លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹បុត្ររបស់បិតានៅស្ថានសួគ៌សុខចិត្ដបើកសម្ដែងឲ្យស្គាល់លោក›

‹បុត្ររបស់បិតានៅស្ថានសួគ៌សុខចិត្ដបើកសម្ដែងឲ្យស្គាល់លោក›

‹បុត្រ​របស់​បិតា​នៅ​ស្ថាន​សួគ៌​សុខ​ចិត្ត​បើក​សម្ដែង​ឲ្យ​ស្គាល់​លោក›

​«​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក និង​អ្នក​ដែល​បុត្រ​របស់​លោក​សុខ​ចិត្ត​បើក​សម្ដែង​ឲ្យ​ស្គាល់​នោះ​ទេ​»។—លូក. ១០:២២

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​លោក​យេស៊ូ​អាច​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​តាម​របៀប​ដ៏​ពិសេស?

តើ​តាម​របៀប​ណា​ដែល​លោក​យេស៊ូ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា​របស់​លោក?

តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​យក​តម្រាប់​តាម​លោក​យេស៊ូ ក្នុង​ការ​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា?

១, ២​. តើ​មនុស្ស​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​អំពី​សំណួរ​អ្វី? ហើយ​ហេតុ​អ្វី?

តើ​ព្រះ​ជា​នរណា? សំណួរ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់។ ជា​ឧទាហរណ៍ ទោះ​ជា​ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​ជឿ​ថា​ព្រះ​ជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ក៏​ដោយ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​សេចក្ដី​បង្រៀន​នេះ​មិន​អាច​យល់​បាន​ទេ។ អ្នក​និពន្ធ​ម្នាក់​ដែល​ជា​គ្រូ​គង្វាល​បាន​ទទួល​ស្គាល់​ថា សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​គឺ​មិន​អាច​ពន្យល់​បាន​ទេ ពីព្រោះ​មាន​រឿង​ខ្លះ​មនុស្ស​មិន​អាច​យល់​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ភាគ​ច្រើន​ដែល​ជឿ​លើ​ទ្រឹស្តី​នៃ​ការ​វិវត្តន៍​ជឿ​ថា​គ្មាន​ព្រះ​ទេ។ ពួក​គេ​គិត​ថា​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត​គឺ​កើត​ឡើង​ដោយ​ចៃដន្យ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ជា​ជាង​បដិសេធ​ថា​គ្មាន​ព្រះ លោក​ឆាល​ដាវីន​បាន​និយាយ​ថា​៖ ​«​សេចក្ដី​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​បំផុត​ចំពោះ​ខ្ញុំ​គឺថា មនុស្ស​គ្មាន​សមត្ថភាព​យល់​ដឹង​អំពី​រឿង​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ព្រះ​ទេ​»។

មនុស្ស​ភាគ​ច្រើន​ទោះ​ជា​មាន​ជំនឿ​បែប​ណា​ក៏​ដោយ ពួក​គេ​បាន​ពិចារណា​សំណួរ​ដែល​ថា តើ​ពិត​ជា​មាន​ព្រះ​ឬ​ទេ? ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គេ​រក​ចម្លើយ​ដែល​គាប់​ចិត្ត​មិន​បាន នៅ​ទី​បំផុត​ពួក​គេ​បាន​ឈប់​ស្វែងរក​ព្រះ​តែ​ម្ដង។ តាម​ពិត គឺ​សាថាន​បាន​«​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​»។ (​២កូ. ៤:៤​) មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​មនុស្ស​ជាតិ​ភាគ​ច្រើន​គ្មាន​ចំណេះ​ដឹង ហើយ​មិន​យល់​ច្បាស់​អំពី​សេចក្ដី​ពិត​ស្តី​អំពី​បិតា ដែល​ជា​អ្នក​បង្កើត​សកលលោក។—អេ. ៤៥:១៨

៣​. ​(​ក​) តើ​អ្នក​ណា​បាន​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់​ព្រះ​ដែល​ជា​អ្នក​បង្កើត? (​ខ​) តើ​សំណួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ពិចារណា?

