លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យព្រះយេហូវ៉ាដឹកនាំអ្នកទៅកាន់សេរីភាពពិតប្រាកដ

ចូរឲ្យព្រះយេហូវ៉ាដឹកនាំអ្នកទៅកាន់សេរីភាពពិតប្រាកដ

ចូរ​ឲ្យ​ព្រះ​យេហូវ៉ា​ដឹក​នាំ​អ្នក​ទៅ​កាន់​សេរីភាព​ពិត​ប្រាកដ

​«​[​ចូរ​]​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»។—យ៉ា. ១:២៥

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

តើ​ច្បាប់​អ្វី​ដែល​នាំ​ឲ្យ​មាន​សេរីភាព​ពិត​ប្រាកដ ហើយ​តើ​អ្នក​ណា​ទទួល​ប្រយោជន៍​ពី​ច្បាប់​នោះ?

តើ​អ្វី​ជា​កត្ដា​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​មាន​សេរីភាព​ពិត​ប្រាកដ?

តើ​អស់​អ្នក​ដែល​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នឹង​មាន​សេរីភាព​អ្វី?

១, ២​. ​(​ក​) តើ​អ្វី​កំពុង​កើត​ឡើង​ដល់​សេរីភាព​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ ហើយ​ហេតុ​អ្វី? (​ខ​) តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​សង្ឃឹម​ថា​នឹង​មាន​សេរីភាព​អ្វី?

យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​មនុស្ស​មាន​ចិត្ត​លោភ​លន់ ប្រឆាំង​ច្បាប់ និង​កាច​សាហាវ​កាន់​តែ​ខ្លាំង​ឡើង។ (​២ធី. ៣:១​-​៥​) ដើម្បី​ទប់​ស្កាត់​បញ្ហា​ទាំង​នេះ រដ្ឋាភិបាល​បង្កើត​ច្បាប់​កាន់​តែ​ច្រើន ពង្រឹង​កម្លាំង​នគរ​បាល និង​ដំឡើង​ម៉ាស៊ីន​ថត​ដើម្បី​ត្រួត​ពិនិត្យ។ ក្នុង​ប្រទេស​ខ្លះ បណ្ដា​ជន​បាន​ដំឡើង​ប្រព័ន្ធ​ឲ្យ​សញ្ញា​អាសន្ន​ក្នុង​ផ្ទះ​របស់​ពួក​គេ ចាក់​សោ​ច្រើន​ជាន់ ហើយ​ថែម​ទាំង​ដាក់​ខ្សែ​ភ្លើង​ឆក់​នៅ​របង​ទៀត​ផង។ មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​ចេញ​ក្រៅ​នៅ​ពេល​យប់​ដោយ​សារ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព ឬ​មិន​ឲ្យ​កូន​របស់​ពួក​គេ​លេង​នៅ​ខាង​ក្រៅ​តែ​ឯង​ទេ។ ច្បាស់​ណាស់ ដែល​មនុស្ស​មាន​សេរីភាព​កាន់​តែ​តិច​ទៅ​ៗ ហើយ​ស្ថានភាព​នេះ​ទំនង​ជា​នឹង​មិន​ល្អ​ប្រសើរ​ឡើង​វិញ​ឡើយ។

នៅ​សួន​អេដែន សាថាន​បាន​អះអាង​ថា​កត្ដា​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​មាន​សេរីភាព​ពិត​ប្រាកដ​គឺ​ការ​មិន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ នេះ​ជា​ការ​ភូតភរ​ដ៏​អាក្រក់​ក្រៃ​លែង! ពិត​មែន កាល​ណា​មនុស្ស​កាន់​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ ហើយ​មិន​ធ្វើ​អ្វី​ដែល​ព្រះ​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ មនុស្ស​ទាំង​អស់​កាន់​តែ​រង​ទុក្ខ។ ស្ថានភាព​ដែល​កាន់​តែ​អាក្រក់​ទៅ​នេះ​ក៏​ប៉ះពាល់​ដល់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ ប៉ុន្តែ​យើង​មាន​សេចក្ដី​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​មនុស្ស​នឹង​បាន​រួច​ពី​អំពើ​ខុស​ឆ្គង​និង​ការ​ខូច​រលួយ ហើយ​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:២១​) តាម​ពិត ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ជួយ​អ្នក​បម្រើ​របស់​លោក​ត្រៀម​លក្ខណៈ​ដើម្បី​មាន​សេរីភាព​នោះ។ តើ​តាម​របៀប​ណា?

