លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបម្រើព្រះនៃសេរីភាព

ចូរបម្រើព្រះនៃសេរីភាព

ចូរ​បម្រើ​ព្រះ​នៃ​សេរីភាព

​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។—១យ៉ូន. ៥:៣

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

តើ​តាម​របៀប​ណា​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​ច្បាប់​របស់​ព្រះ​មើល​ទៅ​ជា​បន្ទុក​ធ្ងន់?

ហេតុ​អ្វី​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការ​សេពគប់​របស់​យើង?

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​នៃ​សេរីភាព?

១​. តើ​ព្រះ​យេហូវ៉ា​ប្រើ​សេរីភាព​របស់​លោក​យ៉ាង​ដូច​ម្ដេច? តើ​លោក​បាន​ឲ្យ​អាដាម​និង​អេវ៉ា​នូវ​សេរីភាព​អ្វី?

មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ជា​បុគ្គល​ដែល​មាន​សេរីភាព​យ៉ាង​ពេញ​លេញ។ ប៉ុន្តែ លោក​ប្រើ​សេរីភាព​របស់​លោក​តាម​របៀប​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។ ម្យ៉ាង​ទៀត លោក​មិន​បង្គាប់​បញ្ជា​អំពី​រឿង​តូច​តាច​ដែល​អ្នក​បម្រើ​របស់​លោក​ធ្វើ​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​ឲ្យ​ពួក​គេ​នូវ​សេរីភាព ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​និង​បំពេញ​បំណង​ប្រាថ្នា​ដែល​ត្រឹម​ត្រូវ​ទាំង​អស់​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ព្រះ​បាន​ឲ្យ​អាដាម​និង​អេវ៉ា​នូវ​បង្គាប់​តែ​មួយ​គត់ ពោល​គឺ​ហាម​មិន​ឲ្យ​ពួក​គេ​បរិភោគ​ពី​«​ដើម​ដឹង​ខុស​ត្រូវ​»។ (​លោ. ២:១៧​) ពួក​គេ​ពិត​ជា​មាន​សេរីភាព​ដ៏​អស្ចារ្យ​មែន​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត!

២​. ហេតុ​អ្វី​បាន​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បាត់បង់​សេរីភាព​ដែល​ព្រះ​បាន​ឲ្យ?

ហេតុ​អ្វី​ព្រះ​បាន​ឲ្យ​សេរីភាព​ដល់​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ច្រើន​ម្ល៉េះ? លោក​បាន​បង្កើត​ពួក​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​លោក ហើយ​បាន​ឲ្យ​ពួក​គេ​នូវ​សមត្ថភាព​វិនិច្ឆ័យ ដោយ​សង្ឃឹម​យ៉ាង​ត្រឹម​ត្រូវ​ថា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​លោក​ដែល​ជា​អ្នក​បង្កើត នឹង​នាំ​ពួក​គេ​ទៅ​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ។ (​លោ. ១:២៧; រ៉ូម ២:១៥​) តែ​គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​អាដាម​និង​អេវ៉ា​មិន​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្នក​ផ្ដល់​ជីវិត​ដ៏​អស្ចារ្យ​របស់​ពួក​គេ និង​ចំពោះ​សេរីភាព​ដែល​លោក​បាន​ឲ្យ​ដល់​ពួក​គេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ជ្រើស​រើស​សេរីភាព​ដែល​មិន​ត្រឹម​ត្រូវ​ដែល​សាថាន​បាន​ស្នើ​ផ្ដល់ ពោល​គឺ​ពួក​គេ​បង្កើត​គោលការណ៍​សីលធម៌​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ជា​ជាង​បាន​សេរីភាព​កាន់​តែ​ច្រើន​ឡើង ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​លក់​ខ្លួន​ពួក​គេ​និង​កូន​ចៅ​របស់​ពួក​គេ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​អាក្រក់​ក្រៃ​លែង។—រ៉ូម ៥:១២

៣, ៤​. ស្តី​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា តើ​សាថាន​ខំ​បោក​បញ្ឆោត​យើង​យ៉ាង​ដូច​ម្ដេច?

