លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ខ្ញុំចាប់ស្រឡាញ់កិច្ចការត្រួសត្រាយកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ»

«ខ្ញុំចាប់ស្រឡាញ់កិច្ចការត្រួសត្រាយកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ»

អនុស្សាវរីយ៍​ពី​សម័យ​មុន

«​ខ្ញុំ​ចាប់​ស្រឡាញ់​កិច្ចការ​ត្រួស​ត្រាយ​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»​

​នៅ​ឆ្នាំ​១៨៨៦ សៀវភៅ​ទី​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ភាគ​ទី​១ (​ជា​ភាសា​អង់គ្លេស​) ចំនួន​១០០​ក្បាល​បាន​ផ្ញើ​ពី​គ្រឹះស្ថាន​គម្ពីរ​នា​ក្រុង​អា​លី​គេ​នី​រដ្ឋ​ប៉ិន​ស៊ីវ៉ា​នី​សហរដ្ឋអាម៉េរិក ទៅ​ក្រុង​ឈីកាហ្គោ​រដ្ឋ​អ៊ីលីណយ។ បង​ប្រុស​ឆាល្ស​ថេហ្ស​រ៉ាសិល​សង្ឃឹម​ថា នឹង​អាច​ចែក​ចាយ​សៀវភៅ​ថ្មី​នេះ​នៅ​ហាង​លក់​សៀវភៅ​នានា។ ក្រុមហ៊ុន​ធំ​ជាង​គេ​មួយ​នៅ​សហរដ្ឋ​ដែល​ចែក​ចាយ​សៀវភៅ​អំពី​សាសនា បាន​យល់​ព្រម​ទទួល​យក​សៀវភៅ​ទី​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ដែល​បាន​ផ្ញើ​មក។ ប៉ុន្តែ ពីរ​សប្ដាហ៍​ក្រោយ​មក សៀវភៅ​ទាំង​អស់​បាន​ត្រូវ​ផ្ញើ​មក​គ្រឹះស្ថាន​គម្ពីរ​វិញ។

អ្នក​ផ្សាយ​ខាង​សាសនា​គ្រិស្ត​ដ៏​ល្បីល្បាញ​ម្នាក់​បាន​ខឹង ពេល​ឃើញ​សៀវភៅ​ទី​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ​បាន​ដាក់​តាំង​លក់​ជា​មួយ​សៀវភៅ​របស់​ពួក​គេ។ គាត់​បាន​និយាយ​ទាំង​មួម៉ៅ​ចិត្ត​ថា បើ​សៀវភៅ​នេះ​នៅ​ក្នុង​ទូ​ដាក់​តាំង​សៀវភៅ​ត​ទៅ​ទៀត គាត់​និង​មិត្ត​ភក្ដិ​ទាំង​អស់​របស់​គាត់​ដែល​ជា​អ្នក​ផ្សាយ​ខាង​សាសនា​គ្រិស្ត​ដ៏​ល្បីល្បាញ​ឯ​ទៀត នឹង​យក​សៀវភៅ​របស់​ពួក​គេ​ចេញ ហើយ​ផ្ញើ​លក់​នៅ​ហាង​ផ្សេង​ទៀត។ ម្ចាស់​ហាង​ក៏​បាន​ប្រគល់​សៀវភៅ​រាជ្យ​មួយ​ពាន់​ឆ្នាំ​មក​វិញ​ទាំង​ស្ទាក់​ស្ទើរ។ ម្យ៉ាង​ទៀត ការ​ផ្សាយ​អំពី​សៀវភៅ​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​កាសែត​នានា។ ប៉ុន្តែ ពួក​អ្នក​ប្រឆាំង​បាន​ធ្វើ​យ៉ាង​ណា​ឲ្យ​កាសែត​ទាំង​នោះ​លប់​កិច្ច​សន្យា​ផ្សាយ​សៀវភៅ​របស់​យើង។ ដូច្នេះ តើ​អ្នក​ដែល​ស្វែងរក​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្មោះ​អាច​ទទួល​សៀវភៅ​ថ្មី​នេះ​យ៉ាង​ដូច​ម្ដេច?