ក៏​ប៉ុន្តែ ជា​ការ​សំខាន់​ណាស់​ដែល​មនុស្ស​រៀន​សេចក្ដី​ពិត​អំពី​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​មាន​តែ​ពួក​អ្នក​ដែល ហៅ​រក​«​នាម​ព្រះ​យេហូវ៉ា​»​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​សង្គ្រោះ។ (​រ៉ូម ១០:​១៣​) ដើម្បី​ហៅ​រក​នាម​របស់​ព្រះ នោះ​តម្រូវ​ឲ្យ​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ផ្ដល់​ចំណេះ​ដ៏​សំខាន់​នេះ​ដល់​អ្នក​កាន់​តាម​លោក។ លោក​បាន​បើក​សម្ដែង​អំពី​បិតា​ដល់​ពួក​គេ។ (​សូម​អាន លូកា ១០:​២២) ហេតុ​អ្វី​លោក​យេស៊ូ​អាច​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា ច្បាស់​ជាង​អ្នក​ឯ​ទៀត? តើ​តាម​របៀប​ណា​ដែល​លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា? ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​យក​តម្រាប់​តាម​លោក​យេស៊ូ ក្នុង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា? សូម​ឲ្យ​យើង​ពិចារណា​នូវ​សំណួរ​ទាំង​នេះ។

ហេតុ​អ្វី​លោក​យេស៊ូ​អាច​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​តាម​របៀប​ដ៏​ពិសេស

៤, ៥​. ហេតុ​អ្វី​លោក​យេស៊ូ​អាច​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​តាម​របៀប​ដ៏​ពិសេស?

គ្មាន​អ្នក​ណា​អាច​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​ច្បាស់​ជាង​លោក​យេស៊ូ​ទេ។ តើ​ហេតុ​អ្វី? ដោយ​សារ​មុន​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​បាន​កើត​មក បុគ្គល​វិញ្ញាណ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​លោក​យេស៊ូ​បាន​រស់​នៅ​ស្ថាន​សួគ៌​ជា​«​បុត្រ​តែ​មួយ​របស់​ព្រះ​»។ (​យ៉ូន. ១:​១៤; ៣:​១៨​) នេះ​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​មែន! ក្នុង​អំឡុង​ពេល​ដែល​មិន​ទាន់​មាន​ភាវរស់​ឯ​ទៀត លោក​យេស៊ូ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​កក់​ក្ដៅ​ពី​បិតា​របស់​លោក ហើយ​បាន​រៀន​អំពី​បិតា​និង​គុណ​សម្បត្ដិ​របស់​លោក។ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ច្បាស់​ជា​បាន​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​បាន​បណ្ដុះ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ពេល​ដ៏​យូរ​លង់។ (​យ៉ូន. ៥:​២០; ១៤:៣១​) លោក​យេស៊ូ​ពិត​ជា​មាន​ចំណេះ​ដ៏​ជ្រៅ​ជ្រះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​បិតា​លោក​មែន!—សូម​អាន កូឡុស ១:​១៥​-​១៧

បិតា​បាន​ជ្រើស​រើស​បុត្រ​លោក​ជា​អ្នក​នាំ​ពាក្យ​ពោល​គឺ​«​បណ្ដាំ​របស់​ព្រះ​»។ (​បប. ១៩:១៣​) ហេតុ​នេះ​លោក​យេស៊ូ​អាច​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​តាម​របៀប​ដ៏​ពិសេស។ ដូច្នេះ​ជា​ការ​ត្រឹម​ត្រូវ​ដែល​យ៉ូហាន​ដែល​ជា​អ្នក​សរសេរ​ដំណឹង​ល្អ បាន​រៀប​រាប់​ពី​លោក​យេស៊ូ​ថា​ជា​៖ ​«​បណ្ដាំ​»​និង​ជា​អ្នក​ដែល​«​នៅ​ជិត​ដើម​ទ្រូង​របស់​បិតា​»។ (​យ៉ូន. ១:១, ១៨​) តាម​រយៈ​ពាក្យ​នេះ យ៉ូហាន​ចង់​សំដៅ​ទៅ​ទម្លាប់​ធម្មតា​មួយ​នៅ​ពេល​បរិភោគ​អាហារ​នា​សម័យ​របស់​គាត់។ ភ្ញៀវ​ម្នាក់​អង្គុយ​ទម្រេត​ខ្លួន​នៅ​ជិត​ដើម​ទ្រូង​របស់​ភ្ញៀវ​ម្នាក់​ទៀត​នៅ​លើ​កៅអី​ទម្រេត​វែង​តែ​មួយ។ ដោយ​អង្គុយ​ជិត​គ្នា​បែប​នេះ អ្នក​ទាំង​ពីរ​នាក់​នោះ​អាច​ងាយ​ស្រួល​សន្ទនា​គ្នា។ ដូច្នេះ លោក​យេស៊ូ​ដែល​«​នៅ​ជិត​ដើម​ទ្រូង​របស់​បិតា​»​បាន​សន្ទនា​ជា​មួយ​នឹង​បិតា​លោក​យ៉ាង​ស្និទ្ធ​ស្នា​ល។