ប្រសិនបើ​សាថាន​អាច​បញ្ចុះ​បញ្ចូល​មនុស្ស​ល្អ​ឥត​ខ្ចោះ​ពីរ​នាក់​និង​ទេវតា​ជា​ច្រើន​ឲ្យ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ នោះ​វា​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ​ចំពោះ​យើង។ ឧបាយ​កល​របស់​វា​មិន​សូវ​ផ្លាស់​ប្ដូរ​ប៉ុន្មាន​ទេ។ វា​ខំ​បញ្ឆោត​យើង​ឲ្យ​គិត​ថា​ខ្នាត​តម្រា​របស់​ព្រះ​គឺជា​បន្ទុក​ធ្ងន់ ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​ការ​សប្បាយ​និង​ការ​រំភើប​ចិត្ត​ក្នុង​ជីវិត។ (​១យ៉ូន. ៥:៣​) មនុស្ស​ក្នុង​ពិភព​លោក​នេះ​គិត​ដូច្នេះ ហើយ​បើ​យើង​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​ពួក​គេ យើង​ប្រហែលជា​ចាប់​ផ្ដើម​គិត​ដូច​ពួក​គេ​ដែរ។ ប្អូន​ស្រី​ម្នាក់​អាយុ​២៤​ឆ្នាំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​បាន​និយាយ​ថា​៖ ​«​ការ​សេពគប់​អាក្រក់​បាន​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​ខ្ញុំ ជា​ពិសេស​ដោយ​សារ​ខ្ញុំ​ខ្លាច​មនុស្ស​ស្រករ​ខ្ញុំ​គិត​ថា​ខ្ញុំ​ខុស​ពី​គេ​»។ អ្នក​ក៏​ប្រហែលជា​ធ្លាប់​ទទួល​ការ​បង្ខិត​បង្ខំ​ស្រដៀង​គ្នា​ពី​មនុស្ស​ស្រករ​គ្នា​ដែរ។

គួរ​ឲ្យ​ស្ដាយ​ណាស់ ជួនកាល​ឥទ្ធិពល​អាក្រក់​របស់​មនុស្ស​ស្រករ​គ្នា​ក៏​អាច​មក​ពី​ក្នុង​ក្រុម​ជំនុំ​ដែរ។ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​បាន​ពោល​ថា​មិត្ត​ភក្ដិ​ខ្លះ​របស់​គាត់​នៅ​ក្រុម​ជំនុំ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ពេល​គាត់​ចំណាយ​ពេល​កាន់​តែ​ច្រើន​ជា​មួយ​មិត្ត​ភក្ដិ​ទាំង​នេះ គាត់​កាន់​តែ​ដូច​ពួក​គេ។ គាត់​បាន​និយាយ​ថា​៖ ‹ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​កាន់​តែ​ចុះ​ខ្សោយ។ ខ្ញុំ​មិន​មាន​អំណរ​នៅ​កិច្ច​ប្រជុំ​ទេ ហើយ​ខ្ញុំ​ស្ទើរតែ​លែង​ទៅ​ផ្សព្វ​ផ្សាយ​ទៀត។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ឈប់​ចំណាយ​ពេល​ជា​មួយ​ពួក​គេ នោះ​ខ្ញុំ​បាន​ឈប់​ធ្វើ​ដូច្នេះ!›។ តើ​អ្នក​ដឹង​ថា​មនុស្ស​ដែល​អ្នក​សេពគប់​អាច​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​ណា​មក​លើ​អ្នក​ឬ​ទេ? សូម​ពិចារណា​គំរូ​មួយ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។—រ៉ូម ១៥:៤

គាត់​បាន​ទាក់​ចិត្ត​របស់​ពួក​គេ

៥, ៦​. តើ​អាប់សាឡំម​បាន​បោក​បញ្ឆោត​អ្នក​ឯ​ទៀត​តាម​របៀប​ណា ហើយ​តើ​គម្រោង​ការណ៍​ក្បត់​របស់​គាត់​បាន​ជោគជ័យ​ឬ​ទេ?

