លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីសប្បុរសធ្វើឲ្យកំហឹងរលាយទៅ

សេចក្ដីសប្បុរសធ្វើឲ្យកំហឹងរលាយទៅ

សេចក្ដី​សប្បុរស​ធ្វើ​ឲ្យ​កំហឹង​រលាយ​ទៅ

ស្ត្រី​វ័យ​ចាស់​ម្នាក់​មិន​បាន​រាក់​ទាក់​ទេ ពេល​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​នៅ​ប្រទេស​ហូឡង់​ឈ្មោះ​ចច​និង​ម៉ាណុង បាន​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដល់​គាត់។ ពួក​គាត់​បាន​ដឹង​ថា​ប្ដី​ពីរ​នាក់​និង​កូន​ប្រុស​ម្នាក់​របស់​ស្ត្រី​នោះ​បាន​ស្លាប់ ហើយ​គាត់​មាន​ជំងឺ​សន្លាក់​ឆ្អឹង​យ៉ាង​ធ្ងន់ធ្ងរ។ ទោះ​ជា​ស្ត្រី​នោះ​អន់​ខឹង​ក្នុង​អំឡុង​ពេល​សន្ទនា​គ្នា​ក៏​ដោយ តែ​គាត់​នៅ​តែ​មិន​រាក់​ទាក់​ទេ។

ប៉ុន្តែ ចច​បាន​ឲ្យ​យោបល់​ទៅ​ម៉ាណុង​ថា​ពួក​គាត់​គួរ​ត្រឡប់​ទៅ​វិញ ហើយ​ទិញ​ផ្កា​មួយ​បាច់​ឲ្យ​ស្ត្រី​នោះ ដោយ​សារ​មើល​ទៅ​ហាក់​ដូច​ជា​គាត់​កណ្ដោចកណ្ដែង មួម៉ៅ​និង​មិន​សប្បាយ​ចិត្ត។ ពេល​ដែល​ពួក​គាត់​ត្រឡប់​មក​វិញ ស្ត្រី​វ័យ​ចាស់​នោះ​ដែល​ឈ្មោះ​រី​អា បាន​ភ្ញាក់​ផ្អើល​ហើយ​សប្បាយ​ចិត្ត។ ប៉ុន្តែ នៅ​ពេល​នោះ​គាត់​ជាប់​រវល់ ដូច្នេះ​គាត់​បាន​ណាត់​ជួប​គ្នា​លើក​ក្រោយ។ ពេល​ចច​និង​ម៉ាណុង​ត្រឡប់​មក​វិញ​តាម​ពេល​ណាត់ គ្មាន​អ្នក​ណា​បើក​ទ្វារ​ទេ។ ទោះ​ជា​ពួក​គាត់​ព្យាយាម​មក​វិញ​នៅ​ពេល​ផ្សេង​ក៏​ដោយ ក៏​មិន​អាច​ជួប​រី​អា​ម្ដង​ទៀត​បាន​ទេ។ ពួក​គាត់​ថែម​ទាំង​ចាប់​ផ្ដើម​គិត​ថា​ស្ត្រី​នោះ​ប្រហែលជា​គេច​មិន​ឲ្យ​ជួប​ពួក​គាត់។

នៅ​ទី​បំផុត​ចច​បាន​ជួប​រីអា​នៅ​ផ្ទះ។ រី​អាបាន​សុំ​អភ័យទោស​ដែល​គាត់​មិន​បាន​នៅ​ផ្ទះ​តាម​ការ​ណាត់ ហើយ​បាន​ពន្យល់​ថា​ពេល​នោះ​គាត់​សម្រាន្ត​នៅ​មន្ទីរ​ពេទ្យ។ គាត់​បាន​និយាយ​ថា​៖ ​«​ដឹង​ទេ! តាំង​ពី​អ្នក​ទាំង​ពីរ​បាន​ចេញ​ទៅ ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​គម្ពីរ!​»។ ភ្លាម​ៗ​នោះ មាន​ការ​ពិភាក្សា​គ្នា​ដ៏​ល្អ ហើយ​រី​អាបាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។

ពេល​ដែល​រី​អាបាន​សិក្សា​គម្ពីរ គាត់​បាន​កែប្រែ​ពី​មនុស្ស​ដែល​មួម៉ៅ​និង​មិន​សប្បាយ​ចិត្ត ទៅ​ជា​ស្ត្រី​ដែល​មាន​ចិត្ត​សប្បុរស ហើយ​សប្បាយ​រីក​រាយ។ ទោះ​ជា​គាត់​មិន​អាច​ចេញ​ពី​ផ្ទះ​ក៏​ដោយ គាត់​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ​អំពី​ជំនឿ​ថ្មី​របស់​គាត់ ដល់​អ្នក​ដែល​បាន​ទៅ​លេង​គាត់។ ដោយ​សារ​សុខភាព​របស់​គាត់​មាន​បញ្ហា នោះ​គាត់​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​ជា​រឿយ​ៗ​ទេ ប៉ុន្តែ​គាត់​សប្បាយ​ដោយ​សារ​បង​ប្អូន​ប្រុស​ស្រី​ទៅ​លេង​គាត់។ ពេល​ដែល​គាត់​មាន​អាយុ​៨២​ឆ្នាំ គាត់​បាន​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​ជា​តំណាង​ការ​ប្រគល់​ខ្លួន​គាត់​ជូន​ព្រះ។

ពីរ​បី​ខែ​ក្រោយ​ពី​គាត់​បាន​ស្លាប់ គេ​បាន​រក​ឃើញ​កំណាព្យ​មួយ​ដែល​គាត់​បាន​សរសេរ។ នៅ​ក្នុង​កំណាព្យ​នោះ គាត់​បាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​ដោយ​សារ​គាត់​មាន​អារម្មណ៍​កណ្ដោចកណ្ដែង​ក្នុង​វ័យ​ចាស់ ហើយ​បាន​លើក​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ចិត្ត​សប្បុរស។ ម៉ាណុង​បាន​និយាយ​ថា​៖ ​«​ពេល​អាន​កំណាព្យ​នោះ ខ្ញុំ​ពិត​ជា​រំជួល​ចិត្ត​មែន ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​គាត់​»។

គំរូ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​សប្បុរស​ដូច​នេះ។ (​អេភ. ៥:១, ២​) កិច្ច​បម្រើ​ផ្សាយ​របស់​យើង​នឹង​បង្កើត​ផល ពេល​ដែល​យើង​«​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ . . . ដោយ​សេចក្ដី​សប្បុរស​»។—២កូ. ៦:៤,