជាក់​ស្តែង​មួយ​ដើម្បី​ពិនិត្យ​មើល​ចិត្ត​របស់​យើង

៨​. តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៣​និង​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?

ក្នុង​សុន្ទរកថា​ដដែល​នេះ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​ស្ដាប់​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ចង់​បម្រើ​ព្រះ​ដោយ​អស់​ពី​ចិត្ត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បន្ត​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក​»។ (​ម៉ាថ. ៦:៣៣​) ពិត​មែន អ្វី​ដែល​យើង​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង ស​ឲ្យ​ឃើញ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា គំនិត និង គម្រោង​ដែល​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​យើង។ ដូច្នេះ​របៀប​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​កំពុង​បម្រើ​ព្រះ​ដោយ​អស់ពី​ចិត្ត​នោះ គឺ​ការ​ពិនិត្យ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

៩​. តើ​លោក​យេស៊ូ​បាន​ផ្ដល់​ការ​អញ្ជើញ​អ្វី​ចំពោះ​បុរស​ខ្លះ ហើយ​តើ​ការ​ប្រព្រឹត្ត​តប​របស់​ពួក​គេ​ចំពោះ​ការ​អញ្ជើញ​នោះ​បាន​បង្ហាញ​ពី​អ្វី?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ដាស់​តឿន​អ្នក​កាន់​តាម​លោក​ឲ្យ​«​បន្ត​ស្វែងរក​រាជាណាចក្រ . . . របស់​ព្រះ​ជា​មុន​»​ រឿង​មួយ​បាន​កើត​ឡើង​ដែល​បង្ហាញ​ថា អ្វី​ដែល​មនុស្ស​ចាត់​ទុក​ថា​សំខាន់​ជាង​គេ​ក្នុង​ជីវិត ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​សន្ដាន​ចិត្ត​របស់​ពួក​គេ។ លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​ថា​លោក​យេស៊ូ​បាន​«​តាំង​ចិត្ត​យ៉ាង​រឹង​មាំ​ទៅ​ក្រុង​យេរូសាឡិម​»​ ទោះ​ជា​លោក​ដឹង​យ៉ាង​ច្បាស់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​លោក​នៅ​ទី​នោះ​ក៏​ដោយ។ ក្នុង​អំឡុង​ពេល​ដែល​លោក​និង​ពួក​សាវ័ក​របស់​លោក​«​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​»​ លោក​យេស៊ូ​បាន​ជួប​បុរស​ខ្លះ​ដែល​លោក​បាន​អញ្ជើញ​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»។ បុរស​ទាំង​នោះ​បាន​សុខ​ចិត្ត​ទទួល​ការ​អញ្ជើញ​របស់​លោក​យេស៊ូ ប៉ុន្តែ​ពួក​គេ​ចង់​ធ្វើ​អ្វី​ផ្សេង​ជា​មុន​សិន។ បុរស​ម្នាក់​បាន​តប​ទៅ​លោក​វិញ​ថា​៖ ​«​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ​បញ្ចុះ​សព​ឪពុក​ខ្ញុំ​សិន​»។ ហើយ​បុរស​ម្នាក់​ទៀត​បាន​តប​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​នឹង​ទៅ​តាម​លោក ប៉ុន្តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លា​ពួក​អ្នក​ផ្ទះ​របស់​ខ្ញុំ​សិន​»។ (​លូក. ៩:​៥១, ៥៧​-​៦១​) យើង​អាច​ឃើញ​ច្បាស់​នូវ​ភាព​ខុស​គ្នា​ស្រឡះ​រវាង​ការ​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​របស់​លោក​យេស៊ូ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​ចិត្ត​ស្ទាក់​ស្ទើរ​របស់​បុរស​ទាំង​នោះ។ ដោយ​ចាត់​ទុក​រឿង​ផ្ទាល់​ខ្លួន​ថា​សំខាន់​ជាង​កិច្ច​បម្រើ​ព្រះ នោះ​ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​មិន​ចង់​បម្រើ​ព្រះ​ដោយ​ស្មោះ​អស់ពី​ចិត្ត​ទេ។

១០​. ​(​ក​) តើ​អ្នក​កាន់​តាម​គ្រិស្ត​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​អញ្ជើញ​របស់​លោក​យេស៊ូ? (​ខ​) តើ​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ខ្លី​អ្វី?

