លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកពិតជាឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ដែលជាអំណោយពីព្រះឬទេ?

តើអ្នកពិតជាឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ដែលជាអំណោយពីព្រះឬទេ?

តើ​អ្នក​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ​ឬ​ទេ?

​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រោស​មេត្ដា ឲ្យ​ឯង​បាន​សេចក្ដី​ស្រាក​ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ​»។—រស់. ១:៩

សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ:

ហេតុ​អ្វី​យើង​អាច​និយាយ​ថា​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ?

តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជម្រើស​របស់​យើង​អំពី​គូ​អាពាហ៍ពិពាហ៍?

តើ​ដំបូន្មាន​មួយ​ណា​ក្នុង​គម្ពីរ​ស្តី​អំពី​អាពាហ៍ពិពាហ៍​ដែល​អ្នក​ចង់​ធ្វើ​តាម​ក្នុង​ជីវិត​របស់​អ្នក?

១​. សូម​រៀប​រាប់​អំពី​ប្រតិកម្ម​របស់​អាដាម​ពេល​គាត់​មាន​ប្រពន្ធ។

​«នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ នឹង​ត្រូវ​ហៅ​ថា​‹ស្ត្រី› ពីព្រោះ​បាន​យក​ចេញ​ពី​បុរស​មក​»។ (​លោ. ២:២៣​) អាដាម​ដែល​ជា​បុរស​ទី​១​ពិត​ជា​រីករាយ​ណាស់! នៅ​ពេល​ដែល​គាត់​មាន​ប្រពន្ធ។ មិន​មែន​ជា​ការ​ចម្លែក​ឡើយ​ដែល​គាត់​បាន​លាន់​មាត់​ដូច្នេះ។ បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អាដាម​ដេក​លក់​ស៊ប់​ទៅ លោក​បាន​បង្កើត​ស្ត្រី​ដ៏​ស្រស់​ស្អាត​នេះ​ពី​ឆ្អឹង​ជំនីរ​របស់​អាដាម។ ក្រោយ​មក​អាដាម​បាន​ដាក់​ឈ្មោះ​នាង​ថា អេវ៉ា។ ព្រះ​បាន​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឲ្យ​ទៅ​ជា​គូ​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល។ ដោយ​ហេតុ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​ឆ្អឹង​ជំនីរ​របស់​អាដាម​ដើម្បី​បង្កើត​នាង​អេវ៉ា នោះ​ពួក​គេ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ប្ដី​ប្រពន្ធ​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ។

២​. ហេតុ​អ្វី​បាន​ជា​បុរស​និង​ស្ត្រី​ចង់​មាន​ភាព​ស្និទ្ធ​ស្នា​ល​នឹង​គ្នា?

ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន លោក​បាន​ផ្ដល់​ឲ្យ​មនុស្ស​នូវ​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្នេហា ជា​គុណ​សម្បត្ដិ​មួយ​ដែល​ធ្វើ​ឲ្យ​បុរស​និង​ស្ត្រី​ចង់​មាន​ភាព​ស្និទ្ធ​ស្នា​ល​នឹង​គ្នា។ សព្វវចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​បុរស​និង​ស្ត្រី​ដែល​រៀប​ការ សង្ឃឹម​ថា​ពួក​គេ​អាច​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជា​មួយ​គ្នា ហើយ​មាន​សេចក្ដី​ស្នេហា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រហូត​»​ (​The World Book Encyclopedia​) នេះ​ជា​រឿង​ធម្មតា​ដែល​ធ្លាប់​កើត​ឡើង​ច្រើន​ដង​រាប់​មិន​អស់​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។

ពួក​គេ​បាន​ដឹង​គុណ​ព្រះ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​លោក

៣​. តើ​អាប្រាហាំ​បាន​ធ្វើ​អ្វី​ដើម្បី​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក?

