ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
«ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះ ហើយទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»។—ដាន. ២:៤៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើព័ត៌មានល្អិតល្អន់អ្វីស្តីអំពីអនាគតដែលព្រះយេហូវ៉ាបានបើកសម្ដែងឲ្យយើងដឹង?
តើក្បាល៦ដំបូងរបស់សត្វសាហាវជាតំណាងប្រទេសណា?
តើរូបសំណាកដែលស្តេចនេប៊ូក្នេសាបានយល់សប្ដិឃើញនិងសត្វសាហាវទាក់ទងគ្នាយ៉ាងណា?
១, ២. តើព្រះយេហូវ៉ាបានបើកសម្ដែងឲ្យយើងដឹងអំពីអ្វី ហើយហេតុអ្វីលោកធ្វើដូច្នេះ?
ពេលរាជាណាចក្រព្រះបំផ្លាញរដ្ឋាភិបាលទាំងអស់របស់មនុស្ស តើរដ្ឋាភិបាលណាជាមហាអំណាច? យើងដឹងចម្លើយចំពោះសំណួរនេះដោយសារព្រះយេហូវ៉ាជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»បានបើកបង្ហាញដល់យើង។ លោកជួយយើងឲ្យដឹងអំពីអត្តសញ្ញាណនៃរដ្ឋាភិបាលទាំងនោះ តាមរយៈសំណេររបស់អ្នកប្រកាសទំនាយដានីយ៉ែលនិងសាវ័កយ៉ូហាន។
២ ព្រះយេហូវ៉ាបានឲ្យបុរសទាំងនោះនូវការឃើញក្នុងគំនិតជាបន្តបន្ទាប់ដែលទាក់ទងនឹងសត្វសាហាវនានាដែលគ្រប់គ្រងតៗគ្នា។ លោកថែមទាំងប្រាប់ដានីយ៉ែលអំពីអត្ថន័យនៃការយល់សប្ដិដែលព្រះបានបើកឲ្យឃើញអំពីរូបធំសម្បើមដែលធ្វើពីលោហធាតុផ្សេងៗ។ ព្រះយេហូវ៉ាបានឲ្យដានីយ៉ែលនិងយ៉ូហានសរសេរ ហើយរក្សាទុកកំណត់ហេតុទាំងនោះក្នុងគម្ពីរដើម្បីជាប្រយោជន៍ដល់យើង។ (រ៉ូម ១៥:៤) លោកធ្វើដូច្នេះដើម្បីពង្រឹងសេចក្ដីសង្ឃឹមរបស់យើងដែលថា មិនយូរទៀតរាជាណាចក្ររបស់លោកនឹងបំផ្លាញរដ្ឋាភិបាលទាំងអស់របស់មនុស្ស។—ដាន. ២:៤៤
៣. ដើម្បីយល់ទំនាយយ៉ាងត្រឹមត្រូវ តើមុនដំបូងយើងត្រូវយល់អំពីអ្វី ហើយហេតុអ្វី?
៣ ពេលយកកំណត់ហេតុរបស់ដានីយ៉ែលនិងយ៉ូហានមកប្រៀបធៀបជាមួយគ្នា កំណត់ហេតុទាំងនោះមិនគ្រាន់តែប្រាប់អំពីអត្តសញ្ញាណនៃស្តេចទាំង៨ឬការគ្រប់គ្រងរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីលំដាប់ពេលដែលមហាអំណាចទាំងនោះនឹងលេចមក។ ក៏ប៉ុន្តែយើងអាចយល់យ៉ាងត្រឹមត្រូវនូវទំនាយទាំងនោះបាន លុះត្រាតែយើងយល់អត្ថន័យនៃទំនាយទី១ដែលបានកត់ទុកក្នុងគម្ពីរ។ ហេតុអ្វី? ពីព្រោះគម្ពីរទាំងមូលនិងទំនាយទាំងអស់ក្នុងគម្ពីរជាប់ទាក់ទងនឹងទំនាយនេះ។
ពូជរបស់ពស់និងសត្វសាហាវ
៤. តើអ្នកណាខ្លះជាពូជរបស់ស្ត្រី ហើយតើពូជនោះនឹងធ្វើអ្វី?