ក្នុង​គម្ពីរ​មាន​គំរូ​ជា​ច្រើន​អំពី​ពួក​អ្នក​ដែល​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អ្នក​ឯ​ទៀត។ គំរូ​មួយ​បែប​នេះ​គឺ​អាប់សាឡំម​ជា​កូន​ប្រុស​ម្នាក់​របស់​ស្តេច​ដាវីឌ។ អាប់សាឡំម​គឺជា​បុរស​ម្នាក់​ដែល​មាន​រូបរាង​សង្ហា​ណាស់។ ក៏​ប៉ុន្តែ​ក្រោយ​មក ដូច​សាថាន​គាត់​បាន​អនុញ្ញាត​ឲ្យ​មហិច្ឆតា​ដុះ​ដាល​ក្នុង​ចិត្ត​របស់​គាត់ ដូច្នេះ​គាត់​ចាប់​ផ្ដើម​ចង់​បាន​បល្ល័ង្ក​របស់​ឪពុក​ខ្លួន ដែល​គាត់​គ្មាន​សិទ្ធិ​ទទួល។ * ក្នុង​ការ​ប៉ុនប៉ង​ដោយ​សម្ងាត់​ដើម្បី​ដណ្ដើម​រាជ្យ អាប់សាឡំម​បាន​ធ្វើ​ពុត​ជាយ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជន​រួម​ជាតិ​អ៊ីស្រាអែល​របស់​គាត់ ដោយ​និយាយ​បញ្ឆិត​បញ្ឆៀង​យ៉ាង​ប៉ិនប្រសប់​ថា​ស្តេច​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ មែន​ហើយ ដូច​មេកំណាច​នៅ​សួន​អេដែន អាប់សាឡំម​ធ្វើ​ឲ្យ​បណ្ដា​ជន​គិត​ថា​គាត់​ជា​អ្នក​ធ្វើ​អំពើ​ល្អ ហើយ​នៅ​ដំណាល​គ្នា​នោះ​គាត់​មួល​បង្កាច់​ឪពុក​របស់​ខ្លួន​ដោយ​ឥត​មេត្ដា។—២សាំ. ១៥:១​-​៥

តើ​គម្រោង​ការ​ដ៏​ឈ្លាស​វៃ​របស់​អាប់សាឡំម​បាន​ជោគជ័យ​ឬ​ទេ? គម្រោង​ការ​នោះ​បាន​ជោគជ័យ​មួយ​កម្រិត​មែន ពីព្រោះ​កំណត់​ហេតុ​គម្ពីរ​ចែង​ថា​៖ ​«​អាប់សាឡំម . . . បាន​ទាក់​ចិត្ត​ពួក​ជន​ជាតិ​អ៊ីស្រាអែល​»។ (​២សាំ. ១៥:៦​) ប៉ុន្តែ នៅ​ទី​បញ្ចប់​ភាព​ក្រអឺតក្រអោង​របស់​អាប់សាឡំម​នាំ​ឲ្យ​គាត់​ទទួល​បរាជ័យ។ នេះ​នាំ​ឲ្យ​គាត់​និង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ដែល​ចាញ់​កល​គាត់​ស្លាប់​យ៉ាង​អាណោចអាធ័ម។—២សាំ. ១៨:៧, ១៤​-​១៧

៧​. តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​អាប់សាឡំម? (​សូម​មើល​រូបភាព​នៅ​ទំព័រ​១៤​)

ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​បាន​ត្រូវ​បោក​បញ្ឆោត​យ៉ាង​ងាយ​ម្ល៉េះ? ប្រហែលជា​ពួក​គេ​ចង់​បាន​អ្វី​ដែល​អាប់សាឡំម​បាន​សន្យា​ចំពោះ​ពួក​គេ។ ឬ​ក៏​ប្រហែលជា​ពួក​គេ​ឃើញ​អាប់សាឡំម​មាន​រូបរាង​សង្ហា។ ទោះ​ជា​ដោយ​សារ​មូលហេតុ​ណា​មួយ​ក៏​ដោយ អ្វី​ដែល​យើង​អាច​ដឹង​ប្រាកដ​អំពី​រឿង​នេះ​គឺ: ពួក​គេ​គ្មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ស្តេច​ដែល​ព្រះ​បាន​ជ្រើស​រើស​ទេ។ សព្វ​ថ្ងៃ​នេះ សាថាន​នៅ​តែ​បន្ត​ប្រើ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​អាប់សាឡំម​ដើម្បី​បោក​បញ្ឆោត​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​គេ​ប្រហែលជា​និយាយ​ថា​៖ ‹ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​តឹងរ៉ឹង​ពេក។ មើល​មនុស្ស​ទាំង​អស់​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ចុះ! ពួក​គេ​មាន​ការ​សប្បាយ​សព្វ​បែប​យ៉ាង›។ ពេល​អ្នក​ឮ​ពាក្យ​ទាំង​នេះ តើ​អ្នក​នឹង​ទទួល​ស្គាល់​ថា​ជា​ពាក្យ​កុហក ហើយ​បន្ត​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​ឬ​ទេ? តើ​អ្នក​នឹង​ទទួល​ស្គាល់​ថា​មាន​តែ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​របស់​ព្រះ​យេហូវ៉ា​ឬ​ច្បាប់​គ្រិស្ត​ប៉ុណ្ណោះ​ដែល​អាច​នាំ​អ្នក​ឲ្យ​មាន​សេរី​ភាព​ពិត​ប្រាកដ​ឬ​ទេ? (​យ៉ា. ១:២៥​) បើ​អ្នក​ទទួល​ស្គាល់​មែន ចូរ​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ច្បាប់​នោះ ហើយ​ប្រើ​សេរីភាព​របស់​អ្នក​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—សូម​អាន ពេត្រុសទី១ ២:១៦