៦, ៧​. តើ​ចំណង​មេត្រី​ភាព​រវាង​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ៗ​តាម​របៀប​ណា?

ចំណង​មេត្រី​ភាព​រវាង​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​កាន់​តែ​រឹង​មាំ​ឡើង​ៗ។ លោក​យេស៊ូ​«​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់[​ព្រះ​]រាល់​ៗ​ថ្ងៃ​»។ (​សូម​អាន សុភាសិត ៨:២២, ២៣, ៣០, ៣១) ដូច្នេះ ជា​ការ​សម​ហេតុ​សម​ផល​ដែល​ចំណង​មេត្រី​ភាព​រវាង​លោក​ទាំង​ពីរ​កាន់​តែ​រឹង​មាំ កាល​ដែល​លោក​ទាំង​ពីរ​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​កាល​ដែល​លោក​យេស៊ូ​បាន​រៀន​យក​តម្រាប់​តាម​គុណ​សម្បត្ដិ​របស់​បិតា​លោក។ ក្រោយ​ការ​បង្កើត​ពួក​ទេវតា​និង​មនុស្ស​ជាតិ លោក​យេស៊ូ​បាន​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​ទេវតា​នីមួយ​ៗ ហើយ​លោក​ប្រាកដជា​ស្រឡាញ់​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។

សូម្បី​តែ​នៅ​ពេល​ដែល​សាថាន​បាន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ លោក​យេស៊ូ​អាច​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ ប្រាជ្ញា និង​ឫទ្ធានុភាព ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក។ ជា​លទ្ធផល នេះ​ច្បាស់​ជា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​ដែល​លោក​នឹង​ជួប​ប្រទះ​ក្រោយ​មក ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែន​ដី។—យ៉ូន. ៥:១៩

៨​. តើ​ការ​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ជួយ​យើង​ឲ្យ​រៀន​បាន​ច្រើន​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ដោយ​សារ​លោក​យេស៊ូ​មាន​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា លោក​អាច​ពន្យល់​អំពី​បិតា​របស់​លោក​បាន​ល្អិត​ល្អន់ ជាង​អ្នក​ណា​ឯ​ទៀត​ទាំង​អស់។ គ្មាន​របៀប​ប្រសើរ​ជាង​ដែល​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ក្រៅ​ពី​ពិចារណា​អ្វី​ដែល​បុត្រ​តែ​មួយ​របស់​លោក​បាន​បង្រៀន​និង​ប្រព្រឹត្ត​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​យើង​គ្រាន់តែ​បើក​មើល​អត្ថន័យ​ក្នុង​វចនានុក្រម​ប៉ុណ្ណោះ​យើង​ពិបាក​យល់​ឲ្យ​បាន​ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​«​សេចក្ដី​ស្រឡាញ់​»​ មែន​ទេ? ក៏​ប៉ុន្តែ ដោយ​សញ្ជឹង​គិត​អំពី​កំណត់​ហេតុ​ដែល​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​យ៉ាង​រស់​រវើក​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ និង​របៀប​ដែល​លោក​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត នោះ​យើង​អាច​យល់​យ៉ាង​ច្បាស់​នូវ​ពាក្យ​ថា​«​ព្រះ​គឺជា​សេចក្ដី​ស្រឡាញ់​»។ (​១យ៉ូន. ៤:៨, ១៦​) តាម​វិធី​ដូច​គ្នា​ដែរ យើង​អាច​យល់​អំពី​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ព្រះ ដែល​លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​អ្នក​កាន់​តាម​លោក​ស្គាល់​ក្នុង​អំឡុង​ពេល​លោក​នៅ​ផែនដី។

