លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខ្ញុំចូលចិត្ដសេពគប់បងប្អូនចាស់ជាងខ្ញុំដែលមានគំនិតវាងវៃ

ខ្ញុំចូលចិត្ដសេពគប់បងប្អូនចាស់ជាងខ្ញុំដែលមានគំនិតវាងវៃ

ជីវប្រវត្ដិ

ខ្ញុំ​ចូល​ចិត្ត​សេពគប់​បង​ប្អូន​ចាស់​ជាង​ខ្ញុំ​ដែល​មាន​គំនិត​វាង​វៃ

រៀប​រាប់​ដោយ បង​ស្រី​អែលវើ ជើដេ

ប្រហែលជា​៧០​ឆ្នាំ​មុន ភ្ញៀវ​ម្នាក់​បាន​មក​ផ្ទះ​យើង ហើយ​បាន​ជូន​យោបល់​មួយ​ដល់​ឪពុក​ខ្ញុំ​ដែល​បាន​កែប្រែ​គន្លង​ជីវិត​របស់​ខ្ញុំ​ទាំង​ស្រុង។ តាំង​ពី​ថ្ងៃ​ដ៏​សំខាន់​នោះ​មក មនុស្ស​មួយ​ចំនួន​ទៀត​ក៏​បាន​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ​ដែរ។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​មាន​មិត្តភាព​ដ៏​ល្អ​ដែល​ខ្ញុំ​ចាត់​ទុក​ថា​មាន​តម្លៃ​ជាង​អ្វី​ៗ​ឯ​ទៀត។ សូម​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​រឿង​នេះ។

​ខ្ញុំ​បាន​កើត​នៅ​ក្រុង​ស៊ីដនី​ប្រទេស​អូស្ដ្រាលី​នៅ​ឆ្នាំ​១៩៣២ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​អ្នក​ជឿ​ព្រះ​ប៉ុន្តែ​មិន​ទៅ​វិហារ​ទេ។ ម្ដាយ​របស់​ខ្ញុំ​បង្រៀន​ខ្ញុំ​ថា ព្រះ​កំពុង​មើល​ខ្ញុំ​ជាប់​ជា​និច្ច ហើយ​លោក​ចាំ​តែ​ដាក់​ទោស​ប្រសិនបើ​ខ្ញុំ​ជា​ក្មេង​រពឹស។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​ព្រះ។ ប៉ុន្តែ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​គម្ពីរ​យ៉ាង​ខ្លាំង។ ពេល​ដែល​អ៊ំ​របស់​ខ្ញុំ​មក​លេង​យើង​នៅ​ចុង​សប្ដាហ៍ គាត់​បាន​ប្រាប់​ខ្ញុំ​រឿង​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ជា​និច្ច ពេល​គាត់​មក​លេង​ម្ដង​ទៀត។

ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​ជំទង់ ឪពុក​ខ្ញុំ​បាន​អាន​សៀវភៅ​ផ្សេង​ៗ​ដែល​ម្ដាយ​ខ្ញុំ​បាន​ទទួល​ពី​ស្ត្រី​វ័យ​ចាស់​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​អំពី​អ្វី​ដែល​គាត់​អាន​ក្នុង​សៀវភៅ​របស់​គ្រិស្ត​សាសនិក បាន​ជា​គាត់​យល់​ព្រម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​ដែល​ឪពុក​ខ្ញុំ​សិក្សា​គម្ពីរ​នៅ​ល្ងាច​មួយ គាត់​ដឹង​ថា​ខ្ញុំ​កំពុង​លួច​ស្ដាប់។ គាត់​ហៀបនឹង​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​គេង​វិញ ប៉ុន្តែ​ភ្ញៀវ​របស់​យើង​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​មិន​ឲ្យ​អែលវើ​អង្គុយ​ស្ដាប់​យើង?​»។ សំណើ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​របៀប​រស់​នៅ​ថ្មី និង​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត។