គឺ​តាម​រយៈ​អ្នក​ត្រួស​ត្រាយ​ជំនាន់​ដើម។ នៅ​ឆ្នាំ​១៨៨១ ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន បាន​ផ្សាយ​រក​អ្នក​ផ្សាយ​ពេញ​ពេល​ចំនួន​១.០០០​នាក់ ដែល​អាច​ចែក​ចាយ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ។ ទោះ​ជា​អ្នក​ត្រួស​ត្រាយ​មាន​ចំនួន​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​ក៏​ដោយ ពួក​គេ​បាន​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ​នៅ​គ្រប់​ទី​កន្លែង​ទាំង​ជិត​ទាំង​ឆ្ងាយ។ នៅ​ឆ្នាំ​១៨៩៧ សៀវភៅ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ជិត​មួយ​លាន​ក្បាល​បាន​ត្រូវ​ចែក​ចាយ ភាគ​ច្រើន​តាម​រយៈ​អ្នក​ត្រួស​ត្រាយ។ អ្នក​ត្រួស​ត្រាយ​ភាគ​ច្រើន​ចិញ្ចឹម​ជីវិត​ដោយ​សារ​លុយ​បន្ដិច​បន្តួច​ដែល​ពួក​គេ​បាន​ទទួល​ពេល​ដែល​ម្ចាស់​ផ្ទះ​ជាវ​ទស្សនាវដ្ដី​ប៉មយាម​ប្រចាំ​ឆ្នាំ និង​ពី​សៀវភៅ​ដែល​ពួក​គេ​បាន​ចែក​ចាយ។

តើ​អ្នក​ត្រួស​ត្រាយ​ជំនាន់​ដើម​ដែល​មាន​ចិត្ត​មោះ​មុត​ទាំង​នេះ​ជា​អ្នក​ណា? អ្នក​ខ្លះ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​តាំង​ពី​នៅ​ជំទង់ តែ​អ្នក​ឯ​ទៀត​ត្រួស​ត្រាយ​នៅ​ពេល​ពួក​គាត់​មាន​វ័យ​ចាស់។ អ្នក​ត្រួស​ត្រាយ​ជា​ច្រើន​នាក់​នៅ​លីវ ឬ​រៀប​ការ​ហើយ​តែ​គ្មាន​កូន ហើយ​ក្រុម​គ្រួសារ​ជា​ច្រើន​ក៏​បាន​ចូល​រួម​កិច្ចការ​នេះ​ដែរ។ អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ផ្សព្វ​ផ្សាយ​ច្រើន​ម៉ោង រីឯ​អ្នក​ត្រួស​ត្រាយ​ជំនួយ​ផ្សព្វ​ផ្សាយ​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង​រៀង​រាល់​ថ្ងៃ។ មិន​មែន​មនុស្ស​ទាំង​អស់​មាន​សុខភាព​ល្អ ឬ​ក៏​មាន​ស្ថានភាព​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រួស​ត្រាយ​នោះ​ទេ។ ប៉ុន្តែ​នៅ​មហាសន្និបាត​ឆ្នាំ​១៩០៦ ពួក​អ្នក​ដែល​អាច​ត្រួស​ត្រាយ បាន​ត្រូវ​ប្រាប់​ថា​ពួក​គេ​មិន​ចាំ​បាច់​មាន​«​ចំណេះ​ដឹង​ច្រើន មាន​ទេព​កោសល្យ ឬ​ក៏​មាន​វោហារ​»​នោះ​ទេ។

ស្ទើរតែ​គ្រប់​ទ្វីប មនុស្ស​ធម្មតា​បាន​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ។ បង​ប្រុស​ម្នាក់​បាន​ប៉ាន់ស្មាន​ថា ក្នុង​រយៈ​ពេល​៧​ឆ្នាំ គាត់​បាន​ចែក​ចាយ​សៀវភៅ​ចំនួន​១៥.០០០​ក្បាល។ គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មិន​មែន​ចូល​រួម​កិច្ចការ​ត្រួស​ត្រាយ​ដើម្បី​ធ្វើ​ជា​អ្នក​លក់​សៀវភៅ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​និង​អំពី​សេចក្ដី​ពិត​របស់​លោក​»។ នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ត្រួស​ត្រាយ​បាន​ទៅ នោះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​បាន​ចាក់​ឫស​ដុះ​ដាល ហើយ​ក្រុម​និស្សិត​គម្ពីរ​បាន​កើន​ឡើង។

