លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទុកចិត្ដលើព្រះយេហូវ៉ាជាព្រះនៃ«ពេលកំណត់និងរដូវកាល»

ចូរទុកចិត្ដលើព្រះយេហូវ៉ាជាព្រះនៃ«ពេលកំណត់និងរដូវកាល»

ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​

​«​ទ្រង់​ដែល​បំ​ផ្លាស់​បំ​ប្រែ​ពេល​កំណត់ និង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង​»។—ដាន. ២:២១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​និង​ទំនាយ​ដែល​បាន​សម្រេច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​កំណត់​ពេល​យ៉ាង​ប្រសើរ​បំផុត?

តើ​ការ​យល់​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺជា​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

ហេតុ​អ្វី​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​មិន​អាស្រ័យ​លើ​ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក​និង​គម្រោង​ការ​របស់​មនុស្ស?

១, ២​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យល់​យ៉ាង​ច្បាស់​អំពី​ពេល​វេលា?

ជា​យូរ​មុន​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ លោក​បាន​ផ្ដល់​មធ្យោបាយ​ដើម្បី​វាស់​ពេល​វេលា។ នៅ​ថ្ងៃ​ទី​៤​នៃ​ការ​បង្កើត លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំ​រាប់​ទុក​ជា​ទី​សំ​គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ​»។ (​លោ. ១:១៤, ១៩, ២៦​) នេះ​បាន​កើត​ឡើង​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​មែន។

អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​អាច​ពន្យល់​ថា​ពេល​វេលា​គឺជា​អ្វី​ទេ។ សព្វវចនាធិប្បាយ​មួយ​រៀប​រាប់​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​និយាយ​ថា​ពេល​វេលា​ជា​អ្វី​នោះ​ទេ​»។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​យល់​យ៉ាង​ច្បាស់​អំពី​ពេល​វេលា។ យ៉ាង​ណា​មិញ លោក​ជា​«​[​អ្នក​]​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ហើយ​ប្រតិស្ឋាន​ផែនដី​»។ ព្រះ​យេហូវ៉ា​ក៏​ជា​ព្រះ​ដែល​«​តាំង​តែ​ពី​ដើម​ដំបូង . . . សំ​ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ​»។ (​អេ. ៤៥:១៨; ៤៦:១០​) ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​លើ​លោក និង​លើ​គម្ពីរ​បរិសុទ្ធ​ដែល​ជា​បណ្ដាំ​របស់​លោក ចូរ​យើង​ពិចារណា​អំពី​សំណួរ​ថា តើ​តាម​របៀប​ណា​អ្វី​ៗ​ដែល​លោក​បាន​បង្កើត និង​ទំនាយ​ដែល​បាន​សម្រេច​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​កំណត់​ពេល​វេលា​យ៉ាង​ប្រសើរ​បំផុត?

អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ពង្រឹង​ជំនឿ​យើង​ថា​លោក​ជា​អ្នក​កំណត់​ពេល​វេលា​យ៉ាង​ប្រសើរ​បំផុត

៣​. តើ​មាន​អ្វី​ខ្លះ​ដែល​ទៀង​ពេល​យ៉ាង​ត្រឹម​ត្រូវ​បំផុត?

អ្វី​ៗ​ដែល​យើង​ឃើញ​ក្នុង​សកលលោក​ធ្វើ​ដំណើរ​ទៀង​ពេល​ជា​និច្ច។ ជា​ឧទាហរណ៍ ចលនា​របស់​ភព​និង​ផ្កាយ​ទាំង​ឡាយ​បាន​ត្រូវ​កំណត់​ពេល​យ៉ាង​ទៀង​ទាត់។ ភព​និង​ផ្កាយ​ទាំង​ឡាយ​មាន​ចលនា​តាម​របៀប​ដែល​យើង​អាច​ដឹង​យ៉ាង​ច្បាស់​អំពី​ទី​តាំង​របស់​វា​នៅ​ក្នុង​លម្ហ​អាកាស។ ទី​តាំង​របស់​វា​បាន​ជួយ​មនុស្ស​ឲ្យ​ដឹង​អំពី​រដូវ​កាល ហើយ​អាច​រក​ឃើញ​ទិស​ពេល​ធ្វើ​ដំណើរ។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​ភព​និង​ផ្កាយ​ទាំង​ឡាយ លោក​មាន​«​តេជានុភាព​ដ៏​ខ្លាំងក្លា​»​ហើយ​លោក​សម​ទទួល​ការ​សរសើរ​ពី​យើង។—សូម​អាន អេសាយ ៤០:២៦

