លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានគំនិតសុទិដ្ឋិនិយមចំពោះអាពាហ៍ពិពាហ៍ដែលមានបញ្ហា

ចូរមានគំនិតសុទិដ្ឋិនិយមចំពោះអាពាហ៍ពិពាហ៍ដែលមានបញ្ហា

ចូរ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​មាន​បញ្ហា

​«​ចំពោះ​អ្នក​ដែល​បាន​រៀប​ការ​ហើយ ខ្ញុំ​សូម​ណែនាំ​តាម​ពិត​មិន​មែន​ខ្ញុំ​ទេ គឺជា​លោក​ម្ចាស់​ទេ​ដែល​ណែនាំ​»។—១កូ. ៧:១០

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ព្រះ​ផ្សំផ្គុំ​គូ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​តាម​របៀប​ណា?

តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​គ្រិស្ត​សាសនិក​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មាន​បញ្ហា?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍?

១​. តើ​គ្រិស្ត​សាសនិក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍ ហើយ​ហេតុ​អ្វី?

ពេល​ដែល​គ្រិស្ត​សាសនិក​រៀប​ការ​ពួក​គេ​ប្រកាស​ពាក្យ​សច្ចា​នៅ​មុខ​ព្រះ។ នេះ​ជា​កាតព្វកិច្ច​ដ៏​ធ្ងន់ធ្ងរ​មួយ។ (​សាស្ដ. ៥:៤​-​៦​) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍ លោក​«​បាន​ផ្សំផ្គុំ​»​ឲ្យ​មាន​ចំណង​អាពាហ៍ពិពាហ៍។ (​ម៉ាក. ១០:៩​) តាម​ទស្សនៈ​របស់​ព្រះ ចំណង​នោះ​នៅ​ស្ថិតស្ថេរ ទោះ​ជា​ច្បាប់​របស់​ប្រទេស​ចែង​យ៉ាង​ណា​ក៏​ដោយ​អំពី​អាពាហ៍ពិពាហ៍។ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ទស្សនៈ​ថា​អាពាហ៍ពិពាហ៍​ជា​របៀប​រៀបចំ​ដែល​នៅ​ស្ថិតស្ថេរ ទោះ​ជា​នៅ​ពេល​រៀប​ការ ពួក​គេ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ឬ​មិន​មែន​ក៏​ដោយ។

២​. តើ​សំណួរ​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​យក​មក​ពិចារណា​ក្នុង​អត្ថបទ​នេះ?

អាពាហ៍ពិពាហ៍​ដែល​មាន​ជោគជ័យ​អាច​នាំ​ឲ្យ​មាន​សុភមង្គល​ក្រៃ​លែង។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ប្រសិនបើ​ចំណង​អាពាហ៍ពិពាហ៍​មាន​បញ្ហា? តើ​យើង​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ដែល​រេចរឹល​បាន​ឬ​ទេ? តើ​មាន​ជំនួយ​ណាខ្លះ​ចំពោះ​ពួក​អ្នក​ដែល​គ្មាន​សេចក្ដី​សុខ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍?

តើ​ចំណង​អាពាហ៍ពិពាហ៍​នឹង​នាំ​ឲ្យ​មាន​អំណរ​ឬ​ការ​ឈឺ​ចិត្ត?

៣, ៤​. តើ​អ្វី​អាច​កើត​ឡើង​បើ​បុគ្គល​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍?

