លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សកម្មពលបរិសុទ្ធដឹកនាំពួកគេ»

«សកម្មពលបរិសុទ្ធដឹកនាំពួកគេ»

«​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»​

​«​ទំនាយ​មិន​ដែល​កើត​ចេញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ទេ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។—២ពេ. ១:២១

ចំណុច​សម្រាប់​រំពឹង​គិត

តើ​តាម​របៀប​ណា​ដែល​សារ​របស់​ព្រះ​បាន​ត្រូវ​បញ្ជូន​ដោយ​សកម្មពល​បរិសុទ្ធ​ទៅ​អ្នក​សរសេរ​គម្ពីរ?

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ?

តើ​អ្នក​អាច​ធ្វើ​អ្វី​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​រក្សា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​បណ្ដាំ​របស់​ព្រះ?

១​. ហេតុ​អ្វី​យើង​ត្រូវ​ការ​បណ្ដាំ​របស់​ព្រះ​ដែល​លោក​បាន​ដឹក​នាំ​ឲ្យ​សរសេរ?

មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​គឺ: តើ​យើង​មក​ពី​ណា? ហេតុ​អ្វី​យើង​រស់​នៅ​លើ​ផែនដី? តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​នៅ​អនាគត? ហេតុ​អ្វី​ពិភព​លោក​នេះ​អាក្រក់​ម្ល៉េះ? តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់? យើង​មិន​អាច​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​និង​សំណួរ​សំខាន់​ឯ​ទៀត​បាន​ទេ បើ​គ្មាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ បើ​គ្មាន​គម្ពីរ​បរិសុទ្ធ​ទេ អ្វី​ដែល​បង្រៀន​យើង​គឺ​បទ​ពិសោធន៍​របស់​យើង​ផ្ទាល់។ ដោយ​មាន​បទ​ពិសោធន៍​ទុក​ដូច​ជា​គ្រូ​របស់​យើង តើ​យើង​អាច​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​មាន​ចំពោះ​«​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​»​ឬ​ទេ?—សូម​អាន ទំនុកតម្កើង ១៩:៧

២​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គម្ពីរ​ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ​មក​ពី​ព្រះ?

គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​មនុស្ស​ខ្លះ​មិន​សូវ​ស្រឡាញ់​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដូច​ពួក​គេ​ធ្លាប់​ស្រឡាញ់​នោះ​ទេ។ (​សូម​ពិនិត្យ​បន្ថែម ការ​បើក​បង្ហាញ ២:៤​) ពួក​គេ​លែង​ប្រព្រឹត្ត​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ទៀត​ហើយ។ (​អេ. ៣០:២១​) ប៉ុន្តែ​យើង​អាច​ជៀស​វាង​កុំ​ឲ្យ​បញ្ហា​នោះ​កើត​ឡើង​ចំពោះ​យើង​បាន។ យើង​គួរ​ព្យាយាម​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គម្ពីរ​និង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ ហើយ​យើង​ពិត​ជា​អាច​ធ្វើ​ដូច្នេះ​បាន។ គម្ពីរ​គឺជា​អំណោយ​ដ៏​សំខាន់​មក​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​យ៉ា. ១:១៧​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស្រឡាញ់​«​បណ្ដាំ​របស់​ព្រះ​»​កាន់​តែ​ខ្លាំង​ឡើង? យើង​ត្រូវ​គិត​អំពី​របៀប​ដែល​ព្រះ​បាន​ប្រើ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ ហើយ​ពិចារណា​អំពី​មូលហេតុ​ខ្លះ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​យើង​អាច​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ ការ​ធ្វើ​ដូច្នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​អាន​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ ហើយ​អនុវត្ត​ដំបូន្មាន​ក្នុង​គម្ពីរ។—ហេ. ៤:១២

តើ​«​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​»​អ្នក​សរសេរ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៣​. តើ​អ្នក​ប្រកាស​ទំនាយ​និង​អ្នក​សរសេរ​គម្ពីរ​បាន​ត្រូវ​«​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​»​យ៉ាង​ដូច​ម្ដេច?