របៀប​ដែល​លោក​យេស៊ូ​បើក​សម្ដែង ​ឲ្យ​ស្គាល់​បិតា​របស់​លោក

៩​. ​(​ក​) តើ​លោក​យេស៊ូ​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​លោក​តាម​រយៈ​វិធី​ពីរ​យ៉ាង​អ្វី? (​ខ​) សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​តាម​រយៈ​ការ​បង្រៀន​របស់​លោក។

លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​អ្នក​កាន់​តាម និង​ពួក​អ្នក​ដែល​ក្រោយ​មក​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​ស្គាល់​បិតា។ តើ​តាម​វិធី​ណា? លោក​បាន​ធ្វើ​ដូច្នេះ​តាម​វិធី​ពីរ​យ៉ាង​គឺ តាម​រយៈ​ការ​បង្រៀន​និង​ការ​ប្រព្រឹត្ត​របស់​លោក។ មុន​ដំបូង សូម​យើង​ពិចារណា​អំពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។ អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​បាន​ស​ឲ្យ​ឃើញ​ការ​យល់​ធ្លុះ​ជ្រៅ​នូវ​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​បិតា​លោក។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ប្រដូច​បិតា​របស់​លោក​ទៅ​នឹង​បុរស​ម្នាក់​ដែល​មាន​ចៀម​មួយ​ហ្វូង ដែល​ចេញ​ទៅ​ស្វែងរក​ចៀម​មួយ​ដែល​វង្វេង​បាត់។ លោក​បាន​មាន​ប្រសាសន៍​ថា ពេល​ដែល​បុរស​នោះ​រក​ឃើញ​ចៀម​ដែល​បាន​បាត់​នោះ ​«​គាត់​មាន​អំណរ​ចំពោះ​ចៀម​មួយ​នោះ ខ្លាំង​ជាង​ចំពោះ​ចៀម​កៅសិប​ប្រាំបួន​ក្បាល​ដែល​មិន​បាន​វង្វេង​បាត់​»​ តើ​ឧទាហរណ៍​នេះ​បញ្ជាក់​អំពី​អ្វី? លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​ដូច​គ្នា​ដែរ បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ចង់​ឲ្យ​អ្នក​តូច​ណា​ម្នាក់​បែប​នេះ​វិនាស​ឡើយ​»។ (​ម៉ាថ. ១៨:​១២​-​១៤​) តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ឧទាហរណ៍​នេះ? សូម្បី​តែ​ជួនកាល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​អ្នក​មិន​សូវ​មាន​តម្លៃ ហើយ​មិន​សូវ​មាន​គេ​យក​ចិត្ត​ទុក​ដាក់​ក៏​ដោយ បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ហើយ​ថែ​រក្សា​អ្នក។ ចំពោះ​លោក អ្នក​គឺជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​«​អ្នក​តូច​»​ទាំង​នេះ​របស់​ព្រះ។

១០​. តើ​លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​របស់​លោក​យ៉ាង​ដូច​ម្ដេច តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​លោក?