១០ យើង​មិន​ដូច​បុរស​ទាំង​នោះ​ទេ។ យើង​បាន​ទទួល​ការ​អញ្ជើញ​របស់​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ហើយ​ឥឡូវ​យើង​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។ ដោយ​ធ្វើ​បែប​នេះ យើង​បង្ហាញ​ថា​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ ទោះ​ជា​យើង​កំពុង​មាន​សកម្មភាព​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ យើង​ក៏​នៅ​តែ​ត្រូវ​ដឹង​ច្បាស់​នូវ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ដល់​ចិត្ត​របស់​យើង។ តើ​គ្រោះ​ថ្នាក់​នោះ​ជា​អ្វី? ពេល​លោក​យេស៊ូ​សន្ទនា​ជា​មួយ​បុរស​ទាំង​នោះ​ដែល​លោក​បាន​អញ្ជើញ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​គ្រោះ​ថ្នាក់​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ចាប់​កាន់​នង្គ័ល តែ​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ អ្នក​នោះ​មិន​សម​នឹង​រាជាណាចក្រ​របស់​ព្រះ​ឡើយ​»។ (​លូក. ៩:​៦២​) តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ឧទាហរណ៍​នេះ?

តើ​យើង​«​កាន់​ខ្ជាប់​អ្វី​ៗ​ដែល​ល្អ​»​ឬ​ទេ?

១១​. តើ​ការងារ​របស់​កសិករ​នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​ទៅ​ជា​យ៉ាង​ណា ហើយ​ហេតុ​អ្វី?

១១ ដើម្បី​ឲ្យ​យើង​អាច​យល់​ច្បាស់​នូវ​ឧទាហរណ៍​ខ្លី​របស់​លោក​យេស៊ូ សូម​ឲ្យ​យើង​ពិចារណា​ថែម​ទៀត ហើយ​គិត​ឲ្យ​បាន​ល្អិត​ល្អន់​អំពី​ឧទាហរណ៍​នេះ។ កសិករ​ម្នាក់​កំពុង​រវល់​ភ្ជួរ​ស្រែ។ ក៏​ប៉ុន្តែ ពេល​កំពុង​ភ្ជួរ គាត់​មិន​អាច​ឈប់​គិត​អំពី​ផ្ទះ​របស់​គាត់ ជា​ទី​កន្លែង​ដែល​គាត់​អាច​នៅ​ជា​មួយ​ក្រុម​គ្រួសារ មិត្ត​ភក្ដិ បរិភោគ​ម្ហូប​អាហារ លេង​ភ្លេង សើច​សប្បាយ​ហើយ​នៅ​ក្នុង​ម្លប់​ត្រជាក់។ គាត់​នឹក​ចង់​បាន​អ្វី​ៗ​ទាំង​នោះ​យ៉ាង​ខ្លាំង។ បន្ទាប់​ពី​ភ្ជួរ​ដី​បាន​មួយ​រយៈ​ពេល បំណង​ប្រាថ្នា​របស់​កសិករ​នោះ​ចំពោះ​អ្វី​ៗ​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​ជីវិត​រីករាយ គឺ​កាន់​តែ​ខ្លាំង​ឡើង​ៗ​រហូត​ដល់​គាត់ បែរ​ទៅ​មើល​«​អ្វី​នៅ​ខាង​ក្រោយ​»។ ទោះ​ជា​នៅ​តែ​មាន​ការងារ​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​មុន​សាប​ព្រោះ​ក៏​ដោយ កសិករ​នោះ​មិន​មូល​អារម្មណ៍ ហើយ​គាត់​ធ្វើ​កិច្ចការ​របស់​គាត់​មិន​បាន​ល្អ។ ម្ចាស់​របស់​កសិករ​នោះ​ច្បាស់​ជា​ខក​ចិត្ត​ដោយ​សារ​គាត់​ខ្វះ​ការ​តស៊ូ។

១២​. តើ​យើង​អាច​ឃើញ​ភាព​ស្រដៀង​គ្នា​អ្វី​រវាង​កសិករ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ និង​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សព្វ​ថ្ងៃ?