៤ មិនយូរក្រោយពីការបះបោរនៅសួនអេដែន ព្រះយេហូវ៉ាបានសន្យាថា«ស្ត្រី» * (សូមអាន លោកុប្បត្តិ ៣:១៥) នៅទីបំផុត ពូជនោះនឹងកិនក្បាលសត្វពស់ ពោលគឺសាថាន។ ក្រោយមក ព្រះយេហូវ៉ាបានបើកបង្ហាញថា ពូជនោះនឹងមកតាមរយៈអាប្រាហាំ នឹងជាជនជាតិអ៊ីស្រាអែល មកពីតំបន់យូឌា ហើយជាពូជពង្សរបស់ស្តេចដាវីឌ។ (លោ. ២២:១៥-១៨; ៤៩:១០; ទំនុក. ៨៩:៣, ៤; លូក. ១:៣០-៣៣) ផ្នែកសំខាន់បំផុតនៃពូជនោះគឺលោកយេស៊ូគ្រិស្ត។ (កាឡ. ៣:១៦) ផ្នែកមួយទៀតនៃពូជនោះគឺសមាជិកក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះ។ (កាឡ. ៣:២៦-២៩) លោកយេស៊ូនិងអ្នកទាំងនេះដែលព្រះបានរើសតាំងរួមគ្នាជារាជាណាចក្ររបស់ព្រះ ហើយព្រះនឹងប្រើរាជាណាចក្រនេះដើម្បីបំផ្លាញសាថាន។—លូក. ១២:៣២; រ៉ូម ១៦:២០
ម្នាក់នឹងបង្កើត«ពូជ»មួយ។៥, ៦. (ក) តើដានីយ៉ែលនិងយ៉ូហានបានប្រាប់ឲ្យស្គាល់មហាអំណាចប៉ុន្មាន? (ខ) តើក្បាលរបស់សត្វសាហាវក្នុងសៀវភៅការបើកបង្ហាញជាតំណាងអ្វី?
៥ ទំនាយទី១នេះដែលព្រះបានទាយនៅសួនអេដែនក៏បានចែងថាសាថាននឹងបង្កើត«ពូជ»មួយដែរ។ ពូជរបស់សាថាននឹងស្អប់ឬប្រឆាំងនឹងពូជរបស់ស្ត្រី។ តើអ្នកណាជាពូជរបស់ពស់? គឺអស់អ្នកដែលស្អប់ព្រះហើយប្រឆាំងនឹងរាស្ត្ររបស់លោកដូចសាថាន។ តាំងពីសម័យបុរាណមក សាថានបានរៀបចំពូជរបស់វាឲ្យទៅជារដ្ឋាភិបាលឬរាជាណាចក្រជាច្រើន។ (លូក. ៤:៥, ៦) រដ្ឋាភិបាលខ្លះក្នុងចំណោមរដ្ឋាភិបាលទាំងនេះបានប្រឆាំងយ៉ាងចំៗនឹងរាស្ត្ររបស់ព្រះ ពោលគឺប្រឆាំងប្រជាជាតិអ៊ីស្រាអែលឬក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំង។ ហេតុអ្វីចំណុចនេះសំខាន់ម្ល៉េះ? ពីព្រោះចំណុចនេះពន្យល់អំពីមូលហេតុដែលការបើកបង្ហាញដែលដានីយ៉ែលនិងយ៉ូហានបានឃើញក្នុងគំនិត រៀបរាប់តែរដ្ឋាភិបាល៨ដែលមានអំណាចខ្លាំងក្លា។
៦ នៅចុងសតវត្សរ៍ទី១ គ.ស. លោកយេស៊ូដែលព្រះបានប្រោសឲ្យរស់ឡើងវិញបានបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញអ្វីដ៏អស្ចារ្យផ្សេងៗជាបន្តបន្ទាប់។ (បប. ១:១) នៅពេលមួយ យ៉ូហានបានឃើញមេកំណាចដែលតំណាងដោយនាគមួយកំពុងឈរនៅឆ្នេរសមុទ្រដ៏ធំមួយ។ (សូមអាន ការបើកបង្ហាញ ១៣:១, ២) យ៉ូហានក៏បានឃើញសត្វចម្លែកមួយឡើងចេញពីសមុទ្រនោះ ហើយបានទទួលអំណាចយ៉ាងធំពីមេកំណាច។ ក្រោយមក ទេវតាមួយរូបបានប្រាប់យ៉ូហានថាក្បាលទាំង៧របស់សត្វសាហាវពណ៌ក្រហមឆ្អៅមួយ ដែលជារូបនៃសត្វសាហាវនៅសៀវភៅការបើកបង្ហាញ ១៣:១ ជាតំណាង«ស្តេចប្រាំពីរ»ឬរដ្ឋាភិបាល។ (បប. ១៣:១, ១៤, ១៥; ១៧:៣, ៩, ១០) ពេលដែលយ៉ូហានសរសេរទំនាយនេះ ស្តេចប្រាំបានរលំហើយ ស្តេចមួយកំពុងកាន់អំណាច ហើយស្តេចមួយទៀត«មិនទាន់មកដល់»នៅឡើយ។ តើរាជាណាចក្រឬមហាអំណាចទាំងនេះជាអ្នកណា? សូមយើងពិចារណាអំពីក្បាលនីមួយៗរបស់សត្វសាហាវដែលបានរៀបរាប់នៅសៀវភៅការបើកបង្ហាញ។ យើងក៏នឹងរៀនថែមទៀតអំពីរដ្ឋាភិបាលទាំងនេះក្នុងសៀវភៅដានីយ៉ែល។ តាំងពីច្រើនរយឆ្នាំមុនមានរដ្ឋាភិបាលទាំងនេះ ទំនាយដានីយ៉ែលបានផ្ដល់ព័ត៌មានល្អិតល្អន់អំពីរដ្ឋាភិបាលខ្លះទាំងនេះ។
ក្បាលពីរដំបូងគឺអេស៊ីបនិងអាសស៊ើរ
៧. តើក្បាលទី១របស់សត្វសាហាវជាតំណាងអ្វី ហើយហេតុអ្វី?
៧ ក្បាលទី១របស់សត្វសាហាវជាតំណាងអេស៊ីប ពីព្រោះអេស៊ីបគឺជាមហាអំណាចទី១ដែលស្អប់ ហើយប្រឆាំងរាស្ត្ររបស់ព្រះ។ ព្រះបានសន្យានឹងអាប្រាហាំថាពូជរបស់ស្ត្រីនឹងកើតពីក្រុមគ្រួសាររបស់គាត់។ ជនជាតិអ៊ីស្រាអែលគឺជាពូជពង្សរបស់អាប្រាហាំ។ ក្រោយមកពួកគេទៅរស់នៅស្រុកអេស៊ីប ហើយបង្កើតបានកូនចៅជាច្រើន។ ក្រោយមកជនជាតិអេស៊ីបបានជិះជាន់ជនជាតិអ៊ីស្រាអែល។ សាថានបានប៉ុនប៉ងបំផ្លាញរាស្ត្ររបស់ព្រះចោលមុនពូជនោះកើតមក។ តើតាមរបៀបណា? គឺដោយជំរុញឲ្យផារ៉ូសម្លាប់កូនក្មេងប្រុសទាំងអស់របស់ជនជាតិអ៊ីស្រាអែល។ ព្រះយេហូវ៉ាបានទប់ស្កាត់ការប៉ុនប៉ងនោះ ហើយបានរំដោះរាស្ត្ររបស់លោកពីទាសភាពនៅស្រុកអេស៊ីប។ (និក្ខ. ១:១៥-២០; ១៤:១៣) ក្រោយមកលោកបានឲ្យជនជាតិអ៊ីស្រាអែលនូវទឹកដីដែលលោកបានសន្យា។
៨. តើក្បាលទី២ជាអ្នកណា ហើយតើវាបានប៉ុនប៉ងធ្វើអ្វី?
៨ ក្បាលទី២របស់សត្វសាហាវជាតំណាងអាសស៊ើរ។ រាជាណាចក្រដ៏ខ្លាំងក្លានេះក៏បានប៉ុនប៉ងបំផ្លាញរាស្ត្ររបស់ព្រះដែរ។ ពិតមែនតែព្រះយេហូវ៉ាបានប្រើជនជាតិអាសស៊ើរដើម្បីដាក់ទោសរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០ ដោយសារពួកគេគោរពបូជារូបព្រះ ហើយបានបះបោរប្រឆាំងនឹងលោក ប៉ុន្តែក្រោយមកជនជាតិអាសស៊ើរបានវាយប្រហារក្រុងយេរូសាឡិម។ សាថានប្រហែលជាមានគោលបំណងបំផ្លាញចោលពូជពង្សដែលលោកយេស៊ូនឹងកើតចេញមក។ ព្រះយេហូវ៉ាមិនចង់ឲ្យក្រុងយេរូសាឡិមត្រូវបំផ្លាញចោលទេ ហេតុនេះលោកបានបំផ្លាញកងទ័ពអាសស៊ើរ ហើយបានសង្គ្រោះរាស្ត្ររបស់លោក។—២ព. ១៩:៣២-៣៥; អេ. ១០:៥, ៦, ១២-១៥
ក្បាលទី៣គឺបាប៊ីឡូន
៩, ១០. (ក) តើព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកបាប៊ីឡូនធ្វើអ្វី? (ខ) ដើម្បីឲ្យទំនាយនេះបានសម្រេច តើអ្វីនឹងកើតឡើង?