៣​. តើ​ច្បាប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ដើម្បី​ជួយ​អ្នក​បម្រើ​របស់​លោក​ត្រៀម​លក្ខណៈ​ដើម្បី​មាន​សេរីភាព​នោះ​នៅ​អនាគត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យ៉ាកុប​បាន​ហៅ​ថា​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»។ (​សូម​អាន យ៉ាកុប ១:២៥) គម្ពីរ​ឯ​ទៀត​បក​ប្រែ​ពាក្យ​នេះ​ថា ​«​ច្បាប់​ដែល​នាំ​ឲ្យ​យើង​មាន​សេរីភាព​»​ (​The New English Bible​) និង​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​នៃ​សេរីភាព​»។ (​The New American Bible​) ធម្មតា មនុស្ស​គិត​ថា​ច្បាប់​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ដាក់​កម្រិត មិន​ជាប់​ទាក់​ទង​នឹង​សេរីភាព​ទេ។ បើ​ដូច្នេះ តើ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»​គឺជា​អ្វី? ហើយ​តើ​ច្បាប់​នោះ​នាំ​ឲ្យ​យើង​មាន​សេរីភាព​យ៉ាង​ដូច​ម្ដេច?

ច្បាប់​ដែល​នាំ​ឲ្យ​មាន​សេរីភាព

៤​. តើ​អ្វី​ជា​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»​ ហើយ​តើ​អ្នក​ណាខ្លះ​ទទួល​ប្រយោជន៍​ពី​ច្បាប់​នោះ?

៤ ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»​ មិន​មែន​ជា​ច្បាប់​ម៉ូសេ​ទេ ពីព្រោះ​ច្បាប់​នោះ​បាន​ស​ឲ្យ​ឃើញ​ការ​រំលង ហើយ​គ្រិស្ត​ធ្វើ​ឲ្យ​ច្បាប់​នោះ​បាន​សម្រេច។ (​ម៉ាថ. ៥:១៧; កាឡ. ៣:១៩​) ដូច្នេះ តើ​យ៉ាកុប​ចង់​និយាយ​អំពី​ច្បាប់​មួយ​ណា? គាត់​ចង់​និយាយ​អំពី​«​ច្បាប់​គ្រិស្ត​»​ ដែល​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា​«​ច្បាប់​នៃ​ជំនឿ​»​និង​«​ច្បាប់​របស់​មនុស្ស​ដែល​មាន​សេរីភាព​»។ (​កាឡ. ៦:២; រ៉ូម ៣:២៧; យ៉ា. ២:១២​) ហេតុ​នេះ ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ ទាំង​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​និង​«​ចៀម​ឯ​ទៀត​»​បាន​ទទួល​ប្រយោជន៍​ពី​ច្បាប់​នោះ។—យ៉ូន. ១០:១៦

៥​. ហេតុ​អ្វី​ច្បាប់​ដែល​នាំ​ឲ្យ​មាន​សេរីភាព​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ?

មិន​ដូច​ច្បាប់​នៃ​ប្រទេស​ជា​ច្រើន ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​មិន​ស្មុគ​ស្មាញ ហើយ​ក៏​មិន​មែន​ជា​បន្ទុក​ធ្ងន់ តែ​ជា​បញ្ញត្ដិ​ដែល​ស្រួល​យល់​និង​ជា​គោលការណ៍​សំខាន់​ៗ។ (​១យ៉ូន. ៥:៣​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថ. ១១:២៩, ៣០​) ម្យ៉ាង​ទៀត ​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​មិន​ត្រូវ​ការ​បញ្ជី​យ៉ាង​វែង​អំពី​ទណ្ឌកម្ម​ឬ​ទោស​ដែល​មក​ពី​ការ​បំពាន​ច្បាប់​នោះ​ទេ ពីព្រោះ​ច្បាប់​នោះ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​ចារឹក​ទុក​ក្នុង​គំនិត​និង​ចិត្ត មិន​មែន​លើ​បន្ទះ​ថ្ម​ឡើយ។សូម​អាន ហេប្រឺ ៨:៦, ១០

របៀប​ដែល​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​នាំ​ឲ្យ​យើង​មាន​សេរីភាព

៦, ៧​. តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​ច្បាប់​នៃ​សេរីភាព​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី?

ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​ឲ្យ​មនុស្ស​និង​ទេវតា​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ​និង​ដើម្បី​ការពារ​ពួក​គេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ច្បាប់​ធម្មជាតិ​ដែល​កាន់កាប់​លើ​ថាមពល​និង​រូប​ធាតុ។ មនុស្ស​មិន​ត្អូញត្អែរ​ថា​ច្បាប់​ទាំង​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​សប្បាយ​ចិត្ត​ដែល​មាន​ច្បាប់​ទាំង​នោះ ពីព្រោះ​ពួក​គេ​ទទួល​ស្គាល់​ថា​ច្បាប់​ទាំង​នោះ​មាន​ប្រយោជន៍​ណាស់​ចំពោះ​ពួក​គេ។ ស្រដៀង​គ្នា​ដែរ ខ្នាត​តម្រា​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​របស់​គ្រិស្ត គឺ​មាន​ប្រយោជន៍​ដល់​មនុស្ស​ជាតិ។

ច្បាប់​នៃ​សេរីភាព​គឺ​សម្រាប់​ការពារ​យើង ហើយ​ក៏​អនុញ្ញាត​ឲ្យ​យើង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ​ទាំង​អស់​របស់​យើង​ដែរ ដោយ​មិន​ធ្វើ​ឲ្យ​ខ្លួន​អន្តរាយ ឬ​ប៉ះពាល់​ដល់​សិទ្ធិ​និង​សេរីភាព​របស់​អ្នក​ឯ​ទៀត​ឡើយ។ ហេតុ​នេះ អ្វី​សំខាន់​បំផុត​ដែល​ជួយ​យើង​ឲ្យ​មាន​សេរីភាព​ពិត​ប្រាកដ ពោល​គឺ​សេរីភាព​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ គឺ​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ​ដែល​សម​ស្រប​នឹង​បុគ្គលិក​លក្ខណៈ​និង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​រៀន​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ហើយ​ស្អប់​អ្វី​ដែល​លោក​ស្អប់។ ច្បាប់​នៃ​សេរីភាព​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នោះ។—អេម. ៥:១៥

៨, ៩​. ដោយ​សារ​យើង​ធ្វើ​តាម​ច្បាប់​នៃ​សេរីភាព តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

ដោយ​សារ​យើង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ យើង​ពិបាក​កាន់កាប់​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ណាស់។ ប៉ុន្តែ កាល​ណា​យើង​ធ្វើ​តាម​ច្បាប់​នៃ​សេរីភាព​យ៉ាង​ស្មោះ​ត្រង់ យើង​អាច​មាន​សេរីភាព​ខ្លះ​សូម្បី​តែ​ឥឡូវ​នេះ​ក្ដី។ ជា​ឧទាហរណ៍ សិស្ស​គម្ពីរ​ថ្មី​ម្នាក់​ឈ្មោះ​យេ​ធ្លាប់​ញៀន​បារី។ ពេល​ដែល​គាត់​បាន​ដឹង​ថា ព្រះ​មិន​ពេញ​ចិត្ត​នឹង​ទម្លាប់​នេះ គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ តើ​គាត់​បន្ត​ធ្វើ​តាម​ចំណង់​របស់​គាត់ ឬ​គាត់​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​វិញ? គាត់​បាន​សម្រេច​ចិត្ត​យ៉ាង​ឈ្លាស​វៃ​ថា បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​រូប​កាយ​របស់​គាត់​ធ្វើ​ទុក្ខ​ពេល​មិន​បាន​ជក់​បារី​ក៏​ដោយ។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​បន្ទាប់​ពី​បាន​យក​ឈ្នះ​ទម្លាប់​របស់​គាត់? ក្រោយ​មក គាត់​បាន​ស្រដី​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សេរីភាព​ដ៏​អស្ចារ្យ ហើយ​សប្បាយ​ចិត្ត​ណាស់​»។

