ចូរមានគំនិតវាងវៃ ចូរស្វែងរក«ការណែនាំដ៏ប៉ិនប្រសប់»
ចូរមានគំនិតវាងវៃ ចូរស្វែងរក«ការណែនាំដ៏ប៉ិនប្រសប់»
ជីវិតគឺប្រៀបដូចជាការធ្វើដំណើរមួយ។ ក៏ប៉ុន្តែ ប្រាជ្ញារបស់មនុស្សច្រើនតែសឲ្យឃើញថាមិនសូវមានប្រសិទ្ធភាពក្នុងការជួយមនុស្សឲ្យបានជោគជ័យក្នុងដំណើរជីវិតឡើយ។ មនុស្សជាច្រើនបានត្រូវញ៉ាំញីដោយបញ្ហាជាច្រើន ដែលប្រៀបដូចជាលិចលង់ទៅក្នុងទឹករលកធំៗ។ (ទំនុក. ១០៧:២៣, ២៧) ហេតុអ្វីគឺសមត្រឹមត្រូវបើប្រៀបធៀបការពិបាកក្នុងជីវិតទៅនឹងការធ្វើដំណើរដ៏ពិបាកមួយ?
នៅសម័យបុរាណ ការធ្វើដំណើរតាមសមុទ្រគឺជាការពិបាកមួយដែលតម្រូវឲ្យមានបទពិសោធន៍។ នោះគឺជាជំនាញមួយដែលត្រូវរៀនពីអ្នកដែលបានដើរសំពៅយូរឆ្នាំ ដូចជារៀនពីអ្នកកាច់ចង្កូតសំពៅជាដើម។ (សកម្ម. ២៧:៩-១១) គំនូរបុរាណជាច្រើនបានបញ្ជាក់នូវសារៈសំខាន់នៃតួនាទីរបស់អ្នកកាច់ចង្កូតដោយគូររូបគាត់ធំជាងមនុស្សឯទៀត។ ដើម្បីធ្វើដំណើរទៅលំហសមុទ្រ អ្នកដើរសំពៅបានរៀនអំពីផ្កាយ ខ្យល់និងអ្វីៗផ្សេងទៀតដែលជួយពួកគេឲ្យដឹងទិស។ គម្ពីរបានរៀបរាប់អំពីអ្នកដើរសំពៅខ្លះថា«អ្នកប្រាជ្ញ»ដោយប្រើពាក្យដែលអាចមានន័យថា«មានគំនិតវាងវៃ»។—អេស. ២៧:៨
ការដោះស្រាយបញ្ហាក្នុងជីវិតសព្វថ្ងៃនេះអាចមើលទៅហាក់ដូចជាពិបាកដូចជាការធ្វើដំណើរក្នុងសមុទ្រនៅសម័យបុរាណ។ តើអ្វីអាចជួយយើងបាន?
តើតាមរបៀបណាដែលយើងអាចទទួលបាននូវ«ការណែនាំដ៏ប៉ិនប្រសប់»
ដោយចាំអំពីការប្រៀបធៀបជីវិតទៅនឹងការធ្វើដំណើរមួយ សូមពិចារណាអំពីសេចក្ដីពិតនេះក្នុងគម្ពីរដែលថា៖ «ប្រយោជន៍ឲ្យមនុស្សប្រាជ្ញាបានស្ដាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្ដីទូន្មានមាំទាំ [ឬ«ការណែនាំដ៏ប៉ិនប្រសប់»]»។ (សុភ. ១:៥, ៦; ព.ថ., យើងកែជាអក្សរទ្រេត) ពាក្យភាសាហេប្រឺដែលបកប្រែថា«ការណែនាំដ៏ប៉ិនប្រសប់» អាចរៀបរាប់អំពីកិច្ចការរបស់មេបញ្ជាការសំពៅសម័យបុរាណ។ ពាក្យនេះបង្កប់អត្ថន័យសមត្ថភាពនាំផ្លូវនិងណែនាំដ៏ប៉ិនប្រសប់។
ទោះជានេះតម្រូវឲ្យមានការព្យាយាមក៏ដោយ យើងអាចទទួលបាននូវ«ការណែនាំដ៏ប៉ិនប្រសប់» ហើយរៀនបើកសំពៅដោយជោគជ័យក្នុងសមុទ្រនៃជីវិត។ ដូចសៀវភៅសុភាសិតបានបញ្ជាក់ យើងត្រូវមាន«ប្រាជ្ញា»និង«យោបល់» ហើយយើងក៏ត្រូវមានការយល់ធ្លុះជ្រៅដែរ។ (សុភ. ១:២-៦; ២:១-៩) យើងមិនត្រូវខកខានស្វែងរកការណែនាំពីព្រះ ពីព្រោះសូម្បីតែមនុស្សទុច្ចរិតក៏មានការណែនាំដើម្បីសម្រេចគោលដៅដែលមិនត្រឹមត្រូវដែរ។—សុភ. ១២:៥