៩ ក្បាលទី៣នៃសត្វសាហាវដែលយ៉ូហានបានឃើញជាតំណាងរាជាណាចក្រដែលមានក្រុងបាប៊ីឡូនជារាជធានី។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកបាប៊ីឡូនផ្ដួលរំលំក្រុងយេរូសាឡិម ហើយចាប់បណ្ដាជននៅក្រុងនោះជាឈ្លើយ។ ក៏ប៉ុន្តែមុនរឿងនេះកើតឡើង ព្រះយេហូវ៉ាបានប្រាប់រាស្ត្រដ៏រឹងទទឹងរបស់លោកអំពីអ្វីដែលរាជាណាចក្របាប៊ីឡូននឹងប្រព្រឹត្តចំពោះពួកគេ។ (២ព. ២០:១៦-១៨) លោកក៏បានប្រាប់ជនជាតិអ៊ីស្រាអែលដែរថា លោកនឹងមិនអនុញ្ញាតឲ្យស្តេចរបស់ពួកគេអង្គុយលើ«បល្ល័ង្ក»របស់លោកនៅក្រុងយេរូសាឡិមទៀតឡើយ។ (២ព. ២០:១៦-១៨) ប៉ុន្តែ ព្រះយេហូវ៉ាក៏បានសន្យាដែរថាពូជពង្សមួយរបស់ស្តេចដាវីឌជាអ្នកដែលមាន«ច្បាប់ទទួល»នឹងកើតមក ហើយយកអំណាចនោះមកវិញ។—អេស. ២១:២៥-២៧
១០ ទំនាយមួយទៀតបានបង្ហាញថាជនជាតិយូដាកំពុងគោរពប្រណិប័តន៍នៅវិហារក្នុងក្រុងយេរូសាឡិម ពេលដែលមេស្ស៊ីដែលបានត្រូវសន្យានឹងលេចមក។ (ដាន. ៩:២៤-២៧) មុនជនជាតិអ៊ីស្រាអែលត្រូវចាប់ជាឈ្លើយទៅក្នុងបាប៊ីឡូន ទំនាយមួយទៀតបានចែងថាមេស្ស៊ីនឹងកើតនៅក្រុងបេថ្លេហិម។ (មីកា ៥:១) ដើម្បីឲ្យទំនាយទាំងនោះបានសម្រេច ជនជាតិយូដានឹងត្រូវដោះលែងឲ្យត្រឡប់មកស្រុកកំណើតរបស់ពួកគេ ហើយសង់វិហាររបស់ព្រះឡើងវិញ។ ប៉ុន្តែ ធម្មតាពួកបាប៊ីឡូនមិនដោះលែងឈ្លើយសឹករបស់ពួកគេទេ។ ដូច្នេះតើរាស្ត្ររបស់ព្រះអាចត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាបានប្រាប់ចម្លើយនេះដល់ពួកអ្នកប្រកាសទំនាយរបស់លោក។—អេម. ៣:៧
១១. នៅក្នុងទំនាយរបស់ដានីយ៉ែលនិងយ៉ូហាន តើចក្រភពបាប៊ីឡូនបានត្រូវតំណាងដោយអ្វី? (សូមមើលកំណត់សម្គាល់)
១១ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ បាននៅក្នុងចំណោមពួកឈ្លើយសឹកដែលគេចាប់ទៅបាប៊ីឡូន។ (ដាន. ១:១-៦) ព្រះយេហូវ៉ាបានប្រើគាត់ឲ្យបើកសម្ដែងអំពីការគ្រប់គ្រងបន្តបន្ទាប់គ្នានៃរាជាណាចក្រនានាដែលនឹងមកក្រោយមហាអំណាចបាប៊ីឡូន។ ព្រះយេហូវ៉ាបើកសម្ដែងនូវអាថ៌កំបាំងទាំងនេះ ដោយប្រើនិមិត្តរូបផ្សេងៗមួយចំនួន។ ជាឧទាហរណ៍ លោកបានធ្វើឲ្យស្តេចបាប៊ីឡូនឈ្មោះនេប៊ូក្នេសាយល់សប្ដិឃើញរូបសំណាកដ៏ធំមួយដែលធ្វើពីលោហធាតុផ្សេងៗ។ (សូមអាន ដានីយ៉ែល ២:១, ១៩, ៣១-៣៨) តាមរយៈដានីយ៉ែល ព្រះយេហូវ៉ាបានបើកសម្ដែងថាក្បាលមាសនៃរូបសំណាកនោះជាតំណាងចក្រភពបាប៊ីឡូន។ * មហាអំណាចបន្ទាប់ពីបាប៊ីឡូន បានត្រូវតំណាងដោយដើមទ្រូងនិងដៃដែលធ្វើពីប្រាក់។ តើមហាអំណាចនោះជាប្រទេសណា ហើយតើពួកគេនឹងប្រព្រឹត្តយ៉ាងណាទៅលើរាស្ត្ររបស់ព្រះ?