៤​. តើ​ភាព​ទៀង​ពេល​ដែល​មាន​នៅ​ក្នុង​ភាវរស់​បង្ហាញ​នូវ​ប្រាជ្ញា​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

ភាវរស់​ដឹង​ពេល​យ៉ាង​ត្រឹម​ត្រូវ។ ដំណើរ​វិល​ចុះ​វិល​ឡើង​នៃ​ជីវិត​របស់​រុក្ខជាតិ​និង​សត្វ​ជា​ច្រើន បាន​ត្រូវ​គ្រប់​គ្រង​ដោយ​អ្វី​មួយ​នៅ​ក្នុង​ខ្លួន​ពួក​វា​ដែល​ធ្វើ​ឲ្យ​វា​ដឹង​ពេល។ បក្សី​ជា​ច្រើន​ដឹង​ដោយ​ឯកឯង​ថា​ពេល​ណា​ពួក​វា​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទី​កន្លែង​រស់​នៅ​របស់​ពួក​វា។ (​យេ. ៨:៧​) មនុស្ស​ក៏​មាន​អ្វី​មួយ​នៅ​ក្នុង​ខ្លួន​ពួក​គេ​ដែរ ដែល​ជា​ធម្មតា​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​ពេល​យប់​និង​ពេល​ថ្ងៃ​ដែល​វិល​ចុះ​ឡើង​ក្នុង​២៤​ម៉ោង។ បន្ទាប់​ពី​អ្នក​ដំណើរ​ម្នាក់​ធ្វើ​ដំណើរ​តាម​យន្តហោះ​អស់​ជា​ច្រើន​ម៉ោង​ទៅ​តំបន់​ផ្សេង​ៗ​នៃ​ផែនដី រូប​កាយ​របស់​គាត់​ប្រហែលជា​ត្រូវ​ការ​ពេល​ច្រើន​ថ្ងៃ​ដើម្បី​ស៊ាំ​នឹង​ពេល​វេលា​ថ្មី។ មែន​ហើយ ឧទាហរណ៍​ជា​ច្រើន​អំពី​ភាព​ទៀង​ពេល​ដែល​គេ​ឃើញ​ក្នុង​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត បង្ហាញ​អំពី​ឫទ្ធានុភាព និង​ប្រាជ្ញា​របស់​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»។ (​សូម​អាន ទំនុកតម្កើង ១០៤:២៤) ព្រះ​ដែល​កំណត់​ពេល​វេលា​យ៉ាង​ប្រសើរ​បំផុត​មាន​ប្រាជ្ញា​លើស​គេ​ទាំង​អស់ ហើយ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត។ ដូច្នេះ យើង​អាច​ជឿ​ថា​លោក​អាច​សម្រេច​អ្វី​ដែល​លោក​មាន​បំណង​ប្រាថ្នា!

ទំនាយ​ដែល​បាន​សម្រេច​ចំ​ពេល​ពង្រឹង​ជំនឿ​យើង

៥​. ​(​ក​) តើ​អ្វី​ជា​វិធី​តែ​ម្យ៉ាង​ដែល​យើង​អាច​ដឹង​អំពី​អនាគត​របស់​មនុស្ស​ជាតិ? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អាច​ទាយ​អំពី​ព្រឹត្ដិការណ៍​និង​ពេល​វេលា​ដែល​ព្រឹត្ដិការណ៍​ទាំង​នោះ​នឹង​កើត​ឡើង?

អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បង្រៀន​យើង​ជា​ច្រើន​អំពី​«​គុណ​សម្បត្ដិ​របស់​លោក ដែល​មនុស្ស​មើល​មិន​ឃើញ​»​ ប៉ុន្តែ អ្វី​ៗ​ទាំង​នោះ​មិន​ឆ្លើយ​សំណួរ​ដ៏​សំខាន់​ដូច​ជា តើ​អនាគត​របស់​មនុស្ស​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា? (​រ៉ូម ១:២០​) ដើម្បី​ដឹង​ចម្លើយ យើង​ត្រូវ​មើល​អ្វី​ដែល​លោក​បាន​បើក​បង្ហាញ​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ពេល​យើង​ពិនិត្យ​មើល​គម្ពីរ យើង​ឃើញ​ទំនាយ​ជា​ច្រើន​ដែល​តែង​តែ​បាន​សម្រេច​នៅ​ចំ​ពេល! ព្រះ​យេហូវ៉ា​អាច​បើក​បង្ហាញ​អ្វី​ដែល​ត្រូវ​កើត​ឡើង ដោយ​សារ​លោក​អាច​ដឹង​យ៉ាង​ច្បាស់​អំពី​អនាគត។ ម្យ៉ាង​ទៀត អ្វី​ដែល​បទ​គម្ពីរ​បាន​ទាយ​កើត​ឡើង​នៅ​ចំ​ពេល ពីព្រោះ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ព្រឹត្ដិការណ៍​កើត​ឡើង ស្រប​តាម​គោល​បំណង​និង​ពេល​កំណត់​របស់​លោក។

៦​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​យល់​អំពី​ការ​សម្រេច​ទំនាយ​គម្ពីរ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​យល់​ដឹង​អំពី​ទំនាយ​ក្នុង​បទ​គម្ពីរ ហើយ​ទទួល​ប្រយោជន៍​ពី​ទំនាយ​ទាំង​នោះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ខុស​ពី​យើង​ស្តី​អំពី​ពេល​វេលា​ក៏​ដោយ ពេល​ដែល​លោក​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ជាក់​លាក់​ណា​មួយ នោះ​លោក​ប្រើ​ពាក្យ​ដែល​យើង​អាច​យល់​បាន។ (​សូម​អាន ទំនុកតម្កើង ៩០:៤) ជា​ឧទាហរណ៍ សៀវភៅ​ការ​បើក​បង្ហាញ​សំដៅ​ទៅ​«​ទេវតា​ទាំង​បួន​»​ ដែល​«​បាន​ត្រូវ​រៀបចំ​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​»។ នេះ​ជា​ការ​រាប់​ពេល​មួយ​ដែល​យើង​អាច​យល់​បាន។ (​បប. ៩:១៤, ១៥​) ការ​ដែល​យើង​ឃើញ​របៀប​ដែល​ទំនាយ​បាន​សម្រេច​នៅ​ពេល​ជាក់​លាក់ គួរ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​ និង​ទៅ​លើ​បណ្ដាំ​របស់​លោក។ ឥឡូវ​សូម​យើង​ពិចារណា​ឧទាហរណ៍​ខ្លះ។

៧​. តើ​ទំនាយ​របស់​យេរេមា​ដែល​បាន​សម្រេច​ស្តី​អំពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​កំណត់​ពេល​យ៉ាង​ប្រសើរ​បំផុត?