១២ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​អំពី​ស្ថានភាព​ស្រដៀង​គ្នា​ដែល​មាន​នៅ​សម័យ​នេះ។ កសិករ​នោះ​អាច​ប្រៀប​បាន​នឹង​គ្រិស្ត​សាសនិក​ណា​ដែល​មើល​ទៅ​ដូច​ជា​កំពុង​បម្រើ​ព្រះ​យ៉ាង​ល្អ ប៉ុន្តែ​តាម​ការ​ពិត​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​កំពុង​ប្រេះ​ឆា។ ជា​ឧទាហរណ៍ សូម​ឲ្យ​យើង​ស្រមៃ​គិត​ថា​មាន​បង​ប្រុស​ម្នាក់​ដែល​កំពុង​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ក៏​ប៉ុន្តែ ទោះ​ជា​ពេល​គាត់​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​និង​ពេល​គាត់​ផ្សព្វ​ផ្សាយ​ក៏​ដោយ គាត់​មិន​អាច​ឈប់​គិត​អំពី​លក្ខណៈ​ខ្លះ​នៃ​របៀប​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​គាត់​ពេញ​ចិត្ត។ អ្វី​ទាំង​នេះ​បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​នឹក​ចង់​បាន​របស់​ទាំង​នោះ​យ៉ាង​ខ្លាំង។ នៅ​ទី​បំផុត បន្ទាប់​ពី​គាត់​បំពេញ​កិច្ច​បម្រើ​ផ្សាយ​បាន​ប៉ុន្មាន​ឆ្នាំ បំណង​ប្រាថ្នា​ចង់​បាន​របស់​ខ្លះ​ក្នុង​ពិភព​លោក​នេះ មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​រហូត​ដល់​គាត់​បែរ​ទៅ​មើល​«​អ្វី​នៅ​ខាង​ក្រោយ​»។ ទោះ​ជា​នៅ​តែ​មាន​កិច្ចការ​ជា​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក៏​ដោយ គាត់​មិន​បាន​បន្ត​«​កាន់​ខ្ជាប់​នូវ​បណ្ដាំ​នៃ​ជីវិត​»​ទេ ហើយ​សកម្មភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​របស់​គាត់​បាន​ចុះ​ខ្សោយ។ (​ភី. ២:១៦​) ព្រះ​យេហូវ៉ា​ដែល​ជា​«​ម្ចាស់​នៃ​កិច្ចការ​ប្រមូល​ផល​ដំណាំ​»​ព្រួយ​ចិត្ត​ដោយ​សារ​ការ​ខ្វះ​ការ​ស៊ូ​ទ្រាំ​បែប​នេះ។—លូក. ១០:២

១៣​. តើ​ការ​បម្រើ​ព្រះ​យ៉ាង​អស់ពី​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ?

១៣ មេរៀន​នេះ​គឺ​ជាក់​ស្តែង​ណាស់។ ជា​ការ​ល្អ​ប្រសើរ​បើ​យើង​រួម​ចំណែក​យ៉ាង​ទៀង​ទាត់​ក្នុង​កិច្ចការ​ដែល​មាន​ប្រយោជន៍ និង​នាំ​ឲ្យ​ពេញ​ចិត្ត ដូច​ជា​ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត​រួម​បញ្ចូល​អ្វី​ៗ​ជា​ច្រើន​ទៀត។ (​២រប. ២៥:១, ២, ២៧​) ប្រសិនបើ​គ្រិស្ត​សាសនិក​ម្នាក់​បន្ត​ស្រឡាញ់​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត​នូវ​«​អ្វី​នៅ​ខាង​ក្រោយ​»​ ពោល​គឺ​លក្ខណៈ​ខ្លះ​នៃ​របៀប​រស់​នៅ​ក្នុង​ពិភព​លោក នេះ​អាច​នាំ​ឲ្យ​គាត់​បាត់បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ (​លូក. ១៧:​៣២​) បើ​យើង​ពិត​ជា​«​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​អ្វី​ៗ​ដែល​ល្អ​»​ នោះ​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​នឹង​«​សម​នឹង​រាជាណាចក្រ​របស់​ព្រះ​»។ (​រ៉ូម ១២:៩; លូក. ៩:៦២​) ហេតុ​នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រាកដ​ថា​គ្មាន​អ្វី​ក្នុង​ពិភព​លោក​របស់​សាថាន ទោះ​ជា​មើល​ទៅ​មាន​ប្រយោជន៍​ឬ​ក៏​គួរ​ឲ្យ​សប្បាយ​ក៏​ដោយ មក​រា​រាំង​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យ៉ាង​អស់ពី​ចិត្ត​ឡើយ។—២កូ. ១១:១៤; សូម​អាន ភីលីព ៣:​១៣,១៤

ចូរ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច!

