យើងបានរៀន«អាថ៌កំបាំង»ពីកិច្ចបម្រើពិសិដ្ឋរបស់យើង
ជីវប្រវត្ដិ
យើងបានរៀន«អាថ៌កំបាំង»ពីកិច្ចបម្រើពិសិដ្ឋរបស់យើង
រៀបរាប់ដោយ បងប្រុសអូលីវីយេ រ៉ង់ឌ្រីអឺមូរ៉ា
«ខ្ញុំចេះរស់នៅដោយមានតែបន្ដិចបន្តួច ខ្ញុំចេះរស់នៅដោយមានបរិបូរ។ ខ្ញុំបានរៀនអាថ៌កំបាំងអំពីរបៀបស្កប់ចិត្តក្នុងគ្រប់ការទាំងអស់និងនៅគ្រប់កាលៈទេសៈទាំងអស់ ទោះជាឆ្អែត ឬឃ្លានក្ដី . . . ខ្ញុំមាន កម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភី. ៤:១២,១៣
ពាក្យទាំងនេះរបស់សាវ័កប៉ូលបានលើកទឹកចិត្តខ្ញុំនិងអូលីជាប្រពន្ធខ្ញុំយ៉ាងខ្លាំងតាំងពីយូរណាស់មកហើយ។ ដូចប៉ូលយើងបានរៀន«អាថ៌កំបាំង»ដោយទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា កាលដែលយើងបម្រើលោកនៅទីនេះនៅប្រទេសម៉ាដាហ្គាស្ការ។
ពេលដែលម្ដាយរបស់អូលីបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ានៅឆ្នាំ១៩៨២ ពេលនោះខ្ញុំនិងអូលីបានភ្ជាប់ពាក្យរួចហើយ។ ខ្ញុំក៏បានសិក្សាគម្ពីរដែរ ហើយក្រោយមកអូលីបានចូលរួមសិក្សាជាមួយខ្ញុំ។ យើងបានរៀបការនៅឆ្នាំ១៩៨៣ បានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៨៥ ហើយមិនយូរក្រោយមកយើងបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយជំនួយ។ នៅខែកក្កដាឆ្នាំ១៩៨៦ យើងបានក្លាយជាអ្នកផ្សព្វផ្សាយពេញពេល។
នៅខែកញ្ញា ឆ្នាំ១៩៨៧ យើងចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពិសេស។ កន្លែងទី១ដែលអង្គការចាត់ឲ្យយើងទៅគឺក្រុងតូចមួយនៅខាងជើងភាគខាងលិចនៃប្រទេសម៉ាដាហ្គាស្ការ នៅទីនោះមិនមានក្រុមជំនុំទេ។ នៅប្រទេសម៉ាដាហ្គាស្ការមានអម្បូរធំៗប្រហែល១៨ មានកុលសម្ព័ន្ធច្រើនរាប់មិនអស់ ហើយទំនៀមទម្លាប់និងប្រពៃណីរបស់ពួកគេគឺខុសគ្នាឆ្ងាយ។ ភាសាផ្លូវការគឺម៉ាឡាហ្គាស៊ី ប៉ុន្តែ ក៏មានភាសាផ្សេងៗដែលខុសពីភាសាម៉ាឡាហ្គាស៊ីដែរ។ ដូច្នេះ យើងបានចាប់ផ្ដើមរៀនភាសាដែលគេនិយាយនៅក្នុងតំបន់ថ្មីដែលអង្គការចាត់ឲ្យយើងទៅ ហើយនេះបានធ្វើឲ្យមនុស្សក្នុងសហគមន៍ចង់រាប់អានយើង។
មុនដំបូង ខ្ញុំបានថ្លែងសុន្ទរកថានៅរាល់ថ្ងៃអាទិត្យ ពេលចប់មានតែអូលីប៉ុណ្ណោះដែលត្រូវទះដៃ។ មានតែយើងពីរនាក់ប៉ុណ្ណោះនៅកិច្ចប្រជុំ។ យើងក៏បានរៀបចំឲ្យមានកម្មវិធីសាសាកិច្ចបម្រើផ្សាយទាំងអស់ដែរ។ ពេលថ្លែងសុន្ទរកថាអូលីនិយាយម្នាក់ឯងធ្វើហាក់ដូចជានិយាយជាមួយម្ចាស់ផ្ទះ។ ពេលអ្នកត្រួតពិនិត្យមកលេង ហើយបានណែនាំដោយសប្បុរសឲ្យយើងផ្លាស់ប្ដូរកម្មវិធីប្រជុំ នេះពិតជាធ្វើឲ្យយើងបានធូរស្រាលមែន!