៨​. តើ​ឧទាហរណ៍​ណាខ្លះ​អំពី​ជីវិត​ពិត​ដែល​បង្ហាញ​ថា​ការ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មិន​នាំ​ឲ្យ​មនុស្ស​មាន​សុភមង្គល​ទេ?

ជា​ពិសេស​ប្អូន​ៗ​វ័យ​ក្មេង​ជា​គោលដៅ​របស់​សាថាន។ បង​ប្រុស​ម្នាក់​ដែល​ឥឡូវ​មាន​អាយុ​៣០​ឆ្នាំ​ប្លាយ​បាន​និយាយ​អំពី​ពេល​ដែល​គាត់​នៅ​ជា​យុវជន​ថា​៖ ​«​ខ្ញុំ​មាន​ទស្សនៈ​ថា​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា​គឺជា​បម្រាម​មួយ​មិន​មែន​ជា​ការ​ការពារ​ទេ​»។ ជា​លទ្ធផល គាត់​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ប៉ុន្តែ នេះ​បាន​នាំ​ឲ្យ​គាត់​គ្មាន​សុភមង្គល​ក្នុង​ជីវិត។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ធ្វើ​ខុស​ធ្ងន់ធ្ងរ ហើយ​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ​»។ ពេល​សញ្ជឹង​គិត​អំពី​យុវវ័យ​របស់​នាង ប្អូន​ស្រី​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ខ្ញុំ​មាន​អារម្មណ៍​ថា​សោះ​កក្រោះ ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​សោះ។ ទោះ​ជា​រឿង​នេះ​កន្លង​ទៅ​អស់​១៩​ឆ្នាំ​ហើយ​ក៏​ដោយ ខ្ញុំ​នៅ​តែ​នឹក​ឃើញ​រឿង​អាក្រក់​ៗ​ទាំង​នោះ​»។ បង​ស្រី​ម្នាក់​ទៀត​បាន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង នោះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​និង​ការ​គោរព​ប្រណិប័តន៍​របស់​ខ្ញុំ។ ការ​រស់​នៅ​ដោយ​គ្មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​គឺជា​អ្វី​ដែល​អាក្រក់​បំផុត​»។ សាថាន​មិន​ចង់​ឲ្យ​អ្នក​គិត​អំពី​ផល​វិបាក​ដែល​មក​ពី​ភាព​ខុស​ឆ្គង​ទេ។

៩​. ​(​ក​) តើ​សំណួរ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​ច្បាប់ និង​គោលការណ៍​របស់​លោក? (​ខ​) ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់?

គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​យុវជន​ជា​ច្រើន​នាក់​នៅ​ក្នុង​សេចក្ដី​ពិត និង​សូម្បី​តែ​បង​ប្អូន​មួយ​ចំនួន​ដែល​មាន​អាយុ​ច្រើន​បាន​រៀន​ពី​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​ថា ការ​សប្បាយ​ដែល​ខុស​ឆ្គង​ច្រើន​តែ​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ខ្លាំង​ណាស់! (​កាឡ. ៦:៧, ៨​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​ខ្ញុំ​ដឹង​កលល្បិច​ដែល​សាថាន​ប្រើ​ដើម្បី​បោក​បញ្ឆោត​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​ដែល​តែង​តែ​ប្រាប់​សេចក្ដី​ពិត ហើយ​ចង់​ឲ្យ​ខ្ញុំ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ឬ​ទេ? តើ​ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​នឹង​មិន​ដែល​លាក់​អ្វី​ដែល​ពិត​ជា​ល្អ​សម្រាប់​ខ្ញុំ ហើយ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ច្រើន​បំផុត​ឬ​ទេ?›។ (​សូម​អាន អេសាយ ៤៨:១៧, ១៨) អ្នក​អាច​ឆ្លើយ​ថា​‹មែន›​ចំពោះ​សំណួរ​ទាំង​នេះ លុះ​ត្រា​តែ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់។ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ច្បាប់​និង​គោលការណ៍​ក្នុង​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​លោក​មិន​ចង់​ដក​ហូត​សេរីភាព​ពី​អ្នក​ទេ។—ទំនុក. ២៥:១៤

ចូរ​អធិដ្ឋាន​ដើម្បី​មាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់ និង​មាន​គំនិត​ឈ្លាស​វៃ

១០​. ហេតុ​អ្វី​យើង​គួរ​ព្យាយាម​យក​តម្រាប់​សាឡូម៉ូន​ជា​ស្តេច​វ័យ​ក្មេង?