មិន​យូរ​ក្រោយ​មក ឪពុក​ខ្ញុំ​និង​ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។ អ្វី​ដែល​គាត់​បាន​រៀន​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​កែប្រែ​របៀប​រស់​នៅ​របស់​គាត់។ គាត់​ថែម​ទាំង​ចេះ​ទប់​កំហឹង​ទៀត​ផង។ នេះ​បាន​ជំរុញ​ចិត្ត​ម្ដាយ​ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ​ឈ្មោះ​ហ្វ្រាង ឲ្យ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ * យើង​ទាំង​បួន​នាក់​បាន​រីក​ចម្រើន ហើយ​ទី​បំផុត​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ តាំង​ពី​ពេល​នោះ​មក បង​ប្អូន​វ័យ​ចាស់​ជា​ច្រើន​នាក់​បាន​មាន​ឥទ្ធិពល​ល្អ​ក្នុង​អំឡុង​ដំណាក់​កាល​ផ្សេង​ៗ​នៃ​ជីវិត​របស់​ខ្ញុំ។

ពេល​សម្រេច​ចិត្ត​ជ្រើស​រើស​វិជ្ជាជីវៈ​មួយ

ជា​ក្មេង​ជំទង់​ម្នាក់ ខ្ញុំ​ចូល​ចិត្ត​សេពគប់​បង​ប្អូន​វ័យ​ចាស់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ បង​ស្រី​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​គឺ​បង​ស្រី​អាឡឺស ផ្លេស ជា​បង​ស្រី​វ័យ​ចាស់​ដែល​បាន​មក​លេង​ក្រុម​គ្រួសារ​យើង​លើក​ដំបូង។ គាត់​ដូច​ជា​ជីដូន​ម្នាក់​របស់​ខ្ញុំ។ បង​ស្រី​អា​ឡឺស​បង្ហាត់​ខ្ញុំ​ឲ្យ​ចេះ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ហើយ​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ព្យាយាម​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ខ្ញុំ​បាន​សម្រេច​គោលដៅ​នេះ​នៅ​ពេល​ខ្ញុំ​អាយុ​១៥​ឆ្នាំ។

ខ្ញុំ​ក៏​បាន​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​ឈ្មោះ​ភើស៊ី​និង​ម៉ាត់ជ៍​[​ឬ​ម៉ាហ្គារែត​] ដឹនណឹម។ ការ​សេពគប់​ជា​មួយ​ពួក​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​អនាគត​របស់​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​គណិតវិទ្យា ហើយ​ខ្ញុំ​មាន​គោលដៅ​ចង់​បង្រៀន​មុខ​វិជ្ជា​នេះ។ ភើស៊ី​និង​ម៉ាត់ជ៍​បាន​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​ឡាត់វៀ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០។ ពេល​សង្គ្រាម​លោក​លើក​ទី​២​បាន​ផ្ទុះ​ឡើង​នៅ​ទ្វីប​អឺរ៉ុប ពួក​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល​ប្រទេស​អូស្ដ្រាលី ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ស៊ីដនី។ បង​ប្រុស​ភើ​ស៊ី​និង​បង​ស្រី​ម៉ាត់ជ៍​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ខ្ញុំ។ ពួក​គាត់​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ​អំពី​បទ​ពិសោធន៍​ជា​ច្រើន​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ពួក​គាត់​ធ្លាប់​មាន​ក្នុង​កិច្ច​បម្រើ​ជា​សាសនទូត។ ខ្ញុំ​អាច​ឃើញ​ច្បាស់​ថា​ការ​បង្រៀន​គម្ពីរ​នាំ​ឲ្យ​គាប់​ចិត្ត​ជាង​បង្រៀន​គណិតវិទ្យា​ឆ្ងាយ​ណាស់។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​សាសនទូត​វិញ។

បង​ភើ​ស៊ី​និង​បង​ម៉ាត់ជ៍​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ច​បម្រើ​ជា​សាសនទូត​ដោយ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ហេតុ​នេះ នៅ​ឆ្នាំ​១៩៤៨ ពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​យ៉ាង​សប្បាយ​រីករាយ​ជា​មួយ​នឹង​បង​ប្អូន​វ័យ​ក្មេង​១០​នាក់​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​ខ្ញុំ នៅ​ហឹសវីល​ដែល​នៅ​ជាយ​ក្រុង​ស៊ីដនី។

ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ត្រួស​ត្រាយ​នៅ​ក្រុង​បួន​ផ្សេង​ទៀត​ដែល​នៅ​រដ្ឋ​ញូវ​សោត​វេល និង​រដ្ឋ​ឃ្វីនស្លែន។ សិស្ស​គម្ពីរ​ម្នាក់​របស់​ខ្ញុំ​ក្នុង​ចំណោម​សិស្ស​ដំបូង​របស់​ខ្ញុំ​គឺ​បេតធី ឡរ (​ឥឡូវ​ឈ្មោះ​រ៉េមណឹន​)។ បេតធី​ជា​នា​រី​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត គាត់​មាន​អាយុ​បង​ខ្ញុំ​ពីរ​ឆ្នាំ។ ក្រោយ​មក គាត់​បាន​ធ្វើ​ជា​ដៃ​គូ​ត្រួស​ត្រាយ​ជា​មួយ​ខ្ញុំ​នៅ​ក្រុង​ខៅរើ ដែល​នៅ​ចម្ងាយ​ប្រហែលជា​១៤៥​ម៉ៃល៍ (​២៣០​គីឡូម៉ែត្រ​) ខាង​លិច​ក្រុង​ស៊ីដនី។ ទោះ​ជា​យើង​បាន​ត្រួស​ត្រាយ​ជា​មួយ​គ្នា​តែ​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ បេតធី​និង​ខ្ញុំ​នៅ​តែ​ជា​មិត្ត​នឹង​គ្នា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

នៅ​ពេល​ដែល​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ខ្ញុំ​បាន​រើ​ទៅ​នៅ​ណារ៉ាន់ដេរ៉ា​ដែល​ជា​ក្រុង​មួយ​មាន​ចម្ងាយ​១៣៧​ម៉ៃល៍ (​២២០​គីឡូម៉ែត្រ​) ខាង​ត្បូង​ឆៀង​ខាង​លិច​ក្រុង​ខៅរើ។ ដៃ​គូ​ថ្មី​របស់​ខ្ញុំ​គឺ​ជយ ឡេនណុកស៍ (​ឥឡូវ​ឈ្មោះ​ហាន់ធឺរ​) ជា​អ្នក​ត្រួស​ត្រាយ​ដ៏​ខ្នះខ្នែង​ម្នាក់​ដែល​មាន​អាយុ​បង​ខ្ញុំ​ពីរ​ឆ្នាំ​ដែរ។ យើង​ជា​សាក្សី​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុង​នេះ។ បង​ជយ​និង​ខ្ញុំ​បាន​ជួល​បន្ទប់​នៅ​ជា​មួយ​ប្ដី​ប្រពន្ធ​ដ៏​រាក់​ទាក់​មួយ​គូ​ឈ្មោះ​រ៉េ​និង​អេសធើរ អាយអឹនស៍។ ពួក​គាត់​ព្រម​ទាំង​កូន​ប្រុស​ម្នាក់​និង​កូន​ស្រី​បី​នាក់​បាន​ចាប់​អារម្មណ៍​ចំពោះ​សេចក្ដី​ពិត។ បង​រ៉េ​និង​កូន​ប្រុស​របស់​គាត់​ធ្វើ​ការ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ចៀម​និង​ដាំ​ស្រូវ​សាលី​ខាង​ក្រៅ​ក្រុង​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ រីឯ​អេសធើរ​និង​កូន​ស្រី​ទាំង​បី​នាក់​បើក​ផ្ទះ​ជួល​ដែល​មាន​បន្ទប់​និង​អាហារ។ រាល់​ថ្ងៃ​អាទិត្យ​បង​ជយ​និង​ខ្ញុំ​រៀបចំ​ម្ហូប​ជា​ច្រើន​សម្រាប់​ក្រុម​គ្រួសារ​អាយអឹនស៍ និង​សម្រាប់​កម្មករ​ធ្វើ​ផ្លូវ​រថភ្លើង​ដែល​ឃ្លាន​យ៉ាង​ខ្លាំង​ប្រហែល​១២​នាក់​ដែល​ស្នាក់​នៅ​ផ្ទះ​គាត់។ កិច្ចការ​នេះ​បាន​ជួយ​យើង​ឲ្យ​រួច​ថ្លៃ​ជួល​បន្ទប់​ខ្លះ។ បន្ទាប់​ពី​យើង​សម្អាត​រួច​រាល់​ហើយ យើង​បាន​រៀបចំ​ផ្ដល់​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ខាង​ចំណេះ​របស់​ព្រះ ពោល​គឺ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ប្រចាំ​សប្ដាហ៍។ បង​រ៉េ បង​អេសធើរ​និង​កូន​ទាំង​បួន​នាក់​របស់​គាត់​បាន​ជឿ​សេចក្ដី​ពិត ហើយ​បាន​ក្លាយ​ទៅ​ជា​សមាជិក​ដំបូង​នៃ​ក្រុម​ជំនុំ​ណារ៉ាន់ដេរ៉ា។