បព្វជិត​សាសនា​បាន​មើល​ងាយ​អ្នក​ត្រួស​ត្រាយ ហើយ​បាន​ហៅ​ពួក​គាត់​ថា​ជា​អ្នក​ដើរ​លក់​សៀវភៅ​ប៉ុណ្ណោះ។ ទស្សនាវដ្ដី​ប៉មយាម​ឆ្នាំ​១៨៩២ បាន​ប្រាប់​ថា​៖ ​«​មនុស្ស​តិច​ណាស់​ទទួល​ស្គាល់​[​ពួក​គេ​]​ថា​ជា​អ្នក​តំណាង​ពិត​ប្រាកដ​របស់​លោក​ម្ចាស់ ឬ​ក៏​ទទួល​ស្គាល់​អ្វី​ដែល​លោក​ម្ចាស់​បាន​ឃើញ​ថា ពួក​គេ​មាន​ភាព​ថ្លៃ​ថ្នូរ​ដោយ​សារ​ពួក​គេ​មាន​ចិត្ត​រាប​ទាប​និង​ស្មារតី​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។ មែន​ហើយ ដូច​អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​និយាយ ជីវិត​ជា​អ្នក​ត្រួស​ត្រាយ​គឺ​«​មិន​មែន​ជា​ជីវិត​ស្រណុក​ស្រួល​»​នោះ​ទេ។ ដើម្បី​ធ្វើ​ដំណើរ​ពួក​គេ​ច្រើន​តែ​ប្រើ​កង់ ឬ​ក៏​ពាក់​ស្បែក​ជើង​មាំ​ៗ​ដើម្បី​ដើរ។ នៅ​កន្លែង​ដែល​មនុស្ស​មិន​សូវ​មាន​លុយ អ្នក​ត្រួស​ត្រាយ​ដោះ​ដូរ​សៀវភៅ​ជា​មួយ​អាហារ។ ក្រោយ​ពី​ផ្សព្វ​ផ្សាយ​ពេញ​មួយ​ថ្ងៃ ទោះ​ជា​នឿយ​ហត់​ក៏​ដោយ អ្នក​ត្រួស​ត្រាយ​ត្រឡប់​មក​រោង​ឬ​បន្ទប់​ជួល​របស់​ពួក​គេ​ដោយ​សប្បាយ​រីករាយ។ ក្រោយ​មក ពួក​គេ​ទៅ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​រទេះ​សេះ​ម្យ៉ាង​ដែល​ជា​ផ្ទះ​តូច​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​កិច្ច​ផ្សព្វ​ផ្សាយ​បែប​នេះ​ចំណេញ​ពេល​វេលា​និង​សន្សំ​លុយ​កាក់​បាន​ច្រើន។ *

ចាប់​តាំង​ពី​ឆ្នាំ​១៨៩៣ មហាសន្និបាត​នៅ​ក្រុង​ឈីកាហ្គោ មាន​កម្មវិធី​ដែល​រួម​បញ្ចូល​កម្មវិធី​ពិសេស​សម្រាប់​អ្នក​ត្រួស​ត្រាយ។ កម្មវិធី​នេះ​មាន​ការ​រៀប​រាប់​អំពី​បទ​ពិសោធន៍​យ៉ាង​រស់​រវើក​និង​ផ្ដល់​យោបល់​អំពី​របៀប​ផ្សព្វ​ផ្សាយ ព្រម​ទាំង​ឱវាទ​ដែល​មាន​ប្រយោជន៍។ មាន​ម្ដង​នោះ​បង​ប្រុស​រ៉ាសិល​ដាស់​តឿន​បង​ប្អូន​ដែល​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម ឲ្យ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ច្រើន​មុន​ពេល​ទៅ​ផ្សព្វ​ផ្សាយ និង​ឲ្យ​ពួក​គេ​ឈប់​ដើម្បី​ផឹក​ទឹក​ដោះ​គោមួយ​កែវ​ក្នុង​អំឡុង​ពេល​ផ្សព្វ​ផ្សាយ​ពេល​ព្រឹក ហើយ​ឲ្យ​ញ៉ាំ​ការ៉េម​ជា​មួយ​សូ​ដា​នៅ​ពេល​ថ្ងៃ​ក្ដៅ។

អ្នក​ត្រួស​ត្រាយ​ដែល​ចង់​បាន​ដៃ​គូ​ផ្សព្វ​ផ្សាយ​បាន​ពាក់​ខ្សែ​បូ​ពណ៌​លឿង​ខ្ទាស់​លើ​អាវ។ អ្នក​ត្រួស​ត្រាយ​ថ្មី​រក​ដៃ​គូ​ជា​អ្នក​ត្រួស​ត្រាយ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង។ តាម​មើល​ទៅ ការ​បង្ហាត់​បង្រៀន​បែប​នេះ​គឺ​សំខាន់​ចាំ​បាច់ ដោយ​សារ​អ្នក​ត្រួស​ត្រាយ​ថ្មី​ម្នាក់​ដែល​មាន​ការ​ភ័យ​ខ្លាច​បាន​បង្ហាញ​សៀវភៅ​ដោយ​និយាយ​ថា​៖ ​«​អ្នក​មិន​ចង់​បាន​សៀវភៅ​នេះ​ទេ មែន​ទេ?​»​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ម្ចាស់​ផ្ទះ​បាន​ព្រម​ទទួល​យក​សៀវភៅ​នោះ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​បង​ស្រី​រួម​ជំនឿ​ម្នាក់។