ដូច្នេះ គឺសំខាន់ចាំបាច់ដែលយើងត្រូវជាមនុស្សដែលឧស្សាហ៍សិក្សាបណ្ដាំរបស់ព្រះ។ តាមរយៈការសិក្សាបែបនេះ យើងអាចដឹងព័ត៌មានដ៏មានតម្លៃអំពីព្រះយេហូវ៉ានិងអំពីលោកយេស៊ូគ្រិស្តដែលឆ្លុះបញ្ចាំងឲ្យឃើញព្រះយ៉ាងប្រសើរបំផុត។ (យ៉ូន. ១៤:៩) យើងទទួលនូវដំបូន្មានដ៏ល្អជាច្រើននៅកិច្ចប្រជុំរបស់យើង។ ម្យ៉ាងទៀត យើងអាចរៀនពីបទពិសោធន៍របស់អ្នកឯទៀត រួមទាំងបទពិសោធន៍របស់ឪពុកម្ដាយយើងផងដែរ។—សុភ. ២៣:២២
ចូរដឹងជាមុនហើយរៀបចំគម្រោង
«ការណែនាំដ៏ប៉ិនប្រសប់»គឺជាការសំខាន់ ជាពិសេសពេលដែលយើងជួបប្រទះបញ្ហា។ ការមិនដឹងថាយើងត្រូវចាត់វិធានការអ្វីនៅពេលមានបញ្ហាស្មុគយ៉ា. ១:៥, ៦
ស្មាញ អាចនាំឲ្យយើងមិនហ៊ានសម្រេចចិត្ត ហើយនេះនាំឲ្យអន្តរាយ។—គួរឲ្យចាប់អារម្មណ៍ ពាក្យថា«ការណែនាំដ៏ប៉ិនប្រសប់» ក៏អាចសំដៅទៅលើការធ្វើសង្គ្រាមដែរ។ យើងអានថា៖ «ដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា[ឬ«ការណែនាំដ៏ប៉ិនប្រសប់»] នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើន នោះទើបបានជ័យជំនះ»។—សុភ. ២០:១៨; ២៤:៦; ព.ថ.
ដូចអ្នកជំនាញខាងរៀបចំយុទ្ធសាស្ត្រដើម្បីធ្វើសង្គ្រាម ជាការល្អបើយើងគិតជាមុនអំពីបញ្ហាដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះ។ (សុភ. ២២:៣) ជាឧទាហរណ៍ ប្រហែលជាអ្នកត្រូវសម្រេចចិត្តថាទទួលយកការងារថ្មីឬការឡើងឋានៈនៅកន្លែងធ្វើការឬមិនទទួល។ អ្នកទំនងជានឹងពិចារណាយ៉ាងហ្មត់ចត់អំពីប្រាក់ខែ ពេលវេលាធ្វើដំណើរទៅធ្វើការនិងត្រឡប់មកវិញ និងចំណុចល្អិតល្អន់ផ្សេងទៀត។ ប៉ុន្តែ មានចំណុចឯទៀតដែលយើងគួរចាំគឺ: តើការងារបែបនេះសមស្របនឹងគោលការណ៍គម្ពីរឬទេ? តើម៉ោងធ្វើការ ដូចជាការធ្វើការផ្លាស់វេនគ្នាជាដើម ប៉ះពាល់ដល់សកម្មភាពរបស់ខ្ញុំជាគ្រិស្តសាសនិកឬទេ?—លូក. ១៤:២៨-៣០
ឡូរ៉េថឺជាសាក្សីព្រះយេហូវ៉ាម្នាក់ គាត់មានការងារល្អមួយ។ ពេលដែលក្រុមហ៊ុនបានរើទៅកន្លែងផ្សេង ក្រុមហ៊ុនបានឲ្យឡូរ៉េថឺមានឋានៈសំខាន់មួយនៅកន្លែងថ្មីនោះ ហើយនាយកក្រុមហ៊ុនបានប្រាប់គាត់ថា៖ «នេះជាឱកាសតែម្ដងគត់ក្នុងជីវិតរបស់អ្នក។ យើងបានដឹងថាមានសាលប្រជុំមួយនៅជិតកន្លែងនោះដែរ»។ ប៉ុន្តែឡូរ៉េថឺចង់មានជីវិតសាមញ្ញដើម្បីបម្រើព្រះដែលជាអ្នកបង្កើតឲ្យបានពេញលេញជាង។ គាត់បានដឹងថាការងារថ្មីនឹងធ្វើឲ្យគាត់មានពេលតិចជាងដើម្បីធ្វើកិច្ចការគ្រិស្តសាសនិក។ ដូច្នេះគាត់បានសុំឈប់ធ្វើការ ទោះជានាយកក្រុមហ៊ុនប្រាប់ថាគាត់គឺជាបុគ្គលិកតែម្នាក់គត់ដែលក្រុមហ៊ុនចង់ទុកឲ្យធ្វើការក៏ដោយ។ ឥឡូវនេះឡូរ៉េថឺបានត្រួសត្រាយអស់ប្រហែលជា២០ឆ្នាំហើយ គាត់បានជឿជាក់ថាលទ្ធផលល្អគឺជាប់ទាក់ទងនឹងការដែលគាត់មានគម្រោងតាម«ការណែនាំដ៏ប៉ិនប្រសប់» ដែលស្របតាមដំបូន្មានក្នុងបណ្ដាំរបស់ព្រះ។ គាត់បានពង្រឹងចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា ហើយមានឯកសិទ្ធិជួយមនុស្សមួយចំនួនឲ្យទទួលយកសេចក្ដីពិតក្នុងគម្ពីរ។
ក្រុមគ្រួសារពិតជាត្រូវការនូវ«ការណែនាំដ៏ប៉ិនប្រសប់»។ ការចិញ្ចឹមអប់រំកូនជាកិច្ចការរយៈពេលវែង ហើយជម្រើសរបស់ឪពុកម្ដាយស្តីអំពីរបៀបដែលពួកគាត់នឹងជួយក្រុមគ្រួសារឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា និងរបៀបដែលពួកគេជ្រើសរើសការងារដើម្បីចិញ្ចឹមក្រុមគ្រួសារ មានឥទ្ធិពលលើអនាគតរបស់សមាជិកទាំងអស់ក្នុងក្រុមគ្រួសារ។ (សុភ. ២២:៦) ជាឧទាហរណ៍ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកប្រហែលជាសួរខ្លួនគាត់ថា‹តាមរយៈការសន្ទនានិងគំរូរបស់យើង តើយើងកំពុងបង្រៀនកូនយើងឲ្យចូលទៅជិតព្រះយេហូវ៉ា ដើម្បីជួយពួកគេឲ្យចេះប្រឈមមុខនឹងជីវិតជាមនុស្សពេញវ័យដោយជោគជ័យឬទេ? តើរបៀបរស់នៅរបស់យើងកំពុងជួយពួកគេឲ្យចេះស្កប់ចិត្តនឹងជីវិតសាមញ្ញនិងឲ្យពួកគេប្រមូលអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយឬទេ?›។—១ធី. ៦:៦-១០, ១៨, ១៩
ជោគជ័យពិតប្រាកដមិនអាស្រ័យទៅលើការមានទ្រព្យសម្បត្ដិ ឬឋានៈក្នុងសង្គមដែលមនុស្សក្នុងពិភពលោកនេះស្វែងរកនោះទេ។ ស្តេចសាឡូម៉ូនបានយល់អំពីរឿងនេះ។ ព្រះបានបណ្ដាលឲ្យគាត់សរសេរថា៖ «ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ»។ (សាស្ដ. ៨:១២) នេះសឲ្យឃើញថាប្រាជ្ញាដែលមកពីការស្វែងរក«ការណែនាំដ៏ប៉ិនប្រសប់» មានមូលដ្ឋានលើបណ្ដាំរបស់ព្រះ ហើយស្របតាមបណ្ដាំនោះ។—២ធី. ៣:១៦, ១៧
[រូបភាពនៅទំព័រ៣០]
ដើម្បីបញ្ជាក់អំពីតួនាទីនៃអ្នកកាច់ចង្កូតសំពៅ គេច្រើនតែគូររូបគាត់ធំជាងនាវិកឯទៀត
[អ្នកផ្ដល់សិទ្ធិ]
Su concessione del Ministero per i Beni e le Attività Culturali. ការថតចម្លងរូបនេះដោយគ្រប់វិធីត្រូវហាមឃាត់។