១០ ពេល​ដែល​សាឡូម៉ូន​នៅ​ក្មេង គាត់​បាន​អធិដ្ឋាន​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​ទូល​បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ​»។ បន្ទាប់​មក​គាត់​បាន​អធិដ្ឋាន​សុំ​ឲ្យ​មាន​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឬ​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់។ (​១ព. ៣:៧​-​៩, ១២​) ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​ចំពោះ​សំណូម​ពរ​ដ៏​ស្មោះ​នេះ ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ​ចំពោះ​អ្នក​ដែរ ទោះ​ជា​អ្នក​ជា​មនុស្ស​វ័យ​ក្មេង​ឬ​មាន​អាយុ​ច្រើន​ក៏​ដោយ។ ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ​និង​ប្រាជ្ញា​ក្នុង​មួយ​រំពេច​នោះ​ទេ។ ប៉ុន្តែ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​ឈ្លាស​វៃ បើ​អ្នក​សិក្សា​បណ្ដាំ​របស់​លោក​យ៉ាង​ដិត​ដល់ អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ ហើយ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​រៀបចំ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​ក្រុម​ជំនុំ។ (​យ៉ា. ១:៥​) មែន​ហើយ តាម​រយៈ​ការ​រៀបចំ​ទាំង​នេះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​បម្រើ​វ័យ​ក្មេង​របស់​លោក​មាន​គំនិត​ឈ្លាស​វៃ​ជាង​អស់​អ្នក​ដែល​មិន​ធ្វើ​តាម​ដំបូន្មាន​របស់​លោក ហើយ​ឈ្លាស​វៃ​ជាង​អ្នក​ដែល​អះអាង​ថា​«​ជា​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង​»​នៃ​ពិភព​លោក​នេះ​ទៀត​ផង។—លូក. ១០:២១; សូម​អាន ទំនុកតម្កើង ១១៩:​៩៨​-​១០០

១១​-​១៣ ​(​ក​) តើ​យើង​អាច​ទាញ​មេរៀន​ដ៏​សំខាន់​ណាខ្លះ​ពី​ទំនុកតម្កើង ២៦:៤ សុភាសិត ១៣:២០ និង​កូរិនថូសទី១ ១៥:៣៣? (​ខ​) តើ​អ្នក​នឹង​អនុវត្ត​គោលការណ៍​គម្ពីរ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

១១ ដើម្បី​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សិក្សា​គម្ពីរ​និង​ការ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ដែល​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ សូម​ពិចារណា​អំពី​បទ​គម្ពីរ​ដូច​ត​ទៅ​នេះ។ បទ​គម្ពីរ​នីមួយ​ៗ​មាន​គោល​ការណ៍​សំខាន់​ស្តី​អំពី​ការ​ជ្រើស​រើស​មិត្ត​ភក្ដិ​របស់​យើង។ បទ​គម្ពីរ​ទាំង​នោះ​ចែង​ថា​៖ ​«​ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូតភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ​»។ (​ទំនុក. ២៦:៤​) ​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ​»។ (​សុភ. ១៣:២០​) ​«​ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។—១កូ. ១៥:៣៣