ដំបូង សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​៧ មុន​គ.ស.។ ប្រសាសន៍​របស់​ព្រះ​ដែល​ជា​អ្នក​កំណត់​ពេល​យ៉ាង​ប្រសើរ​បំផុត បាន​មក​«​ដល់​យេរេមា ពី​ដំណើរ​បណ្ដា​ជន​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា​»។ (​យេ. ២៥:១​) ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​ការ​និរទេស​ជន​ជាតិ​យូដា​ពី​ស្រុក​យូដា​ទៅ​បាប៊ីឡូន។ នៅ​ទី​នោះ​ពួក​គេ​នឹង​ត្រូវ​«​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ​»​ កង​ទ័ព​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ហើយ​បណ្ដា​ជន​ពី​ស្រុក​យូដា​បាន​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន​មែន។ ប៉ុន្តែ តើ​អ្វី​បាន​កើត​ឡើង​ពេល​៧០​ឆ្នាំ​នោះ​បាន​ចប់? យេរេមា​បាន​ទាយ​ថា​៖ ​«​ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ‹លុះ​កាល​បាន​សំ​រេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំ​រេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ›​»។ (​យេ. ២៥:១១, ១២; ២៩:១០​) ទំនាយ​នេះ​បាន​សម្រេច​នៅ​ចំ​ពេល គឺ​នៅ​ឆ្នាំ​៥៣៧​មុន​គ.ស. ក្រោយ​ពី​ជន​ជាតិ​មេឌី​និង​ពើ​ស៊ី​បាន​ដោះ​លែង​ជន​ជាតិ​យូដា​ពី​បាប៊ីឡូន។

៨, ៩​. តើ​ទំនាយ​ដានីយ៉ែល​ស្តី​អំពី​ការ​លេច​មក​នៃ​មេស្ស៊ី និង​ការ​រៀបចំ​ឡើង​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​យ៉ាង​ដូច​ម្ដេច?

សូម​ពិចារណា​អំពី​ទំនាយ​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ។ ប្រហែលជា​ពីរ​ឆ្នាំ​មុន​ជន​ជាតិ​យូដា​បាន​ចាក​ចេញ​ពី​បាប៊ីឡូន ព្រះ​យេហូវ៉ា​បាន​ទាយ​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​ថា មេស្ស៊ី​នឹង​លេច​មក​៤៨៣​ឆ្នាំ​ក្រោយ​ពី​មាន​បង្គាប់​ឲ្យ​សង់​ក្រុង​យេរូសាឡិម​ឡើង​វិញ។ ស្តេច​មេឌី​ពើ​ស៊ី​បាន​ចេញ​បង្គាប់​នេះ​នៅ​ឆ្នាំ​៤៥៥ មុន​គ.ស.។ ៤៨៣​ឆ្នាំ​គត់​ក្រោយ​មក ពោល​គឺ​នៅ​ឆ្នាំ​២៩ គ.ស. លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​ឲ្យ​ក្លាយ​ជា​មេស្ស៊ី។ *នេហ. ២:១, ៥​-​៨; ដាន. ៩:២៤, ២៥; លូក. ៣:១, ២, ២១, ២២

ឥឡូវ​នេះ​សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​បទ​គម្ពីរ​បាន​ទាយ​ស្តី​អំពី​រាជាណាចក្រ​ព្រះ។ ទំនាយ​ក្នុង​គម្ពីរ​បាន​បង្ហាញ​ថា រាជាណាចក្រ​របស់​មេស្ស៊ី​បាន​ត្រូវ​រៀបចំ​ឡើង​នៅ​ស្ថាន​សួគ៌​នៅ​ឆ្នាំ​១៩១៤។ ជា​ឧទាហរណ៍ គម្ពីរ​បាន​ផ្ដល់​«​សញ្ញា​សម្គាល់​»​ដែល​បញ្ជាក់​អំពី​វត្តមាន​របស់​លោក​យេស៊ូ ហើយ​បាន​ប្រាប់​ថា​នៅ​ពេល​នោះ​នឹង​មាន​ទុក្ខ​លំបាក​ជា​ខ្លាំង​នៅ​លើ​ផែនដី ពីព្រោះ​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌។ (​ម៉ាថ. ២៤:៣​-​១៤; បប. ១២:៩, ១២​) ម្យ៉ាង​ទៀត ទំនាយ​ឯ​ទៀត​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​ដឹង​អំពី​«​គ្រា​កំណត់​នៃ​ប្រជាជាតិ​នានា​[​ដែល​]​បាន​ចប់​សព្វ​គ្រប់​»​ ហើយ​គ្រិស្ត​បាន​ទៅ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤។—លូក. ២១:២៤; ដាន. ៤:​១០​-​១៧ *

១០​. តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​ដែល​ប្រាកដជា​កើត​ឡើង​ចំ​ពេល​នៅ​អនាគត?