១៤, ១៥​. ​(​ក​) តើ​សាថាន​ព្យាយាម​ដើម្បី​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) យោង​តាម​ឧទាហរណ៍​ខាង​លើ តើ​អ្វី​ធ្វើ​ឲ្យ​វិធី​ដែល​សាថាន​ប្រើ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ម្ល៉េះ?

១៤ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​ប្រគល់​ខ្លួន​ជូន​លោក។ តាំង​ពី​ពេល​នោះ​មក យើង​ជា​ច្រើន​នាក់​បាន​ផ្ដល់​ភ័ស្តុតាង​អស់​ច្រើន​ឆ្នាំ​ថា យើង​បាន​តាំង​ចិត្ត​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត។ ក៏​ប៉ុន្តែ សាថាន​នៅ​តែ​ខំ​មាន​ឥទ្ធិពល​មក​លើ​យើង។ ចិត្ត​របស់​យើង​នៅ​តែ​ជា​គោលដៅ​របស់​វា។ (​អេភ. ៦:​១២​) សាថាន​ប្រហែលជា​ដឹង​ថា​គឺ​មិន​ងាយ​ឲ្យ​យើង​បោះបង់​ចោល​ព្រះ​យេហូវ៉ា​ភ្លាម​ៗ​នោះ​ទេ។ ហេតុ​នេះ សាថាន​ប្រើ​«​ជីវភាព​នៅ​សម័យ​នេះ​»​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​ខ្នះខ្នែង​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​ចំពោះ​ព្រះ​ចុះ​ខ្សោយ​បន្ដិច​ម្ដង​ៗ។ (​សូម​អាន ម៉ាកុស ៤:​១៨, ១៩) ហេតុ​អ្វី​វិធី​នេះ​ដែល​សាថាន​ប្រើ​មាន​ប្រសិទ្ធភាព​ខ្លាំង​ម្ល៉េះ?

១៥ ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​អាន​សៀវភៅ​ដោយ​ប្រើ​អំពូល​ភ្លើង​កម្លាំង​១០០​វ៉ា​ត់ ប៉ុន្តែ​ក្រោយ​មក​អំពូល​នោះ​ដាច់។ អ្នក​ប្រហែល​កត់​សម្គាល់​ភ្លាម​ៗ​ថា​បន្ទប់​ងងឹត ហើយ​ដូរ​អំពូល​ភ្លើង​ថ្មី។ បន្ទប់​ក៏​ចាប់​ផ្ដើម​ភ្លឺ​ម្ដង​ទៀត។ យប់​បន្ទាប់ អ្នក​កំពុង​អាន​ដោយ​ប្រើ​អំពូល​ភ្លើង​ដដែល​នោះ។ ក៏​ប៉ុន្តែ ដោយ​អ្នក​មិន​បាន​ដឹង មាន​មនុស្ស​ប្ដូរ​អំពូល​ភ្លើង​ថ្មី​ពី​១០០​វ៉ាត់​ទៅ​៩៥​វ៉ាត់​វិញ។ តើ​អ្នក​នឹង​កត់​សម្គាល់​ពី​ភាព​ខុស​គ្នា​ឬ​ទេ? ទំនង​ជា​មិន​បាន​កត់​សម្គាល់​ទេ។ ចុះ​យ៉ាង​ណា​វិញ​បើ​ថ្ងៃ​បន្ទាប់ មាន​មនុស្ស​មក​ប្ដូរ​អំពូល​ភ្លើង​របស់​អ្នក​ទៅ​៩០​វ៉ាត់​វិញ? ដូច​គ្នា​ដែរ អ្នក​ប្រហែលជា​នៅ​តែ​មិន​ទាន់​អាច​កត់​សម្គាល់​បាន​នោះ​ទេ។ តើ​ហេតុ​អ្វី? ពីព្រោះ​ពន្លឺ​នៃ​អំពូល​ភ្លើង​ថយ​ចុះ​បន្ដិច​ម្ដង​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ដឹង​បាន។ ស្រដៀង​គ្នា​ដែរ ឥទ្ធិពល​នៃ​ពិភព​លោក​របស់​សាថាន​ប្រហែល​នាំ​ឲ្យ​ចិត្ត​ខ្នះខ្នែង​របស់​យើង​ថយ​ចុះ​បន្ដិច​ម្ដង​ៗ។ ប្រសិនបើ​ដូច្នេះ​មែន សាថាន​ធ្វើ​ឲ្យ​ចិត្ត​ខ្នះខ្នែង​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​របស់​យើង​ចំពោះ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ ដូច​មនុស្ស​ដែល​បន្ថយ​កម្លាំង​អំពូល​ភ្លើង​ពី​១០០​វ៉ាត់​ដែរ។ ប្រសិនបើ​គ្រិស្ត​សាសនិក​មិន​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ទេ ប្រហែលជា​គាត់​មិន​អាច​កត់​សម្គាល់​នូវ​ភាព​ខុស​គ្នា​នោះ​ទេ។—ម៉ាថ. ២៤:៤២; ១ពេ. ៥:៨