តាម​រយៈ​បទ​ពិសោធន៍​ដោយ​ផ្ទាល់ យេ​បាន​ដឹង​ថា សេរីភាព​នៃ​ពិភព​លោក​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​«​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​»​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​វិញ រីឯ​សេរី​ភាព​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ ដែល​មាន​ន័យ​ថា​ការ​«​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មពល​របស់​ព្រះ​»​ នាំ​ឲ្យ​បាន​«​ជីវិត​និង​សេចក្ដី​សុខសាន្ត​»។ (​រ៉ូម ៨:៥, ៦​) តើ​យេបាន​កម្លាំង​ពី​ណា​ដើម្បី​លះ​បង់​ទម្លាប់​របស់​គាត់? មិន​មែន​បាន​មក​ពី​ខ្លួន​គាត់​ទេ តែម​ក​ពី​ព្រះ​វិញ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​សិក្សា​គម្ពីរ​យ៉ាង​ទៀង​ទាត់ បាន​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ ហើយ​បាន​សុំ​ជំនួយ​ដែល​ក្រុម​ជំនុំ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ដោយ​ស្ម័គ្រ​ចិត្ត​និង​ដោយ​សេចក្ដី​ស្រឡាញ់​»។ ការ​រៀបចំ​ទាំង​នេះ​អាច​ជួយ​យើង​ទាំង​អស់​គ្នា ពេល​យើង​ស្វែងរក​សេរីភាព​ពិត​ប្រាកដ។ សូម​មើល​នូវ​របៀប​ដែល​ការ​រៀបចំ​ទាំង​នេះ​ជួយ​យើង។

ចូរ​ពិនិត្យ​មើល​បណ្ដាំ​របស់​ព្រះ

១០​. តើ​ការ​«​ពិនិត្យ​មើល​»​ក្នុង​ច្បាប់​របស់​ព្រះ​មាន​ន័យ​ដូច​ម្ដេច?

១០ នៅ​យ៉ាកុប ១:២៥ យើង​អាន​ថា​៖ ​«​អ្នក​ដែល​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព ហើយ​ព្យាយាម​ធ្វើ​នោះ​ជា​និច្ច . . . នឹង​មាន​សុភមង្គល​ក្នុង​ការ​នោះ ពីព្រោះ​អ្នក​នោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​ការ​នោះ​»។ ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​ពិនិត្យ​មើល​»​ មាន​ន័យ​ថា​«​ឈ្ងោក​មើល​»​ដែល​បង្កប់​អត្ថន័យ​ថា​ប្រមូល​អារម្មណ៍​ខំ​ធ្វើ​អ្វី​មួយ។ មែន​ហើយ បើ​យើង​ចង់​ឲ្យ​ច្បាប់​នៃ​សេរីភាព​មាន​ឥទ្ធិពល​លើ​គំនិត​និង​ចិត្ត​របស់​យើង យើង​ក៏​ត្រូវ​ព្យាយាម​សិក្សា​គម្ពីរ ហើយ​សញ្ជឹង​គិត​និង​អធិដ្ឋាន​អំពី​អ្វី​ដែល​យើង​អាន។—១ធី. ៤:១៥

១១, ១២​. ​(​ក​) តើ​លោក​យេស៊ូ​បាន​និយាយ​អ្វី​ដែល​បង្ហាញ​ថា​យើង​ត្រូវ​យក​សេចក្ដី​ពិត​ជា​របៀប​រស់​នៅ​របស់​យើង? (​ខ​) ដូច​រូបភាព​ខាង​លើ តើ​យើង​ត្រូវ​ជៀស​ពី​គ្រោះ​ថ្នាក់​អ្វី ជា​ពិសេស​បើ​យើង​ជា​មនុស្ស​វ័យ​ក្មេង?