អាប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ត្រង់​បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ចំណង​អាពាហ៍ពិពាហ៍។ ដូច្នេះ គាត់​បាន​ចាត់​អ្នក​បម្រើ​ដែល​មាន​វ័យ​ចាស់​ជាង​គេ​របស់​គាត់​ឲ្យ​ទៅ​ស្រុក​មេសូប៉ូតាមី ដើម្បី​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក។ ការ​អធិដ្ឋាន​របស់​អ្នក​បម្រើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​ល្អ។ រេបិកា​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ​បាន​ក្លាយ​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​អ៊ីសាក ហើយ​មាន​តួនាទី​ក្នុង​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​រក្សា​ពូជ​របស់​អាប្រាហាំ។ (​លោ. ២២:១៨; ២៤:១២​-​១៤, ៦៧​) តាម​រយៈ​កំណត់​ហេតុ​នេះ យើង​មិន​គួរ​សន្និដ្ឋាន​ថា​យើង​គួរ​ធ្វើ​ជា​អ្នក​ផ្គូផ្គង​ឲ្យ​គេ​ទេ បើ​គេ​មិន​បាន​សុំ​ឲ្យ​យើង​ធ្វើ​នោះ ទោះ​បី​យើង​ប្រហែលជា​មាន​បំណង​ល្អ​ក៏​ដោយ។ នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​ដោយ​ខ្លួន​គេ។ ព្រះ​មិន​បាន​រើស​គូ​ឲ្យ​យើង​ទេ ប៉ុន្តែ​លោក​ណែនាំ​គ្រិស្ត​សាសនិក​ចំពោះ​រឿង​នេះ និង​ក្នុង​កាលៈទេសៈ​ផ្សេង​ទៀត​ក្នុង​ជីវិត បើ​ពួក​គេ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​លោក ហើយ​បើ​ពួក​គេ​ឲ្យ​សកម្មពល​របស់​លោក​ដឹក​នាំ​ពួក​គេ។—កាឡ. ៥:១៨, ២៥

៤, ៥​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ស្ត្រី​ក្រមុំ​ពី​ក្រុង​ស៊ូឡាម​និង​គង្វាល​នោះ​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង?

ស្ត្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​ពី​ក្រុង​ស៊ូឡាម​នៃ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ មិន​ចង់​ឲ្យ​មិត្ត​ភក្ដិ​របស់​នាង​បង្ខំ​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ម្នាក់​ក្នុង​ចំណោម​ប្រពន្ធ​ជា​ច្រើន​របស់​ស្តេច​សាឡូម៉ូន​នោះ​ទេ។ នាង​បាន​និយាយ​ថា​៖ ​«​ឱ​ពួក​កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា នាង​ទាំង​ឡាយ​នឹង​មិន​ខំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់ លុះ​ត្រា​តែ​សេចក្ដី​ស្រឡាញ់​នោះ​ផុស​ចេញ​ពី​ចិត្ត​ខ្ញុំ​វិញ​»។ (​បទ. ៨:៤; ព.ថ.​) ស្ត្រី​ក្រមុំ​ពី​ក្រុង​ស៊ូឡាម​និង​គង្វាល​ម្នាក់​ពិត​ជា​បាន​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ នាង​បាន​និយាយ​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​ខ្ញុំ​ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សារ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ​»​ ប៉ុន្តែ​គង្វាល​បាន​តប​វិញ​ថា​៖ ​«​មាស​សំ​ឡាញ់​របស់​អញ​នៅ​កណ្ដាល​ពួក​កូន​ស្រី​ៗ ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា​»។ (​បទ. ២:១, ២​) ពួក​គេ​ពិត​ជា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយ​សារ​ស្ត្រី​ក្រមុំ​ពី​ក្រុង​ស៊ូឡាម​និង​គង្វាល​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ចំពោះ​ព្រះ ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ពិត​ជា​នឹង​រឹង​មាំ​មែន។ តាម​ការ​ពិត ស្ត្រី​ក្រមុំ​ពី​ក្រុង​ស៊ូឡាម​បាន​និយាយ​ទៅ​អ្នក​ជា​ទី​ស្រឡាញ់​របស់​នាង​ថា​៖ ‹សូម​ប្ដិត​ខ្ញុំ​និត្យនៅ​ចិត្ត​បង​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ដៃ​បង​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រច័ណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ជំ​ហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ជំ​ហួល​នៃ​ភ្លើង ជា​អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ[​ដោយ​សារ​សេចក្ដី​ស្រឡាញ់​មក​ពី​លោក​] ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ​សម្បត្ដិ​នៅ​ផ្ទះ​ខ្លួន​អស់​រលីង​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល​ងាយ​ទទេ​ៗ​វិញ›។ (​បទ. ៨:៦, ៧​) អ្នក​បម្រើ​ព្រះ​យេហូវ៉ា​គួរ​រំពឹង​ថា​គូ​របស់​ខ្លួន​នឹង​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ត្រង់​ដូច​រៀប​រាប់​ខាង​លើ​នេះ​ដែរ មែន​ទេ?