នៅ​ពេល​ដែល​អាពាហ៍ពិពាហ៍​របស់​គ្រិស្ត​សាសនិក​បាន​ជោគជ័យ នេះ​នាំ​ឲ្យ​មាន​អំណរ ហើយ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ ប្រសិនបើ​អាពាហ៍ពិពាហ៍​នោះ​បរាជ័យ​វិញ នេះ​មិន​ត្រឹម​តែ​នាំ​ឲ្យ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ឯ​ទៀត​ដែរ។ គ្រិស្ត​សាសនិក​នៅ​លីវ​ដែល​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ មុខ​ជា​អាច​ចាប់​ផ្ដើម​ជីវិត​អាពាហ៍ពិពាហ៍​តាម​របៀប​ដ៏​ប្រសើរ។ ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ​ពេល​ជ្រើស​រើស​ប្ដី​ឬ​ក៏​ប្រពន្ធ នោះ​អាច​នាំ​ឲ្យ​គាត់​ខក​ចិត្ត​និង​មាន​ទុក្ខ​ព្រួយ។ ជា​ឧទាហរណ៍ មនុស្ស​វ័យ​ក្មេង​ខ្លះ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា នៅ​ពេល​ដែល​ពួក​គេ​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ភារកិច្ច​ដែល​ទាក់​ទង​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ទេ។ បុគ្គល​ខ្លះ​ស្វែងរក​គូ​អនាគត​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ពួក​គេ​រៀប​ការ​យ៉ាង​ឆាប់​រហ័ស ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដែល​មិន​មាន​សុភមង្គល។ អ្នក​ខ្លះ​ទៀត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​ដែល​ខំ​ស្គាល់​ចិត្ត​គ្នា ហើយ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ពួក​គេ​នៅ​តែ​រៀប​ការ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​ជីវិត​អាពាហ៍ពិពាហ៍​ដោយ​មិន​សូវ​មាន​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។

គ្រិស្ត​សាសនិក​ខ្លះ​មិន​រៀប​ការ​ជា​មួយ​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​ ហើយ​ទទួល​រង​ទុក្ខ​លំបាក​ដោយ​សារ​ក្រុម​គ្រួសារ​មាន​ជំនឿ​ខុស​គ្នា។ (​១កូ. ៧:៣៩​) ប្រសិនបើ​អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ ចូរ​អធិដ្ឋាន​សុំ​ព្រះ​អភ័យទោស​ហើយ​សុំ​លោក​ជួយ​អ្នក។ លោក​មិន​បំបាត់​ចោល​ផល​វិបាក​ដែល​មក​ពី​កំហុស​របស់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ធ្វើ​នៅ​អតីតកាល​ទេ ប៉ុន្តែ​លោក​ពិត​ជា​ជួយ​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ (​ទំនុក. ១៣០:១​-​៤​) សូម​តាំង​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ចាប់​ពី​ពេល​ឥឡូវ​នេះ​និង​ជា​រៀង​រហូត ហើយ​‹អំណរ​របស់​ព្រះ​យេហូវ៉ា​នឹង​ជា​កំឡាំង​នៃ​អ្នក›។—នេហ. ៨:១០

ពេល​ចំណង​អាពាហ៍ពិពាហ៍​ជិត​ប្រេះ​ឆា

៥​. ស្តី​អំពី​អាពាហ៍ពិពាហ៍​ដែល​គ្មាន​សុភមង្គល តើ​យើង​គួរ​ជៀស​វាង​ការ​គិត​បែប​ណា?

ពួក​អ្នក​ដែល​ធ្លាប់​ឈឺ​ចិត្ត​ក្នុង​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​មាន​ប្រយោជន៍​ឬ​ទេ​ដែល​ខ្ញុំ​ស្រោច​ស្រង់​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ដែល​គ្មាន​សុភមង្គល? ប្រសិនបើ​អាច​ចាប់​ផ្ដើម​ម្ដង​ទៀត​ខ្ញុំ​នឹង​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង​វិញ!›។ ពួក​អ្នក​ដែល​ចង់​បែកបាក់​គ្នា​ប្រហែលជា​គិត​ថា ‹បើ​អាច​មាន​សេរីភាព​ម្ដង​ទៀត មិន​ដឹង​ថា​ល្អ​យ៉ាង​ណា​ទេ! ចុះ​បើ​លែង​គ្នា​វិញ? បើ​មិន​អាច​លែង​លះ​គ្នា​ស្រប​តាម​គម្ពីរ ចុះ​បើ​គ្រាន់តែ​នៅ​បែក​គ្នា​ទៅ​ដើម្បី​សប្បាយ​នឹង​ជីវិត​ម្ដង​ទៀត?›។ ជា​ជាង​គិត​បែប​នេះ ហើយ​ដេក​ស្រមៃ​ថា​បើ​បាន​រៀប​ការ​ជា​មួយ​នឹង​គូ​ផ្សេង​តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ គ្រិស្ត​សាសនិក​គួរ​ខំ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​កាន់​តែ​ប្រសើរ​ឡើង ដោយ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ​ហើយ​ធ្វើ​តាម​ការ​ណែនាំ​នោះ។

