លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកកំពុងឆ្លុះបញ្ចាំងសិរីរុងរឿងរបស់ព្រះយេហូវ៉ាឬទេ?

តើអ្នកកំពុងឆ្លុះបញ្ចាំងសិរីរុងរឿងរបស់ព្រះយេហូវ៉ាឬទេ?

តើ​អ្នក​កំពុង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

​«​យើង . . . គឺ​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ ដែល​ជះ​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​»។—២កូ. ៣:១៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ទោះ​ជា​យើង​មាន​ភាព​ខុស​ឆ្គង​ពី​កំណើត​ក៏​ដោយ តើ​យើង​អាច​លើក​តម្កើង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

តើ​ការ​អធិដ្ឋាន​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជួយ​យើង​ឲ្យ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បន្ត​លើក​តម្កើង​ព្រះ​យេហូវ៉ា?

១, ២​. ហេតុ​អ្វី​មនុស្ស​ជាតិ​អាច​យក​តម្រាប់​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា?

តាម​របៀប​ណា​មួយ​យើង​ទាំង​អស់​គ្នា​មាន​លក្ខណៈ​ដូច​ឪពុក​ម្ដាយ​របស់​យើង។ ដូច្នេះ គ្មាន​អ្វី​ចម្លែក​ឡើយ​ពេល​ឮ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​ក្មេង​ប្រុស​ម្នាក់​ថា​៖ ‹ប្អូន​ដូច​ឪពុក​ប្អូន​បេះបិទ›។ ប្រហែលជា​មាន​គេ​ប្រាប់​ក្មេង​ស្រី​ម្នាក់​ថា​៖ ‹ប្អូន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ម្ដាយ​ប្អូន›។ កូន​ក្មេង​ច្រើន​តែ​ធ្វើ​តាម​អ្វី​ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​ធ្វើ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​យើង​វិញ? តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​បាន​ឬ​ទេ? ទោះ​ជា​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ក៏​ដោយ យើង​អាច​ឃើញ​នូវ​គុណ​សម្បត្ដិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក ដោយ​សិក្សា​បណ្ដាំ​របស់​លោក សង្កេត​មើល​អ្វី​ៗ​ដែល​លោក​បង្កើត និង​ដោយ​សញ្ជឹង​គិត​អំពី​បទ​គម្ពីរ ហើយ​ជា​ពិសេស​សញ្ជឹង​គិត​អំពី​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​បុត្រ​ព្រះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ (​យ៉ូន. ១:១៨; រ៉ូម ១:២០​) យើង​អាច​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​បាន។

មុន​ព្រះ​បង្កើត​អាដាម​និង​អេវ៉ា លោក​មាន​ទំនុក​ចិត្ត​ថា​មនុស្ស​ជាតិ​នឹង​អាច​ធ្វើ​តាម​គោល​បំណង​របស់​លោក​ចំពោះ​ពួក​គេ ឆ្លុះ​បញ្ចាំង​គុណ​សម្បត្ដិ​របស់​លោក ហើយ​លើក​តម្កើង​លោក។ (​សូម​អាន លោកុប្បត្តិ ១:២៦, ២៧) ដោយ​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ យើង​គួរ​បង្ហាញ​គុណ​សម្បត្ដិ​របស់​ព្រះ​ដែល​បាន​បង្កើត​យើង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ ទោះ​ជា​យើង​មាន​វប្បធម៌ មាន​ការ​អប់រំ ឬ​ជាតិ​សាសន៍​អ្វី​ក៏​ដោយ។ ហេតុ​អ្វី? ពីព្រោះ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។—សកម្ម. ១០:៣៤, ៣៥

៣​. តើ​គ្រិស្ត​សាសនិក​អាច​មាន​អារម្មណ៍​យ៉ាង​ណា កាល​ដែល​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា?

គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ សាវ័ក​ប៉ូល​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​បាន​សរសេរ​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​គ្មាន​ស្បៃ​គ្រប​មុខ​ទេ ហើយ​គឺ​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ ដែល​ជះ​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​ក៏​បាន​ត្រូវ​ធ្វើ​ឲ្យ​ផ្លាស់​ប្រែ​ឲ្យ​ដូច​រូប​នោះ ដោយ​ជះ​សិរី​រុងរឿង​របស់​លោក​កាន់​តែ​ខ្លាំង​ឡើង​ៗ​»។ (​២កូ. ៣:​១៨​) ពេល​ដែល​ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចុះ​ពី​លើ​ភ្នំ​ស៊ីណាយ​ដោយ​កាន់​បន្ទះ​ថ្ម​ដែល​មាន​បញ្ញត្ដិ​១០​ប្រការ មុខ​របស់​គាត់​បាន​បញ្ចេញ​រស្មី​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ជា​មួយ​នឹង​គាត់។ (​និក្ខ. ៣៤:២៩, ៣០​) ទោះ​ជា​គ្រិស្ត​សាសនិក​ពិត​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​នេះ ហើយ​មុខ​របស់​ពួក​គេ​មិន​អាច​បញ្ចេញ​រស្មី​ក៏​ដោយ ពួក​គេ​មាន​ទឹក​មុខ​ដែល​បង្ហាញ​នូវ​អំណរ​យ៉ាង​ខ្លាំង​ពេល​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា គុណ​សម្បត្ដិ​របស់​លោក និង​គោល​បំណង​ដ៏​អស្ចារ្យ​របស់​លោក​ចំពោះ​មនុស្ស​ជាតិ។ ដូច្នេះ ដូច​ដែក​ឆ្លុះ​មុខ​នៅ​សម័យ​បុរាណ​ដែល​ជះ​ពន្លឺ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង និង​គូ​កន​របស់​ពួក​គាត់​នៅ​ផែនដី​ក៏​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​ក្នុង​ជីវិត​របស់​ពួក​គេ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ (​២កូ. ៤:១​) តើ​អ្នក​កំពុង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​ប្រព្រឹត្ត​ដែល​ព្រះ​ពេញ​ចិត្ត និង​សកម្មភាព​របស់​អ្នក​ជា​អ្នក​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​ជា​ទៀង​ទាត់​ឬ​ទេ?

យើង​ចង់​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា

៤, ៥​. ​(​ក​) ដូច​ប៉ូល តើ​យើង​ត្រូវ​តយុទ្ធ​នឹង​អ្វី? (​ខ​) តើ​ភាព​ខុស​ឆ្គង​បាន​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ដូច​ម្ដេច?

ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា យើង​ពិត​ជា​ចង់​លើក​កិត្ដិយស​និង​លើក​តម្កើង​អ្នក​បង្កើត​របស់​យើង​ក្នុង​គ្រប់​ការ​ប្រព្រឹត្ត។ ក៏​ប៉ុន្តែ យើង​ច្រើន​តែ​ធ្វើ​អ្វី​ដែល​ខុស ទោះ​ជា​យើង​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ។ ប៉ូល​ក៏​មាន​បញ្ហា​នេះ​ដែរ។ (​សូម​អាន រ៉ូម ៧:២១​-​២៥) ដោយ​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​តយុទ្ធ​ដូច្នេះ ប៉ូល​បាន​សរសេរ​ថា​៖ ​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុងរឿង​របស់​ព្រះ​»។ (​រ៉ូម ៣:២៣​) ដោយ​សារ​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មនុស្ស​ទាំង​អស់​បាន​កើត​មក​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​ដែល​ប្រៀប​ដូច​ជា​ស្តេច​ដ៏​គ្មាន​មេត្ដា​មួយ​រូប​ដែល​គ្រប់​គ្រង​លើ​ពួក​គេ។—រ៉ូម ៥:១២; ៦:១២

តើ​ភាព​ខុស​ឆ្គង​គឺជា​អ្វី? គឺជា​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ការ​ប្រព្រឹត្ត ខ្នាត​តម្រា និង​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ ភាព​ខុស​ឆ្គង​បង្ខូច​ចំណង​មិត្តភាព​រវាង​មនុស្ស​នឹង​ព្រះ។ ភាព​ខុស​ឆ្គង​រារាំង​យើង​មិន​ឲ្យ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ ហាក់​ដូច​ជា​អ្វី​មួយ​អាច​រារាំង​អ្នក​បាញ់​ធ្នូ​មិន​ឲ្យ​បាញ់​ចំ​គោលដៅ។ យើង​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​ឬ​ដោយ​គ្មាន​ចេតនា។ (​ជន. ១៥:​២៧​-​៣១​) ភាព​ខុស​ឆ្គង​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​មនុស្ស​ជាតិ ហើយ​ធ្វើ​ជា​របាំង​មួយ​រវាង​ពួក​គេ​និង​ព្រះ​ដែល​បាន​បង្កើត​ពួក​គេ។ (​ទំនុក. ៥១:​៥; អេ. ៥៩:២; កូឡ. ១:២១​) មនុស្ស​ភាគ​ច្រើន​រស់​នៅ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដាច់​ឆ្ងាយ​ទាំង​ស្រុង​ពី​ព្រះ​យេហូវ៉ា ហេតុ​នេះ ពួក​គេ​បាត់បង់​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ។ គ្មាន​អ្វី​ដែល​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​មនុស្ស​ជាង​ភាព​ខុស​ឆ្គង​ឡើយ។