១០ មិន​យូរ​ទៀត​«​ទុក្ខវេទនា​ជា​ខ្លាំង​»​ដែល​លោក​យេស៊ូ​បាន​ទាយ នឹង​មក​ដល់។ ក្រោយ​ពី​នោះ​លោក​យេស៊ូ​នឹង​គ្រប់​គ្រង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ អ្វី​ៗ​ទាំង​នេះ​ប្រាកដជា​នឹង​កើត​ឡើង​ចំ​ពេល​កំណត់​ជា​មិន​ខាន។ ពេល​លោក​យេស៊ូ​រស់​នៅ​ផែនដី ព្រះ​យេហូវ៉ា​បាន​កំណត់​រួច​ស្រេច​ហើយ​អំពី​«​ថ្ងៃ​និង​ម៉ោង​»​ដែល​ព្រឹត្ដិការណ៍​ទាំង​នេះ​ត្រូវ​កើត​ឡើង។—ម៉ាថ. ២៤:២១, ៣៦; បប. ២០:៦

ចូរ​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​

១១​. ដោយ​ដឹង​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១១ តើ​ការ​ទទួល​ស្គាល់​ថា​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម ហើយ​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​បំផុត​»​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? (​ដាន. ១២:៤​) មនុស្ស​ជា​ច្រើន​ឃើញ​ថា​ស្ថានភាព​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ​ៗ ប៉ុន្តែ​មិន​ទទួល​ស្គាល់​ថា​អ្វី​ៗ​ទាំង​នេះ​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ​ស្តី​អំពី​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ទេ។ ពួក​គេ​ប្រហែលជា​រំពឹង​ថា របៀប​របប​នេះ​ដួល​រលំ​នៅ​ថ្ងៃ​ណា​មួយ ឬ​ប្រហែលជា​ជឿ​ថា​តាម​របៀប​ណា​មួយ​ការ​ព្យាយាម​របស់​មនុស្ស​នឹង​ធ្វើ​ឲ្យ​«​មាន​សន្ដិភាព​និង​សន្ដិសុខ​»។ (​១ថែ. ៥:៣​) ប៉ុន្តែ ចុះ​យើង​វិញ? ប្រសិនបើ​យើង​ទទួល​ស្គាល់​ថា យើង​កំពុង​រស់​នៅ​កាន់​តែ​កៀក​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​ពិភព​លោក​របស់​សាថាន តើ​យើង​គួរ​ខំ​ប្រឹង​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​ដើម្បី​បម្រើ​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​លោក​ឬ​ទេ? (​២ធី. ៣:១​) យើង​គួរតែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​អំពី​របៀប​ដែល​យើង​ប្រើ​ពេល​វេលា​របស់​យើង។—សូម​អាន អេភេសូរ ៥:១៥​-​១៧

១២​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ស្តី​អំពី​សម័យ​ណូអេ?