១១ ដំណាល​គ្នា​នោះ យើង​ត្រូវ​«​ព្យាយាម​»​ ឬ​ស៊ូ​ទ្រាំ​ក្នុង​ការ​អនុវត្ត​បណ្ដាំ​របស់​ព្រះ។ យើង​ត្រូវ​យក​សេចក្ដី​ពិត​ជា​របៀប​រស់​នៅ​របស់​យើង។ លោក​យេស៊ូ​បាន​បង្ហាញ​គំនិត​ស្រដៀង​គ្នា​នេះ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​ខ្លះ​ដែល​បាន​ជឿ​លើ​លោក​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព​»។ (​យ៉ូន. ៨:​៣១, ៣២​) ឯកសារ​យោង​មួយ​ចែង​ថា​«​ស្គាល់​»​នៅ​ក្នុង​ឃ្លា​នេះ​ក៏​មាន​ន័យ​ថា​ឲ្យ​តម្លៃ​ដែរ ពីព្រោះ​«​អ្វី​ដែល​គេ​‹ស្គាល់›​មាន​តម្លៃ​ឬ​សារៈ​​សំខាន់​ចំពោះ​អ្នក​ដែល​ស្គាល់​វា​»។ ហេតុ​នេះ យើង​«​ស្គាល់​»​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​បំផុត កាល​ណា​យើង​យក​សេចក្ដី​ពិត​ជា​របៀប​រស់​នៅ​របស់​យើង។ ក្រោយ​មក យើង​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា ​«​បណ្ដាំ​របស់​ព្រះ​កំពុង​មាន​ឥទ្ធិពល​»​ទៅ​លើ​យើង ដោយ​កែប្រែ​បុគ្គលិក​លក្ខណៈ​របស់​យើង ដើម្បី​អាច​ធ្វើ​តាម​គំរូ​របស់​បិតា​នៅ​ស្ថាន​សួគ៌​កាន់​តែ​ដិត​ដល់​ជាង។—១ថែ. ២:១៣

១២ សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​ខ្ញុំ​ពិត​ជា​ស្គាល់​សេចក្ដី​ពិត​ឬ​ទេ? តើ​ខ្ញុំ​យក​សេចក្ដី​ពិត​ជា​របៀប​រស់​នៅ​របស់​ខ្ញុំ​ឬ​ទេ? ឬ​មួយ​ខ្ញុំ​នៅ​តែ​ចង់​បាន​«​សេរីភាព​»​ខ្លះ​នៃ​ពិភព​លោក? សូម​គិត​អំពី​បទ​ពិសោធន៍​របស់​ប្អូន​ស្រី​ម្នាក់​ដែល​មាន​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក។ នាង​រៀប​រាប់​ថា ពេល​ដែល​នាង​នៅ​ក្មេង នាង​បាន​ជឿ​លើ​ព្រះ​យេហូវ៉ា ប៉ុន្តែ​តាម​ពិត​នាង​មិន​ស្គាល់​លោក​ទេ។ នាង​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​រៀន​ស្អប់​អ្វី​ដែល​លោក​ស្អប់ ខ្ញុំ​មិន​ដែល​ជឿ​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​សំខាន់​ចំពោះ​លោក​ឡើយ។ ខ្ញុំ​មិន​ដែល​រៀន​ពឹង​ផ្អែក​លើ​លោក ពេល​ដែល​ខ្ញុំ​មាន​បញ្ហា​ទេ។ ខ្ញុំ​ពឹង​ទៅ​លើ​ការ​យល់​ដឹង​របស់​ខ្ញុំ​ដែល​ឥឡូវ​ខ្ញុំ​ដឹង​ថា​ជា​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច ពីព្រោះ​ខ្ញុំ​មិន​បាន​ដឹង​អ្វី​សោះ​»។ ប៉ុន្តែ ជា​ការ​ល្អ​ដែល​ប្អូន​ស្រី​នោះ​បាន​ដឹង​ថា របៀប​គិត​គូរ​របស់​នាង​គឺ​ខុស​ខ្លាំង​ណាស់ ហើយ​នាង​បាន​កែប្រែ​យ៉ាង​ច្រើន។ នាង​ថែម​ទាំង​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ទៀត​ផង។

សកម្មពល​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេរីភាព

១៣​. តើ​តាម​របៀប​ណា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ជួយ​យើង​ឲ្យ​មាន​សេរី​ភាព?