៦​. សូម​ពន្យល់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ​ម៉ាថាយ ១៩:៩

បើ​គ្រិស្ត​សាសនិក​ម្នាក់​លែង​លះ​ប្ដី​ឬ​ប្រពន្ធ តាម​គម្ពីរ​គាត់​អាច​ឬ​មិន​អាច​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។ (​ម៉ាថ. ១៩:៩​) ក្នុង​ខ​នេះ​«​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ រួម​បញ្ចូល​អំពើ​ផិត​ក្បត់​និង​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ឯ​ទៀត​ខាង​ផ្លូវ​ភេទ។ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ពិចារណា​ឲ្យ​ដិត​ដល់ ហើយ​អធិដ្ឋាន​អំពី​គំនិត​ដែល​ចង់​លែង​លះ​គ្នា កាល​ណា​គូ​ណា​ម្នាក់​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

៧​. តើ​មនុស្ស​ឯ​ទៀត​ប្រហែលជា​គិត​យ៉ាង​ណា​ប្រសិនបើ​អាពាហ៍ពិពាហ៍​របស់​គ្រិស្ត​សាសនិក​បរាជ័យ?

អាពាហ៍ពិពាហ៍​ដែល​បរាជ័យ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ចំណង​មិត្ត​ភាព​របស់​បុគ្គល​ម្នាក់​ជា​មួយ​ព្រះ។ សាវ័ក​ប៉ូល​បាន​លើក​សំណួរ​ដ៏​សំខាន់​នេះ​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ម្នាក់​មិន​ចេះ​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន តើ​អ្នក​នោះ​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?​»។ (​១ធី. ៣:៥​) តាម​ការ​ពិត កាល​ណា​គូ​ទាំង​ពីរ​នាក់​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​ពិត ប៉ុន្តែ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បរាជ័យ នោះ​មនុស្ស​ឯ​ទៀត​ប្រហែលជា​គិត​ថា​ពួក​គេ​ពិត​ជា​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ទេ។—រ៉ូម ២:២១​-​២៤

៨​. ប្រសិនបើ​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​សម្រេច​ចិត្ត​រស់​នៅ​បែក​គ្នា តើ​នេះ​ច្បាស់​ជា​ដោយ​សារ​អ្វី?

កាល​ណា​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ គិត​ចង់​រស់​នៅ​បែក​គ្នា​ឬ​ចង់​លែង​លះ​គ្នា​ដោយ​គ្មាន​មូលហេតុ​ស្រប​តាម​គោលការណ៍​គម្ពីរ នោះ​ច្បាស់​ជា​ដោយ​សារ​ពួក​គេ​មិន​មាន​ចំណង​មិត្ត​ភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ​គូ​ម្នាក់​ឬ​ប្រហែលជា​ទាំង​ពីរ​នាក់​មិន​បាន​អនុវត្ត​គោលការណ៍​គម្ពីរ។ ប្រសិនបើ​ពួក​គេ​ទាំង​ពីរ​នាក់​ពិត​ជា​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់ពី​ចិត្ត នោះ​ពួក​គេ​គួរតែ​អាច​ស្រោច​ស្រង់​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន។—សូម​អាន សុភាសិត ៣:៥, ៦

៩​. តើ​គ្រិស្ត​សាសនិក​ខ្លះ​ដែល​ខំ​ព្យាយាម​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ដោយ​ចិត្ត​អត់​ធ្មត់​បាន​ទទួល​រង្វាន់​យ៉ាង​ដូច​ម្ដេច?

