តើអ្នកចាំឬទេ?
តើអ្នកចាំឬទេ?
តើអ្នកបានអានដោយយកចិត្តទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីៗឬទេ? សូមសាកឆ្លើយសំណួរជាបន្តបន្ទាប់នេះ:
ហេតុអ្វីគំរូរបស់សាឡូម៉ូនអាចទុកជាការព្រមានសម្រាប់យើង?
ព្រះបានឲ្យពរស្តេចសាឡូម៉ូនហើយប្រើគាត់ដើម្បីសម្រេចគោលបំណងរបស់លោក។ ក៏ប៉ុន្តែក្នុងអំឡុងការគ្រប់គ្រងរបស់សាឡូម៉ូន គាត់ឈប់ធ្វើតាមឱវាទរបស់ព្រះ។ គាត់បានយកកូនស្រីរបស់ផារ៉ូធ្វើជាប្រពន្ធ ទោះជានាងមិនមែនជាអ្នកគោរពព្រះយេហូវ៉ាក៏ដោយ។ គាត់បានរៀបការប្រពន្ធជាច្រើន ហើយបន្ដិចម្ដងៗគាត់បានឲ្យស្ត្រីដែលមិនគោរពព្រះយេហូវ៉ានាំឲ្យគាត់ចាប់ផ្ដើមគោរពបូជាព្រះមិនពិត។ យើងត្រូវប្រុងប្រយ័ត្ន កុំឲ្យចាប់ផ្ដើមមានចិត្តគំនិតឬទំនោរចិត្តមិនល្អ។ (ចោ. ៧:១-៤; ១៧:១៧; ១ព. ១១:៤-៨)—១/១២ ទំព័រ១២-១៤
ហេតុអ្វីយើងអាចចាត់ទុកសារ៉ាជាស្ត្រីម្នាក់ដែលកោតខ្លាចព្រះនិងជាភរិយាជាទីស្រឡាញ់របស់អាប្រាហាំ?
ពេលព្រះបង្គាប់អាប្រាហាំឲ្យចេញពីក្រុងអ៊ើរ នោះតម្រូវឲ្យគាត់ចាកចេញពីបងប្អូនញាតិមិត្តនិងឲ្យលះចោលរបៀបរស់នៅដែលពួកគាត់ធ្លាប់មាន រួចទៅកន្លែងដែលពួកគាត់មិនស្គាល់។ សារ៉ាបានចុះចូល ដោយទុកចិត្តថាព្រះនឹងឲ្យពរដល់នាង។ នាងបង្ហាញគុណសម្បត្ដិដ៏ល្អរបស់នាង ដោយគោរពអាប្រាហាំ។—១/២ ទំព័រ៧
ហេតុអ្វីបានជាព្រះយេហូវ៉ាសុំអាប្រាហាំបូជាកូនតែមួយរបស់គាត់?
គឺជាការសំខាន់ណាស់ដែលយើងចាំថា ព្រះមិនបានអនុញ្ញាតឲ្យអាប្រាហាំសម្លាប់អ៊ីសាកទេ។ នេះជារបៀបដែលព្រះបង្ហាញថាលោកនឹងធ្វើពលិកម្មយ៉ាងធំ ដោយបូជាបុត្ររបស់លោក គឺលោកយេស៊ូ។—១/១ ទំព័រ២៣ (ជាភាសាអង់គ្លេស)
តើអ្វីបញ្ជាក់ថាតាំងពីសតវត្សរ៍ទី១មកម្ល៉េះនៅផែនដីតែងតែមានគ្រិស្តសាសនិកខ្លះដែលព្រះបានរើសតាំង?
ក្នុងឧទាហរណ៍របស់លោកយេស៊ូស្តីអំពី«ស្រូវសាលី»និង«ស្រងែ»នោះ «គ្រាប់ពូជល្អ»ជាតំណាង«កូននៃរាជាណាចក្រ»។ (ម៉ាថ. ១៣:២៤-៣០, ៣៨) ស្រងែនិងស្រូវសាលីដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់។ ដូច្នេះ ទោះជាយើងមិនអាចដឹងប្រាកដថាអ្នកណាខ្លះបាននៅក្នុងក្រុមមនុស្សដែលតំណាងដោយស្រូវសាលីក៏ដោយ តែយើងដឹងថាត្រូវមានពួកគាត់ខ្លះរហូតដល់សម័យយើង។—១/១ ទំព័រ១១
តើព្រឹត្ដិការណ៍អ្វីខ្លះនឹងកើតឡើងភ្លាមមុនហាម៉ាគេដូន?