សេចក្ដី​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់

១៦​. តើ​តាម​របៀប​ណា​យើង​អាច​ការពារ​ខ្លួន​ពី​កលល្បិច​របស់​សាថាន​បាន?

១៦ តើ​តាម​របៀប​ណា​យើង​អាច​ការពារ​ខ្លួន​ពី​កលល្បិច​របស់​សាថាន ហើយ​បន្ត​បម្រើ​ព្រះ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​បាន? (​២កូ. ២:​១១​) សេចក្ដី​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​«​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​កលល្បិច​ទាំង​ប៉ុន្មាន​របស់​មេកំណាច​»។ បន្ទាប់​មក​ប៉ូល​បាន​ដាស់​តឿន​ពួក​គាត់​ឲ្យ​«​បន្ត​អធិដ្ឋាន​នៅ​គ្រប់​ឱកាស . . . ដោយ​ប្រើ​សេចក្ដី​អធិដ្ឋាន​និង​ការ​អង្វរ​សុំ​គ្រប់​យ៉ាង​»។—អេភ. ៦:១១, ១៨; ១ពេ. ៤:៧

១៧​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ?

១៧ ដើម្បី​កាន់​ជំហរ​រឹង​មាំ​ប្រឆាំង​សាថាន ជា​ការ​ល្អ​ដែល​យើង​យក​តម្រាប់​តាម​លោក​យេស៊ូ​ក្នុង​ការ​អធិដ្ឋាន។ សេចក្ដី​អធិដ្ឋាន​របស់​លោក​បាន​ស​ឲ្យ​ឃើញ​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​របស់​លោក ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​លូកា​បាន​កត់​ទុក​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​អធិដ្ឋាន​នៅ​រាត្រី​មុន​នឹង​លោក​ស្លាប់។ គាត់​សរសេរ​ថា​៖ ​«​លោក​បាន​កើត​ទុក្ខ​ជា​ខ្លាំង ក៏​បាន​បន្ត​អធិដ្ឋាន​ដោយ​ចិត្ត​ខ្នះខ្នែង​ជាង​មុន​ទៅ​ទៀត​»។ (​លូក. ២២:៤៤​) ពី​មុន​លោក​យេស៊ូ​ធ្លាប់​អធិដ្ឋាន​ដោយ​ចិត្ត​ខ្នះខ្នែង ប៉ុន្តែ​ក្នុង​ពេល​នេះ ពេល​លោក​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​លោក​នៅ​ផែនដី លោក​បាន​អធិដ្ឋាន​«​ដោយ​ចិត្ត​ខ្នះខ្នែង​ជាង​មុន​ទៅ​ទៀត​»​ ហើយ​ព្រះ​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​លោក។ គំរូ​របស់​លោក​យេស៊ូ​បង្ហាញ​ថា សេចក្ដី​អធិដ្ឋាន​ខ្លះ​គឺ​ខ្លាំង​ជាង​សេចក្ដី​អធិដ្ឋាន​ឯ​ទៀត។ ដូច្នេះ កាល​ណា​ទុក្ខ​លំបាក​កាន់​តែ​ខ្លាំង និង​កាល​ណា​ឧបាយ​កល​របស់​សាថាន​កាន់​តែ​ពិបាក​កត់​សម្គាល់ នោះ​យើង​ក៏​ត្រូវ​អធិដ្ឋាន​«​ដោយ​ចិត្ត​ខ្នះខ្នែង​ជាង​មុន​ទៅ​ទៀត​»​សុំ​ព្រះ​យេហូវ៉ា​ការពារ​យើង។