ក្នុង​រយៈ​ពេល​១.៦១០​ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៥១៣ មុន​គ.ស. ដល់​ឆ្នាំ​៩៨ គ.ស. មាន​បុរស​ប្រហែលជា​៤០​នាក់​បាន​សរសេរ​គម្ពីរ។ អ្នក​ខ្លះ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​«​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​»។ (​សូម​អាន ពេត្រុសទី២ ១:២០, ២១) ពាក្យ​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ដឹក​នាំ​»​មាន​ន័យ​ថា​«​យក​ទៅ​ឬ​នាំ​ទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​»​ ហើយ​ពាក្យ​នេះ​«​អាច​បក​ប្រែ​តាម​របៀប​ផ្សេង​ទៀត​ថា បាន​ត្រូវ​យក​ទៅ បាន​ត្រូវ​រុញ​ទៅ ឲ្យ​គេ​យក​ទៅ​»។ * សកម្មភាព ២៧:​១៥ ប្រើ​ពាក្យ​ដដែល​នេះ​ដើម្បី​រៀប​រាប់​អំពី​សំពៅ​មួយ​ដែល​បាន​ត្រូវ​រុញច្រាន​ដោយ​ខ្យល់​ទៅ​ទិស​ណា​មួយ។ ពេល​យើង​អាន​ថា​អ្នក​ប្រកាស​ទំនាយ​និង​អ្នក​សរសេរ​គម្ពីរ​បាន​ត្រូវ​«​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​»​នេះ​មាន​ន័យ​ថា​ព្រះ​បាន​ផ្ដល់​ព័ត៌មាន​ដល់​ពួក​គាត់ បាន​ជំរុញ​ចិត្ត និង​បាន​ណែនាំ​ពួក​គាត់​តាម​រយៈ​សកម្មពល​នោះ។ អាស្រ័យ​ហេតុ​នេះ ពួក​គាត់​បាន​សរសេរ​តាម​គំនិត​របស់​ព្រះ​មិន​មែន​តាម​គំនិត​របស់​ពួក​គាត់​ទេ។ ជួនកាល អ្នក​ប្រកាស​ទំនាយ​និង​អ្នក​សរសេរ​គម្ពីរ​មិន​ទាំង​យល់​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​ពួក​គាត់​បាន​ទាយ​ឬ​បាន​សរសេរ​ផង។ (​ដាន. ១២:៨, ៩​) មែន​ហើយ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»​ ហើយ​គ្មាន​យោបល់​របស់​មនុស្ស​ឡើយ។—២ធី. ៣:១៦

៤​-​៦​. តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​សារ​របស់​លោក​ទៅ​អ្នក​សរសេរ​គម្ពីរ​តាម​វិធី​ណា? សូម​លើក​ឧទាហរណ៍។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​តាម​របៀប​ណា​ដែល​ព្រះ​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​បញ្ជូន​សារ​របស់​លោក​ទៅ​អ្នក​សរសេរ​គម្ពីរ? តើ​ពួក​គាត់​បាន​ទទួល​ពាក្យ​ជាក់​លាក់ ឬ​គ្រាន់តែ​បាន​ទទួល​គំនិត​ដើម្បី​សរសេរ​ដោយ​ប្រើ​ពាក្យ​របស់​ពួក​គាត់​ផ្ទាល់​វិញ? សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​ជំនួញ​ម្នាក់​សរសេរ​សំបុត្រ​មួយ។ កាល​ណា​មាន​ពាក្យ​ជាក់​លាក់​ដែល​គាត់​ចង់​ប្រើ គាត់​សរសេរ​សំបុត្រ​នោះ​ដោយ​ខ្លួន​គាត់ ឬ​ប្រាប់​ពាក្យ​ម្ដង​មួយ​ៗ​ឲ្យ​លេខាធិការ​របស់​គាត់​សរសេរ​តាម។ លេខាធិការ​នោះ​វាយ​អក្សរ​នៃ​សំបុត្រ​នោះ ហើយ​អ្នក​ជំនួញ​នោះ​ចុះ​ហត្ថលេខា។ នៅ​ពេល​ផ្សេង​ទៀត គាត់​ប្រាប់​តែ​គំនិត​សំខាន់​ៗ​ប៉ុណ្ណោះ ហើយ​លេខាធិការ​សរសេរ​សំបុត្រ​ដោយ​ប្រើ​ពាក្យ​ឬ​ឃ្លា​របស់​គាត់​ផ្ទាល់។ ក្រោយ​មក​អ្នក​ជំនួញ​នោះ​ប្រហែលជា​ពិនិត្យ​មើល​សំបុត្រ​នោះ ហើយ​ឲ្យ​លេខាធិការ​កែ​អ្វី​ដែល​ចាំ​បាច់។ នៅ​ទី​បំផុត គាត់​ចុះ​ហត្ថលេខា​លើ​សំបុត្រ​នោះ ហើយ​បុគ្គល​ដែល​ទទួល​សំបុត្រ​នោះ​ចាត់​ទុក​ថា​ជា​សំបុត្រ​ដែល​សរសេរ​ដោយ​អ្នក​ជំនួញ​នោះ​ផ្ទាល់។