៦​. ទោះ​ជា​យើង​កើត​មក​មាន​ភាព​ខុស​ឆ្គង​ក៏​ដោយ តើ​យើង​អាច​លើក​តម្កើង​ព្រះ​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​យើង​កើត​មក​មាន​ភាព​ខុស​ឆ្គង​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ជា​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​»។ (​រ៉ូម ១៥:១៣​) លោក​បាន​ផ្ដល់​មធ្យោបាយ​ដើម្បី​បំបាត់​ភាព​ខុស​ឆ្គង ពោល​គឺ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ ដោយ​បង្ហាញ​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​នោះ យើង​លែង​ធ្វើ​ជា​«​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង​»​ទៀត​ហើយ ប៉ុន្តែ យើង​អាច​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា។ (​រ៉ូម ៥:១៩; ៦:៦; យ៉ូន. ៣:១៦​) ការ​រក្សា​ចំណង​មិត្ត​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ធានា​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង​នៅ​ឥឡូវ​នេះ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​អនាគត។ ទោះ​ជា​យើង​នៅ​តែ​ជា​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​ក៏​ដោយ ការ​ដែល​ព្រះ​ចាត់​ទុក​យើង​ជា​បុគ្គល​ដែល​អាច​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​លោក នេះ​ជា​ពរ​ដ៏​វិសេស​មែន!

ការ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ

៧​. តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​ខ្លួន​យើង ដើម្បី​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ?

ដើម្បី​យើង​អាច​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ យើង​ម្នាក់​ៗ​ត្រូវ​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន។ (​២រប. ៦:៣៦​) យើង​ត្រូវ​ទទួល​ស្គាល់​ថា​យើង​មាន​ទំនោរ​ចិត្ត​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​ខំ​ប្រឹង​កាន់កាប់​ទំនោរ​ចិត្ត​នោះ​ដើម្បី​យើង​អាច​រីក​ចម្រើន​រហូត​ដល់​ពិត​ជា​អាច​លើក​តម្កើង​ព្រះ។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​បាន​ធ្លាក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​ព្រះ​អាប់​កិត្ដិយស​ដោយ​មើល​រូប​អាសអាភាស យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ហើយ​ចាត់​វិធានការ​ដើម្បី​សុំ​ជំនួយ​នោះ។ (​យ៉ា. ៥:១៤, ១៥​) នេះ​ជា​ជំហាន​ទី​១​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​ជីវភាព​រស់​នៅ​ដែល​លើក​កិត្ដិយស​ព្រះ​យ៉ាង​ពេញ​លេញ។ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​ត្រូវ​ពិនិត្យ​មើល​ខ្លួន​យើង​ជា​និច្ច​ដើម្បី​ដឹង​ថា​យើង​កំពុង​ធ្វើ​តាម​ឬ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ (​សុភ. ២៨:១៨; ១កូ. ១០:១២​) ទោះ​ជា​ទំនោរ​ចិត្ត​របស់​យើង​ទៅ​រក​ភាព​ខុស​ឆ្គង​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​បន្ត​ព្យាយាម​គ្រប់​គ្រង​វា ដើម្បី​យើង​អាច​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ។

៨​. ទោះ​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ តើ​យើង​គួរ​ធ្វើ​អ្វី?