នៅ​ឆ្នាំ​១៩៥១ ខ្ញុំ​បាន​ចូល​រួម​មហាសន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីដនី។ នៅ​ទី​នោះ​ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​ពិសេស​សម្រាប់​អ្នក​ត្រួស​ត្រាយ​ដែល​ចាប់​អារម្មណ៍​នឹង​កិច្ច​បម្រើ​ជា​សាសនទូត។ អ្នក​ត្រួស​ត្រាយ​ជាង​៣០០​នាក់​បាន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រោម​តង់​យ៉ាង​ធំ​មួយ។ បង​ប្រុស​ណេថិន ន័រ មក​ពី​បេតអែល​ប៊្រុគ្លីន​បាន​ថ្លែង​សុន្ទរកថា ហើយ​បាន​និយាយ​អំពី​សេចក្ដី​ត្រូវ​ការ​យ៉ាង​បន្ទាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង​នៅ​ផែនដី។ យើង​ស្ដាប់​គ្រប់​ពាក្យ​ទាំង​អស់​របស់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ក្រោយ​មក អ្នក​ត្រួស​ត្រាយ​ជា​ច្រើន​នាក់​ដែល​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​នោះ​បាន​ចាប់​ផ្ដើម​កិច្ចការ​រាជាណាចក្រ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​និង​តំបន់​ផ្សេង​ៗ​ទៀត។ ខ្ញុំ​ជា​ជន​ជាតិ​អូស្ដ្រាលី​ម្នាក់​ក្នុង​ចំណោម​ជន​ជាតិ​អូស្ដ្រាលី​១៧​នាក់​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គី​លាត​ជំនាន់​ទី​១៩ នៅ​ឆ្នាំ​១៩៥២។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង។ ពេល​ខ្ញុំ​មាន​អាយុ​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ចង់​បម្រើ​ជា​សាសនទូត​បាន​ក្លាយ​ជា​ការ​ពិត!

ពេល​ត្រូវ​កែប្រែ​ទស្សនៈ

ការ​បង្ហាត់​បង្រៀន​និង​ការ​សេពគប់​នៅ​សាលា​គី​លាត មិន​ត្រឹម​តែ​បង្កើន​ចំណេះ​ខាង​គម្ពីរ​និង​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នៅ​ក្មេង ហើយ​មាន​ទំនោរ​ចិត្ត​ចង់​ឲ្យ​ខ្លួន​ខ្ញុំ​និង​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ល្អ​ឥត​ខ្ចោះ​ដែរ។ ខ្ញុំ​មាន​គំនិត​ខ្ពង់​ខ្ពស់​ជា​ច្រើន​ដែល តាម​ការ​ពិត​មិន​អាច​អនុវត្ត​បាន។ ទស្សនៈ​របស់​ខ្ញុំ​ខ្លះ​គឺ​តឹង​តែង​ហួស​ហេតុ​ពេក។ ជា​ឧទាហរណ៍ ពេល​ដែល​ខ្ញុំ​ឃើញ​បង​ប្រុស​ណេថិន ន័រ​លេង​បាល់​ជា​លក្ខណៈ​មិត្តភាព​ជា​មួយ​បង​ប្អូន​វ័យ​ក្មេង​មួយ​ក្រុម​ដែល​ជា​សមាជិក​បេតអែល ខ្ញុំ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង។

អ្នក​បង្ហាត់​បង្រៀន​សាលា​គី​លាត​ទាំង​អស់​ជា​បុរស​វាង​វៃ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ច្បាស់​ជា​បាន​ឃើញ​ថា​ខ្ញុំ​កំពុង​តស៊ូ​ទាំង​លំបាក​នឹង​បញ្ហា​របស់​ខ្ញុំ។ ពួក​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​របៀប​គិត​គូរ​របស់​ខ្ញុំ។ បន្ដិច​ម្ដង​ៗ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​ជា​ព្រះ​ដែល​ចេះ​ដឹង​គុណ លោក​មិន​មែន​ជា​ព្រះ​ដែល​តឹងរ៉ឹង ហើយ​ពិបាក​ផ្គាប់​ចិត្ត​នោះ​ទេ។ បង​ប្អូន​ខ្លះ​ដែល​រៀន​ថ្នាក់​ជា​មួយ​គ្នា​ក៏​បាន​ជួយ​ខ្ញុំ​ដែរ។ ខ្ញុំ​នឹក​ចាំ​បង​ស្រី​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​បាន​និយាយ​ថា​៖ ​«​អែលវើ​អើយ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​ប្អូន​បម្រើ​លោក​ដូច​ជា​ខ្ញុំ​កញ្ជះ​ទេ កុំ​តឹងរ៉ឹង​ចំពោះ​ខ្លួន​ឯង​ហួស​ហេតុ​ពេក!​»។ សម្ដី​ត្រង់​ៗ​របស់​គាត់​បាន​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​ខ្ញុំ។