១៨​. ​(​ក​) តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី? (​ខ​) តើ​កត្ដា​អ្វី​ខ្លះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង ហើយ​តាម​របៀប​ណា? (​សូម​មើល​ ប្រអប់​នៅ​ទំព័រ​ទី​១៦​)

១៨ តើ​សេចក្ដី​អធិដ្ឋាន​បែប​នេះ​នឹង​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ណា? ប៉ូល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​របស់​អ្នក​រាល់​គ្នា›។ (​ភី. ៤:៦, ៧​) មែន​ហើយ យើង​ត្រូវ​អធិដ្ឋាន​ជា​រឿយ​ៗ​និង​យ៉ាង​ស្មោះ​អស់ពី​ចិត្ត ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត​ជា​និច្ច។ (​លូក. ៦:១២​) ហេតុ​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អធិដ្ឋាន​ជា​រឿយ​ៗ​និង​អស់ពី​ចិត្ត​ឬ​ទេ?›។ (​ម៉ាថ. ៧:៧; រ៉ូម ១២:​១២​) ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នេះ ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​របស់​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​ស្មោះ​អស់​ពី​ចិត្ត។

១៩​. តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត?

១៩ ដូច​ដែល​យើង​បាន​ពិចារណា អ្វី​ដែល​យើង​ចាត់​ទុក​ថា​សំខាន់​ទី​១​ក្នុង​ជីវិត​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សន្ដាន​ចិត្ត​របស់​យើង។ សូម​កុំ​ឲ្យ​អ្វី​នៅ​ខាង​ក្រោយ​និង​កលល្បិច​របស់​សាថាន​បង្អាក់​ការ​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត។ (​សូម​អាន លូកា ២១:​១៩, ៣៤​-​៣៦) ដូច្នេះ ដូច​ដាវីឌ យើង​ចង់​បន្ត​អង្វរ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​យើង​មាន​«​ចិត្ត​ស្មោះ​ត្រង់​»​ទាំង​ស្រុង។—ទំន. [​ទំនុក.​] ៨៦:១១, ខ.ស.

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ប្រអប់​នៅ​ទំព័រ​១៦​]

 កត្ដា​បី​យ៉ាង​ដែល​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​យើង

មាន​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ប្រើ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​បេះដូង​របស់​យើង។ ដូច​គ្នា​ដែរ មាន​វិធី​ផ្សេង​ៗ​ដែល​យើង​អាច​ប្រើ​ដើម្បី​ការពារ​ចិត្ត​របស់​យើង។ សូម​ពិចារណា​កត្ដា​សំខាន់​ៗ​បី​យ៉ាង​ខាង​ក្រោម​នេះ:

១ អាហារ​ដែល​មាន​ជីវជាតិ: យើង​ត្រូវ​ការ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។ ដូច​គ្នា​ដែរ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទទួល​ទាន​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ក្នុង​ន័យ​ធៀប តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ទៀង​ទាត់ ការ​រំពឹង​គិត និង​ការ​ចូល​រួម​កិច្ច​ប្រជុំ។—ទំនុក. ១:១, ២; សុភ. ១៥:២៨; ហេ. ១០:២៤, ២៥

២ ការ​ហាត់​ប្រាណ: ដើម្បី​មាន​សុខភាព​ល្អ ជួនកាល បេះដូង​ត្រូវ​មាន​ចលនា​ខ្លាំង។ ស្រដៀង​គ្នា​ដែរ ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដោយ​ខ្នះខ្នែង ប្រហែលជា​ដោយ​ខំ​ប្រឹង​ឲ្យ​មាន​សកម្មភាព​កាន់​តែ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ នេះ​នឹង​ជួយ​ការពារ​ចិត្ត​របស់​យើង។—លូក. ១៣:២៤; ភី. ៣:១២

៣ បរិយាកាស​ជុំ​វិញ: ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​និង​រស់​នៅ​ជា​មួយ​មនុស្ស​ទុច្ចរិត​ដែល​នៅ​ជុំ​វិញ​យើង អាច​ធ្វើ​ឲ្យ​បេះដូង​និង​ចិត្ត​របស់​យើង​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ យើង​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​នេះ ដោយ​សេពគប់​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ជា​អ្នក​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង និង​ដែល​មាន​ចិត្ត​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។—ទំនុក. ១១៩:៦៣; សុភ. ១៣:២០