ដោយសារសំបុត្រតាមប្រៃសណីយ៍មកមិនទៀងទាត់ នោះយើងមិនបានទទួលប្រាក់ឧបត្ថម្ភជាទៀងទាត់ឡើយ។ ដូច្នេះ យើងបានរៀនរស់នៅដោយមានតែបន្ដិចបន្តួច។ មានពេលមួយនោះ យើងមិនមានប្រាក់គ្រប់គ្រាន់ទេ ដើម្បីជិះឡានក្រុងទៅចូលរួមសន្និបាតប្រចាំមណ្ឌល ដែលធ្វើឡើងប្រហែលជា៨០ម៉ៃល៍ (១៣០គីឡូម៉ែត្រ) ពីកន្លែងដែលយើងរស់នៅ។ យើងបាននឹកចាំនូវយោបល់ដ៏ល្អមួយរបស់បងប្អូនរួមជំនឿដែលបាននិយាយថា៖ «សូមប្រាប់បញ្ហារបស់បងទៅព្រះយេហូវ៉ាទៅ! យ៉ាងណាមិញ បងកំពុងធ្វើការជូនលោក»។ ដូច្នេះ យើងបានអធិដ្ឋានហើយសម្រេចចិត្តថាដើរទៅសន្និបាត។ ក៏ប៉ុន្តែ មុនយើងចេញដំណើរបន្ដិច ដោយមិនបានរំពឹងទុកជាមុន បងប្រុសម្នាក់បានមកលេងយើង ហើយបានឲ្យលុយយើងជាអំណោយដែលល្មមចេញថ្លៃឈ្នួលឡានក្រុង!
កិច្ចការជាអ្នកត្រួតពិនិត្យមណ្ឌល
នៅខែកុម្ភៈឆ្នាំ១៩៩១ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យមណ្ឌល។ កាលនោះ ក្រុមតូចរបស់យើងបានរីកចម្រើនរហូតដល់មានអ្នកផ្សាយ៩នាក់ មាន៣នាក់បានទទួលការជ្រមុជទឹក ហើយជាមធ្យមមានអ្នកចូលរួមប្រជុំ៥០នាក់។ បន្ទាប់ពីបានទទួលការបង្ហាត់បង្រៀន យើងបានបម្រើជាអ្នកត្រួតពិនិត្យមណ្ឌលនៅរដ្ឋធានីអាន់តាណាណារីវ៉ូ។ នៅឆ្នាំ១៩៩៣ យើងបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួតពិនិត្យនៅភាគខាងកើតនៃប្រទេស។ ជីវភាពរស់នៅរបស់មនុស្សនៅទីនោះគឺខុសគ្នាឆ្ងាយពីពួកអ្នកដែលរស់នៅទីក្រុង។
ដើម្បីទៅដល់ក្រុមជំនុំនិងក្រុមស្វយ័ត ជួនកាលយើងដើររហូតដល់៩០ម៉ៃល៍ក៏មាន (១៤៥គីឡូម៉ែត្រ) ដោយឆ្លងកាត់ព្រៃភ្នំក្រាស់ៗ។ យើងបានដាក់តែរបស់ណាដែលចាំបាច់បំផុតប៉ុណ្ណោះក្នុងវ៉ាលីរបស់យើង។ ជួនកាលនៅសម័យនោះសុន្ទរកថាសាធារណៈរបស់អ្នកត្រួតពិនិត្យមណ្ឌលរួមបញ្ចូលការបញ្ចាំងរូបភាព។ កាលណាយើងត្រូវធ្វើដូច្នេះ នោះអីវ៉ាន់របស់យើងធ្ងន់ជាងធម្មតា។ អូលីបានយួរឧបករណ៍បញ្ចាំងរូបភាព ឯខ្ញុំបានយួរអាគុយឡានកម្លាំង១២វ៉ុល។
ច្រើនដងយើងធ្វើដំណើរអស់២៥ម៉ៃល៍ (៤០គីឡូម៉ែត្រ) ក្នុងមួយថ្ងៃដើម្បីទៅដល់ក្រុមជំនុំមួយទៀត។ ពេលធ្វើដំណើរ យើងបានឡើងចុះភ្នំតាមផ្លូវតូចៗ ឆ្លងកាត់ទន្លេ ដើរកាត់ទឹកកាត់ភក់។ ជួនកាលយើងបានដេកក្បែរៗផ្លូវ ប៉ុន្តែជាធម្មតាយើងបានព្យាយាមស្វែងរកភូមិដើម្បីអាចរកកន្លែងស្នាក់នៅពេលយប់។ ជួនកាល