លោក​យេស៊ូ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​តែង​តែ​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត ហើយ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ។ យើង​មិន​ល្អ​ឥត​ខ្ចោះ​ដូច​លោក​យេស៊ូ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​ហើយ​គួរតែ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​លោក។ (​១ពេ. ២:២១​) ព្រះ​យេហូវ៉ា​មិន​ត្រឹម​តែ​កត់​សម្គាល់​ជំនឿន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​កត់​សម្គាល់​នូវ​ការ​ព្យាយាម​របស់​យើង​ដើម្បី​លើក​តម្កើង​លោក ហើយ​លោក​ឲ្យ​ពរ​ចំពោះ​ការ​ព្យាយាម​ទាំង​នេះ​ដែរ។

៩​. តើ​គម្ពីរ​ជួយ​យើង​ឲ្យ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​កាន់​តែ​ប្រសើរ​ឡើង​យ៉ាង​ដូច​ម្ដេច?

បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ព្រះ​អាច​បំភ្លឺ​ផ្លូវ​យើង ដើម្បី​ឲ្យ​យើង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​កាន់​តែ​ប្រសើរ​ឡើង។ ការ​សិក្សា​បទ​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ ការ​អាន​និង​សញ្ជឹង​គិត​អំពី​បទ​គម្ពីរ​គឺ​សំខាន់​ចាំ​បាច់។ (​ទំនុក. ១:១​-​៣​) ការ​អាន​បទ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​យើង​ឲ្យ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​កាន់​តែ​ប្រសើរ​ឡើង។ (​សូម​អាន យ៉ាកុប ១:២២​-​២៥) ចំណេះ​ពី​គម្ពីរ​គឺជា​មូលដ្ឋាន​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ក៏​ជា​វិធី​ដែល​ជួយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ជៀស​វាង​ពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ និង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—ទំនុក. ១១៩:១១, ៤៧, ៤៨

១០​. តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​កាន់​តែ​ពេញ​លេញ​យ៉ាង​ដូច​ម្ដេច?

១០ ដើម្បី​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ យើង​ក៏​ត្រូវ​«​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»​ដែរ។ (​រ៉ូម ១២:១២​) យើង​អាច​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​បម្រើ​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ យើង​អាច​សុំ​សកម្មពល​បរិសុទ្ធ​ពី​លោក សុំ​ជំនួយ​ដើម្បី​ពង្រឹង​ជំនឿ​យើង និង​ដើម្បី​ពង្រឹង​កម្លាំង​យើង​កុំ​ឲ្យ​ចាញ់​ការ​ល្បួង និង​ដើម្បី​មាន​សមត្ថភាព​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ (​២ធី. ២:១៥; ម៉ាថ. ៦:១៣; លូក. ១១:១៣; ១៧:៥​) ដូច​កូន​ក្មេង​ដែល​ពឹង​លើ​ឪពុក​របស់​គាត់ ដូច្នេះ​យើង​ក៏​ត្រូវ​ពឹង​លើ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។ ប្រសិនបើ​យើង​សុំ​លោក​ជួយ​យើង​ឲ្យ​បម្រើ​លោក​កាន់​តែ​ពេញ​លេញ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ធ្វើ​ដូច្នេះ។ សូម​កុំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​រំខាន​លោក​ឡើយ! ផ្ទុយ​ទៅ​វិញ ក្នុង​សេចក្ដី​អធិដ្ឋាន​ចូរ​យើង​សរសើរ​លោក អរគុណ​លោក ស្វែងរក​ការ​ណែនាំ​ពី​លោក​ជា​ពិសេស​នៅ​ពេល​ជួប​ទុក្ខ​លំបាក ហើយ​សុំ​លោក​ជួយ​យើង​ឲ្យ​បម្រើ​លោក​តាម​របៀប​ដែល​លើក​តម្កើង​នាម​ដ៏​បរិសុទ្ធ​របស់​លោក។—ទំនុក. ៨៦:១២; យ៉ា. ១:៥​-​៧

១១​. តើ​តាម​របៀប​ណា​ដែល​កិច្ច​ប្រជុំ​របស់​យើង​ជួយ​យើង​ឲ្យ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ?