១០ វិធី​ទី​២​ដែល​លោក​យេស៊ូ​បាន​បើក​សម្ដែង​ឲ្យ​អ្នក​កាន់​តាម​លោក​ស្គាល់​បិតា​គឺ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​លោក។ ដូច្នេះ ពេល​ដែល​សាវ័ក​ភីលីព​បាន​សុំ​លោក​យេស៊ូ​ថា​៖ ​«​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌​»​ លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​យ៉ូន. ១៤:៨, ៩​) សូម​ឲ្យ​យើង​ពិចារណា​គំរូ​ខ្លះ​ស្តី​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​គុណ​សម្បត្ដិ​របស់​បិតា​លោក។ នៅ​ពេល​ដែល​បុរស​ឃ្លង់​ម្នាក់​បាន​អង្វរ​សុំ​លោក​យេស៊ូ​ព្យាបាល​គាត់​ឲ្យ​ជា លោក​យេស៊ូ​បាន​ពាល់​បុរស​ដែល​«​កើត​ឃ្លង់​ពេញ​ខ្លួន​»​ ហើយ​បាន​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ ពេល​បុរស​កើត​ឃ្លង់​នោះ​បាន​ជា​សះ​ស្បើយ គាត់​ប្រាកដជា​អាច​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ (​លូក. ៥:១២, ១៣​) ដូច​គ្នា​ដែរ ក្រោយ​ឡាសា​ស្លាប់ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ច្បាស់​ជា​បាន​ឃើញ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា នៅ​ពេល​ដែល​លោក​យេស៊ូ​«​មាន​ចិត្ត​ក្ដុកក្ដួល​ក៏​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​»​ ហើយ​«​ស្រក់​ទឹក​ភ្នែក​»។ ទោះ​ជា​លោក​ដឹង​ថា​លោក​នឹង​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ លោក​បាន​យល់​យ៉ាង​ច្បាស់​នូវ​ទុក្ខ​សោក​របស់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​ឡាសា។ (​យ៉ូន. ១១:៣២​-​៣៥, ៤០​-​៤៣​) អ្នក​ច្បាស់​ជា​មាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ ដែល​ជួយ​អ្នក​ឲ្យ​ឃើញ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​គំរូ​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ។

១១​. ​(​ក​) ពេល​លោក​យេស៊ូ​បាន​សម្អាត​វិហារ តើ​លោក​បើក​សម្ដែង​អ្វី​ខ្លះ​អំពី​បិតា​លោក? (​ខ​) ហេតុ​អ្វី​កំណត់​ហេតុ​ស្តី​អំពី​លោក​យេស៊ូ​សម្អាត​វិហារ​លើក​ទឹក​ចិត្ត​យើង?

១១ តើ​អ្នក​ទាញ​មេរៀន​អ្វី​ខ្លះ ពេល​អ្នក​អាន​កំណត់​ហេតុ​អំពី​លោក​យេស៊ូ​សម្អាត​វិហារ? សូម​ស្រមៃ​ឃើញ​ទិដ្ឋភាព​នេះ: លោក​យេស៊ូ​បាន​យក​ខ្សែ​មក​វេញ​ធ្វើ​ជា​រំពាត់​ហើយ​លោក​បាន​ដេញ​ពួក​អ្នក​ដែល​កំពុង​លក់​គោ​និង​ចៀម។ លោក​ធ្វើ​ឲ្យ​កាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ខ្ចាត់​ខ្ចាយ​អស់ ហើយ​បាន​ផ្កាប់​តុ​របស់​ពួក​គេ។ (​យ៉ូន. ២:១៣​-​១៧​) ការ​ប្រព្រឹត្ត​ដ៏​អង់អាច​នេះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​នឹក​ឃើញ​ទំនាយ​របស់​ដាវីឌ​ដែល​ថា​៖ ​«​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ​»។ (​ទំនុក. ៦៩:៩​) ដោយ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់ លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ចង់​ការពារ​ការ​គោរព​ប្រណិប័តន៍​ពិត​ខ្លាំង​ណាស់។ ក្នុង​កំណត់​ហេតុ​នេះ តើ​អ្នក​អាច​ឃើញ​បុគ្គលិក​លក្ខណៈ​របស់​បិតា​ឬ​ទេ? នេះ​រំលឹក​យើង​ថា​ព្រះ​មិន​គ្រាន់តែ​មាន​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត​ដើម្បី​បំបាត់​អំពើ​អាក្រក់​ពី​ផែនដី​ប៉ុណ្ណោះ​ទេ តែ​លោក​ថែម​ទាំង​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​នឹង​ធ្វើ​ដូច្នេះ​ដែរ។ ការ​រៀប​រាប់​អំពី​ប្រតិកម្ម​ដ៏​ខ្លាំង​របស់​លោក​យេស៊ូ​ចំពោះ​អំពើ​ខុស​ឆ្គង បង្ហាញ​ឲ្យ​ឃើញ​អារម្មណ៍​ដែល​ព្រះ​យេហូវ៉ា​មាន ពេល​ឃើញ​មាន​អំពើ​អាក្រក់​នៅ​ពាស​ពេញ​ផែនដី​សព្វ​ថ្ងៃ​នេះ។ កំណត់​ហេតុ​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​មែន! ពេល​យើង​ប្រឈម​មុខ​នឹង​អំពើ​អយុត្ដិធម៌។