ជម្រើស​មួយ​ដែល​សំខាន់​ចំពោះ​ព្រះ

៦, ៧​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជម្រើស​របស់​យើង​អំពី​គូ​អាពាហ៍ពិពាហ៍?

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជម្រើស​របស់​អ្នក​អំពី​គូ​អាពាហ៍ពិពាហ៍។ ស្តី​អំពី​បណ្ដា​ជន​នៅ​ស្រុក​កាណាន ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​បង្គាប់​ថា​៖ ​«​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិបត្ដិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់​»។ (​ចោ. ៧:៣, ៤​) ប៉ុន្មាន​សតវត្សរ៍​ក្រោយ​មក អែសរ៉ា​ដែល​ជា​សង្ឃ​បាន​ប្រកាស​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រាអែល​»។ (​អែស. ១០:​១០​) ហើយ​សាវ័ក​ប៉ូល​បាន​ប្រាប់​បង​ប្អូន​រួម​ជំនឿ​ថា​៖ ​«​ប្រពន្ធ​ត្រូវ​នៅ​ជាប់​នឹង​ប្ដី ដរាប​ណា​ប្ដី​នៅ​រស់។ ប៉ុន្តែ​ប្រសិនបើ​ប្ដី​របស់​នាង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ នោះ​នាង​មាន​សេរីភាព​អាច​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់​»។១កូ. ៧:៣៩

ប្រសិនបើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ នេះ​ជា​ទង្វើ​ដែល​បង្ហាញ​អំពី​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ។ ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​អែសរ៉ា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​«​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​»​ ហើយ​ការ​មើល​ស្រាល​បណ្ដាំ​របស់​ព្រះ​បែប​នេះ​ជា​ទង្វើ​ខុស​ឆ្គង។ (​អែស. ១០:១០; ២កូ. ៦:១៤, ១៥​) គ្រិស្ត​សាសនិក​ម្នាក់​ដែល​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ មិន​មែន​ជា​គំរូ​ល្អ ហើយ​ពិត​ជា​មិន​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ។ ដូច្នេះ គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ តែ​បែរ​ជា​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជឿ អាច​បាត់បង់​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត គឺ​មិន​សម​ហេតុ​ផល​សោះ​បើ​គ្រិស្ត​សាសនិក​ម្នាក់​សង្ឃឹម​ថា​នឹង​បាន​ពរ​ពី​ព្រះ​កាល​ដែល​គាត់​សារភាព​ដោយ​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា! ខ្ញុំ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ដោយ​ចេតនា ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​សូម​លោក​ឲ្យ​ពរ​ខ្ញុំ​ផង›។

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ជ្រាប​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អាពាហ៍ពិពាហ៍

៨​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​អំពី​អាពាហ៍ពិពាហ៍។

អ្នក​ដែល​បង្កើត​ម៉ាស៊ីន​ដឹង​យ៉ាង​ច្បាស់​អំពី​ដំណើរ​ការ​របស់​ម៉ាស៊ីន។ ប្រសិនបើ​យើង​ត្រូវ​ដំឡើង​វា គាត់​អាច​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​ដែល​ចាំ​បាច់​អំពី​ម៉ាស៊ីន​នោះ។ ចុះ​យ៉ាង​ណា បើ​យើង​មិន​អើពើ​នឹង​ការ​ណែនាំ​របស់​គាត់ ហើយ​ដំឡើង​គ្រឿង​ខ្ចៅ​តាម​ការ​គិត​ឃើញ​របស់​យើង​វិញ? នេះ​ទំនង​ជា​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់ ឬ​ម៉ាស៊ីន​នោះ​នឹង​មិន​ដំណើរ​ការ​តែ​ម្ដង។ បើ​យើង​ចង់​បាន​អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​អាពាហ៍ពិពាហ៍។

៩​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​អារម្មណ៍​កណ្ដោចកណ្ដែង ព្រម​ទាំង​សុភមង្គល​ដែល​គេ​អាច​មាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍?

ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់​អំពី​មនុស្ស​ជាតិ​និង​អាពាហ៍ពិពាហ៍។ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​ត្រូវ​ការ​ខាង​ការ​រួម​ដំណេក ដើម្បី​ពួក​គេ​«​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​»។ (​លោ. ១:​២៨​) ព្រះ​យល់​យ៉ាង​ច្បាស់​អំពី​អារម្មណ៍​កណ្ដោចកណ្ដែង ពីព្រោះ​មុន​លោក​បង្កើត​ស្ត្រី​ដំបូង​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំ​រាប់​ជួយ​វា​»។ (​លោ. ២:១៨​) ព្រះ​យេហូវ៉ា​ក៏​បាន​ជ្រាប​យ៉ាង​ច្បាស់​ដែរ​អំពី​អំណរ​ដែល​គេ​អាច​មាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។—សូម​អាន សុភាសិត ៥:១៥​-​១៨

១០​. តើ​កត្ដា​អ្វី​ខ្លះ​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​ផ្លូវ​ភេទ​របស់​គូ​អាពាហ៍ពិពាហ៍​ដែល​ជា​គ្រិស្ត​សាសនិក?

១០ ដោយ​សារ​មនុស្ស​ជាតិ​បាន​ឆ្លង​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​អាដាម​ដែល​មាន​ភាព​ខុស​ឆ្គង នោះ​គ្មាន​អាពាហ៍ពិពាហ៍​ណា​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា អាពាហ៍ពិពាហ៍​របស់​ពួក​គេ​អាច​នាំ​ឲ្យ​មាន​សុភមង្គល​ពិត ប្រសិនបើ​ពួក​គេ​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ដំបូន្មាន​ដ៏​ច្បាស់​របស់​ប៉ូល​អំពី​ទំនាក់​ទំនង​ផ្លូវ​ភេទ​ក្នុង​អាពាហ៍ពិពាហ៍។ (​សូម​អាន កូរិនថូសទី១ ៧:១​-​៥) បណ្ដាំ​របស់​ព្រះ​មិន​បាន​តម្រូវ​ថា គូ​អាពាហ៍ពិពាហ៍​ត្រូវ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ដើម្បី​គ្រាន់​តែ​បង្កើត​កូន​ចៅ​ប៉ុណ្ណោះ​ទេ។ ទំនាក់​ទំនង​ស្និទ្ធ​ស្នា​ល​បំផុត​គឺ​ត្រឹម​ត្រូវ​ក្នុង​ការ​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​និង​ខាង​ផ្លូវ​ចិត្ត។ ប៉ុន្តែ​ការ​ប្រព្រឹត្ត​ដែល​ខុស​ធម្មតា​ប្រាកដជា​មិន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ទេ។ ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​ប្រាកដជា​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​នេះ ដែល​ជា​លក្ខណៈ​សំខាន់​នៃ​ជីវិត​របស់​ពួក​គេ​ដោយ​ថ្នាក់​ថ្នម​គ្នា នេះ​នាំ​ឲ្យ​ពួក​គេ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គាត់​ពិត​ជា​គួរ​ជៀស​វាង​ការ​ប្រព្រឹត្ត​ណា​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។

១១​. ដោយ​សារ​នាង​រូថ​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា តើ​នាង​បាន​ពរ​អ្វី​ខ្លះ?