១១ ព្រះ​បាន​ប្រគល់​ភារកិច្ច​ថែ​រក្សា​ចៀម​ដ៏​មាន​តម្លៃ​របស់​លោក​ទៅ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​-​៤៧; ទំនុក. ១០០:៣​) ក្រុម​ខ្ញុំ​បម្រើ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​អំពី​របៀប​ដែល​បង​ប្អូន​រួម​ជំនឿ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា។ របៀប​រស់​នៅ​របស់​យើង​ជា​គ្រិស្ត​សាសនិក​បាន​ត្រូវ​កែ​តម្រូវ​នៅ​កិច្ច​ប្រជុំ​របស់​យើង ដូច​យើង​ឲ្យ​ជាង​កាត់​ដេរ​កែ​ខោ​អាវ​យើង​ដើម្បី​ឲ្យ​មើល​ទៅ​ស្អាត​ជាង។ (​ហេ. ១០:២៤, ២៥​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​គួរ​មក​ប្រជុំ​ឲ្យ​ទាន់​ពេល។ បើ​យើង​មាន​ទម្លាប់​មក​ប្រជុំ​យឺត នោះ​យើង​នឹង​មិន​អាច​ទទួល​ប្រយោជន៍​ពី​ជំនួយ​ទាំង​អស់​ដែល​មក​ពី​កិច្ច​ប្រជុំ​ទេ។

ចូរ​យើង​យក​តម្រាប់​តាម​ព្រះ

១២​. តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ ប្រសិនបើ​យើង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​«​យក​តម្រាប់​តាម​ព្រះ​»។ (​អេភ. ៥:១​) របៀប​មួយ​ដែល​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​គឺ​ដោយ​មាន​ទស្សនៈ​ដូច​លោក​ស្តី​អំពី​រឿង​ផ្សេង​ៗ។ បើ​យើង​ខំ​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​របស់​យើង ហើយ​មិន​សម​ស្រប​នឹង​គំនិត​របស់​ព្រះ នោះ​យើង​ធ្វើ​ឲ្យ​លោក​អាប់​ឱន​កិត្ដិយស ហើយ​ក៏​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​បញ្ហា​ដែរ។ ដោយ​សារ​ពិភព​លោក​នេះ​នៅ​ក្រោម​ឥទ្ធិពល​នៃ​មេកំណាច​សាថាន យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ ហើយ​ស្រឡាញ់​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​លោក​ស្រឡាញ់។ (​ទំនុក. ៩៧:១០; ១យ៉ូន. ៥:១៩​) យើង​ត្រូវ​ជឿ​ជាក់​យ៉ាង​ស្មោះ​ថា វិធី​ដ៏​ត្រឹម​ត្រូវ​តែ​មួយ​គត់​ដើម្បី​បម្រើ​ព្រះ គឺ​ដោយ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង។—សូម​អាន កូរិនថូសទី១ ១០:៣១

១៣​. ហេតុ​អ្វី​យើង​ត្រូវ​ស្អប់​អំពើ​ខុស​ឆ្គង ហើយ​តើ​អ្វី​នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

១៣ ព្រះ​យេហូវ៉ា​ស្អប់​អំពើ​ខុស​ឆ្គង ហើយ​យើង​ក៏​គួរ​ស្អប់​វា​ដែរ។ បើ​យើង​ស្អប់​អំពើ​ខុស​ឆ្គង យើង​នឹង​ជៀស​ឲ្យ​ឆ្ងាយ​បំផុត​ពី​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ជា​ឧទាហរណ៍ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ចាញ់​ការ​ក្បត់​ជំនឿ ជា​អំពើ​ខុស​ឆ្គង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សម​នឹង​លើក​តម្កើង​ព្រះ​ទេ។ (​ចោ. ១៣:៦​-​៩​) ហេតុ​នេះ យើង​មិន​ត្រូវ​ទាក់​ទង​នឹង​អ្នក​ក្បត់​ជំនឿ ឬ​អ្នក​ណា​ម្នាក់​ដែល​អះអាង​ថា​ជា​បង​ប្អូន ប៉ុន្តែ​ធ្វើ​ឲ្យ​ព្រះ​អាប់​ឱន​កិត្ដិយស។ យើង​គួរ​ជៀស​ចេញ​ពី​ពួក​គេ សូម្បី​ពួក​គេ​ជា​សមាជិក​ក្រុម​គ្រួសារ​ក៏​ដោយ។ (​១កូ. ៥:​១១​) បើ​យើង​ខំ​បដិសេធ​ការ​អះអាង​របស់​អ្នក​ក្បត់​ជំនឿ ឬ​អ្នក​ដែល​រិះ​គន់​អង្គការ​របស់​ព្រះ​យេហូវ៉ា នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ តាម​ការ​ពិត យើង​មិន​គួរ​ចង់​ដឹង​អ្វី​ដែល​ពួក​គេ​សរសេរ​ទេ ទោះ​ជា​ក្នុង​សៀវភៅ​របស់​ពួក​គេ ឬ​តាម​អ៊ីនធឺណិត​ក៏​ដោយ ពីព្រោះ​នេះ​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។—សូម​អាន អេសាយ ៥:២០; ម៉ាថាយ ៧:៦