ក្បាលទី៤គឺមេឌីនិងពើស៊ី
១២, ១៣. (ក) តើព្រះយេហូវ៉ាបានបើកបង្ហាញអ្វីអំពីមហាអំណាចដែលច្បាំងឈ្នះបាប៊ីឡូន? (ខ) ហេតុអ្វីយើងអាចនិយាយថាចក្រភពមេឌីនិងពើស៊ីគឺជាក្បាលទី៤នៃសត្វសាហាវ?
១២ ជាងមួយសតវត្សរ៍មុនសម័យដានីយ៉ែល តាមរយៈអ្នកប្រកាសទំនាយអេសាយ ព្រះយេហូវ៉ាបានបើកបង្ហាញយ៉ាងល្អិតល្អន់អំពីមហាអំណាចដែលនឹងច្បាំងឈ្នះបាប៊ីឡូន។ ព្រះយេហូវ៉ាមិនគ្រាន់តែបើកបង្ហាញអំពីរបៀបដែលមហាអំណាចនោះវាយយកបានក្រុងបាប៊ីឡូនប៉ុណ្ណោះទេ តែក៏ប្រាប់អំពីឈ្មោះរបស់អ្នកដឹកនាំនៃមហាអំណាចនោះដែរ។ អ្នកដឹកនាំនោះឈ្មោះស៊ីរូសជាជនជាតិពើស៊ី។ (អេ. ៤៤:២៨–៤៥:២) ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យដានីយ៉ែលឃើញក្នុងគំនិតនូវអ្វីពីរផ្សេងទៀតស្តីអំពីមហាអំណាចមេឌីនិងពើស៊ី។ នៅពេលមួយគាត់ឃើញរាជាណាចក្រនោះបានត្រូវតំណាងដោយសត្វខ្លាឃ្មុំដែលកំពុងឈរ ហើយនឹងត្របាក់«ស៊ីសាច់ . . . ច្រើន»។ (ដាន. ៧:៥) នៅពេលមួយទៀតដានីយ៉ែលបានឃើញមហាអំណាចមួយដែលមានជាតិសាសន៍ពីរដែលបានត្រូវតំណាងដោយសត្វចៀមឈ្មោលមានស្នែងពីរ។—ដាន. ៨:៣, ២០
១៣ ព្រះយេហូវ៉ាបានប្រើចក្រភពមេឌីនិងពើស៊ីឲ្យវាយដណ្ដើមយកបាប៊ីឡូន ហើយអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញដូចលោកបានទាយទុក។ (២រប. ៣៦:២២, ២៣) ក៏ប៉ុន្តែ ក្រោយមកមហាអំណាចនេះហៀបនឹងបំផ្លាញរាស្ត្ររបស់ព្រះ។ សៀវភៅអេសធើរកត់ទុកនូវគម្រោងការណ៍មួយដែលរៀបចំដោយនាយករដ្ឋមន្ត្រីនៃចក្រភពពើស៊ីឈ្មោះហាម៉ាន។ គាត់បានរៀបចំផែនការដើម្បីបំផ្លាញជនជាតិយូដាទាំងអស់ដែលរស់នៅចក្រភពពើស៊ីដ៏ធំទូលាយ ហើយបានកំណត់ថ្ងៃជាក់លាក់មួយដើម្បីប្រល័យពូជសាសន៍យូដា។ ដោយសារតែព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ នោះរាស្ត្ររបស់លោកបានត្រូវសង្គ្រោះម្ដងទៀតពីការព្យាបាទពីពូជរបស់សាថាន។ (អេធ. ១:១-៣; ៣:៨, ៩; ៨:៣, ៩-១៤) ហេតុនេះ ជាការត្រឹមត្រូវដែលចក្រភពមេឌីនិងពើស៊ីបានត្រូវតំណាងដោយក្បាលទី៤របស់សត្វសាហាវក្នុងសៀវភៅការបើកបង្ហាញ។
ក្បាលទី៥គឺក្រិច
១៤, ១៥. តើព័ត៌មានល្អិតល្អន់អ្វីដែលព្រះយេហូវ៉ាបានបើកសម្ដែងអំពីចក្រភពក្រិចសម័យបុរាណ?