១១ ជីវិត​អាពាហ៍ពិពាហ៍​គួរតែ​ពោរ​ពេញ​ទៅ​ដោយ​អំណរ មិន​មែន​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​គ្មាន​សុភមង្គល​នោះ​ទេ។ ជា​ពិសេស គេហដ្ឋាន​របស់​គ្រិស្ត​សាសនិក​គួរ​ជា​កន្លែង​សម្រាក​និង​ជា​កន្លែង​ដ៏​សុខសាន្ត។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​៣.០០០​ឆ្នាំ​មុន នៅ​ពេល​ដែល​ស្ត្រី​មេម៉ាយ​វ័យ​ចាស់​ឈ្មោះ​ន៉ាអូមី​និង​កូន​ប្រសា​ស្រី​ឈ្មោះ​រូថ​និង​អ័រប៉ា កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​ម៉ូអាប់​ទៅ​ស្រុក​យូដា​វិញ។ ន៉ាអូមី​បាន​ដាស់​តឿន​ស្ត្រី​វ័យ​ក្មេង​ទាំង​ពីរ​នាក់​នោះ​ឲ្យ​ត្រឡប់​ទៅ​ឯ​ជន​ជាតិ​របស់​នាង​វិញ។ នាង​រូថ​ជា​ស្ត្រីជន​ជាតិ​ម៉ូអាប់​បាន​នៅ​ជាប់​នឹង​ន៉ាអូមី។ នាង​ស្មោះ​ត្រង់​នឹង​ព្រះ​ពិត ហើយ​បាន​ទទួល​‹បំណាច់​ដ៏​ពោរ​ពេញ​ពី​ព្រះ​យេហូវ៉ា ដែល​នាង​បាន​ជ្រក​ក្រោម​ស្លាប​លោក›។ (​រស់. ១:៩; ២:​១២​) ដោយ​សារ​នាង​រូថ​បាន​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អំណោយ​ដ៏​មាន​តម្លៃ​ពី​ព្រះ នាង​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​បុរស​វ័យ​ចាស់​ឈ្មោះ​បូអូស​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ពិត​ប្រាកដ។ ពេល​ដែល​ព្រះ​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ​នៅ​ពិភព​លោក​ថ្មី​របស់​លោក នោះ​នាង​នឹង​មាន​ចិត្ត​រីករាយ​ដោយ​ដឹង​ថា នាង​បាន​ក្លាយ​ទៅ​ជា​ជីដូន​របស់​លោក​យេស៊ូ​គ្រិស្ត។ (​ម៉ាថ. ១:១, ៥, ៦; លូក. ៣:២៣, ៣២​) ដោយ​សារ​នាង​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា នាង​បាន​ពរ​ដ៏​វិសេស​វិសាល​មែន!

ដំបូន្មាន​ដ៏​ល្អ​ដែល​នាំ​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

១២​. តើ​គេ​អាច​រក​ឃើញ​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​អាពាហ៍ពិពាហ៍​ពី​កន្លែង​ណា?

១២ ព្រះ​ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​អាពាហ៍ពិពាហ៍ ប្រាប់​យើង​អំពី​របៀប​ដែល​យើង​អាច​ទទួល​ជោគជ័យ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​ការ​យល់​ដឹង​ច្រើន​អំពី​រឿង​នេះ​ដូច​លោក​ទេ។ អ្វី​ដែល​គម្ពីរ​ចែង​តែង​តែ​ត្រឹម​ត្រូវ ដូច្នេះ​អ្នក​ដែល​ផ្ដល់​ឱវាទ​ក្នុង​រឿង​អាពាហ៍ពិពាហ៍​គួរតែ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក ឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។ (​អេភ. ៥:៣៣​) គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ពិត​ជា​យល់​អំពី​ដំបូន្មាន​នេះ។ សំណួរ​គឺថា តើ​ពួក​គាត់​នឹង​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? ពួក​គាត់​នឹង​ធ្វើ​តាម ប្រសិនបើ​ពួក​គាត់​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ។ *

១៣​. តើ​ការ​មិន​ធ្វើ​តាម​ដំបូន្មាន​នៅ​ពេត្រុសទី១ ៣:៧ អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៣ ប្ដី​ម្នាក់​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​របស់​គាត់។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​តាម​របៀប​ដូច​គ្នា​ដែរ ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្ដី បន្ត​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ស្គាល់​ចិត្ត​នាង​ច្បាស់ ហើយ​ដោយ​ឲ្យ​កិត្ដិយស​ដល់​នាង​ជា​ភាជនៈ​ខ្សោយ​ជាង ជា​ស្ត្រីភេទ ពីព្រោះ​អ្នក​រាល់​គ្នា​ក៏​ជា​អ្នក​ទទួល​ជីវិត​ជា​មត៌ក​រួម​ជា​មួយ​នឹង​នាង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ពុំ​នោះ​សោត សេចក្ដី​អធិដ្ឋាន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រារាំង​»។ (​១ពេ. ៣:​៧​) ប្រសិនបើ​ប្ដី​ម្នាក់​មិន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ នោះ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​អាច​ត្រូវ​រារាំង។ ទំនាក់​ទំនង​របស់​ប្ដី​ប្រពន្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​អាច​ល្អក់​កករ ហើយ​នេះ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​តាន​តឹង​ចិត្ត​ជា​ខ្លាំង ឈ្លោះ​ប្រកែក​គ្នា និង​ប្រព្រឹត្ត​យ៉ាង​សាហាវ​ចំពោះ​គ្នា។