អាពាហ៍ពិពាហ៍​ជា​ច្រើន​ដែល​ហាក់​ដូច​ជា​ឈាន​ទៅ​រក​បរាជ័យ ប៉ុន្តែ​ក្រោយ​មក​បែរ​ជា​បាន​ជោគជ័យ​វិញ។ គ្រិស្ត​សាសនិក​ដែល​មាន​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​មិន​ឆាប់​សម្រេច​ចិត្ត​ចុះ​ចោល​គូ​របស់​ខ្លួន​ច្រើន​តែ​ទទួល​រង្វាន់។ សូម​ពិចារណា​អ្វី​ដែល​អាច​កើត​ឡើង​រវាង​គូ​ប្ដី​ប្រពន្ធ​ដែល​មាន​ជំនឿ​ខុស​គ្នា។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ពីព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​១ពេ. ៣:១, ២​) មែន​ហើយ ដោយ​សារ​គូ​ម្នាក់​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ នេះ​ប្រហែលជា​នាំ​ឲ្យ​គូ​ដែល​មិន​ជឿ​ទទួល​យក​ជំនឿ​ពិត! អាពាហ៍ពិពាហ៍​បែប​នេះ​ដែល​បាន​ត្រូវ​ស្រោច​ស្រង់​អាច​លើក​កិត្ដិយស​ព្រះ ហើយ​ប្ដី ប្រពន្ធ​ព្រម​ទាំង​កូន​ៗ​របស់​ពួក​គេ​អាច​ទទួល​ពរ​ដ៏​វិសេស។

១០, ១១​. ដោយ​មិន​បាន​ដឹង​ជា​មុន តើ​ប្រហែលជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍ ប៉ុន្តែ​តើ​គ្រិស្ត​សាសនិក​អាច​ប្រាកដ​អំពី​អ្វី?

១០ ដោយ​មាន​ចិត្ត​ប្រាថ្នា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត គ្រិស្ត​សាសនិក​ភាគ​ច្រើន​ដែល​នៅ​លីវ ជ្រើស​រើស​យក​គូ​អាពាហ៍ពិពាហ៍​ដែល​ជា​អ្នក​ជឿ​ដូច​គ្នា។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្វី​ដែល​យើង​មិន​បាន​ដឹង​ទុក​ជា​មុន​ប្រហែលជា​កើត​ឡើង។ ជា​ឧទាហរណ៍ ក្នុង​កាលៈទេសៈ​ដ៏​កម្រ​មាន គូ​ម្នាក់​ប្រហែលជា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខាង​ផ្លូវ​ចិត្ត ឬ​ក៏​ក្រោយ​រៀប​ការ​អស់​មួយ​រយៈ​ពេល គូ​ម្នាក់​ប្រហែល​ក្លាយ​ជា​អ្នក​ផ្សាយ​អសកម្ម។ រឿង​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​ចំពោះ​លីនដា * ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​ចិត្ត​ខ្នះខ្នែង និង​ជា​ម្ដាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នាង​បាន​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ដែល​ប្ដី​នាង​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ប្ដី​នាង​មិន​បាន​សោកស្ដាយ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ ហើយ​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ ក្នុង​ករណី​នេះ តើ​គ្រិស្ត​សាសនិក​ម្នាក់​ត្រូវ​ធ្វើ​យ៉ាង​ណា ប្រសិនបើ​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់​ហាក់​ដូច​ជា​ជិត​ប្រេះ​ឆា​នោះ?