១៤ ក្បាលទី៥របស់សត្វសាហាវក្នុងសៀវភៅការបើកបង្ហាញជាតំណាងមហាអំណាចក្រិច។ ដូចដានីយ៉ែលបានបើកបង្ហាញនៅដើមដំបូង ពេលគាត់បកស្រាយសុបិនរបស់នេប៊ូក្នេសា មហាអំណាចនេះបានត្រូវតំណាងដោយពោះនិងភ្លៅដែលធ្វើពីស្ពាន់របស់រូបសំណាក។ ព្រះយេហូវ៉ាបានឲ្យដានីយ៉ែលឃើញនូវអ្វីពីរទៀតក្នុងគំនិតដែលមានព័ត៌មានកាន់តែល្អិតល្អន់អំពីរាជាណាចក្រក្រិចនិងអ្នកគ្រប់គ្រងដ៏ល្បីល្បាញបំផុត។
១៥ នៅពេលមួយដានីយ៉ែលបានឃើញចក្រភពក្រិចដែលតំណាងដោយខ្លារខិនមានស្លាបបួនដែលបញ្ជាក់ថាចក្រភពនេះនឹងច្បាំងឈ្នះយ៉ាងឆាប់រហ័ស។ (ដាន. ៧:៦) នៅពេលមួយទៀតដានីយ៉ែលបានឃើញពពែឈ្មោលមួយដែលមានស្នែងធំមួយ ហើយពពែនោះបានសម្លាប់ចៀមឈ្មោលស្នែងពីរដែលជាតំណាងចក្រភពមេឌីនិងពើស៊ី។ ព្រះយេហូវ៉ាបានប្រាប់ដានីយ៉ែលថាពពែឈ្មោលជាតំណាងចក្រភពក្រិច ហើយស្នែងធំនោះជាតំណាងស្តេចមួយរបស់ចក្រភពនោះ។ ដានីយ៉ែលបានកត់ទុកថែមទៀតថាស្នែងធំនោះនឹងបាក់ហើយស្នែងបួនដែលតូចជាងនឹងដុះឡើងជំនួសវិញ។ ទោះជាទំនាយនេះបានត្រូវសរសេររាប់រយឆ្នាំមុនក្រិចក្លាយជាមហាអំណាចក៏ដោយ ទំនាយនេះបានសម្រេចយ៉ាងល្អិតល្អន់។ អាឡិចសង់ដ៏ខ្លាំងក្លាជាស្តេចដែលល្បីល្បាញជាងគេបំផុតនៅប្រទេសក្រិចសម័យបុរាណ បានច្បាំងនឹងចក្រភពមេឌីនិងពើស៊ី។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានស្នែងនេះបានបាក់ ស្តេចដ៏ខ្លាំងក្លានេះបានស្លាប់នៅពេលដែលគាត់មានអំណាចខ្លាំង បំផុតនិងនៅពេលដែលគាត់មានអាយុតែ៣២ឆ្នាំប៉ុណ្ណោះ។ ក្រោយមក មេទ័ពបួននាក់របស់គាត់បានបែងចែករាជាណាចក្ររបស់គាត់។—សូមអាន ដានីយ៉ែល ៨:២០-២២
១៦. តើស្តេចអាន់ទីយ៉ូកឹសទី៤បានធ្វើអ្វី?