បន្ទាប់​ពី​រៀន​ចប់​នៅ​សាលា​គី​លាត ខ្ញុំ​និង​សិស្ស​រួម​ថ្នាក់​បួន​នាក់​ទៀត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​ណា​មី​បៀ ទ្វីប​អាហ្វ្រិក។ មិន​យូរ​ក្រោយ​មក​ពួក​យើង​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​៨០​នាក់។ ខ្ញុំ​ស្រឡាញ់​ប្រទេស​ណា​មី​បៀ​និង​ជីវិត​ជា​សាសនទូត ប៉ុន្តែ​ខ្ញុំ​បាន​ចាប់​ចិត្ត​ស្រឡាញ់​សិស្ស​រួម​ថ្នាក់​នៅ​សាលា​គី​លាត​ម្នាក់​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​ស្វីស។ បន្ទាប់​ពី​រស់​នៅ​បាន​មួយ​ឆ្នាំ​នៅ​ណា​មី​បៀ ខ្ញុំ​បាន​ទៅ​តាម​គូ​ដណ្ដឹង​របស់​ខ្ញុំ​នៅ​ប្រទេស​ស្វីស។ បន្ទាប់​ពី​យើង​បាន​រៀប​ការ​ហើយ ខ្ញុំ​បាន​ទៅ​តាម​ប្ដី​ខ្ញុំ​ដែល​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។

ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ

បន្ទាប់​ពី​បាន​បម្រើ​យ៉ាង​សប្បាយ​រីករាយ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​អស់​ប្រាំ​ឆ្នាំ​មក យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល​ប្រទេស​ស្វីស។ នៅ​ក្នុង​ក្រុម​គ្រួសារ​បេតអែល​នៅ​ទី​នោះ ខ្ញុំ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារបាន​រស់​នៅ​ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​ដែល​មាន​វ័យ​ចាស់​និង​មាន​គំនិត​ចាស់​ទុំ​ក្នុង​ការ​បម្រើ​ព្រះ។

មិន​យូរ​ក្រោយ​មក មាន​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ដឹង​ថា​ប្ដី​របស់​ខ្ញុំ​បាន​ក្បត់​ខ្ញុំ​និង​ព្រះ​យេហូវ៉ា។ ក្រោយ​មក​គាត់​បាន​ចាក​ចោល​ខ្ញុំ​ទៅ។ ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់! ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នេះ​តាម​របៀប​ណា​ទេ បើ​គ្មាន​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​មិត្ត​ជា​ទី​ស្រឡាញ់​ដែល​ចាស់​ជាង​ខ្ញុំ​នៅ​ក្នុង​ក្រុម​គ្រួសារ​បេតអែល។ ពួក​គាត់​បាន​ស្ដាប់​ខ្ញុំ​ពេល​ដែល​ខ្ញុំ​ចង់​និយាយ ហើយ​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង ពេល​ដែល​ខ្ញុំ​ចង់​នៅ​ម្នាក់​ឯង។ ពាក្យ​សម្រាល​ទុក្ខ​និង​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​របស់​ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ដែល​មិន​អាច​រៀប​រាប់​បាន ហើយ​ពួក​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។

ខ្ញុំ​ក៏​នឹក​ចាំ​ដែរ​នូវ​សម្ដី​របស់​បង​ប្អូន​វ័យ​ចាស់​មាន​គំនិត​វាង​វៃ​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ដែល​បាន​និយាយ​ច្រើន​ឆ្នាំ​មុន។ នេះ​ក៏​រួម​បញ្ចូល​យោបល់​របស់​បង​ម៉ាត់ជ៍ ដឹនណឹម​ដែរ។ មាន​ម្ដង​នោះ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​អែលវើ ក្នុង​ជីវិត​របស់​ប្អូន​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ប្អូន​នឹង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ​ការ​ល្បង​ល​ដែល​ពិបាក​បំផុត​ប្រហែលជា​មក​ពី​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ប្អូន​»។ ក្នុង​អំឡុង​ពេល​ប្អូន​រង​ទុក្ខ​លំបាក​ទាំង​នោះ សូម​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា​ប្អូន​បម្រើ​លោក មិន​មែន​បម្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទេ!។ ដំបូន្មាន​របស់​បង​ម៉ាត់ជ៍​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ពេល​ខ្ញុំ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​ជា​ច្រើន។ ខ្ញុំ​បាន​តាំង​ចិត្ត​ថា​មិន​ឲ្យ​កំហុស​ប្ដី​របស់​ខ្ញុំ​បំបែក​ខ្ញុំ​ពី​ព្រះ​យេហូវ៉ា​ឡើយ។