១១ អ្នក​ប្រហែលជា​ឆ្ងល់​ថា ‹ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ តើ​ខ្ញុំ​ត្រូវ​បន្ត​ព្យាយាម​ស្រោច​ស្រង់​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ឬ?›។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឬ​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​នេះ​ជំនួស​អ្នក​ទេ។ ក៏​ប៉ុន្តែ​មាន​មូលហេតុ​ត្រឹម​ត្រូវ ដែល​នាំ​ឲ្យ​អ្នក​បន្ត​ព្យាយាម​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ដែល​ជិត​ប្រេះ​ឆា​នេះ។ គ្រិស្ត​សាសនិក​ដែល​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​មាន​ក្នុង​អាពាហ៍ពិពាហ៍ ដោយ​សារ​តែ​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គាត់​មិន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​គូ​របស់​ខ្លួន នោះ​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ។ (​សូម​អាន ពេត្រុសទី១ ២:១៩, ២០) តាម​រយៈ​បណ្ដាំ​និង​សកម្មពល​របស់​លោក ព្រះ​យេហូវ៉ា​នឹង​ជួយ​គ្រិស្ត​សាសនិក​ដែល​ព្យាយាម​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ដែល​មាន​បញ្ហា។

ពួក​គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​ជួយ

១២​. តើ​អ្នក​ចាស់​ទុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​យើង ប្រសិនបើ​យើង​សុំ​ជំនួយ​ពី​ពួក​គាត់?

១២ ប្រសិនបើ​អ្នក​មាន​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍ សូម​កុំ​ស្ទាក់​ស្ទើរ​ទៅ​ជួប​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ ដើម្បី​ទទួល​ជំនួយ​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ អ្នក​ចាស់​ទុំ​ជា​គង្វាល​នៃ​ក្រុម​ជំនុំ ហើយ​ពួក​គាត់​នឹង​រីករាយ​បង្ហាញ​អ្នក​នូវ​ដំបូន្មាន​របស់​ព្រះ​ពី​បទ​គម្ពីរ។ (​សកម្ម. ២០:២៨; យ៉ា. ៥:១៤, ១៥​) សូម​កុំ​សន្និដ្ឋាន​ថា​អ្នក​ចាស់​ទុំ​នឹង​លែង​គោរព​អ្នក​និង​គូ​របស់​អ្នក ប្រសិនបើ​អ្នក​ស្វែងរក​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ហើយ​ពិភាក្សា​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​អាពាហ៍ពិពាហ៍​ជា​មួយ​ពួក​គាត់។ ពួក​គាត់​នឹង​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​ពួក​គាត់​ឃើញ​ថា​អ្នក​ប្រាថ្នា​យ៉ាង​ស្មោះ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។

១៣​. តើ​កូរិនថូសទី១ ៧:១០​-​១៦ មាន​ដំបូន្មាន​អ្វី?

១៣ ពេល​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជំនឿ​ខុស​គ្នា​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ពួក​គាត់​លើក​យក​ដំបូន្មាន​ដែល​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចំពោះ​អ្នក​ដែល​បាន​រៀប​ការ​ហើយ ខ្ញុំ​សូម​ណែនាំ តាម​ពិត មិន​មែន​ខ្ញុំ​ទេ គឺជា​លោក​ម្ចាស់​ទេ​ដែល​ណែនាំ​ថា ប្រពន្ធ​មិន​គួរ​ចុះ​ចោល​ប្ដី​ឡើយ។ ប៉ុន្តែ​ប្រសិនបើ​នាង​ចុះ​ចោល​ប្ដី​មែន នាង​មិន​ត្រូវ​រៀប​ការ​ទៀត​ឡើយ ឬ​មួយ​ក៏​នាង​ត្រូវ​រក​ជា​នឹង​ប្ដី​វិញ។ ឯ​ប្ដី​មិន​គួរ​ចុះ​ចោល​ប្រពន្ធ​ឡើយ។ . . . ព្រោះ​ប្រពន្ធ​អើយ នាង​ប្រហែលជា​នឹង​សង្គ្រោះ​ប្ដី​ក៏​មិន​ដឹង ឬ​ប្ដី​អើយ អ្នក​ប្រហែលជា​នឹង​សង្គ្រោះ​ប្រពន្ធ​ក៏​មិន​ដឹង​»។ (​១កូ. ៧:១០​-​១៦​) ពេល​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ក្លាយ​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត នោះ​ជា​ពរ​ដ៏​អស្ចារ្យ​មែន!