យើងបានសុំអ្នកភូមិដែលយើងមិនដែលស្គាល់សោះដើម្បីស្នាក់នៅមួយយប់។ បន្ទាប់ពីរកបានកន្លែងស្នាក់នៅហើយ យើងចាប់ផ្ដើមរៀបចំធ្វើម្ហូប។ អូលីខ្ចីឆ្នាំងគេយកទៅដងទឹកទន្លេឬទឹកបឹងដែលនៅជិតៗនោះ។ អំឡុងពេលនោះខ្ញុំខ្ចីពូថៅគេយកមកពុះអុសដើម្បីចម្អិនម្ហូប។ អ្វីៗទាំងអស់សុទ្ធតែត្រូវការពេល។ ម្ដងម្កាលយើងបានទិញមាន់រស់មួយ រួចមកយើងបានសម្លាប់ ហើយបោចសម្អាតវា។
ក្រោយពីបរិភោគហើយ យើងបានទៅដងទឹកបន្ថែមទៀតដើម្បីងូត។ ជួនកាលយើងបានដេកនៅផ្ទះបាយ។ នៅពេលមានភ្លៀងជួនកាលយើងដេកដោយផ្អែកខ្លួននឹងជញ្ជាំង ដោយខំជៀសកុំឲ្យត្រូវទឹកភ្លៀងដែលស្រក់ពីដំបូល។
យើងតែងតែឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយដល់ម្ចាស់ផ្ទះដែលឲ្យយើងស្នាក់នៅ។ ពេលដែលយើងបានទៅដល់គោលដៅរបស់យើង បងប្អូនគ្រិស្តសាសនិកទាំងប្រុសទាំងស្រីនៅទីនោះបានទទួលយើងយ៉ាងរាក់ទាក់ ព្រមទាំងបង្ហាញចិត្តសប្បុរសក្រៃលែង។ ចិត្តដឹងគុណដ៏ស្មោះអស់ពីចិត្តរបស់ពួកគាត់ចំពោះទស្សនកិច្ចរបស់យើង ធ្វើឲ្យយើងភ្លេចអស់នូវការពិបាកទាំងឡាយដែលយើងបានជួបប្រទះនៅតាមផ្លូវ។
ពេលដែលស្នាក់នៅផ្ទះរបស់បងប្អូនរួមជំនឿ យើងចូលចិត្តជួយធ្វើកិច្ចការផ្ទះរបស់ពួកគាត់។ ជាលទ្ធផល នេះបានជួយពួកគាត់ឲ្យមានពេលដើម្បីចូលរួមកិច្ចបម្រើផ្សាយជាមួយយើង។ យើងមិនបានរំពឹងថាបងប្អូនជាម្ចាស់ផ្ទះផ្គត់ផ្គង់យើងដោយរបស់ល្អៗ ឬអាហារពិសេសដែលពួកគាត់គ្មានលុយទិញនោះទេ។
ទស្សនកិច្ចនៅក្រុមស្វយ័តនានា
យើងចូលចិត្តធ្វើទស្សនកិច្ចនៅក្រុមស្វយ័ត នៅទីនោះបងប្អូនបានស្វាគមន៍យើងដោយរៀបចំកាលវិភាគដែលពេញដោយសកម្មភាពផ្សេងៗ។ សូម្បីតែពេល«សម្រាកបន្ដិច»ក៏យើងកម្រមានដែរ។ (ម៉ាក. ៦:៣១) នៅកន្លែងមួយ ប្ដីប្រពន្ធជាសាក្សីព្រះយេហូវ៉ាមួយគូបានអញ្ជើញសិស្សគម្ពីរទាំង៤០នាក់ទៅផ្ទះរបស់ពួកគាត់ ដើម្បីយើងអាចចូលរួមសិក្សាគម្ពីរជាមួយពួកគាត់។ អូលីបានចូលរួមដឹកនាំការសិក្សាគម្ពីរប្រហែល២០នាក់ជាមួយបងស្រី ហើយខ្ញុំចូលរួមជាមួយបងប្រុសដែលដឹកនាំការសិក្សា២០នាក់ផ្សេងទៀត។ ពេលចប់ការសិក្សាមួយ យើងចាប់ផ្ដើមការសិក្សាមួយទៀតភ្លាម។ ក្រោយមកនៅថ្ងៃនោះ យើងបានឈប់សម្រាកដើម្បីចូលរួមកិច្ចប្រជុំ បន្ទាប់មកយើងបន្តការសិក្សាតទៅទៀត។ ថ្ងៃដ៏វែងនិងមមាញឹកនោះបានបញ្ចប់ទៅប្រហែលនៅម៉ោង៨យប់!