ក្រោយ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​អូស្ដ្រាលី​វិញ ដើម្បី​អាច​ត្រួស​ត្រាយ​និង​នៅ​ជិត​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ពិភាក្សា​គ្នា​ជា​ទៀត​ទាត់​និង​យ៉ាង​សប្បាយ​អំពី​គម្ពីរ​ជា​មួយ​អ្នក​រួម​ដំណើរ​មួយ​ក្រុម។ នៅ​ក្នុង​ក្រុម​នោះ មាន​បុរស​ដ៏​ស្ងាត់​ស្ងៀម​ម្នាក់​ជា​ជន​ជាតិ​ន័រ​វ៉េ​ឈ្មោះ​អារណឺ ជើដេ។ គាត់​បាន​ចូល​ចិត្ត​អ្វី​ដែល​គាត់​បាន​ឮ។ ក្រោយ​មក អារណឺ​បាន​មក​លេង​ក្រុម​គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​នៅ​ក្រុង​ស៊ីដនី។ គាត់​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ហើយ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩៦៣ អារណឺ​និង​ខ្ញុំ​បាន​រៀប​ការ ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​សម្រាល​កូន​ប្រុស​ម្នាក់​ឈ្មោះ​ហ្គារី។

ពេល​ប្រឈម​មុខ​នឹង​ការ​បាត់បង់​មួយ​ទៀត

អារណឺ ហ្គារី​និង​ខ្ញុំ សប្បាយ​រីករាយ​ជា​ខ្លាំង​នឹង​ជីវិត​គ្រួសារ​ដែល​មាន​សុភមង្គល។ មិន​យូរ​ប៉ុន្មាន អារណឺ​បាន​ពង្រីក​ផ្ទះ​របស់​យើង​ដើម្បី​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​ឪពុក​ម្ដាយ​វ័យ​ចាស់​របស់​ខ្ញុំ។ ក៏​ប៉ុន្តែ ៦​ឆ្នាំ​ក្រោយ​ពី​បាន​រៀប​ការ យើង​រង​ទុក្ខ​លំបាក​ម្យ៉ាង​ទៀត។ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា អារណឺ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល។ ខ្ញុំ​បាន​ទៅ​មើល​គាត់​នៅ​មន្ទីរ​ពេទ្យ​រៀង​រាល់​ថ្ងៃ ក្នុង​អំឡុង​ពេល​ដែល​គាត់​ទទួល​ការ​ព្យាបាល​រយៈ​ពេល​យូរ​តាម​វិធី​ព្យាបាល​ដោយ​ប្រើ​កាំរស្មី។ គាត់​បាន​ធូរ​ស្បើយ​ពី​ជំងឺ​អស់​មួយ​រយៈ​ពេល ក្រោយ​មក​ស្ថានភាព​ជំងឺ​របស់​គាត់​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ ហើយ​គាត់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​អាច​រស់​បាន​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ អារណឺ​បាន​រួច​ពី​ស្លាប់។ នៅ​ទី​បំផុត​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ខ្ញុំ​បាន​ថែ​ទាំ​គាត់​ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ​បន្ដិច​ម្ដង​ៗ។ ក្រោយ​មក គាត់​អាច​ដើរ​ឡើង​វិញ​បាន ហើយ​គាត់​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ម្ដង​ទៀត។ ដោយ​សារ​គាត់​ជា​មនុស្ស​មាន​ចរិត​សប្បាយ​រីករាយ ហើយ​ចូល​ចិត្ត​សើច​សប្បាយ នេះ​ជួយ​គាត់​ឲ្យ​ឆាប់​ជា​សះ​ស្បើយ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួល​បន្ត​ថែ​រក្សា​គាត់​ជាង។

ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩៨៦ អារណឺ​បាន​ឈឺ​ធ្ងន់​ម្ដង​ទៀត។ កាល​នោះ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ស្លាប់​អស់​ហើយ។ ដូច្នេះ​ខ្ញុំ​និង​អារណឺ​បាន​រើ​ផ្ទះ​ទៅ​នៅ​តំបន់​ប៊្លូម៉ោនថិន​ដ៏​សែន​ស្អាត​ខាង​ក្រៅ​ក្រុង​ស៊ីដនី ជា​កន្លែង​ដែល​យើង​អាច​នៅ​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​ភក្ដិ​របស់​យើង។ ក្រោយ​មក ហ្គារី​បាន​រៀប​ការ​ជា​មួយ​ប្អូន​ស្រី​រួម​ជំនឿ​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​ឈ្មោះ​ខារ៉ិន ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​សុំ​ឲ្យ​យើង​ទាំង​បួន​នាក់​រស់​នៅ​ផ្ទះ​ជា​មួយ​គ្នា។ ប៉ុន្មាន​ខែ​ក្រោយ​មក យើង​ទាំង​អស់​គ្នា​បាន​រើ​ទៅ​នៅ​ផ្ទះ​មួយ​ដែល​រំលង​តែ​ពីរ​បី​ផ្លូវ​ពី​កន្លែង​ដែល​ខ្ញុំ​និង​អារណឺ​ធ្លាប់​រស់​នៅ​ពី​មុន។

ក្នុង​អំឡុង​១៨​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ អារណឺ​ឈឺ​ក្រោក​ពី​គ្រែ​មិន​រួច ហើយ​ត្រូវ​ការ​គេ​ថែ​ទាំ​គាត់​ជាប់​ជា​និច្ច។ ដោយ​សារ​ខ្ញុំ​មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ស្ទើរតែ​គ្រប់​ពេល ហេតុ​នេះ​ខ្ញុំ​ចំណាយ​ពេល​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​សិក្សា​គម្ពីរ​និង​សៀវភៅ​ដែល​មូលដ្ឋាន​លើ​គម្ពីរ។ ក្នុង​អំឡុង​ពេល​សិក្សា ខ្ញុំ​រក​ឃើញ​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​របស់​ខ្ញុំ។ បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ​របស់​យើង​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​មក​លេង​ខ្ញុំ ហើយ​នៅ​ក្នុង​ចំណោម​ពួក​គាត់​មាន​បង​ប្អូន​ខ្លះ​ដែល​ធ្លាប់​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ស្រដៀង​នឹង​ខ្ញុំ​ដែរ។ ការ​មក​សួរ​សុខទុក្ខ​របស់​ពួក​គាត់​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​មែន! អារណឺ​បាន​ស្លាប់​នៅ​ខែ​មេ​សា ឆ្នាំ​២០០៣ ដោយ​មាន​សេចក្ដី​សង្ឃឹម​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ជំនួយ​ដ៏​ប្រសើរ​បំផុត​ចំពោះ​ខ្ញុំ

កាល​ពី​នៅ​ក្មេង​ខ្ញុំ​មាន​គំនិត​ខ្ពង់​ខ្ពស់​ជា​ច្រើន​ដែល​តាម​ការ​ពិត​មិន​អាច​អនុវត្ត​បាន។ តែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ជីវិត​របស់​យើង​គឺ​កម្រ​បាន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក។ ខ្ញុំ​បាន​ពរ​ច្រើន​ឥត​គណនា ហើយ​ក៏​បាន​ស៊ូ​ទ្រាំ​នឹង​រឿង​ខ្លោច​ផ្សា​ពីរ ពោល​គឺ ប្ដី​មុន​បាន​ក្បត់​ខ្ញុំ រីឯ​ប្ដី​ក្រោយ​វិញ​បាន​ស្លាប់​ដោយ​សារ​ជំងឺ។ នៅ​ចន្លោះ​ពេល​នោះ ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​និង​ការ​សម្រាល​ទុក្ខ​ពី​ប្រភព​ផ្សេង​ៗ។ ជំនួយ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​មក​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ​»។ (​ដាន. ៧:៩​) ដំបូន្មាន​របស់​លោក​បាន​មាន​ឥទ្ធិពល​មក​លើ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ និង​នាំ​ឲ្យ​ខ្ញុំ​មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​នាំ​ឲ្យ​គាប់​ចិត្ត​នៅ​ក្នុង​កិច្ច​បម្រើ​ជា​សាសនទូត។ ពេល​បញ្ហា​បាន​កើត​ឡើង​‹សេចក្ដី​សប្បុរស​នៃ​ព្រះ​យេហូវ៉ា​បាន​ទប់​ទល់​ទូល​បង្គំ ហើយ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​បាន​ជា​ទី​រីករាយ​ដល់​ព្រលឹង​ទូល​បង្គំ›។ (​ទំនុក. ៩៤:១៨, ១៩​) ខ្ញុំ​ក៏​បាន​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​សមាជិក​ក្រុម​គ្រួសារ​ខ្ញុំ​និង​ពី​‹មិត្រ​សំឡាញ់​ពិត​ដែល​កើត​មក​សំ​រាប់​គ្រា​លំបាក›​ដែរ។ (​សុភ. ១៧:១៧​) ពួក​គាត់​ភាគ​ច្រើន​ជា​បង​ប្អូន​វ័យ​ចាស់​ដែល​មាន​គំនិត​វាង​វៃ។