១៤, ១៥​. តើ​នៅ​ពេល​ណា​ដែល​គូ​ជា​គ្រិស្ត​សាសនិក​ប្រហែលជា​គិត​ចង់​រស់​នៅ​បែក​គ្នា ប៉ុន្តែ​ហេតុ​អ្វី​ការ​អធិដ្ឋាន​និង​ការ​ពិចារណា​អំពី​ស្ថានភាព​ពិត​ប្រាកដ​របស់​ខ្លួន​គឺ​សំខាន់?

១៤ តើ​ក្នុង​ស្ថានភាព​អ្វី​ដែល​ប្រពន្ធ​ជា​គ្រិស្ត​សាសនិក​អាច​«​ចុះ​ចោល​»​ប្ដី​របស់​គាត់? គ្រិស្ត​សាសនិក​ខ្លះ​សម្រេច​ចិត្ត​រស់​នៅ​បែក​គ្នា ដោយ​សារ​គូ​របស់​គាត់​មិន​ព្រម​ចិញ្ចឹម​ក្រុម​គ្រួសារ។ គ្រិស្ត​សាសនិក​ឯ​ទៀត​ធ្វើ​ដូច្នេះ​ដោយ​សារ​ការ​បំពារបំពាន​លើ​រូប​កាយ​យ៉ាង​ធ្ងន់ធ្ងរ ឬ​ស្ថានភាព​ដែល​នឹង​បណ្ដាល​ឲ្យ​ពួក​គាត់​បាត់បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។

១៥ ទោះ​ជា​គ្រិស្ត​សាសនិក​ចុះ​ចោល​ឬ​បន្ត​រស់​នៅ​ជា​មួយ​គូ​របស់​ខ្លួន​ក៏​ដោយ នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ក៏​ប៉ុន្តែ គូ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​គួរ​អធិដ្ឋាន​អំពី​រឿង​នេះ ហើយ​ពិចារណា​អំពី​ស្ថានភាព​ពិត​ប្រាកដ​របស់​ខ្លួន។ ជា​ឧទាហរណ៍ តើ​គូ​ដែល​មិន​ជឿ​នោះ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​បាត់បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ឬ​គ្រិស្ត​សាសនិក​នោះ​មិន​បាន​សិក្សា​គម្ពីរ មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ​ជា​ទៀង​ទាត់​វិញ?

១៦​. តើ​អ្វី​អាច​ជួយ​គ្រិស្ត​សាសនិក​កុំ​ឲ្យ​ឆាប់​សម្រេច​ចិត្ត​លែង​លះ​គ្នា?

១៦ ដោយ​សារ​យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​យើង​ដឹង​គុណ​លោក​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​លោក នោះ​គួរ​ជួយ​យើង​មិន​ឲ្យ​សម្រេច​ចិត្ត​លែង​លះ​គ្នា​ឆាប់​រហ័ស​ពេក។ ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ បើ​ដូច្នេះ យើង​ប្រាកដជា​មិន​គិត​ចង់​ចុះ​ចោល​គូ​អាពាហ៍ពិពាហ៍ នៅ​ពេល​ដែល​ចិត្ត​របស់​យើង​មាន​គម្រោង​ចង់​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង​ទៀត​ទេ។—យេ. ១៧:៩; ម៉ាឡ. ២:១៣​-​១៦

១៧​. តើ​ក្នុង​ស្ថានភាព​អ្វី​ដែល​គេ​អាច​និយាយ​ថា​ព្រះ​បាន​ផ្ដល់​សេចក្ដី​សុខសាន្ត​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ?