ស្រដៀង​គ្នា​ដែរ ផ្នែក​ខ្លះ​នៃ​គម្ពីរ​បាន​ត្រូវ​សរសេរ​ដោយ​«​អង្គុលី​ព្រះ​ហស្ត​»​ឬ​ដោយ​ម្រាម​ដៃ​របស់​ព្រះ។ (​និក្ខ. ៣១:១៨​) ព្រះ​យេហូវ៉ា​ក៏​បាន​ប្រាប់​ពាក្យ​ហើយ​ឲ្យ​សរសេរ​តាម កាល​ណា​មាន​ពាក្យ​ជាក់​លាក់​ដែល​លោក​ចង់​ប្រើ។ ជា​ឧទាហរណ៍​នៅ​និក្ខមនំ ៣៤:២៧ យើង​អាន​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ​«​ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ ដ្បិត​អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ​នឹង​ឯង ហើយ​នឹង​ពួក​អ៊ីស្រាអែល​តាម​ន័យ​ពាក្យ​ទាំង​នេះ​»​›។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ចូរ​ឲ្យ​ឯង​សរសេរ​អស់​ទាំង​ពាក្យ​ចុះ​ក្នុង​សៀវភៅ​ដូច​អញ​បាន​ប្រាប់​ឯង​»។—យេ. ៣០:២, យើង​កែ​ជា​អក្សរ​ទ្រេត

ក៏​ប៉ុន្តែ នៅ​ក្នុង​ករណី​ភាគ​ច្រើន ព្រះ​មិន​បាន​ប្រាប់​អ្នក​សរសេរ​គម្ពីរ​ឲ្យ​ប្រើ​ពាក្យ​ជាក់​លាក់​ទេ តែ​លោក​ដាក់​គំនិត​ក្នុង​ចិត្ត​របស់​ពួក​គេ រួច​ឲ្យ​ពួក​គេ​ជ្រើស​រើស​ពាក្យ​ដោយ​ពួក​គេ​ផ្ទាល់​ដើម្បី​សរសេរ​សារ​របស់​លោក។ សាស្ដា ១២:១០ ចែង​ថា​៖ ​«​លោក​បាន​ស្វែងរក​ពាក្យ​ពីរោះ នឹង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម​ត្រូវ​គឺជា​ពាក្យ​ដ៏​ពិត​ទាំង​អស់​»។ លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​«​សរសេរ​ព្រឹត្ដិការណ៍​ទាំង​នោះ​តាម​លំដាប់លំដោយ . . . បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ដំបូង ហើយ​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​»។ (​លូក. ១:៣​) ព្រះ​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ឲ្យ​ប្រាកដ​ថា​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្ស​មិន​ផ្លាស់​ប្ដូរ​សារ​របស់​លោក​ទេ។

៧​. ការ​ដែល​ព្រះ​ប្រើ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ ហេតុ​អ្វី​នេះ​ជា​គំនិត​ដ៏​ឈ្លាស​វៃ​បំផុត?