១២ ការ​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​គឺ​មិន​មែន​ងាយ​ស្រួល​ទេ​ក្នុង​ពិភព​លោក​ដែល​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​បំបែរ​អារម្មណ៍​យើង។ លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​វត្តមាន​របស់​កូន​មនុស្ស នឹង​ដូច​សម័យ​ណូអេ​»។ តើ​សម័យ​ណូអេ​មាន​ស្ថានភាព​យ៉ាង​ណា? ព្រះ​បាន​ប្រាប់​ណូអេ​ថា​ពិភព​លោក​នៅ​សម័យ​នោះ​នឹង​មក​ដល់​ទី​បញ្ចប់។ នៅ​គ្រា​នោះ​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​លង់​ទឹក​ស្លាប់ ពេល​ទឹក​ជំនន់​លិច​ផែនដី​ទាំង​មូល។ ណូអេ​«​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​បាន​ប្រកាស​យ៉ាង​ទៀង​ទាត់​អំពី​ដំណឹង​របស់​ព្រះ​ប្រាប់​មនុស្ស​នៅ​សម័យ​របស់​គាត់។ (​ម៉ាថ. ២៤:៣៧; ២ពេ. ២:៥​) ប៉ុន្តែ ពួក​គេ​«​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ . . . ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ​»។ ហេតុ​នេះ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ ពីព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។ (​ម៉ាថ. ២៤:៣៨, ៣៩, ៤៤​) យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ដូច​ណូអេ មិន​មែន​ដូច​មនុស្ស​នៅ​សម័យ​របស់​គាត់​ទេ។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ជា​និច្ច?

១៣, ១៤​. កាល​ដែល​យើង​រង់​ចាំ​ការ​មក​ដល់​នៃ​កូន​មនុស្ស តើ​យើង​ត្រូវ​ចាំ​ចំណុច​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដែល​នឹង​ជួយ​យើង​ឲ្យ​បម្រើ​លោក?

១៣ ទោះ​ជា​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​យើង​រាល់​គ្នា​មិន​គិត​ក៏​ដោយ យើង​ត្រូវ​តែ​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​កំណត់​ពេល​វេលា​យ៉ាង​ប្រសើរ​បំផុត។ ទោះ​ជា​អ្វី​កើត​ឡើង​ក្នុង​ពិភព​លោក ឬ​មនុស្ស​មាន​គម្រោង​ធ្វើ​អ្វី​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​សម្រេច​ចិត្ត​អំពី​ពេល​វេលា​ដែល​អ្វី​ៗ​នឹង​កើត​ឡើង និង​អំពី​លទ្ធផល​នៃ​អ្វី​ៗ​ទាំង​នោះ។ (​សូម​អាន ដានីយ៉ែល ២:២១) តាម​ការ​ពិត​សុភាសិត ២១:១ ប្រាប់​យើង​ថា​៖ ​«​ព្រះ​ទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​យេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង​ឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះ​ហឫទ័យ​»។

១៤ ព្រះ​យេហូវ៉ា​អាច​គ្រប់​គ្រង​ទៅ​លើ​ព្រឹត្ដិការណ៍​នានា​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក និង​ដើម្បី​ឲ្យ​គោល​បំណង​នោះ​សម្រេច​នៅ​ចំ​ពេល។ ការ​ផ្លាស់​ប្ដូរ​ធំ​ៗ​ជា​ច្រើន​ក្នុង​ពិភព​លោក​បាន​សម្រេច​ទំនាយ​គម្ពីរ ជា​ពិសេស​ទំនាយ​ស្តី​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូ​ទាំង​ផែនដី។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​សហភាព​សូវៀត​បាន​ត្រូវ​រំលាយ​ចោល។ មនុស្ស​តិច​ណាស់​បាន​គិត​ថា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​បែប​នេះ​ខាង​នយោបាយ​អាច​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ​ឡើយ។ ក៏​ប៉ុន្តែ លទ្ធផល​នៃ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ គឺ​ឥឡូវ​នេះ​ដំណឹង​ល្អ​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ពាស​ពេញ​ប្រទេស​ជា​ច្រើន​ដែល​ពី​មុន​កិច្ចការ​របស់​យើង​បាន​ត្រូវ​ហាមឃាត់។ ដូច្នេះ ចូរ​យើង​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ដើម្បី​បម្រើ​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​យ៉ាង​ស្មោះ​ត្រង់។