១៧ គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​គូ​ដែល​ជា​អ្នក​មិន​ជឿ គួរ​ខំ​ព្យាយាម​យ៉ាង​អស់ពី​ចិត្ត​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​នៅ​គង់វង្ស។ ប៉ុន្តែ គ្រិស្ត​សាសនិក​ម្នាក់​មិន​គួរ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស​ទេ បើ​គាត់​ខំ​ប្រឹង​យ៉ាង​ស្មោះ​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍ តែ​គូ​ដែល​មិន​ជឿ​មិន​ព្រម​រស់​នៅ​ជា​មួយ​គាត់។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចុះ​ចោល ឲ្យ​អ្នក​នោះ​ទៅ​ចុះ។ ក្នុង​ករណី​នេះ បង​ប្រុស​ឬ​បង​ស្រី​នោះ​គ្មាន​កាតព្វកិច្ច​ចំពោះ​អ្នក​នោះ​ទេ តែ​ព្រះ​បាន​ផ្ដល់​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់​គ្នា​»។—១កូ. ៧:១៥ *

ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា

១៨​. សូម្បី​តែ​មិន​អាច​ស្រោច​ស្រង់​អាពាហ៍ពិពាហ៍​បាន​ក៏​ដោយ តើ​ការ​ខំ​ប្រឹង​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​អ្វី?

១៨ នៅ​ពេល​មាន​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន ហើយ​ទុក​ចិត្ត​លើ​លោក​ជា​និច្ច (​សូម​អាន ទំនុកតម្កើង ២៧:១៤) សូម​ពិចារណា​អំពី​លីនដា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ។ នៅ​ទី​បំផុត​អាពាហ៍ពិពាហ៍​របស់​នាង​បាន​ត្រូវ​បញ្ចប់​ដោយ​ការ​លែង​លះ​គ្នា ទោះ​ជានា​ង​បាន​ខំ​ស្រោច​ស្រង់​វា​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ។ តើ​នាង​មាន​អារម្មណ៍​ថា​នាង​បាន​ខាត​ពេល​ឥត​ប្រយោជន៍​ឬ? នាង​បាន​ស្រដី​ថា​៖ ​«​មិន​មែន​ទាល់​តែ​សោះ។ ការ​ខំ​ព្យាយាម​របស់​ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ប្រសើរ​ចំពោះ​អ្នក​ឯ​ទៀត។ សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ​មិន​ផ្ដន្ទា​ទោស​ខ្ញុំ​ទេ។ អ្វី​ដែល​ប្រសើរ​បំផុត​គឺ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ខ្ញុំ​បាន​ព្យាយាម​នោះ បាន​ជួយ​កូន​ស្រី​របស់​យើង​ឲ្យ​កាន់​ជំហរ​រឹង​មាំ​ក្នុង​សេចក្ដី​ពិត។ នាង​បាន​ធំ​ឡើង​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​មាន​ចិត្ត​ខ្នះខ្នែង​»។

១៩​. តើ​អ្វី​ប្រហែលជា​កើត​ឡើង បើ​យើង​ខំ​ប្រឹង​ស្រោច​ស្រង់​អាពាហ៍ពិពាហ៍?