ការ​ដែល​ព្រះ​ប្រើ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ​គឺជា​គំនិត​ដ៏​ឈ្លាស​វៃ​បំផុត។ ពាក្យ​ក្នុង​គម្ពីរ​មិន​គ្រាន់តែ​ប្រាប់​នូវ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រាប់​អំពី​អារម្មណ៍​ដែរ។ ចុះ​យ៉ាង​ណា​បើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​ឲ្យ​សរសេរ​គម្ពីរ​វិញ? តើ​ពួក​គេ​អាច​រៀប​រាប់​អំពី​អារម្មណ៍​របស់​មនុស្ស​ដូច​ជា​ការ​ភ័យ​ខ្លាច ទុក្ខ​ព្រួយ និង​ការ​ធ្លាក់​ទឹក​ចិត្ត​បាន​ឬ​ទេ? ដោយ​សារ​លោក​អនុញ្ញាត​ឲ្យ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ជ្រើស​រើស​ពាក្យ​ដោយ​ពួក​គេ​ផ្ទាល់​ដើម្បី​សរសេរ​សារ​របស់​លោក នោះ​សារ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង!

មូលហេតុ​ដែល​នាំ​ឲ្យ​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ

៨​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​គម្ពីរ​គឺ​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត​អំពី​សាសនា?

មាន​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ មិន​ដូច​សៀវភៅ​ឯ​ទៀត​អំពី​សាសនា គម្ពីរ​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ។ ជា​ឧទាហរណ៍ សៀវភៅ​របស់​សាសនា​ហិណ្ឌូ​ដែល​ប្រាប់​អំពី​ពិធី​បុណ្យ​សាសនា ទស្សនវិជ្ជា រឿង​ព្រេង​និង​ក្រម​សីលធម៌។ សៀវភៅ​ពុទ្ធសាសនា​ពន្យល់​អំពី​វិន័យ​ដែល​លោក​សង្ឃ​និង​ដូន​ជី​ត្រូវ​ធ្វើ​តាម។ សៀវភៅ​នោះ​ក៏​ពន្យល់​អំពី​លទ្ធិ​ពុទ្ធសាសនា​និង​សេចក្ដី​បង្រៀន​របស់​ព្រះពុទ្ធ។ ព្រះពុទ្ធ​មិន​បាន​អះអាង​ថា​លោក​ជា​ព្រះ​នោះ​ទេ ហើយ​លោក​មិន​សូវ​និយាយ​អំពី​ព្រះ​ដែរ។ សៀវភៅ​របស់​លទ្ធិខុងជឺ​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល ក្រម​សីលធម៌ មន្តអាគម និង​ចម្រៀង។ ពិត​មែន​តែ​សៀវភៅ​បរិសុទ្ធ​របស់​សាសនា​អ៊ីស្លាម​បង្រៀន​អំពី​ជំនឿ​ទៅ​លើ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ ហើយ​រៀប​រាប់​អំពី​លោក​ថា​ជា​ព្រះ​ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ មាន​ការ​យល់​ដឹង​អ្វី​មួយ​មុន​ពេល​វា​កើត​ឡើង ហើយ​កំណត់​ឲ្យ​ព្រឹត្ដិការណ៍​ទាំង​អស់​កើត​ឡើង ប៉ុន្តែ​សៀវភៅ​បរិសុទ្ធ​នោះ​មិន​ទាំង​ប្រាប់​នាម​របស់​ព្រះ ពោល​គឺ​យេហូវ៉ា ដែល​មាន​រាប់​ពាន់​ដង​ក្នុង​គម្ពីរ។

៩, ១០​. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​តាម​រយៈ​គម្ពីរ?