១២, ១៣​. តើ​អ្នក​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដោយ​ពិចារណា​របៀប​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​កាន់​តាម​លោក?

១២ សូម​ឲ្យ​យើង​ពិចារណា​គំរូ​មួយ​ទៀត​ពោល​គឺ របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​អ្នក​កាន់​តាម​លោក។ ពួក​គេ​បាន​ប្រកែក​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​អ្នក​ណា​ធំ​ជាង។ (​ម៉ាក. ៩:៣៣​-​៣៥; ១០:​៤៣; លូក. ៩:៤៦​) ដោយ​សារ​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​យ៉ាង​យូរ​ជា​មួយ​បិតា​របស់​លោក លោក​យេស៊ូ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មោទនភាព​បែប​នេះ។ (​២សាំ. ២២:២៨; ទំនុក. ១៣៨:៦​) បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​ឃើញ​ចិត្ត​គំនិត​បែប​នេះ​ដែល​មេកំណាច​សាថាន​បាន​បង្ហាញ។ បុគ្គល​ដែល​អួត​ខ្លួន​នោះ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មុខ​មាត់​ធំ​ដុំ​និង​ឋានៈ​ខ្ពស់។ ហេតុ​នេះ លោក​យេស៊ូ​ពិត​ជា​ព្រួយ​ចិត្ត​ណាស់ ពេល​ឃើញ​ពួក​អ្នក​កាន់​តាម​ដែល​លោក​បាន​បង្ហាត់​បង្រៀន​នៅ​តែ​បង្ហាញ​ចិត្ត​គំនិត​អួត​ខ្លួន! សូម្បី​តែ​ក្នុង​ចំណោម​ពួក​អ្នក​កាន់​តាម​ដែល​លោក​បាន​ជ្រើស​រើស​ជា​សាវ័ក​ក៏​មាន​ចិត្ត​គំនិត​បែប​នេះ​ដែរ។ ពួក​គាត់​បាន​បង្ហាញ​ចិត្ត​គំនិត​អួត​ខ្លួន​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​លើ​ផែន​ដី។ (​លូក. ២២:២៤​-​២៧​) ក៏​ប៉ុន្តែ លោក​យេស៊ូ​នៅ​តែ​បន្ត​កែ​តម្រង់​ពួក​គេ​ដោយ​សប្បុរស ដោយ​សង្ឃឹម​ជា​និច្ច​ថា នៅ​ទី​បំផុត​ពួក​គាត់​នឹង​រៀន​បង្ហាញ​ចិត្ត​គំនិត​រាប​ទាប​ដូច​លោក។—ភី. ២:៥​-​៨

១៣ ពេល​លោក​យេស៊ូ​កែ​តម្រង់​យ៉ាង​អត់​ធ្មត់​នូវ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​របស់​ពួក​អ្នក​កាន់​តាម​លោក តើ​អ្នក​អាច​ឃើញ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តាម​រយៈ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ តើ​អ្នក​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដែល​មិន​បោះបង់​ចោល​រាស្ត្រ​របស់​លោក​ទោះ​ជា​ពួក​គេ​ធ្វើ​ខុស​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ? ចំណេះ​ដឹង​នេះ​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រែ​ចិត្ត ហើយ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​អភ័យទោស​ឲ្យ​យើង ពេល​យើង​ធ្វើ​ខុស។

បុត្រ​របស់​លោក​បាន​ស្ម័គ្រ​ចិត្ត​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា

១៤​. តើ​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា លោក​សុខ​ចិត្ត​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​របស់​លោក?