១៣ នៅ​កូរិនថូសទី២ ៣:១៧ យើង​អាន​ថា​៖ ​«​កន្លែង​ណា​ដែល​មាន​សកម្មពល​របស់​ព្រះ​យេហូវ៉ា កន្លែង​នោះ​មាន​សេរីភាព​»។ តើ​តាម​របៀប​ណា​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​សេរីភាព? សកម្មពល​នេះ​ជួយ​យើង​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​ជា​«​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខសាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូតបូត ការ​ចេះ​ទប់​ចិត្ត​»។ (​កាឡ. ៥:២២, ២៣​) បើ​គ្មាន​គុណ​សម្បត្ដិ​ទាំង​នោះ​ទេ ជា​ពិសេស​បើ​គ្មាន​សេចក្ដី​ស្រឡាញ់ គ្មាន​សង្គម​មនុស្ស​ណា​អាច​មាន​សេរីភាព​ពិត​ប្រាកដ​ទេ នេះ​ជា​ការ​ពិត​ដែល​គេ​ឃើញ​ច្បាស់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា បន្ទាប់​ពី​សាវ័ក​ប៉ូល​រៀប​រាប់​អំពី​ផល​ផ្លែ​នៃ​សកម្មពល​បរិសុទ្ធ គាត់​បាន​បន្ថែម​ថា​៖ ​«​គ្មាន​ក្រិត្យ​វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ​»។ តើ​គាត់​ចង់​និយាយ​យ៉ាង​ណា? គាត់​ចង់​និយាយ​ថា​គ្មាន​ច្បាប់​មួយ​ណា​អាច​រារាំង​មិន​ឲ្យ​ផល​ផ្លែ​នៃ​សកម្មពល​របស់​ព្រះ​លូត​លាស់​បាន​ឡើយ។ (​កាឡ. ៥:១៨​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បន្ត​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​និង​ជា​រៀង​រហូត។

១៤​. តើ​តាម​របៀប​ណា​ដែល​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​វា?

១៤ ពួក​អ្នក​ដែល​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​ចិត្ត​គំនិត​របស់​ពិភព​លោក ហើយ​ដែល​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​ខ្លួន ប្រហែលជា​គិត​ថា​ពួក​គេ​មាន​សេរីភាព។ (​សូម​អាន ពេត្រុសទី២ ២:១៨, ១៩) ក៏​ប៉ុន្តែ ការ​ពិត​គឺ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ពួក​គេ​គិត។ រដ្ឋាភិបាល​នានា​ត្រូវ​បង្កើត​ច្បាប់​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មនុស្ស​ទាំង​នោះ​ប្រព្រឹត្ត​តាម​ចិត្ត​គេ​ចង់។ សាវ័ក​ប៉ូល​និយាយ​ថា​៖ ​«​គេ​មិន​បង្កើត​ច្បាប់​សម្រាប់​មនុស្ស​សុចរិត​ទេ តែ​សម្រាប់​មនុស្ស​ដែល​ប្រឆាំង​ច្បាប់ ពិបាក​គ្រប់​គ្រង​»។ (​១ធី. ១:៩, ១០​) ពួក​គេ​ក៏​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​ដែល​ជំរុញ​ឲ្យ​ប្រព្រឹត្ត​«​អ្វី​ៗ​តាម​បំណង​ប្រាថ្នា​របស់​រូប​កាយ​»​ដែល​ជា​ម្ចាស់​ដែល​គ្មាន​មេត្ដា។ (​អេភ. ២:១​-​៣​) ប្រៀប​ដូច​ជា​សត្វ​ល្អិត​ដែល​វារ​ចូល​ទៅ​ក្នុង​ចាន​ទឹក​ឃ្មុំ​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​វា ហើយ​បន្ទាប់​មក​វា​ត្រូវ​ជាប់​ខ្លួន​រើ​មិន​រួច នោះ​មនុស្ស​ទាំង​នេះ​ធ្វើ​តាម​បំណង​ប្រាថ្នា​ខុស​ឆ្គង​របស់​ពួក​គេ ហើយ​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង។—យ៉ា. ១:១៤, ១៥

ព្រះ​នាំ​ឲ្យ​មាន​សេរីភាព​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក

១៥, ១៦​. តើ​ការ​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​គឺ​សំខាន់​យ៉ាង​ណា ហើយ​តើ​យើង​មាន​សេរីភាព​អ្វី​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ?