សៀវភៅ​ភាគ​ច្រើន​ខាង​សាសនា​មិន​សូវ​បង្រៀន​អំពី​ព្រះ​ឡើយ។ ប៉ុន្តែ គម្ពីរ​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​និង​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ។ គម្ពីរ​ជួយ​យើង​ឲ្យ​ឃើញ​អំពី​លក្ខណៈ​ផ្សេង​ៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​លោក។ គម្ពីរ​មិន​ត្រឹម​តែ​បើក​សម្ដែង​ឲ្យ​ស្គាល់​ព្រះ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត មាន​ប្រាជ្ញា​បំផុត​និង​ជា​ព្រះ​ដែល​សុចរិត​យុត្ដិធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ព្រះ​ដែល​ស្រឡាញ់​យើង​ដែរ។ (​សូម​អាន យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:១៩) គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។ (​សកម្ម. ១០:៣៤, ៣៥​) គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ផ្សេង​ៗ​ជា​ច្រើន នេះ​បង្ហាញ​ថា​ព្រះ​មិន​រើស​មុខ​ឡើយ។ អ្នក​ជំនាញ​ខាង​ភាសា​និយាយ​ថា​ភាសា​ដែល​គេ​កំពុង​ប្រើ​សព្វ​ថ្ងៃ​នេះ​មាន​ប្រហែលជា​៦.៧០០។ ក្នុង​ចំណោម​ភាសា​ទាំង​នេះ មាន​ប្រហែលជា​១០០​ភាសា​ដែល​មនុស្ស​ប្រហែល​៩០​ភាគ​រយ​នៅ​លើ​ពិភព​លោក​អាច​យល់​បាន។ ក៏​ប៉ុន្តែ គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ទាំង​មូល​ឬ​ជា​ផ្នែក​ជាង​២.៤០០​ភាសា។ ដូច្នេះ មនុស្ស​ស្ទើរតែ​ទាំង​អស់​នៅ​លើ​ពិភព​លោក អាច​អាន​គម្ពីរ​យ៉ាង​ហោច​ណាស់​មួយ​ផ្នែក​នៃ​គម្ពីរ​ក្នុង​ភាសា​របស់​ខ្លួន។

១០ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ​»។ (​យ៉ូន. ៥:​១៧​) ‹ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច នោះ​គឺ​ព្រះ​យេហូវ៉ា​ហើយ​ជា​ព្រះ›។ ដូច្នេះ​សូម​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ! (​ទំនុក. ៩០:២​) មាន​តែ​គម្ពីរ​ប៉ុណ្ណោះ​ដែល​ជួយ​យើង​ឲ្យ​ដឹង​អំពី​កិច្ចការ​របស់​ព្រះ​ទាំង​នៅ​អតីតកាល​ទាំង​នៅ​បច្ចុប្បន្នកាល ហើយ​បើក​សម្ដែង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​អនាគត។ បទ​គម្ពីរ​ថែម​ទាំង​បង្រៀន​យើង​អំពី​អ្វី​ដែល​លោក​ពេញ​ចិត្ត​និង​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត ហើយ​បង្ហាញ​អំពី​របៀប​ដែល​យើង​អាច​ចូល​ទៅ​ជិត​លោក។ (​យ៉ា. ៤:៨​) សូម​កុំ​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​កិច្ចការ​ផ្ទាល់​ខ្លួន​ឬ​កង្វល់​របស់​យើង​ធ្វើ​ឲ្យ​យើង​រសាត់​ចេញ​ពី​លោក​ឡើយ។

១១​. តើ​ឱវាទ​ប្រកប​ដោយ​ប្រាជ្ញា​ស្តី​អំពី​រឿង​អ្វី​ខ្លះ​ដែល​យើង​អាច​រក​ឃើញ​ក្នុង​គម្ពីរ?

១១ ក្នុង​គម្ពីរ​មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ។ នេះ​ជា​មូលហេតុ​មួយ​ទៀត​ដែល​នាំ​ឲ្យ​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា ដើម្បី​អាច​ណែនាំ​លោក​បាន?​»។ (​១កូ. ២:១៦​) ខ​គម្ពីរ​នោះ​ផ្អែក​លើ​អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​សួរ​ពួក​អ្នក​ដែល​រស់​នៅ​សម័យ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា?​»។ (​អេ. ៤០:១៣​) ប្រាកដជា​គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន​ទេ។ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​ការ​ធ្វើ​តាម​ឱវាទ​គម្ពីរ​ស្តី​អំពី​ជីវិត​អាពាហ៍ពិពាហ៍ ការ​អប់រំ​កូន ការ​កម្សាន្ត ការ​សេពគប់ ការ​ខំ​ប្រឹង​ធ្វើ​ការ ការ​បង្ហាញ​ភាព​ទៀង​ត្រង់ និង​អំពី​សីលធម៌​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​ប្រសើរ​ក្រៃ​លែង! គម្ពីរ​មិន​ដែល​ឲ្យ​ឱវាទ​អាក្រក់​ដល់​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ មនុស្ស​គ្មាន​ប្រាជ្ញា​គ្រប់​គ្រាន់​ដើម្បី​ផ្ដល់​យោបល់​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ជា​និច្ច​នោះ​ទេ។ (​យេ. ១០:២៣​) ពួក​គេ​តែង​តែ​ផ្លាស់​ប្ដូរ​និង​កែប្រែ​ឱវាទ​របស់​ពួក​គេ​ជា​និច្ច ពេល​ដែល​ពួក​គេ​ដឹង​ថា​ឱវាទ​ពី​មុន​គឺ​មិន​ត្រឹម​ត្រូវ។ គម្ពីរ​ចែង​ថា​៖ ​«​គំនិត​របស់​មនុស្ស​»​គឺ​«​សុទ្ធតែ​ឥត​ប្រយោជន៍​»។—ទំនុក. ៩៤:១១