ពេលយើងធ្វើទស្សនកិច្ចនៅក្រុមមួយទៀតយើងទាំងអស់គ្នាធ្វើដំណើរ
ឆ្ពោះទៅភូមិជិតខាងមួយប្រហែលជានៅម៉ោង៨ព្រឹក។ យើងទាំងអស់គ្នាស្លៀកពាក់ខោអាវចាស់ៗ។ បន្ទាប់ពីដើរយ៉ាងយូរកាត់ព្រៃ យើងបានទៅដល់កន្លែងនោះប្រហែលជានៅថ្ងៃត្រង់។ យើងស្លៀកពាក់ខោអាវស្អាត ហើយចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗពីផ្ទះមួយទៅផ្ទះមួយ។ មិនសូវមានផ្ទះដើម្បីផ្សព្វផ្សាយទេ តែមានអ្នកផ្សាយច្រើន។ ដូច្នេះយើងបានផ្សព្វផ្សាយនៅតំបន់នោះចប់ប្រហែលតែកន្លះម៉ោងប៉ុណ្ណោះ។ ក្រោយមកយើងធ្វើដំណើរទៅភូមិបន្ទាប់។ ក្រោយពីផ្សព្វផ្សាយចប់នៅទីនោះ យើងដើរយ៉ាងយូរត្រឡប់ទៅផ្ទះវិញ។ មុនដំបូងការផ្សព្វផ្សាយរបៀបនេះធ្វើឲ្យយើងធ្លាក់ទឹកចិត្តបន្ដិចដែរ។ យើងបានចំណាយពេលនិងកម្លាំងយ៉ាងច្រើន ប៉ុន្តែបានផ្សព្វផ្សាយតែមួយម៉ោងប៉ុណ្ណោះ។ ក៏ប៉ុន្តែបងប្អូននៅតំបន់នោះមិនបានត្អូញត្អែរទេ។ ពួកគាត់នៅតែរំភើបចិត្តក្នុងកិច្ចផ្សព្វផ្សាយ។មានក្រុមស្វយ័តមួយនៅតាវីរ៉ាណាមបូ នៅជិតកំពូលភ្នំ។ នៅទីនោះយើងបានរកឃើញសាក្សីមួយគ្រួសាររស់នៅក្នុងផ្ទះដែលមានបន្ទប់តែមួយ។ នៅជិតនោះមានអគារតូចមួយទៀតជាកន្លែងសម្រាប់កិច្ចប្រជុំ។ ភ្លាមៗនោះ ម្ចាស់ផ្ទះរបស់យើងបានស្រែកហៅដោយសំឡេងខ្លាំងៗថា៖ «បងប្អូនអើយ!»។ សំឡេងមួយមកពីកំពូលភ្នំមួយទៀត បានឆ្លើយថា«បាទ!»។ ម្ចាស់ផ្ទះរបស់យើងបានស្រែកម្ដងទៀតថា៖ «អ្នកត្រួតពិនិត្យមណ្ឌលបានមកដល់ហើយ!»។ មានសំឡេងតបមកវិញថា៖ «បាទ!»។ តាមមើលទៅ ដំណឹងនោះបានឮដល់អ្នកឯទៀតដែលរស់នៅឆ្ងាយពីនោះ។ មិនយូរប៉ុន្មាន បណ្ដាជនបានចាប់ផ្ដើមប្រមូលគ្នា ហើយពេលកិច្ចប្រជុំចាប់ផ្ដើម មានមនុស្សជាង១០០នាក់បានចូលរួម។
ការពិបាកក្នុងការធ្វើដំណើរ