ចូរ​បង្ហាញ​ជំនឿ​លើ​ការ​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា

១៥​. តើ​យើង​អាច​បង្ហាញ​ជំនឿ​ស្តី​អំពី​ការ​កែ​តម្រូវ​របស់​អង្គការ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥ ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ យើង​ត្រូវ​មាន​ជំនឿ​ថា ព្រះ​យេហូវ៉ា​សម្រេច​គោល​បំណង​លោក​នៅ​ពេល​ដ៏​ល្អ​បំផុត។ ស្ថានភាព​ពិភព​លោក​ដែល​កំពុង​ផ្លាស់​ប្ដូរ ប្រហែលជា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​នៅ​ក្នុង​របៀប​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ជួនកាល អង្គការ​របស់​ព្រះ​យេហូវ៉ា​ប្រហែលជា​ធ្វើ​ការ​កែ​តម្រូវ​ខ្លះ ដើម្បី​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​មាន​ប្រសិទ្ធភាព​បំផុត។ យើង​បង្ហាញ​ជំនឿ​លើ​ព្រះ​នៃ​«​ពេល​កំណត់​និង​រដូវ​កាល​»​ ដោយ​សហការ​យ៉ាង​ពេញ​លេញ​ជា​មួយ​អង្គការ​យើង ដោយ​ធ្វើ​តាម​ការ​កែ​តម្រូវ​បែប​នេះ កាល​ដែល​យើង​បម្រើ​យ៉ាង​ស្មោះ​ភក្ដី​ក្រោម​ការ​ដឹក​នាំ​នៃ​បុត្រ​របស់​លោក​ដែល​ជា​«​ប្រមុខ​នៃ​ក្រុម​ជំនុំ​»។—អេភ. ៥:២៣

១៦​. ហេតុ​អ្វី​យើង​អាច​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ពេល​យើង​ត្រូវ​ការ​ជំនួយ?

១៦ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក​ដោយ​ក្លាហាន​ព្រម​ទាំង​មាន​ជំនឿ​ទាំង​ស្រុង​ថា​លោក​នឹង​ជួយ​យើង​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​»។ (​ហេ. ៤:១៦​) នេះ​បង្ហាញ​ថា​លោក​ពិត​ជា​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ​មែន។ (​ម៉ាថ. ៦:​៨; ១០:២៩​-​៣១​) យើង​បង្ហាញ​ជំនឿ​របស់​យើង​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ជា​ទៀង​ទាត់​ដើម្បី​សុំ​ជំនួយ​ពី​លោក ហើយ​រួច​មក យើង​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​អធិដ្ឋាន​របស់​យើង​និង​ការ​ណែនាំ​របស់​លោក។ បន្ថែម​ទៅ​ទៀត យើង​ក៏​មិន​ភ្លេច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែរ។

១៧, ១៨​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​អ្វី​ប្រឆាំង​នឹង​សត្រូវ​របស់​លោក​នៅ​ពេល​ឆាប់​ៗ​នេះ? (​ខ​) តើ​យើង​ត្រូវ​ជៀស​វាង​ពី​អន្ទាក់​អ្វី?

១៧ ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​«​សង្ស័យ​»​ឡើយ ប៉ុន្តែ​ជា​ពេល​ដែល​យើង​មាន​កម្លាំង​ខ្លាំងក្លា​ដោយ​សារ​ជំនឿ។ (​រ៉ូម ៤:​២០​) សត្រូវ​របស់​ព្រះ ពោល​គឺ​សាថាន​និង​ពួក​អ្នក​ដែល​នៅ​ក្រោម​ឥទ្ធិពល​របស់​វា កំពុង​ព្យាយាម​បញ្ឈប់​កិច្ចការ​ដែល​លោក​យេស៊ូ​ប្រគល់​ឲ្យ​អ្នក​កាន់​តាម​លោក​រួម​ទាំង​យើង​ដែរ។ (​ម៉ាថ. ២៨:១៩, ២០​) ទោះ​ជា​មាន​ការ​វាយ​ប្រហារ​ពី​មេកំណាច​ក៏​ដោយ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ដែល​សង្គ្រោះ​មនុស្ស​គ្រប់​ប្រភេទ ជា​ពិសេស​មនុស្ស​ស្មោះ​ត្រង់​»​ ហើយ​លោក​«​ចេះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​»។—១ធី. ៤:​១០; ២ពេ. ២:៩