១២​. តើ​មនុស្ស​ខំ​បំផ្លាញ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១២ ប្រវត្ដិសាស្ត្រ​ក៏​ផ្ដល់​មូលហេតុ​ឲ្យ​យើង​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ​ពិត។ នៅ​អតីតកាល​មនុស្ស​ជា​ច្រើន​ព្យាយាម​បំផ្លាញ​សារ​របស់​ព្រះ។ នៅ​ឆ្នាំ​១៦៨ មុន​គ.ស. ស្តេច​ស៊ីរី​ឈ្មោះ​អាន់ទីយ៉ូកឹស​ទី​៤ បាន​ព្យាយាម​ស្វែងរក​សៀវភៅ​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ដើម្បី​ដុត​ចោល។ អធិរាជ​រ៉ូម​ឈ្មោះ​ដែអូគ្លីសៀន​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ឆ្នាំ​៣០៣ គ.ស. ឲ្យ​បំផ្លាញ​កន្លែង​ប្រជុំ​របស់​គ្រិស្ត​សាសនិក និង​ដុត​គម្ពីរ​ចោល។ ការ​បំផ្លាញ​នោះ​បាន​បន្ត​អស់​មួយ​ទសវត្សរ៍។ ក្រោយ​សតវត្សរ៍​ទី​១១ សម្ដេច​ប៉ាប​បាន​ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​មនុស្ស​មាន​ចំណេះ​ពី​គម្ពីរ ដោយ​ប្រឆាំង​ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ដែល​មនុស្ស​សាមញ្ញ​និយាយ។ ទោះ​ជា​សាថាន​និង​ភ្នាក់ងារ​របស់​វា​ប៉ុនប៉ង​ធ្វើ​ដូច្នេះ​ក៏​ដោយ នៅ​តែ​មាន​គម្ពីរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​បំផ្លាញ​អំណោយ​របស់​លោក​ចំពោះ​មនុស្ស​ជាតិ​ឡើយ។

មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ជឿ​គម្ពីរ

១៣​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ?

១៣ មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ ព័ត៌មាន​ក្នុង​គម្ពីរ​មិន​ប្រទាំង​គ្នា​ទេ អ្វី​ដែល​គម្ពីរ​ចែង​គឺ​ត្រឹម​ត្រូវ​ខាង​វិទ្យាសាស្ត្រ ទំនាយ​គម្ពីរ​បាន​សម្រេច អ្នក​សរសេរ​តែង​តែ​ទៀង​ត្រង់។ គម្ពីរ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មនុស្ស​កែប្រែ​ជីវិត ហេតុ​ការណ៍​ពិត​ក្នុង​គម្ពីរ​គឺ​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ ហើយ​ផ្ដល់​ចម្លើយ​ដែល​ធ្វើ​ឲ្យ​អស់​ចម្ងល់​ចំពោះ​សំណួរ​នៅ​វគ្គ​ទី​១។ សូម​ឲ្យ​យើង​ពិចារណា​អ្វី​ដែល​ជួយ​មនុស្ស​ខ្លះ​ឲ្យ​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។

១៤​-​១៦​. ​(​ក​) តើ​អ្វី​បាន​ធ្វើ​ឲ្យ​មនុស្ស​បី​នាក់ ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ? (​ខ​) នៅ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ តើ​អ្នក​ចង់​និយាយ​ពី​មូលហេតុ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​មនុស្ស​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ?