១៦ បន្ទាប់ពីច្បាំងឈ្នះចក្រភពពើស៊ី មហាអំណាចក្រិចបានគ្រប់គ្រងលើទឹកដីនៃរាស្ត្ររបស់ព្រះ។ កាលនោះជនជាតិយូដាបានតាំងលំនៅទឹកដីដែលព្រះបានសន្យា ហើយបានសង់វិហារនៅក្រុងយេរូសាឡិមឡើងវិញ។ ជនជាតិអ៊ីស្រាអែលនៅតែជារាស្ត្រដែលព្រះបានជ្រើសរើស ហើយវិហារដែលបានសង់ឡើងវិញនៅតែជាមជ្ឈមណ្ឌលនៃការគោរពប្រណិប័តន៍ពិត។ ក៏ប៉ុន្តែ នៅសតវត្សរ៍ទី២ មុនគ.ស. មហាអំណាចក្រិចដែលជាក្បាលទី៥នៃសត្វសាហាវបានវាយប្រហារលើរាស្ត្ររបស់ព្រះ។ ស្តេចអាន់ទីយ៉ូកឹសទី៤ដែលបានទទួលចំណែកមួយពីការបែងចែកទឹកដីចក្រភពក្រិចរបស់អាឡិចសង់ បានសង់ទីបូជារបស់ព្រះមិនពិតនៅវិហារក្រុងយេរូសាឡិម ហើយបានប្រកាសថាពួកអ្នកដែលកាន់សាសនាយូដាត្រូវទទួលទោសប្រហារជីវិត។ នេះជាការបង្ហាញនូវការស្អប់និងប្រឆាំងយ៉ាងខ្លាំងពីសំណាក់ពូជរបស់សាថាន! ប៉ុន្តែមិនយូរក្រោយមក មហាអំណាចមួយទៀតបានជំនួសមហាអំណាចក្រិច។ តើប្រទេសណាជាក្បាលទី៦នៃសត្វសាហាវ?
ក្បាលទី៦គឺរ៉ូមដែល«គួរស្បើមគួរស្ញែងខ្លាច»
១៧. តើក្បាលទី៦មានតួនាទីដ៏សំខាន់អ្វីក្នុងការសម្រេចទំនាយនៅលោកុប្បត្តិ ៣:១៥?
១៧ ចក្រភពរ៉ូមជាមហាអំណាចពេលដែលយ៉ូហានបានឃើញក្នុងគំនិតអំពីសត្វសាហាវ។ (បប. ១៧:១០) ក្បាលទី៦នេះមានតួនាទីដ៏សំខាន់ក្នុងការសម្រេចទំនាយនៅលោកុប្បត្តិ ៣:១៥។ សាថានបានប្រើអាជ្ញាធររ៉ូមឲ្យវាយប្រហារពូជរបស់ស្ត្រីដោយចឹក«កែងជើង»។ ដោយធ្វើដូច្នេះ ពូជនោះមិនអាចមានសកម្មភាពមួយរយៈពេល។ តើតាមរបៀបណា? ពួកគេបានកាត់ទោសលោកយេស៊ូដោយចោទប្រកាន់មិនពិតអំពីបទបំបះបំបោរ ហើយបានប្រហារជីវិតលោក។ (ម៉ាថ. ២៧:២៦) ប៉ុន្តែ មិនយូរប៉ុន្មានរបួសនោះបានជាសះស្បើយ ដោយសារព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។
១៨. (ក) តើប្រជាជាតិថ្មីមួយណាដែលព្រះយេហូវ៉ាបានជ្រើសរើស ហើយហេតុអ្វី? (ខ) តើពូជរបស់ពស់បន្តស្អប់និងប្រឆាំងពូជរបស់ស្ត្រីយ៉ាងដូចម្ដេច?