១៨ នៅ​ពេល​ឆាប់​ៗ​នេះ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។ យើង​មិន​ដឹង​ប្រាកដ​ថា​រឿង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា​និង​តាម​របៀប​ណា​ទេ ប៉ុន្តែ​យើង​ដឹង​ថា​គ្រិស្ត​នឹង​បំផ្លាញ​សត្រូវ​របស់​ព្រះ​នៅ​ចំ​ពេល​កំណត់។ ក្រោយ​មក គ្រប់​គ្នា​នឹង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​លើស​កល​លោក។ ដូច្នេះ ការ​មិន​យល់​អំពី​«​គ្រា​និង​ពេល​កំណត់​»​ដែល​យើង​កំពុង​រស់​នៅ​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ! សូម​កុំ​ឲ្យ​យើង​ធ្លាក់​ចូល​ក្នុង​អន្ទាក់ ដោយ​គិត​ថា​«​អ្វី​ៗ​ទាំង​អស់​នៅ​ដដែល តាំង​ពី​ពេល​ចាប់​ផ្ដើម​បង្កើត​ពិភព​លោក​មក​»។—១ថែ. ៥:១; ២ពេ. ៣:៣, ៤

ចូរ​ចេះ​«​រង់​ចាំ​»​

១៩, ២០​. ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ថា​យើង​ចេះ​រង់​ចាំ​ព្រះ​យេហូវ៉ា?

១៩ ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស លោក​ចង់​ឲ្យ​ពួក​គេ​រស់​ជា​រៀង​រហូត ដើម្បី​ពួក​គេ​អាច​បន្ត​រៀន​អំពី​លោក​និង​អ្វី​ដ៏​ល្អ​ស្អាត​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ សាស្ដា ៣:១១ ចែង​ថា​៖ ​«​ទ្រង់​[​ព្រះ​យេហូវ៉ា​] បាន​បង្កើត​របស់​សព្វសារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ​»។

២០ យើង​ត្រេក​អរ​ណាស់​ដែល​ព្រះ​យេហូវ៉ា​មិន​ដែល​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ចំពោះ​មនុស្ស។ (​ម៉ាឡ. ៣:៦​) គម្ពីរ​ចែង​ថា​៖ ‹ព្រះ​មិន​ប្រែ​ប្រួល​ដូច​ស្រមោល​ឡើយ›។ (​យ៉ា. ១:១៧​) ពេល​កំណត់​របស់​លោក​មិន​អាស្រ័យ​លើ​អ្វី​ដែល​មនុស្ស​ប្រើ​ដើម្បី​ប្រមាណ​ពេល ដូច​ជា​ការ​វិល​នៃ​ផែនដី​នោះ​ទេ។ ព្រះ​យេហូវ៉ា​ជា​«​ស្តេច​ដែល​រស់​ជា​រៀង​រហូត​»។ (​១ធី. ១:១៧​) ហេតុ​នេះ ចូរ​យើង​ចេះ​«​រង់​ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​[​យើង​]​»។ (​មីកា ៧:៧​) មែន​ហើយ ​«​អស់​អ្នក​ដែល​សង្ឃឹម​ដល់​[​ឬ​«​រង់​ចាំ​»​]​ព្រះ​យេហូវ៉ា​អើយ ចូរ​មាន​កំឡាំង​ឡើង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ក្លាហាន​ចុះ​»។—ទំនុក. ៣១:២៤; ព.ថ.

[​កំណត់​សម្គាល់​]

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៩​]

ដានីយ៉ែល​មាន​ជំនឿ​លើ​ការ​សម្រេច​ទំនាយ​របស់​ព្រះ

[​រូបភាព​នៅ​ទំព័រ​២១​]

តើ​អ្នក​ប្រើ​ពេល​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?