១៤​. តើ​ប្រពន្ធ​ដែល​មាន​សេចក្ដី​ស្រឡាញ់​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ក្រុម​គ្រួសារ​របស់​នាង?

១៤ ប្រពន្ធ​ដែល​ធ្វើ​តាម​ការ​ណែនាំ​នៃ​បណ្ដាំ​របស់​ព្រះ​និង​សកម្មពល​បរិសុទ្ធ​របស់​លោក អាច​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ឲ្យ​ផ្ទះ​របស់​នាង​ជា​កន្លែង​ដែល​នាំ​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​មាន​សុភមង្គល។ ជា​ការ​ធម្មតា​ទេ ប្ដី​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ​នឹង​ស្រឡាញ់​ប្រពន្ធ​របស់​គាត់ ហើយ​ការពារ​នាង​ខាង​រូប​កាយ​និង​ចំណង​មិត្តភាព​របស់​នាង​ជា​មួយ​ព្រះ។ បើ​នាង​ចង់​ឲ្យ​ប្ដី​ស្រឡាញ់​នាង នោះ​នាង​ក៏​គួរ​ធ្វើ​ជា​ប្រពន្ធ​ដែល​គួរ​ឲ្យ​ស្រឡាញ់​ដែរ។ សុភាសិត ១៤:១ ចែង​ថា​៖ ​«​គ្រប់​ទាំង​ស្រី​ៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងីល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ​»។ ប្រពន្ធ​ដែល​មាន​ប្រាជ្ញា​និង​មាន​សេចក្ដី​ស្រឡាញ់​ជួយ​ក្រុម​គ្រួសារ​របស់​នាង​ឲ្យ​បាន​ជោគជ័យ និង​មាន​សុភមង្គល។ នាង​ក៏​បង្ហាញ​ដែរ​ថា​នាង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ។

១៥​. តើ​មាន​ដំបូន្មាន​អ្វី​នៅ​អេភេសូរ ៥:២២​-​២៥?

១៥ ប្ដី​ប្រពន្ធ​ដែល​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​ក្រុម​ជំនុំ បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អាពាហ៍ពិពាហ៍ដែល​ជា​អំណោយ​ពី​ព្រះ។ (​សូម​អាន អេភេសូរ ៥:២២​-​២៥) ប្ដី​ប្រពន្ធ​ដែល​ពិត​ជា​ស្រឡាញ់​គ្នា​មាន​ចិត្ត​រាប​ទាប ជៀស​វាង​ពី​ការ​មិន​និយាយ​រក​គ្នា ហើយ​មិន​ឲ្យ​លក្ខណៈ​មិន​ល្អ​ឯ​ទៀត​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឡើយ។ ព្រះ​យេហូវ៉ា​ពិត​ជា​ឲ្យ​ពរ​គូ​អាពាហ៍ពិពាហ៍​បែប​នោះ​មែន!

កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​ពួក​គេ​ឡើយ

១៦​. ហេតុ​អ្វី​បង​ប្អូន​គ្រិស្ត​សាសនិក​ខ្លះ​បន្ត​នៅ​លីវ?

១៦ ទោះ​ជា​មនុស្ស​ភាគ​ច្រើន​មាន​គម្រោង​ចង់​រៀប​ការ​នៅ​ដំណាក់​កាល​ណា​មួយ​នៃ​ជីវិត​របស់​ពួក​គេ​ក៏​ដោយ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មួយ​ចំនួន​សុខ​ចិត្ត​បន្ត​នៅ​លីវ ពីព្រោះ​ពួក​គាត់​មិន​អាច​រក​គូ​ដែល​ពួក​គាត់​ពេញ​ចិត្ត​និង​ដែល​ព្រះ​ពេញ​ចិត្ត​បាន​ទេ។ បង​ប្អូន​ផ្សេង​ទៀត​ទទួល​អំណោយ​ពី​ព្រះ​ជា​ភាព​នៅ​លីវ ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​ប្រមូល​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ព្រះ​ដោយ​មិន​ឲ្យ​រឿង​អាពាហ៍ពិពាហ៍​មក​បំបែរ​អារម្មណ៍​ពួក​គាត់​ឡើយ។ គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ជីវិត​គាប់​ចិត្ត​ក្នុង​អំឡុង​ពេល​នៅ​លីវ។—ម៉ាថ. ១៩:១០​-​១២; ១កូ. ៧:១, ៦, ៧, ១៧