នៅឆ្នាំ១៩៩៦ យើងបានត្រូវចាត់ឲ្យទៅមណ្ឌលមួយដែលនៅជិតរដ្ឋធានីអាន់តាណាណារីវ៉ូនៅតំបន់ភ្នំភាគកណ្ដាល។ មណ្ឌលនេះក៏មានការពិបាកខ្លះដែលមិនមាននៅមណ្ឌលផ្សេងទៀត។ នៅទីនោះមិនមានឡានដឹកអ្នកដំណើរជាទៀងទាត់ដើម្បីទៅកន្លែងឆ្ងាយៗទេ។ យើងមានកាលវិភាគធ្វើទស្សនកិច្ចនៅក្រុមតូចមួយនាក្រុងបេអិនកាណា (បេសាកេ) ដែលមានចម្ងាយប្រហែល១៥០ម៉ៃល៍ (២៤០គីឡូម៉ែត្រ) ពីរដ្ឋធានីអាន់តាណាណារីវ៉ូ។ បន្ទាប់ពីតថ្លៃគ្នាជាមួយអ្នកបើកឡាន យើងបានឡើងជិះឡានដឹកទំនិញតូចមួយធ្វើដំណើរទៅទីនោះ។ មានអ្នកធ្វើដំណើរឯទៀតប្រហែល៣០នាក់នៅក្នុងឡាន អ្នកខ្លះអង្គុយលើដំបូល ហើយអ្នកខ្លះទៀតឈរតោងខាងក្រោយឡាន។
ដូចដែលធ្លាប់កើតឡើងជាញឹកញយ មិនយូរប៉ុន្មានឡាននោះបានខូច ហើយយើងបានបន្តដំណើរដោយដើរ។ បន្ទាប់ពីដើរដោយលំបាកអស់ប៉ុន្មានម៉ោងមក ឡានដឹកទំនិញធំមួយបានមកដល់។ ទោះជាឡាននោះផ្ទុកមនុស្សនិងអីវ៉ាន់ពេញហើយក៏ដោយ អ្នកបើកឡានបានឈប់។ យើងបានឡើងជិះដោយសុខចិត្តឈរ។ ក្រោយមកយើងបានទៅដល់ទន្លេមួយ ប៉ុន្តែគេកំពុងជួសជុលស្ពាន។ ម្ដងទៀត យើងបានចុះដើរ ហើយនៅទីបំផុតយើងបានទៅដល់ភូមិតូចមួយដែលមានអ្នកត្រួសត្រាយពិសេសខ្លះរស់នៅ។ ទោះជាយើងគ្មានគម្រោងធ្វើទស្សនកិច្ចនៅទីនោះក៏ដោយ យើងបានចំណាយពេលដើម្បីផ្សព្វផ្សាយជាមួយពួកគេ កាលដែលយើងរង់ចាំគេជួលជុលស្ពានរួច និងរង់ចាំឡានផ្សេងទៀតឆ្លងកាត់។
យើងបានរង់ចាំនៅទីនោះអស់មួយសប្ដាហ៍ទើបឡានមួយមកដល់ ហើយយើងបន្តដំណើរទៅទៀត។ នៅតាមផ្លូវមានសុទ្ធតែជង្ហុកធំៗ។ ជាញឹកញាប់យើងជួយរុញឡានកាត់ទឹកត្រឹមក្បាលជង្គង់ ហើយយើងជំពប់ដួលច្រើនដងពេលរុញឡាននោះ។ យើងបានទៅដល់ភូមិតូចមួយតាំងពីព្រលឹមស្រាងៗ ហើយបានចុះនៅទីនោះ។ ពេលចេញពីផ្លូវធំ យើងបានដើរតទៅទៀតឆ្ពោះទៅទិសដៅរបស់យើង ដោយឆ្លងកាត់វាលស្រែមានទឹកត្រឹមចង្កេះដែលមានភក់។
ដោយសារនេះជាទស្សនកិច្ចលើកដំបូងនៅតំបន់នេះ ដូច្នេះយើងបានសម្រេចចិត្តផ្សព្វផ្សាយដល់អ្នកដែលកំពុងធ្វើការនៅវាលស្រែ ហើយសួរអំពីទីកន្លែងដែលសាក្សីនៅតំបន់នោះរស់នៅ។ យើងសប្បាយចិត្តណាស់ពេលដឹងថាពួកអ្នកដែលកំពុងធ្វើស្រែនោះតាមពិតគឺជាបងប្អូនរួមជំនឿរបស់យើងសោះ!