១៤​. ពេល​យើង​ខំ​ព្យាយាម​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ តើ​គុណ​សម្បត្ដិ​មួយ​ណា​របស់​យើង​ដែល​គួរ​លេច​ធ្លោ​ជាង​គេ ហើយ​ហេតុ​អ្វី?

១៤ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺជា​របៀប​ដ៏​ប្រសើរ​មួយ​ដែល​យើង​អាច​យក​តម្រាប់​តាម​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ ដូច​ព្រះ​យេហូវ៉ា យើង​ក៏​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ។ (​១យ៉ូន. ៤:១៦​-​១៩​) តាម​ការ​ពិត សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ក្នុង​ចំណោម​បង​ប្អូន​យើង ធ្វើ​ឲ្យ​គេ​ស្គាល់​យើង​ថា​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​និង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៣:៣៤, ៣៥​) ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ ជួនកាល​យើង​ប្រហែលជា​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ យើង​ត្រូវ​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​ទាំង​អស់។ ការ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​និង​គុណ​សម្បត្ដិ​ឯ​ទៀត​ដែល​ព្រះ​ពេញ​ចិត្ត នឹង​រារាំង​យើង​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង​ឬ​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​អ្នក​ឯ​ទៀត។—២ពេ. ១:៥​-​៧

១៥​. តើ​សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ឯ​ទៀត?

១៥ សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​យើង​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ឯ​ទៀត។ (​រ៉ូម ១៣:៨​-​១០​) ជា​ឧទាហរណ៍ សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​បាន​ឥត​សៅហ្មង។ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ចាស់​ទុំ​គួប​ផ្សំ​ជា​មួយ​នឹង​ការ​ឲ្យ​តម្លៃ​ចំពោះ​កិច្ចការ​របស់​ពួក​គាត់ នឹង​ជួយ​យើង​ឲ្យ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ការ​ណែនាំ​របស់​ពួក​គាត់។ ក្មេង​ៗ​ដែល​ស្រឡាញ់​ឪពុក​ម្ដាយ ស្ដាប់​បង្គាប់​និង​លើក​កិត្ដិយស​ពួក​គាត់ ហើយ​មិន​និយាយ​អាក្រក់​ពី​ពួក​គាត់​ឡើយ។ ប្រសិនបើ​យើង​ស្រឡាញ់​មនុស្ស​ឯ​ទៀត នោះ​យើង​នឹង​មិន​ចាត់​ទុក​ពួក​គេ​ថា​អន់​ជាង​យើង ឬ​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​គ្មាន​ការ​គោរព​នោះ​ទេ។ (​យ៉ា. ៣:៩​) អ្នក​ចាស់​ទុំ​ដែល​ស្រឡាញ់​ចៀម​របស់​ព្រះ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដោយ​ស្លូតបូត។—សកម្ម. ២០:២៨, ២៩

១៦​. តើ​សេចក្ដី​ស្រឡាញ់​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៦ សេចក្ដី​ស្រឡាញ់​ក៏​ជា​គុណ​សម្បត្ដិ​ដែល​គួរ​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ដែរ។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ យើង​នឹង​មិន​ធ្លាក់​ទឹក​ចិត្ត​ទេ ពេល​មនុស្ស​មិន​ស្ដាប់​ឬ​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​យើង​ផ្សព្វ​ផ្សាយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​យើង​ឲ្យ​រៀបចំ​ឲ្យ​បាន​ល្អ​មុន​ទៅ​ផ្សព្វ​ផ្សាយ ហើយ​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​របស់​យើង យើង​នឹង​មិន​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ឬ​គ្រាន់តែ​ជា​ភារកិច្ច​របស់​យើង​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ ហើយ​យើង​នឹង​បំពេញ​កិច្ចការ​នេះ​ដោយ​អំណរ។—ម៉ាថ. ១០:៧