១៤ អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​ជា​ច្រើន​បាន​ខំ​ប្រឹង​លាក់​ព័ត៌មាន​មិន​ឲ្យ​បណ្ដា​ជន​ដឹង ដើម្បី​ទុក​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​សុខ​ចិត្ត​ប្រាប់​ព័ត៌មាន​ដែល​លោក​បាន​ដឹង​អំពី​បិតា​លោក ដោយ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា​យ៉ាង​ពេញ​លេញ។ (​សូម​អាន ម៉ាថាយ ១១:២៧) បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​ឲ្យ​ពួក​គេ​នូវ​«​សមត្ថភាព​យល់​ដឹង ដើម្បី​ឲ្យ[​ពួក​គេ​]អាច​ទទួល​ចំណេះ​អំពី​ព្រះ​ពិត​»​ពោល​គឺ​ព្រះ​យេហូវ៉ា។ (​១យ៉ូន. ៥:២០​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? លោក​យេស៊ូ​បាន​បើក​ចិត្ត​គំនិត​ពួក​អ្នក​កាន់​តាម​លោក ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់​សេចក្ដី​បង្រៀន​អំពី​បិតា​លោក។ លោក​មិន​បាន​លាក់​មិន​ឲ្យ​ពួក​គេ​ស្គាល់​បិតា​លោក​តាម​រយៈ​សេចក្ដី​បង្រៀន​ដ៏​ស្មុគ​ស្មាញ​ដោយ​បង្រៀន​ថា ព្រះ​ជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ដែល​រក​យល់​ពុំ​បាន​នោះ​ទេ។

១៥​. ហេតុ​អ្វី​លោក​យេស៊ូ​មិន​ទាន់​ប្រាប់​ព័ត៌មាន​ខ្លះ​អំពី​បិតា​លោក?

១៥ តើ​លោក​យេស៊ូ​បាន​បើក​សម្ដែង​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ដឹង​អំពី​បិតា​លោក​ឬ​ទេ? មិន​មែន​ទេ លោក​មិន​បាន​ប្រាប់​រឿង​ជា​ច្រើន​ដែល​លោក​បាន​ដឹង​នោះ​ទេ។ (​សូម​អាន យ៉ូហាន ១៦:១២) ហេតុ​អ្វី? ពីព្រោះ​នៅ​ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​«​មិន​អាច​យល់​បាន​ឡើយ​»​អំពី​សេចក្ដី​ទាំង​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ដូច​លោក​យេស៊ូ​បាន​ពន្យល់ ចំណេះ​ជា​ច្រើន​នឹង​បាន​ត្រូវ​បើក​សម្ដែង​ពេល​ដែល​«​អ្នក​ជួយ​»​មក​ដល់ ពោល​គឺ​សកម្មពល​របស់​ព្រះ ដែល​នឹង​ជួយ​ពួក​គាត់​ឲ្យ​«​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»។ (​យ៉ូន. ១៦:៧, ១៣​) ឪពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា ប្រហែលជា​មិន​ប្រាប់​ព័ត៌មាន​ខ្លះ​ឲ្យ​កូន​ដឹង​រហូត​ដល់​កូន​ធំ​ល្មម​អាច​យល់​បាន។ ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​បាន​ចាំ​រហូត​ដល់​អ្នក​កាន់​តាម​លោក​មាន​ភាព​ចាស់​ទុំ ហើយ​អាច​យល់​កាន់​តែ​ច្បាស់​នូវ​សេចក្ដី​ពិត​អំពី​បិតា។ លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​យល់​អំពី​កម្រិត​សមត្ថភាព​របស់​អ្នក​កាន់​តាម​លោក។

ចូរ​យក​តម្រាប់​តាម​លោក​យេស៊ូ​ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា

១៦, ១៧​. ហេតុ​អ្វី​យើង​អាច​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា?

១៦ ពេល​អ្នក​ស្គាល់​មនុស្ស​ម្នាក់​ច្បាស់ ហើយ​ចូល​ចិត្ត​បុគ្គលិក​លក្ខណៈ​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​គាត់ នេះ​នឹង​ជំរុញ​អ្នក​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គាត់។ ពេល​ដែល​លោក​យេស៊ូ​នៅ​លើ​ផែនដី លោក​បាន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បិតា​របស់​លោក។ (​យ៉ូន. ១៧:២៥, ២៦​) តើ​យើង​អាច​យក​តម្រាប់​តាម​លោក​យេស៊ូ​ដោយ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​ព្រះ​យេហូវ៉ា​ឬ​ទេ?