បង​ប្រុស​ម្នាក់​បាន​ឆ្ងល់​ថា ‹តើ​ខ្ញុំ​គួរ​បន្ត​ធ្វើ​ការ​ដែល​បាន​ប្រាក់​ខែ​ច្រើន ហើយ​ជូន​វិភាគ​ទាន​១.០០០​ដុល្លារ (​អាម៉េរិក​) ក្នុង​មួយ​ឆ្នាំ​ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ ឬ​ក៏​គួរ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​វិញ?› គេ​បាន​ប្រាប់​គាត់​ថា លោក​ម្ចាស់​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​ទាំង​ពីរ​នេះ ប៉ុន្តែ​ការ​ប្រើ​ពេល​វេលា​ដើម្បី​បម្រើ​លោក​ម្ចាស់​ដោយ​ផ្ទាល់ នឹង​នាំ​ឲ្យ​គាត់​ទទួល​ពរ​ច្រើន​ជាង។ បង​ស្រី​ម៉ារៀ ហា​ញ​បាន​យល់​ឃើញ​ថា កិច្ចការ​ត្រួស​ត្រាយ​«​ជា​របៀប​ល្អ​ជាង​គេ​ដែល​អាច​ជួយ​មនុស្ស​ច្រើន​បំផុត​»។ ហើយ​បង​ស្រី​អាលប៊ើតា ក្រូសប៊ី​ដែល​ខ្មាស​អៀន​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចាប់​ស្រឡាញ់​កិច្ចការ​ត្រួស​ត្រាយ​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»។

សព្វ​ថ្ងៃ​នេះ កូន​ចៅ​ជា​ច្រើន​នាក់​របស់​អ្នក​ត្រួស​ត្រាយ​យ៉ាង​សកម្ម​នៅ​ជំនាន់​ដើម និង​ពួក​អ្នក​ដែល​គាត់​បាន​ជួយ​ឲ្យ​បម្រើ​ព្រះ នៅ​តែ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ប្រសិនបើ​ក្នុង​ខ្សែ​ស្រ​ឡាយ​របស់​អ្នក មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ទេ សូម​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ដើម្បី​ឲ្យ​ជំនាន់​ក្រោយ​ៗ​អាច​ដើរ​តាម​លំ​អាន​ដាន​របស់​អ្នក។ អ្នក​នឹង​ស្រឡាញ់​កិច្ចការ​ត្រួស​ត្រាយ​ពេញ​ពេល​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ។

[​កំណត់​សម្គាល់​]

^ វគ្គ 8 អត្ថបទ​ក្រោយ​ៗ​នឹង​ប្រាប់​ព័ត៌មាន​បន្ថែម​អំពី​រទេះ​សេះ​ម្យ៉ាង​ដែល​ជា​ផ្ទះ​នេះ។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២​]

ពួក​គាត់​មិន​ចាំ​បាច់​មាន​«​ចំណេះ​ដឹង​ច្រើន មាន​ទេព​កោសល្យ ឬ​ក៏​មាន​វោហារ​»​នោះ​ទេ

[​រូបភាព​នៅ​ទំព័រ​៣១​]

អ្នក​ត្រួស​ត្រាយ​ជំនាន់​ដើម​ឈ្មោះ​អាលហ្វ្រេតវិនហ្វ្រេត អូសេ នៅ​ប្រទេស​ហ្គាណា ប្រហែលជា​នៅ​ឆ្នាំ​១៩៣០

[​រូបភាព​នៅ​ទំព័រ​៣២​]

ខាង​លើ: អ្នក​ត្រួស​ត្រាយ​ឈ្មោះ​អេឌាត ឃីន​និង​ហ្គាធ្រូត ម៉ូរីស នៅ​ប្រទេស​អង់គ្លេស ប្រហែលជា​នៅ​ឆ្នាំ​១៩១៨; ខាង​ក្រោម: បង​ប្រុស​ស្ដានឡេ កូសាប៊ូម​និង​បង​ប្រុស​ហេនរី ណន់ខេស​នៅ​សហរដ្ឋអាម៉េរិក ជា​មួយ​នឹង​ប្រអប់​ក្រដាស​ទទេ​ដែល​ដាក់​សៀវភៅ​ដែល​ពួក​គាត់​បាន​ចែក​ចាយ