១៩ ស្ត្រី​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ម៉ារីលីន​មាន​ចិត្ត​រីករាយ​ដោយ​សារ​នាង​បាន​ទុក​ចិត្ត​លើ​ព្រះ ហើយ​បាន​ព្យាយាម​ខ្លាំង​ជាង​ធម្មតា​ដើម្បី​ស្រោច​ស្រង់​អាពាហ៍ពិពាហ៍​របស់​នាង។ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ប្ដី​របស់​ខ្ញុំ​ដោយ​សារ​គាត់​មិន​បាន​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ជិត​បាត់បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ ក៏​ប៉ុន្តែ ប្ដី​ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​មុន​ដែល​គាត់​ចូល​រួម​ក្នុង​គម្រោង​រក​ស៊ី​មួយ​ដោយ​ខ្វះ​ការ​ពិចារណា។ គាត់​ចាប់​ផ្ដើម​ខាន​ទៅ​កិច្ច​ប្រជុំ ហើយ​យើង​ក៏​ឈប់​និយាយ​រក​គ្នា។ ការ​វាយ​ប្រហារ​របស់​ភេរវជន​មក​លើ​ក្រុង​របស់​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​រហូត​ដល់​ខ្ញុំ​ពិបាក​នៅ​ជា​មួយ​អ្នក​ឯ​ទៀត។ ក្រោយ​មក​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​ក៏​មាន​កំហុស​ដែរ។ យើង​ចាប់​ផ្ដើម​និយាយ​រក​គ្នា​ម្ដង​ទៀត ហើយ​ធ្វើ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​សប្បុរស​ហើយ​ជួយ​យើង​យ៉ាង​អស់ពី​ចិត្ត។ អាពាហ៍ពិពាហ៍​របស់​យើង​បាន​ស្រស់បំព្រង​ឡើង​វិញ។ មួយ​រយៈ​ពេល​ក្រោយ​មក ប្ដី​ខ្ញុំ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​ម្ដង​ទៀត។ នេះ​ជា​បទ​ពិសោធន៍​ដ៏​ពិបាក ប៉ុន្តែ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​»។

២០, ២១​. ស្តី​អំពី​អាពាហ៍ពិពាហ៍ តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ទោះ​ជា​យើង​នៅ​លីវ​ឬ​រៀប​ការ​ហើយ​ក្ដី សូម​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន ហើយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច។ បើ​អាពាហ៍ពិពាហ៍​របស់​យើង​ជួប​ប្រទះ​នឹង​បញ្ហា យើង​គួរ​ខំ​ដោះ​ស្រាយ​យ៉ាង​អស់ពី​ចិត្ត​ដោយ​ចាំ​ថា ពួក​អ្នក​ដែល​រៀប​ការ​«​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ​»។ (​ម៉ាថ. ១៩:៦​) សូម​ឲ្យ​យើង​ចាំ​ជា​និច្ច​ថា​បើ​យើង​តស៊ូ​ក្នុង​គ្រួសារ​ដែល​មាន​ជំនឿ​ផ្សេង​គ្នា ទោះ​ជា​មាន​ការ​ពិបាក​ក៏​ដោយ យើង​ប្រហែលជា​ទទួល​អំណរ​ដោយ​សារ​គូ​របស់​យើង​ក្លាយ​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត។

២១ ទោះ​ជា​យើង​មាន​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​យើង​តាំង​ចិត្ត​ប្រព្រឹត្ត​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ប្រសើរ​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត​សាសនិក។ ប្រសិនបើ​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ជិត​ប្រេះ​ឆា សូម​ឲ្យ​យើង​អធិដ្ឋាន​យ៉ាង​ខ្លាំង ពិនិត្យពិច័យ​នូវ​បំណង​ចិត្ត​ពិត​ប្រាកដ​របស់​យើង ពិចារណា​បទ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភាព​ជា​មួយ​ព្រះ។ សំខាន់​បំផុត​សូម​ឲ្យ​យើង​តាំង​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​បង្ហាញ​ថា​យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​ពី​លោក។

[​កំណត់​សម្គាល់​]

^ វគ្គ 10 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ឃ្លា​អក្សរ​ធំ​​នៅ​ទំព័រ​១០​]

គ្រិស្ត​សាសនិក​ដែល​មិន​ឆាប់​សម្រេច​ចិត្ត​ចុះ​ចោល​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ច្រើន​តែ​ទទួល​ពរ​ដ៏​ប្រសើរ

[​ឃ្លា​អក្សរ​ធំ​​នៅ​ទំព័រ​១២​]

សូម​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន

[​រូបភាព​នៅ​ទំព័រ​៩​]

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​គូ​ស្វាមីភរិយា​ជា​គ្រិស្ត​សាសនិក​ដែល​ខំ​ប្រឹង​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ដែល​មាន​បញ្ហា

[​រូបភាព​នៅ​ទំព័រ​១១​]

ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​អាច​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​ជា​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