១៤ អាន់វ៉ា *បាន​ធំ​ឡើង​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ប្រទេស​មួយ​នា​មជ្ឈិម​បូព៌ា។ ក្នុង​អំឡុង​ពេល​ដែល​គាត់​រស់​នៅ​បណ្ដោះ​អាសន្ន​នៅ​ទ្វីប​អាម៉េរិក​ខាង​ជើង សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ផ្ទះ​គាត់។ អាន់វ៉ា​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចូល​ចិត្ត​គ្រិស្ត​សាសនា​ទេ ដោយ​សារ​អំពើ​អាក្រក់​ទាំង​អស់​ដែល​អ្នក​កាន់​សាសនា​គ្រិស្ត​បាន​ធ្វើ​នៅ​អតីតកាល។ ក៏​ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​ចង់​ដឹង​ចង់​ឮ ខ្ញុំ​ក៏​បាន​យល់​ព្រម​សិក្សា​គម្ពីរ​»។ មិន​យូរ​ប៉ុន្មាន អាន់វ៉ា​ក៏​ត្រឡប់​ទៅ​ស្រុក​កំណើត​គាត់​វិញ ហើយ​ដាច់​ទំនាក់​ទំនង​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ទៅ​រស់​នៅ​ទ្វីប​អឺរ៉ុប នៅ​ទី​នោះ​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ម្ដង​ទៀត។ ក្រោយ​មក គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ​ដោយ​សារ​ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេច គម្ពីរ​មាន​ប្រធានបទ​សំខាន់​តែ​មួយ​តាំង​ពី​ដើម​រហូត​ដល់​ចប់ គម្ពីរ​គឺ​ស្រប​គ្នា ហើយ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក›។ អាន់វ៉ា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៩៨។

១៥ អ៊ីហ្សា​ដែល​មាន​អាយុ​១៦​ឆ្នាំ មក​ពី​ក្រុម​គ្រួសារ​ដែល​ជឿ​ស៊ប់​ទៅ​លើ​សាសនា​ហិណ្ឌូ។ នាង​និយាយ​ថា​៖ ‹ខ្ញុំ​បាន​អធិដ្ឋាន​តែ​ពេល​ខ្ញុំ​ទៅ​វិហារ​ឬ​ក៏​ពេល​មាន​ទុក្ខ​លំបាក​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​គិត​អំពី​ព្រះ​ទេ នៅ​ពេល​ខ្ញុំ​គ្មាន​បញ្ហា។ ក្រោយ​មក ពេល​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង›។ អ៊ីហ្សា​បាន​សិក្សា​គម្ពីរ ហើយ​បាន​ស្គាល់​ព្រះ​ថា​ជា​មិត្ត​សម្លាញ់​របស់​នាង។ តើ​អ្វី​បាន​ធ្វើ​ឲ្យ​នាង​ជឿ​ជាក់​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ? នាង​បាន​ពន្យល់​ថា​៖ ​«​គម្ពីរ​ឆ្លើយ​រាល់​សំណួរ​ទាំង​ឡាយ​ណា​ដែល​ខ្ញុំ​ឆ្ងល់។ គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​ទោះ​ជា​មិន​អាច​មើល​ឃើញ​លោក​ក៏​ដោយ ពោល​គឺ​មិន​បាច់​ទៅ​វិហារ​ក្រាប​សំពះ​រូប​ព្រះ​នោះ​ទេ​»។

១៦ ផល្លា​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​កាន់​សាសនា​កាតូលិក។ ប៉ុន្តែ ពេល​ដែល​នាង​ទៅ​ជា​មនុស្ស​ពេញ​វ័យ នាង​មិន​ប្រាកដ​ថា​មាន​ព្រះ​ទេ។ បន្ទាប់​មក​មាន​អ្វី​មួយ​បាន​កើត​ឡើង។ នាង​បាន​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ជួប​មិត្ត​ភក្ដិ​ម្នាក់​ដែល​ខ្ញុំ​ខាន​ជួប​ច្រើន​ខែ​មក​ហើយ។ ពេល​នោះ​យើង​កំពុង​រស់​នៅ​គ្រា​ដែល​មនុស្ស​ជា​ច្រើន​ទុក​សក់​វែង ហើយ​ប្រើ​គ្រឿង​ញៀន។ ប៉ុន្តែ​គាត់​បាន​កែប្រែ។ គាត់​កោរ​ពុក​មាត់ កាត់​សក់​ហើយ​មើល​ទៅ​គាត់​ដូច​ជា​សប្បាយ​រីករាយ។ ដូច្នេះ​ខ្ញុំ​សួរ​គាត់​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​ចំពោះ​គាត់ ហើយ​តើ​គាត់​នៅ​ឯ​ណា​ពេល​នោះ? គាត់​ប្រាប់​ថា​គាត់​កំពុង​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បន្ទាប់​មក​គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​ខ្ញុំ›។ ដោយ​សារ​ផល្លា​បាន​ឃើញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​របស់​នាង​កែប្រែ​ជីវិត ដូច្នេះ នាង​ក៏​ចាប់​អារម្មណ៍​នឹង​សារ​ក្នុង​គម្ពីរ ហើយ​បាន​ចាប់​ផ្ដើម​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។