ចូរ​បន្ត​លើក​តម្កើង​ព្រះ​យេហូវ៉ា

១៧​. ដោយ​សារ​យើង​យល់​ថា​ភាព​ខុស​ឆ្គង​រារាំង​យើង​មិន​ឲ្យ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៧ មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​មិន​ដឹង​ថា​ភាព​ខុស​ឆ្គង​គឺ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ទេ ប៉ុន្តែ​យើង​ដឹង​អំពី​រឿង​នេះ។ អាស្រ័យ​ហេតុ​នេះ យើង​ដឹង​ថា​យើង​ត្រូវ​តយុទ្ធ​នឹង​ទំនោរ​ចិត្ត​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង។ យើង​ដឹង​ថា​យើង​ត្រូវ​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ដើម្បី​ឲ្យ​វា​ជួយ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពេល​ណា​យើង​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង។ (​រ៉ូម ៧:២២, ២៣​) ពិត​មែន យើង​ប្រហែលជា​ទន់​ខ្សោយ ប៉ុន្តែ ព្រះ​អាច​ពង្រឹង​កម្លាំង​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​គ្រប់​កាលៈទេសៈ។—២កូ. ១២:១០

១៨, ១៩​. ​(​ក​) តើ​អ្វី​ជួយ​យើង​ឲ្យ​ប្រយុទ្ធ​ឈ្នះ​ពួក​វិញ្ញាណ​ទុច្ចរិត? (​ខ​) តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ ប្រសិនបើ​យើង​លើក​តម្កើង​ព្រះ​យេហូវ៉ា យើង​ក៏​ត្រូវ​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត​ដែរ។ គ្រឿង​សឹក​ដែល​ព្រះ​ផ្ដល់​ឲ្យ ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ដោយ​ជោគជ័យ។ (​អេភ. ៦:១១​-​១៣​) សាថាន​ខំ​ព្យាយាម​ឥត​ឈប់​ឈរ​ដើម្បី​ដក​ហូត​សិរី​រុងរឿង​ពី​ព្រះ​យេហូវ៉ា ដែល​មាន​តែ​លោក​ប៉ុណ្ណោះ​សម​នឹង​ទទួល​សិរី​រុងរឿង​នោះ។ មេកំណាច​ក៏​បន្ត​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ។ ហេតុ​នេះ​ហើយ ពេល​យើង​និង​បុរស ស្ត្រី​ព្រម​ទាំង​ក្មេង​ៗ​រាប់​លាន​នាក់​ឯ​ទៀត​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ នៅ​តែ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ហើយ​លើក​តម្កើង​ព្រះ នេះ​គឺជា​បរាជ័យ​ដ៏​ធំ​របស់​សាថាន! ដូច្នេះ ចូរ​យើង​បន្ត​សរសើរ​ព្រះ​យេហូវ៉ា​ដូច​ពួក​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែល​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុងរឿង កិត្ដិយស និង​ឫទ្ធានុភាព ពីព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។—បប. ៤:១១

១៩ សូម​ឲ្យ​យើង​តាំង​ចិត្ត​បន្ត​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​និច្ច។ លោក​ប្រាកដជា​រីករាយ ពេល​ដែល​បុគ្គល​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​តាម​លោក ហើយ​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​លោក។ (​សុភ. ២៧:១១​) យើង​គួរ​មាន​អារម្មណ៍​ដូច​ដាវីឌ​ដែល​បាន​សរសើរ​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត ហើយ​បាន​ច្រៀង​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់ពី​ចិត្ត ហើយ​នឹង​លើក​ដំ​កើង​ព្រះ​នាម​ទ្រង់​ជា​ដរាប​ត​ទៅ›។ (​ទំនុក. ៨៦:១២​) មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​អាច​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​សរសើរ​លោក​ជា​រៀង​រហូត។ ការ​រស់​នៅ​គ្រា​នោះ​គឺជា​អ្វី​ដ៏​អស្ចារ្យ​មែន! តើ​អ្នក​កំពុង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ឥឡូវ​នេះ ដោយ​មាន​សេចក្ដី​សង្ឃឹម​នឹង​ធ្វើ​ដូច្នេះ​ជា​រៀង​រហូត​ឬ​ទេ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៧​]

តើ​អ្នក​កំពុង​ឆ្លុះ​បញ្ចាំង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​តាម​វិធី​ទាំង​នេះ​ឬ​ទេ?