១២ តើ​យើង​អាច​ទាញ​មេរៀន​ដ៏​សំខាន់​ណាខ្លះ​ពី​បទ​គម្ពីរ​ទាំង​នោះ? (​១​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ចេះ​ជ្រើស​រើស​មិត្ត​ភក្ដិ។ លោក​ចង់​ការ​ពារ​យើង​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​នាំ​យើង​មាន​ទុក្ខ​លំបាក​និង​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក។ (​២​) យើង​ទទួល​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​ពី​មនុស្ស​ដែល​យើង​សេពគប់។ នេះ​ជា​ឥទ្ធិពល​មួយ​ដែល​យើង​ជៀស​មិន​ផុត​ឡើយ។ របៀប​ដែល​ខ​គម្ពីរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​បាន​ត្រូវ​សរសេរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ព្យាយាម​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​យើង។ តើ​តាម​របៀប​ណា? សូម​កត់​សម្គាល់​ថា​ខ​គម្ពីរ​ខាង​លើ​នេះ​បាន​ត្រូវ​សរសេរ​ជា​សេចក្ដី​ពិត​ដែល​ស្រួល​យល់ មិន​មែន​ជា​ច្បាប់ ដូច​ជា​ពាក្យ​ថា​«​អ្នក​មិន​ត្រូវ​ធ្វើ​នេះ​ឬ​អ្នក​មិន​ត្រូវ​ធ្វើ​នោះ​ឡើយ​»។ គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​កំពុង​មាន​ប្រសាសន៍​មក​យើង​ថា ‹នេះ​ជា​ការ​ពិត។ ដូច្នេះ តើ​អ្នក​នឹង​ធ្វើ​អ្វី? តើ​មាន​អ្វី​នៅ​ក្នុង​ចិត្ត​របស់​អ្នក?›។

១៣ នៅ​ទី​បំផុត ដោយ​សារ​ខ​គម្ពីរ​ទាំង​បី​នេះ​បាន​ត្រូវ​សរសេរ​ជា​សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន ខ​គម្ពីរ​ទាំង​នេះ​មាន​ប្រយោជន៍​ជា​រៀង​រហូត ហើយ​អាច​អនុវត្ត​នៅ​ក្នុង​ស្ថានភាព​ជា​ច្រើន​របស់​មនុស្ស។ ជា​ឧទាហរណ៍ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​ថា: តើ​ខ្ញុំ​អាច​ជៀស​វាង​ពី​ការ​សេពគប់​បុគ្គល​«​ដែល​មាន​ពុត​»​យ៉ាង​ដូច​ម្ដេច? តើ​ក្នុង​ស្ថានភាព​ណា​ដែល​ខ្ញុំ​ប្រហែលជា​សេពគប់​ជា​មួយ​បុគ្គល​បែប​នេះ? (​សុភ. ៣:៣២; ៦:​១២​) តើ​អ្នក​ណា​ជា​«​មនុស្ស​ប្រាជ្ញ​»​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​សេព​គប់​ជា​មួយ? តើ​អ្នក​ណា​ជា​«​មនុស្ស​ល្ងីល្ងើ​»​ដែល​លោក​ចង់​ឲ្យ​ខ្ញុំ​ជៀស​វាង? (​ទំនុក. ១១១:១០; ១១២:១; សុភ. ១:៧​) បើ​ខ្ញុំ​ជ្រើស​រើស​មិត្ត​ភក្ដិ​មិន​ល្អ តើ​នោះ​នឹង​បង្ខូច​«​ការ​ប្រព្រឹត្ត​ល្អ​»​អ្វី​ខ្លះ​របស់​ខ្ញុំ? តើ​«​ការ​សេពគប់​អាក្រក់​»​មាន​តែ​នៅ​ក្នុង​ពិភព​លោក​ប៉ុណ្ណោះ​ឬ? (​២ពេ. ២:១​-​៣​) តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​ទាំង​នេះ?

១៤​. តើ​អ្នក​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង​យ៉ាង​ដូច​ម្ដេច?

១៤ តាម​របៀប​ដូច​គ្នា​ដែល​អ្នក​ទើប​នឹង​បាន​ពិចារណា​អំពី​បទ​គម្ពីរ​ទាំង​បី​នេះ អ្នក​អាច​អាន​បទ​គម្ពីរ​ឯ​ទៀត​ដើម្បី​យល់​គំនិត​របស់​ព្រះ​អំពី​រឿង​ដែល​សំខាន់​ចំពោះ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក។ * ឪពុក​ម្ដាយ​ទាំង​ឡាយ សូម​គិត​អំពី​ការ​ពិភាក្សា​ប្រធាន​ទាំង​នេះ​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ចាំ​ថា គោលដៅ​របស់​អ្នក​គឺ​ដើម្បី​ជួយ​សមាជិក​ម្នាក់​ៗ​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ខ្លាំង​ចំពោះ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ព្រះ​ចំពោះ​យើង​ដូច​ច្បាប់​និង​គោលការណ៍​របស់​លោក​បាន​ស​ឲ្យ​ឃើញ។ (​ទំនុក. ១១៩:​៧២​) មែន​ហើយ ការ​សិក្សា​បែប​នេះ​គួរ​ធ្វើ​ឲ្យ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​និង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក។

១៥​. តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ដឹង​ថា​អ្នក​ពិត​ជា​មាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​និង​មាន​គំនិត​ឈ្លាស​វៃ?