១៥ ពេល​អ្នក​ចាប់​ផ្ដើម​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក នេះ​មិន​ដូច​ជា​ការ​ចូល​រួម​ក្លិប​កម្សាន្ត​ណា​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​បាន​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​អ្នក។ (​យ៉ូន. ៦:៤៤​) តើ​អ្វី​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​ដូច្នេះ? តើ​លោក​បាន​ឃើញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ដែល​កោត​ខ្លាច​ព្រះ​ឬ? អ្នក​ប្រហែលជា​និយាយ​ថា​៖ ​«​មិន​មែន​ទេ!​»។ ដូច្នេះ​តើ​ព្រះ​បាន​ឃើញ​អ្វី? លោក​បាន​ឃើញ​ថា​អ្នក​មាន​ចិត្ត​ចង់​ទទួល​យក​ច្បាប់​របស់​លោក​ដែល​នាំ​ឲ្យ​មាន​សេរីភាព ហើយ​ចុះ​ចូល​ក្រោម​អំណាច​នៃ​ច្បាប់​នោះ។ តាំង​ពី​អ្នក​បាន​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​អ្នក​ដោយ​បង្រៀន​អ្នក​ពី​បណ្ដាំ​របស់​លោក។ លោក​បាន​ធ្វើ​ឲ្យ​អ្នក​រួច​ផុត​ពី​សេចក្ដី​បង្រៀន​មិន​ពិត​និង​អបិយជំនឿ​នៃ​សាសនា​មិន​ពិត ហើយ​បាន​បង្រៀន​អ្នក​អំពី​របៀប​យក​តម្រាប់​បុគ្គលិក​លក្ខណៈ​របស់​គ្រិស្ត។ (​សូម​អាន អេភេសូរ ៤:​២២​-​២៤) ជា​លទ្ធផល អ្នក​មាន​ឯកសិទ្ធិ​ស្ថិត​ក្នុង​ចំណោម​រាស្ត្រ​តែ​មួយ​គត់​ក្នុង​ពិភព​លោក ជា​ពួក​អ្នក​ដែល​គេ​អាច​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​«​មនុស្ស​ដែល​មាន​សេរីភាព​»។—យ៉ា. ២:១២

១៦ សូម​ពិចារណា​អំពី​រឿង​នេះ។ ពេល​ដែល​អ្នក​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត តើ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬ​ទេ? ពេល​អ្នក​កំពុង​និយាយ​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​នៅ​សាល​ប្រជុំ តើ​អ្នក​បារម្ភ​ថា​អ្នក​ណា​ម្នាក់​ប្រហែលជា​លួច​វត្ថុ​ទ្រព្យ​របស់​អ្នក​ឬ​ទេ? អ្នក​មិន​បារម្ភ​ទេ! អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​និង​សេរី​ភាព។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ឯ​ទៀត​នៅ​កន្លែង​ផ្សេង​ទៀត​ឬ​ទេ? អត់​ទេ! ប៉ុន្តែ សេរីភាព​ដែល​អ្នក​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ បង្ហើប​ឲ្យ​ដឹង​អំពី​សេរីភាព​ដែល​អ្នក​នឹង​មាន​នៅ​អនាគត។

«​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»​

១៧​. តើ​សេរីភាព​របស់​មនុស្ស​ជាតិ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​«​គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង​»​?

១៧ ពេល​ពិភាក្សា​អំពី​សេរីភាព​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​បម្រើ​របស់​លោក​នៅ​ផែនដី ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​រំភើប​នូវ​គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង​»។ បន្ទាប់​មក​គាត់​បាន​បន្ថែម​ថា​៖ ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ក៏​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ ដើម្បី​មាន​សេរី​ភាព​រុងរឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:១៩​-​២១​) ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​»​សំដៅ​ទៅ​លើ​មនុស្ស​ជាតិ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី ជា​ពួក​អ្នក​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​«​គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង​»​ ជា​កូន​ព្រះ​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល។ ការ​បើក​សម្ដែង​នោះ​នឹង​ចាប់​ផ្ដើម​ពេល​«​កូន​»​ទាំង​នេះ​របស់​ព្រះ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ចូល​រួម​ជា​មួយ​គ្រិស្ត​ក្នុង​ការ​សម្អាត​ផែនដី​ពី​អំពើ​អាក្រក់​និង​ក្នុង​ការ​ការពារ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ឲ្យ​ចូល​ទៅ​ក្នុង​របៀប​របប​ពិភព​លោក​ថ្មី។—បប. ៧:៩, ១៤

១៨​. ចំពោះ​មនុស្ស​ជាតិ​ដែល​ស្ដាប់​បង្គាប់​តើ​សេរីភាព​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ដូច​ម្ដេច ហើយ​នៅ​ទី​បំផុត​តើ​ពួក​គេ​នឹង​មាន​សេរីភាព​អ្វី?