«​ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ​»​

១៧​. តើ​ការ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១៧ គម្ពីរ​គឺជា​អំណោយ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​មនុស្ស​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក។ ចូរ​អ្នក​មាន​ចិត្ត​រីករាយ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​គម្ពីរ​និង​ចំពោះ​អ្នក​និពន្ធ​គម្ពីរ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង។ (​ទំនុក. ១:១, ២​) រាល់​លើក​មុន​អ្នក​ចាប់​ផ្ដើម​អាន​គម្ពីរ សូម​អធិដ្ឋាន​សុំ​ព្រះ​នូវ​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​អ្នក​អាច​យល់​អ្វី​ដែល​អ្នក​អាន។ (​លូក. ១១:១៣​) នៅ​ក្នុង​គម្ពីរ​មាន​គំនិត​របស់​ព្រះ ដូច្នេះ​ពេល​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​គម្ពីរ​ចែង អ្នក​អាច​មាន​គំនិត​ដូច​ព្រះ​ដែរ។

១៨​. ហេតុ​អ្វី​អ្នក​ចង់​បន្ត​រៀន​គម្ពីរ?

១៨ កាល​ដែល​អ្នក​បន្ត​រីក​ចម្រើន​ខាង​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត ចូរ​រស់​នៅ​ស្រប​តាម​អ្វី​ដែល​អ្នក​រៀន។ (​សូម​អាន ទំនុកតម្កើង ១១៩:១០៥) ចូរ​ពិនិត្យ​មើល​បទ​គម្ពីរ​ដូច​ជា​ឆ្លុះ​មុខ​នឹង​កញ្ចក់។ ដូច្នេះ ប្រសិនបើ​អ្នក​ដឹង​ថា​មាន​ចំណុច​ខ្លះ​ដែល​អ្នក​ត្រូវ​កែប្រែ សូម​ធ្វើ​ការ​កែប្រែ។ (​យ៉ា. ១:២៣​-​២៥​) ចូរ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​ដាវ​ដើម្បី​ការពារ​ជំនឿ​របស់​អ្នក និង​ដើម្បី​ដក​យក​សេចក្ដី​បង្រៀន​មិន​ពិត​ចេញ​ពី​ចិត្ត​របស់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប។ (​អេភ. ៦:១៧​) ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ ចូរ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​ដែល​បាន​ប្រើ​អ្នក​ប្រកាស​ទំនាយ​និង​មនុស្ស​ឲ្យ​សរសេរ​សារ​គម្ពីរ។ ពួក​គេ​ពិត​ជា​មាន​«​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​»​ឲ្យ​សរសេរ​មែន។

[​កំណត់​សម្គាល់​]

^ វគ្គ 3 A Greek-English Lexicon of the New Testament and Other Early Christian Literature.

^ វគ្គ 14 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៩​]

សូម​អាន​គម្ពីរ​រាល់​ថ្ងៃ នោះ​អ្នក​នឹង​ស្រឡាញ់​អ្នក​និពន្ធ​គម្ពីរ​កាន់​តែ​ខ្លាំង​ឡើង

[​រូបភាព​នៅ​ទំព័រ​២៦​]

សំបុត្រ​ដែល​មាន​ហត្ថលេខា​របស់​អ្នក​ណា គេ​ចាត់​ទុក​ថា​ជា​សំបុត្រ​របស់​អ្នក​នោះ