១៥ តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​ថា​អ្នក​ពិត​ជា​មាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​និង​មាន​គំនិត​ឈ្លាស​វៃ? របៀប​មួយ​គឺ​ដោយ​ប្រៀប​ធៀប​គំនិត​របស់​អ្នក​ជា​មួយ​នឹង​គំនិត​របស់​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​អតីតកាល​ដូច​ជា​ស្តេច​ដាវីឌ​ជា​ដើម។ គាត់​បាន​សរសេរ​ថា​៖ ‹ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ​ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ›។ (​ទំនុក. ៤០:៨​) ស្រដៀង​គ្នា​ដែរ អ្នក​សរសេរ​ទំនុកតម្កើង​ទី​១១៩ បាន​ពោល​ថា​៖ ‹ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ›។ (​ទំនុក. ១១៩:៩៧​) អ្នក​ត្រូវ​ព្យាយាម​ខ្លាំង​ណាស់​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ។ សេចក្ដី​ស្រឡាញ់​បែប​នេះ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ពេល​អ្នក​សិក្សា​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ អធិដ្ឋាន និង​រំពឹង​គិត។ សេចក្ដី​ស្រឡាញ់​នោះ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ពេល​អ្នក​កត់​សម្គាល់​នៅ​ក្នុង​ជីវិត​របស់​អ្នក​ថា​ការ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​តម្រូវ​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន។—ទំនុក. ៣៤:៨

ចូរ​តស៊ូ​ដើម្បី​បាន​សេរីភាព​ដែល​មក​ពី​ការ​កាន់​តាម​គ្រិស្ត!

១៦​. តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​ខ្លះ បើ​យើង​ចង់​ឈ្នះ​ការ​តយុទ្ធ​របស់​យើង​ដើម្បី​សេរីភាព​ពិត​ប្រាកដ?

១៦ តាំង​ពី​សម័យ​បុរាណ​មក ប្រជាជាតិ​នានា​បាន​សុខ​ចិត្ត​ធ្វើសង្គ្រាម​យ៉ាង​ឃោរឃៅ​ដើម្បី​បាន​សេរីភាព។ ដូច្នេះ អ្នក​គួរ​សុខ​ចិត្ត​តស៊ូ​កាន់​តែ​ខ្លាំង​ជាង​ទៅ​ទៀត! ដើម្បី​រក្សា​សេរីភាព​ដែល​អ្នក​មាន​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ម្នាក់។ ចូរ​ទទួល​ស្គាល់​ថាស​ត្រូវ​របស់​អ្នក​មិន​មែន​តែ​សាថាន ពិភព​លោក​និង​ចិត្ត​គំនិត​ដ៏​ពិសពុល​របស់​វា​ប៉ុណ្ណោះ​ទេ។ អ្នក​ក៏​ត្រូវ​តយុទ្ធ​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក រួម​ទាំង​ចិត្ត​ដែល​បោក​បញ្ឆោត​ផង​ដែរ។ (​យេ. ១៧:៩; អេភ. ២:៣​) ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​អាច​ឈ្នះ​ការ​តយុទ្ធ​នេះ​បាន។ រាល់​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ យ៉ាង​ហោច​ណាស់​អ្នក​បាន​លទ្ធផល​ល្អ​ពីរ​យ៉ាង។ ទី​១ អ្នក​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​ព្រះ​យេហូវ៉ា​បាន​រីករាយ។ (​សុភ. ២៧:១១​) ទី​២ រាល់​ពេល​ដែល​អ្នក​ទទួល​ស្គាល់​ថា​ការ​ធ្វើ​តាម​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»​មាន​ប្រយោជន៍​ចំពោះ​អ្នក នោះ​អ្នក​នឹង​កាន់​តែ​តាំង​ចិត្ត​បន្ត​ដើរ​នៅ​ក្នុង​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ក្រោយ​មក អ្នក​នឹង​មាន​សេរីភាព​កាន់​តែ​ច្រើន​ឡើង ជា​សេរីភាព​ដែល​អ្នក​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​នឹង​ទទួល​នៅ​ថ្ងៃ​មុខ។—យ៉ា. ១:២៥; ម៉ាថ. ៧:១៣, ១៤

១៧​. ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ចំពោះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ហើយ​តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​អ្វី​ដល់​យើង?