ការលើកទឹកចិត្តអ្នកឯទៀតឲ្យចូលរួមកិច្ចបម្រើពេញពេល
ក្នុងអំឡុងពេលយើងបម្រើជាអ្នកត្រួតពិនិត្យមណ្ឌល យើងមានអំណរយ៉ាងខ្លាំងដោយឃើញលទ្ធផលដែលមកពីការលើកទឹកចិត្តអ្នកឯទៀតឲ្យចូលរួមកិច្ចបម្រើពេញពេល។ ពេលធ្វើទស្សនកិច្ចនៅក្រុមជំនុំមួយដែលមានអ្នកត្រួសត្រាយពេញពេល៩នាក់ យើងបានលើកទឹកចិត្តអ្នកត្រួសត្រាយម្នាក់ៗឲ្យមានគោលដៅជួយអ្នកផ្សាយម្នាក់ទៀតឲ្យចូលរួមបម្រើជាអ្នកត្រួសត្រាយដែរ។ ៦ខែក្រោយមក ពេលយើងធ្វើទស្សនកិច្ចនៅក្រុមជំនុំនោះ ចំនួនអ្នកត្រួសត្រាយបានកើនឡើងដល់២២នាក់។ បងស្រីពីរនាក់ជាអ្នកត្រួសត្រាយបានលើកទឹកចិត្តឪពុករបស់ពួកគាត់ដែលជាអ្នកចាស់ទុំឲ្យបម្រើជាអ្នកត្រួសត្រាយពេញពេលដែរ។ ក្រោយមក បងប្រុសទាំងពីរនាក់នេះបានលើកទឹកចិត្តអ្នកចាស់ទុំទី៣ឲ្យចូលរួមជាមួយពួកគាត់ដែរ។ មួយរយៈពេលខ្លីក្រោយមក អ្នកចាស់ទុំទី៣នេះបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេស។ ក្រោយមក គាត់និងប្រពន្ធគាត់ចាប់ផ្ដើមបម្រើជាអ្នកត្រួតពិនិត្យមណ្ឌល។ ចុះអ្នកចាស់ទុំពីរនាក់ទៀតនោះ? ម្នាក់បម្រើជាអ្នកត្រួតពិនិត្យមណ្ឌល ហើយម្នាក់ទៀតបម្រើជាអ្នកសាងសង់សាលប្រជុំ។
រាល់ថ្ងៃយើងអរគុណព្រះយេហូវ៉ាចំពោះជំនួយរបស់លោក កាលដែលយើងទទួលស្គាល់ថាយើងមិនអាចសម្រេចកិច្ចការទាំងអស់ដោយពឹងលើកម្លាំងរបស់យើងបានទេ។ ពិតមែន ជួនកាលយើងអស់កម្លាំងហើយធ្លាក់ខ្លួនឈឺ ប៉ុន្តែយើងសប្បាយចិត្តពេលដែលយើងសញ្ជឹងគិតអំពីលទ្ធផលនៃកិច្ចបម្រើផ្សាយរបស់យើង។ ព្រះយេហូវ៉ាធ្វើឲ្យកិច្ចការរបស់លោកជឿនទៅមុខ។ យើងសប្បាយចិត្តដោយបានរួមចំណែកបន្ដិចបន្តួចក្នុងកិច្ចការរបស់លោក ឥឡូវយើងបម្រើលោកជាអ្នកត្រួសត្រាយពិសេស។ មែនហើយ យើងបានរៀន«អាថ៌កំបាំង»ដោយពឹងផ្អែកលើព្រះយេហូវ៉ា«ដែលផ្ដល់កម្លាំងឲ្យ»យើង។
[ឃ្លាអក្សរធំនៅទំព័រ៦]
យើងបានរៀន«អាថ៌កំបាំង»ដោយពឹងផ្អែកលើព្រះយេហូវ៉ា
[ផែនទី/រូបភាពនៅទំព័រ៤]
ប្រទេសម៉ាដាហ្គាស្ការដែលគេហៅថាកោះធំក្រហម ជាកោះដែលធំជាងគេទី៤លើផែនដី។ ដីនៅកោះនោះមានពណ៌ក្រហម ហើយមានប្រភេទសត្វនិងរុក្ខជាតិជាច្រើនដែលប្រទេសឯទៀតមិនមាន
[រូបភាពនៅទំព័រ៥]
ការធ្វើដំណើរគឺជាការពិបាកធំបំផុតមួយក្នុងចំណោមការពិបាកដែលយើងជួបប្រទះ
[រូបភាពនៅទំព័រ៥]
យើងចូលចិត្តបង្រៀនសិស្សគម្ពីរ