១៨ អ្នកដឹកនាំសាសនានៃប្រទេសអ៊ីស្រាអែលបានឃុបឃិតជាមួយអាជ្ញាធររ៉ូមប្រឆាំងនឹងលោកយេស៊ូ ហើយបណ្ដាជនភាគច្រើនក៏បានបដិសេធលោកដែរ។ ហេតុនេះ ព្រះយេហូវ៉ាលែងទទួលស្គាល់ប្រជាជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោកទៀត។ (ម៉ាថ. ២៣:៣៨; សកម្ម. ២:២២, ២៣) ក្រោយមកលោកបានជ្រើសរើសប្រជាជាតិថ្មីមួយគឺ«អ៊ីស្រាអែលនៃព្រះ»។ (កាឡ. ៣:២៦-២៩; ៦:១៦) ប្រជាជាតិនេះគឺជាក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលមានទាំងជនជាតិយូដានិងជនជាតិដទៃផងដែរ។ (អេភ. ២:១១-១៨) ក្រោយមរណភាពនិងការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ពូជរបស់ពស់បានបន្តស្អប់និងប្រឆាំងពូជរបស់ស្ត្រី។ ជាច្រើនដង អាជ្ញាធររ៉ូមបានព្យាយាមបំផ្លាញក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលជាផ្នែកនៃពូជរបស់ស្ត្រី។ *
១៩. (ក) តើដានីយ៉ែលរៀបរាប់យ៉ាងណាអំពីមហាអំណាចទី៦? (ខ) តើអត្ថបទមួយទៀតនឹងពិចារណាអំពីអ្វី?
១៩ ក្នុងសុបិនដែលដានីយ៉ែលបានបកស្រាយជូនស្តេចនេប៊ូក្នេសា ចក្រភពរ៉ូមបានត្រូវតំណាងដោយជើងធ្វើពីដែក។ (ដាន. ២:៣៣) នៅពេលមួយ ដានីយ៉ែលក៏បានឃើញមិនគ្រាន់តែចក្រភពរ៉ូមប៉ុណ្ណោះទេ តែថែមទាំងមហាអំណាចដែលនឹងកើតចេញពីចក្រភពរ៉ូមផងដែរ។ (សូមអាន ដានីយ៉ែល ៧:៧, ៨) អស់ជាច្រើនរយឆ្នាំ ចក្រភពរ៉ូមគឺដូចជាសត្វសាហាវដែល«គួរស្បើម គួរស្ញែងខ្លាចហើយមានកម្លាំងយ៉ាងក្រៃលែង»។ ប៉ុន្តែ យោងតាមទំនាយនេះ «ស្នែង១០»នឹងកើតចេញពីចក្រភពនេះ។ ក្រោយមក«ស្នែងមួយទៀត ជាស្នែងតូច»នឹងលេចមក ហើយបានទៅជាខ្លាំងក្លាជាងស្នែងឯទៀត។ តើស្នែងទាំង១០នេះជាតំណាងអ្វី ហើយតើស្នែងតូចជាអ្នកណា? តើផ្នែកមួយណានៃរូបសំណាកដ៏ធំក្នុងសុបិនរបស់ស្តេចនេប៊ូក្នេសាដែលមានន័យដូចគ្នានឹងស្នែងតូចនោះ? អត្ថបទនៅទំព័រ១៤នឹងឆ្លើយសំណួរទាំងនេះ។
[កំណត់សម្គាល់]
^ វគ្គ 4 ស្ត្រីនេះជាតំណាងអង្គការរបស់ព្រះយេហូវ៉ាដែលមានបុគ្គលវិញ្ញាណនៅស្ថានសួគ៌ ហើយប្រៀបដូចជាភរិយារបស់លោក។—អេ. ៥៤:១; កាឡ. ៤:២៦; បប. ១២:១, ២
^ វគ្គ 11 បាប៊ីឡូនបានត្រូវតំណាងដោយក្បាលរបស់រូបសំណាកក្នុងសៀវភៅដានីយ៉ែលនិងក្បាលទី៣របស់សត្វសាហាវដែលបានរៀបរាប់នៅសៀវភៅការបើកបង្ហាញ។ សូមមើលរូបភាពនៅទំព័រ១២-១៣។
^ វគ្គ 18 ទោះជាអាជ្ញាធររ៉ូមបានបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស. ក៏ដោយ ការវាយប្រហារនោះមិនមែនជាផ្នែកមួយនៃការសម្រេចទំនាយនៅលោកុប្បត្តិ ៣:១៥ទេ។ នៅពេលនោះប្រជាជាតិអ៊ីស្រាអែលលែងជាប្រជាជាតិដែលព្រះបានជ្រើសរើសទៀតហើយ។
[សំណួរសម្រាប់វគ្គនីមួយៗ]