១៧ ជួនកាល​យើង​ទាំង​អស់​គ្នា​ធ្វើ​ខុស​ដែរ។ (​សាស្ដ. ៧:២០​) នៅ​ពេល​ដែល​យើង​ធ្វើ​ខុស សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ពេក​ឬ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​សោះ​ឡើយ។ បើ​អ្នក​ជំពប់​ដួល សូម​ក្រោក​ឡើង​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត សូម្បី​តែ​នេះ​មាន​ន័យ​ថា​ត្រូវ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំក្ដី។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រួល​ខ្លួន​បាន​ជា​សះ​ស្បើយ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ទទួល​ការ​អភ័យទោស​»។ (​យ៉ា. ៥:១៥​) សូម​កុំ​ភ្លេច​ថា ព្រះ​យេហូវ៉ា​គឺ​ពិត​ជា​មាន​សេចក្ដី​មេត្ដា​ករុណា ហើយ​លោក​បាន​ទាញ​នាំ​អ្នក​ចូល​ក្នុង​ក្រុម​ជំនុំ​ដោយ​សារ​លោក​បាន​ឃើញ​ថា​អ្នក​មាន​លទ្ធភាព​ក្លាយ​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​សូម​អាន ទំនុកតម្កើង ១០៣:៨, ៩) ដូច្នេះ ដរាប​ណា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត លោក​នឹង​មិន​បោះបង់​ចោល​អ្នក​ឡើយ។—១រប. ២៨:៩

១៨​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ការពារ​យើង?

១៨ នៅ​រាត្រី​មុន​លោក​យេស៊ូ​ទទួល​មរណភាព លោក​បាន​អធិដ្ឋាន​ជា​មួយ​សាវ័ក​ស្មោះ​ត្រង់​១១​នាក់ ហើយ​បាន​សុំ​បិតា​លោក​ការពារ​ពួក​គេ។ លោក​បាន​ពោល​ពាក្យ​ដែល​មិន​អាច​ភ្លេច​បាន​ថា​៖ ​«​ខ្ញុំ​សុំ​លោក​ការពារ​ពួក​គាត់​ឲ្យ​រួច​ពី​មេកំណាច​»។ (​យ៉ូន. ១៧:១៥​) លោក​យេស៊ូ​មិន​គ្រាន់តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សាវ័ក​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​កាន់​តាម​លោក​ទាំង​អស់។ ហេតុ​នេះ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឆ្លើយ​តប​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ដោយ​ការពារ​យើង​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​ទាំង​នេះ។ ​«​[​ព្រះ​យេហូវ៉ា​]​ទ្រង់ . . . ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ . . . ហើយ​ការពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់​»។ (​សុភ. ២:៧, ៨​) ពិត​មែន ការ​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់​ឬ​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជួនកាល​ក៏​មាន​ការ​ពិបាក​ដែរ ប៉ុន្តែ​នេះ​គឺជា​វិធី​តែ​មួយ​គត់​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​និង​សេរីភាព​ពិត​ប្រាកដ។ (​រ៉ូម ៨:​២១​) សូម​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បោក​បញ្ឆោត​អ្នក​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ!

[​កំណត់​សម្គាល់​]

^ វគ្គ 5 ពេល​ដែល​ព្រះ​សន្យា​ថា​ឲ្យ​«​ពូជ​»​ឬ​កូន​ប្រុស​ម្នាក់​ដល់​ដាវីឌ​ដើម្បី​ធ្វើ​ជា​ស្តេច​ដែល​សោយ​រាជ្យ​បន្ទាប់​ពី​ដាវីឌ នោះ​អាប់សាឡំម​បាន​កើត​មក​រួច​ហើយ។ ដូច្នេះ​អាប់សាឡំម​គួរតែ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​គាត់​ឲ្យ​ធ្វើ​ជា​ស្តេច​ស្នង​រាជ្យ​ឡើយ។—២សាំ. ៣:​៣; ៧:១២

^ វគ្គ 14 ជា​ឧទាហរណ៍​នៅ​កូរិនថូសទី១ ១៣:៤​-​៨ ប៉ូល​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់ ហើយ​ទំនុក​តម្កើង ១៩:៧​-​១១ រៀប​រាប់​អំពី​ពរ​ជា​ច្រើន​ដែល​មក​ពី​ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៤​]

តើ​តាម​របៀប​ណា​យើង​អាច​សម្គាល់​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​អាប់សាឡំម​នៅ​សម័យ​យើង​នេះ ហើយ​ការពារ​ខ្លួន​យើង​ពី​ពួក​គេ?