យ៉ូប​បាន​សួរ​ថា​៖ ‹តើ​មនុស្ស​ចាស់​ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺន ទើប​មាន​យោបល់​មែន​ឬ?›។ (​យ៉ូប ១២:១២​) ពេល​ខ្ញុំ​គិត​អំពី​ជីវិត​របស់​ខ្ញុំ ខ្ញុំ​អាច​ឆ្លើយ​ថា​មែន។ ឱវាទ​របស់​បង​ប្អូន​វ័យ​ចាស់​ដែល​មាន​គំនិត​វាង​វៃ បាន​ជួយ​ខ្ញុំ ការ​សម្រាល​ទុក្ខ​របស់​ពួក​គាត់​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ ហើយ​ចំណង​មិត្តភាព​ដែល​ខ្ញុំ​មាន​ជា​មួយ​ពួក​គាត់​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ។ ខ្ញុំ​មាន​ចិត្ត​ដឹង​គុណ​ដែល​ខ្ញុំ​បាន​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គាត់។

ឥឡូវ​នេះ​ខ្ញុំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ ខ្លួន​ខ្ញុំ​ក៏​ជា​មនុស្ស​វ័យ​ចាស់​ដែរ។ បទ​ពិសោធន៍​ជា​ច្រើន​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​វ័យ​ចាស់​ឯ​ទៀត។ ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​ទៅ​សួរ​សុខទុក្ខ​និង​ជួយ​ពួក​គាត់។ ប៉ុន្តែ ខ្ញុំ​ក៏​រីករាយ​ក្នុង​ការ​សេពគប់​ជា​មួយ​មនុស្ស​វ័យ​ក្មេង​ដែរ។ កម្លាំង​ជា​ច្រើន​របស់​ពួក​គេ​ជំរុញ​ចិត្ត​ខ្ញុំ ហើយ​ចិត្ត​រំភើប​របស់​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើប​ដែរ។ ពេល​ដែល​ខ្ញុំ​ដឹង​ថា​ប្អូន​ៗ​វ័យ​ក្មេង​ខំ​មក​រក​ខ្ញុំ​ដើម្បី​សុំ​ការ​ណែនាំ​ឬ​ជំនួយ ខ្ញុំ​គិត​ថា​ការ​ជួយ​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ។

[​កំណត់​សម្គាល់​]

^ វគ្គ 7 ហ្វ្រាង ឡាំប៊ឺត​ជា​បង​ប្រុស​របស់​អែលវើ​បាន​ក្លាយ​ជា​អ្នក​ត្រួស​ត្រាយ​ដ៏​ខ្នះខ្នែង​នៅ​តំបន់​ដាច់​ស្រយាល​នា​ប្រទេស​អូស្ដ្រាលី។

[​រូបភាព​នៅ​ទំព័រ​១៤​]

កំពុង​ផ្សព្វ​ផ្សាយ​ជា​មួយ​ជយ ឡេនណុកស៍​នៅ​ណារ៉ាន់ដេរ៉ា

[​រូបភាព​នៅ​ទំព័រ​១៥​]

បង​ស្រី​អែលវើ​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​ប្រទេស​ស្វីស​នៅ​ឆ្នាំ​១៩៦០

[​រូបភាព​នៅ​ទំព័រ​១៦​]

កំពុង​ថែ​ទាំ​អារណឺ​ពេល​ដែល​គាត់​ឈឺ