១៧ ដូច​យើង​បាន​ពិចារណា​រួច​ហើយ លោក​យេស៊ូ​មាន​ចំណេះ​អំពី​បិតា​លោក​ច្រើន​ជាង​អ្នក​ណា​ទាំង​អស់។ ប៉ុន្តែ លោក​សុខ​ចិត្ត​ប្រាប់​រឿង​ខ្លះ​ដែល​លោក​បាន​ដឹង ថែម​ទាំង​ឲ្យ​អ្នក​កាន់​តាម​លោក​មាន​សមត្ថភាព​យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ។ ដោយ​មាន​ជំនួយ​ពី​លោក​យេស៊ូ នោះ​យើង​អាច​ស្គាល់​បិតា​របស់​យើង​ក្នុង​កម្រិត​មួយ​ដែល​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​មិន​ស្គាល់​លោក។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​មែន​ដោយ​សារ​លោក​យេស៊ូ​សុខ​ចិត្ត​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់​បិតា​លោក តាម​រយៈ​ការ​បង្រៀន​និង​ការ​ប្រព្រឹត្ត​របស់​លោក! តាម​ការ​ពិត យើង​អាច​អួត​យ៉ាង​ត្រឹម​ត្រូវ​ដោយ​សារ​យើង​បាន​ស្គាល់​បិតា​របស់​យើង។ (​យេ. ៩:២៤; ១កូ. ១:​៣១​) ពេល​ដែល​យើង​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ចូល​មក​ជិត​យើង​ដែរ។ (​យ៉ា. ៤:៨​) ដូច្នេះ ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ប្រាប់​អ្នក​ឯ​ទៀត​នូវ​អ្វី​ដែល​យើង​ដឹង​អំពី​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

១៨, ១៩​. តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា? សូម​ពន្យល់។

១៨ យើង​ត្រូវ​យក​តម្រាប់​តាម​លោក​យេស៊ូ​ដោយ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ សូម​ចាំ​ក្នុង​ចិត្ត​ថា មនុស្ស​ជា​ច្រើន​ដែល​យើង​ជួប​ពេល​ផ្សព្វ​ផ្សាយ​មិន​ស្គាល់​ព្រះ​ទេ។ សេចក្ដី​បង្រៀន​មិន​ពិត​ប្រហែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​យល់​ច្រឡំ​អំពី​ព្រះ។ យើង​អាច​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​យើង​ដឹង​អំពី​នាម​របស់​ព្រះ គោល​បំណង​របស់​លោក​សម្រាប់​មនុស្ស​ជាតិ និង​បុគ្គលិក​លក្ខណៈ​របស់​លោក ដែល​គម្ពីរ​បាន​បើក​សម្ដែង​ឲ្យ​ដឹង។ បន្ថែម​ទៅ​ទៀត យើង​អាច​ពិភាក្សា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នូវ​កំណត់​ហេតុ​ខ្លះ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ដែល​យើង​មិន​បាន​យល់​ពី​មុន។ ការ​ពិភាក្សា​បែប​នេះ​ប្រហែលជា​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​ការ​លើក​ទឹក​ចិត្ត។

១៩ យើង​គួរ​យក​តម្រាប់​តាម​លោក​យេស៊ូ ហើយ​បើក​សម្ដែង​ឲ្យ​ស្គាល់​បិតា​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង។ ពេល​មនុស្ស​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង នោះ​ពួក​គេ​នឹង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែរ។ (​អេភ. ៥:១, ២​) សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​‹យក​តម្រាប់​តាម​គាត់ ដូច​គាត់​យក​តម្រាប់​តាម​គ្រិស្ត›។ (​១កូ. ១១:១​) យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ឃើញ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​បន្ត​យក​តម្រាប់​តាម​លោក​យេស៊ូ ដោយ​បើក​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​បិតា។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]