១៧​. ​(​ក​) តើ​ប្រសាសន៍​មួយ​ណា​របស់​លោក​យេស៊ូ​ស្តី​អំពី​អាពាហ៍ពិពាហ៍​ដែល​យើង​គួរ​ចាំ​ជា​និច្ច? (​ខ​) បើ​គ្រិស្ត​សាសនិក​ណា​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​បាន​គូ​របស់​អ្នក​ឯ​ទៀត តើ​គាត់​គួរ​ធ្វើ​អ្វី​ដោយ​ឥត​បង្អង់?

១៧ ទោះ​ជា​យើង​នៅ​លីវ​ឬ​រៀប​ការ​ហើយ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​ចាំ​ជា​និច្ច​នូវ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ថា លោក​[​ព្រះ​]​ដែល​បាន​បង្កើត​មនុស្ស​ជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​និង​ស្រី ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​នេះ​ហើយ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›​នោះ? ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថ. ១៩:៤​-​៦​) ការ​ចង់​បាន​គូ​របស់​អ្នក​ឯ​ទៀត​ជា​អំពើ​ខុស​ឆ្គង (​ចោ. ៥:២១​) ប្រសិនបើ​គ្រិស្ត​សាសនិក​ណា​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​បែប​នេះ គាត់​គួរ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​បំបាត់​ចោល​ចិត្ត​គំនិត​ស្មោកគ្រោក​នេះ ទោះ​ជា​ត្រូវ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត​ក៏​ដោយ ពីព្រោះ​គាត់​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​កើត​មាន​ឡើង។ (​ម៉ាថ. ៥:២៧​-​៣០​) ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​កែ​តម្រង់​ចិត្ត​គំនិត​បែប​នេះ ហើយ​បំបាត់​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ដែល​បណ្ដាល​មក​ពី​ចិត្ត​ដែល​បញ្ឆោត​យើង។—យេ. ១៧:៩

១៨​. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ?

១៨ សូម្បី​តែ​មនុស្ស​ជា​ច្រើន​ដែល​មិន​សូវ​ស្គាល់​ឬ​មិន​ស្គាល់​សោះ​អំពី​ព្រះ​យេហូវ៉ា​និង​អំណោយ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​ដែល​មក​ពី​លោក​ក៏​ដោយ ក៏​ពួក​គេ​បាន​បង្ហាញ​ចិត្ត​ដឹង​គុណ​មួយ​កម្រិត​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​ដែរ។ ទម្រាំ​តែ​យើង​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ យើង​ច្បាស់​ជា​គួរ​រីករាយ​ចំពោះ​ការ​រៀបចំ​ទាំង​អស់​របស់​លោក ហើយ​យើង​ក៏​បង្ហាញ​ថា​យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ​យ៉ាង​ណា​ទៅ!—១ធី. ១:១១

[​កំណត់​សម្គាល់​]

^ វគ្គ 12 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​អាពាហ៍ពិពាហ៍ សូម​មើល​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ ជំពូក​ទី​១០​និង​១១

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ឃ្លា​អក្សរ​ធំ​​នៅ​ទំព័រ​៦​]

ចំណង​អាពាហ៍ពិពាហ៍​ដ៏​រឹង​មាំ លើក​តម្កើង​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​មាន​សុភមង្គល​ខ្លាំង​ក្រៃ​លែង

[​រូបភាព​នៅ​ទំព័រ​៥​]

នាង​រូថ​បាន​បង្ហាញ​ថា​នាង​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ

[​រូបភាព​នៅ​ទំព័រ​៧​]

តើ​អ្នក​បង្ហាញ​ថា​អ្នក​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ​ឬ​ទេ?