១៨ បន្ទាប់​មក​មនុស្ស​ជាតិ​នឹង​មាន​សេរីភាព​ពិសេស​បំផុត។ ពួក​គេ​នឹង​រួច​ផុត​ពី​ឥទ្ធិពល​របស់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ (​បប. ២០:១​-​៣​) នេះ​ពិត​ជា​នឹង​នាំ​ឲ្យ​ធូរ​ស្បើយ​មែន! ចាប់​ពី​ពេល​នោះ​មក ពួក​១៤៤.០០០​នាក់​ដែល​ជា​ស្តេច​និង​ជា​សង្ឃ​នឹង​ប្រើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​រហូត​ដល់​ពួក​គេ​រួច​ផុត​ទាំង​ស្រុង​ពី​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ (​បប. ៥:៩, ១០​) បន្ទាប់​ពី​ជំនឿ​របស់​ពួក​គេ​បាន​ត្រូវ​សាកល្បង នោះ​នៅ​ទី​បំផុត​មនុស្ស​ដែល​ស្ដាប់​បង្គាប់​នឹង​មាន​សេរីភាព​ដែល​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​ពួក​គេ​មាន​តាំង​ពី​ដើម​ដំបូង ពោល​គឺ​«​សេរីភាព​រុង​រឿង​ជា​កូន​ព្រះ​»។ សូម​គិត​ទៅ​មើល! អ្នក​នឹង​លែង​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​ទស្សនៈ​របស់​ព្រះ ពីព្រោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​ល្អ​ឥត​ខ្ចោះ ហើយ​បុគ្គលិក​លក្ខណៈ​របស់​អ្នក​នឹង​ត្រូវ​កែ​ប្រែ​ទាំង​ស្រុង​ឲ្យ​មាន​ភាព​ដូច​ព្រះ។

១៩​. តើ​យើង​ត្រូវ​បន្ត​ធ្វើ​អ្វី​បើ​យើង​ចង់​មាន​«​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»​?

១៩ តើ​អ្នក​ទន្ទឹង​រង់​ចាំ​«​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»​ឬ​ទេ? បើ​មែន ចូរ​ឲ្យ​គំនិត​និង​ចិត្ត​របស់​អ្នក​បន្ត​ទទួល​ឥទ្ធិពល​ពី​«​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព​»។ សូម​ព្យាយាម​សិក្សា​បទ​គម្ពីរ​ជា​ទៀង​ទាត់។ សូម​យក​សេចក្ដី​ពិត​ជា​របៀប​រស់​នៅ​របស់​អ្នក។ សូម​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ សូម​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កិច្ច​ប្រជុំ​និង​ពី​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ។ សូម​កុំ​ឲ្យ​សាថាន​បោក​បញ្ឆោត​អ្នក​ឲ្យ​សោះ​ដូច​វា​បាន​បញ្ឆោត​នាង​អេវ៉ា​ឲ្យ​គិត​ថា​អ្វី​ដែល​ព្រះ​តម្រូវ​គឺ​តឹងរ៉ឹង​ពេក។ កុំ​ភ្លេច​ថា​មេកំណាច​វា​ឆ្លាត​ណាស់។ ប៉ុន្តែ ដូច​ដែល​យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​បន្ទាប់ យើង​មិន​ត្រូវ​«​ឲ្យ​សាថាន​មាន​ឱកាស​ឈ្នះ​យើង​ឡើយ ព្រោះ​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន​នោះ​ទេ​»។—២កូ. ២:១១

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៩​]

តើ​ខ្ញុំ​នៅ​តែ​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​«​សេរីភាព​»​ខ្លះ​នៃ​ពិភព​លោក​នេះ​ឬ​ទេ?

[​រូបភាព​នៅ​ទំព័រ​៩​]

តើ​ខ្ញុំ​បាន​យក​សេចក្ដី​ពិត​ជា​របៀប​រស់​នៅ​របស់​ខ្ញុំ​ឬ​ទេ?