ប្រជាជាតិទាំងឡាយនឹងចេញសេចក្ដីប្រកាសដ៏សំខាន់គួរឲ្យកត់សម្គាល់មួយថា៖ «មានសន្ដិភាពនិងសន្ដិសុខហើយ!»។ (១ថែ. ៥:៣) រដ្ឋាភិបាលនានានឹងវាយប្រហារសាសនាមិនពិតទាំងឡាយ។ (បប. ១៧:១៥-១៨) អ្នកគោរពប្រណិប័តន៍ពិតនឹងត្រូវគេវាយប្រហារ។ រួចមកទីបញ្ចប់នឹងមកដល់។—១/៣ ទំព័រ៩
តើយើងអាចធ្វើអ្វីខ្លះដើម្បីយកឈ្នះចិត្តគំនិតដែលចេះតែច្រណែនអ្នកឯទៀត?
អ្វីដែលអាចជួយយើងមានដូចតទៅនេះ: ព្យាយាមស្រឡាញ់រាប់អានបងប្អូនរួមជំនឿ សេពគប់ជាមួយនឹងមនុស្សដែលគោរពប្រណិប័តន៍ព្រះ ខំប្រឹងធ្វើអំពើល្អ ហើយ«អរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ» (រ៉ូម ១២:១៥)។—១៥/២ ទំព័រ១៦-១៧ (ជាភាសាអង់គ្លេស)
តើអ្នកណានិយាយភាសាណាហ៊ូវាត់ហើយតើពួកគេកំពុងទទួលជំនួយបែបណា?
ណាហ៊ូវាត់ជាភាសារបស់ពួកអាស្ទិចនៅសម័យបុរាណ ហើយនៅមានមនុស្ស១,៥លាននាក់នៅប្រទេសម៉ិចស៊ិចនិយាយភាសានោះ។ ពួកសាក្សីកំពុងផ្សព្វផ្សាយជាភាសាណាហ៊ូវាត់ ហើយសៀវភៅខ្លះរបស់យើងបានត្រូវបកប្រែជាភាសានោះដែរ។—១/៣ ទំព័រ១៣-១៤ (ជាភាសាអង់គ្លេស)
ពេលយើងឲ្យឱវាទ តើយើងគួរចាំគោលការណ៍អ្វី?
ខំស្វែងយល់អំពីស្ថានភាពពិតប្រាកដ។ កុំឆាប់អារកាត់។ បង្ហាញចិត្តរាបទាបដោយអនុវត្តបណ្ដាំរបស់ព្រះ។ បើអាចធ្វើបាន សូមស្រាវជ្រាវ។ ជៀសវាងពីការសម្រេចចិត្តជំនួសអ្នកឯទៀត។—១៥/៣ ទំព័រ៧-៩ (ជាភាសាអង់គ្លេស)
លោកយេស៊ូបានលើកទឹកចិត្តអ្នកស្ដាប់ឲ្យទៅពីរគីឡូម៉ែត្រ។ (ម៉ាថ. ៥:៤១) តើនេះមានន័យដូចម្ដេច?
នៅអ៊ីស្រាអែលសម័យនោះ អ៊ីស្រាអែលជាអាណានិគមរបស់រ៉ូម ហើយជួនកាលជនជាតិរ៉ូមអាចកែនបង្ខំឲ្យធ្វើការ។ ពេលដែលលោកយេស៊ូដាស់តឿនអ្នកស្ដាប់ឲ្យទៅពីរគីឡូម៉ែត្រ លោកចង់មានប្រសាសន៍ថា ពួកគេត្រូវបំពេញកិច្ចបម្រើណាដែលអ្នកមានអំណាចទាមទារដោយត្រឹមត្រូវឲ្យធ្វើ។ ពួកគេត្រូវធ្វើដូច្នេះដោយមិនទើសទាល់។—១/៤ ទំព័រ៩ (ជាភាសាអង់គ្លេស)